ហេតុអ្វីបានជាបុគ្គលជោគជ័យភាគច្រើន ច្រើនតែមានប្រភពមកពីគ្រួសារក្រីក្រ និងរៀនក្នុងសាលាបានតិច?

  • August 19th, 2019

ប្រសិនបើ​អ្នក​ជាបុគ្គល​ដែល​ចូល​ចិត្តអាន​ប្រវត្តិ​បុគ្គល​ជោគជ័យ​ល្បីៗជុំវិញ​ពិភពលោក អ្នក​នឹង​ឃើញ​យ៉ាង​ច្បាស់ថា ភាគ​ច្រើន​នៃ​បុគ្កល​​ជោគជ័យ​ល្បីៗ​អស់​ទាំង​នោះ ​​សុទ្ធតែ​មាន​ប្រភព​មក​ពី​គ្រួសារ​ក្រី​ក្រ និង​​​រៀនក្នុង​សាលាបាន​តិចទាំងអស់។ ដូច្នេះ តើអ្វី​ទៅជា​មូលហេតុ​ដែលជម្រុញ​ឱ្យ​ពួក​គេ​អាច​សាង​ភាព​ជោគជ័យដ៏​អស្ចារ្យ​​​ក្នុង​ជីវិត​ទាំង​ស្ថានភាព​របស់​​ខ្លួន​បែប​​នេះបាន?​ មិន​​បាច់​ឆ្ងល់​ច្រើនទេ! នេះ​ក៏​ព្រោះ​តែ​ហេតុ​ផល​សំខាន់​ៗ​​​៣​យ៉ាង ដូចខាង​ក្រោម​នេះ​ឯង​ ៖

ហេតុផលសំខាន់​ទី១ / ព្រោះ​ដោយសារ​តែពួកគាត់​កើត​មក​ចំ​គ្រួសារ​ក្រី​ក្រនេះ​ហើយ ទើប​បាន​ជាពួកគាត់​​​​ចាំបាច់​​ត្រូវ​តែ​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អ្វីៗ​​គ្រប់បែប​យ៉ាង ដើម្បី​សាងជីវភាព​របស់​​ខ្លួន​ឱ្យ​​បាន​កាន់​តែ​ល្អប្រសើរពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូតដល់អាច​រំដោះ​ខ្លួន​ចេញ​ផុតពី​ស្ថានភាព​ក្រី​ក្រ​ឆ្ពោះ​ទៅ​រក​ភាព​មាន​បាន​ដ៏​មិនគួរ​ឱ្យ​ជឿ​រហូត​ដូច​សព្វថ្ងៃ។

ហេតុផលសំខាន់​ទី២ / ព្រោះ​ដោយសារតែ​​ពួកគេ​រៀនក្នុង​សាលា​បានតិច គ្មាន​សញ្ញា​បត្រខ្ពស់​ខ្ពស់ សម្រាប់​ដាក់​ចូលយក​តួនាទី​ធំៗ​ក្នុង​​ក្រុម​ហ៊ុនល្បីៗនានាដូចជា​​អ្នក​រៀន​បាន​ខ្ពង់​ខ្ពស់ដទៃនេះ​ហើយ ទើប​បាន​ជាពួកគាត់​ចាំ​បាច់​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែងព្យាយាមស្វ័យ​​សិក្សា​រៀន​សូត្រស្វែង​រក​ចំណេះ​ដឹង​ក្រៅ​សាលា​ពី​ប្រភព​នានាមក​ពង្រឹង​សមត្ថភាពរបស់​​ខ្លួនបន្ថែម​ឱ្យកាន់តែ​ខ្លាំងពូកែជា​បន្ត​បន្ទាប់ ហើយ​បង្កើត​មុខ​របរ​រកស៊ី​ជា​របស់ខ្លួន រហូត​ដល់​អាច​សាង​ខ្លួន​ជា​ថៅកែក្រុមហ៊ុនធំៗជាច្រើន​ដ៏​មិន​នឹក​ស្មាន​ដល់។​

ហេតុផលសំខាន់​ទី៣ / ព្រោះ​ដោយសារ​តែ​ពួកគាត់​ឈឺ​ចាប់​ខ្លាំងនឹង​ការ​​មើល​ងាយ​មើល​ថោករបស់​មនុស្ស​ជុំវិញ​ខ្លួន​ ព្រោះ​តែ​ខ្លួន​​​ក្រីក្រ​និង​រៀន​ក្នុង​​សាលា​​បាន​តិច​នេះ​ហើយ ទើបពួកគាត់​បែកគំនិត​ចង់​សងសឹកយក​ឈ្នះ​​បុគ្គល​ទាំង​អស់​នោះវិញ ដោយការ​សាង​ខ្លួន​ឱ្យ​ជោគជ័យ​ជាង​បុគ្គលអស់​ទាំង​នោះ រហូត​ដល់​​អាច​សាង​អាណាចក្រ​ដ៏​រុង​រឿង​​ក្នុង​ជីវិត​ខ្លួនបានលើស​ពី​ក្ដី​ស្រមៃ​ដែលខ្លួន​ប៉ង​ក្នុង​ជីវិត​ទៅទៀត។

៣​ហេតុ​ផល​សំខាន់ៗ​​នេះ​ហើយ គឺជា​ដើម​ចម​ដ៏​ចម្បង​បំផុត​ដែលបណ្ដាលឱ្យ​​បុគ្គល​ជោគជ័យ​ភាគ​ច្រើន ច្រើន​តែ​មាន​ប្រភព​មក​ពី​គ្រួសារ​ក្រី​ក្រ​និង​រៀនក្នុង​សាល​​បាន​តិច ដែល​អ្នក​គួរ​តែ​ដឹង និងយកជា​គំរូក្នុង​ជីវិត​របស់​អ្នក។ ខ្ញុំ​មិន​ដឹងថា​សព្វ​ថ្ងៃ​នេះ អ្នក​ដែល​កំពុងតែ​អាន​អត្ថបទ​មួយ​នេះ​មាន​ឋានៈ​ជា​អ្វី? ស្ថិត​គ្រួសារ​មាន​ជីវភាព​បែប​ណា? ឬរៀនបាន​ខ្ពង់​ខ្ពស់​កម្រិត​ណានោះ​ទេ តែ​ប្រសិន​បើ​អ្នក​​​ជា​កូន​អ្នក​ក្រ​និង​​រៀន​ក្នុង​សាលា​បាន​តិច ​គ្មាន​សញ្ញាបត្រ​ខ្ពង់​ខ្ពស់ដូច​គេ​ដទៃ​នោះ សូម​អ្នក​កុំ​អស់​សង្ឃឹមឱ្យ​សោះ ព្រោះ​ការ​សាង​ភាព​ជោគជ័យ​មិន​មែន​អាស្រ័យ​លើ​ឋានៈ​គ្រួសារ ឬ​កម្រិត​សញ្ញា​បត្រនោះទេ តែ​វា​អាស្រ័យ​នៅ​លើ​ថា តើ​អ្នក​មាន​សមត្ថភាព​ ចំណេះដឹង ​ភាព​ឆ្លាត​វៃកម្រិត និង​សេចក្ដី​ព្យាយាម​ក្នុង​ការ​អនុវត្ត​កិច្ចការងារដល់​កម្រិត​ណា​នោះ​ឯង បើ​អ្នក​មាន​កាន់តែ​ខ្ពស់​ នោះ​កម្រិត​ដែល​អ្នក​អាច​សាង​ភាព​ជោគជ័យ​បាន​ក្នុងជីវិត​ក៏​ខ្ពស់​ទៅ​តាម​នោះដែរ។ ហេតុ​នេះ អ្នក​ត្រូវតែ​តាំង​ចិត្តឱ្យ​បាន​រឹង​មាំ ត្រូវតែ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង និងត្រូវ​តែ​ខិត​ខំប្រឹង​ប្រែង​​​ព្យាយាម​​សិក្សា​រៀន​សូត្រ​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​ពីប្រភព​ក្រៅ​សាលា​នានាឱ្យ​បាន​ច្រើន​បំផុត ​ដោយ​មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​បណញដោយ​ឱ្យ​ពេល​វេលា​ដ៏មាន​តម្លៃកន្លង​ផុត​ទៅ​ដោយ​ឥត​ប្រយោជន៍​ឡើយ ហើយ​​ខ្ញុំ​ជឿជាក់​១០០%​ថា ប្រសិន​បើ​អ្នក​ពិត​ជា​មាន​ការ​តស៊ូ​ប្រឹង​ប្រែង​មិន​រាថយក្នុង​ការ​ដើរ​ឆ្ពោះ​ទៅ​រក​គោលដៅ​ជីវិត​របស់​អ្នក​​នោះ នោះ​អ្នក​មុខជា​អ្នក​ទៅ​ដល់​ទីប្រាថ្នា​ក្នុង​ជីវិត​អ្នកបាន​ជាក់​ជាមិនខាន៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ Google / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!