អត្ថបទនេះ ជាការចែករំលែកផុសចេញពីគំនិតនិងចំណេះដឹងរបស់លោក ឡាំ លីម អ្នកនិពន្ធកម្ពុជាប្រកបដោយទឹកដៃមួយរូប និងជាម្ចាស់ស្នាដៃសៀវភៅល្បីៗទាំង ៤ក្បាល រួមមានសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ជាស្នាដៃសហនិពន្ធជាមួយអ្នកនិពន្ធល្បីចំនួនពីររូបទៀត សុទ្ធសឹងតែជាសៀវភៅដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកអានយ៉ាងខ្លាំង។
អត្ថបទ “ត្រៀមខ្លួនធ្វើជាអ្នកនិពន្ធ” នេះ លោកសរសេរឡើងជាពិសេសសម្រាប់អ្នកដែលចង់រៀនវគ្គតែងនិពន្ធ និងអ្នកទាំងឡាយដែលចង់ក្លាយជាអ្នកនិពន្ធដ៏ពិតប្រាកដមួយរូបនៅថ្ងៃអនាគត ដែលអាចតាក់តែងនិពន្ធស្នាដៃល្អៗប្រកបដោយគុណតម្លៃឡើង សម្រាប់ពលរដ្ឋ សង្គម ក៏ដូចជាមនុស្សជាតិទូទៅផងដែរ។ អាស្រ័យហេតុនេះ ដើម្បីកុំឱ្យខាតពេល សូមអ្នកបន្តអាន និងសិក្សាស្វែងយល់ទាំងអស់គ្នាជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” យើងខ្ញុំដូចតទៅ ដោយយើងខ្ញុំសូមបង្ហាញនូវអត្ថបទដែលសរសេរដោយ លោក ឡាំ លីម ទាំងស្រុងជូនដល់លោកអ្នកដូចតទៅ ៖
១. ខ្ញុំមិនយល់ថាខ្លួនឯងមានចំណេះជំនាញទាក់ទងនឹងការតែងនិពន្ធទេ តែខ្ញុំមានចិត្តចង់ចែករំលែកខ្លះៗ ហើយ “ត្រឹមតែចែករំលែក” ប៉ុណ្ណោះ។ អ្នកណាដែលចង់មានចំណេះផ្នែកតែងនិពន្ធ រមែងពេញចិត្តទទួលយកគំនិត ជាពិសេសក្នុងន័យពិចារណា។ ប៉ុន្តែអ្នកណាដែលមានចំណេះដឹងផ្នែកនេះច្រើនមកហើយ ឬជាអ្នកជំនាញ គឺរមែងគិតថាខ្ញុំប្រហែលជាអួតអាង។ បញ្ហាចិត្តសាស្រ្តបែបនេះ គឺជាបញ្ហាធម្មតាទេ ហើយក៏ពុំមែនជាបញ្ហាធំដុំអ្វីដែលត្រូវយកមកគិតដែរ ពីព្រោះមនុស្សយើងម្នាក់ៗ មិនអាចធ្វើអ្វីមួយ ដោយបំពេញចិត្តមនុស្សគ្រប់ៗគ្នាបានឡើយ។ ខ្ញុំសូមរំឭកកាលវេលាដែលខ្ញុំនៅជាគ្រូបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័របន្តិច។ នៅក្នុងថ្នាក់រៀនមួយ កម្រិតចំណេះដឹងរបស់សិស្សមានខុសៗគ្នា។ បើបង្រៀនមេរៀនជ្រៅពេក បង្រៀនលឿនពេក ខ្លាចក្រែងលោសិស្សដែលខ្សោយៗ គ្នាតាមមេរៀនមិនទាន់។ បើបង្រៀនមេរៀនរាក់ៗពេក បង្រៀនយឺតជ្រុលពេក ខ្លាចក្រែងលោសិស្សដែលពូកែៗ សិស្សឆ្លាតៗ គ្នាធុញទ្រាន់។ ដូច្នេះហើយមានជម្រើស ៣ក្នុងការបង្រៀន៖ ទី១ បង្រៀនដោយផ្តោតលើសិស្សដែលពូកែៗ, ទី២ បង្រៀនដោយផ្តោតការយកចិត្តទុកដាក់ចំពោះសិស្សខ្សោយៗ និងទី៣ បង្រៀនសិស្សពូកែផង និងបង្រៀនសិស្សខ្សោយផង តែត្រូវលៃលកម៉ោងបង្រៀនជាពីរ។ នេះជាស្ថានភាពសិស្សនៅតាមអង្គការក្រៅរដ្ឋាភិបាលខ្លះប៉ុណ្ណោះ។ តើអនាគតជាអ្នកនិពន្ធគួរត្រៀមខ្លួនបែបណា?
២. បើយើងចង់ធ្វើជាអ្នកនិពន្ធ ជាដំបូងបំផុត គឺមិនមែនទៅរៀនជំនាញតែងនិពន្ធ ឬវិធីសាស្រ្តជោគជ័យខាងតែងនិពន្ធទេ ពីព្រោះបើយកការតែងនិពន្ធមកបង្រៀនជាវគ្គជោគជ័យនិពន្ធ, ជាទស្សនៈខ្ញុំ ខ្ញុំយល់ថា “បាត់តម្លៃពិតនៃអ្នកនិពន្ធអស់ហើយ”។ ចុះបើថា “ខុស” អ៊ីចឹងតើគួរតែបែបណាវិញ? ក្នុងនាមជាគ្រូបង្រៀនដែលមានចំណេះដឹង តើគ្រូប៉ុន្មាននាក់ដែលយកវិជ្ជាជីវៈជាគ្រូមកស្វែងរកភាពជោគជ័យ? បើសិនជាតម្លៃស្នូលនៃចំណេះដឹង ត្រូវបានវាស់វែងដោយទឹកប្រាក់ តើតម្លៃពិតនៃអ្នកចេះដឹងនៅឯណា? ក្នុងនាមជាអ្នករៀនសូត្រចេះដឹង គឺពុំគួរយកចំណេះដឹងមកធ្វើជាកាំជណ្តើរទេ។ ខ្ញុំលើកឡើងបែបនេះពុំមែនជាទ្រឹស្តីបែបឧត្តមគតិនិយមឡើយ តែវាជាសច្ចភាពនិងការពិតមួយដែលនាំឱ្យសង្គមរីកចម្រើន។ តើអ្នកចង់ចេះជំនាញតែងនិពន្ធ គួរធ្វើយ៉ាងណាខ្លះ? កុំទាន់រៀនជំនាញតែងនិពន្ធ តែត្រូវហ្វឹកហាត់ខ្លួនឯង ទាំងផ្នែកបញ្ញា ស្មារតី ចំណេះដឹង ចរិតលក្ខណៈឱ្យល្អសិន…។ ការតែងនិពន្ធ គឺត្រូវការចំណេះដឹងច្រើន មិនថាជាការគិតពិចារណាបានល្អ ការចេះវិភាគវែកញែកស៊ីជម្រៅ ជាមនុស្សដែលពូកែស្រាវជ្រាវ និងមានឧត្តមគតិខ្ពស់។ ហេតុអ្វីត្រូវមានឧត្តមគតិខ្ពស់? ពីព្រោះថា “ទឹកប៊ិករបស់អ្នកនិពន្ធអាចយកទៅរកស៊ី ឬចរចាមុខជំនួញជាមួយអ្នកនយោបាយបាន”។ បើយើងមានចំណុចទាំងប៉ុន្មានខាងលើហើយ គឺអាចធ្វើជាអ្នកនិពន្ធបានហើយ។ យុវជនយើងពុំគួរទៅរៀនវគ្គតែងនិពន្ធទេ តែយើងត្រូវរកឱកាសវិនិយោគលើចំណេះដឹងឱ្យបានច្រើន ធ្វើយ៉ាងណាឱ្យខ្លួនឯងមានចំណេះដឹងទូលាយជាមុនសិន។
៣. ក្រៅពីចំណេះដឹងហើយ គឺយើងត្រូវការបទពិសោធជីវិតជាក់ស្តែងថែមទៀត។ តើអ្នកនិពន្ធគួរមានចរិតបែបណា? និយាយរួម និយាយឱ្យខ្លី និយាយឱ្យងាយយល់ អ្នកនិពន្ធធ្វើចរិតបែបណាក៏បានដែរ តែកុំឱ្យខ្លឹមសារនៃសំណេរ និងការប្រព្រឹត្តរបស់ខ្លួនឯង ក្នុងនាមជាអ្នកនិពន្ធខុសគ្នាឱ្យសោះ។ បើសំណេរ និងចរិតពិតនៃអ្នកនិពន្ធមិនមានលក្ខណៈដើរត្រសងគ្នា ឬស្រដៀងគ្នា ឬមិនដូចគ្នាទេ គឺសំណេរនឹងក្លាយទៅជាគ្មានតម្លៃដាច់ខាត។ ចំណុចនេះមានន័យថា “អ្នកនិពន្ធអាចសរសេរពីការធ្វើល្អ សរសេរពីការមានចរិតល្អ ឬសរសេរពីការស្រឡាញ់សង្គម តែបើការប្រព្រឹត្តមិនដូចនឹងអ្វីដែលទឹកប៊ិកខ្លួនចារជាអក្ខរាទេ គឺពុំមែនជាការត្រឹមត្រូវឡើយ”។ ជាមនុស្សម្នាក់ក្នុងសង្គម ដែលតំណាងឱ្យតួអង្គចំណេះដឹង យើងត្រូវមានលក្ខណៈសម្បត្តិជាមនុស្សត្រឹមត្រូវ ហើយពុំអាចធ្វើអ្វីបណ្តោយខ្លួនឱ្យដូចមនុស្សធម្មតាបានទេ។ ការលើកឡើងរបស់ខ្ញុំបែបនេះ គឺហាក់បីដូចជាដាក់កំហិតចំពោះអ្នកនិពន្ធបន្តិច តែនេះជាលក្ខខណ្ឌមួយដែលគួរធ្វើ ដ្បិតបើសិនជាយើងចង់កសាងមូលធនមនុស្សតាមរយៈអំណាន។ បើសិនជាយើងចង់បណ្តោយខ្លួន ឬបណ្តែតប្រាណតាមតែចិត្តចង់របស់ខ្លួនឯង បម្រើតែតណ្ហាខ្លួនឯង ក៏ពុំមានទាស់ខុសអ្វីដែរ។ ផ្ទុយទៅវិញ សំណេររបស់យើង ទោះបីល្អយ៉ាងណាក៏ដោយ តែបើយើងធ្វើខ្លួនមិនត្រឹមត្រូវទេ គឺខ្លឹមសារនៃសំណេរដែលផ្សាយចេញទៅ នឹងត្រូវសាបរលាបពីខ្លឹមសារល្អទៅជាខ្លឹមសារឥតន័យ ឬជាខ្លឹមសារមិនល្អ ព្រោះតែចរិតលេងសើចហួសហេតុ ឬចរិតមិនត្រឹមត្រូវ ឬចរិតមិនសមរម្យរបស់យើងជាដើម។
៤. ខ្ញុំសុំលើកយកឧទាហរណ៍អំពីខ្ញុំមកចែករំលែក។ ប្រសិនបើខ្ញុំមានចំណេះដឹងខាងតែងនិពន្ធ ខ្ញុំនឹងមិនបង្រៀនជំនាញតែងនិពន្ធទេ តែខ្ញុំនឹងប្រែក្លាយការបង្រៀន ឱ្យទៅជាការបង្វឹកដោយផ្ទាល់ ដោយមិនយកថ្លៃឈ្នួលជាថវិកាទេ (No price tag but priceless)។ រយៈពេលបង្វឹក គឺត្រឹមមួយឆ្នាំ។ របៀបរៀនបែបបង្វឹកនេះ គឺមួយថ្ងៃត្រូវអានសៀវភៅមួយក្បាល ហើយសរសេរអត្ថបទដែលមានប្រធានបទជាក់លាក់ពី ៥ទំព័រ ទៅ ១០ទំព័រ។ រហូតដល់មួយឆ្នាំ ពេលរៀនចប់ គឺនឹងក្លាយទៅជាអ្នកនិពន្ធតែម្តង។ ការបង្វឹកពេញមួយឆ្នាំនេះ ខ្ញុំនឹងបន្ថែមលើចំណេះដឹងបច្ចេកទេសចាំបាច់បំផុតខ្លះដូចជា ការរចនាអត្ថបទសៀវភៅតាមកម្មវិធីស្តង់ដា (Adobe InDesign), ការរចនាក្របសៀវភៅតម្រូវនឹងព្រលឹងអត្ថបទ (Adobe Photoshop & Adobe Illustrator), របៀបជ្រើសរើសចំណងជើងសៀវភៅ, រៀនបន្សុទ្ធចំណេះដឹងតាមរយៈបរិបទសង្គម, ស្វែងយល់ពីសៀវភៅបកប្រែ, សមាធិសម្រាប់ការតែងនិពន្ធ (Writing meditations), ព្រមទាំងយុទ្ធសាស្រ្តរុញច្រានសៀវភៅឱ្យដល់ដៃអ្នកអានទូទៅផងដែរ។ លក្ខខណ្ឌស៊ីជម្រៅនៃការរៀន គឺមិនពិបាកឡើយ ដោយគ្រាន់តែរៀនអានឱ្យពូកែ, អានរហូតក្លាយទៅជាអ្នកអានបែបស្រាវជ្រាវ, វិភាគអត្ថបទឆ្លុះបញ្ជាំងនឹងសង្គម, វិភាគចរិតអ្នកសរសេរ (សម័យកាល ផ្នត់គំនិត ស្ថានភាព…), បន្ទាប់មក គឺអានមនុស្ស និងអានពីសង្គម។ ក្រោយពីបង្វឹកមួយឆ្នាំពេញហើយ ខ្ញុំហ៊ានធានាថានឹងក្លាយទៅជាអ្នកនិពន្ធដែលមានគំនិតសរសេរសម្បូរបែប មិនចេះរីងស្ងួត។ យើងនឹងមិនហ៊ានបើកបង្រៀនវគ្គជោគជ័យតែងនិពន្ធទេ ដ្បិតពេលណាដែលយើងចេះនិពន្ធពិតប្រាកដហើយ។
៥. បើមិនមានប្រសិទ្ធភាព ឬបើមិនជឿខ្ញុំទេ ក៏មិនដឹងធ្វើយ៉ាងណាដែរ ពីព្រោះថា “បើបង្រៀនយកលុយ ពេលរៀនមិនចេះ មិនបានផល មិនអាចក្លាយទៅជាអ្នកនិពន្ធ គឺនឹងប្រគល់លុយជូនវិញ តែដល់បង្រៀនមិនគិតប្រាក់អ៊ីចឹង មិនដឹងថាត្រូវនិយាយបែបណាទើបជឿ។ ចុងក្រោយ ទោះជឿឬមិនជឿក៏ដោយ ក៏មិនសំខាន់ដែរ ព្រោះជាក់ស្តែង វាគ្រាន់តែឧទាហរណ៍ប៉ុណ្ណោះ។ ខ្ញុំពុំមានចេតនាអ្វីផ្សេង ក្រៅពីជូនជាគំនិត និងការពិចារណាដល់យុវជនយើងដែលចង់ក្លាយខ្លួនទៅជាអ្នកនិពន្ធប៉ុណ្ណោះ។ ប្រឹងប្រែងរៀនសូត្រ កុំចេះតែឈូឆរតាមការបញ្ចុះបញ្ចូល ពីព្រោះការងារខ្លះ វាមិនស្រួលដូចអ្នកបង្រៀនវគ្គជោគជ័យខ្លះនិយាយទេ។ នៅក្មេង ប្រឹងរៀន ប្រឹងអានសៀវភៅឱ្យបានច្រើន ចេះអត់ធ្មត់លត់ដំខ្លួនឯងឱ្យល្អសិន ហើយសន្សំបទពិសោធឱ្យបានច្រើន។ ទោះយើងចង់ធ្វើអ្វី ក៏អាចធ្វើបានដែរ តែត្រូវធ្វើឱ្យត្រូវផ្លូវ ប្រឹងវិនិយោគលើចំណេះដឹងជាក់ស្តែង។ បើយើងពិតជាចង់មែន កុំទៅរកមនុស្សលេងៗ កុំទៅរកមនុស្សដែលប្រាប់ពីផ្លូវកាត់ តែត្រូវរកមនុស្សដែលដឹងផ្លូវត្រូវទៅពិតប្រាកដ ទៅដល់គោលដៅ ព្រមទាំងអាចឈរជើងបានយូរអង្វែង។ បញ្ជាក់ជូនជាថ្មីម្តងទៀត អត្ថបទនេះសម្រាប់ពិចារណា ហើយក៏ជាការជូនគំនិតដល់យុវជនយើងដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធដែរ។ ឧទាហរណ៍ខាងលើ គឺជាចំណេះដឹងដែលអ្នកនិពន្ធគួរមាន។ ថ្វីដ្បិតជាឧទាហរណ៍ពិតមែន តែវាប្រយោជន៍សម្រាប់ការងារតែងនិពន្ធ។ បើកន្លែងណាដែលមានបង្រៀនចំណេះដឹងតែងនិពន្ធដូចឧទាហរណ៍ខាងលើ ដូចដែលខ្ញុំបានលើកឡើង គឺគួរតែសាកល្បងរៀន។ យើងនឹងក្លាយទៅជាអ្នកនិពន្ធពិតប្រាកដ នៅពេលណាយើងរៀនចំចំណេះដឹងពិតប្រាកដ។
លោក ឡាំ លីម និងសៀវភៅល្បីៗទាំង៤ក្បាលរបស់លោក
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា ខាងលើជាអត្ថបទសរសេរចែករំលែកដោយលោក ឡាំ លីម ។ លោកមានស្រុកកំណើតនៅខេត្តសៀមរាប និងជាកសិករធ្វើស្រែសម្រាប់មួយក្រពះនៅលើទឹកដីដ៏ពិសិដ្ឋនេះដល់សព្វថ្ងៃ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ ក្រៅពីចូលចិត្តអាន លោកជាបុគ្គលមួយរូបដែលនិយមសរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទដែលទាក់ទងនឹងទស្សនវិជ្ជាអប់រំ សង្គម នយោបាយ ភាពជាអ្នកដឹកនាំ និងផ្នែកប្រាជ្ញាស្មារតីក្នុងការគិតថ្លឹងថ្លែងពិចារណាជាដើម និងជាម្ចាស់ស្នាដៃសៀវភៅល្បីៗទាំង៤ក្បាលដូចបានរៀបរាប់ខាងលើ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងពីទឹកដៃក្នុងការសរសេរអត្ថបទប្រភេទនេះរបស់លោក លោកអ្នកអាចស្វែងរកសៀវភៅទាំង ៤ក្បាលរបស់លោកនេះយកមកអានបាន ហើយបើលោកអ្នកចង់អានដោយងាយឆាប់រហ័សនោះ លោកអ្នកអាចចូលទៅអានអត្ថបទរបស់លោកក្នុងហ្វេសប៊ុកផ្លូវការរបស់លោកតែម្ដងបាន តាមរយៈឈ្មោះ Lam Lim https://www.facebook.com/lamlem01 នោះលោកអ្នកមុខជាបានដឹងច្បាស់ជាក់ជាមិនខាន។ សូមអរគុណ៕
អត្ថបទ និងរូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com
ចំណេះតែងនិពន្ធពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកនិពន្ធគ្រប់រូប ព្រោះមានតែការមានចំណេះផ្នែកតែងនិពន្ធច្បាស់លាស់ប៉ុណ្ណោះ ទើបធ្វើឱ្យខ្លួនក្លាយជាអ្នកនិពន្ធពិតប្រាកដមួយរូប ដែលអាចតាក់តែងនិពន្ធស្នាដៃល្អៗប្រកបដោយគុណតម្លៃឡើង សម្រាប់ពលរដ្ឋនិងសង្គមជាតិរបស់ខ្លួន។
ចំណេះតែងនិពន្ធមានច្រើនផ្នែកណាស់ តែនៅពេលនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមលើកយកតែ “ផ្នែករឿងខ្លី” មកបង្ហាញជូនឱ្យលោកអ្នកបានដឹងជាមុនសិនប៉ុណ្ណោះ ដែលចំណេផ្នែករឿងខ្លីនេះ ពិតជាមានជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកនិពន្ធគ្រប់រូប ជាពិសេសសម្រាប់អ្នកដែលកំពុងមានបំណងចង់ចេះនិពន្ធរឿងខ្លីឱ្យបានល្អតែម្ដង ព្រោះរឿងខ្លីជាប្រភេទរឿងមួយដែលពិបាកក្នុងការតាក់តែងណាស់ មិនមែនងាយស្រួលដូចជាការលើកឡើងរបស់បុគ្គលមួយចំនួននោះឡើយ។
ដូច្នេះ ដើម្បីបានជ្រាបច្បាស់ពីរឿងខ្លី? និងដើម្បីទុកជាចំណេះដឹង “គេហទំព័រអ្នកនិពន្ធកម្ពុជា” យើងខ្ញុំសូមបង្ហាញនូវការលើកឡើងរបស់ លោក ឃឹម ច័្ទនសុអហំ ដែលជាអ្នកមានការយល់ដឹងច្បាស់ពីផ្នែករឿងខ្លីនេះ មកបង្ហាញជូនដល់លោកអ្នកដូចតទៅ ៖
“ដែលហៅថារឿងខ្លី គឺមិនមែនរឿងវែង។ រឿងខ្លី គឺសរសេរឱ្យខ្លីបំផុត។ កាលអាកាសក៏ខ្លី (ក្នុងទីតូចមួយ, ឬពេលត្រឹមតែ១នាទី…”។ តួអង្គក៏តិច។ ប្រយោគឬឃ្លាក៏ខ្លីៗ។ បង្ហាញត្រង់ដោយមិនលាក់សាច់រឿង។ មានតែមួយប្រធានបទ។ តួអង្គត្រូវតែជាមនុស្ស។ ចុងបញ្ចប់រឿងធ្វើឱ្យមានការភ្ញាក់ផ្អើល ឬអ្នកអាននឹកស្មានមិនដល់ ស្មានមិនត្រូវជាដើម។ ចំពោះការប្រើពាក្យត្រូវតែមុតស្រួច មិនពណ៌នាវែងអន្លាយឆ្ងាយន័យសេចក្ដីឡើយ។ គឺខ្លីៗ ចំខ្លឹមសារចង់បង្ហាញ ចំសាច់រឿងដែលចង់លាតត្រដាង។ ពោលមិនពណ៌នាបើកក្បាលដូចប្រលោមលោកនោះទេ តែត្រូវនិយាយដល់ជម្រៅនៃសាច់រឿងតែម្ដង។ ក្នុងរឿងខ្លី សំខាន់បំផុត ការប្រើពាក្យ។ ពោលគឺភាសាត្រូវរស់រវើកដោយទស្សនៈ ប៉ុន្ដែខ្លីៗ ខ្លឹមៗ អត់ណែងណងរៀបរាប់វែងឆ្ងាយអ្វីទេ។ ជាទូទៅគេច្រើនសង្កេតឃើញថា រឿងខ្លីមានពីរប្រភេទ ឬនិយាយងាយស្រួលគេអាចសរសេរបានពីរបែប។ គឺសរសេរបែបបុរសទាំងបី និងសរសេរបែបបុរសទី១។ ចំពោះការសរសេរបែបបុរសទាំងបី គឺសរសេរស្រដៀងគ្នាទៅនឹងទម្រង់នៃការសរសេរប្រលោមលោកខ្នាតវែង ឬខ្នាតខ្លីដែរ ពោលសរសេររៀបរាប់ទេសភាព ឬវិការដ្ឋានផ្សេងៗ ប៉ុន្ដែការសរសេររៀបរាប់នោះ ត្រូវតែសរសេររៀបរាប់ខ្លីៗបំផុត។ ដោយឡែកចំពោះការសរសេរបែបបុរសទី១វិញ គឺសរសេរដោយប្រើពាក្យថា “ខ្ញុំ” តាំងពីដើមរហូតដល់ចប់។ ការណ៍សរសេរបែបបុរសទី១នេះ គេមិនតម្រូវឱ្យអ្នកសរសេរចុះបន្ទាត់ដាក់រជ្ជុសញ្ញា “ – “ គឺគេឱ្យតួនិយាយរឿងរហូតមួយចប់សាច់រឿងតែម្ដង។ ជារួមរឿងខ្លីគេច្រើនតែសរសេរបែបបុរសទី១។ ដ្បិតរឿងខ្លីជារឿងប្រឌិតពេញដោយទស្សនវិជ្ជា។ ម្យ៉ាងក៏ជារឿងដែលគេត្រូវតែជម្រើស ជម្រុះ ចម្រាញ់យកតែគំនិតខ្លឹមៗមកសរសេរប្រកបដោយសោភ័ណនៃញាណទស្សនៈ។”
លោក ឃឹម ច័្ទនសុអហំ បានបង្ហាញពីភាពខុសគ្នារវាងរឿងខ្លីនិងប្រលោមលោកថា “និយាយជារួមយើងអាចសន្មតបានថា រឿងខ្លីខុសពីប្រលោម ត្រង់រឿងខ្លី សរសេរឱ្យខ្លីបំផុត គឺអាចត្រឹមតែកន្លះទំព័រ ឬ៤ទៅ៥បន្ទាត់ក៏បានជាដើម។ មួយវិញទៀតគ្មានចែកចេញជាវគ្គ ជាឈុត ជាឆាក ដូចប្រលោមលោកនោះឡើយ។ អ្វីដែលពិសេសនោះ រឿងខ្លីគឺបកស្រាយ តែមួយគំនិតនៃប្រធានបទ។ ពោលមិនឆ្លង ឬរាលដាលទៅប្រធានបទផ្សេងៗដូចប្រលោមលោកនោះទេ។ និយាយរួមរឿងខ្លី ពុំមែនប្រលោមលោកដែលសរសេរបង្រួមមកឱ្យនៅខ្លី ហើយហៅថារឿងខ្លីនោះទេ។ រឿងខ្លី គឺជារឿងដែលបកស្រាយមួយគំនិតនៃប្រធានបទ។ មានន័យថា គឺជាគំនិតសំខាន់នៃរឿងតែមួយគត់ដែលចង់បកស្រាយ ឬជាគោលគំនិតមួយដែលអ្នកនិពន្ធចង់លើកបង្ហាញដើម្បីឆ្លុះបញ្ចាំងពីជ្រុងតូចមួយនៃគំនិតដើម្បីផ្ដល់ទៅឱ្យអ្នកអានរបស់ខ្លួនដោយមិនរាលដាលប្រធានបទ។ ម្យ៉ាងរឿងខ្លី តម្រូវមិនឱ្យមានករណីភាពចៃដន្យក្នុងសាច់រឿងដែរ។ ពិសេសបន្ថែមទៀតនោះ គឺការបញ្ចប់រឿងដោយភ្ញាក់ផ្អើល។ ពោលមិនឱ្យអ្នកអានអាចទាយទុកជាមុន ឬដឹងថាសាច់រឿងចុងបញ្ចប់ទៅជាយ៉ាងណានោះឡើយ។ ពោលធ្វើឱ្យអ្នកអានមិនអស់ចិត្ត, ប្លែកចិត្ត, ចម្លែកអារម្មណ៍, មានការភ្ញាក់ផ្អើលជាដើម។ សូមជម្រាបជូនថា រឿងខ្លីពិបាកសរសេរជាងប្រលោមលោក។ ពិបាកសរសេរក៏ព្រោះតែរឿងខ្លី ជារឿងប្រកបដោយសិល្ប៍សោភ័ណនៃទស្សនៈជីវិត, ជារឿងដែលសម្បូរដោយទស្សនវិជ្ជា, ជារឿងដែលឆ្លុះបញ្ចាំងពីទស្សនៈនៃចក្ខុវិស័យដ៏ប្រាកដនិយម។ ម្យ៉ាងរឿងខ្លី ច្រើនតែនិយាយពីឧត្តមគតិនិយមនៃទស្សនៈជីវិតពិតជាក់ស្ដែង ដោយមិនអណ្ដែតអណ្ដូងវែងឆ្ងាយពីប្រចក្សភាពនៃលោកទស្សនៈនោះឡើយ។ ឧទាហរណ៍ជាក់ស្ដែងដូចជា “រឿងកូនក្រក” របស់និពន្ធដោយ លោក នូ ហាច, “រឿងខ្ទមអ្នកកម្សត់” រៀបរៀងដោយ ឧបលទេវី, “រឿងជំទាវយូ” និពន្ធដោយ លោក រីម គីន, “រឿងទូកមួយ” របស់លោក កៅ សីហា, “រឿងនឹកខ្មាសមនសិការ” របស់លោក មាស ស្ងួន, “រឿងផ្លូវងងឹត” របស់លោក ប៉ែន ឈន់, “រឿងចុងរដូវផ្កាមាស” របស់លោក ណុច សកុណា និង “រឿងអាម៉ៅឆ្កែឆ្កួត” របស់លោក សូយ ឡូត ជាដើម…។”
ចំពោះសំណួរ តើអ្នកនិពន្ធចាំបាច់ត្រូវមានការយល់ដឹងនិងចំណេះដឹងអ្វីខ្លះទើបអាចសរសេររឿងខ្លីមួយបានល្អ? លោក ឃឹម ច័្ទនសុអហំ បានបង្ហាញថា “តាមការសង្កេតដើម្បីអាចនិពន្ធរឿងខ្លីមួយបានល្អ អ្នកនិពន្ធចាំបាច់ត្រូវតែខណ្ឌចែកឱ្យដាច់រវាងបុគ្គលភាពនៃតួអង្គនិងអ្នកនិពន្ធ។ មានន័យថា ទោះបីតួអង្គជាឧបករណ៍ក្នុងការសម្ដែងគំនិតរបស់អ្នកនិពន្ធក៏ដោយ ក៏ប៉ុន្ដែតួអង្គត្រូវតែមានសកម្មភាពរស់រវើក ចេះបត់បែនទៅតាមសភាពការណ៍ ហើយមិនត្រូវមានលក្ខណៈរឹងត្អឹងដូចវត្ថុដែលចាំតែអ្នកនិពន្ធបញ្ជាដូចអាយ៉ងនោះឡើយ។ ឯអ្នកនិពន្ធត្រូវតែឈរនៅជ្រុងម្ខាង ដើម្បីឱ្យអ្នកអានអាចមើលឃើញនូវអ្វីជាទស្សនៈស្ដីពីតថៈ។ ចំណុចមួយទៀត គឺអ្នកនិពន្ធត្រូវតែឈរលើនិយាមនៃរឿងខ្លី និងជាបុគ្គលដែលពូកែសង្កេតគ្រប់ ទិដ្ឋភាពនៃតថភាពសង្គមមនុស្ស។ ពោលត្រូវមានលទ្ធភាព និងសមត្ថភាពអាចក្ដោបក្ដាប់នូវព្រឹត្តិហេតុនៃស្ថានភាពសង្គមទៅតាមបរិបទនីមួយៗ។ ម្យ៉ាងការស្គាល់ពីគុណតម្លៃនិងគោរពស្នាដៃដែលខ្លួននិពន្ធនោះក៏ទើបធ្វើឱ្យស្នាដៃខ្លួនមានគុណតម្លៃជាវិជ្ជមានដែរ។ ការណ៍មានចំណេះដឹងទូលំទូលាយ, ពូកែសង្កេតនិងវិភាគ, មានសមត្ថភាពបង្កើតចក្ខុវិស័យ, មានគំនិតវែងឆ្ងាយប្រកបដោយទស្សនៈវិជ្ជមាន, មានទស្សនវិជ្ជាជីវិតទូលំទូលាយ, និងមានទេពកោសល្យមើលយល់ពីធម្មជាតិដើម្បីបម្លែងជានិម្មិតកម្មស្នាដៃ នោះជាអ្វីដែលនឹងធ្វើឱ្យរឿងខ្លីមួយលេចធ្លោពុំខានឡើយ។ ពោលជារួម ចំណេះដឹងជាមូលដ្ឋានចាំបាច់ចំពោះអ្នកសរសេររឿងខ្លី គឺចំណេះស្ដីពីជីវិត។ ព្រោះជីវិតនៃមនុស្ស សត្វ រុក្ខជាតិ និងធម្មជាតិនេះហើយ ជាប្រភពនៃប្រធានបទដ៏សំខាន់ដែលអ្នកសរសេរត្រូវរៀនពិនិត្យ អង្កេត និងសង្កេតឱ្យបានជ្រួតជ្រាបដល់សញ្ចេតនារម្មណ៍ នោះទើបស្នាដៃខ្លួនមានតម្លៃជាសកល។ សូមចាំថា កម្មវត្ថុនៃស្នាដៃនិពន្ធរឿងខ្លី គឺមនុស្ស និងសង្គមមនុស្ស ដូច្នេះការយល់ពីបរិការណ៍ពីរនេះ ជារឿងចាំបាច់បំផុតរបស់អ្នកសរសេររឿងខ្លី ដែលពុំអាចខ្វះបានឡើយ។”
លោក ឃឹម ច័្ទនសុអហំ បានបង្ហាញនូវគំនិតផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងផលលំបាកក្នុងការនិពន្ធរឿងខ្លី និងវិធីដោះស្រាយបញ្ហាយ៉ាងដូច្នេះទៀតថា “បញ្ហាជាទូទៅយើងសង្កេតឃើញថា ផលវិបាកសំខាន់បំផុតបច្ចុប្បន្នក្នុងការសរសេររឿងខ្លី នោះគឺអ្នកសរសេរហាក់ពុំបានយល់ច្បាស់ថាអ្វីជារឿងខ្លីឱ្យពិតប្រាកដ។ ពោលពុំបានសិក្សាឈ្វេងយល់ឱ្យយល់ច្បាស់ថាអ្វីទៅជារឿងខ្លី។ ព្រោះអ្នកសរសេរមួយចំនួននៅស្រពេចស្រពិលព្រោះតែផ្នត់គំនិតពួកគេបានជោកជាំទៅនឹងប្រលោមលោក។ ដូចនេះការខណ្ឌចែកព្រំដែននៃរឿងខ្លី ក៏ពុំទាន់មានសភាពជាក់លាក់នៅឡើយទេ។ សូមចាំថា រឿងខ្លីពុំមែនជារឿងដែលសរសេរឱ្យមានទំព័រតិច ឬសរសេរបំព្រួញមកនៅខ្លី ហៅថារឿងខ្លីនោះទេ។ ផលវិបាកមួយទៀត នោះគឺអ្នកសរសេរហាក់នៅពុំមានគំនិតបង្កើតថ្មី។ ពោលសរសេរតាមគ្នា ដោយពុំបានសិក្សាបង្កើតសមត្ថភាពផ្ទាល់ក្នុងតំណែងនិពន្ធ ឬឈ្វេងពីលទ្ធភាពពិតជារបស់ខ្លួន ដើម្បីបង្កើតទស្សនវិស័យ, ចក្ខុនិម្មិត្ត, និងទស្សនវិជ្ជាប្រាកដនិយមមួយស្ដីពីជីវិត ក៏ដូចជាស្ដីពីមនុស្ស និងសង្គមមនុស្ស ឱ្យមានវិសាលភាពប្រកបដោយប្រចក្សភាពនោះឡើយ។ មានន័យថា អ្នកសរសេរមួយចំនួនប្រកាន់ខ្លួនរឹងត្អឹងពេក ក្នុងហេតុផលថា គ្រប់គំនិតនៃការយល់ឃើញ ឬគ្រប់គំនិតនៃបទនិពន្ធរបស់ខ្លួនសុទ្ធសឹងតែត្រឹមត្រូវ, សុទ្ធតែខ្ពង់ខ្ពស់ និងសុទ្ធតែអស្ចារ្យជាងគេជាដើម។ គុណភាពនៃចំណេះដឹងរបស់អ្នកសរសេរនោះរាប់ថាជារឿងសំខាន់មួយ។ ឯគុណភាពនៃចំណេះដឹងផ្លូវចិត្តរបស់អ្នកសរសេរនោះ ក៏រឹងរឹតតែសំខាន់ណាស់ទៅទៀត។ ដ្បិតអ្វីការបើកចិត្តទទួលយកអ្វីដែលកើតមានថ្មីៗដើម្បីអភិវឌ្ឍន៍សមត្ថភាពជារបស់ខ្លួន នោះគឺជាកត្តាសត្យានុម័ត និងចាំបាច់បំផុតដែលពុំអាចប្រកែកបាន ដើម្បីពង្រឹង និងអភិវឌ្ឍន៍គុណភាពសំណេររបស់ខ្លួនឱ្យមានគុណភាព និងមានតម្លៃជាសកល។ ជាទូទៅរឿងខ្លី ជារឿងដែលប្រកបដោយទស្សនវិជ្ជានៃសិល្ប៍សោភ័ណជីវិត។ ដូចនេះទោះចង់ឬមិនចង់ គឺចាំបាច់ណាស់ដែលតម្រូវឱ្យអ្នកសរសេរត្រូវតែមានទស្សនៈវែងឆ្ងាយស្ដីពីជីវិត។ ដូច្នេះដើម្បីអាចប្រព្រឹត្តទៅបាន នោះគឺទាមទារឱ្យអ្នកសរសេរចាំបាច់បំផុត ត្រូវតែអភិវឌ្ឍសមត្ថភាពខ្លួនឯងជាដំបូងគេបំផុត។ ពោលត្រូវតែឈ្វេងយល់ឱ្យបានទូលំទូលាយ និងជ្រាលជ្រៅបំផុតស្ដីពីលោកទស្សនៈនេះទាំងមូល បូករួមនឹងស្ថានការណ៍ដែលកើតមានជុំវិញបញ្ហាក្នុងសង្គមនោះ។ សូមចាំថា ដើម្បីបង្កើតគុណតម្លៃនៃសំណេរមួយឱ្យមានតម្លៃពិតប្រាកដ មិនថាតែរឿងខ្លីនោះទេ គឺល្គឹកណាអ្នកសរសេរស្រឡាញ់តម្លៃនៃបទនិពន្ធ ជាងស្រឡាញ់ងារជាអ្នកនិពន្ធ ល្គឹកនោះគុណតម្លៃនៃស្នាដៃរបស់អ្នកនោះប្រាកដជាទទួលបានការសោមនស្សពីមហាជនជាក់ជាពុំខាន។” លោកបានបន្ថែមទៀតថា “មិនថាតែរឿងខ្លីទេ សូម្បីតែប្រលោមលោក, ប្រលោមកំណាព្យ ឬកំណាព្យក៏ដោយ ដើម្បីឱ្យស្នាដៃនិពន្ធនោះល្អ ចាំបាច់ណាស់ត្រូវឈរនៅលើធាតុសិល្បៈ៣យ៉ាងនោះគឺ អត្ថន័យ, អត្ថរូប និងអត្ថរស ទើបស្នាដៃនោះអាចមានលក្ខណៈល្អប្រកបដោយគុណតម្លៃជាសកលបាន។”
នេះហើយជាការលើកឡើងរបស់ លោក ឃឹម ច័ន្ទសុអហំ ទាក់ទងនឹងរឿងខ្លី ទាំងលក្ខណៈរឿងខ្លី, វិធីក្នុងការនិពន្ធរឿងខ្លីឱ្យបានល្អ និងវិធីសាងខ្លួនឱ្យក្លាយជាអ្នកនិពន្ធរឿងខ្លីដ៏ល្អមួយរូប ដែលមានសមត្ថភាពពិតប្រាកដក្នុងការនិពន្ធរឿងខ្លីមួយឱ្យបានល្អ ត្រឹមត្រូវ និងប្រកបដោយគុណតម្លៃជាសកល ទាំងចំពោះប្រិយមិត្តអ្នកអាន, ពលរដ្ឋ សង្គម និងមនុស្សជាតិទាំងមូល ដែលការបង្ហាញជូនរបស់លោកទាំងប៉ុន្មានទាក់ទងនឹងរឿងខ្លីនេះ ពិតជាចំណេះដឹងដ៏មានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកនិពន្ធគ្រប់រូបដែលចង់និពន្ធរឿងខ្លីអ្វីមួយឱ្យបានល្អ និងត្រឹមត្រូវថាជារឿងខ្លីពិតប្រាកដ ដែលលោកអ្នកគួរតែអានដោយយកចិត្តទុកដាក់ និងយកទៅអនុវត្តឱ្យបាន ដើម្បីបង្កើតស្នាដៃផ្នែករឿងខ្លីដ៏ល្អមួយជារបស់ខ្លួន។
ចំណែកជាបន្តទៅនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបង្ហាញជូននូវសាវតាររបស់ លោក ឃឹម ច័ន្ទសុហអំ ឱ្យប្រិយមិត្តអ្នកអានទាំងអស់បានដឹងដូចតទៅ ដើម្បីឱ្យលោកអ្នកបានជ្រួតជ្រាបច្បាស់ថា តើលោកជានរណា? មានប្រភពមកពីណា? មានកម្រិតចំណេះដឹងប៉ុនណា? និងមានស្នាដៃអ្វីខ្លះ? បានជាលោកយល់ដឹងពី “រឿងខ្លី” បានច្បាស់ដល់ថ្នាក់នេះ?
សាវតាររបស់ លោក ឃឹម ច័ន្ទសុអហំ
លោក ឃឹម ច័ន្ទសុអហំ កើតនៅឆ្នាំ១៩៨២ នៅក្រុងភ្នំពេញ។ លោកគឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់)។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២, បញ្ចប់បរិញ្ញាបត្រ+១ គ្រូបង្រៀនកម្រិតឧត្តម ផ្នែកអក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យា ពីវិទ្យាស្ថានជាតិអប់រំ ក្នុងឆ្នាំ២០០៥ និងបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៤ ក្នុងនាមជានិស្សិតអាហារូបករណ៍។
បន្ថែមលើកម្រិតសិក្សាជាមូលដ្ឋាន លោកក៏បានសិក្សាបន្ថែមទៅលើចំណេះជំនាញវិជ្ជាជីវៈទាក់ទងនឹងវិធីសាស្ត្រនិពន្ធភាពយន្ត, ប្រលោមលោក និងរឿងខ្លី ព្រមទាំងបានសិក្សាប្រកបដោយគរុកោសល្យលើជំនាញផ្នែកសារព័ត៌មានបន្ថែមទៀតផងដែរ។
សូមជម្រាបជូនថា ជុំវិញចំណេះជំនាញវិជ្ជាជីវៈ លោកធ្លាប់បានធ្វើកិច្ចការយ៉ាងជោកជាំនៅលើវិស័យបោះពុម្ពផ្សាយរាប់ទាំងកាសែត, ទស្សនាវដ្ដី, ឯកសារសិក្សាខ្មែរ និងសៀវភៅជាច្រើន ក្នុងនាមជាបណ្ណាធិការ, ជានាយកនិពន្ធ និងជានាយកបោះពុម្ព រាប់ចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ។ លោកក៏ជាអតីតប្រធានសមាគម អក្សរសិល្ប៍ នូ ហាច ផងដែរនៅចន្លោះឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៣។ បន្ថែមពីលើនេះ លោកក៏ជាគណៈកម្មការវាយតម្លៃពានរង្វាន់ផ្នែកតែងនិពន្ធនានាជាច្រើន ចាប់តាំងពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាបទពិសោធការងារជាក់ស្ដែងកន្លងមករបស់ លោក ឃឹម ច័ន្ទសុអហំ ៖
បទពិសោធការងារជាក់ស្ដែង ៖
គ្រឿងឥស្សរិយយស៖
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា បច្ចុប្បន្ន លោក ឃឹម ច័ន្ទសុអហំ គឺជាបណ្ណាធិការនៃគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ, ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ, ជាគណៈកម្មាការវាយតម្លៃស្នាដៃតែងនិពន្ធ និងក៏ជាគ្រូបង្រៀនផ្នែកភាសាខ្មែរ កម្រិតឧត្តម នៅវិទ្យាល័យ សិរីមង្គល ខេត្តកណ្ដាល និងមានតួនាទីមួយចំនួនទៀតផងដែរ៕
អត្ថបទដោយ ៖ បញ្ញាសុទ្ធ / រូបភាព ៖ ឃឹម ច័ន្ទសុអហំ / រក្សាសិទ្ធិ ៖ cambowriter.com