កំពូលអត្ថប្រយោជន៍ទាំង៥យ៉ាងពីការអានសៀវភៅ
- August 13th, 2019
កំពូលអត្ថប្រយោជន៍ទាំង៥យ៉ាងពីការអានសៀវភៅ
១/បើកចំហជើងមេឃនៃចំណេះដឹង ៖ បើអ្នករៀនចប់ពីសាលា ហើយអ្នកមិនអានសៀវភៅ មានន័យថា អ្នកបានកំណត់ព្រំដែនចំណេះដឹងរបស់អ្នកត្រឹមនេះហើយ ហើយអ្នកក៏គ្មានថ្ងៃចេះលើសពីអ្វីដែលអ្នកទទួលបានពីការរៀននៅសាលានោះដែរ តែបើអ្នករៀននៅសាលាចប់ ហើយអ្នកនៅតែបន្តស្វះស្វែងរៀនសូត្របំពេញចំណេះដឹងដល់ខ្លួនបន្ថែម ជាពិសេសបន្តអានសៀវភៅថ្មីៗដែលល្អប្រកបដោយគុណតម្លៃដល់ជីវិត នោះអ្នកនឹងកាន់តែមានចំណេះដឹងជ្រៅជ្រះទូលំទូលាយ៉ាងប្រាកដ ព្រោះអ្វី? នេះក៏ព្រោះថា អ្នកបានបើកចំហជើងមេឃនៃចំណេះដឹងដល់ខ្លួនឯងនោះឯង ត្បិតចំណេះដែលអ្នករៀនទទួលបានពីសាលា វាគ្រាន់តែជាផ្នែកដ៏តូចល្អិតមួយ ដែលគេដកស្រង់ចេញពីសៀវភៅយកមកបង្រៀនអ្នកប៉ុណ្ណោះ និយាយឱ្យចំអ្នកមិនខុសពីកង្កែបក្នុងអណ្ដូងដែលមើលឃើញត្រឹមមួយជ្រុងតូចនៃផែនដីឡើយ ប្រសិនបើអ្នកមិនបន្តអានសៀវភៅបន្តទៀតទេនោះ។
២/ដឹងរឿងរ៉ាវជាច្រើនជុំវិញពិភពលោក ៖ មិនថាជារឿងរ៉ាវប្រវត្តិសាស្រ្ត, នយោបាយ, សេដ្ឋកិច្ច, សង្គម, ប្រពៃណី, វប្បធម៌ ឬអ្វីមួយផ្សេងទៀតនោះទេ ឱ្យតែអ្នកបានអានសៀវភៅច្រើនពិតមែននោះ កម្រមានរឿងអ្វី ដែលអ្នកមិនដឹងណាស់ ព្រោះសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដ៏សម្បូរបែបបំផុត ដែលអាចឱ្យអ្នកដឹងបាននូវរឿងរ៉ាវគ្រប់យ៉ាងជុំវិញពិភពលោក ជាពិសេសរឿងរ៉ាវដ៏អស្ចារ្យមួយចំនួនដែលអ្នកមិនធ្លាប់ដឹងពីមុនមកទាល់តែសោះ។ ហេតុនេះបើអ្នកចង់ដឹងរឿងរ៉ាវសំខាន់ៗនានាជុំវិញពិភពលោក ចង់មានការយល់ដឹងទូលំទូលាយ និងចង់ដឹងនូវរឿងរ៉ាវប្លែកៗថ្មីបន្តទៀតដែលទើបកើតមាន អ្នកត្រូវតែបន្តអានសៀវភៅបន្តទៀតកុំឈប់ឱ្យសោះ ជាពិសេសសៀវភៅថ្មីៗរបស់អ្នកនិពន្ធល្បីៗដែលទើបបោះពុម្ព គឺត្រូវតែបន្តអានរហូតដល់ក្លាយជាទម្លាប់និស្ស័យ។
៣/បង្កើនចំណេះដឹងកាន់តែមុតស្រួច ៖ “យកសៀវភៅធ្វើជាមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា” ពិតណាស់! ព្រោះចំណេះដឹងល្អៗគ្រប់បែបយ៉ាងគឺមានក្នុងសៀវភៅនេះឯង ដោយបើអ្នកជាបុគ្គលដែលចូលចិត្តអានសៀវភៅ និងចេះជ្រើសយកសៀវភៅល្អៗប្រកវដោយគុណតម្លៃយកមកអាន ជារៀងរាល់ថ្ងៃ រាល់ពេលទំនេរ និងបន្តអានគ្មានឈប់ឈរ ចំណេះដឹងរបស់អ្នកក៏កាន់តែមុតស្រួចទៅតាមនោះដែរ ព្រោះអ្វី? នេះក៏ព្រោះថាបើអ្នកអានសៀវភៅជារៀងរាល់ថ្ងៃ អ្នកនឹងកើនចំណេះរៀងរាល់ថ្ងៃ ដែលការកើនចំណេះរៀងរាល់ថ្ងៃនេះ ដែលធ្វើឱ្យអ្នកកាន់តែចំណេះដឹងមុតស្រួចកាន់តែខ្លាំងឡើងៗនៅទីបំផុត ដោយគ្មានកំផែងឧបសគ្គអ្វីដែលចំណេះដឹងដ៏មុតស្រួចរបស់អ្នកចាក់មិនធ្លាយធ្លុះនោះឡើយ។
៤/ធ្វើឱ្យអ្នកយល់ដឹងច្រើនជាងអ្នកដទៃ ៖ ការយល់ដឹងពីអ្វីៗនៅជុំវិញខ្លួនសំខាន់ខ្លាំងណាស់ ជាពិសេសរឿងរ៉ាវសំខាន់ៗទាំងឡាយដែលពាក់ព័ន្ធនឹងជីវិត, ការរស់នៅ និងការប្រកបការងារប្រចាំថ្ងៃ ក៏ដូចជាផែនការនៅថ្ងៃអនាគត ព្រោះមានតែការយល់ដឹងទូលំទូលាយប៉ុណ្ណោះ ទើបអាចធ្វើឱ្យអ្នកដឹងថា តើគួរប្រព្រឹត្តបែបណាទើបជីវិតជោគជ័យ ហើយមានតែការអានប៉ុណ្ណោះគ្មានឈប់ឈរប៉ុណ្ណោះ ទើបអាចឱ្យអ្នកមានការយល់ដឹងទូលំទូលាយបាន ដូច្នេះបើអ្នកចង់មានការយល់ដឹងទូលំទូលាយជាងអ្នកដទៃ ចង់ជោគជ័យខ្លាំងជាងអ្នកដទៃ អ្នកត្រូវតែអានឱ្យបានច្រើនជាងអ្នកដទៃ ព្រោះការអានច្រើនជាងអ្នកដទៃ វានឹងធ្វើឱ្យអ្នកមានយល់ដឹងច្រើនជាងអ្នក ដែលការយល់ដឹងច្រើនជាងអ្នកដទៃនេះហើយ នឹងធ្វើឱ្យអ្នកអាចសាងភាពជោគជ័យបានខ្លាំងជាងអ្នកដទៃយ៉ាងប្រាកដ។ ។
៥/ឆាប់ទៅដល់គោលដៅក្នុងជីវិត ៖ បើអ្នកអានសៀវភៅបានច្រើន ហើយបន្តអានដោយគ្មានឈប់ឈរ រហូតដល់អាចបណ្ដុះជានិស្ស័យបាន ជាពិសេសសៀវភៅល្អៗទាំងឡាយដែលពាក់ព័ន្ធនឹងការងារក្នុងក្ដីស្រមៃដែលជាគោលដៅក្នុងជីវិតរបស់អ្នក នោះអ្នកមុខជានឹងអាចឆាប់ទៅដល់គោលដៅនោះបានយ៉ាងលឿនបំផុត ព្រោះចំណេះដឹងដែលអ្នកទទួលបានពីការអានសៀវភៅទាំងឡាយនោះ និងជម្រុញឱ្យការអនុវត្តរបស់អ្នកត្រូវចំគោលដៅនិងមានប្រសិទ្ធភាពបំផុត ដោយគ្មានអ្វីអាចមករារាំងបង្អាក់ដំណើរឆ្ពោះទៅរកគោលដៅក្នុងជីវិតរបស់អ្នកនោះបានឡើយ។
និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ Google / រក្សាសិទ្ធិ ៖ cambowriter.com