“Captain បណ្តូលចិត្ត” ប្រលោមលោកថ្មី​ កំពុង​ល្បី​ក្នុង​ស្រទាប់​ប្រិយមិត្ត​​អ្នក​អាន

  • August 15th, 2019

 

“Captain បណ្តូលចិត្ត” គឺជាឈ្មោះ​នៃ​ចំណង​ជើង​សៀវភៅ​ប្រលោមលោក​ថ្មីមួយ ដែលទើប​បោះ​ពុម្ភ​ចេញ​ផ្សាយថ្មីៗ និង​កំពុងល្បី​ក្នុង​ស្រទាប់​​​ប្រិយ​មិត្ត​អ្នកអានយ៉ាង​ខ្លាំង ព្រោះ​ជាប្រភេទ​ប្រលោមលោក​ស្នេហាបែប​លេបខាយឌឺដងដ៏គួរ​ឱ្យ​ជក់ចិត្ត​ពីមួយ​ទំព័រទៅមួយ​ទំព័រ។ 

អ្នក​និពន្ធ លឹម សន្តិភាព ដែលជាម្ចាស់ស្នាដៃ​ប្រលោម​លោក​​ដ៏ល្អមួយនេះ និង​កំពុង​រស់​នៅ​ប្រទេស​កាណាដា បាន​បង្ហាញ​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ថា “ប្រលោមលោក​មួយក្បាល​នេះ គឺ​វាជាភាគនិទានពីក្មេងស្រីកំព្រាម្នាក់ ដែលមានអតីតកាលដ៏ឈឺចាប់ តស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីតាមចាប់យកការងារក្នុងក្តីស្រមៃរបស់ខ្លួនជានារីអាកាសចរម្នាក់។ ប៉ុន្តែតួនាទីនិងទំនួលខុសត្រូវជានារីអាកាសចរល្អម្នាក់ បែរជាវិះតែឆក់យកជីវិតរបស់នាងក្រមុំទៅវិញ។ ក្តីស្រលាញ់ដ៏ស្មោះត្រង់រវាងមិត្តល្អ, ស្នេហាដ៏ផ្អែមល្ហែមបែប​ឌឺដងរវាងក្រមុំ​អាកាសចររូបស្រស់​និងកម្លោះ​សង្ហា​ Captain  ក៏បាន​បង្កើត​ចេញជាសាច់​រឿងស្នេហា​បែប​ឌឺដង​​មួយ ដែល​មានបង្កប់​​​គ្រប់​រសជាតិ ទាំង​ផ្អែមល្ហែម, កំប្លុកកំប្លែង, កម្សត់, សប្បាយ…” អ្នកស្រី​បាន​បន្ថែមទៀតថា “តែ​ថ្វី​បើរឿង​នេះ​​ជា​ប្រលោមលោក​បែប​ស្នេហា​ឌឺដង​លែប​ខាយ​ក៏ពិតមែន តែ​ខ្ញុំ​ក៏បានបង្កប់​នូវ​តម្លៃ​អប់រំ​​ក្នុងរឿងមួយ​ចំនួន​ផងដែរដូចជា ទី១-នារីទាំងឡាយគួរតែរៀនស្គាល់ក្តីស្រមៃរបស់ខ្លួន ហើយតស៊ូព្យាយាមធ្វើឱ្យក្តីស្រមៃនោះក្លាយទៅជាការពិត។ ទី២-មនុស្សមិនគួរអាត្មានិយមពេកទេ គួរតែបើកចិត្តចេះជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាអាសន្ន។ ទី៣-ល្បែង គ្រឿងញៀន គឺជាសត្រូវរបស់មនុស្សជាតិ កុំប៉ះពាល់វា និង​ទី៤ដែល​ជាតម្លៃ​អប់រំ​ចុង​ក្រោយ គឺមនុស្ស​គួរមានចំណងមិត្តភាពល្អ, ចេះជួយគ្នា និងស្រលាញ់ស្មោះត្រង់នឹងគ្នា​ដោយគ្មាន​ល្បិច​កិចកល… ហើយ​​ខ្ញុំ​សង្ឃឹមថា ​តម្លៃ​អប់រំ​នេះនឹងក្លាយជាប្រយោជន៍បាន​មួយ​ផ្នែក​ក្នុង​ជីវិត​រស់នៅ​សម្រាប់ប្រិយមិត្ត​​អ្នក​អាន​របស់​ខ្ញុំ​ នៅពេល​ដែលពួកគាត់​បាន​​អានហើយយកទៅ​អនុវត្តតាម។”

អ្នកនិពន្ធ លឹម សន្តិភាព

អ្នក​និពន្ធ​ លឹម សន្តិភាព បាន​បញ្ជាក់ថា “សៀវភៅប្រលោមលោកនេះ ខ្ញុំ​បោះពុម្ពឡើងក្នុង​​ខ្នាតA5, ចំនួន៣៤៤ទំព័រ, តម្លៃ 8$ ដោយ​ខ្ញុំ​​បានចំណាយពេលក្រោយពីបំពេញការងាររួច​រាល់ សរសេររឿងនេះជា​រៀង​រាល់យប់ ដោយ​យប់​ខ្លះ​​ដល់​ម៉ោងមួយក៏មាន ទម្រាំចប់សព្វគ្រប់ចំណាយ​ពេល​ប្រហែលជាមួយឆ្នាំ ហើយសរុប​ទាំង​អស់​មាន​៣៥វគ្គ។” 

ដូច្នេះ ប្រសិន​បើ​លោក​អ្នកចង់​ជាវ​សៀវភៅ​ប្រលោម​លោក “Captain បណ្តូលចិត្ត” ​នេះ​យក​ទៅ​អាន ឬបាន ឬលោក​អ្នកចង់​​ទាក់ទងយកទៅ​បោះដុំនិងលក់រាយ លោក​អ្នក​អាចទំនាក់​ទំនង​សាក​សួរ​ព័ត៌មាន ឬទិញតាមផេកអនឡាញ SP Books https://www.facebook.com/lspbooks/ ឬតាម​រយៈ​អ៊ីម៉ែល santepheapbook@gmail.com ឬ​អាច​ទៅ​ទិញ​ដោយផ្ទាល់​បាន​នៅ​តាមទីកន្លែងមួយ​ចំនួននៅភ្នំពេញ ដូចជា ៖

 * បណ្ណាគារស្រលាញ់សៀវភៅ (ផ្លូវ៤៣០ ទួលទំពូង២ ទល់មុខPtt)

* បណ្ណាគារ DJ Nana (ជាន់ទីបួន ផ្សារសុរិយា)

* បណ្ណាល័យបញ្ញវន្ត (លេខ៣៥BE2 ផ្លូវ២៩៨)

* និស្ស័យស្នេហ៍សៀវភៅនិងសួស្តីកាហ្វេ (ក្នុងផ្សារជម្ពូរវ័ន ទូរស័ព្ទ០១០៤២៦៤៦១) 

* ឬ​ខេត្ត​បាត់ដំបង នៅ​ បណ្ណាគារឥន្ទ្រទេវី…  

​កុំ​ភ្លេចណា៎ប្រិយមិត្ត​អ្នក​និយម​អាន​សៀវភៅ​ទាំង​ឡាយ បើ​លោក​អ្នក​នៅ​មិន​ទាន់​បាន​អាន​​ស្នាដៃ​​ប្រលោក​លោកនេះ​ទេ លោក​អ្នក​អាច​រក​ជាវយក​មកអាន​តាម​វិធីនិង​ទីកន្លែង​ដូច​រៀបរាប់​ខាងលើ​នេះបាន។ ចំណែក​អ្នក​ដែលបាន​អាន​ហើយ “គេហទំព័រ​​អ្នក​និពន្ធ​កម្ពុជា” យើង​ខ្ញុំ​ក៏មាន​ដំណឹងល្អ​សម្រាប់​លោក​អ្នក​ផងដែរ ព្រោះ​បើ​តាម​សំដី​បញ្ជាក់របស់ អ្នក​និពន្ធ​ លឹម សន្តិភាព អ្នក​ស្រី​នឹងបោះ​ពុម្ភ​ស្នាដៃ​ប្រលោមលោក​ថ្មីៗ​​ជាបន្ត​បន្ទាប់មួយ​ចំនួន​ទៀត​​ឆាប់ៗ​នេះ​ហើយ៕

និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / ប្រភពរូបភាព ៖ លឹម សន្តិភាព / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!