លោក ឃឹម ច័ន្ទសុអហំ ចែករំលែកចំណេះដឹងផ្នែករឿងខ្លី

  • August 13th, 2019

ចំណេះ​​តែង​​​និពន្ធពិតជាមាន​សារៈ​សំខាន់​​ណាស់​សម្រាប់​អ្នក​និពន្ធគ្រប់រូប ព្រោះ​មាន​តែ​ការ​មាន​ចំណេះ​ផ្នែក​តែង​​និពន្ធច្បាស់​លាស់​ប៉ុណ្ណោះ ទើបធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជា​អ្នក​និពន្ធ​ពិត​ប្រាកដ​មួយ​រូប​ ដែលអាច​តាក់តែង​និពន្ធស្នាដៃ​​ល្អៗ​​ប្រកបដោយគុណ​តម្លៃឡើង ​សម្រាប់​ពលរដ្ឋនិង​​សង្គម​ជាតិរបស់​​​ខ្លួន។ 

​ចំណេះ​​តែង​និពន្ធមាន​ច្រើន​ផ្នែក​ណាស់ តែនៅពេលនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមលើកយកតែ​​ “ផ្នែក​រឿង​ខ្លី” មកបង្ហាញ​ជូនឱ្យលោក​អ្នកបាន​ដឹងជា​មុន​សិន​ប៉ុណ្ណោះ​ ដែល​ចំណេ​ផ្នែក​រឿង​ខ្លី​នេះ ពិតជា​មាន​ជា​មាន​សារៈសំខាន់ខ្លាំង​ណាស់​សម្រាប់​អ្នក​និពន្ធ​គ្រប់​រូប ជាពិសេស​សម្រាប់អ្នកដែល​កំពុង​មានបំណងចង់​ចេះនិពន្ធ​រឿង​ខ្លី​ឱ្យ​បាន​ល្អតែ​ម្ដង ព្រោះ​រឿង​ខ្លីជា​ប្រភេទ​រឿង​មួយដែល​ពិបាក​ក្នុង​ការ​តាក់តែងណាស់ មិន​មែនងាយ​ស្រួល​ដូចជាការ​លើក​ឡើង​របស់បុគ្គល​មួយ​ចំនួននោះឡើយ។

ដូច្នេះ ដើម្បីបាន​ជ្រាប​ច្បាស់​ពីរឿង​ខ្លី? និង​ដើម្បី​ទុកជា​ចំណេះដឹងគេហទំព័រអ្នក​និពន្ធ​កម្ពុជា” យើងខ្ញុំសូមបង្ហាញនូវ​​ការ​លើក​ឡើង​របស់​​ លោក ឃឹម ច័្ទនសុអហំ ដែល​ជាអ្នក​មានការ​យល់​ដឹង​ច្បាស់​ពី​ផ្នែក​រឿង​ខ្លីនេះ មកបង្ហាញ​ជូនដល់​​លោក​អ្នកដូច​តទៅ ៖

“ដែលហៅថារឿងខ្លី គឺមិនមែនរឿងវែង។ រឿងខ្លី គឺសរសេរឱ្យខ្លីបំផុត។ កាលអាកាសក៏ខ្លី (ក្នុងទីតូចមួយ, ឬពេលត្រឹមតែ១នាទី…”។ តួអង្គក៏តិច។ ប្រយោគឬឃ្លាក៏ខ្លីៗ។ បង្ហាញត្រង់ដោយមិនលាក់សាច់រឿង។ មានតែមួយប្រធានបទ។ តួអង្គត្រូវតែជាមនុស្ស។​ ចុងបញ្ចប់រឿងធ្វើឱ្យមានការភ្ញាក់ផ្អើល ឬអ្នកអាននឹកស្មានមិនដល់ ស្មានមិនត្រូវជាដើម។ ចំពោះការប្រើពាក្យត្រូវតែមុតស្រួច មិនពណ៌នាវែងអន្លាយឆ្ងាយន័យសេចក្ដីឡើយ។ គឺខ្លីៗ ចំខ្លឹមសារចង់បង្ហាញ ចំសាច់រឿងដែលចង់លាតត្រដាង។ ពោល​មិន​ពណ៌នា​បើក​​ក្បាល​ដូច​ប្រលោម​លោក​នោះ​ទេ តែត្រូវនិយាយដល់ជម្រៅនៃសាច់រឿងតែម្ដង។ ក្នុងរឿងខ្លី សំខាន់បំផុត ការប្រើពាក្យ។ ពោល​គឺភាសាត្រូវរស់រវើកដោយ​ទស្សនៈ ប៉ុន្ដែខ្លីៗ ខ្លឹមៗ អត់ណែងណងរៀបរាប់វែងឆ្ងាយអ្វីទេ។ ជា​ទូទៅគេច្រើនសង្កេតឃើញថា រឿងខ្លីមានពីរប្រភេទ ឬ​និយាយ​ងាយ​ស្រួល​គេ​អាច​សរសេរ​បាន​ពីរ​​បែប។ គឺសរសេរបែបបុរសទាំងបី និងសរសេរបែបបុរសទី១។ ចំពោះ​ការ​សរសេរ​បែប​បុរស​ទាំងបី គឺសរសេរស្រដៀងគ្នាទៅ​នឹងទម្រង់នៃការសរសេរប្រលោមលោកខ្នាតវែង ឬខ្នាតខ្លីដែរ ពោល​​សរសេរ​រៀប​រាប់​​ទេសភាព ឬវិការដ្ឋានផ្សេងៗ ​ប៉ុន្ដែការសរសេររៀបរាប់នោះ ត្រូវ​តែ​សរសេរ​រៀប​​រាប់​ខ្លីៗបំផុត។ ដោយ​ឡែក​ចំពោះការសរសេរបែបបុរសទី១វិញ គឺសរសេរដោយប្រើពាក្យថា “ខ្ញុំ” តាំង​ពីដើមរហូតដល់ចប់។ ការណ៍​សរសេរបែបបុរសទី១នេះ គេមិនតម្រូវឱ្យអ្នកសរសេរចុះ​បន្ទាត់​ដាក់​​រជ្ជុសញ្ញា “ – “  គឺគេឱ្យតួនិយាយរឿងរហូត​មួយចប់សាច់រឿងតែម្ដង។ ជារួមរឿងខ្លីគេច្រើនតែសរសេរ​បែបបុរសទី១។ ដ្បិតរឿងខ្លីជារឿងប្រឌិត​ពេញ​​ដោយទស្សនវិជ្ជា។ ម្យ៉ាងក៏ជារឿងដែលគេត្រូវ​តែជម្រើស ជម្រុះ ចម្រាញ់យកតែគំនិតខ្លឹមៗមកសរសេរ​​ប្រកបដោយសោភ័ណនៃញាណទស្សនៈ។”

លោក ឃឹម ច័្ទនសុអហំ បាន​បង្ហាញ​ពីភាព​ខុស​គ្នា​រវាង​រឿង​ខ្លី​និង​ប្រលោមលោក​ថា “និយាយជារួមយើងអាចសន្មតបានថា រឿងខ្លីខុសពីប្រលោម ត្រង់រឿងខ្លី សរសេរឱ្យខ្លីបំផុត គឺអាចត្រឹមតែកន្លះទំព័រ ឬ៤ទៅ៥បន្ទាត់ក៏បានជាដើម។ មួយវិញទៀតគ្មានចែកចេញជាវគ្គ ជាឈុត ជាឆាក ដូចប្រលោមលោកនោះឡើយ។ អ្វីដែលពិសេសនោះ រឿងខ្លីគឺបកស្រាយ តែមួយគំនិតនៃប្រធានបទ។ ពោលមិនឆ្លង ឬរាលដាលទៅប្រធានបទផ្សេងៗដូចប្រលោមលោកនោះទេ។ និយាយរួមរឿងខ្លី ពុំមែនប្រលោមលោកដែលសរសេរបង្រួមមកឱ្យនៅខ្លី ហើយហៅថារឿងខ្លីនោះទេ។ រឿងខ្លី គឺជារឿងដែលបកស្រាយមួយគំនិតនៃប្រធានបទ។ មានន័យថា គឺជាគំនិតសំខាន់នៃរឿងតែមួយគត់ដែលចង់បកស្រាយ ឬជាគោលគំនិតមួយដែលអ្នកនិពន្ធចង់លើកបង្ហាញដើម្បីឆ្លុះបញ្ចាំងពីជ្រុងតូចមួយនៃគំនិតដើម្បីផ្ដល់ទៅឱ្យអ្នកអានរបស់ខ្លួនដោយមិនរាលដាលប្រធានបទ។ ម្យ៉ាងរឿងខ្លី តម្រូវមិនឱ្យមានករណីភាពចៃដន្យក្នុងសាច់រឿងដែរ។ ពិសេសបន្ថែមទៀតនោះ គឺការបញ្ចប់រឿងដោយភ្ញាក់ផ្អើល។ ពោលមិនឱ្យអ្នកអានអាចទាយទុកជាមុន ឬដឹងថាសាច់រឿងចុងបញ្ចប់ទៅជាយ៉ាងណានោះឡើយ។ ពោលធ្វើឱ្យអ្នកអានមិនអស់ចិត្ត, ប្លែកចិត្ត, ចម្លែកអារម្មណ៍, មានការភ្ញាក់ផ្អើលជាដើម។ សូមជម្រាបជូនថា រឿងខ្លីពិបាកសរសេរជាងប្រលោមលោក។ ពិបាកសរសេរក៏ព្រោះតែរឿងខ្លី ជារឿងប្រកបដោយសិល្ប៍សោភ័ណនៃទស្សនៈជីវិត, ជារឿងដែលសម្បូរដោយទស្សនវិជ្ជា, ជារឿងដែលឆ្លុះបញ្ចាំងពីទស្សនៈនៃចក្ខុ​វិស័យ​ដ៏ប្រាកដនិយម។ ម្យ៉ាងរឿងខ្លី ច្រើនតែនិយាយពីឧត្តមគតិនិយមនៃទស្សនៈជីវិតពិតជាក់ស្ដែង ដោយមិនអណ្ដែតអណ្ដូងវែងឆ្ងាយពីប្រចក្សភាពនៃលោកទស្សនៈនោះឡើយ។ ឧទាហរណ៍ជាក់ស្ដែងដូចជា “រឿងកូនក្រក” របស់​និពន្ធដោយ លោក នូ ហាច, “រឿងខ្ទមអ្នកកម្សត់” រៀបរៀងដោយ ឧបលទេវី, “រឿងជំទាវយូ” និពន្ធដោយ លោក រីម គីន, “រឿងទូកមួយ” របស់លោក កៅ សីហា, “រឿងនឹកខ្មាសមនសិការ”​ របស់លោក មាស ស្ងួន, “រឿងផ្លូវងងឹត” របស់លោក ប៉ែន ឈន់, “រឿងចុងរដូវផ្កាមាស” របស់លោក ណុច សកុណា និង “រឿងអាម៉ៅឆ្កែឆ្កួត” របស់លោក សូយ ឡូត ជាដើម…។”

ចំពោះ​សំណួរ​ តើអ្នកនិពន្ធចាំបាច់ត្រូវមានការយល់ដឹងនិងចំណេះដឹងអ្វីខ្លះទើបអាច​សរសេរ​រឿង​ខ្លី​មួយបានល្អ? លោក ឃឹម ច័្ទនសុអហំ បាន​បង្ហាញថា ​“តាមការសង្កេតដើម្បីអាចនិពន្ធរឿងខ្លីមួយបានល្អ អ្នកនិពន្ធចាំបាច់ត្រូវតែខណ្ឌចែកឱ្យដាច់រវាងបុគ្គលភាពនៃតួអង្គនិងអ្នកនិពន្ធ។ មានន័យថា ទោះបីតួអង្គជាឧបករណ៍ក្នុងការសម្ដែងគំនិតរបស់អ្នកនិពន្ធក៏ដោយ ក៏ប៉ុន្ដែតួអង្គត្រូវតែមានសកម្មភាពរស់រវើក ចេះបត់បែនទៅតាមសភាពការណ៍ ហើយមិនត្រូវមានលក្ខណៈរឹងត្អឹងដូចវត្ថុដែលចាំតែអ្នកនិពន្ធបញ្ជាដូចអាយ៉ងនោះឡើយ។ ឯអ្នកនិពន្ធត្រូវតែឈរនៅជ្រុងម្ខាង ដើម្បីឱ្យអ្នកអានអាចមើលឃើញនូវអ្វីជាទស្សនៈស្ដីពីតថៈ។ ចំណុចមួយទៀត គឺអ្នកនិពន្ធត្រូវតែឈរលើនិយាមនៃរឿងខ្លី និងជាបុគ្គលដែលពូកែសង្កេតគ្រប់ ទិដ្ឋភាពនៃតថភាពសង្គមមនុស្ស។ ពោលត្រូវមានលទ្ធភាព និងសមត្ថភាពអាចក្ដោបក្ដាប់នូវព្រឹត្តិហេតុនៃស្ថានភាពសង្គមទៅតាមបរិបទនីមួយៗ។ ម្យ៉ាងការស្គាល់ពីគុណតម្លៃនិងគោរពស្នាដៃដែលខ្លួននិពន្ធនោះក៏ទើបធ្វើឱ្យស្នាដៃខ្លួនមានគុណតម្លៃជាវិជ្ជមានដែរ។ ការណ៍មានចំណេះដឹងទូលំទូលាយ, ពូកែសង្កេតនិងវិភាគ, មានសមត្ថភាពបង្កើតចក្ខុវិស័យ, មានគំនិតវែងឆ្ងាយប្រកបដោយទស្សនៈវិជ្ជមាន, មានទស្សនវិជ្ជាជីវិតទូលំទូលាយ, និងមានទេពកោសល្យមើលយល់ពីធម្មជាតិដើម្បីបម្លែងជានិម្មិតកម្មស្នាដៃ នោះជាអ្វីដែលនឹងធ្វើឱ្យរឿងខ្លីមួយលេចធ្លោពុំខានឡើយ។ ពោលជារួម ចំណេះដឹងជាមូលដ្ឋានចាំបាច់ចំពោះអ្នកសរសេររឿងខ្លី គឺចំណេះស្ដីពីជីវិត។ ព្រោះជីវិតនៃមនុស្ស សត្វ រុក្ខជាតិ និងធម្មជាតិនេះហើយ ជាប្រភពនៃប្រធានបទដ៏សំខាន់ដែលអ្នកសរសេរត្រូវរៀនពិនិត្យ អង្កេត និងសង្កេតឱ្យបានជ្រួតជ្រាបដល់សញ្ចេតនារម្មណ៍ នោះទើបស្នាដៃខ្លួនមានតម្លៃជាសកល។ សូមចាំថា កម្មវត្ថុនៃស្នាដៃនិពន្ធរឿងខ្លី គឺមនុស្ស និងសង្គមមនុស្ស ដូច្នេះការយល់ពីបរិការណ៍ពីរនេះ ជារឿងចាំបាច់បំផុតរបស់អ្នកសរសេររឿងខ្លី ដែលពុំអាចខ្វះបានឡើយ។”

លោក ឃឹម ច័្ទនសុអហំ បាន​បង្ហាញ​នូវ​គំនិត​ផ្ទាល់​ខ្លួន​របស់លោកទាក់ទងនឹងផលលំបាកក្នុងការនិពន្ធរឿងខ្លី និង​វិធីដោះ​ស្រាយ​បញ្ហា​យ៉ាងដូច្នេះទៀតថា “បញ្ហាជាទូទៅយើងសង្កេតឃើញថា ផលវិបាកសំខាន់បំផុតបច្ចុប្បន្នក្នុងការសរសេររឿងខ្លី នោះគឺអ្នកសរសេរហាក់ពុំបានយល់ច្បាស់ថាអ្វីជារឿងខ្លីឱ្យពិតប្រាកដ។ ពោលពុំបានសិក្សាឈ្វេង​យល់ឱ្យយល់ច្បាស់ថាអ្វីទៅជារឿងខ្លី។ ព្រោះអ្នកសរសេរមួយចំនួននៅស្រពេចស្រពិលព្រោះតែផ្នត់គំនិតពួកគេបានជោកជាំទៅនឹងប្រលោមលោក។ ដូចនេះការខណ្ឌ​ចែកព្រំដែននៃរឿងខ្លី ក៏ពុំទាន់មានសភាពជាក់លាក់នៅឡើយទេ។ សូមចាំថា រឿងខ្លីពុំមែនជារឿងដែលសរសេរឱ្យមានទំព័រតិច ឬសរសេរបំព្រួញមកនៅខ្លី ហៅថារឿងខ្លីនោះទេ។ ផលវិបាកមួយទៀត  នោះគឺអ្នកសរសេរហាក់នៅពុំមានគំនិតបង្កើតថ្មី។ ពោលសរសេរតាមគ្នា ដោយពុំបានសិក្សាបង្កើតសមត្ថភាពផ្ទាល់ក្នុងតំណែងនិពន្ធ ឬឈ្វេងពីលទ្ធភាពពិតជារបស់ខ្លួន ដើម្បីបង្កើតទស្សនវិស័យ, ចក្ខុនិម្មិត្ត, និងទស្សនវិជ្ជាប្រាកដនិយមមួយស្ដីពីជីវិត ក៏ដូចជាស្ដីពីមនុស្ស និងសង្គមមនុស្ស ឱ្យមានវិសាលភាពប្រកបដោយប្រចក្សភាពនោះឡើយ។ មានន័យថា អ្នកសរសេរមួយចំនួនប្រកាន់ខ្លួនរឹងត្អឹងពេក ក្នុងហេតុផលថា គ្រប់គំនិតនៃការយល់ឃើញ ឬគ្រប់គំនិតនៃបទនិពន្ធរបស់ខ្លួនសុទ្ធសឹងតែត្រឹមត្រូវ, សុទ្ធតែខ្ពង់ខ្ពស់ និងសុទ្ធតែអស្ចារ្យជាងគេជាដើម។ គុណភាពនៃចំណេះដឹងរបស់អ្នកសរសេរនោះរាប់ថាជារឿងសំខាន់មួយ។ ឯគុណភាពនៃចំណេះដឹងផ្លូវចិត្តរបស់អ្នកសរសេរនោះ ក៏រឹងរឹតតែសំខាន់ណាស់ទៅទៀត។ ដ្បិតអ្វីការបើកចិត្តទទួលយកអ្វីដែលកើតមានថ្មីៗដើម្បីអភិវឌ្ឍន៍សមត្ថភាពជារបស់ខ្លួន នោះគឺជាកត្តាសត្យានុម័ត និងចាំបាច់បំផុតដែលពុំអាចប្រកែកបាន ដើម្បីពង្រឹង និងអភិវឌ្ឍន៍គុណភាពសំណេររបស់ខ្លួនឱ្យមានគុណភាព និងមានតម្លៃជាសកល។ ជាទូទៅរឿងខ្លី ជារឿងដែលប្រកបដោយទស្សនវិជ្ជានៃសិល្ប៍សោភ័ណជីវិត។ ដូចនេះទោះចង់ឬមិនចង់ គឺចាំបាច់ណាស់ដែលតម្រូវឱ្យអ្នកសរសេរត្រូវតែមានទស្សនៈវែងឆ្ងាយស្ដីពីជីវិត។ ដូច្នេះដើម្បីអាចប្រព្រឹត្តទៅបាន នោះគឺទាមទារឱ្យអ្នកសរសេរចាំបាច់បំផុត ត្រូវតែអភិវឌ្ឍសមត្ថភាព​ខ្លួនឯងជាដំបូងគេបំផុត។ ពោលត្រូវតែឈ្វេងយល់ឱ្យបានទូលំទូលាយ និងជ្រាលជ្រៅបំផុតស្ដីពីលោកទស្សនៈនេះទាំងមូល បូករួមនឹងស្ថានការណ៍ដែលកើតមានជុំវិញបញ្ហាក្នុងសង្គមនោះ។ សូមចាំថា ដើម្បីបង្កើតគុណតម្លៃនៃសំណេរមួយឱ្យមានតម្លៃពិតប្រាកដ មិនថាតែរឿងខ្លីនោះទេ គឺល្គឹកណាអ្នកសរសេរស្រឡាញ់តម្លៃនៃបទនិពន្ធ ជាងស្រឡាញ់ងារជាអ្នកនិពន្ធ ល្គឹកនោះគុណតម្លៃនៃស្នាដៃរបស់អ្នកនោះប្រាកដជាទទួលបានការសោមនស្ស​ពីមហាជនជាក់ជាពុំខាន។” លោកបាន​បន្ថែម​ទៀតថាមិនថាតែរឿងខ្លីទេ សូម្បីតែប្រលោមលោក, ប្រលោមកំណាព្យ ឬកំណាព្យក៏ដោយ ដើម្បីឱ្យស្នាដៃនិពន្ធនោះល្អ ចាំបាច់ណាស់ត្រូវឈរនៅលើធាតុសិល្បៈ៣យ៉ាងនោះគឺ អត្ថន័យ, អត្ថរូប និងអត្ថរស ទើបស្នាដៃនោះអាចមានលក្ខណៈ​ល្អ​ប្រកបដោយគុណ​តម្លៃ​​ជាសកលបាន។”

នេះ​ហើយ​ជា​ការ​លើក​ឡើង​របស់​ លោក ឃឹម ច័ន្ទសុអហំ ទាក់ទងនឹងរឿងខ្លី ទាំងលក្ខណៈរឿងខ្លី, វិធីក្នុងការ​និពន្ធរឿង​ខ្លីឱ្យបាន​ល្អ និង​វិធីសាង​ខ្លួន​ឱ្យ​ក្លាយជា​អ្នក​និពន្ធ​រឿង​ខ្លី​ដ៏ល្អ​មួយរូប ដែលមាន​សមត្ថភាព​ពិត​ប្រាកដ​ក្នុង​ការ​និពន្ធ​រឿង​ខ្លី​មួយ​ឱ្យ​បាន​ល្អ ត្រឹមត្រូវ និង​ប្រកបដោយ​គុណ​តម្លៃ​ជាសកល ទាំង​ចំពោះ​ប្រិយមិត្ត​អ្នក​អាន, ពលរដ្ឋ សង្គម និង​មនុស្ស​ជាតិ​ទាំង​មូល ដែល​ការ​បង្ហាញ​ជូន​របស់​លោក​ទាំង​ប៉ុន្មាន​ទាក់​ទង​នឹង​រឿង​ខ្លី​នេះ ពិតជា​ចំណេះដឹង​ដ៏មាន​សារៈសំខាន់​ខ្លាំងណាស់ចំពោះ​អ្នក​និពន្ធ​គ្រប់​រូបដែល​ចង់​និពន្ធ​រឿង​ខ្លី​អ្វីមួយ​ឱ្យបាន​ល្អ និង​ត្រឹម​ត្រូវ​ថា​ជា​រឿង​ខ្លីពិតប្រាកដ ដែល​លោក​អ្នក​គួរតែ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​យកទៅ​អនុវត្ត​ឱ្យ​បាន​ ដើម្បី​បង្កើត​ស្នាដៃ​ផ្នែក​រឿង​ខ្លី​ដ៏ល្អ​មួយ​ជារបស់​ខ្លួន។

ចំណែកជាបន្តទៅនេះ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូម​បង្ហាញ​ជូន​នូវ​សាវតាររបស់​ លោក ឃឹម ច័ន្ទសុហអំ ឱ្យប្រិយមិត្ត​អ្នក​អាន​ទាំងអស់​បាន​ដឹង​ដូចតទៅ ដើម្បី​ឱ្យ​​លោក​អ្នក​បាន​ជ្រួតជ្រាប​ច្បាស់​ថា តើ​លោកជា​នរណា? មានប្រភពមកពីណា? មាន​កម្រិត​ចំណេះដឹង​ប៉ុនណា? និង​មាន​ស្នាដៃអ្វីខ្លះ? បានជាលោក​យល់​ដឹង​ពី​ “រឿង​ខ្លី” បាន​ច្បាស់​ដល់​ថ្នាក់​នេះ?  

សាវតាររបស់​ លោក ឃឹម ច័ន្ទសុអហំ ​

លោក ឃឹម ច័ន្ទសុអហំ កើតនៅឆ្នាំ១៩៨២ នៅក្រុងភ្នំពេញ។ លោកគឺជាកូនប្រុស​ច្បង​ក្នុង​ចំណោមបងប្អូន​៤នាក់ (ប្រុស២នាក់ ស្រី២នាក់)។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២, បញ្ចប់បរិញ្ញាបត្រ+១ គ្រូបង្រៀនកម្រិតឧត្តម ផ្នែកអក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យា ពីវិទ្យាស្ថានជាតិអប់រំ ក្នុងឆ្នាំ២០០៥ និងបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៤ ក្នុងនាម​ជា​និស្សិតអាហារូបករណ៍។

បន្ថែមលើកម្រិតសិក្សាជាមូលដ្ឋាន លោកក៏បានសិក្សាបន្ថែមទៅលើចំណេះជំនាញវិជ្ជាជីវៈទាក់ទង​នឹងវិធីសាស្ត្រនិពន្ធភាពយន្ត, ប្រលោមលោក និងរឿងខ្លី ព្រមទាំងបានសិក្សាប្រកបដោយគរុកោសល្យលើជំនាញផ្នែកសារព័ត៌មានបន្ថែមទៀតផងដែរ។

សូមជម្រាបជូនថា ជុំវិញចំណេះជំនាញវិជ្ជាជីវៈ លោកធ្លាប់បាន​ធ្វើកិច្ចការយ៉ាងជោកជាំនៅលើ​វិស័យ​បោះ​ពុម្ពផ្សាយរាប់ទាំងកាសែត, ទស្សនាវដ្ដី, ឯកសារសិក្សាខ្មែរ និងសៀវភៅ​ជាច្រើន ក្នុងនាមជាបណ្ណាធិការ, ជានាយកនិពន្ធ និងជានាយកបោះពុម្ព រាប់ចាប់តាំងពីឆ្នាំ២០០២ មកម្ល៉េះ។​ ​លោកក៏ជាអតីតប្រធានសមាគម អក្សរសិល្ប៍ នូ ហាច ផងដែរនៅចន្លោះឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៣។ បន្ថែមពីលើនេះ លោកក៏​ជាគណៈកម្មការវាយតម្លៃពានរង្វាន់ផ្នែកតែងនិពន្ធនានាជាច្រើន ចាប់តាំងពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន។ ខាងក្រោមនេះគឺជា​បទពិសោធការងារ​ជាក់ស្ដែងកន្លងមករបស់ លោក ឃឹម ច័ន្ទសុអហំ 

បទពិសោធការងារជាក់ស្ដែង ៖

  • នៅឆ្នាំ២០០៣ ដល់ ២០០៥ លោកគឺជា នាយករងនិពន្ធ នៃសារព័ត៌មានអ្នកស្រុកខ្មែរ
  • ពីឆ្នាំ២០០៤-២០១០ លោកគឺជា បណ្ណាធិការផ្នែកប្រលោមលោក, កំណាព្យ នៃ​ សមាគមអ្នកសាបព្រោះ
  • ពីឆ្នាំ ២០០៦ ដល់ ឆ្នាំ២០១៤ លោកគឺជាគណៈកម្មការវាយតម្លៃរឿងខ្លី និងកំណាព្យ នៃសមាគម​ អក្សរសិល្ប៍ នូ ហាច
  • ពីឆ្នាំ ២០០៧ មកដល់បច្ចុប្បន្ន លោកគឺជាគ្រូបង្គោលបណ្ដុះបណ្ដាលផ្នែកវិជ្ជានិពន្ធ និងកាសែត
  • ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ លោកគឺជា នាយកបោះពុម្ពផ្សាយ នៃសមាគមអក្សរសិល្ប៍ នូ ហាច
  • ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១១ លោកគឺជា ប្រធានសមាគមអក្សរសិល្ប៍​ នូ ហាច
  • ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១២ លោកគឺជា នាយកនិពន្ធទស្សនាវដ្ដីខ្ញុំ
  • ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ លោកគឺជា នាយកបោះពុម្ពផ្សាយនៃគ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត
  • ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ លោកគឺ​ជា បណ្ណាធិការនៃគ្រឹះស្ថានបោះពុម្ពម៉ាញប៊ុក្ស
  • ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ លោកគឺជា បណ្ណាធិការគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
  • ពីឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ន លោកគឺជា គណៈកម្មវាយតម្លៃប្រលោមលោក រឿងខ្លី និងកំណាព្យ នៃស្ថាប័នថ្នាក់ជាតិ និងអង្គការមួយចំនួនធំផ្សេងៗទៀត។​

គ្រឿងឥស្សរិយយស៖

  • នៅឆ្នាំ ២០០៧ លោកត្រូវបានទទួលស្គាល់ជាឯកអគ្គរាជទូតសន្ដិភាព ដោយសហព័ន្ធសន្ដិភាពសកល
  • នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ តាមរយៈបទពិសោធការងារ លោកក៏ទទួលបានការសព្វព្រះរាជហឫទ័យ ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាននូវគ្រឿង ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា។

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា បច្ចុប្បន្ន លោក ឃឹម ច័ន្ទសុអហំ គឺជាបណ្ណាធិការនៃគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ, ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ,​ ជាគណៈកម្មាការវាយតម្លៃស្នាដៃ​តែង​និពន្ធ ​និងក៏ជាគ្រូបង្រៀនផ្នែកភាសាខ្មែរ កម្រិតឧត្តម នៅវិទ្យាល័យ សិរីមង្គល ខេត្តកណ្ដាល និង​មាន​តួនាទីមួយចំនួនទៀតផងដែរ៕

អត្ថបទដោយ ៖ បញ្ញាសុទ្ធ / រូបភាព ៖ ឃឹម ច័ន្ទសុអហំ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!