ម្នាក់ឯង (រឿងខ្លី​បែបអប់រំ)

  • June 17th, 2021

សួស្តីរដូវរងា! តើអ្នកសុខទុក្ខយ៉ាងណាដែរ?

វាជាសំណួរដែលខ្ញុំឧទានសួរក្នុងចិត្ត​ នៅព្រឹក​ព្រហាមថ្ងៃថ្មីនៃរដូវរងាដែលទើប​ចូលមកដល់ ខណៈដែល​ខ្ញុំ​ក៏ទើបតែ​រកឃើញ​ជីវិតថ្មី​ពិតប្រាកដ​របស់ខ្លួន​ឃើញដែរ។ ​ខ្យល់ត្រជាក់បក់មកត្រសៀកៗប៉ះកាយខ្ញុំ ទន្ទឹមនឹង​រឿងរ៉ាវសៅហ្មងទើបនឹងរសាត់​ផុតទៅថ្មីៗ។ ពន្លឺ​នៃជីវិត​ថ្មី​របស់ខ្ញុំ កំពុងតែ​បញ្ចេញរស្មីភ្លឺចិញ្ចែញ​ចិញ្ចាចស្រស់​ស្អាត​យ៉ាងខ្លាំង។ គ្រប់យ៉ាងហាក់បីដូចជាថ្មីសន្លាងបន្ទាប់ពីខ្ញុំ​រកខ្លួន​ឯងឃើញ។ ខ្ញុំ​ស្រស់ស្រាយជាងមុន រីករាយជាងមុន ហើយ​គួបផ្សំ​នឹងអាកាសធាតុដ៏ត្រជាក់ល្ហឹមទៀតនោះ ធ្វើឱ្យអារម្មណ៍ខ្ញុំកាន់តែ​ស្រស់​ស្រាយបន្ថែមទៀត។ ដៃទាំងពីររបស់ខ្ញុំ កាន់ក្តោបកែវកាហ្វេក្តៅយ៉ាងណែន រួមទាំងស្រង់ក្លិនកាហ្វេយ៉ាងឈ្ងុយប្រហើរ ត្រចៀកទាំងសងខាងរបស់ខ្ញុំ ពោរពេញទៅដោយតន្រ្តីបែបស្រាលៗ ដែលច្រៀងរៀបរាប់អំពីដំណើរកម្សាន្តបែបធម្មជាតិយ៉ាងស្រទន់ ឯអារម្មណ៍របស់ខ្ញុំ ក៏កំពុងលង់ជាមួយទេសភាពថ្ងៃរះ ដែល​កំពុងតែអណ្តែតឡើង​ម្ដង​បន្តិចៗ​ពីចុង​ម្ខាងនៃ​ជើងមេឃ ជ្រែកតាម​ប្រលោះ​ឈើ បង្ហាញភ័ក្ត្រយ៉ាង​សោភាឱ្យខ្ញុំ​គយគន់​តាមមាត់​បង្អួចរថភ្លើង ដែលកំពុងតែលូនកាត់​ព្រៃ​ព្រឹក្សាឆ្ពោះ​ទៅរក​គោលដៅ។ ពេលនោះខ្ញុំក៏បានគិតក្នុងចិត្តថា ៖

“រយៈពេលជាង១០ឆ្នាំមកនេះ ខ្ញុំបានចំណាយពេលឥតប្រយោជន៍ជាមួយនឹងរឿងស្នេហាមែនទែន! ពេលនេះ ទើបខ្ញុំដឹងថា ខ្ញុំត្រូវការអ្វីឱ្យ​ប្រាកដ… ហើយ​ខ្ញុំ​អរគុណអតីតកាល ដែលជំរុញឱ្យ​ខ្ញុំមានថ្ងៃនេះ! ហើយថ្ងៃនេះ គឺជាថ្ងៃដែលខ្ញុំនឹងធ្វើដំណើរទៅលាអតីតកាល ដើម្បីបច្ចុប្បន្នកាល…”

ដំណើរកម្សាន្តរបស់ខ្ញុំពេលនេះ គឺបានមកដល់ទីរួមខេត្តកំពតហើយ។

សួស្តីមនុស្សអតីតទាំងអស់របស់ខ្ញុំ តើពេលនេះអ្នកទាំងអស់គ្នាមាននឹកខ្ញុំដែរឬទេ? ខ្ញុំចង់ប្រាប់ថា… ពេលនេះ ខ្ញុំពិតជានឹកអ្នកណាស់! ហើយក៏មិនដែលគិតថាចង់បំភ្លេចដែរ… ប៉ុន្តែខ្ញុំពិតជាអាណិត​ខួរក្បាលរបស់ខ្ញុំណាស់ វាមិនអាចផ្ទុកនូវ​រឿងអតីតកាលដែលមិនល្អទាំងអស់នោះបានទេ! ចំណែកឯបេះដូង ក៏ខ្ញុំមិនអាចទ្រាំមើលវា ត្រូវឈឺចាប់ជារៀងរាល់ថ្ងៃបានដែរ… សូម្បីតែពេលនេះ ក៏វានៅតែចងចាំ! នៅតែនឹក! នៅតែហៅឈ្មោះរបស់អ្នកទាំងអស់គ្នាផងដែរ…

ទីកន្លែងដែលដក់ជាប់ក្នុងចិត្តខ្ញុំខ្លាំងជាងគេនោះ គឺឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាទីកន្លែងដំបូង ដែលខ្ញុំតែងប៉ងចង់ទៅ  និងបានឡើងជាលើកទី១ក្នុងឆាកជីវិត ជាមួយសង្សារក្រោយគេបង្អស់របស់ខ្ញុំ… ខ្ញុំចាំបានថា ពេលនោះពួកយើង បានឡើងទៅដល់ថ្មឡូយនៅលើកំពូលភ្នំបូកគោ អាកាសធាតុដ៏សែនត្រជាក់ លាយឡំនឹងខ្យល់ធ្លាក់មកត្រសៀក រួមទាំងអាប់ដ៏សែនខ្មួលខ្មាញ់។

ថ្ងៃ​នេះ ឆ្នាំ​មុន….

វិសាល មិត្ត​ប្រុសសំណព្វ​ចិត្ត​​របស់ខ្ញុំ ឧទានមកកាន់ខ្ញុំ​ ទាំង​ទឹក​មុខ​ញញឹម​ស្រស់ថា ៖

“ចន្ទ្រា! តើអូនសប្បាយចិត្តអត់?… ទីបំផុត បងបាននាំអូនមកកាន់កន្លែងដែលអូនប្រាថ្នាហើយ?”

ខ្ញុំ​តបទៅ​សង្សារ​បណ្ដូលចិត្ត​ខ្ញុំ​វិញ ទាំង​ញញឹម​ពេញចិត្តថា ៖

“អរគុណបងសម្លាញ់! អូនពិតជាសប្បាយរីករាយចិត្ត​ណាស់! លើស​ពីនេះ អូនពិតជាអរគុណដល់ពេលវេលាណាស់ ដែលបណ្ដាលឱ្យ​អូន​បាន​ស្គាល់បង… និង​អរគុណបងដែលស្រឡាញ់អូន ទាំងមិនខ្វល់ពីអតីតកាលរបស់អូន!”

ភ្លាមនោះ វិសាល គាត់​ក៏បានឱបខ្ញុំ​យ៉ាងណែន! ធ្វើ​ឱ្យ​ខ្ញុំ​មានសេចក្តីសុខ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង! រំភើបនឹងសេចក្តីស្នេហានៃ​យើង​យ៉ាង​ខ្លាំង ដោយ​កន្លងមក​ខ្ញុំ​មិនដែល​មានអារម្មណ៍​បែប​នេះ​ឡើយ។ ពេលនោះ គាត់​បានទាញដៃខ្ញុំ​ថ្នមៗ យកមកដាក់លើដៃរបស់​គាត់ រួចក៏ថតរូបដៃយើងទាំងពីរ ដើម្បី​ទុកជាអនុស្សាវរីយ៍ ជាមួយ​នឹង​ពាក្យសន្យានឹងខ្ញុំថា ៖

“បងនឹងស្រលាញ់អូនរហូត! អរគុណម៉ាយហាតដែលអូនបានចូលក្នុងឆាកជីវិតរបស់បង! បងនឹងគ្មានថ្ងៃចាកចេញពីអូននោះទេ ដរាបណាទាល់តែបេះដូងបងឈប់ដើរ…”

នឹក​ដល់​ត្រង់​ចំណុចនេះ ទឹក​ភ្នែក​ខ្ញុំ​ក៏ហូរ​ស្រក់​ចុះ​មក​តក់ៗ​​ទាំង​ដែល​ខ្ញុំ​ខំ​ទប់​មិន​ឱ្យ​ស្រក់​ហូរ​យ៉ាង​ណាក៏ដោយ ព្រោះ​ខ្ញុំ​ស្ដាយ​នូវ​អនុស្សាវរីយ៍ល្អៗ​កន្លងមកដែលមាន​ជាមួយគាត់។ បន្ទាប់មក ខ្ញុំ​ក៏​ឧទាន​ឡើង​ទាំង​ភ្នែក​រលីង​រលោង​សម្លឹង​ទៅជើងមេឃដ៏​ឆ្ងាយ​សែនឆ្ងាយ​ពីកំពូលភ្នំនោះថា ៖

“បងសម្លាញ់! តើបងដឹងទេ ថ្ងៃនេះ ឆ្នាំនេះ អូនបានមកទីនេះជាលើកទី២ម្តងទៀត… តែ​ចំពោះអារម្មណ៍របស់​អូនពេលនេះ មិនខុសពីឆ្នាំមុនដែរ! គឺសំឡេង​បេះដូងរបស់​អូន វាចាប់ផ្តើមលោតពុះកញ្ជ្រោលដូចមុន… តែ​អ្វី​ដែល​ខុស​ពីមុន វាជាការ​ពុះ​​កញ្ជ្រោលដង្ហោយស្រែកហៅឈ្មោះបង ដែល​គ្មាន​ថ្ងៃ​វិល​ត្រឡប់​មករកអូន​វិញ​ជារៀង​រហូត…” ឧទានត្រឹមនេះ ទឹក​ភ្នែក​ខ្ញុំ​កាន់តែ​ហូរស្រក់​ខ្លាំង​ឡើង ប៉ុន្ដែ​ទឹក​ភ្នែក​ខ្ញុំ​ដែល​ហូរ​ស្រក់​ចុះ​មក​ខ្លាំង​ពេលនេះ មិន​មែន​ព្រោះ​តែ​ស្ដាយស្រណោះ​រូបគាត់​នោះទេ តែ​ជា​ទឹក​ភ្នែកនៃសេចក្ដីរំភើប! គឺរំភើបនឹងខ្លួនឯង ដែលនៅទីបំផុត ខ្ញុំ​អាចឈរនៅទីកន្លែងចាស់មួយនេះ​បាន ដោយគ្មានវត្តមានរូបគាត់។ ខ្ញុំ​បន្ត​ឧទាន​ក្នុង​ចិត្ត​ទាំង​កម្សត់​ក្ដុក​ក្ដួល​ទៀតថា “អរគុណបងសម្លាញ់! ចាប់​ពីពេល​នេះ​ទៅ អូនសុំដោះលែងភាពឈឺចាប់ និងពាក្យសន្យាទាំងអស់ ទៅតាមពពកដ៏ខ្មួលខ្មាញ់នេះហើយ… សូមឱ្យរឿង​ទាំង​ឡាយ​រសាត់ឆ្ងាយទៅចុះ! តែ​អូន​ក៏​សូម​អរគុណបងផងដែរ ចំពោះរឿងល្អៗ​កន្លងមក ដែលបងបានលះបង់ចំពោះអូន… បើទោះជាពេលនេះ​វាសល់​ត្រឹមតែ​ស្លាក​ស្នាម​អតីត​ក៏ដោយចុះ!

នៅថ្ងៃដដែល ខ្ញុំបានធ្វើដំណើរទៅភូមិរីសតមួយកន្លែងនៅជាប់ជើងភ្នំបូកគោ ដែលជាទីកន្លែងពោរពេញទៅដោយអនុស្សាវរីយ៏ជាច្រើន។ និយាយដោយស្មោះត្រង់ទៅ ភូមិរីសតមួយនោះ សុទ្ធតែមានប្រវត្តិដ៏ជូរចត់ជាច្រើនជាមួយសង្សារចាស់ចំនួន​៣នាក់ផ្សេងទៀតរបស់ខ្ញុំ។ ពេលខ្លះ ខ្ញុំគិតថាខ្លួនឯងរៀងអាត្មានិយមបន្តិច នៅពេលដែលខ្ញុំនឹកអ្នកចាស់ម្តងៗ ខ្ញុំតែងតែនាំអ្នកថ្មីមកជាមួយ ដើម្បីបន្លប់អារម្មណ៏ឈឺចាប់! សំនួរដដែលៗកំពុងចោទសួរខ្ញុំនៅពេលនេះគឺ ហេតុអីបានជាខ្ញុំត្រូវមកទីនេះជាមួយសង្សារថ្មី ទាំងដែលកន្លែងនេះធ្លាប់មកជាមួយអ្នកចាស់? គ្រប់យ៉ាង គឺខ្ញុំខ្លាចភាពឯកោ ពិតជាមិនហ៊ានប្រឈមនឹងចិត្ត​ឈឺចាប់មួយនោះបានទេ។ តែពេលនេះ ខ្ញុំបានមកដល់ខាងមុខទីតាំងភូមិរីសតហើយ។ ពុទ្ធោ! សូម្បីតែបងប្រុសថៅកែ ភូមិរីសត ក៏នៅចាំមុខខ្ញុំដែរ។ ខ្ញុំក៏សម្ដែងការ​គួរសមទៅកាន់គាត់ ៖

“ជម្រាបសួរបង! យប់នេះនៅមានសល់បន្ទប់ទេ?

គាត់​ក៏តបថា ៖

“បាទមាន! ហើយចុះប្អូនសុខសប្បាយទេហ្អី? ដូចខានឃើញមកទីនេះជាងមួយឆ្នាំហើយនៀក (គាត់​សើចញឹមៗ រួច​បន្ត) ប្អូនមកលើកនេះ​ ឃើញដូចប្លែកជាងមុន!”

ពិតមែនហើយ! គាត់និយាយត្រូវ ខ្ញុំមកលើកនេះ គឺពិតជាប្លែកមែន! គឺប្លែកទាំងអារម្មណ៍ ប្លែកទាំងបរិយាកាស។​ ភ្លាមៗនោះ! ខ្ញុំក៏បានបោះជំហានមួយៗ ដើរសំដៅចូលទៅក្នុងភូមិរីសត គ្រប់យ៉ាងគឺវាបានផ្ទុយស្រឡះ ពីអ្វីដែលខ្ញុំបានរំពឹងទុក គឺត្រូវបានរលាយក្លាយជាផេះផង់។ ខ្ញុំដើរបណ្តើរ ក៏បានសំណេះសំណាលជាមួយគាត់បណ្តើរទៀតថា ៖

“បង! ទីតាំងកន្លែងសម្រាប់ទទួលភ្ញៀវនេះ បងធ្វើយូរហើយនៅ?”

“បាទ! បងធ្វើ​បានជិត១ឆ្នាំហើយ ដោយសារកន្លែងចាស់នៅខាងក្រោយនោះ​ វាស្តុកពេក ហើយសល់ដីទំនេរច្រើន រួចក៏គិតថា គួរតែប្តូរមកទីតាំងខាងមុខ… ហើយដីនៅខាងក្រោយនោះ គឺត្រូវផ្លាស់ប្តូរទាំងអស់តែម្ដង…”

“ចុះបងរុះរើទីតាំងចុះឡើងៗអ៊ីចឹង បងអត់ស្តាយទេហ្អក?” ខ្ញុំ​សួរគាត់បន្ត។

“បាទ! អ្នកណាមិនស្តាយនោះ!” គាត់​តប “តែឱ្យ​ធ្វើមិច! ជាធម្មតាទេ របស់អ្វីក៏ដោយ បើមិនមានការផ្លាស់ប្តូរខ្លះទេ គឺវាមានតែភាពដដែលៗប៉ុណ្ណោះ! ណាមួយភ្ញៀវដែលមកទីនេះ គឺគេចង់បានកន្លែងស្នាក់នៅល្អ បរិយាកាសប្លែកភ្នែក… ចំណែកឯបន្ទប់ស្នាក់នៅខាងក្នុងរីសត នៅមានបន្ទប់ខ្លះរក្សាទុក នឹងខ្លះទៀតត្រូវរុះចេញហើយសង់ថ្មី…”

“បង! ចុះចំណែកបន្ទប់ខ្ញុំស្នាក់នៅយប់នេះ បន្ទប់ណាវិញបង?”

បាទ! គឺនៅសល់តែបន្ទប់មួយទេបាទ គឺនៅបន្ទប់ដដែលហ្នឹងហើយ!”

“បន្ទប់ដដែល?” ខ្ញុំ​លាន់​មាត់​​ទាំង​ងឿង​ឆ្ងល់ “បងចង់មានន័យថា បន្ទប់កញ្ចក់?”

អូ! ព្រះអើយ… នេះព្រហ្មលិខិតហាក់ដូចជាលេងសើចនឹងខ្ញុំពេកហើយទេដឹង! (ខ្ញុំ​ឧទានក្នុង​ចិត្ត​ទាំងញញឹម) សំណាងវិញចេះនៅសល់បន្ទប់ចាស់មួយទុកគ្រាន់រំលឹកដែរ។ ពិតជាមិនគួរឱ្យជឿមែន… ដៃជើងរបស់ខ្ញុំទាំងទ្វេចាប់ផ្តើមញ័រ​ទទ្រើករំជួល​អស់ប្រាណ ស្ទើរតែបោះជំហានឡើងកាំជណ្តើរមិនចង់រួច… ឯកែវភ្នែកទាំងគូរបស់ខ្ញុំវិញ ហាក់ដូចជាកំពុង រំលឹកនូវរឿងរ៉ាវទាំងអស់ដែលធ្លាប់បានកើតឡើងនៅទីនេះ​​។ ពេលនេះ ខ្ញុំបានមកដល់បន្ទប់កញ្ចក់ដែលខ្ញុំធ្លាប់បានស្នាក់នៅហើយ។ មួយរំពេចនោះ ត្រចៀករបស់​ខ្ញុំចាប់ផ្តើមឮសំឡេងលាន់ក្តាំងៗ ចំហាយដីចាប់ផ្តើមឆួល ដូចដួងចិត្តខ្ញុំពេលនេះអ៊ីចឹង… ចំណែក​ខ្យល់ក៏ស្រាប់តែ​បោកបក់មកយ៉ាងខ្លាំង លាយឡំនឹងដំណក់ទឹកភ្លៀង ធ្វើឱ្យ​ខ្ញុំទ្រាំមិនបាន ក៏យកដៃទាំងពីររបស់ខ្ញុំ ទៅចាប់ បង្ហើបបង្អួចបន្តិចម្តងៗ ព្រះអើយ! តំណក់ទឹកភ្លៀងដ៏សែនត្រជាក់ កំពុងតែស្រក់ចុះ​មក​បែកខ្ចាយនៅលើបាតដៃរបស់ខ្ញុំ ធ្វើឱ្យ​ខួរក្បាលរបស់ខ្ញុំនឹកឃើញដល់សង្សារទី៣ មួយរំពេច…

គ្រាមួយ​កាល​ពីអតីត

ជាមួយ​សំឡេងសើចក្អាកក្អាយ ដៃសង្សារទី៣របស់ខ្ញុំនិងដៃ​ខ្ញុំ លាតត្រដាងត្រងគ្រាប់តំណក់ទឹកភ្លៀង រួចក៏ផ្គុំចូលគ្នាចេញជាដៃតែមួយរួមគ្នា។ ដៃដ៏ត្រជាក់សើមល្អូករបស់គាត់ បានពាល់ថ្ពាល់ខ្ញុំថ្នមៗ ក្លិនដង្ហើមក្តៅឧណ្ហៗសាយភាយរបស់គាត់ ធ្វើឱ្យ​បេះដូងរបស់ខ្ញុំពុះកញ្ជ្រោលយ៉ាងខ្លាំង។ ពេលនោះ ខ្ញុំក៏បាននិយាយទៅកាន់គាត់ យ៉ាងមានសេចក្ដីសុខ​ក្នុង​ចិត្ត និងរវើរវាយ​ថា ៖​

“បង! កុំធ្វើចឹងបានអត់? កុំធ្វើឱ្យ​អូនរឹតតែស្រឡាញ់បងលើសហ្នឹងអី! អូនពិតជាខ្លាច ខ្លាចថ្ងៃណាមួយបងចាកចេញពីអូន ដូចអ្នកមុនៗទៀត!”

“អត់ទុកចិត្តបងមែន! បងស្រលាញ់អូនលើសជីវិតបងទៅទៀត! (គាត់តបមកខ្ញុំវិញដោយមុខ​មាំ​)  ជឿបងទៅ! បងនឹងមើលថែអូនរហូត មិនឱ្យអូនរងទឹកភ្នែកដូច​អ្នក​មុនៗទៀតទេ…”

ស្រមៃ​ដល់​ត្រង់នេះស្រាប់តែ​ខ្ញុំ​ភ្ញាក់​ក្រញាងដោយសារតែសំឡេង​រន្ទះបាញ់

“ពុទ្ធោ! អ្វីៗ​គ្រប់​យ៉ាង​នៅតែ​​គ្រាន់តែ​ជាការស្រមៃប៉ុណ្ណោះ! ទីបំផុត វានៅតែ​ជារឿង​ឈឺចាប់ នៅតែ​ជារឿង​កុហកបោកប្រាស់ដដែល ដែលគ្មាន​ទីបញ្ចប់…” (ខ្ញុំ​ឧទានក្នុងចិត្ត​ទាំង​សង្វេគក្ដុកក្ដួល បន្ទាប់​ពីស្រមៃ​ដល់​គ្រាស្នេហ៍មួយ​កាល​ពីអតីត)។ ​ទន្ទឹម​នឹង​គ្នា​នោះ បេះដូង​របស់ខ្ញុំ ក៏ចាប់​ផ្ដើម​លោតញាប់​យ៉ាង​ខ្លាំង គឺ​ប្រៀបដូចជា​ពេល​នៅក្នុង​ក្ដី​ស្រមៃ​ដែល​ស្ថិត​ក្នុង​រង្វង់ដៃ​សង្សារទី៣របស់ខ្ញុំ​យ៉ាង​ដូច្នោះ​ដែរ… តែ​… ការ​លោត​ញាប់​នេះ មិនមែន​ព្រោះ​តែ​ឈឺចាប់ សោកស្ដាយ ឬ​ស្រណោះ​ស្ដាយ​អ្វី​នោះទេ… វាជាការ​បញ្ជាក់ពីអារម្មណ៍​នៃការ​​តាំង​ចិត្តដ៏​ខ្លាំង​ក្លាមួយថា ខ្ញុំ​ត្រូវតែ​បំភ្លេច​រឿង​មិន​ល្អ​ចោល​ឱ្យអស់ ត្រូវតែ​មានជីវិត​ថ្មីមួយដែល​ល្អ​ជាងមុន និង​ច្បាស់​លាស់​បំផុត ដោយ​មិន​ត្រូវ​លិចលង់ក្នុងស្រមោលអតីតកាលដ៏ជូរចត់​ទៀតឡើយ។ បន្ទាប់​មក ស្របពេលដែល​ភ្លៀងកំពុងតែ​បន្តធ្លាក់​យ៉ាងខ្លាំងលាយឡំនឹង​សំឡេងផ្គររន្ទះនោះ ខ្ញុំក៏បោះជំហានរត់​ចេញទៅខាងក្រៅបន្ទប់ ឈរត្រដាងដៃ​ទាំង​ពីរ​ ស្រែក​មួយ​ទំហឹង​ក្រោម​តំណក់ទឹកភ្លៀងរាប់រយពាន់លានគ្រាប់នោះ​ថា ៖

“ឱ! តំណក់​ទឹក​ភ្លៀងអើយ! សូមអ្នកជួយ​លាង​ជម្រះ​រឿង​មិន​ល្អ​ដែលធ្លាប់​កើត​មានក្នុងជីវិតស្នេហាខ្ញុំ​ទាំង​ប៉ុន្មាន​ឱ្យ​រលាយ​អស់​ផង… សូមកុំឱ្យ​រឿង​សៅហ្មងមិនល្អ​ទាំង​ឡាយ បន្តកើតមានក្នុង​ចិត្ត​ខ្ញុំ​បន្តទៀតឱ្យសោះ! ទោះជាពីថ្ងៃ​នេះ​ទៅ ទោះជាខ្ញុំ​ត្រូវរស់​នៅម្នាក់ឯង ក៏ខ្ញុំ​ពេញ​ចិត្ត​ដែរ ឱ្យតែ​ជិវិត​របស់​ខ្ញុំ​មានសេចក្ដី​សុខ​ពិតប្រាកដ…”

ភ្លៀងធ្លាក់​កាន់តែខ្លាំង សំឡេង​ផ្គររន្ទះនៅតែ​បន្លឺឡើង​ឥតឈប់ ចំណែក​ខ្ញុំ​វិញ​បន្ទាប់​ពីស្រែកអស់​មួយ​ទំហឹង​រួច ស្រាប់តែ​មានអារម្មណ៍ស្រាល​ខ្លួន​យ៉ាង​ខ្លាំង។ លើស​ពីនេះ ​តំណក់ទឹកភ្លៀងរយពាន់លាន់គ្រាប់ដែលកំពុងតែ​ស្រក់​ចុះ​មក​ប៉ះខ្លួន​ខ្ញុំ​នេះ ហាក់បីដូចជា​កំពុងតែ​ខំ​ប្រឹង​លាង​ជម្រះ​ប្រាណខ្ញុំ​យ៉ាងដូច្នោះ។ ខ្ញុំ​មាន​អារម្មណ៍ថា ខ្លួនហាក់​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់មក អារម្មណ៍​រំភើប​រីករាយ​ក្នុង​ចិត្ត​ ក៏និម្មិត​ឡើង​ក្នុង​ចិត្ត​ខ្ញុំជាថ្មី ដែលជា​អារម្មណ៍​ដ៏​រីករាយ​ដែលធ្លាប់​កើត​មានចំពោះ​ខ្ញុំ ពេលដែលខ្ញុំ​នៅម្នាក់​ឯង គឺជីវិត​ដ៏​រីករាយ គ្មាន​មន្ទិល ជីវិត​ដ៏​មានសេចក្ដី​សុខ ដែល​អារម្មណ៍​ដ៏ពិសេសនេះ ខ្ញុំ​លែង​មានក្នុងជីវិតខ្ញុំជាយូរមកហើយ។ ពិតណាស់! ពេលនេះខ្ញុំវិលទៅរកជីវិតរីករាយដូចដើមវិញហើយ ខ្ញុំបំភ្លេច​អ្វីៗដែលមិនល្អកន្លងមកបានហើយ ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់។ ខ្ញុំ​ក៏បន្ត​ឈរស្រែក​ក្រោម​តំណក់ទឹកភ្លៀង​រយពាន់លាននោះ​ទៀតថា ៖​

“ទីបំផុត! ខ្ញុំធ្វើបានហើយ! ទីបំផុត! ខ្ញុំមានសេរីភាពដូចមុនវិញហើយ! ខ្ញុំ​នឹង​មិនឱ្យភាព​ឈឺចាប់​មករុកកួនក្នុងជីវិតខ្ញុំ​បន្តទៀតឡើយ” (ខ្ញុំ​បន្ត​ទាំងញញឹមក្នុងចិត្ត)​ “ពីថ្ងៃនេះ​ទៅ ខ្ញុំ​នឹង​រស់នៅ​ក្នុង​ភាព​ជាខ្ញុំ ហើយខ្ញុំ​ក៏ដឹងច្បាស់ថា ខ្ញុំត្រូវការអ្វីឱ្យប្រាកដដែរ នោះគឺ ម្នាក់ឯង ព្រោះ​មានតែការ​រស់​នៅម្នាក់ឯងប៉ុណ្ណោះ ទើបមិនមាននរណា​មកធ្វើ​ឱ្យឈឺចាប់  ​ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ និងអាច​ធ្វើអ្វីបាន​ដោយគ្មានការ​បញ្ជានិង​គាបសង្កត់ ជាពិសេសអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ ដើម្បីបំពេញក្តីស្រមៃដល់​ជីវិត​របស់ខ្លួន ដោយមិនចាំបាច់ពឹងដង្ហើមអ្នកដទៃ… នេះ​ហើយ​គឺជាខ្ញុំ​ចាប់​ពីថ្ងៃ​នេះ​តទៅ…”

ខ្ញុំរក​ចម្លើយ​ចេញពីបេះដូងឱ្យជីវិតរបស់ខ្ញុំហើយ។ ពីពេលនេះទៅ ខ្ញុំសុំត្រឹមតែមានក្រុមគ្រួសារមួយដ៏កក់ក្តៅ មិត្តៗ​ដែលល្អស្មោះត្រង់ ដែលរង់ចាំផ្តល់កម្លាំងចិត្ត និង​ក្តីស្រឡាញ់ដ៏បរិសុទ្ធឱ្យខ្ញុំទៅបានហើយ មិនប្រាថ្នាអ្វី​ឱ្យលើស​ហ្នឹងទៀតទេ… ខ្ញុំ​នឹង​ប្រឹងប្រែងធ្វើការងារ​ឱ្យបាន​ល្អ​បំផុត ធ្វើ​ឱ្យជោគជ័យ ដើម្បី​បំពេញ​ក្ដីស្រមៃ​របស់ខ្លួន​ឱ្យឆាប់​ដល់​គោលដៅ ដែលចង់​មានផ្ទះតូចល្មមដ៏ស្រស់ស្អាតគួរឱ្យចង់​រស់នៅមួយ ជាមួយនឹងកូនហាងកាហ្វេមួយ ដែលមានបណ្ណាល័យតូចមួយពោរពេញ​ទៅដោយសៀវភៅល្អដែលអាច​ផ្ដល់​ជាចំណេះដឹងដល់អ្នក​អាន ដែលមកផឹកកាហ្វេរបស់ខ្ញុំបាន។

ជាចុងបញ្ចប់នៃ​រឿងនេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញជាសារអប់រំមួយ​ទៅអ្នក​ទាំងអស់​គ្នា​ទាក់​ទងនឹង​ជីវិតស្នេហា​ប៉ុណ្ណោះ គឺមិនមានអ្វី​លើស​នឹង​ទៀតទេ… ចូរប្រើពេលវេលានៃជីវិតឱ្យមានតម្លៃ… និងធ្វើ​តែអ្វីដែលនាំ​ឱ្យខ្លួន​រីកចម្រើនបានហើយ…​ ពេលខ្លះ​ការ​រស់នៅម្នាក់ឯងវាឯកាបន្តិចមែន តែវាក៏ប្រសើរជាងរស់នៅមានគ្នាតែឈឺចាប់ដែរ… ជីវិត​សំខាន់​បំផុត គឺ​ភាពរីករាយ ដែលពោរពេញ​ដោយសេរីភាពពេញលេញ អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាងបាន​ដោយគ្មាន​សម្ពាធ។ ពីនាងខ្ញុំ អ្នកនិពន្ធ មន្ត សុមនា ។ សូមអរគុណ៕  

ចប់ដោយបរិបូណ៌

តើអ្នកនិពន្ធ មន្ត សុមនា ជានរណា?

អ្នកនិពន្ធ មន្ត សុមនា ដែលជាម្ចាស់ស្នាដៃរឿងខ្លីបែបអប់រំខាងលើ ជាអ្នកនិពន្ធជំនាន់ថ្មីមួយរូប ដែលទើបនឹងបញ្ចេញស្នាដៃផ្នែករឿងខ្លីប្រភេទនេះជាលើកទី១ក្នុងវិធីតែងនិពន្ធរបស់ខ្លួន។ លើស​ពីនេះ មន្ត សុមនា គ្រាន់តែជានាមប៉ាកកាដែលអ្នកនិពន្ធប្រើក្នុងស្នាដៃ​តែង​និពន្ធ​របស់ខ្លួន​ប៉ុណ្ណោះ ដោយមិនមែនជាឈ្មោះ​ពិតរបស់អ្នក​និពន្ធឡើយ។ មែនទែនទៅ! “គេហទំព័រអ្នកនិពន្ធកម្ពុជា” ចង់​បង្ហាញ​ឈ្មោះ​ពិតតែឱ្យប្រិយមិត្តស្គាល់តែម្ដង តែដោយមានការសំណូមពរពីអ្នកនិពន្ធ ក្នុងន័យ​ដើម្បី​ធ្វើ​ឱ្យ​​ប្រិយមិត្ត​ចាប់​អារម្មណ៍ចង់​តាមដាននូវស្នាដៃ​ក្រោយៗទៀត ទើបអ្នកនិពន្ធសម្រេច​ដាក់នាមប៉ាកកាសិន ដោយមិនទាន់បង្ហាញនាមពិត​ឱ្យស្គាល់​ឡើយ ហើយគេហទំព័រក៏សង្ឃឹមផងដែរថា ប្រិយមិត្ត​ទាំង​ឡាយ​នឹង​បើកចិត្ត​ទទួលយក និង​រង់ចាំតាមដានស្នាដៃក្រោយៗ​របស់​អ្នក​និពន្ធ​បន្ត​ទៀត ព្រោះ​នៅស្នាដៃ​បន្ទាប់ អ្នក​និពន្ធ​ មន្ត សុមនា នឹងបង្ហាញឈ្មោះ ក៏ដូចជា​រូប​ពិត​របស់ខ្លួន ឱ្យប្រិយមិត្ត​ទាំងអស់គ្នា​ស្គាល់​ហើយ។ សូមអរគុណ៕

អត្ថបទបន្ថែម ៖ ពុទ្ធិពង្ស / រូបភាព ៖ មន្ត សុមនា / រក្សាសិទ្ធិដោយ ៖ cambowriter.com  


error: អត្ថបទរក្សាសិទ្ធ !!