អត្ថបទនេះ​ ជាការ​ចែក​រំលែក​ផុស​ចេញ​ពី​គំនិតនិង​ចំណេះដឹង​​របស់​លោក​ ឡាំ លីម អ្នក​និពន្ធ​កម្ពុជា​ប្រកបដោយទឹក​ដៃ​មួយរូប និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ល្បីៗទាំង​ ៤ក្បាល រួមមានសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ, “អំណានជាអំណាច” និងសៀវភៅ “ដំណើរ ជាស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូបទៀត សុទ្ធសឹងតែជាសៀវភៅដែលទទួលបានការគាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។

អត្ថបទ ត្រៀមខ្លួនធ្វើជា​អ្នក​និពន្ធ” នេះ លោក​សរសេរ​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​រៀន​វគ្គ​តែង​និពន្ធ និង​អ្នក​ទាំង​ឡាយ​ដែល​ចង់​ក្លាយជា​អ្នក​និពន្ធ​ដ៏ពិតប្រាកដ​មួយរូប​នៅ​ថ្ងៃ​អនាគត ដែលអាច​តាក់តែង​និពន្ធ​ស្នាដៃ​ល្អៗ​ប្រកបដោយ​គុណ​តម្លៃ​ឡើង សម្រាប់​ពលរដ្ឋ សង្គម ក៏ដូចជា​មនុស្ស​ជាតិ​ទូទៅផងដែរ។ អាស្រ័យ​ហេតុ​នេះ ដើម្បី​កុំ​ឱ្យ​ខាត​ពេល សូម​អ្នក​បន្តអាន និងសិក្សា​ស្វែង​យល់​ទាំងអស់​គ្នា​ជាមួយ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” យើង​ខ្ញុំដូច​តទៅ ដោយ​យើង​ខ្ញុំសូម​បង្ហាញ​នូវ​អត្ថបទ​ដែល​សរសេរ​ដោយ​ លោក ឡាំ លីម ទាំង​ស្រុង​ជូន​ដល់​លោក​អ្នក​ដូច​តទៅ ៖

១. ខ្ញុំ​មិន​យល់ថា​​ខ្លួនឯង​មានចំណេះ​ជំនាញ​ទាក់ទង​នឹង​ការ​តែង​និពន្ធ​ទេ តែ​ខ្ញុំ​មានចិត្តចង់​ចែក​រំ​លែ​កខ្លះ​ៗ ហើយ “ត្រឹម​តែ​ចែករំលែក​” ប៉ុណ្ណោះ។ អ្នក​​ណា​ដែល​ចង់​មានចំណេះ​ផ្នែក​តែង​និពន្ធ រមែង​ពេញចិត្ត​ទទួល​យកគំនិត​ ជាពិសេស​ក្នុង​ន័យ​ពិចារណា។​ ប៉ុន្តែ​អ្នក​ណា​​ដែល​មានចំណេះ​ដឹង​​ផ្នែក​នេះ​ច្រើន​មក​​ហើយ ឬជា​អ្នកជំនាញ គឺ​រមែង​គិតថា​ខ្ញុំ​ប្រហែលជា​អួតអាង។ បញ្ហា​ចិត្ត​សាស្រ្ត​បែបនេះ គឺ​​ជា​បញ្ហា​ធម្មតា​ទេ ហើយ​ក៏​​ពុំមែន​ជា​បញ្ហា​ធំដុំ​អ្វី​ដែល​ត្រូវ​យក​មក​គិត​​ដែរ ពីព្រោះ​មនុស្សយើង​ម្នា​ក់ៗ មិន​អាច​ធ្វើអ្វី​មួយ ដោយ​​បំពេញចិត្ត​មនុស្ស​គ្រប់​ៗគ្នា​បាន​ឡើយ។ ខ្ញុំ​សូមរំឭក​កាល​វេលា​ដែល​ខ្ញុំ​នៅជា​គ្រូបង្រៀន​ភាសាអង់គ្លេស​និង​កុំព្យូទ័រ​បន្តិច។ នៅ​ក្នុង​ថ្នាក់រៀន​មួយ កម្រិត​ចំណេះដឹង​របស់​សិស្ស​មាន​ខុស​ៗគ្នា។ បើ​បង្រៀន​មេរៀន​ជ្រៅ​ពេក បង្រៀន​លឿន​ពេក ខ្លាចក្រែង​លោ​សិស្ស​ដែល​ខ្សោយ​ៗ គ្នា​តាម​មេរៀន​មិនទាន់។ បើ​បង្រៀន​មេរៀន​រា​ក់ៗ​ពេក បង្រៀន​យឺត​ជ្រុល​ពេក ខ្លាចក្រែង​លោ​សិស្ស​ដែល​ពូ​កែៗ សិស្ស​ឆ្លាតៗ គ្នា​ធុញទ្រាន់។ ដូច្នេះហើយ​មាន​ជម្រើស ៣ក្នុង​ការ​បង្រៀន៖ ទី១ បង្រៀន​ដោយ​ផ្តោត​លើ​សិស្ស​ដែល​ពូ​កែៗ​, ទី២ បង្រៀន​ដោយ​ផ្តោត​ការ​យកចិត្ត​ទុ​ក​ដាក់​ចំពោះ​សិស្ស​ខ្សោយ​ៗ និង​ទី៣ បង្រៀន​សិស្ស​ពូកែ​ផង និង​បង្រៀន​សិស្ស​ខ្សោយ​ផង តែ​ត្រូវលៃ​លក​ម៉ោង​បង្រៀន​ជា​ពីរ។ នេះ​ជា​ស្ថានភាព​សិស្ស​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ប៉ុណ្ណោះ។ តើ​អនាគត​ជា​អ្នកនិពន្ធ​គួរ​ត្រៀមខ្លួន​បែប​ណា​?

២. បើ​យើង​ចង់​ធ្វើជា​អ្នកនិពន្ធ ជាដំបូង​បំផុត គឺ​មិនមែន​ទៅរៀន​ជំនាញ​តែង​និពន្ធ ឬវិធី​សាស្រ្ត​ជោគជ័យ​ខាង​តែង​និពន្ធ​ទេ ពីព្រោះ​បើ​យក​ការ​តែង​និពន្ធ​មក​បង្រៀន​ជាវ​គ្គ​ជោគជ័យ​និពន្ធ​, ជា​ទស្សនៈ​ខ្ញុំ ខ្ញុំ​យល់ថា “បាត់​តម្លៃពិត​នៃ​អ្នកនិពន្ធ​អស់ហើយ​”។ ចុះបើ​ថា “ខុស​” អ៊ីចឹង​តើ​គួរតែ​បែប​ណា​វិញ​? ក្នុងនាម​ជា​គ្រូបង្រៀន​ដែល​មានចំណេះ​ដឹង តើ​គ្រូ​ប៉ុន្មាន​នាក់​ដែល​យក​វិជ្ជាជីវៈ​ជា​គ្រូ​មក​ស្វែង​រ​កភាព​ជោគជ័យ​? បើសិនជា​តម្លៃ​ស្នូល​នៃ​ចំណេះដឹង ត្រូវ​បាន​វាស់វែង​ដោយ​ទឹកប្រាក់ តើ​តម្លៃពិត​នៃ​អ្នកចេះដឹង​នៅឯណា​? ក្នុងនាម​ជា​អ្នករៀន​សូត្រ​ចេះដឹង គឺ​ពុំគួរ​យកចំណេះ​ដឹង​មក​ធ្វើជា​កាំជណ្តើរ​ទេ។ ខ្ញុំ​លើកឡើង​បែបនេះ​ពុំ​មែន​ជា​ទ្រឹ​ស្តី​បែប​​ឧត្តមគតិ​និយម​ឡើយ តែ​វា​ជា​សច្ចភាពនិង​ការពិត​មួយ​ដែល​នាំ​ឱ្យ​សង្គម​រីកចម្រើន។ តើ​អ្នក​ចង់​ចេះ​ជំនាញ​តែង​និពន្ធ គួរ​ធ្វើ​យ៉ាងណា​ខ្លះ​? កុំ​ទាន់​រៀន​ជំនាញ​តែង​និពន្ធ តែ​ត្រូវ​ហ្វឹកហាត់​ខ្លួនឯង ទាំង​ផ្នែក​បញ្ញា ស្មារតី ចំណេះដឹង ចរិតលក្ខណៈ​ឱ្យ​ល្អ​សិន​…។ ការ​តែង​និពន្ធ គឺ​ត្រូវការ​ចំណេះដឹង​ច្រើន មិនថា​ជា​ការ​គិត​ពិចារណា​បាន​ល្អ ការ​ចេះ​វិភាគ​វែកញែក​ស៊ីជម្រៅ ជា​មនុស្ស​ដែល​ពូកែ​ស្រាវជ្រាវ និង​មាន​ឧត្តមគតិ​ខ្ពស់។ ហេតុអ្វី​ត្រូវ​មាន​ឧត្តមគតិ​ខ្ពស់​? ពីព្រោះ​ថា “ទឹក​ប៊ិក​របស់​អ្នកនិពន្ធ​​អាចយ​កទៅ​រកស៊ី ឬចរចា​មុខ​ជំនួញ​ជាមួយ​អ្នកនយោបាយ​បាន​”។ បើ​យើង​មាន​ចំណុច​ទាំងប៉ុន្មាន​ខាងលើ​ហើយ គឺ​អាច​ធ្វើ​​ជា​អ្នកនិពន្ធ​បាន​ហើយ។ យុវជន​យើង​ពុំគួរ​ទៅរៀន​វគ្គ​តែង​និពន្ធ​ទេ តែ​យើង​ត្រូវ​រក​ឱកាស​វិនិយោគ​លើ​ចំណេះដឹង​ឱ្យបាន​ច្រើន ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួនឯង​មានចំណេះ​ដឹង​ទូលាយ​ជាមុន​សិន។

៣. ក្រៅពី​ចំណេះដឹង​ហើយ គឺយើង​​ត្រូវការ​បទ​ពិសោធ​ជីវិត​ជាក់ស្តែង​ថែមទៀត។ តើ​អ្នកនិពន្ធ​គួរ​មាន​ចរិត​បែប​ណា​? និយាយ​​រួម និយាយ​ឱ្យ​ខ្លី និយាយ​ឱ្យ​ងាយ​យល់ អ្នកនិពន្ធ​ធ្វើ​ចរិត​បែប​ណា​ក៏បាន​ដែរ តែ​កុំឱ្យ​ខ្លឹមសារ​នៃ​សំណេរ និង​ការប្រព្រឹត្ត​របស់​ខ្លួនឯង ក្នុងនាម​ជា​​អ្នកនិពន្ធ​ខុសគ្នា​ឱ្យ​សោះ។ បើ​សំណេរ និង​ចរិត​ពិត​នៃ​អ្នកនិពន្ធ​មិន​មាន​លក្ខណៈ​ដើរ​ត្រសង​គ្នា ឬស្រដៀងគ្នា ឬមិន​ដូចគ្នា​ទេ គឺ​សំណេរ​នឹង​ក្លាយទៅជា​គ្មាន​តម្លៃ​ដាច់ខាត។ ចំណុច​នេះ​មានន័យថា “អ្នកនិពន្ធ​អាច​សរសេរ​ពី​ការ​ធ្វើល្អ សរសេរ​ពី​ការ​មាន​ចរិតល្អ ឬសរសេរ​ពី​ការ​ស្រឡាញ់​សង្គម តែបើ​ការប្រព្រឹត្ត​មិន​ដូច​នឹង​អ្វី​ដែល​ទឹក​ប៊ិក​ខ្លួន​ចារ​ជា​អក្ខរា​ទេ គឺ​ពុំមែន​ជា​ការត្រឹមត្រូវ​ឡើយ​”។ ជា​មនុស្សម្នាក់​ក្នុង​សង្គម ដែល​តំណាង​ឱ្យ​តួអង្គ​ចំណេះដឹង យើង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ជា​មនុស្ស​ត្រឹមត្រូវ ហើយ​ពុំ​អាច​ធ្វើអ្វី​បណ្តោយ​ខ្លួន​ឱ្យ​ដូច​មនុស្ស​ធម្មតា​បានទេ។ ការ​លើកឡើង​របស់ខ្ញុំ​បែបនេះ គឺ​ហាក់បីដូចជា​ដាក់កំហិត​ចំពោះ​អ្នកនិពន្ធ​បន្តិច តែ​នេះ​ជា​លក្ខខណ្ឌ​មួយ​ដែល​គួរ​ធ្វើ ដ្បិត​បើសិនជា​យើង​ចង់​កសាង​មូលធន​មនុស្ស​តាមរយៈ​អំណាន។ បើសិនជា​យើង​ចង់​បណ្តោយ​ខ្លួន ឬបណ្តែត​ប្រាណ​តាមតែ​ចិត្ត​ចង់​របស់​ខ្លួនឯង បម្រើ​តែ​តណ្ហា​ខ្លួនឯង ក៏​ពុំ​មានទាស់​ខុស​អ្វី​ដែរ។ ផ្ទុយទៅវិញ សំណេរ​របស់​យើង ទោះបី​ល្អ​យ៉ាងណាក៏ដោយ តែបើ​យើង​ធ្វើខ្លួន​មិន​ត្រឹមត្រូវ​ទេ គឺ​ខ្លឹមសារ​នៃ​សំណេរ​ដែល​ផ្សាយ​ចេញទៅ នឹង​ត្រូវ​សាបរលាប​ពី​ខ្លឹមសារ​ល្អ​ទៅជា​ខ្លឹមសារ​ឥតន័យ ឬជា​ខ្លឹមសារ​មិនល្អ ព្រោះតែ​ចរិត​លេងសើច​ហួសហេតុ ឬ​ចរិត​មិន​ត្រឹមត្រូវ ឬច​រិត​មិន​សមរម្យ​​របស់​យើង​ជាដើម។

៤. ខ្ញុំ​សុំ​លើកយក​ឧទាហរណ៍​អំពីខ្ញុំ​មក​ចែករំលែក។ ប្រសិនបើ​ខ្ញុំ​មានចំណេះ​ដឹង​ខាង​តែង​និពន្ធ ខ្ញុំ​នឹង​មិន​បង្រៀន​ជំនាញ​តែង​និពន្ធ​ទេ តែ​ខ្ញុំ​នឹង​ប្រែក្លាយ​ការ​បង្រៀន ​ឱ្យ​ទៅជា​ការ​បង្វឹក​ដោយ​ផ្ទាល់ ដោយ​មិន​យក​​ថ្លៃឈ្នួល​ជា​ថវិកា​ទេ​ (No price tag but priceless​)។ រយៈពេល​បង្វឹក គឺ​ត្រឹម​មួយឆ្នាំ។ របៀប​រៀន​​បែប​បង្វឹក​នេះ គឺ​មួយថ្ងៃ​ត្រូវ​អាន​សៀវភៅ​មួយ​ក្បាល ហើយ​សរសេរ​អត្ថបទ​ដែល​មាន​ប្រធានបទ​ជាក់លាក់​ពី ៥ទំព័រ ទៅ ១០ទំព័រ។ រហូតដល់​មួយឆ្នាំ ពេល​រៀនចប់ គឺ​នឹង​ក្លាយទៅជា​អ្នកនិពន្ធ​តែម្តង។ ការ​បង្វឹក​ពេញ​មួយឆ្នាំ​នេះ ខ្ញុំ​នឹង​បន្ថែម​លើ​ចំណេះដឹង​បច្ចេកទេស​ចាំបាច់​បំផុត​ខ្លះដូចជា ការ​រចនា​​អត្ថបទ​សៀវភៅ​តាមកម្ម​វិធី​ស្តង់​ដា (Adobe InDesign​), ការរចនា​ក្របសៀវភៅ​តម្រូវ​នឹង​ព្រលឹង​អត្ថបទ (Adobe Photoshop & Adobe Illustrator​), របៀប​ជ្រើសរើស​ចំណងជើង​សៀវភៅ​, រៀន​បន្សុទ្ធ​ចំណេះដឹង​តាមរយៈ​បរិបទ​សង្គម, ស្វែងយល់​ពី​សៀវភៅ​បកប្រែ​, សមាធិ​សម្រាប់​ការ​តែង​និពន្ធ (Writing meditations​), ព្រមទាំង​យុទ្ធ​សាស្រ្ត​រុញច្រាន​សៀវភៅ​ឱ្យ​ដល់ដៃ​អ្នកអាន​ទូទៅ​ផង​ដែរ។ លក្ខខណ្ឌ​ស៊ីជម្រៅ​នៃ​ការ​រៀន គឺ​មិន​ពិបាក​ឡើយ ដោយ​គ្រាន់តែ​រៀន​អាន​ឱ្យ​ពូកែ​, អាន​រហូត​ក្លាយទៅជា​អ្នក​​អាន​​បែប​ស្រាវជ្រាវ​, វិភាគ​អត្ថបទ​ឆ្លុះ​បញ្ជាំ​ងនឹង​សង្គម​, វិភាគ​ចរិត​អ្នក​សរសេរ (សម័យកាល ផ្នត់គំនិត ស្ថានភាព​…), បន្ទាប់មក គឺ​អាន​មនុស្ស និង​អាន​ពីសង្គម។ ក្រោយពី​បង្វឹក​មួយឆ្នាំ​ពេញ​ហើយ ខ្ញុំ​ហ៊ាន​ធានា​ថា​នឹង​ក្លាយទៅជា​អ្នកនិពន្ធ​ដែល​មានគំនិត​សរសេរ​សម្បូរ​បែប មិន​ចេះ​រីងស្ងួត។ យើង​នឹង​មិន​ហ៊ាន​បើក​បង្រៀន​វគ្គ​ជោគជ័យ​តែង​និពន្ធ​ទេ ដ្បិតពេលណា​ដែលយើង​ចេះ​និពន្ធ​ពិតប្រាកដ​ហើយ។

៥. បើ​មិន​មានប្រសិទ្ធភាព ឬបើ​មិន​ជឿ​​ខ្ញុំ​ទេ ក៏​មិនដឹង​ធ្វើ​យ៉ាងណា​ដែរ ពីព្រោះ​ថា “បើ​បង្រៀន​យក​លុយ ពេល​រៀន​មិន​ចេះ មិនបាន​ផល មិន​អាច​ក្លាយទៅជា​អ្នកនិពន្ធ គឺ​នឹង​ប្រគល់​លុយ​ជូន​វិញ តែ​ដល់​បង្រៀន​មិន​គិត​ប្រាក់​អ៊ីចឹង មិនដឹង​ថាត្រូវ​និយាយ​បែប​ណាទើប​ជឿ។ ចុងក្រោយ ទោះ​ជឿ​ឬមិន​ជឿ​ក៏ដោយ ក៏​មិន​សំខាន់​ដែរ ព្រោះ​ជាក់ស្តែង វា​គ្រាន់តែ​ឧទាហរណ៍​ប៉ុណ្ណោះ។ ខ្ញុំ​ពុំ​មាន​ចេតនា​អ្វី​ផ្សេង ក្រៅពី​ជូន​ជា​គំនិត និង​ការពិចារណា​ដល់​យុវជន​យើង​ដែល​ចង់​ក្លាយ​ខ្លួន​ទៅជា​អ្នកនិពន្ធ​ប៉ុណ្ណោះ។ ប្រឹងប្រែង​រៀនសូត្រ កុំ​ចេះតែ​ឈូឆរ​តាម​ការបញ្ចុះបញ្ចូល ពីព្រោះ​ការងារ​ខ្លះ វា​មិន​ស្រួល​ដូច​អ្នកបង្រៀន​វគ្គ​ជោគជ័យ​ខ្លះ​និយាយ​ទេ។ នៅក្មេង ប្រឹងរៀន ប្រឹង​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន ចេះ​អត់ធ្មត់​លត់ដំ​ខ្លួនឯង​​​ឱ្យ​ល្អ​សិន ហើយ​សន្សំ​បទ​ពិសោធ​ឱ្យ​បាន​ច្រើន។ ទោះ​យើង​ចង់​ធ្វើអ្វី ក៏អាច​ធ្វើ​បាន​ដែរ តែ​ត្រូវ​ធ្វើ​ឱ្យ​ត្រូវ​ផ្លូវ ប្រឹង​វិនិយោគ​លើ​ចំណេះដឹង​ជាក់ស្តែង។ បើ​យើង​ពិតជា​ចង់​មែន កុំទៅ​រក​មនុស្ស​លេង​ៗ កុំទៅ​រក​មនុស្ស​ដែល​ប្រាប់​ពី​ផ្លូវកាត់ តែ​ត្រូវ​រក​មនុស្ស​ដែល​ដឹង​ផ្លូវត្រូវ​ទៅ​ពិតប្រាកដ ទៅដល់​គោលដៅ ព្រមទាំង​អាច​ឈរជើង​បាន​យូរអង្វែង។ បញ្ជាក់​ជូន​ជាថ្មី​ម្តង​ទៀត អត្ថបទ​នេះ​សម្រាប់​ពិចារណា ហើយក៏​ជា​ការ​ជូន​គំនិត​ដល់​យុវជន​យើង​ដែល​មានបំណង​ចង់​​ក្លាយ​ជា​​អ្នកនិពន្ធ​ដែរ។ ឧទាហរណ៍​ខាងលើ គឺជា​ចំណេះដឹង​ដែល​អ្នកនិពន្ធ​គួរ​មាន។ ថ្វី​ដ្បិត​ជាឧទាហរណ៍​ពិតមែន តែ​វា​ប្រយោជន៍​សម្រាប់​ការងារ​តែង​និពន្ធ។ បើ​កន្លែងណា​ដែល​មាន​បង្រៀន​ចំណេះដឹង​តែង​​និពន្ធ​ដូច​ឧទាហរណ៍​​ខាងលើ ​ដូច​ដែល​ខ្ញុំ​បាន​លើកឡើង គឺ​គួរតែ​សាកល្បង​រៀន។ យើង​នឹង​ក្លាយទៅជា​អ្នកនិពន្ធ​ពិតប្រាកដ នៅពេល​ណា​យើង​រៀន​ចំ​ចំណេះដឹង​ពិតប្រាកដ​។

លោក ឡាំ លីម និងសៀវភៅល្បីៗទាំង៤ក្បាលរបស់លោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា ខាង​លើ​ជាអត្ថបទសរសេរចែករំលែក​ដោយលោក ឡាំ លីម ។ លោក​មានស្រុកកំណើត​នៅខេត្តសៀមរាប និង​ជាកសិករធ្វើស្រែសម្រាប់មួយក្រពះនៅ​លើ​​ទឹក​ដី​ដ៏​ពិសិដ្ឋ​នេះ​ដល់​សព្វថ្ងៃ​។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ ក្រៅ​ពី​ចូល​ចិត្ត​អាន លោក​ជាបុគ្គលមួយរូបដែល​និយម​​​សរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទដែល​ទាក់ទងនឹងទស្សនវិជ្ជាអប់រំ សង្គម នយោបាយ ភាពជាអ្នកដឹកនាំ និងផ្នែក​ប្រាជ្ញា​ស្មារតី​ក្នុង​ការ​គិត​ថ្លឹង​ថ្លែង​ពិចារណា​ជាដើម និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅល្បីៗទាំង​៤ក្បាលដូច​បាន​រៀបរាប់​ខាង​លើ។ ដូច្នេះ ប្រសិន​បើលោកអ្នកចង់ដឹងពីទឹកដៃក្នុងការសរសេរអត្ថបទប្រភេទ​នេះ​របស់លោក លោកអ្នកអាចស្វែងរកសៀវភៅ​ទាំង​ ៤ក្បាល​របស់​លោកនេះ​​​យកមកអានបាន ហើយ​បើ​លោក​អ្នក​ចង់​អានដោយងាយឆាប់​រហ័សនោះ លោក​អ្នកអាច​ចូលទៅអានអត្ថបទ​របស់​លោក​ក្នុង​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​តែម្ដងបាន តាមរយៈឈ្មោះ Lam Lim https://www.facebook.com/lamlem01 នោះ​លោក​អ្នក​មុខជាបាន​ដឹងច្បាស់​ជាក់​ជាមិនខាន។ សូមអរគុណ៕

អត្ថបទ និងរូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com

លោក កៅ សីហា កើតឆ្នាំ១៩៨២ នៅក្រុងភ្នំពេញ។ លោកមានឪពុកឈ្មោះ អ៊ឹង កៅ និងម្ដាយឈ្មោះ រស់ ប៉ិច។ លោកមានបងប្អូនបង្កើតសរុបទាំងអស់ចំនួន១៧នាក់ តែ​បច្ចុប្បន្ននៅរស់រានមានជីវិត​តែ៨នាក់ប៉ុណ្ណោះ ​ក្នុង​នោះ​ស្រី៣នាក់ ប្រុស៥នាក់ ដោយលោកជាកូនប្រុសពៅក្នុងគ្រួសារ។ បច្ចុប្បន្ន លោក​ជាមន្ត្រីក្រសួងអប់រំ នាយកដ្ឋាន ទំនាក់ទំនងវប្បធម៌ និងអាហាររូបករណ៍ ប៉ុន្ដែ​លោកបានសុំព្យួរការងារនេះសិន  ដោយសារតែលោកមមាញឹកក្នុង​ការងារជាអ្នកនិពន្ធ និង​ដឹកនាំសម្ដែងខ្លាំង​ពេក។ លោកចាប់​ផ្ដើម​​ចូលបម្រើ​ការងារ​ជាអ្នក​ដឹកនាំសម្ដែងនៅ ផលិត​កម្ម រស្មីហង្សមាស ក្នុង​ឆ្នាំ២០០៩ ដោយ​គិត​​មក​ទល់នឹង​ពេលនេះមានយៈ​ពេល១០ឆ្នាំហើយ ហើយ​ក្នុង​ចន្លោះ​​ពេលនោះ លោក​បានដឹកនាំសម្ដែង​បទ​ចម្រៀង​បានដល់​ទៅជាង៦០០-៧០០បទឯណោះ ដែល​ចំនួន​នេះ​ពិតជា​មិនធម្មតាឡើយ។

លោក​ កៅ សីហា ដែលជាអ្នកនិពន្ធ​និងដឹកនាំ​សម្ដែងពោរពេញ​ដោយ​បទ​ពិសោធ​​ជោកជាំរូបនេះ បានបង្ហាញ​ប្រាប់​ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា​ “​ខ្ញុំ​ស្រឡាញ់ការងារដឹកនាំសម្ដែងនេះខ្លាំងណាស់ ហើយ​ក៏ជាទេពកោសល្យពីធម្មជាតិរបស់ខ្ញុំផងដែរ តែដោយស្រុកយើងគ្មានសាលាបណ្ដុះបណ្ដាលផ្នែកនេះជាផ្លូវការ ទើបបាន​ជាខ្ញុំចាំបាច់​ត្រូវតែ​ខិតខំសិក្សាស្វែងយល់ពីចំណេះដឹងផ្នែកនេះដោយខ្លួនឯងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន តាមរយៈការស្រាវជ្រាវពីរៀនអ៊ីនធើណេត, រៀនមើលពីរៀមច្បង  និងរៀនដោយការចុះអនុវត្តការងារជាក់ស្ដែងជាដើម ព្រោះ​មាន​តែ​វិធីនេះទេ ដែលអាចជួយពង្រឹងសមត្ថភាពផ្នែក​នេះរបស់ខ្ញុំឱ្យកាន់តែ​រីកចម្រើន និង​អាច​ឈរជើង​​លើ​វិស័យផ្នែកនេះបានមកដល់សព្វថ្ងៃ។”

លោក​ កៅ សីហា បានបង្ហាញពីការលំបាកនិងវិធីជម្នះបញ្ហាទាំងឡាយ​ក្នុងការងារ​ដឹកនាំ​សម្ដែង​របស់​លោកថា ឧបសគ្គលំបាកក្នុងដឹកនាំមានច្រើនកត្តា! ធនធានមនុស្សជាមែងធាងក្នុងជំនាញការងារ, ថវិកា, ទីតាំង, តួ, script, អាកាសធាតុ, មធ្យោបាយផលិត, ឧបករណ៍ប្រើប្រាស់និងសម្ភារៈដែលខ្វះខាតតាមអ្វីដែលចង់បាន ការអនុវត្តច្បាប់ពីរដ្ឋាភិបាល ទីតាំងថតមានការពិបាកមិនអំណោយផលជាដើម ហើយ​ចំពោះ​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នេះ ពេលខ្លះក៏សមបំណង ខ្លះទៀតក៏មិនសមបំណង តែ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​សម្ដែង បើ​យើង​ចង់​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព យើងត្រូវមានភាពឈ្លាសវៃ, រីផ្លិច, ចេះបត់បែនទៅតាមកាលៈទេសៈ។ ឧទាហរណ៍ថា បើតួមកយឺត ឬសម្ដែងមិនសម យើងត្រូវមានបច្ចេកទេសក្នុងនិយាយពន្យល់ ឬលួងលោមទៅតាមចរឹតនិស្ស័យរបស់តួអង្គ​ម្នាក់ៗ។ បើជួបរឿងថវិកា យើងត្រូវចេះលៃលក សន្សំ ហើយធ្វើឱ្យ​មានគុណភាព។ បើជួបបញ្ហាធនធានមនុស្សលើមុខជំនាញ ដែលត្រូវរួមការងារ យើងត្រូវចេះផ្ដល់ឱកាសឱ្យ​ ពន្យល់បន្ថែមទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង​ បើគេខុស ត្រូវប្រាប់ឱ្យគេដឹង ដោយ​មិន​ត្រូវស្ដីបន្ទោសខ្លាំងៗឱ្យឡើយ តែ​ត្រូវ​ជំនួសដោយការពន្យល់ណែនាំនិងលើកទឹកចិត្តវិញ។ បើករណីអាកាសធាតុ យើងត្រូវចេះកែច្នៃ ផ្លាស់​ប្ដូរ script និងទីតាំង ខល ឬពិភាក្សាជាមួយអ្នកនិពន្ឋ។ បើជួបឧបសគ្គលើលិខិតស្នាមពាក់ពន្ឋទីតាំងថត យើងត្រូវចេះសម្របសម្រួល ដោយ​បញ្ហានេះ ខ្ញុំតែងជួបជាញឹកញាប់ និងតែងធ្វើការដោយផ្ទាល់ជាមួយជំនួយការ ឬក្រុមការងាររបស់​ខ្ញុំតែម្ដង។”

ខាងលើ គឺជា​ការលំបាក​និង​វិធីដោះស្រាយបញ្ហា​របស់​ លោក កៅ សីហា ដែល​លោក​តែង​ជួប​ប្រទះ​ក្នុងការងារដឹកនាំសម្ដែង​របស់លោកកន្លងមក ដែល​ស្ដាប់​ទៅពិតជា​មិនមែនជាការងារដែលងាយស្រួល​ឡើយ ហើយ​នៅពេលដែល​សួរលោកថា ដើម្បីអាចក្លាយជាអ្នកដឹកនាំ​សម្ដែងមួយរូបបាន តើ​ត្រូវមានការយល់ដឹងអ្វីខ្លះ? និងមានចំណេះដឹងកម្រិតណានោះ លោក កៅ សីហា ក៏បានចែករំលែកជាចំណេះដឹងដូច្នេះថា “ដើម្បីអាចក្លាយជាអ្នកដឹកនាំសម្ដែងពិត​ប្រាកដ​មួយរូបបាន​ សំខាន់បុគ្គលនោះត្រូវ​មានដុងនិស្ស័យពីកំណើត, ​មានសិល្បៈក្នុងខ្លួន, មានភាពរីផ្លិច, ចេះបត់បែនតាមកាលទេសៈ និង​ត្រូវ​​មានគំនិតច្នៃប្រឌិតខ្ពស់ ជាពិសេស​ត្រូវមានចំណេះដឹងទូទៅទូលំទូលាយ ដែល​យើង​អាច​បង្កើនដល់ខ្លួនបាន​តាមរយៈការអានសៀវភៅ មើលចម្រៀង និងទស្សនាភាពយន្តល្អៗជាដើម។” លោកបានបញ្ជាក់បន្ថែមទៀតថា “ចំណេះដឹង​ផ្នែកដឹកនាំសម្ដែងនេះ ស្រុកយើងមិនទាន់មានសាលាបើកបង្រៀនជាផ្លូវការទេ ដូច្នេះបើយើងចង់មានចំណេះដឹង​ផ្នែកនេះ តោងយើងត្រូវចេះឈ្វេងយល់ដោយខ្លួនឯង និងរៀនពីរៀមច្បងក្នុង​ផ្នែកនេះ ឬមើល​ស្នាដៃ​របស់​ផលិតករឆ្នើមៗរបស់បរទេសឱ្យបាន​ច្រើន រៀនអនុវត្ត​ជាក់ស្ដែង និងបំបែកការងារនេះឱ្យបានកាន់តែល្អបន្ថែមទៀត ​បើ​យើង​អាច​ធ្វើបាន នោះយើង​មុខជា​អាចធ្វើការងាផ្នែកនេះបានជោគជ័យជាក់ជាមិនខាន។”

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា សព្វថ្ងៃ លោក កៅ សីហា គឺជាអ្នកនិពន្ធ និងដឹកនាំសម្ដែងដ៏ឆ្នើមមួយរូបប្រចាំ ផលិតកម្ម រស្មីហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ហើយ​អ្វីដែលគួរជាទីមោទនៈចំពោះរូបលោកបំផុតនោះ ថ្មីៗនេះលោកថែមទាំងទទួលបានការកោតសរសើរពី “សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា” ចំពោះស្នាដៃ​ដឹកនាំសម្ដែងរបស់លោកថែមទៀតផង។ សូមអរគុណ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ កៅ សីហា / រក្សាសិទ្ធិ ៖ cambowriter.com

error: អត្ថបទរក្សាសិទ្ធ !!