បុរសខ្លះតាមស្រឡាញ់ស្រីស្អាតឆ្លាតពូកែមិនបាន ទៅជាគុំកួនស្អប់ខ្ពើមនាង តើជាទង្វើត្រឹមត្រូវដែរឬទេ?

  • August 19th, 2019

មាន​បុរសៗ​មិន​តិច​ទេដែល​តាម​ស្រឡាញ់ស្រីស្អាតឆ្លាតពូកែមិន​បាន ទៅជា​គុំកួនស្អប់​ខ្ពើមនាង រហូត​​​ដល់​ថ្នាក់​ជេរស្ដីប្រមាថ, មើលងាយមើលថោក, អៀល​​​ត្មះ​ឱ្យ​នាងកប់ៗមាត់​ថា​​​ជា​​​ស្រី​លេង​ឫក, ប្រកាន់​វណ្ណៈ, និង​ស្រឡាញ់​រកតែប្រុសសង្ហា, សម្បូរ​ដុល្លារ និង​រៀន​បាន​ខ្ពង់ខ្ពង់ ឯបុរស​ដែល​​មិនឡូយ, មិន​ហ៊ឺហារ, ការងារមិន​ធំ​ដុំ​​ ​នាងមើល​មិន​ចូល​​ភ្នែក មិន​ព្រម​ផ្ដល់ក្ដី​ស្រឡាញ់​ឡើយ។

ត្រង់​ចំណុចនេះ​សួរថា តើជាទង្វើ​ត្រឹម​ត្រូវដែរ​ឬទេ? ទេ​! ពិតជា​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​អ្វី? នេះ​ក៏ព្រោះថា នៅ​​​លើ​លោក​យើង​នេះនារីណា​ក៏​​ប្រាថ្នា​ចង់បានបុរស​ល្អមក​ធ្វើ​​ជាគូ​អនាគតដែរ ហេតុនេះ ការណ៍​ដែល​​​នាង​បដិសេធបុរស​អស់​ទាំង​នោះ មក​ពី​នាងមិនពេញ​ចិត្ត គិតថា​មិន​ស័ក្តិ​សម​នឹង​ខ្លួន​​នោះ​ឯង។

ដូច្នេះ​បុរសទាំង​ឡាយដែល​មានចរិត​ដូច​ខាង​លើ​ សូម​គិត​គិត​ឡើង​វិញ​ឱ្យ​មែន​ទែន ព្រោះក្នុង​រឿង​ស្នេហា​​​ អ្នក​​​មាន​សិទ្ធិស្រឡាញ់​នាង តែ​​អ្នក​​​គ្មានសិទ្ធិ​ចាប់​បង្ខំ​នាង​​ឱ្យ​មក​​ស្រឡាញ់​​​អ្នក​​​​វិញឡើយ ព្រោះ​​នាង​​ក៏មាន​សិទ្ធិក្នុង​ការ​​ស្រឡាញ់នរណា​ម្នាក់​ដូច​អ្នក​ដែរ។

កន្លង​មកខ្ញុំ​ឃើញ​ច្រើន​ណាស់ បុរស​ខ្លះគាត់​រៀនបាន​ខ្ពស់​តែ​គាត់​គ្មាន​សីលធម៌ ខ្លះ​មាន​ទ្រព្យ​ច្រើន​តែ​ចូល​ចិត្ត​មើល​ងាយ​អ្នក​ដទៃ ខ្លះចង់​មាន​ស្នេហ៍​ស្មោះតែ​គាត់​បែរជា​ឃើញ​ស្រី​មិន​បាន ភ្នែក​លាន​ដូចក្ដាម​សម្លឹង​មិន​ដាក់​ភ្នែក ជាពិសេស​នោះ បុរស​ខ្លះគាត់គិតតែពី​ចង់​បាន​​ស្រី​ស្អាតឆ្លាត​ពូកែ​ជាគូ តែ​គាត់បែរជា​​មិន​ខិត​ខំ​សាង​ខ្លួន​ឱ្យ​មាន​តម្លៃក្នុង​ស្រកែ​ភ្នែក​នាង ដោយគិត​តែ​ពី​ចាប់​ស្រឡាញ់​ទាំង​ងងឹត​ងងុល លុះ​ស្រឡាញ់​​នាង​មិន​បាន ក៏​ទៅ​ជា​គុំកួន ហើយ​ចាប់​ផ្ដើមប្រមាថមើលងាយងាយ រហូត​ដល់​តាម​ព្យាបាទនាង​ក៏មាន ទាំង​ដែល​នាង​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វីចំពោះ​គេឡើយ ដោយគ្រាន់​តែ​បដិសេធស្នេហ៍ចំពោះគេប៉ុណ្ណោះ ដែល​ស្ដាប់ទៅ​ដូចជា​មិន​សមហេតុ​ផលសោះ តែ​វា​​ជារឿងពិតដែល​កើត​មាន​ឡើង​ជាច្រើនរាប់​មិន​អស់ទៅ​ហើយរហូត​មក​ទល់បច្ចុប្បន្ន។ ​

ដូច្នេះ សូមចង​​ចាំណា៎បុរស​ទាំង​ឡាយដែល​មានចរិត​ដូចខាង​លើ បើ​អ្នក​ពិតជា​ចង់​បាន​​ស្រី​ស្អាត​ឆ្លាត​ពូកែមកធ្វើ​ជា​គូអនាគតមែន អ្នក​មិន​ត្រូវគុំកួនស្អប់​ខ្ពើមនាងបើ​នាង​បដិសេធ​ស្នេហ៍​អ្នក ផ្ទុយទៅវិញ ​អ្នក​ត្រូវតែ​ខិត​ខំ​សាង​ខ្លួន​ឱ្យបាន​ខ្ពស់​បំផុត​ ទាំងសមត្ថភាព, ​ចំណេះដឹង, មុខរបរ​ការងារ និង​កេរ្តិ៍ឈ្មោះ​កិត្តិយសក្នុង​សង្គម ជាពិសេស​កិរិយាសម្បត្តិ​របស់​អ្នក​តែម្ដងចាំបាច់ត្រូវតែ​ល្អជាទីគាប់​ចិត្ត​របស់​មនុស្ស​ជុំវិញខ្លួន បើ​អ្នក​អាច​ធ្វើបាន នោះ​​ទៅ​ថ្ងៃ​ខាង​មុខ អ្នក​​នឹង​មិន​ខ្វះ​ស្រីស្អាត​ឆ្អាត​ឆ្លាត​ពូកែ​ដែល​​​ចង់​បាន​​អ្នកមក​ធ្វើ​​ជាគូ​របស់​នាង​​ឡើយ ត្បិត​នារី​ណា​ក៏​ប្រាថ្នា​ចង់​បាន​បុរស​ដែល​មាន​លក្ខណៈសម្បត្តិ​បែប​នេះ​ដែរ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ Google / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!