ប្រពន្ធល្អដែលបុរសៗតែងតែប្រាថ្នាជាគូអនាគត
- August 13th, 2019
ប្រពន្ធល្អដែលបុរសៗតែងតែប្រាថ្នាជាគូអនាគត
ប្រពន្ធមិនចាំបាច់ឥតខ្ចោះនោះទេ តែប្រពន្ធចាំបាច់ត្រូវតែល្អ ត្រូវតែជានារីដែលអាចជួយលើកកម្ពស់មុខមាត់ស្វាមីនិងគ្រួសារឱ្យថ្កុំថ្កើងរុងរឿង ទាំងកិត្តិយស ការងារ និងទ្រព្យសម្បត្តិ។ នេះហើយជាលក្ខណៈសម្បត្តិរបស់ប្រពន្ធល្អ ដែលបុរសៗទាំងឡាយតែងតែប្រាថ្នាចង់បានជាគូអនាគត និងចង់ឱបក្រសោបក្នុងជីវិតបំផុត។
លោក Mark Zuckerberg ស្ថាបនិក Facebook ដែលជាបណ្ដាញសង្គមដ៏ពេញនិយមទូទាំងពិភពលោកនាពេលបច្ចប្បន្ន លោកបានលើកឡើងថា “ប្រពន្ធល្អ គឺជាប្រពន្ធដែលអាចជួយជម្រុញឱ្យប្ដីសម្រេចកិច្ចការធំ មិនមែនជាប្រពន្ធដែលចង់ឱ្យប្ដីលើកធ្វើជាធំនោះឡើយ” លោកចង់មានន័យថា ទោះជាប្រពន្ធពូកែយ៉ាងណា ឆ្លាតវាងវៃយ៉ាងណា ត្រូវតែចេះដាក់ខ្លួននៅពីក្រោយប្ដី ត្រូវតែចេះផ្ដល់គំនិតយោបល់ឱ្យប្ដីនៅពីក្រោយខ្នង មិនមែនជាប្រភេទប្រពន្ធដែលល្ងង់ធ្វើចេះ ហើយតែងតែព្យាយាមចង់ដើរស្មើប្ដី ឆ្កាដៃឆ្កាជើងច្រង៉េងច្រង៉ាង ទ្រឹស្ដីហៀរហូរ ដោយចេះតែចង់សម្ដែងគំនិតនៅចំពោះមុខមិត្តភ័ក្តិក្រុមការងារប្ដី ដើម្បីចង់ឱ្យគេមើលគ្រប់គ្នាមើលឃើញថាខ្លួនជាប្រពន្ធដ៏អស្ចារ្យចេះដឹងគ្រប់រឿងនោះទេ ហើយក៏គ្មានប្ដីណាមកសប្បាយចិត្តដែលឃើញប្រពន្ធរបស់ខ្លួនបែបនេះនោះដែរ ត្បិតនេះជារឿងដ៏គួរអាម៉ាស់ខ្លាំងណាស់ចំពោះបុរសជាប្ដីក្នុងក្រសែភ្នែកមនុស្សជុំវិញខ្លួន ជាពិសេសមិត្តភក្តិ ក្រុមការងារ អ្នកក្រោមបង្គាប់ និងដៃគូរស៊ីទាំងឡាយ។
ខ្ញុំជឿថា សព្វថ្ងៃមានច្រើនណាស់នារីជាប្រពន្ធដែលមានចរិតបែបនេះ តែត្រង់ចំណុចនេះ ខ្ញុំសូមមិនបរិយាយវែងឆ្ងាយទេ តែអ្វីដែលខ្ញុំចង់បង្ហាញបំផុតនោះ គឺលក្ខណៈសម្បត្តិល្អរបស់ប្រពន្ធ ដែលជាចំណុចដ៏ចម្បងបំផុតដែលកំណត់ជោគវាសនាគ្រួសារប្ដីប្រពន្ធទាំងឡាយថា តើនឹងរុងរឿង ឬអាប់ឱននៅថ្ងៃអនាគត ព្រោះបើជាប្ដីពូកែយ៉ាងណា ល្អយ៉ាងណា ប្រកបដោយកេរ្តិ៍ឈ្មោះកិត្តិយសខ្ពង់ខ្អស់កម្រិតណា បើប្រពន្ធមិនប្រពន្ធមានចរិតមិនកើតហើយ មុននិងក្រោយច្បាស់ជាចំណងគ្រួសារនោះ មុខជាគ្មានថ្ងៃអាចសាងភាពជោគជ័យធំដុំក្នុងគ្រួសារ និងមិនអាចទទួលបានការឱ្យតម្លៃខ្ពស់ពីមនុស្សជុំវិញខ្លួនឡើយ ផ្ទុយទៅវិញ មានតែធ្វើឱ្យគ្រួសារកាន់តែអាប់ឱនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់លិចលង់ប៉ុណ្ណោះ។ ចំណែកឯរឿងកិច្ចការផ្ទះ ការទុកដាក់ទ្រព្យសម្បត្តិ ការប្រើប្រាស់ពាក្យសម្ដី ឫកពារ អាកប្បកិរិយា មាយាទ និងភាពស្មោះត្រង់ក្នុងគ្រួសារ ខ្ញុំសុំមិនលើកយកមកនិយាយនោះទេ ព្រោះចំណុចអស់ទាំងនេះវាជាបេះដូងនៃទំនាក់ទំនងគ្រួសារប្ដីប្រពន្ធរួចទៅហើយ បើគ្មានចំណុចអស់ទាំងនេះទេ គ្រួសារមួយក៏មិនអាចដើរទៅមុខជាមួយគ្នាដល់ត្រើយសុភមង្គលនៅទីបំផុតដែរ។
ដូច្នេះចូរចាំណា៎ស្ត្រីដែលកំពុងមានងារជាប្រពន្ធទាំងឡាយ អ្នកត្រូវតែយល់ពីចំណុចនេះឱ្យបានច្បាស់ មិនថាអ្នកឆ្លាតវៃយ៉ាងណា ពូកែយ៉ាងណា ឬមានឋានៈគ្រួសារខ្ពង់ខ្ពង់ជាងប្ដីកម្រិតណានោះទេ អ្នកត្រូវតែចេះដាក់ខ្លួន ត្រូវតែចេះផ្ដល់តម្លៃឱ្យប្ដីរបស់ខ្លួនឱ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ជាពិសេសពេលនៅចំពោះមុខអ្នកដទៃតែម្ដង មិនត្រូវធ្វើអ្វីក្នុងន័យចង់ឱ្យគេស្ងើចសរសើរខ្លួនថាអស្ចារ្យជាងប្ដីនោះឡើយ តែអ្នកត្រូវតែជានារីដ៏ពូកែម្នាក់ ត្រូវតែជាទីប្រឹក្សាដ៏ឆ្នើមម្នាក់នៅពីក្រោយប្ដី ដែលអាចជួយលើកមុខមាត់កិត្តិយសប្ដី និងជួយឱ្យប្ដីសម្រេចកិច្ចការធំបាន នោះទើបហៅថាជា “ប្រពន្ធល្អ ប្រពន្ធឆ្នើម” ពិតប្រាកដ។
តែប្រពន្ធទាំងឡាយក៏ត្រូវចង់ចាំដែរផងណា៎ ទង្វើនេះសម្រាប់តែបុរសជាប្ដីទាំងឡាយណាដែលស័ក្តិសមនឹងឱ្យអ្នកផ្ដល់តម្លៃនិងលើកតម្កើងតែប៉ុណ្ណោះ មានន័យថាជាប្ដីល្អដែលចេះស្រឡាញ់ក្រុមគ្រួសារ ស្មោះត្រង់ចំពោះគ្រួសារ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីគ្រួសារ ចេះលើកកម្ពស់មុខមាត់កិត្តិយសគ្រួសារ និងគិតពីគ្រួសារជាធំប៉ុណ្ណោះ មិនមែនជាប្រភេទប្ដីហេងសយ ដែលយកស្រាជាទឹក ហាងផឹកស៊ីជាផ្ទះនោះឡើយ៕
និពន្ធអត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ Google / រក្សាសិទ្ធិ ៖ cambowriter.com