កំពូលអត្ថប្រយោជន៍ទាំង៥យ៉ាងពីការអានសៀវភៅ
១/បើកចំហជើងមេឃនៃចំណេះដឹង ៖ បើអ្នករៀនចប់ពីសាលា ហើយអ្នកមិនអានសៀវភៅ មានន័យថា អ្នកបានកំណត់ព្រំដែនចំណេះដឹងរបស់អ្នកត្រឹមនេះហើយ ហើយអ្នកក៏គ្មានថ្ងៃចេះលើសពីអ្វីដែលអ្នកទទួលបានពីការរៀននៅសាលានោះដែរ តែបើអ្នករៀននៅសាលាចប់ ហើយអ្នកនៅតែបន្តស្វះស្វែងរៀនសូត្របំពេញចំណេះដឹងដល់ខ្លួនបន្ថែម ជាពិសេសបន្តអានសៀវភៅថ្មីៗដែលល្អប្រកបដោយគុណតម្លៃដល់ជីវិត នោះអ្នកនឹងកាន់តែមានចំណេះដឹងជ្រៅជ្រះទូលំទូលាយ៉ាងប្រាកដ ព្រោះអ្វី? នេះក៏ព្រោះថា អ្នកបានបើកចំហជើងមេឃនៃចំណេះដឹងដល់ខ្លួនឯងនោះឯង ត្បិតចំណេះដែលអ្នករៀនទទួលបានពីសាលា វាគ្រាន់តែជាផ្នែកដ៏តូចល្អិតមួយ ដែលគេដកស្រង់ចេញពីសៀវភៅយកមកបង្រៀនអ្នកប៉ុណ្ណោះ និយាយឱ្យចំអ្នកមិនខុសពីកង្កែបក្នុងអណ្ដូងដែលមើលឃើញត្រឹមមួយជ្រុងតូចនៃផែនដីឡើយ ប្រសិនបើអ្នកមិនបន្តអានសៀវភៅបន្តទៀតទេនោះ។ ២/ដឹងរឿងរ៉ាវជាច្រើនជុំវិញពិភពលោក ៖ មិនថាជារឿងរ៉ាវប្រវត្តិសាស្រ្ត, នយោបាយ, សេដ្ឋកិច្ច, សង្គម, ប្រពៃណី, វប្បធម៌ ឬអ្វីមួយផ្សេងទៀតនោះទេ ឱ្យតែអ្នកបានអានសៀវភៅច្រើនពិតមែននោះ កម្រមានរឿងអ្វី ដែលអ្នកមិនដឹងណាស់ ព្រោះសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដ៏សម្បូរបែបបំផុត ដែលអាចឱ្យអ្នកដឹងបាននូវរឿងរ៉ាវគ្រប់យ៉ាងជុំវិញពិភពលោក ជាពិសេសរឿងរ៉ាវដ៏អស្ចារ្យមួយចំនួនដែលអ្នកមិនធ្លាប់ដឹងពីមុនមកទាល់តែសោះ។ ហេតុនេះបើអ្នកចង់ដឹងរឿងរ៉ាវសំខាន់ៗនានាជុំវិញពិភពលោក ចង់មានការយល់ដឹងទូលំទូលាយ និងចង់ដឹងនូវរឿងរ៉ាវប្លែកៗថ្មីបន្តទៀតដែលទើបកើតមាន អ្នកត្រូវតែបន្តអានសៀវភៅបន្តទៀតកុំឈប់ឱ្យសោះ ជាពិសេសសៀវភៅថ្មីៗរបស់អ្នកនិពន្ធល្បីៗដែលទើបបោះពុម្ព គឺត្រូវតែបន្តអានរហូតដល់ក្លាយជាទម្លាប់និស្ស័យ។ ៣/បង្កើនចំណេះដឹងកាន់តែមុតស្រួច ៖ “យកសៀវភៅធ្វើជាមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា” ពិតណាស់! ព្រោះចំណេះដឹងល្អៗគ្រប់បែបយ៉ាងគឺមានក្នុងសៀវភៅនេះឯង ដោយបើអ្នកជាបុគ្គលដែលចូលចិត្តអានសៀវភៅ និងចេះជ្រើសយកសៀវភៅល្អៗប្រកវដោយគុណតម្លៃយកមកអាន ជារៀងរាល់ថ្ងៃ រាល់ពេលទំនេរ និងបន្តអានគ្មានឈប់ឈរ ចំណេះដឹងរបស់អ្នកក៏កាន់តែមុតស្រួចទៅតាមនោះដែរ ព្រោះអ្វី? នេះក៏ព្រោះថាបើអ្នកអានសៀវភៅជារៀងរាល់ថ្ងៃ អ្នកនឹងកើនចំណេះរៀងរាល់ថ្ងៃ […]