តើ “មន្តទឹកខ្មៅ” ជាអ្វី?

  • August 15th, 2019

បើ​លោក​អ្នក​ជាអ្នក​ចូលចិត្ត​តាម​ដាន​ព័ត៌មាន​ក្នុង​វិស័យ​តែងនិពន្ធ​នៅកម្ពុជា ឬជាបុគ្គល​ក្នុង​វិស័យតែ​ងនិពន្ធ​នៅ​កម្ពុជា លោក​អ្នក​មុខជា​បាន​ឮ “មន្ត​ទឹកខ្មៅ” ហើយ តែ​ខ្ញុំ​ជឿថាមានបុគ្គល​តិចណាស់​ដែល​ស្គាល់​ច្បាស់​ពី “មន្ត​ទឹកខ្មៅ” នេះថា​ជាអ្វី? បង្កើត​ឡើង​ដើម្បីអ្វី? ធ្វើ​ការងារ​លើ​ផ្នែក​អ្វីខ្លះ? និង​ដំណើរការការងារបាន​អ្វីខ្លះ? 

លោក ឡឹក ជំនោរ អ្នកផ្ដួចផ្ដើមបង្កើត “មន្តទឹកខ្មៅ” ក្នុងចំណោមអ្នកផ្ដួចផ្ដើមជាច្រើនរូបផ្សេងទៀត និងជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ

ដូច្នេះ ដើម្បី​ស្រាយចម្ងល់​ខាង​លើ​នេះ យើង​ខ្ញុំសូមបង្ហាញ​ជូន​នូវបទសម្ភាសន៍រវាង​  “គេហទំព័រ​អ្នក​​និពន្ធ​កម្ពុជា” ជាមួយ លោក ឡឹក ជំនោរ ដែលជាអនុប្រធាន “សមាគមអ្នកនិពន្ធខ្មែរ”  និង​ជាអ្នក​ផ្ដួច​ផ្ដើមគំនិត​ក្នុងការបង្កើត “មន្ត​ទឹកខ្មៅ” នេះឡើង​ ​ជូន​លោក​អ្នក​ឱ្យបាន​ជ្រាបច្បាស់​​ដូចតទៅ ៖

“មន្តទឹកខ្មៅ” គឺជាឈ្មោះសមូហកម្មសហសម័យ ដែលប្រមូលចងក្រងស្នាដៃរបស់អ្នក​និពន្ធ​រៀម​ច្បង និងអ្នកនិពន្ធវ័យក្មេងមកបោះពុម្ពរួមគ្នា។   ​ក្រុមអ្នកនិពន្ធមន្តទឹកខ្មៅនេះបង្កើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ គឺថ្ងៃតាំងពិព័រណ៌សៀវភៅជាតិឆ្នាំ២០១៧ ដោយ​មាន​ការព្រមព្រៀងពីគណៈអ្នកនិពន្ធរៀមច្បង​ទាំង​ក្រៅ​និងក្នុងប្រទេស ដែល​មានខ្ញុំបាទជាអ្នកដឹក​នាំក្នុងឆ្នាំចាប់ផ្ដើម និង​​បាន​​ប្ដូរតួនាទីមក​ជា​សមាជិកគណៈកម្មការក្នុងក្រុម​ជួយគ្រប់គ្រងវិញ​នៅឆ្នាំបន្ត​បន្ទាប់ ចំណែក​ឆ្នាំ២០១៨-២០១៩ នេះមាន​ លោក ឃុត សុខឿន ជា​អ្នក​សម្របសម្រួលការងារ” លោក ឡឹក ជំនោរ បានបន្តថា “តែ​​ក្នុងដំណាច់ឆ្នាំ២០១៩ មន្តទឹកខ្មៅនឹងប្រើឈ្មោះពេញជា “សមូហកម្មមន្តទឹកខ្មៅ”  វិញ ក្នុង​គោលបំណងដើម្បី​រៀបចំប្រកួតជ្រើសរើស​ស្នាដៃ​របស់​អ្នក​និពន្ធបោះពុម្ពផ្សាយរួមគ្នា ដើម្បីលើកកម្ពស់ការសរសេរនិងការអាន​នៅប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ។  ក្រៅពីនេះទៀតមន្តទឹកខ្មៅនឹង​ផ្ដល់ឱកាសជូនអ្នកដែលមានស្នាដៃតិច​មិនអាចបោះម្នាក់ឯងបាន តែ​ត្រូវ​​ស្នើមកគណៈកម្មការជ្រើសរើសពិនិត្យវាយតម្លៃបោះពុម្ពជាមុន​សិន។ រីឯគតិប្រចាំ​​របស់​​  “មន្តទឹកខ្មៅ” គឺ “រួមស្នាដៃ រំលែកក្ដីស្រឡាញ់” និង “យើងសរសេរដោយដួងចិត្ត ដ្បិតអ្នកនឹងអានដោយបេះដូង” ។  

ពាក់ព័ន្ធនឹង​ការងារ​របស់​ “មន្តទឹកខ្មៅ” ក្នុងវិស័យតែងនិពន្ធ និងសមិទ្ធផល​ការងារដែល​ធ្លាប់​សម្រេចបាន​កន្លង​មក លោក ឡឹក ជំនោរ បាន​បង្ហាញថា “ដោយសារក្រុម​អ្នកមន្តទឹកខ្មៅ ជាក្រុមការងារស្មគ្រចិត្ត ជាក្រុម​តូចគ្រាន់តែជ្រើសតំណាងដើម្បីជួយសម្របសម្រួលកិច្ចការ ជ្រើសរើសនិងវាយតម្លៃ និងការចែកផ្សាយ យើងមានសកម្មភាពដូចជា​សម្ពោធស្នាដៃ តាំងពិព័រណ៍បង្ហាញស្នាដៃ ចែកស្នាដៃជាសប្បុរសធម៌  និងជួយ​ជាមួយក្រុម​អ្នកនិពន្ធដើម្បី​ចែករំលែក​បទពិសោធ។ ជាលទ្ធផល​យើងបាននាំអ្នកនិពន្ធមន្តទឹកខ្មៅ ទៅចូលរួមបោះជំរំ កម្មសិក្សានិពន្ធ២ (Writing Tour 2) ជាមួយសិក្ខាកាមវគ្គបណ្ដុះបណ្ដាល​អ្នកនិពន្ធ​ខ្មែរ, ជំនាន់ទី៣៣, នៅស្រុកឯកភ្នំ, ខេត្តបាត់ដំបង, ​នៅថ្ងៃទី១៣ដល់១៥ ខែឧសភា ឆ្នាំ២០១៩​ ក្រោម​ការ​ដឹកនាំគោលដោយ លោក ម៉ៃ វឌ្ឍនា, លោក ឃឹម ច័ន្ទសុអហំ និង លោក ឃុត សុខឿន” ។

ចំពោះ​កម្មវិធីប្រឡងប្រជែងស្នាដៃរបស់ “មន្តទឹកខ្មៅ” លោក ឡឹក ជំនោរ បាន​បង្ហាញ​អ្វីដែល​​ទាក់​ទង​​ក្នុង​នោះ​ថា កម្មវិធីជ្រើសរើសស្នាដៃរបស់ក្រុមអ្នកនិពន្ធមន្តទឹកខ្មៅ ផ្ដោតសំខាន់ទៅលើរឿងខ្លី។  បច្ចុប្បន្នយើងមានគណៈកម្មការស្មគ្រចិត្តក្នុងការជ្រើសរើសស្នាដៃចំនួន៥រូប ដូចជា លោក ឃឹម ច័ន្ទសុអហំ, លោកស្រី លឹម សន្តិភាព, លោកស្រី អ៊ុច ថាវី, លោក ស៊ូ ខេមរិន្ទ និង​រូប​ខ្ញុំ​បាទ ឡឹក ជំនោរ, និងអ្នក​សម្របសម្រួល១រូប គឺ លោក ឃុត សុខឿន, តែ​ខ្ញុំ​បាទ​សូមបញ្ចាក់ថា គណៈកម្មការទាំងអស់​នេះ មិនមែនគណៈកម្មការអចិន្ត្រៃទេ ដោយ​អាចផ្លាស់ប្ដូរ​ទៅតាមតាមឆ្នាំនីមួយ​បាន​​ក្នុង​ករណី​ដែលតម្រូវ​​ចាំបាច់ ហើយ​ចំពោះស្នាដែលបានជ្រើសរើសមកបោះពុម្ព ក៏​មិនបានទទួលរង្វាន់អ្វីដែរ​ ដោយ​បើស្នាដៃជាប់បេក្ខជន​នឹងចូលរួមវិភាគទានថវិកាផ្ទាល់ ដើម្បីបោះពុម្ពស្នាដៃរបស់ខ្លួនរួមជាមួយ​អ្នកដទៃ ហើយចែកជាសៀវភៅវិញ មានន័យថា ស្នាដៃមានតែមួយអ្នកនិពន្ធ​មិនអាច​បោះបានទេ តែបើរួមជាមួយអ្នកដទៃអាចបោះពុម្ពផ្សាយបាន ចំណែកនាពេលអនាគត យើងមានបំណងរកមូលនិធិបោះពុម្ពនិងចែកសៀវភៅទាំងនោះជូនដល់សាលារៀន, ស្ថាប័នអប់រំ និងរកប្រាកចំណូលទ្រទ្រង់សមូហកម្មឱ្យ​ដំណើរការទៅមុខ​រលូន​បន្ត​ទៀត ដោយ​យើង​រក្សាជំហរក្នុង​ការ​ជ្រើសស្នាដៃមួយដែលមានគុណភាពអាចយកបាន ទោះបីមិនដល់ល្អដាច់ ក៏អាចយកបានដែរ មានន័យថា ជារឿងដែលសរសេរបានត្រឹមត្រូវ​ ច្បាស់លាស់ជារឿងខ្លី  អាចជាស្នាដៃមានមាត្រដ្ឋានមានលក្ខណៈអក្សរសិល្ប៍ពិតបា្រកដ មិន​អុចអាល ឬរុកកួនញុះញង់សង្គម។

 

លោក ឡឹក ជំនោរ បាន​បញ្ជក់​មុននឹង​បញ្ចប់​កិច្ចសម្ភាសន៍ជាមួយ “គេទំព័រអ្នកនិពន្ធ​កម្ពុជា” ថា “រហូត​មកទល់នឹង​ពេលនេះ “មន្តទឹកខ្មៅ” បាន​ធ្វើការជ្រើសរើសស្នាដៃបោះពុម្ពរួមគ្នាបាន​ចំនួន២ដងរួចមកហើយ គឺនៅចុងឆ្នាំ២០១៧ (ចេញផ្សាយស្នាដៃរឿងខ្លី មន្តទឹកខ្មៅ) និងចុងឆ្នាំ២០១៨ (ចេញផ្សាយរឿងខ្លី ព្រៃរំដួល) ហើយ​យើង​ក៏នឹង​ត្រៀម​បោះ​ពុម្ពលើកទី៣នូវ​​ស្នាដៃ​ជ័យលាភីរបស់​បេក្ខជនដែលយើង​បាន​​ជ្រើសរើសសម្រាប់​ ឆ្នាំ២០១៩ ផងដែរ។

“គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ពីសាវតារ​សង្ខេប​របស់ លោក ឡឹក ជំនោរ បន្តិចថា លោកកើតនៅ​ថ្ងៃទី២១ មីនា ឆ្នាំ១៩៨០  (ប៉ុន្តែក្នុងរាជការដាក់ថ្ងៃកំណើត២៨ កក្កដា ១៩៧៩) លោក​កើត​នៅភូមិគរ, ឃុំចន្ត្រី, ស្រុករមាសហែក, ខេត្តស្វាយរៀង។ ក្នុងនាម​លោក​ជា​អ្នក​ដែលចូលចិត្តការសរសេរចងក្រង លោកមានឱកាសបានបណ្ដុះបណ្ដាលវគ្គខ្លីស្ដីពីការតែងនិពន្ធរឿងខ្លី និងអត្ថបទភាពយន្ត នៅប្រទេសលាវ កំឡុងឆ្នាំ២០០៧  ដោយទំនោរសំណេរមាននាមប៉ាកកាក្នុងស្នាដៃលោកគ្រូឱ្យលោកស្នើដាក់នាមប៉ាកកាថា “ប៉ាកកាខ្មែរ(ប្រើលើរឿងខ្លី), ម្ចាស់ប៉ាកកា (ប្រើក្នុងសំណេរកំណាព្យ…)។ លោក​រស់ក្នុងគ្រួសារដែលឪពុកជាមន្ត្រីនៅមន្ទីរសាធារណការខេត្តស្វាយរៀង(និវត្តន៍) និងមាន​ម្ដាយជាកសិករ។ ឪពុករបស់លោកនាម ឡឹក សំខាន់,  ម្ដាយនាម ​ពៅ សន។ លោក​មានបងប្អូន២នាក់ ដោយលោក​ជាកូនទី១, ប្អូនស្រី ឈ្មោះ ឡឹក សុមនា មាន​អាជីពជាស្មៀនឃ្មុំ។ នៅឆ្នាំ២០០០ ​លោក​បាន​បញ្ចប់សញ្ញាបត្រគរុកោសល្យ(ជំនាញភាសាខ្មែរសីលធម៌ពសលរដ្ឋវិជ្ជា)។ ឆ្នាំ២០០៩ លោក​បាន​បញ្ចប់បរិញ្ញាបត្រភាសានិងអក្សរសាស្ត្រលាវ (សាកលវិទ្យាល័យជាតិលាវ ប្រទេសលាវ)។ ឆ្នាំ២០១៣ លោក​បាន​បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ វិធីសាស្ត្របង្រៀន នៅសាកលវិទ្យាល័យរាជភ័ត្តស៊ីសៈកេត ប្រទេសថៃ។  ឆ្នាំ២០១៩ លោក​បាន​បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត រដ្ឋបាលអប់រំ នៅសាកលវិទ្យាល័យរាជភ័ត្តស៊ីសៈកេត ប្រទេសថៃ។ ចំណែក​បច្ចុប្បន្នលោកជា គ្រូបង្រៀន និងជា​សមាជិកក្រុមលេខាសម្ដេច​នាយករដ្ឋមន្ត្រី។ ក្រៅពីការងារ​រាជការ លោក​ជាអនុប្រធាន “សមាគមអ្នកនិពន្ធខ្មែរ” អាណត្តិទី១០ និងសហស្ថាបនិកក្រុមអ្នកនិពន្ធមន្តទឹកខ្មៅផងដែរ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / ប្រភពរូបភាព ៖ Chan Media / រក្សាសិទ្ធិ ៖ cambowriter.com

 


error: អត្ថបទរក្សាសិទ្ធ !!