អត្ថបទនេះ ជាការចែករំលែកផុសចេញពីគំនិតនិងចំណេះដឹងរបស់លោក ឡាំ លីម អ្នកនិពន្ធកម្ពុជាប្រកបដោយទឹកដៃមួយរូប និងជាម្ចាស់ស្នាដៃសៀវភៅល្បីៗទាំង ៤ក្បាល រួមមានសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ជាស្នាដៃសហនិពន្ធជាមួយអ្នកនិពន្ធល្បីចំនួនពីររូបទៀត សុទ្ធសឹងតែជាសៀវភៅដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកអានយ៉ាងខ្លាំង។
អត្ថបទ “ត្រៀមខ្លួនធ្វើជាអ្នកនិពន្ធ” នេះ លោកសរសេរឡើងជាពិសេសសម្រាប់អ្នកដែលចង់រៀនវគ្គតែងនិពន្ធ និងអ្នកទាំងឡាយដែលចង់ក្លាយជាអ្នកនិពន្ធដ៏ពិតប្រាកដមួយរូបនៅថ្ងៃអនាគត ដែលអាចតាក់តែងនិពន្ធស្នាដៃល្អៗប្រកបដោយគុណតម្លៃឡើង សម្រាប់ពលរដ្ឋ សង្គម ក៏ដូចជាមនុស្សជាតិទូទៅផងដែរ។ អាស្រ័យហេតុនេះ ដើម្បីកុំឱ្យខាតពេល សូមអ្នកបន្តអាន និងសិក្សាស្វែងយល់ទាំងអស់គ្នាជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” យើងខ្ញុំដូចតទៅ ដោយយើងខ្ញុំសូមបង្ហាញនូវអត្ថបទដែលសរសេរដោយ លោក ឡាំ លីម ទាំងស្រុងជូនដល់លោកអ្នកដូចតទៅ ៖
១. ខ្ញុំមិនយល់ថាខ្លួនឯងមានចំណេះជំនាញទាក់ទងនឹងការតែងនិពន្ធទេ តែខ្ញុំមានចិត្តចង់ចែករំលែកខ្លះៗ ហើយ “ត្រឹមតែចែករំលែក” ប៉ុណ្ណោះ។ អ្នកណាដែលចង់មានចំណេះផ្នែកតែងនិពន្ធ រមែងពេញចិត្តទទួលយកគំនិត ជាពិសេសក្នុងន័យពិចារណា។ ប៉ុន្តែអ្នកណាដែលមានចំណេះដឹងផ្នែកនេះច្រើនមកហើយ ឬជាអ្នកជំនាញ គឺរមែងគិតថាខ្ញុំប្រហែលជាអួតអាង។ បញ្ហាចិត្តសាស្រ្តបែបនេះ គឺជាបញ្ហាធម្មតាទេ ហើយក៏ពុំមែនជាបញ្ហាធំដុំអ្វីដែលត្រូវយកមកគិតដែរ ពីព្រោះមនុស្សយើងម្នាក់ៗ មិនអាចធ្វើអ្វីមួយ ដោយបំពេញចិត្តមនុស្សគ្រប់ៗគ្នាបានឡើយ។ ខ្ញុំសូមរំឭកកាលវេលាដែលខ្ញុំនៅជាគ្រូបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័របន្តិច។ នៅក្នុងថ្នាក់រៀនមួយ កម្រិតចំណេះដឹងរបស់សិស្សមានខុសៗគ្នា។ បើបង្រៀនមេរៀនជ្រៅពេក បង្រៀនលឿនពេក ខ្លាចក្រែងលោសិស្សដែលខ្សោយៗ គ្នាតាមមេរៀនមិនទាន់។ បើបង្រៀនមេរៀនរាក់ៗពេក បង្រៀនយឺតជ្រុលពេក ខ្លាចក្រែងលោសិស្សដែលពូកែៗ សិស្សឆ្លាតៗ គ្នាធុញទ្រាន់។ ដូច្នេះហើយមានជម្រើស ៣ក្នុងការបង្រៀន៖ ទី១ បង្រៀនដោយផ្តោតលើសិស្សដែលពូកែៗ, ទី២ បង្រៀនដោយផ្តោតការយកចិត្តទុកដាក់ចំពោះសិស្សខ្សោយៗ និងទី៣ បង្រៀនសិស្សពូកែផង និងបង្រៀនសិស្សខ្សោយផង តែត្រូវលៃលកម៉ោងបង្រៀនជាពីរ។ នេះជាស្ថានភាពសិស្សនៅតាមអង្គការក្រៅរដ្ឋាភិបាលខ្លះប៉ុណ្ណោះ។ តើអនាគតជាអ្នកនិពន្ធគួរត្រៀមខ្លួនបែបណា?
២. បើយើងចង់ធ្វើជាអ្នកនិពន្ធ ជាដំបូងបំផុត គឺមិនមែនទៅរៀនជំនាញតែងនិពន្ធ ឬវិធីសាស្រ្តជោគជ័យខាងតែងនិពន្ធទេ ពីព្រោះបើយកការតែងនិពន្ធមកបង្រៀនជាវគ្គជោគជ័យនិពន្ធ, ជាទស្សនៈខ្ញុំ ខ្ញុំយល់ថា “បាត់តម្លៃពិតនៃអ្នកនិពន្ធអស់ហើយ”។ ចុះបើថា “ខុស” អ៊ីចឹងតើគួរតែបែបណាវិញ? ក្នុងនាមជាគ្រូបង្រៀនដែលមានចំណេះដឹង តើគ្រូប៉ុន្មាននាក់ដែលយកវិជ្ជាជីវៈជាគ្រូមកស្វែងរកភាពជោគជ័យ? បើសិនជាតម្លៃស្នូលនៃចំណេះដឹង ត្រូវបានវាស់វែងដោយទឹកប្រាក់ តើតម្លៃពិតនៃអ្នកចេះដឹងនៅឯណា? ក្នុងនាមជាអ្នករៀនសូត្រចេះដឹង គឺពុំគួរយកចំណេះដឹងមកធ្វើជាកាំជណ្តើរទេ។ ខ្ញុំលើកឡើងបែបនេះពុំមែនជាទ្រឹស្តីបែបឧត្តមគតិនិយមឡើយ តែវាជាសច្ចភាពនិងការពិតមួយដែលនាំឱ្យសង្គមរីកចម្រើន។ តើអ្នកចង់ចេះជំនាញតែងនិពន្ធ គួរធ្វើយ៉ាងណាខ្លះ? កុំទាន់រៀនជំនាញតែងនិពន្ធ តែត្រូវហ្វឹកហាត់ខ្លួនឯង ទាំងផ្នែកបញ្ញា ស្មារតី ចំណេះដឹង ចរិតលក្ខណៈឱ្យល្អសិន…។ ការតែងនិពន្ធ គឺត្រូវការចំណេះដឹងច្រើន មិនថាជាការគិតពិចារណាបានល្អ ការចេះវិភាគវែកញែកស៊ីជម្រៅ ជាមនុស្សដែលពូកែស្រាវជ្រាវ និងមានឧត្តមគតិខ្ពស់។ ហេតុអ្វីត្រូវមានឧត្តមគតិខ្ពស់? ពីព្រោះថា “ទឹកប៊ិករបស់អ្នកនិពន្ធអាចយកទៅរកស៊ី ឬចរចាមុខជំនួញជាមួយអ្នកនយោបាយបាន”។ បើយើងមានចំណុចទាំងប៉ុន្មានខាងលើហើយ គឺអាចធ្វើជាអ្នកនិពន្ធបានហើយ។ យុវជនយើងពុំគួរទៅរៀនវគ្គតែងនិពន្ធទេ តែយើងត្រូវរកឱកាសវិនិយោគលើចំណេះដឹងឱ្យបានច្រើន ធ្វើយ៉ាងណាឱ្យខ្លួនឯងមានចំណេះដឹងទូលាយជាមុនសិន។
៣. ក្រៅពីចំណេះដឹងហើយ គឺយើងត្រូវការបទពិសោធជីវិតជាក់ស្តែងថែមទៀត។ តើអ្នកនិពន្ធគួរមានចរិតបែបណា? និយាយរួម និយាយឱ្យខ្លី និយាយឱ្យងាយយល់ អ្នកនិពន្ធធ្វើចរិតបែបណាក៏បានដែរ តែកុំឱ្យខ្លឹមសារនៃសំណេរ និងការប្រព្រឹត្តរបស់ខ្លួនឯង ក្នុងនាមជាអ្នកនិពន្ធខុសគ្នាឱ្យសោះ។ បើសំណេរ និងចរិតពិតនៃអ្នកនិពន្ធមិនមានលក្ខណៈដើរត្រសងគ្នា ឬស្រដៀងគ្នា ឬមិនដូចគ្នាទេ គឺសំណេរនឹងក្លាយទៅជាគ្មានតម្លៃដាច់ខាត។ ចំណុចនេះមានន័យថា “អ្នកនិពន្ធអាចសរសេរពីការធ្វើល្អ សរសេរពីការមានចរិតល្អ ឬសរសេរពីការស្រឡាញ់សង្គម តែបើការប្រព្រឹត្តមិនដូចនឹងអ្វីដែលទឹកប៊ិកខ្លួនចារជាអក្ខរាទេ គឺពុំមែនជាការត្រឹមត្រូវឡើយ”។ ជាមនុស្សម្នាក់ក្នុងសង្គម ដែលតំណាងឱ្យតួអង្គចំណេះដឹង យើងត្រូវមានលក្ខណៈសម្បត្តិជាមនុស្សត្រឹមត្រូវ ហើយពុំអាចធ្វើអ្វីបណ្តោយខ្លួនឱ្យដូចមនុស្សធម្មតាបានទេ។ ការលើកឡើងរបស់ខ្ញុំបែបនេះ គឺហាក់បីដូចជាដាក់កំហិតចំពោះអ្នកនិពន្ធបន្តិច តែនេះជាលក្ខខណ្ឌមួយដែលគួរធ្វើ ដ្បិតបើសិនជាយើងចង់កសាងមូលធនមនុស្សតាមរយៈអំណាន។ បើសិនជាយើងចង់បណ្តោយខ្លួន ឬបណ្តែតប្រាណតាមតែចិត្តចង់របស់ខ្លួនឯង បម្រើតែតណ្ហាខ្លួនឯង ក៏ពុំមានទាស់ខុសអ្វីដែរ។ ផ្ទុយទៅវិញ សំណេររបស់យើង ទោះបីល្អយ៉ាងណាក៏ដោយ តែបើយើងធ្វើខ្លួនមិនត្រឹមត្រូវទេ គឺខ្លឹមសារនៃសំណេរដែលផ្សាយចេញទៅ នឹងត្រូវសាបរលាបពីខ្លឹមសារល្អទៅជាខ្លឹមសារឥតន័យ ឬជាខ្លឹមសារមិនល្អ ព្រោះតែចរិតលេងសើចហួសហេតុ ឬចរិតមិនត្រឹមត្រូវ ឬចរិតមិនសមរម្យរបស់យើងជាដើម។
៤. ខ្ញុំសុំលើកយកឧទាហរណ៍អំពីខ្ញុំមកចែករំលែក។ ប្រសិនបើខ្ញុំមានចំណេះដឹងខាងតែងនិពន្ធ ខ្ញុំនឹងមិនបង្រៀនជំនាញតែងនិពន្ធទេ តែខ្ញុំនឹងប្រែក្លាយការបង្រៀន ឱ្យទៅជាការបង្វឹកដោយផ្ទាល់ ដោយមិនយកថ្លៃឈ្នួលជាថវិកាទេ (No price tag but priceless)។ រយៈពេលបង្វឹក គឺត្រឹមមួយឆ្នាំ។ របៀបរៀនបែបបង្វឹកនេះ គឺមួយថ្ងៃត្រូវអានសៀវភៅមួយក្បាល ហើយសរសេរអត្ថបទដែលមានប្រធានបទជាក់លាក់ពី ៥ទំព័រ ទៅ ១០ទំព័រ។ រហូតដល់មួយឆ្នាំ ពេលរៀនចប់ គឺនឹងក្លាយទៅជាអ្នកនិពន្ធតែម្តង។ ការបង្វឹកពេញមួយឆ្នាំនេះ ខ្ញុំនឹងបន្ថែមលើចំណេះដឹងបច្ចេកទេសចាំបាច់បំផុតខ្លះដូចជា ការរចនាអត្ថបទសៀវភៅតាមកម្មវិធីស្តង់ដា (Adobe InDesign), ការរចនាក្របសៀវភៅតម្រូវនឹងព្រលឹងអត្ថបទ (Adobe Photoshop & Adobe Illustrator), របៀបជ្រើសរើសចំណងជើងសៀវភៅ, រៀនបន្សុទ្ធចំណេះដឹងតាមរយៈបរិបទសង្គម, ស្វែងយល់ពីសៀវភៅបកប្រែ, សមាធិសម្រាប់ការតែងនិពន្ធ (Writing meditations), ព្រមទាំងយុទ្ធសាស្រ្តរុញច្រានសៀវភៅឱ្យដល់ដៃអ្នកអានទូទៅផងដែរ។ លក្ខខណ្ឌស៊ីជម្រៅនៃការរៀន គឺមិនពិបាកឡើយ ដោយគ្រាន់តែរៀនអានឱ្យពូកែ, អានរហូតក្លាយទៅជាអ្នកអានបែបស្រាវជ្រាវ, វិភាគអត្ថបទឆ្លុះបញ្ជាំងនឹងសង្គម, វិភាគចរិតអ្នកសរសេរ (សម័យកាល ផ្នត់គំនិត ស្ថានភាព…), បន្ទាប់មក គឺអានមនុស្ស និងអានពីសង្គម។ ក្រោយពីបង្វឹកមួយឆ្នាំពេញហើយ ខ្ញុំហ៊ានធានាថានឹងក្លាយទៅជាអ្នកនិពន្ធដែលមានគំនិតសរសេរសម្បូរបែប មិនចេះរីងស្ងួត។ យើងនឹងមិនហ៊ានបើកបង្រៀនវគ្គជោគជ័យតែងនិពន្ធទេ ដ្បិតពេលណាដែលយើងចេះនិពន្ធពិតប្រាកដហើយ។
៥. បើមិនមានប្រសិទ្ធភាព ឬបើមិនជឿខ្ញុំទេ ក៏មិនដឹងធ្វើយ៉ាងណាដែរ ពីព្រោះថា “បើបង្រៀនយកលុយ ពេលរៀនមិនចេះ មិនបានផល មិនអាចក្លាយទៅជាអ្នកនិពន្ធ គឺនឹងប្រគល់លុយជូនវិញ តែដល់បង្រៀនមិនគិតប្រាក់អ៊ីចឹង មិនដឹងថាត្រូវនិយាយបែបណាទើបជឿ។ ចុងក្រោយ ទោះជឿឬមិនជឿក៏ដោយ ក៏មិនសំខាន់ដែរ ព្រោះជាក់ស្តែង វាគ្រាន់តែឧទាហរណ៍ប៉ុណ្ណោះ។ ខ្ញុំពុំមានចេតនាអ្វីផ្សេង ក្រៅពីជូនជាគំនិត និងការពិចារណាដល់យុវជនយើងដែលចង់ក្លាយខ្លួនទៅជាអ្នកនិពន្ធប៉ុណ្ណោះ។ ប្រឹងប្រែងរៀនសូត្រ កុំចេះតែឈូឆរតាមការបញ្ចុះបញ្ចូល ពីព្រោះការងារខ្លះ វាមិនស្រួលដូចអ្នកបង្រៀនវគ្គជោគជ័យខ្លះនិយាយទេ។ នៅក្មេង ប្រឹងរៀន ប្រឹងអានសៀវភៅឱ្យបានច្រើន ចេះអត់ធ្មត់លត់ដំខ្លួនឯងឱ្យល្អសិន ហើយសន្សំបទពិសោធឱ្យបានច្រើន។ ទោះយើងចង់ធ្វើអ្វី ក៏អាចធ្វើបានដែរ តែត្រូវធ្វើឱ្យត្រូវផ្លូវ ប្រឹងវិនិយោគលើចំណេះដឹងជាក់ស្តែង។ បើយើងពិតជាចង់មែន កុំទៅរកមនុស្សលេងៗ កុំទៅរកមនុស្សដែលប្រាប់ពីផ្លូវកាត់ តែត្រូវរកមនុស្សដែលដឹងផ្លូវត្រូវទៅពិតប្រាកដ ទៅដល់គោលដៅ ព្រមទាំងអាចឈរជើងបានយូរអង្វែង។ បញ្ជាក់ជូនជាថ្មីម្តងទៀត អត្ថបទនេះសម្រាប់ពិចារណា ហើយក៏ជាការជូនគំនិតដល់យុវជនយើងដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធដែរ។ ឧទាហរណ៍ខាងលើ គឺជាចំណេះដឹងដែលអ្នកនិពន្ធគួរមាន។ ថ្វីដ្បិតជាឧទាហរណ៍ពិតមែន តែវាប្រយោជន៍សម្រាប់ការងារតែងនិពន្ធ។ បើកន្លែងណាដែលមានបង្រៀនចំណេះដឹងតែងនិពន្ធដូចឧទាហរណ៍ខាងលើ ដូចដែលខ្ញុំបានលើកឡើង គឺគួរតែសាកល្បងរៀន។ យើងនឹងក្លាយទៅជាអ្នកនិពន្ធពិតប្រាកដ នៅពេលណាយើងរៀនចំចំណេះដឹងពិតប្រាកដ។
លោក ឡាំ លីម និងសៀវភៅល្បីៗទាំង៤ក្បាលរបស់លោក
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា ខាងលើជាអត្ថបទសរសេរចែករំលែកដោយលោក ឡាំ លីម ។ លោកមានស្រុកកំណើតនៅខេត្តសៀមរាប និងជាកសិករធ្វើស្រែសម្រាប់មួយក្រពះនៅលើទឹកដីដ៏ពិសិដ្ឋនេះដល់សព្វថ្ងៃ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ ក្រៅពីចូលចិត្តអាន លោកជាបុគ្គលមួយរូបដែលនិយមសរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទដែលទាក់ទងនឹងទស្សនវិជ្ជាអប់រំ សង្គម នយោបាយ ភាពជាអ្នកដឹកនាំ និងផ្នែកប្រាជ្ញាស្មារតីក្នុងការគិតថ្លឹងថ្លែងពិចារណាជាដើម និងជាម្ចាស់ស្នាដៃសៀវភៅល្បីៗទាំង៤ក្បាលដូចបានរៀបរាប់ខាងលើ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងពីទឹកដៃក្នុងការសរសេរអត្ថបទប្រភេទនេះរបស់លោក លោកអ្នកអាចស្វែងរកសៀវភៅទាំង ៤ក្បាលរបស់លោកនេះយកមកអានបាន ហើយបើលោកអ្នកចង់អានដោយងាយឆាប់រហ័សនោះ លោកអ្នកអាចចូលទៅអានអត្ថបទរបស់លោកក្នុងហ្វេសប៊ុកផ្លូវការរបស់លោកតែម្ដងបាន តាមរយៈឈ្មោះ Lam Lim https://www.facebook.com/lamlem01 នោះលោកអ្នកមុខជាបានដឹងច្បាស់ជាក់ជាមិនខាន។ សូមអរគុណ៕
អត្ថបទ និងរូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com
កាលពីវេលា ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩, ក្រុមផ្លិតដែក ដែលជាក្រុមតំណាងឱ្យអ្នកស្រី លឹម សន្តិភាព អ្នកនិពន្ធមួយរូប និងជាម្ចាស់ស្នាដៃប្រលោមលោករឿង “Captain បណ្តូលចិត្ត” ប្រលោមលោកកំពុងល្បីក្នុងស្រទាប់ប្រិយមិត្តអ្នកអាន បាននាំយកថវិកាមួយចំនួនដែលបានមកពីការលក់និងចំណេញពីការលក់សៀវភៅ ទៅប្រគល់ជូន “មន្ទីរពេទ្យគន្ធបុប្ផា” ដែលទឹកប្រាក់នោះរួមមាន៖
ទី១ / ទឹកប្រាក់ចំនួន ៤ ០០០ ០០០ រៀល (បួនលានរៀល) បានមកពីប្រាក់ចំណេញនៃការលក់សៀវភៅ “Captainបណ្តូលចិត្ត”
ទី២ / ទឹកប្រាក់ចំនួន ៨៣០ ០០០រៀល (ប៉ែតសិបបីម៉ឺនរៀល) បានមកពីការលក់សៀវភៅ “ព្រៃរំដួល”
ដែលទឹកប្រាក់សរុបទាំងអស់មានចំនួន ៤ ៨៣០ ០០០ រៀល (បួនលានប៉ែតសិនបីម៉ឺនរៀល) ។
អ្នកស្រី លឹម សន្តិភាព (អ្នកនិពន្ធកម្ពុជាមួយរូបកំពុងរស់នៅប្រទេសកាណាដា)
អ្នកនិពន្ធ លឹម សន្តិភាព ដែលជាម្ចាស់ថវិកាខាងលើបានមានប្រសាសន៍ប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “នាងខ្ញុំដឹងច្បាស់ណាស់ថាប្រាក់ប៉ុណ្ណេះមិនច្រើនណាស់ណាទេសម្រាប់បុគ្គលអ្នកមានខ្លះ! ប៉ុន្តែនេះជាថវិកាដែលនាងខ្ញុំបានមកពីការប្រើប្រាស់ទេពកោសល្យរបស់នាងខ្ញុំក្នុងនាមជាអ្នកនិពន្ធកម្ពុជាមួយរូបខិតខំប្រឹងសរសេរ និងយកស្នាដៃសៀវភៅដែលនាងខ្ញុំសរសេរនោះទៅលក់ ដើម្បីយកប្រាក់ចំណេញទៅចូលរួមចំណែកក្នុងការងារសង្គមកម្ពុជាដែលជាប្រទេសកំណើតរបស់នាងខ្ញុំ តាមរយៈការឧបត្ថម្ភដល់ “មន្ទីរពេទ្យគន្ធបុប្ផា”។”
អ្នកស្រីបានបន្ថែមថា “សកម្មភាពបែបនេះ អ្នកទាំងអស់គ្នាក៏អាចធ្វើបានដែរ ដោយមិនចំពោះតែ ”មន្ទីរពេទ្យគន្ធបុប្ផា” មួយឡើយ គឺធ្វើនៅទីណាក៏បាន បែបណាក៏បាន ឱ្យតែស្របតាមលទ្ធភាពរបស់ខ្លួន និងជាប្រយោជន៍រួមទាំងចំពោះពលរដ្ឋនិងសង្គមកម្ពុជារបស់យើងពិតប្រាកដ។” អ្នកស្រីបានបញ្ជាក់ទៀតថា “ការណ៍ដែលនាងខ្ញុំធ្វើសកម្មភាពមនុស្សធម៌នេះចំពោះ “មន្ទីរពេទ្យគន្ធបុប្ផា” ក៏ព្រោះតែនាងខ្ញុំយល់ថា “កុមារគឺជាសសរទ្រូងរបស់ប្រទេសជាតិ ឯសុខុមាលភាពរបស់កុមារ គឺជាទំនួលខុសត្រូវរបស់ជនជាតិខ្មែរយើងទាំងអស់គ្នា… ដូច្នេះការជួយទៅដល់កុមារៗពិតជាមានសារៈសំខាន់ខ្លាំងណាស់! ហើយនាងខ្ញុំក៏សូមអរគុណដល់ក្រុមគ្រួសាររបស់នាងខ្ញុំទាំងអស់ផងដែរ ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងរង់ចាំធ្វើជាកម្លាំងចិត្តដល់រូបនាងខ្ញុំជានិច្ចរហូតមក និងសូមអរគុណយ៉ាងខ្លាំងដល់ “ក្រុមផ្លិតដែក” ដែលបានលះបង់ពេលវេលាជួយទាំងក្នុងការផលិតសៀវភៅ, លក់សៀវភៅ
និងចែកចាយសៀវភៅ ព្រមទាំងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួននាំយកថវិកាទៅនេះទៅឧបត្ថម្ភជូនដល់ “មន្ទីរពេទ្យគន្ធបុប្ផា” ជំនួសរូបនាងខ្ញុំ ក៏ដូចជាសូមអរគុណដល់ប្អូនប្រុស ខាត់ វៃហាំង និង ប្អូនស្រី យូ ប៊ីន ដែលបានផ្តល់សិទ្ធិឱ្យនាងខ្ញុំប្រើប្រាស់រូបថតរបស់ប្អូនៗនៅលើក្របសៀវភៅរឿង “Captain បណ្តូលចិត្ត” ។ និងសូមអរគុណផងដែរដល់ G-Rise Media ដែលបានផ្តល់សិទ្ធិឱ្យនាងខ្ញុំប្រើប្រាស់រូបថតនេះលើក្របសៀវភៅរបស់នាងខ្ញុំនេះ ក៏ដូចជាសូមអរគុណដល់ក្រុមអ្នកជួយចែកចាយសៀវភៅរឿង “Captain បណ្តូលចិត្ត” ទាំងអ្នកលក់តាមអនឡាញ និងលក់ផ្ទាល់នៅតាមបណ្ណាគារផងដែរ។ ជាពិសេសសូមអរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានជួយទិញសៀវភៅរឿង “Captain បណ្តូលចិត្ត” និង “ព្រៃរំដួល” និងតែងតែគាំទ្រស្នាដៃនិពន្ធរបស់នាងខ្ញុំរហូតមក។
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកនិពន្ធ លឹម សន្តិភាព បច្ចុប្បន្ន អ្នកស្រីគឺជាអ្នកនិពន្ធកម្ពុជាមួយរូបដែលកំពុងរស់នៅប្រទេសកាដាណា ដែលសកម្មភាពដ៏ប្រពៃរបស់អ្នកស្រីក្នុងផ្នែកមនុស្សធម៌ខាងលើនេះ ពិតជាគំរូមួយដ៏ល្អខ្លាំងណាស់សម្រាប់អ្នកនិពន្ធដទៃៗ ក៏ដូចជាបងប្អូនខ្មែរគ្រប់រូបគួរយកតម្រាប់តាម។ សូមអរគុណ៕
អត្ថបទដោយ ៖ ឫទ្ធិពង្ស / រូបថត ៖ លឹម សន្តិភាព / រក្សាសិទ្ធិ ៖ cambowriter.com