អ្នកនិពន្ធ អោម ចែតច័ន្ទថារី សម្ដែងអារម្មណ៍រីករាយក្រោយបានចេញផ្សាយស្នាដៃប្រលោមកំណាព្យដំបូងរបស់ខ្លួន

  • June 11th, 2021

តាមរយៈ​ហ្វេសប៊ុគ​ផ្លូវការ​របស់អ្នកនាង អោម ចែតច័ន្ទថារី បានបង្ហាញ​ឱ្យដឹងថា អ្នកនាងទើបតែបាន​ចេញ​ផ្សាយ​ស្នាដៃ​និពន្ធ​ផ្នែក​ប្រលោម​កំណាព្យជាលើក​ដំបូងមានចំណងជើងថា «ស្ម័គ្រតាមទំនៀម» ដែល​ចំណងជើងនេះ​ស្ដាប់​ហើយ​ហាក់មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ដោយហេតុចង់​ដឹង​ច្បាស់ ខាង​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” យើង​ខ្ញុំ​ក៏បាន​ទំនាក់​ទំនងទៅ​អ្នក​និពន្ធ​តាមសារ​អេឡិច​ត្រូនិកសួរនាំ​ឱ្យបាន​ដឹងច្បាស់​នេះ អ្នក​នាងក៏បាន​រៀបរាប់បង្ហាញ​ប្រាប់​ជុំវិញ​ស្នាដៃ​ប្រលោម​កំណាព្យ​ដំបូង​របស់ខ្លួន​មួយនេះថា ​“ជាការពិត! «ស្ម័គ្រតាមទំនៀម» ពិតជាស្នាដៃ​ដំបូង​ផ្នែក​ប្រលោម​កំណាព្យ​របស់​នាង​ខ្ញុំ​ប្រាកដ​​មែនដោយទើបតែបានចេញផ្សាយ​ជាសៀវភៅថ្មីៗ​ប៉ុន្មានថ្ងៃនេះឯង… តែ​នាងខ្ញុំ​សូម​បញ្ជាក់​ថា មិនមែន​ជាស្នាដៃ​ទោល​របស់​នាងខ្ញុំ​តែម្នាក់នោះទេ ខ្ញុំចង់​មានន័យថា វាជាសៀវភៅ​រួមស្នាដៃ​គ្នា​ជាមួយ​​កវី​អ្នកនិពន្ធផ្សេងៗ​ចំនួន​៩​រូប​ទៀត ដោយ​បូក​ទាំង​នាងខ្ញុំ​សរុប​ទាំងអស់​១០រូប ក្នុង​សៀវភៅ​រួមគ្នា​មានចំណងជើងថា «កម្រង​ប្រលោម​កំណាព្យ» ដោយ​ក្នុង​នោះ​រឿង​របស់​នាង​ខ្ញុំ​មាន​ចំនួន​​តែ​២០ទំព័រ​ប៉ុណ្ណោះក្នុង​ទំព័រ​សរុប​ចំនួន ២៥៤។

អ្នកនិពន្ធ អោម ចែតច័ន្ទថារី (អ្នកនិពន្ធកម្ពុជានៅប្រទេសស្វីស)

អ្នក​នាង​ អោម ចែតច័ន្ទថារី បាន​សង្ខេបរឿង «ស្ម័គ្រតាមទំនៀម»នេះ​ប្រាប់​​គេហំព័រយើងថា “ជាសាច់រឿង​និយាយ​ពី​​ដំណើរ​ជីវិត​​របស់​ក្មេង​ស្រី​ម្នាក់ ​ដែល​បាន​ឡើង​មក​បន្ត​ការសិក្សានៅភ្នំពេញ។ នាងរៀនផង ធ្វើការ​ផង​រហូត​បាន​បញ្ចប់បរិញ្ញាបត្រ។ ធ្វើការ​ឆ្លង​ខេត្ត​ឆ្ងាយ​ពី​ផ្ទះ​ដែលក្រុមគ្រួសារមាន ការ​បារម្ភ​ពី​សុខភាព​ផង និង​ទំនាក់​​ទំនង​ស្នេហា​ប្រុស​ស្រី​ខ្លាច​មិន​ទៅ​តាម​គន្លង​ប្រពៃណី ខ្លាចខូចចិត្តគិតខ្លីជាពិសេស​ឪពុក​ម្តាយ​របស់​នាងតែងតែផ្តាំផ្ញើនិងលើកទឹកចិត្តកូន។ ឆ្ងាយ​ពី​ផ្ទះ​ឆ្ងាយ​ពី​ភ្នែក​ឪពុក​ម្តាយ​ពិតមែន តែ​រ័ត្ន​ជា​នារី​រឹង​មាំម្នាក់ និងមើលថែសុខភាពខ្លួន​ឯង​បាន​ល្អ។ចំពោះ​ស្នេហា​វិញ ​នាង​តែង​ប្រុង​ប្រយ័ត្ន​​មិន​ងាយ​បង់​ចិត្ត​លើ​អ្នកណា​ដោយ​ងាយ​ឡើយ​ ពិសេស​បុរស​​​បាន​តែ​រស​ទឹក​មាត់​គ្មាន​សេចក្តី​ស្មោះ​ពិត ដោយ​នាង​ធ្លាប់​​ឃើញ​គំរូ​មិត្តៗ​រង​ទុក្ខ​ព្រោះ​តែ​ស្នេហា​មិន​ស្មោះជាច្រើននាក់។អាយុ​ច្រើន​ទៅ​ណា​​មក​ណាគេតែងសួរថ្ងៃណាចូលរោងការ តែ​នាង​​មិន​បាន​ខ្វល់ទេ ព្រោះនាងរង់ចាំជួបបុរស​ម្នាក់​ដែល​ស្រឡាញ់​នាងពិត ក្លាហាន​ហ៊ាន​សារភាព​ក្តី​ស្រឡាញ់​ចំពោះ​មុខនាងផ្ទាល់ និង​ផ្តល់​កិត្តិយស​ចូល​ស្តី​ដល់​មេបាគោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ អ្នកនាងបន្តសាច់រឿងទៀតថា“មាន​បុរស​ម្នាក់ហាក់ក្លាហានហ៊ានបោះពាក្យសុំស្រឡាញ់ សុំនាងធ្វើជាសង្សារជាច្រើនខែ ថា​គេ​នឹង​ស៊ូ​រង់​ចាំ​ចម្លើយ។ យ៉ាងណានាងនៅតែជាក្មេងស្រី គង់ចាញ់នូវមន្តស្នេហ៍បុរសដែលពោល​ពាក្យ​ផ្អែម​ល្ហែម​លួង​លោម។ ល្មមគិតច្បាស់ព្រមបើកចិត្តជឿថាស្មោះ​ត្រង់ ​នាងក៏​ពោល​យល់​ព្រម​ទទួល​ជា​សង្សារ តែដោយគ្មាននិស្ស័យ ម្នាក់នោះក៏ដល់ថ្ងៃចូលរោងការល្មម។ នាង​ស្រាប់​តែ​លែង​ជឿជាក់​បុរស​ណា​ទៀតទាំងអស់ ដ្បិតថាជួបរឿងមិនសមបំណង តែក៏មិនត្រូវខូចចិត្តធ្វើបាបខ្លួនឯងដែរ។ រ័ត្ន​បាន​ផ្ញើសារ​ថា នារីមិនគួរឆាប់ជឿលង់នឹងសម្តីបុរស ឬមិនគួរឆាប់ប្រគល់ខ្លួនប្រាណឱ្យ​បុរស​មុនចូលរោង​ការ​ទេ ព្រោះវា​អាច​នឹងងាយចាញ់ល្បិចខាងបុរសដោយគេអាចដើរចេញដោយងាយ។ តួអង្គរ័ត្ន​បាន​លើក​ទឹក​ចិត្ត​នារី​នៅ​ក្នុង​ឃ្លាកំណាព្យ«ស្ម័គ្រតាមទំនៀម»ត្រង់វគ្គ១២៣ និង ១២៤ យ៉ាង​ដូច្នោះ​ថា ៖

  • ពេលនេះខ្ញុំឈឺតិចៗដែរ តែខ្ញុំខំថែខ្លួនឱ្យបាន

ធ្វើការរៀនសូត្រទៀតហំហាន    គ្មានប្រុសរស់បានក៏មិនខ្សោយ

  • ខ្សោយទៅឱ្យគេកាន់បានចិត្ត ខ្លួនស្រីតែពិតមិនបណ្តោយ

ទន់ខ្សោយមិនទន់ជ្រាយធ្វើឱ្យ    ឈ្មោះស្រីក្រោយៗអាប់យសឡើយ។

សៀវភៅ “កម្រងប្រលោមកំណាព្យ” ស្នាដៃ​រួមរបស់កវីអ្នកនិពន្ធ១០រូប ដែលមានស្នាដៃរបស់ អ្នកនិពន្ធ អោម ចែតច័ន្ទថារី នៅក្នុងនោះ១

អ្នក​នាង​ អោម ចែតច័ន្ទថារី បាន​​បន្ត​សាច់​រឿង​សង្ខេបរឿង​នោះ​ទៀតថា “តួអង្គ​​ស្រី​ក្នុង​រឿង​ នាង​នៅ​តែ​​ជឿ​ថា​បុរស​ល្អ​នៅ​តែ​មាន​លើ​លោកនេះ មិនចាំបាច់ស្វែងរកទេ មើលថែខ្លួន និង​រៀន​បន្ថែម​ចំណេះ​ដឹង ប្រឹងអភិវឌ្ឍខ្លួនឯងឱ្យ​តែ​ខ្លាំង​ពូកែទៅ ពេលវេលា​ទៅមុខប្រាកដជា​បានជួប​បុរស​ដ៏ល្អ​ពិតប្រាកដ​​នោះ​ជាក់​​ជាមិនខាន។ ហើយ​នៅទីបំផុត​នាង​ក៏បានជួប​បុរស​ដ៏ល្អ​ម្នាក់​ពិតមែនដោយ​ថ្ងៃមួយ ស្រប​ពេល​ដែល​បេះដូង​របស់​នាង​កំពុងទំនេរ​ស្រាប់​តែ​មាន​បុរស​ស្រុក​ក្រៅ​ម្នាក់​បាន​មក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​​ថ្ងៃ​ចុង​ក្រោយមុននឹងគេត្រឡប់ទៅកាន់ប្រទេសដែលជាស្រុក​កំណើត​របស់គេវិញបន្ទាប់​ពី​គេ​បាន​​មកទស្សនាស្រុកខ្មែរជាលើកដំបូង​ក្នុង​ឆាក​ជិវិត​របស់ខ្លួន។ បុរសនោះ​ចេះ​លើក​ដៃ​សំពះ គោរព និង​ចូលចិត្តជនជាតិខ្មែរដែលពេញដោយស្នាមញញឹមរួសរាយរាក់ទាក់។ គេបានរៀបរាប់សរសើរ​ពី​ទេស​ភាពស្រុកខ្មែរ និងប្រាសាទចម្លាក់ដ៏ល្អឯករបស់​ខ្មែរ។ ពិសេសទៅទៀតនោះ បុរស​នោះ​បាន​ឆ្លាក់​ជាប់​បុប្ផាកម្ពុជាមួយរូបជាប់ក្នុងបេះដូងមុននឹងឡើងយន្តហោះត្រលប់ទៅស្រុក​កំណើតវិញ។បន្ទាប់​មក ទោះជាគេទៅដល់​ប្រទេស​របស់ខ្លួនវិញ​ក្ដី ក៏គេ​តែង​តែ​សួរសុខទុក្ខ​បុប្ផា​កម្ពុជាមួយទងនោះ​តាម​រយៈ​ផ្ញើអ៊ីម៉េលជានិច្ចហើយ​នៅទីបំផុត ដោយពេញ​ចិត្ត នឹក​ខ្លាំង​ពេក និងមាន​ចិត្ត​ស្រឡាញ់​ស្មោះ​ពិត​ផង​នោះ គេក៏បញ្ចេញ​ភាព​ក្លាហ៊ានសម្រេចចិត្ត​សួរនាំបេះដូង​របស់នាង និង​សុំ​ចូល​ស្តី​ដណ្តឹង​រៀបការ​នាង​ជា​ប្រពន្ធ​តាម​ផ្លូវ​ច្បាប់។ ការចេះ​​ពោល​ពាក្យបានសមរម្យ ចេះ​ផ្ដល់​តម្លៃនិងគោរព​តាម​ប្រពៃណី​ខ្មែរ​បាន​ល្អ បានឆក់យកបេះដូងរ័ត្នដែលជាតួអង្គស្រីឱ្យព្រមបើកទ្វារបេះដូង​ទទួល​យករូបគេ​ដោយពេញ​ចិត្ត​ពោរពេញ​ដោយសេចក្ដីអាណិត​ស្រឡាញ់​យ៉ាង​ខ្លាំង​បំផុត។មិនយូរប៉ុន្មាន​ពួកគេ​ក៏ចាប់​ផ្ដើម​រៀបចំ​ឯកសារ​រៀបការ ហើយ​ចែកធៀបការទៅកាន់​មនុស្ស​ជាទីស្រឡាញ់​ទាំងអស់​របស់​ខ្លួន​ ដើម្បី​ចូលរួម​ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​របស់ខ្លួន​តាម​គម្រោងដែលបានកំណត់ ប្រកបដោយ​ភាព​រីករាយ និង​ស្ម័គ្រ​តាម​ទំនៀមទម្លាប់ប្រពៃណី​​ដ៏ផូរផង់របស់ខ្មែរ​។វគ្គ​មួយ​ដែល​តួអង្គ​ស្រី​ឈ្មោះ​រ័ត្ន​រំភើប​ បានបង្ហាញ​តាម​​រយៈ​ការប្រើឃ្លោងឃ្លាជាកំណាព្យត្រង់​វគ្គ ១៩៣ , ១៩៥ និង ១៩៨ ​ក្នុងថ្ងៃរៀបការ​របស់ខ្លួន​យ៉ាង​ដូច្នោះថា ៖

  • ថ្ងៃនោះក៏ក្លាយជាការពិត ស្រីស្លៀកក្បិនរឹតយ៉ាងហានហំ

រៀបឫករៀបប្រាណបានយ៉ាងសម        ខ្ញុំកូនខ្មែរចំមិនមែនកាត់។

  • សំឡេងវាយឃ្មោះគោះហទ័យ ចិត្តអរលាយភ័យអស់អង្គា

បេះដូងក្តុងក្តាំងលោតគ្រប់គ្រា   សូរប្រណាំងគ្នានឹងភ្លេងការ»។

…..

  • អូនកូនក្រមុំសែនរំភើប ពេលប្រុសមកពើបឱបចង្កេះ

ឱនច្រមុះថើបដល់មាត់ក្រេះ       ជាងថតបញ្ចេះថែមគ្រប់ប្លង់»។

អ្វីៗ​ដែលបាន​រៀបរាប់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ហើយ គឺជាសាច់រឿងប្រលោមកំណាព្យ​ «ស្ម័គ្រ​តាម​ទំនៀម»​ សង្ខេប​របស់អ្នកនិពន្ធ អោម ចែតច័ន្ទថារី ដែលជា​សាច់​រឿង​ដ៏ទាក់​ទាញ​មួយបើតាម​ការ​បង្ហាញ​​របស់អ្នក​និពន្ធ។ លើស​ពីនេះ ម្ចាស់​ស្នាដៃ​ប្រលោម​កំណាព្យ​មួយនេះ ក៏បាន​បញ្ជាក់​បន្ថែម​ពី​ស្នាដៃ​​និពន្ធ​របស់​ខ្លួន​មួយ​នេះទៀតថា “​រឿងនេះជាប្រភេទប្រលោម​កំណាព្យ​បែប​អប់រំមួយ ក្នុង​ន័យ​ឱ្យនារី​ទាំង​ឡាយ​មាន​ភាព​រឹងមាំ​ បើទោះជាជួបស្នេហាបែកបាក់ក្នុង​ជីវិតច្រើន​ដង​ក៏ដោយ ដោយ​ចង់​ឱ្យនារី​ទាំង​ឡាយ​ចេះ​ទទួលស្គាល់ថា លើ​លោក​នេះ​គ្មាន​អ្វី​ដែល​សមតាម​បំណង​រហូតនោះទេ ហើយក៏​មិន​មែន​ចេះ​តែខកបំណងរហូតនោះដែរ ជាពិសេស​ទំនាក់​ទំនង​ស្នេហា​ប្រុស​ស្រី​នេះ​តែម្ដង។”អ្នកនាង​បន្ថែមទៀតថា “យើង​មាន​សិទ្ធិ​រើស​គូ​ជីវិត​ដោយ​ខ្លួនឯងផង ដោយការជួយមើលពីគ្រួសារផង… អ្វីដែល សំខាន់​គឺ​ខ្លួន​យើង​​ត្រូវតែ​ចេះ​​សម្រេច​ចិត្ត​ឱ្យ​ច្បាស់លាស់​ ប្រកប​ដោយ​​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង ​ដោយ​មិនត្រូវបន្ទោសអ្នកណាទៅថ្ងៃក្រោយនោះ​ឡើយ ហើយជៀស​វាងពោលពាក្យសោកស្តាយ ព្រោះ​ថា​អ្វីៗ​គឺ​មិន​ទៀងទាត់ទេ។

អ្នកនិពន្ធ អោម ចែតច័ន្ទថារី និងកវីអ្នកនិពន្ធម្ចាស់ស្នាដៃរួមក្នុងសៀវភៅ៤រូបទៀត

ទាក់ទងនឹង​ស្នាដៃ​ប្រលោមកំណាព្យមួយនេះ អ្នកនិពន្ធ អោម ចែតច័ន្ទថារី ក៏បាន​សម្ដែង​ពីអារម្មណ៍​ពិត​របស់ខ្លួន​ ដែលបាន​ចេញ​ផ្សាយ​ស្នាដៃ​ប្រភេទ​នេះ​ផ្លូវការដំបូងរួមគ្នា​ជាមួយ​កវីអ្នក​និពន្ធ​កម្ពុជា៩រូប​ផ្សេងទៀត​យ៉ាង​ដូច្នោះថា “នាងខ្ញុំពិត​ជា​មានអារម្មណ៍​រំភើប​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែលបាន​ចេញផ្សាយ​ស្នាដៃ​បែប​ប្រលោមកំណាព្យ​ជាលើក​ដំបូង ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ខ្ញុំ​រឹតតែ​រំភើប​ទៀតនោះ គឺបាន​ចេញ​ផ្សាយ​ស្នាដៃ​នេះ​រួមគ្នាជាមួយ​អ្នក​និពន្ធ​កម្ពុជាឆ្នើមៗ​ជាច្រើន​រូប។ អ្នក​នាងឆ្លៀត​បន្ថែម​ទៀតថា “ត្រង់​ចំណុច​នេះ នាងខ្ញុំ​សូម​ធ្វើ​ការ​បញ្ជាក់ថា ក្រុមទសកវី​មានសមាជិក​ទាំង​អស់​១០រូប ដោយ​សុទ្ធតែ​មាន​ស្នាដៃ​ទាំងអស់​ក្នុង​សៀវភៅ «កម្រង​ប្រលោម​កំណាព្យ»សៀវភៅ​នេះ​​បានចេញ​ផ្សាយ​ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០, ខែឧសភា, គ.ស. ២០២១ ថ្មីៗ​នេះ​ឯង ដោយក្រៅ​ពីស្នាដៃ​នាងខ្ញុំ គឺនៅមានស្នាដៃ​របស់កវីអ្នក​និពន្ធចំនួន៩រូប​ទៀតដូចជា ឈ្មោះ គង់ សម្ភស្ស  (រឿង កម្មស្នេហ៍), ឃុល ប៊ុននាដ  (រឿង​ វាសនាបុប្ផាជាយដែន), ជួន ខ្មៅ  (រឿង កំណាព្យស្នេហ៍), ទី លីឈៀង  (រឿង ស្រមោលសង្គ្រាម), ភិរម្យដារ៉ា  (រឿង គ្រួសាររីករាយ), មិន សុធី (រឿង នាងច័ន្ទនារី), សាម សុនិត (រឿង ចិត្តជានារី), ស៊ឹម គឹមសាត  (រឿង ម៉ាក់ប៉ាល្មមឈប់ហើយ និង អ្នកនិពន្ធឈ្មោះ ឡុង លាបសុជាតា  (រឿង អរគុណជីវិត)… ទាក់ទងនឹងសៀវភៅនេះ ប្រសិនបើលោកអ្នកមានបំណងចង់ជាវយកទៅអាន គឺអាចទាក់ទងបានតាមរយៈអ្នកនិពន្ធឈ្មោះ ឃុល ប៊ុននាដ  (ទូរសព្ទលេខ ០១៧ ៥២២ ០០១) ដែល​ជាប្រធានក្រុមទសកវី និងនៅ “បណ្ណាល័យបញ្ញវន្ត(ភ្នំពេញ)” ​តាមរយៈ លោក សុខ ឡាក់ ដែលមាន​ទូរសព្ទលេខ ០៩៨ ៨៦៨ ៤៤២ បាន។” អ្នកនាងបន្ត “ប្រលោមកំណាព្យ កើតចេញពី ក្រុមអ្នកនិពន្ធមួយក្រុម ឈ្មោះថា “ទសកវី” “ទស” បង្ហាញពីអ្នកនិពន្ធទាំង១០រូប “កវី”យើងខ្ញុំដែលមានចំណេះដឹងនៅតិចតួចស្តួចស្តើងនៅឡើយ មិនបានតាំងនាមខ្លួន ឯងថាជាកវីអ្វីឡើយ។ ដោយការស្រលាញ់ចូលចិត្តវិស័យតែងកំណាព្យ គោរព ដឹងគុណកវីជំនាន់មុន កវីរាមច្បង ក្រុមទសកវីកំពុងខិតខំពង្រឹងសមត្ថភាព រៀនសូត្របន្ថែម និងទទួលការស្ថាបនា ពីមិត្តអ្នកអាន ដើម្បីឆ្ពោះយកតាមគំរូល្អរបស់លោក។ “ទសកវី” គឺ​ជា​ក្រុម​បេក្ខជន​នៃ​ពាន​រង្វាន់​ព្រះនាង​ឥន្ទ្រ​ទេវី ឆ្នាំ២០២០ ចំនួន​១០រូប ដែល​រួមចិត្តតែមួយចងក្រងសៀវភៅកម្រងប្រលោមកំណាព្យ ដើម្បី​ផ្សព្វ​ផ្សាយក្នុងគោលបំណងជួយថែរក្សាស្នាដៃសិល្បៈតែងកំណាព្យ។ សៀវភៅ​កម្រង​ប្រលោម​កំណាព្យ​នេះមានការរៀបចំចងក្រងយ៉ាងផ្ចិតផ្ចង់ពីបងប្រុស ឃុល ប៊ុននាដ និង​ការ​ចូល​រួម​ពី​សមាជិក​ម្នាក់ៗ។ នាងខ្ញុំក៏សូមអរគុណដល់សមាជិកក្នុងក្រុមទាំងអស់ផងដែរក្នុងការចូលរួមចងក្រងសៀវភៅមួយក្បាលនេះឡើង។

កវីអ្នកនិពន្ធម្ចាស់ស្នាដៃរួមជាមួយ អ្នកនិពន្ធ អោម ចែតច័ន្ទថារី ៥រូប​ទៀត

អ្នកនិពន្ធ អោម ចែតច័ន្ទថារី បាន​បង្ហាញ​ពីកត្តា​ដែល​ជំរុញ​ឱ្យ​អ្នកនាង​និពន្ធ​ស្នាដៃ​ប្រភេទ​នេះ​ឡើងថា  “ហេតុ​ផល​ដែល​ជំរុញ​ឱ្យនាងខ្ញុំនិពន្ធស្នាដៃបែបប្រលោមកំណាព្យនេះឡើង គឺដោយសារតែ​កត្តា​ ពីរយ៉ាងគឺ ទី១ ឆ្នាំ២០១៩នាងខ្ញុំបានអានកំណាព្យរឿងជាលើកទីដំបូង ដែលមានចំណងជើង ថា«ម្លប់ជីវិត» ជាស្នាដៃ​របស់កវីនិពន្ធ លឹមផាន់ណា ដែលជាប់ជ័យលាភី លេខ២ ផ្នែកប្រលោមកំណាព្យ ពានរង្វាន់លោក លី ធាមតេង ឆ្នាំ២០១៨ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ខ្ញុំ​ធ្លាប់​អាន​តែ​កំណាព្យ​ខ្លី​ៗ ប្រសិនជាពេលនោះមិនបានអានទេក៏មិនដឹងថាប្រលោមកំណាព្យ ឬកំណាព្យរឿង សរសេរ​រំលេច​បែបណា​ដែរ។ ការអានជាគំនិត បណ្តុះការគិត ហើយចាប់ផ្តើមសរសេរ។ ខ្ញុំ​ពិតជាសូមអរគុណប្អូនស្រី លឹម ផាន់ណា ខ្លាំងណាស់ ដែលបាននិពន្ធស្នាដៃដ៏ល្អ​មួយនេះឡើង។ ចំណែក​កត្តា ទី២ នៅពេលដែលខ្ញុំបានឃើញការផ្សព្វផ្សាយអំពីការប្រលងស្នាដៃតែងនិពន្ធពានរង្វាន់​ព្រះនាង​ឥន្ទ្រ​ទេវី ឆ្នាំ២០២០ ប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង លើប្រធានបទសេរី ពីលោកគ្រូ កុក រស់លើ​​បណ្តាញ​សង្គម​ហ្វេកប៊ុគ។ គ្រានោះហើយជាគ្រាដំបូងដែលនាងខ្ញុំបានគិត  ហើយ​សម្រេច​ខិត​ខំ​បញ្ចប់​សាច់​រឿង​ប្រលោមកំណាព្យ ទាំងប្រថុចញ៉ុចមែនទែននាវេលាជិតបិទការទទួលយកស្នាដៃ​ទៅ​ហើយ​នោះ។ (ត្រង់​នេះ​នាងខ្ញុំ​សូមបញ្ជាក់ថា ​រឿង​របស់​នាង​ខ្ញុំមិនបានជាប់ជ័យលាភី​ទេ តែមានមិត្តក្នុងក្រុមទសកវី ពីររូបបានជាប់ពានរង្វាន់ និង​បី​រូប​​ទៀត​ទទួល​បានប័ណ្ឌកិត្តិយស ក្នុង​កម្មវិធីប្រកួត​ប្រជែងនេះ។ នាងខ្ញុំសូមអរគុណក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ដូចជាលោកជំទាវ លោកគ្រូអ្នកគ្រូ និងគណៈកម្មការ​ទាំងអស់ ដែលបានរៀបចំឱ្យមាន​ជា​កម្មវិធីដ៏ល្អ​នេះ ដំណើរការ ឡើង ដែលជាការ​ចូលរួម​ចំណែក​លើក​​កម្ពស់​វិស័យតែងនិពន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីក​ចម្រើនបន្ថែមទៀត)។

មុននឹង​បិទបញ្ចប់​បទសម្ភាសន៍ អ្នកនិពន្ធ អោម ចែតច័ន្ទថារី ក៏បាន​​ថ្លែងថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ ក៏ដូចជា​សមាជិក​ក្រុមទសកវី​ទាំងអស់ សូមគោរពថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានជួយគាំទ្រ​ស្នាដៃ​កំណាព្យ​ខ្មែរយើង ព្រោះ​ការគាំទ្ររបស់ប្រិយមិត្ត គឺជាការកម្លាំងទឹកចិត្ត​នៃ​យើង​ខ្ញុំ​ដែលជា​កវី និពន្ធ​ឱ្យកាន់តែ​មានកម្លាំង​ចិត្ត​ក្នុង​ការ​រិះ​គិត​អ្វីថ្មីៗ​បន្ថែមទៀត ក្នុង​ន័យ​ចូលរួមជួយ​ថែ​រក្សា​មរតក​កំណាព្យ​ដូនតាយើងផង និង​លើក​លើក​ស្ទួយ​វិស័យតែងនិពន្ធ​ជាតិខ្មែរយើង​ផង។ លើស​ពីនេះ ជា​ចុង​ក្រោយ នាងខ្ញុំក៏សូមលើកទឹកចិត្តដល់យុវជនខ្មែរដែលមានឧបនិស្ស័យក្នុងការតាក់​តែងនិពន្ធ សូម​ចូល​រួមដាក់ប្រឡងស្នាដៃតែងនិពន្ធក្នុង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២១ ផ្នែក​ប្រលោម​លោក​ខ្នាត​ខ្លី និងកំណាព្យរឿង លើប្រធានបទសេរីឱ្យបានច្រើនកុះករ ដើម្បី​ជា​បទពិសោធន៍ដ៏​ល្អមួយ ហើយ​ក៏ជាឱកាស​មួយ​ជួយ​ឱ្យបានស្គាល់មិត្តដែលជាអ្នកនិពន្ធដទៃៗ​ជាច្រើនទៀតផងដែរ។ ហើយ​នាងខ្ញុំ ក៏មិនភ្លេច​អរគុណដល់គេហទំព័រអ្នកនិពន្ធកម្ពុជា cambowriter.com ផងដែរ ដែល​បាន​ផ្ដល់​កិត្តិ​យស​សម្ភាសន៍​ជួយ​ផ្សព្វ​ផ្សាយពីស្នាដៃប្រលោម​កំណាព្យដំបូងរបស់នាងខ្ញុំនៅពេល​នេះ។ សូមអរគុណ។”

អ្នកនិពន្ធ អោម ចែតច័ន្ទថារី និង ក្របរឿង “ឆ្នាំថ្មី” ស្នាដៃរឿងខ្លីបែបអប់រំមួយរបស់​ខ្លួន

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូម​បញ្ជក់ថា  អ្នកនាងអោម ចែតច័ន្ទថារីមាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “និរតី” ។ កើតថ្ងៃទី១១ ខែមករា ឆ្នាំ១៩៨៨ នៅភូមិ៣ មណ្ឌល៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានឪពុកឈ្មោះអោម បូយ៉េតជាមន្ត្រីចូលនិវត្តន៍ និង​ម្តាយឈ្មោះប្រាជ្ញ សឿនជាស្ត្រីមេផ្ទះនិង​មានបងប្អូនបង្កើតចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ជាកូនស្រីច្បងក្នុងគ្រួសារ។ អ្នកនាងជា​អ្នក​និពន្ធ​កម្ពុជា​មួយរូប​​កំពុងរស់នៅប្រទេសស្វីស ជាមួយក្រុមគ្រួសាររបស់អ្នកនាង។ រឿង «ស្ម័គ្រតាមទំនៀម»ជា​ស្នាដៃ​ប្រលោម​កំណាព្យ​ដំបូង​របស់អ្នក​នាង ដោយ​កន្លងមកធ្លាប់តែ​ចេញផ្សាយ​រឿង​ខ្លី, កំណាព្យខ្លី​ៗនិងទំនុកច្រៀង​ប៉ុណ្ណោះ។ ដោយ​ក្នុង​ឆ្នាំ២០១៧ ស្នាដៃរឿងខ្លីមួយរបស់​អ្នកនាង​មានចំណងជើងថា“វីរនារី”បានចុះផ្សាយនៅក្នុងសៀវភៅ«មន្តទឹកខ្មៅ»ដែលជាកម្រងវណ្ណកម្មរួមសម័យជាមួយអ្នកនិពន្ធ២១រូបដទៃទៀត។ចំណែក រឿង“ភ្លេចអស់ហើយ”និង រឿង “ឆ្នាំថ្មី”ដែលជាប្រភេទរឿង​ខ្លី ត្រូវ​បាន“គេហទំព័រអ្នកនិពន្ធកម្ពុជា”ជ្រើសរើសឱ្យចុះផ្សាយ​ក្នុង​មាតិកា“រឿងខ្លីចម្រុះ”កាលពីប៉ុន្មានខែមុន។ ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​ចង់​ដឹងថា តើ​ប្រលោមកំណាព្យដែល​ជាស្នាដៃផ្នែក​នេះដំបូង​របស់អ្នកនាងថាមាន​អត្ថន័យ​ខ្លឹមសារ​ល្អ​យ៉ាងណានោះ? លោក​អ្នក​អាច​រក​ទំនាក់​ទំនង​រកទិញអានតាមរយៈការបង្ហាញខាងលើបាន នោះ​លោកអ្នក​មុខជា​នឹងបាន​ដឹងច្បាស់ពីកម្រិតទឹក​ដៃ​របស់​អ្នក​និពន្ធ​ អោម ចែតច័ន្ទថារីនិងអ្នក​និពន្ធ​៩រូបទៀត ដែលមានក្នុងសៀវភៅនេះជាក់ជាមិនខាន ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ អោម ចែតច័ន្ទថារី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!