​អ្នក​និពន្ធ​​ អ៊ុច ថាវី បង្ហាញ​ហេតុផលដែលជំរុញ​ឱ្យអ្នកស្រីនិពន្ធ​សៀវភៅ ​ “កូនស្រី” ដែលទើប​ចេញ​ផ្សាយថ្មីៗ​នេះ​ឡើង!

  • October 26th, 2021

មិនថា​ស្នាដៃ​និពន្ធ​ផ្នែក​អ្វីមួយនោះទេ អ្នកនិពន្ធ​ម្នាក់ៗ​សុទ្ធតែ​មាន​​បង្កប់​នូវ​គោល​បំណងរបស់ខ្លួន​ក្នុង​ស្នាដៃ​​និពន្ធ​នោះ​ជានិច្ច គ្រាន់តែស្នាដៃ​ខ្លះអ្នកនិពន្ធ​​បង្ហាញត្រង់ ឬប្រយោលឱ្យអ្នកអា​ន​គិត​ឈ្វេងយល់​ដោយខ្លួនឯងប៉ុណ្ណោះ។ ជាក់ស្ដែង ស្នាដៃទើប​​និពន្ធ​បោះ​ពុម្ពផ្សាយ​ផ្លូវការថ្មីៗ ​របស់អ្នក​និពន្ធ​ល្បី អ៊ុច ថាវី ហៅ “មេអំបៅ​” ដែលមានចំណងជើងថា “កូនស្រី” ក៏មាន​បង្កប់នូវហេតុផលពិសេស​ក្នុង​នោះ​ផងដែរ។ ដូច្នេះ ដើម្បី​បានដឹងថា តើ​អ្វី​ជាកត្តាដ៏ចម្បងបំផុតដែលជំរុញ​ឱ្យអ្នកស្រី​​និពន្ធនេះឡើង? និង​អ្វី​ៗ​ពិសេសៗ​ជាច្រើន​ទៀត​ទាក់​ទងនឹង​សៀវភៅ​ដ៏គួរឱ្យ​ចាប់​អារម្មណ៍​នេះនោះ? “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” យើង​ខ្ញុំ ក៏សូម​បង្ហាញ​នូវបទសម្ភាសន៍ដែលបានធ្វើ​ឡើងជាមួយអ្នកនិពន្ធ​ម្ចាស់​ស្នាដៃ​ដូចតទៅ ៖

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើអ្នក​ស្រី​អាច​ជម្រាប​បានទេថា រហូត​មកទល់​នឹងពេលនេះ អ្នកស្រី​និពន្ធ​សៀវភៅ​បានប៉ុន្មានក្បាលហើយ? មានចំណងជើងអ្វីខ្លះ? ហើយសៀវភៅ “កូនស្រី” ដែលអ្នកស្រីទើបតែចេញថ្មីៗនេះ អ្នកស្រី​ចំណាយពេលអស់ប៉ុន្មានក្នុងការនិពន្ធដែរ?

អ្នក​និពន្ធ អ៊ុច ថាវី ៖ «កូនស្រី» ជាស្នាដៃទីបីរបស់ខ្ញុំ បន្ទាប់ពីសៀវភៅប្រលោមលោកបែបស៊ើបអង្កេត «តាមប្រមាញ់ឧក្រិដ្ឋជន» និងប្រលោមលោកបែបជីវិត «សំណាញ់ជីវិត»។ ចំពោះស្នាដៃ «កូនស្រី» នេះខ្ញុំចំណាយពេលជិតពីរឆ្នាំក្នុងការបញ្ចប់វា។ ខ្ញុំចំណាយពេលយូរយ៉ាងនេះ ដោយសារទីមួយ ខ្ញុំជាប់រវល់នឹងការងារពេញម៉ោង និងទីពីរខ្ញុំហាក់ដាក់អារម្មណ៍សរសេររឿងខ្លះមិនបានល្អទាល់តែសោះ។ ពេលខ្លះ គិតមិនចេញ ដាក់អារម្មណ៍មិនចូល ខ្ញុំក៏ទុកវាចោលមួយរយៈ​សិនអ៊ីចឹងទៅ។ ខ្ញុំសរសេរ ហើយក៏លុប ហើយក៏សរសេរឡើងវិញ ហើយក៏លុប ហើយក៏សរសេរឡើងវិញទៀត ចុះឡើងៗជាច្រើនលើកច្រើនសា ទម្រាំដាច់ចិត្តសម្រេចបញ្ចប់រឿងនីមួយៗ។

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ អ្វី​ជាកត្តាដ៏ចម្បងបំផុតដែលជំរុញ​ឱ្យអ្នកស្រី​​និពន្ធសៀវភៅ “កូនស្រី” នេះឡើង? ហើយ​សៀវភៅនេះ តាម​គំនិត​​អ្នកស្រី​ក្នុង​នាមជាម្ចាស់​ស្នាដៃ នរណា​ដែលគួរអាន​បំផុត?

អ្នក​និពន្ធ អ៊ុច ថាវី ៖ មានកត្តាពីរយ៉ាងដែលជំរុញឱ្យខ្ញុំបង្កើតស្នាដៃ «កូនស្រី» នេះឡើង។ ទីមួយ គឺព្រោះខ្ញុំជាស្រ្តី។

និងទីពីរ ដោយសារតអតីត​ខ្ញុំ​ជា​អ្នកនិពន្ធនិងអ្នកផលិតវីដេអូអប់រំកម្សាន្ត​នៅ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា ជា​កន្លែង​​ដែល​ធ្វើការផ្តោតទៅលើការលើកកម្ពស់សិទ្ធិស្រ្តីនិងកុមារី ហេតុដូច្នេះ​ហើយបានជា​នៅក្នុងខួរក្បាលខ្ញុំជោកជាំទៅនឹងបញ្ហាអស់នេះ។ ខ្ញុំមិនចូលចិត្តប្រពៃណី និង​ផ្នត់​គំនិត​​សង្គម​ដែល​កំណត់​ព្រំដែនសេរីភាពរបស់ស្រ្តីនិងកុមារតាំងពីកើតង៉ាភ្លាម។ និយាយ​ឱ្យខ្លី ខ្ញុំចង់ធ្វើបដិវត្តប្រឆំាងនឹងប្រពៃណី និងផ្នត់គំនិតសង្គមបែបហ្នឹងតាមរយៈ​ស្នាដៃ​របស់ខ្ញុំ! ខ្ញុំ​ចង់​លុប​បំបាត់​ពាក្យដែលគេតែងនិយាយថា «អ្ហែងជាស្រីហ្នឹង!» ចោល​ទាំងស្រុង ហើយ​ច្រក​​ចេញ​ដ៏ល្អបំផុត​សម្រាប់ស្រ្តីគឺ «ការអប់រំ»។​ បើសួរខ្ញុំថាសៀវភៅនេះអ្នកណាសក្តិសមនឹងអានជាងគេបំផុត ខ្ញុំសូមឆ្លើយថា «ទាំងបុរសនិងស្រ្តី»។ ស្រ្តីអានដើម្បីជួយរុញខ្លួនឯងឱ្យក្លាហាន ហ៊ានតស៊ូជម្នះដើរចេញពីទ្រុងនៃផ្នត់គំនិតសង្គម ចំណែកបុរសគួរគប្បីអានដើម្បីស្វែងយល់ពីស្រ្តីឱ្យបានកាន់តែច្រើន ហើយក៏ឈប់យកផ្នត់គំនិតសង្គមមកដាក់គំនាបលើស្រ្តីតទៅទៀត។ សង្គមមួយនឹងកាន់តែល្អប្រសើរប្រសិនបើស្រ្តីនិងបុរសឈរប្រកៀកស្មាគ្នា។

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើអ្នកស្រីអាច​បញ្ជាក់បានទេថា សៀវភៅនេះចេញផ្សាយផ្លូវការតាំង​ពី​ថ្ងៃ​ខែណា? លក់​ក្នុង​តម្លៃ​ប៉ុន្មាន? និងអាច​រកទិញបាន​ដោយវិធីណា និងនៅកន្លែងណាខ្លះ?

អ្នក​និពន្ធ អ៊ុច ថាវី ៖ ស្នាដៃ «កូនស្រី» បានចេញពីរោងពុម្ពកាលពីថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ថ្មីៗនេះឯង។ ចំពោះតម្លៃសៀវភៅនេះវិញ គឺមួយក្បាលតម្លៃ ៣០,០០០​រៀល។ អ្នកអានអាចរកទិញបានតាមផេក IRead Publisher, ផេកមេសា, បណ្ណាល័យបញ្ញវន្ត, Le Story, MY BOOKSHOP CAMBODIA, និស្ស័យស្នេហ៍សៀវភៅ&សួស្តីកាហ្វេ, ចូលចិត្តសៀវភៅ​ និងតាម​បណ្តាហាងលក់សៀវភៅមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។

ប្រលោមលោកបែបស៊ើបអង្កេត «តាមប្រមាញ់ឧក្រិដ្ឋជន» និងប្រលោមលោកបែបជីវិត «សំណាញ់ជីវិត» ស្នាដៃពីរ​ផ្សេងទៀតរបស់អ្នកនិពន្ធ អ៊ុច ថាវី ហៅ “មេអំបៅ”

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ បន្ទាប់ពីសៀវភៅនេះ តើអ្នកស្រីមានគម្រោងចេញផ្សាយសៀវភៅថ្មីទៀតឬទេ? បើមាន! តើជាសៀវភៅប្រភេទ​អ្វី? និងនិយាយពីអ្វី? សូមជួយ​បង្ហើប​ដើម្បី​ពញ្ញាក់អារម្មណ៍ប្រិយមិត្ត!

អ្នក​និពន្ធ អ៊ុច ថាវី ៖ ខ្ញុំមិនទាន់មានគម្រោងថានឹងចេញស្នាដៃថ្មីនៅពេលណាទៀតនោះទេ គ្រាន់តែគម្រោងរបស់ខ្ញុំសម្រាប់ស្នាដៃបន្ទាប់គឺជារឿងប្រលោមលោកបែបស៊ើបអង្កេត។ បច្ចុប្បន្នខ្ញុំកំពុងគិតពីខនសិបរឿង ព្រោះចង់ឱ្យវាមានលក្ខណៈខុសប្លែកពីស្នាដៃ «តាមប្រមាញ់ឧក្រិដ្ឋជន» ដែលបានចេញផ្សាយរួចមកហើយនោះ។

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ ក្រៅ​ពីអាជីពអ្នកនិពន្ធមួយរូប តើសព្វថ្ងៃ​អ្នកស្រីមានតួនាទីការងារអ្វី​ខ្លះ​ទៀត? ហើយ​អ្វី​ជាមតិចុងក្រោយ​របស់អ្នក​ស្រី មុននឹង​បិទ​បញ្ចប់​បទសម្ភាសន៍ជាមួយ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” នៅពេលនេះ? សូមគោរពអញ្ជើញ!!!

អ្នក​និពន្ធ អ៊ុច ថាវី ៖ ក្រៅពីការងារជាអ្នកនិពន្ធឯករាជ្យមួយរូបដែលមិនងាយនឹងចេញផ្សាយស្នាដៃដូចគេ ខ្ញុំគឺជាអ្នកនិពន្ធធុរកិច្ច (Copywriter) នៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឯកជនដ៏ធំមួយប្រចាំនៅប្រទេសកម្ពុជា។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ដែលបានជួយផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងស្នាដៃថ្មីរបស់ខ្ញុំ និងក៏សូមអរគុណដល់អ្នកអានទាំងអស់ដែលតែងតែគាំទ្រនូវរាល់ស្នាដៃរបស់ខ្ញុំកន្លងមក។ ខ្ញុំចង់ប្រាប់ថា ខ្ញុំសប្បាយចិត្តដែលខ្ញុំមានឱកាសបាន​បញ្ចេញនូវសារអប់រំមួយចំនួនតាមរយៈស្នាដៃរបស់ខ្ញុំទៅដល់អ្នកអាន។ ទោះវាមិនបានជួយ អ្វីដល់អ្នកអាន ឬដល់សង្គមច្រើន ប៉ុន្តែយ៉ាងហោច ខ្ញុំក៏បានរួមចំណែកធ្វើនូវរឿងដែលខ្ញុំគួរ ធ្វើក្នុងនាមជាពលរដ្ឋមួយរូប។

អ្នកនិពន្ធ អ៊ុច ថាវី និងស្វាមី រួមនឹងកូនៗរបស់អ្នកស្រីក្នុង​ដំណើរកម្សាន្តលក្ខណៈគ្រួសារមួយ

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា អ្នកស្រី អ៊ុច ថាវី ម្ចាស់​ស្នាដៃ​សៀវភៅ “កូនស្រី” ខាងលើ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “មេអំបៅ” ។ អ្នកស្រីកើតឆ្នាំ១៩៧៩ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឪពុកឈ្មោះ អ៊ុច ហ៊ត់ និង​ម្តាយឈ្មោះ ហ៊ិន លីមហួយ។ លោកស្រីជាកូនទី១ ក្នុង​ចំណោម​បងប្អូនចំនួន៤នាក់ ស្រី៣នាក់ ប្រុស១នាក់។ ​រៀបការនៅ​ឆ្នាំ២០០៧ ជាមួយស្វាមីឈ្មោះ អ៊ូ សៀរ៉ែន ដោយរហូតមកទល់នឹងពេលនេះ អ្នកស្រី​មានកូនចំនួន២នាក់ហើយ ក្នុងនោះកូនស្រីច្បងអាយុ១៣ឆ្នាំ និងកូនប្រុសពៅអាយុ៦ឆ្នាំ។ ចំពោះ​ការងារ​និពន្ធវិញ អ្នក​ស្រីចាប់ផ្តើមប្រឡូកនៅអាយុ២១ឆ្នាំ ដោយកាលនោះ ធ្វើ​ជា​អ្នក​និពន្ធ​រឿងវីដេអូនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្នុងឆ្នាំ​២០០១។ ហេតុនេះ បើលោក​អ្នកចង់​ជួយ​លើក​កម្ពស់ជីវភាព​អ្នក​និពន្ធ ក៏ដូចជាវិស័យ​តែង​និពន្ធ​នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន លោកអ្នក​អាច​ស្វែង​រកទិញ​សៀវភៅ “កូនស្រី” ដែលជាស្នាដៃនិពន្ធ​របស់​​អ្នកស្រីទើប​ចេញ​ផ្សាយថ្មីៗ​នេះ​យកទៅអាន​បាន នោះ​មុខជាមិនខក​បំណងឡើយ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ អ្នកនិពន្ធ អ៊ុច ថាវី / រក្សាសិទ្ធិដោយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!