ចាប មួយជួង ការអានពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតខ្ញុំ
កញ្ញា ចាប មួយជួង, កើតឆ្នាំ២០០៣ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, កញ្ញាមានឪពុកឈ្មោះ ចាប និត និងម្តាយឈ្មោះ ទ្រី គឹមអ៊ាង, កញ្ញាមានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ដោយកញ្ញាជាកូនស្រីច្បងក្នុងគ្រួសារ។ សព្វថ្ងៃកញ្ញាជាសិស្សថ្នាក់ទី១១ នៅសាលាអន្តរទ្វីបអាមេរិចកាំង ក្រុងភ្នំពេញ។ ក្រៅពីម៉ោងសិក្សា កញ្ញាតែងឆ្លៀតយកដំណាំហូបផ្លែពីចម្ការនៅស្រុកម្តាយរបស់កញ្ញាមកលក់ ព្រមទាំងឆ្លៀតចូលរួមក្នុងសកម្មភាពការងារសង្គមខ្លះៗ ដូចជា ចូលរួមក្នុងកម្មវិធីសប្បុរសធម៏ និងថតរឿងអប់រំខ្លីៗជាដើម ជាពិសេសចំណាយពេលច្រើនបំផុតលើសកម្មភាពការងារគ្រប់គ្រងក្លឹបមួយឈ្មោះថា “គ្រាប់ពូជក្លឹបអាន” ដែលជាក្លឹបអានមួយដែលកញ្ញាទើបតែបានបង្កើតឡើងថ្មីៗនេះ។ កញ្ញា ចាប មួយជួង ដែលជាយុវតីមួយរូបដែលស្រឡាញ់ការអានខ្លាំងណាស់ ហេតុនេះហើយទើបបានជាកញ្ញាខិតខំបង្កើតក្លឹបអាននេះឡើង ដើម្បីពង្រឹងការអានរបស់ខ្លួនផង និងជំរុញការអានក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនផង ដោយកញ្ញាបានបង្ហាញប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “មូលហេតុដែលធ្វើអោយនាងខ្ញុំស្រឡាញ់ការអានខ្លាំងបែបនេះ ព្រោះតែការអានមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវិតខ្ញុំ វាបានធ្វើអោយនាងខ្ញុំកែប្រែនិងអភិវឌ្ឍខ្លួនជាច្រើន និងមានគំនិតវិជ្ចមានហ៊ានតតាំងជាមួយបញ្ហាការលំបាកនានា, មានគំនិតចាស់ទុំជាងមុន ជាពិសេសបំផុតនោះ ធ្វើឱ្យនាងខ្ញុំហ៊ានសម្រេចចិត្តទៅលើកិច្ចការផ្សេងបានដោយខ្លួនឯងយ៉ាងមានជំនឿជាក់បំផុត!” បន្ថែមពីលើនេះកញ្ញាក៏បានបន្តទៀតថា “ហើយការអាននៅមានអត្ថប្រយោជន៍ជាច្រើនទៀតនឹកស្មានមិនដល់ មិនថាតែសម្រាប់រូបនាងខ្ញុំឬក៍នរណាម្នាក់ផ្សេងទៀតនោះទេ ឱ្យតែយើងអានសៀវភៅល្អៗបានច្រើន និងចេះអានបានត្រឹមត្រូវ នោះវានឹងជួយយើងជាច្រើនដូចជា ជួយយើងឱ្យមានគំនិតច្នៃប្រឌិត, ជួយកាត់បន្ថយស្រ្តេស, ជួយជំរុញកម្លាំងចិត្ត, ជួយបង្កើនបញ្ញា ភាពវៃឆ្លាត, […]