លោក ឡាំ លីម ចែករំលែកចំណេះដឹងក្នុងការនិពន្ធ “អត្ថបទគំនិតបែបទស្សនៈ” ឱ្យបានល្អ!
មិនថាជាការនិពន្ធផ្នែកអ្វីនោះទេ បើអ្នកចង់ឱ្យស្នាដៃនិពន្ធនោះមានការទទួលស្គាល់ទូលំទូលាយពីសំណាក់ប្រិយមិត្តអ្នកអាន លុះត្រាតែអ្នកអាចនិពន្ធបានត្រឹមត្រូវ និងមានចំណេះដឹងលើផ្នែកដែលអ្នកនិពន្ធនោះពិតប្រាកដ ហើយបើចង់ឱ្យស្នាដៃនិពន្ធរបស់អ្នកនោះ មានតម្លៃជាសកលទៀតនោះ ចាំបាច់ត្រូវតែជាស្នាដៃដែលមិនលម្អៀង និងមានប្រយោជន៍ជារួមទាំងប្រជាពលរដ្ឋ សង្គម និងមនុស្សជាតិទាំងមូល ទើបអាចទៅរួច។ លោក ឡាំ លីម អ្នកនិពន្ធកម្ពុជាមួយរូប ដែលនិយមនិពន្ធ “អត្ថបទគំនិតបែបទស្សនៈ” ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វិស័យតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន តាមរយៈការផ្សាយនូវអត្ថបទចំណេះដឹងផ្នែកនិពន្ធ ដល់អ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធពិតប្រាកដ ដែលអាចតាក់តែងនិពន្ធស្នាដៃល្អៗប្រកបដោយគុណតម្លៃលើផ្នែកនានាឡើងបាន និងជាអ្នកនិពន្ធពិតប្រាកដក្នុងដួងចិត្តមហាជន… ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” មានកិត្តិយសសូមលើកយកនូវបទសម្ភាសន៍តាមសាអេឡិចត្រូនិចជាមួយ លោក ឡាំ លីម ដែលជាអ្នកនិពន្ធកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូបក្នុងវិស័យតែងនិពន្ធនៅកម្ពុជាបច្ចុប្បន្ន ទាក់ទងនឹងចំណេះដឹងផ្នែកអត្ថបទគំនិតបែបទស្សនៈរបស់លោក មកចែករំលែកឱ្យលោកអ្នកទាំងអស់គ្នាបានដឹង និងទុកជាចំណេះដឹងក្នុងការនិពន្ធអត្ថបទផ្នែកនេះបានល្អ ដោយគេហទំព័រយើងខ្ញុំសូមកាត់យកតែសំណួរសំខាន់ៗមកបង្ហាញជូនដល់លោកអ្នកតែម្ដង ដូចតទៅ ៖ គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកអាចបង្ហាញបានទេថា អ្វីជាអត្ថបទគំនិតបែបទស្សនៈ? ហើយវាខុសពីអត្ថបទទូទៅដូចម្ដេច? លោក ឡាំ លីម ៖ អត្ថបទបែបទស្សនៈ គឺជាអត្ថបទដែលនាំអ្នកអានឱ្យប្រើការត្រិះរិះពិចារណាខ្ពស់ ពោលគឺ ទាំងអ្នកសរសេរ ទាំងអ្នកអាន តម្រូវឱ្យប្រើខួរក្បាលគិតច្រើន។ អត្ថបទគំនិតបែបទស្សនៈ ភាគច្រើនគឺបង្រៀនមនុស្សឱ្យចេះគិតក្រៅប្រអប់ ក្រៅប្រព័ន្ធ និងច្នៃប្រតិដ្ឋ។ តើអ្វីទៅជាទស្សនៈ? […]