ផុន សុខណេន  នាមប៉ាកកា​  ហ៊ុន ឆេង វិ កញ្ញាគឺជាអ្នកនិពន្ធពន្លកក្រោយមួយរូប ដែលមានដើម​កំណើតនៅភូមិ​ត្រពាំង​ច្រនៀង, ឃុំជ្រលង, ស្រុកបារាយណ៍(តាំងគោក), ខេត្តកំពង់ធំ។

កញ្ញាមានឪពុក​ឈ្មោះ ភោគ ហ៊ុន និងម្ដាយ​ឈ្មោះ ងិន អ៊ាងងួន ដោយលោកទាំងពីរជាកសិករ,  មាន​បងប្អូនចំនួន​៧នាក់ ស្រី២នាក់ ប្រុស៥នាក់ ដោយកញ្ញាជា​កូន​ទី២​ក្នុង​គ្រួសារ។

កញ្ញាបានបញ្ជាក់ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “​​ស្នាដៃ​ដែល​នាង​ខ្ញុំ​ចូល​ចិត្ត​​តែង​និពន្ធ​ជាងគេគឺ រឿង​ខ្លី,  ប្រលោម​លោក​ និងអត្ថបទ​ភាព​យន្ត ដែលអត្ថបទភាពយន្តនេះនាងខ្ញុំទើបតែបានចាប់ផ្ដើមថ្មីៗនេះប៉ុណ្ណោះ​ ចំណែកកន្លង​មក​ ​ស្នាដៃ​ដែល​នាង​ខ្ញុំ​ធ្លាប់​បាន​និពន្ធ​មាន​ចំនួន​៨​ស្នាដៃ​ ក្នុងនោះរឿង​ខ្លី៤រឿង និងប្រលោមលោក​៤រឿង មានចំណងជើង​ដូច​ជា​ Lesbian បណ្ដូលចិត្ត,ខ្ជិលឈឺ,​ ​ម្ដាយចុង​ខ្ញុំ Coca Queen ដែល៤រឿងនេះជារឿង​ខ្លី​ និង​ រឿង​ប្រលោមលោកទាំង៤រឿងមានចំណងជើងដូចជា ប្រពន្ធអត់​ខាន់​ស្លា​(ស្នេហ៍​ខំ​ក្នុង​ចិត្ត​),​  ចិត្ត​ស្នេហ៍​តែ​ម្ខាង,  ទ្វេគំនុំ​ទ្វេ​ស្នេហ៍,  កូន​ភ្លោះ​បំបែក​កាយ  ​និង​ចុង​ក្រោយ​កំពុងតែ​មាន​ស្នា​ដៃ​រឿង​ខ្លី​មួយ​ដែលត្រូវ​បាន​​គណៈកម្មាការ​ “មន្ត​ទឹក​ខ្មៅ” ​ជ្រើស​រើស​យកមក​ធ្វើ​ការ​បោះ​ពុម្ពរួម​ជាមួយស្នាដៃអ្នកនិពន្ធដទៃទៀត​ជាសៀវភៅក្នុង​ “សមូហកម្ម​មន្ត​ទឹក​ខ្មៅ” ​នៅឆ្នាំ​២០១៩​នេះផងដែរ​។”

ពិតណាស់! ការណ៍​ដែល ​កញ្ញា ផុន សុខណេន ​ចេះ​តែង​និពន្ធ​នេះ មិនមែនជារឿងចៃដន្យឡើយ នេះក៏ព្រោះតែកញ្ញាមានទេព​កោសល្យ​ផ្នែកនិពន្ធពី​កំណើត​​ស្រាប់​ និងមួយ​ចំណែក​ទៀត​​​ទទួល​បាន​ពីការបណ្ដុះ​បណ្ដាលផ្នែកតែង​និពន្ធ​ពី សមាគម​អ្នក​និពន្ធ​ខ្មែរជំនាន់ទី៣៣” ក្រោម​ការ​បង្ហាត់​បង្រៀន​ពី​លោកគ្រូ អ្នក​គ្រូ​ ជា​ច្រើន​រូប ​ដែល​សុទ្ធ​សឹង​ជា​កវីនិពន្ធ​ឆ្នើមៗល្បី​ៗនៅ​ក្នុង​ប្រទេស​កម្ពុជា​។​

តែទន្ទឹមនឹងនេះ កញ្ញា ផុន សុខណេន ក៏បាន​ជម្នះ​នូវ​លំបាកមិន​ស្ទើរ​ទេទម្រាំ​តែកញ្ញា​អាច​សាង​ខ្លួន​ជាអ្នក​និពន្ធ​​មួយរូបសមតាម​បំណងដូចសព្វ​ថ្ងៃ ដោយកញ្ញាបានបង្ហាញថា “​ដោយ​សារ​ជីវភាព​គ្រួសាររបស់​នាង​ខ្ញុំ​មានការលំបាក និងការសិក្សា​បាន​ត្រឹម​ឌីប្លូម ​ ជាពិសេស​ចំណេះផ្នែក​តែងនិពន្ធនៅ​មាន​កម្រិត​​​មិនទាន់​ខ្ពស់​ដូច​​រៀម​ច្បង, ​លោកគ្រូ, អ្នក​គ្រូ និង​អ្នក​និពន្ធ​ឯទៀតៗ នាង​ខ្ញុំក៏​សម្រេច​ចិត្ត​​ខិត​ខំ​​សិក្សា​ស្រាវ​ជ្រាវ​រៀន​សូត្រ​បន្ថែម តាម​រយៈ​ការអានសៀវភៅ​ល្អៗ, រៀន​ពីបុគ្គលពូកែៗជុំវិញ​ខ្លួន, រៀនសង្កេតពី​សង្គម,​ សិក្សា​​ស្រាវជ្រាវ​ចំណេះ​ដឹងថ្មីៗពី​បណ្ដាញ​អ៊ីនធឺណេត និង​ចូល​រៀន​ក្នុង​វគ្គ​បណ្ដុះ​បណ្កាល​តែង​និពន្ធ​ជាដើម ព្រោះនាង​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់ថា​ មានតែវិធីនេះប៉ុណ្ណោះ​ ទើបនាងខ្ញុំអាច​ឱ្យនាងខ្ញុំមាន​ចំណេះដឹង​គ្រប់​គ្រាន់សម្រាប់ក្លាយជាអ្នក​និពន្ធមួយរូបបាន។ 

កញ្ញា ផុន សុខណេន បាន​សង្កត់ធ្ងន់​​​ត្រង់​ចំណុចនេះបន្ថែម​ទៀត​ថា “មែន​ទែនទៅ! ​​​​នាង​ខ្ញុំធ្លាប់បោះ​បង់​ការ​តែង​និពន្ធ​នេះ​ចោលម្ដងទៅហើយ ដោយសារតែកាលនោះនាងខ្ញុំ​បាក់​ទឹក​ចិត្តខ្លាំងពេក តែ​នាង​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​​​ចាប់​កាន់​​ប៉ាកកាឡើង​​វិញ​ បន្ទាប់​ពី​បាន​មើលនិង​បាន​ស្ដាប់​ពាក្យ​ពេចន៍ណែនាំនិង​លើក​ទឹក​ចិត្ត​​របស់​លោក គង់ រង្សី ​ដែល​ជាអ្នក​និពន្ធកម្ពុជា​ល្បី​ឈ្មោះ​មួយ​រូប​ ក្នុង​កម្មវិធី ៣០ DALY TALK ក្រោម​ប្រធាន​បទ «​ចង់​​ចេះ​និពន្ធ​រឿង​ គួរ​ដឹង​ពី​ចំណុច​អ្វី​ខ្លះ​?» ​របស់​ Sabay Tv ដោយការចាប់ផ្ដើមលើវិថីតែងនិពន្ធថ្មីលើកនេះ កាន់តែធ្វើឱ្យនាងខ្ញុំ​មាន​កម្ចាំង​​ចិត្ត​ទ្វេដង រហូត​ដល់​អាច​ឈរជើងបានមក​ដល់​សព្វ​ថ្ងៃ​ ព្រោះ​ពេចន៍​ដ៏​ល្អៗដែលជាការណែនាំ​របស់​លោកទាំង​ប៉ុន្មានពេលនោះ បាន​ធ្វើ​ឱ្យនាង​ខ្ញុំ​យល់​កាន់តែ​ច្បាស់ពីវិធីសាស្ត្រ​ក្នុង​ការតែងនិពន្ធ ក៏ដូចជា​វិធីក្នុងការជម្នះឧបសគ្គ​លំបាកទាំងឡាយ ដោយចាប់​តាំង​ពីពេល​នោះមក ​នាង​ខ្ញុំក៏​បាន​ចាត់​ទុក​និង​គោរពរូប​លោក​​ប្រៀប​ដូច​ជា​គ្រូ​របស់នាង​ខ្ញុំ​រហូត​មក​។

ជាចុង​ក្រោយ កញ្ញា ​​ផុន សុខណេន បាន​មានមតិផ្ដាំ​ផ្ញើដូច្នេះថា “នាងខ្ញុំសូម​ផ្ដាំ​ផ្ញើ​ដល់​មិត្ត​អ្នកអាន​គ្រប់​រូប ​សូមរួម​គ្នា​លើក​ស្ទួយ​ការ​អានសៀវភៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​​ឱ្យ​បានកាន់​តែ​​ច្រើន និងខិតខំរិះរកវិធី​បង្កើន​ធនធានមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបានច្រើនបំផុតតាមដែកអាចធ្វើទៅបាន។​ សារ​មួយ​ទៀត​ ​នាង​ខ្ញុំ​​សូម​អគុណ​មែន​ទែន​ចំពោះ​មិត្ត​អ្នក​អាន​ជាទី​ស្រឡាញ់​គ្រប់​រូប​ ដែល​បាន​ចំណាយ​ពេល​វេលាដ៏​មាន​តម្លៃ​​អាន​ស្នា​ដៃរបស់​​​នាង​ខ្ញុំ​គ្រប់​ស្នាដៃ​ ជាពិសេស​តែង CHAT ចូល​ក្នុង​អាខោន Facebook របស់នាង​ខ្ញុំ​ផ្ទាល់ ​​លើក​ទឹក​ចិត្ត និងរង់ចាំ​អានស្នាដៃ​របស់​នាង​ខ្ញុំ​ជា​បន្ត​ទៀត ​​​ដោយនាងខ្ញុំសូមសន្យាថា ​ទោះ​បី​ជា​នាង​ខ្ញុំ​មមាញឹក​ក្នុង​ការ​សរសេរ​​អត្ថបទ​ភាព​យន្ត​ដែល​ជា​ការងារ​ថ្មី​របស់​នាង​ខ្ញុំយ៉ាងណា ក៏នាងនឹងនឹង​ព្យាយាម​​ចេញ​ស្នា​ដៃប្រលោម​លោក​​ថ្មី​ជា​បន្ត​បន្ទាប់​ទៀត​ជូន​មិត្ត​អ្នក​អាន​ផង​ដែរ។

ហើយ​​នាង​ខ្ញុំ​សូម​អគុណ ​និងសូម​គោរព​ជូន​ពរ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ដែល​បាន​ជួយ​បង្ហាត់​បង្រៀន​ដល់រូបនាង​ខ្ញុំ​នៅ​ ”សមាគម​អ្នក​និពន្ធខ្មែរ”​ កន្លងមក និង​មិត្ៗតអ្នក​​អានទាំងអស់ ជួប​តែ​សេចក្ដីសុខ សុវត្តិភាព សុខភាព​រឹង​មាំ និង​ជោគ​ជ័យ​គ្រប់​ភារកិច្ចការងា។ ជាពិសេសបុគ្គល​ទាំងឡាយដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធ សូមកកុំបោះការតាំងចិត្ត​ឱ្យ​សោះ។

  “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា ​​ផុន សុខណេន បច្ចុប្បន្នគឺជា​អ្នកនិពន្ធកម្ពុជាមួយរូបដែលប្រើ​នាមប៉ាកកាថា “ហ៊ុន ឆេង វិ” ​និង​កំពុង​បម្រើ​ការងារជា​អ្នកនិពន្ធអត្ថបទ​ភាពយន្ត (Script writer ) ​ក្នុង​ផលិតកម្មមួយ។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ផុន សុខណេន / រក្សាសិទ្ធិ ៖ cambowriter.com

error: អត្ថបទរក្សាសិទ្ធ !!