ពៅ មករា ៖ ការក្លាយជាអ្នកនិពន្ធមួយរូបដែលមានការទទួលស្គាល់ គឺជាក្ដីស្រមៃរបស់ខ្ញុំ

  • December 17th, 2019

លោក ពៅ មករា កើត​ឆ្នាំ១៩៩៤ នៅក្រុងព្រះសីហនុ។ លោក​ធ្លាប់សរសេររឿងតាំងពីអាយុ៨ឆ្នាំ កាលពីរៀនថ្នាក់ទី៣មកម្ល៉េះ និងបន្តសរសេររឿងលេងជាធម្មតាដែលមានមិត្តជាច្រើនចូលចិត្តអានរហូតដល់ថ្នាក់ទី១២ ទើប​លោក​ផ្អាកសរសេរ ដោយសារជាឆ្នាំប្រលងចង់​យកពេលផ្ដោត​លើ​ការ​សិក្សា​ឱ្យបាន​ច្រើន រហូតទាល់តែ​ដល់​ឆ្នាំ២០១៤ ទើបលោក​ចាប់​ផ្ដើម​ប្រឡូកនឹង​ការតែង​​និពន្ធ​ពេញលេញ ដោយបានសរសេរ​រឿងខ្លីមួយចំនួន​ផ្ញើ​ទៅផ្ទះអ្នកនិពន្ធសប្បាយ ដូចជា រឿង “ឱ! ឆ្នេររាមអើយ” និង រឿង “ហេតុអ្វីសន្យា​” និង​រឿងកុមារនៅអង្គការរ៉ូមធូរីត គម្រោងតោះអាន(មូនិធិអាស៊ី) ជាដើម។

អ្នកនិពន្ធ ពៅ មករា ម្ចាស់ស្នាដៃសៀវភៅ “ម៉ឺនឯក”

លោក ពៅ មករា បាន​បញ្ជាក់ប្រាប់​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​នេះថា “និយាយរួមការប្រលូកក្នុងវិស័យនេះ ខ្ញុំចាប់ផ្តើមផ្លូវការ​តាំងពីឆ្នាំ២០១៤មក ហើយមកដល់ពេលនេះស្នាដៃនិពន្ធរបស់ខ្ញុំមានដូចជា ប្រលោមលោកខ្នាតខ្លីរឿង “ស្បែកជើងកែងហោះ” (ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត), ហៃអើ និងរឿងខ្លីដទៃទៀត (បោះពុម្ព២០១៨), រឿងកុមារ ជ្រូកនិងសេក បីសាចសំគម, ថង់យួរ, ទៅលេងផ្ទះលោកតា…និង រឿង “ម៉ឺនឯក” (បោះឆ្នាំនេះ ២០១៩) លើស​ពីនេះ ខ្ញុំក៏នៅមានប្រលោមលោកជាច្រើនទៀតដែលមិនបានបោះពុម្ព ដូចជា រឿង ជំនោរជីវិត (២០១២), រឿង ថ្ងៃអើយកុំលិច (២០១២), រឿង​ ព្រះចន្ទក្តៅ (២០១២), រឿង ដួងចន្ទសេអ៊ូល (២០១២), រឿង សង្ឃឹមដួងចន្ទ (២០១៣),រឿង កំពូលអ្នកលេង (២០១១), រឿង ឋានសួគ៌ឬស្យា (២០១២), រឿង សល់តែស្នាមស្នេហ៍ (២០១១), នៅមានទៀត តែភ្លេចនិងបាត់ និងរឿងភាគទូរទស្សន៍របស់ហង្សមាស៤រឿង ដែលជារឿងភាគខ្នាតខ្លីផងដែរ។” លោកបាន​សង្កត់​ធ្ងន់​ទាក់ទងនឹងសៀវភៅ “ម៉ឺនឯក” ដែល​លោក​ទើបតែបាន​បោះពុម្ព​ផ្សាយ​ថ្មីៗថា “ហើយ​សៀវភៅ “ម៉ឺនឯក” ស្នាដៃ​ថ្មីដែលខ្ញុំទើបតែបាន​​បោះ​ពុម្ព​ចេញផ្សាយនេះ ជាប្រភេទរឿងមនោសញ្ចេតនា បែបអភិនិហា លាយរសជាតិ BL (ប្រុសស្រឡាញ់ប្រុស) ដោយ​សៀវភៅ​នេះ ខ្ញុំ​ដាក់លក់ក្នុងតម្លៃ២៨០០០៛ និងអាចរកទិញបាននៅក្នុងផេក ម៉ឺនឯក ឬ សិល្បៈមករា-Pao MaKara  ឬ ហ្វេសបុកខ្ញុំបាទផ្ទាល់ Pao Makara , បណ្ណាល័យឥន្ទ្រទេវី នៅបាត់ដំបង និង បងសួស្តី (និស្ស័យស្នេហ៍កាហ្វេ) ជម្ពូវ័នក៏ទាក់ទងយកទៅលក់បន្តផងដែរ។”

សៀវភៅ “ម៉ឺនឯក” របស់​អ្នកនិពន្ធ ពៅ មករា តាំងលក់ក្នុង “ពិព័រណ៌សៀវភៅកម្ពុជា លើកទី៨” កាលពីពេលថ្មីៗ

បន្ទាប់ពីស្នាដៃ “ម៉ឺនឯក” នេះ លោក​ក៏មានគម្រោងបោះពុម្ពស្នាដៃថ្មីផងដែរ ដោយលោក​សុំ​លាក់​ចំណងជើងសិន តែ​លោក​បាន​បង្ហើបថាជាប្រភេទរឿងយុវវ័យបែបBL និង​មិន​ទាន់​កំណត់​ថ្ងៃចេញផ្សាយច្បាស់​លាស់ទេ ព្រោះចាំមើលសន្ទុះនៃការគាំទ្ររឿង “ម៉ឺនឯក” នេះសិន។ ក្នុង​នាម​ជា​អ្នក​និពន្ធ​កម្ពុជា​មួយរូប លោក​ពិតជា​ផ្ដល់​តម្លៃ​ដល់​ការ​តែង​និពន្ធ​ណាស់ ដោយ​លោក​បាន​បង្ហាញ​ពី​អារម្មណ៍​ពិតថា “សម្រាប់ខ្ញុំ ការតែងនិពន្ធពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ  ហើយការក្លាយជាអ្នកនិពន្ធដែលមានការទទួលស្គាល់មួយរូប គឺជាក្ដីស្រមៃរបស់ខ្ញុំរហូតមក។  មែនទែនទៅ! ខ្ញុំធ្លាប់អស់សង្ឃឹមចំពោះខ្លួនឯងជាខ្លាំង​កន្លងមក ដែលខ្ញុំមិនអាចឈានជើងដើរលើវិថីនេះបាន តែដោយ​​ការត​ស៊ូ​មិន​បោះបង់ ទីបំផុត​ខ្ញុំ​ក៏អាច​ធ្វើ​បាន គឺ​អាច​សាងខ្លួន​ជាអ្នក​និពន្ធ​ដែលមាន​ការ​ទទួល​ស្គាល់​មួយរូប។ ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​បោះ​បង់​ការ​តែង​និពន្ធ​ចោលឡើយ ហើយ​ខ្ញុំ​នឹងព្យាយាម​ដុស​ខាត់​សមត្ថភាព​របស់​ខ្ញុំ​បន្ថែមទៀត ដើម្បីឱ្យខ្លួន​កាន់តែ​​មាន​សមត្ថភាព​អាច​និពន្ធ​ស្នាដៃ​បាន​កាន់តែ​ល្អ ដើម្បីបម្រើ​អារម្មណ៍​ប្រិយមិត្ត​អ្នក​អាន ក៏ដូចជាដើម្បីចូលរួម​ចំណែកអភិវឌ្ឍ​វិស័យតែងនិពន្ធកម្ពុជា​ឱ្យកាន់តែ​រីកចម្រើនបន្ថែមទៀត។”

អ្នកនិពន្ធ ពៅ មករា និងសៀវភៅ “ម៉ឺនឯក” របស់លោក

ជាចុងបញ្ចប់ លោក ពៅ មករា ក៏បាន​ថ្លែងអំណរគុណផងដែរថា “ជាចុងបញ្ចប់ ខ្ញុំសូម​អរគុណទៅកាន់​​ប្រិយមិត្ត​ដែលគាំទ្រ​ស្នាដៃនិពន្ធ​របស់ខ្ញុំ ទោះបីជានៅមានកម្រិតក៏ពួកគាត់នៅតែស្រឡាញ់ និងអានជានិច្ច។ ហើយក៏សូមអរគុណដល់មនុស្សពិសេសដែលខ្ញុំ​គោរព ដែល​តែងតែចង្អុលបង្ហាញផ្លូវដល់ខ្ញុំបាទ ដូចជាបងប្រុស​ ខាំ ភូរិ (អ្នកដឹកនាំរឿង), នាង សុធារី (អ្នកនិពន្ធអត្ថបទភាពយន្ត), ជុំ សំអង (អ្នកនិពន្ធ និងដឹកនាំរឿងនៅផលិតកម្មហង្សមាស), បងប្រុស សួង ម៉ាក់, បងស្រី ស៊ីណេត, បងស្រី គឹម ឌីណា, បងប្រុស សុខ ចាន់ផល, បងស្រី នូ សុខា, បងប្រុស កែវ សុបញ្ញា (តារាចម្រៀងហង្សមាស), បងស្រី លឹម ផាន់ណា, បងស្រី លឹម សន្តិភាព, បងប្រុស ណារ៉ាក់ និងមិត្តភក្តិនៅសាកលវិទ្យាល័យភូមិវិចិត្រសិល្បៈផងដែរ ដែលតែងតែលើកទឹកចិត្ត ជម្រុញបង្រៀនដល់រូបខ្ញុំបាទ ជាពិសេស​ចុងក្រោយ ខ្ញុំបាទសូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ដែលបានផ្ដល់​កិត្តិយស​សម្ភាសន៍រូបខ្ញុំបាទនៅពេលនេះ។”

អ្នកនិពន្ធ ពៅ មករា ក្នុងដំណើរកម្សាន្តមួយ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ពៅ មករា កើតឆ្នាំ១៩៩៤ នៅក្រុងព្រះសីហនុ។ លោកជាម្ចាស់​ស្នាដៃសៀវភៅ “ម៉ឺនឯក” ដែល​ទើបតែ​បោះពុម្ព​ចេញផ្សាយជា​ផ្លូវការ​ថ្មីៗ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន។ បច្ចុប្បន្ន ក្រៅពីមានអាជីពនិពន្ធកម្ពុជាមួយរូប លោកគឺជាអ្នកនិពន្ធអត្ថបទភាពយន្ត, ចម្រៀង និងជាជំនួយការដឹកនាំសម្ដែងនៅផលិតកម្មរស្មីហង្សមាស។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ពៅ មករា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!