“សមាគមអ្នកនិពន្ធខ្មែរ” សម្រេចបោះពុម្ពកម្រងកំណាព្យ “អនិច្ចាជីវិត” របស់កវីនិពន្ធ វ៉ែន សុន ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ជាផ្លូវការ!
- April 2nd, 2021
“សមាគមអ្នកនិពន្ធខ្មែរ” សម្រេចបោះពុម្ពកម្រងកំណាព្យ “អនិច្ចាជីវិត” របស់កវីនិពន្ធ វ៉ែន សុន ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ជាផ្លូវការ!
“អនិច្ចាជីវិត” គឺជាចំណងជើងសៀវភៅកម្រងកំណាព្យ ស្នាដៃនិពន្ធរបស់ លោក វ៉ែន សុន កវីនិពន្ធខ្មែរជើងចាស់ដ៏ល្បាញល្បីមួយរូបនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយក៏ជាស្នាដៃជ័យលាភី “ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩” ។
តាមរយៈការចាប់អារម្មណ៍របស់ “សមាគមអ្នកនិពន្ធខ្មែរ” ដែលបបង្ហាញក្នុងទំព័រដំបូងៗក្នុងសៀវភៅខាងលើ បានបង្ហាញពីហេតុផល ក៏ដូចជាបុព្វហេតុដែលជំរុញឱ្យសមាគមសម្រេចបោះពុម្ពស្នាដៃនេះជាសៀវភៅឡើងថា ការស្រាវជ្រាវ បណ្ដុះបណ្ដាល និងបោះពុម្ពផ្សាយ ជាបេសកកម្មរបស់សមាគមអ្នកនិពន្ធខ្មែរ, ហេតុនេះហើយ ទើបគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរ សម្រេចជ្រើសរើសស្នាដៃដែលធ្លាប់ជាប់ពានរង្វាន់មកបោះពុម្ពផ្សាយ។ ការបោះពុម្ពនេះគឺជាការចូលរួមលើកកម្ពស់ស្នាដៃកវីនិពន្ធខ្មែរឱ្យទូលំទូលាយទៅក្នុងសង្វៀនអក្សរសិល្ប៍ផង, បង្ហាញពីភាពលេចធ្លោរបស់បទនិពន្ធកំណាព្យខ្មែរផង, ជាកិច្ចតបស្នងសងគុណ ក្នុងន័យថែរក្សាមរតកដែលជាស្នាដៃនិពន្ធខ្មែរផង និងដើម្បីជាការលើកទឹកចិត្តផង។ កវីនិពន្ធ វ៉ែន សុន បានលះបង់ស្ទើរមួយជីវិតក្នុងបុព្វហេតុអក្សរសាស្ត្រជាតិ នេះជាសកម្មភាពដ៏ប្រពៃមួយក្នុងនាមជាកវីនិពន្ធខ្មែរមួយរូបនៅកម្ពុជា ដែលទទួលបាននូវការគោរពលើកតម្កើងយ៉ាងប្រាកដ។
តាមខ្លឹមសារក្នុងការចាប់អារម្មណ៍របស់ “សមាគមអ្នកនិពន្ធខ្មែរ” បានបញ្ជាក់ទៀតថា សៀវភៅនេះបានរួមបញ្ចូលវណ្ណកម្មមួយចំនួនដែលធ្លាប់បោះពុម្ពផ្សាយនៅក្នុងកម្រងសៀវភៅអប់រំរបស់អង្គការអន្តរជាតិក្នុងស្រុក ដែលមានប្រែជាភាសាអង់គ្លេសផងដែរ… ចំណែកថវិកាចំណាយក្នុងការបោះពុម្ពស្នាដៃនេះឡើង សមាគមអ្នកនិពន្ធខ្មែរទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិគ្រួសារ លោក អៀ ហុកនីម និងលោកស្រី ហ៊ន ច័ន្ទសោភា រួមនឹងមូលនិធិ កវីយិនលួត។
កម្រងកំណាព្យ “អនិច្ចាជីវិត” នេះ សមាគមអ្នកនិពន្ធខ្មែរបានដាក់លក់ជាសាធារណៈ ដើម្បីប្រមូលថវិកា ផ្ដល់ជូនលោកគ្រូ វ៉ែន សុន និងបន្តបោះពុម្ពផ្សាយស្នាដៃរបស់លោកមួយចំនួនទៀត។
កវីនិពន្ធ វ៉ែន សុន (រូបភាពយកពីហ្វេសប៊ុគផេក សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ)
ប្រវត្តិកវីនិពន្ធ វ៉ែន សុន
កវីនិពន្ធ វ៉ែន សុន (Ven Son) នាមដើម រិត សុន្ទសារី (Rith Sonsary) កើតថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៣៩ លោកឪពុកនាម រ៉ិត វ៉ែន(ស្លាប់) អ្នកម្តាយនាម កាន់ សុំ (ស្លាប់)។
កវីនិពន្ធ វ៉ែន សុន កំព្រាឪពុកតាំងពីអាយុ៦ឆ្នាំ និងមានប្អូនស្រី២ នាក់ទៀត។ នៅពេលដែលឪពុកស្លាប់ដោយជំងឺអាសន្នរោគចោលទៅ កុមារ វ៉ែន សុន ត្រូវ ជីតាអ៊ំខាងឪពុកជាព្រះគ្រូចៅអធិការវត្តខ្យាងខាងជើង ព្រះនាម ម៉ៅ អៀម ជាជីតា យកទៅឱ្យនៅរៀនសូត្រជាមួយ ដែលកាលនោះការរៀនសូត្រតាមវត្តអារាមគឺរៀនបែបបុរាណដែលជាទូទៅការរៀនអក្សរសាស្ត្រជាតិជាកំណាព្យ សាស្ត្រាស្លឹករឹតទាំងអស់ដូចជា៖ សាស្ត្រាច្បាប់ក្រម, កេរ្តិ៍កាល, ពាក្យចាស់, កូនចៅ, ច្បាប់ប្រុស, ច្បាប់ស្រី, ជុច និងត្រី, ផ្គរផ្តាំក្តាមខ្យង, សាស្ត្រាជាងកែវ, ឃុនឆាងឃុនផែន, សុបិនកុមារ, ព្រះចន្ទគោរព, មរណមាតា, មគ្គលីផល,ព្រះគោព្រះកែវ, ហង្សយន្ត, ទិព្វសង្វារ, ព្រះជិនវង្ស, រិទ្ធិសែននាង កង្រី (ឬហៅ រឿងនាង១២) រឿង នាងដាវគុន (និយាយពីក្បាច់គុនចិន), ស័ង្ខសិល្ប៍ជ័យ, ព្រះល័ក្សិណ្ណវង្ស, រឿងចៅស្រទបចេក និង រឿងទុំទាវ។ ល។ និង ។ល។ វត្តខ្យាង ស្ថិតនៅភូមិខ្យាង ឃុំស្វាយ ស្រុកកំពង់ត្រឡាច (បច្ចុប្បន្នស្រុកសាមគ្គីមានជ័យ) ខេត្តកំពង់ឆ្នាំង។
ទីលំនៅបច្ចុប្បន្ន ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អំពីស្ថានភាពគ្រួសារ កវីនិព្ធ វ៉ែន សុន មានភរិយានាម ណុប ណាគ្រី កើតឆ្នាំ១៩៥២ ជាមេផ្ទះ។ មានកូន៨នាក់ស្រី៥, ប្រុស៣ (ក្នុងចំនួននេះចប់បរិញ្ញាបត្រជាន់ខ្ពស់ម្នាក់ខាងបុរាណវិទ្យា និងថ្នាក់បរិញ្ញាបត្រចំនួន៤នាក់ ក្រៅពីនោះកម្រិតក្រោមថ្នាក់ទី១២ ចំនួន៣ នាក់។
សៀវភៅកម្រងកំណាព្យ “អនិច្ចាជីវិត” របស់កវីនិពន្ធ វ៉ែន សុន ដែលទើបបោះពុម្ពចេញផ្សាយថ្មីៗ
លក្ខណៈពិសេសរបស់កវីនិពន្ធ វ៉ែន សុន
កវីនិពន្ធ វ៉ែន សុន ជាអ្នកនិពន្ធរឿងសម្រាប់កុមារដោយរូបភាព
– និពន្ធកំណាព្យសម្រាប់កុមារ ដោយរូបភាព
– សរសេរអក្សរភ្លេងអន្តរជាតិសម្រាប់សរសេរបទកំណាព្យ និងសម្រាប់ និពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀងបានផ្ទេរចំណេះដឹងផ្នែកកំណាព្យ ឱ្យអ្នកជំនាន់ក្រោយក្នុងវគ្គបណ្តុះបណ្តាលអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរបាន៣៣វគ្គនិង កំពុងបង្រៀនមុខវិជ្ជាកំណាព្យនៅមហាវិទ្យាល័យនាដសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ(ឱ្យនិស្សិតឆ្នាំទី២និងឆ្នាំទី៣)។
កំរិតវប្បធម៌ និងបទពិសោធ
កវីនិពន្ធ វ៉ែន សុន បានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា រយៈពេលបួនព្រះវស្សា។
ឆ្នាំ១៩៦២ បញ្ចប់មធ្យមសិក្សាចំណេះទូទៅដើម្បីចូលរៀន ផ្នែកតូរ្យតន្ត្រី នៅទីស្នាក់ការយុវជនរាជសង្គមនិយមខ្មែរ និងនៅសាលាជាតិតន្ត្រី បច្ចុប្បន្នជាមហាវិទ្យាល័យតូរ្យតន្ត្រី ជំនាញឯកទេស«Note Solfege, Theorie & Harmonie et Instrument Saxophone-Tenor» គឺធ្វើការងាររដ្ឋផង រៀនផងរហូតដល់ ឆ្នាំ១៩៧០។
ឆ្នាំ២០១៣ ទទួលបរិញ្ញាបត្រមហាវិទ្យាល័យផ្នែកសិល្បៈ នាដសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកទេស តែងនិពន្ធ (Writing Poem) ។
អំពីបទពិសោធការងារ
ឆ្នាំ១៩៦៤ ដល់ ១៩៦៥ ជាអ្នកនិពន្ធទំនុកច្រៀងនៅក្រុមតន្ត្រី ព្រះរាជទ្រព្យរួមជាមួយលោក ស្វាយ ស និងលោក ប៉ិច សាលឿន ជាអ្នកនិពន្ធបទភ្លេង។
ឆ្នាំ១៩៦៥ ដល់១៩៧០ ជាតន្ត្រីករ Saxophone Tenor និងជាអ្នកនិពន្ធ បទភ្លេង និងទំនុកច្រៀងនៅក្រុមតន្ត្រីរាជតម្រួត ភិរម្យ (Police រយៈពេលប្រាំឆ្នាំ)។
ឆ្នាំ១៩៧០ ដល់១៩៧៥ ធ្វើការនៅវិទ្យុយុទ្ធជន AM ជាអ្នកផលិតកម្មវិធីកំណាព្យភ្លេងប្រពៃណី និង រឿងកំប្លែងខ្លី (ជាកងទ័ព E.X. G.P. រយៈពេល៥ឆ្នាំ)។
សម័យវាលពិឃាដ ប៉ុល ពត ជាប្រជាជនថ្មី គេចាត់ឱ្យធើ្វជា
ជាងឈើ នៅកងទី៩ ឃុំស្វាយ កំពង់ត្រឡាច កំពង់ឆ្នាំង។
បម្រើការងារសម័យរដ្ឋកម្ពុជា ១៩៧៩ –២០០៨ រួមមាន ៖
-១៩៧៩-១៩៨១ ជាអនុប្រធានភ្លេងត្រែទ័ព
-១៩៨១-១៩៨៧ ជាប្រធានក្រុមសិល្បៈមហាជនយោធាក្រុង។
-១៩៨៧-១៩៩៣ នៅមន្ទីរវប្បធម៌សិល្បៈស្នងការឃោសនាអប់រំ នៃអគ្គស្នងការនយោបាយ។
-១៩៩៣-២០០៨ នៅមន្ទីរហ្វឹកហ្វឺន កងទ័ពជើងគោក។
-ឆ្នាំ២០០៨ ជាអតីតនាយទាហាន ចូលនិវត្តន៍។
ចំពោះស្នាដៃពីឆ្នាំ១៩៧៩រហូតដល់សព្វថ្ងៃនិពន្ធបទភ្លេង និងទំនុកចម្រៀង១០បទ (ថត/ហង្សមាស) និពន្ធរឿងល្ខោននិយាយរឿង ចំណងដៃទឹកភ្នែក រឿង ផ្កាដុះលើថ្ម (ថតជាVideo)កំណាព្យបណ្តាំកវី (ទទួលជ័យលាភីលេខ១ បានមេដាយមាសពីក្រសួង វប្បធម៌ វិចិត្រសិល្បៈក្នុងមហោស្រពប្រឡងតែងនិពន្ធ ទូទាំងប្រទេសឆ្នាំ១៩៩១) និពន្ធរឿង ឋានសួគ៌ក្នុងសុបិន ជាប្រលោមកំណាព្យទទួលបានពានរង្វាន់ «៧មករា» ពីសមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ១៩៩៧ និពន្ធរឿង ភ្នំព្រះនាងកែវ ជាកំណាព្យបែបប្រវតិ្តសាស្ត្រ ទទួលបានពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គក្នុងឱកាសមហោស្រពអក្សរសិល្ប៍ប្រទេសទាំងបីនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពី ខែមីនា ឆ្នាំ២០១០។ល។
-ថ្ងៃទី២៦មិថុនា ២០១៣ ទទួលពានរង្វាន់ Sunthorn Phu ថ្នាក់កវីអាស៊ានមកពីប្រទេសទាំង១០ នៅទីក្រុងបាងកក, ព្រះរាជាណាចក្រថៃ ជាស្នាដៃកំណាព្យ របាំប្រពៃណីខ្មែរ។ លោកបាននិពន្ធរឿង និងកំណាព្យសម្រាប់កុមារ ឱ្យអង្គការមួយចំនួនដូចជាអង្គការ «Room to Read, Cambokids. SVA, អរិយធម៌ខ្មែរ និងគ្រឹះស្ថានបោះពុម្ពផ្សាយឯកជនមួយចំនួនទៀត។ល។
ការងារស្រាវជ្រាវអំពីរបៀបនិពន្ធ និងស្មូត្រកំណាព្យខ្មែររួមមាន
-ឆ្នាំ១៩៩១-២០០១ចាប់ផ្តើមស្រាវជ្រាវទោល លទ្ធផលរកឃើញ១បទ គឺ៖
បទ ឥន្ទ្រជិត ឬ ឥន្ទជិត រកឃើញទាំងរបៀបសរសេររកឃើញទាំងរបៀបស្មូត្រដោយផ្ដល់ការចង្អុលបង្ហាញពីលោកតាអាចារ្យ សួង គ្រុយ នៅវត្តហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកតាអាចារ្បបញ្ជាក់ថា “គាត់ចេះចាំបទឥន្ទជិត ឬ បទ ឥន្ទ្រជិតនេះ តាំងពីអាយុ១០ឆ្នាំ នៅក្នុងសាស្ត្រាស្លឹករឹតរឿងព្រះបាទ វិនា ត្រង់ព្រះបាទវិនា ទ្រង់បញ្ជាឱ្យអាមាត្យចាត់ចែងធ្វើពិធីជញ្ជាត់ព្រលឹង ថ្វាយព្រះនាងគោត្តមីជាអគ្គមហេសីដែលនាងឆន្ទាច្រានទម្លាក់សមុទ្រ។ល។
ឆ្នាំ២០០១-ឆ្នាំ២០០៣ សហការស្រាវជ្រាវ សមាសភាពរួមមាន ខ្ញុំបាទ វ៉ែនសុន កាលនៅជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ។
សាស្ត្រាចារ្យ យ៉ាន់ បុរិន្ទ, អ្នកគ្រូសាស្ត្រាចារ្យ ម៉ម សុខលីលោក ថី ចន្ទោ អ្នកសម្របសម្រូលសមាគម KamboKids ជាអ្នកឧបត្ថម្ភលទ្ធផលទទួលបាន១ បទ រកឃើញវិធីសាស្រ្តនិពន្ធបទមូលដ្ឋានគ្រឹះបំបែកចេញពីច្បាប់ដើម(បទទ្វេមាត្រ)សរុប ៧៤ បទ (នៅបាត់២ទៀតគឺ ទន្សាយទីសទៀស និង មាន់ទឹកបណ្តើរកូន។ ក្នុងនោះដែរក៏បានរកឃើញបទស្មូត្រកំណាព្យ៥៩បែប។ល។
កវីនិពន្ធ វ៉ែន សុន ក្នុងសកម្មភាពការងារតែងនិពន្ធរបស់លោក
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា ទិន្នន័យទាំងប៉ុន្មានដែលខាងគេហទំព័រយើងខ្ញុំបានបង្ហាញខាងលើ គឺផ្ដល់ដោយ “សមាគមអ្នកនិពន្ធខ្មែរ” ឯស្នាដៃកម្រងកំណាព្យ “អនិច្ចាជីវិត” របស់កវីនិពន្ធ វ៉ែន សុន ដែលខាងសមាគមអ្នកនិពន្ធខ្មែរសម្រេចចិត្តជ្រើសរើសបោះពុម្ពផ្សាយជាសៀវភៅនេះ ទទួលបន្ទុកបោះពុម្ពផ្សាយទាំងស្រុងដោយ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ https://www.facebook.com/ ។ មែនទែនទៅ អ្វីៗដែលពាក់ព័ន្ធនឹងកវីនិពន្ធ វ៉ែន សុន នៅមានច្រើនទៀតក្នុងសៀវភៅដែលទើបបោះពុម្ពចេញផ្សាយនេះ ដែលអាចឱ្យលោកអ្នកដឹងបានដោយគ្រាន់តែស្វែងរកសៀវភៅនេះមកអានប៉ុណ្ណោះ។ ដូច្នេះ បើលោកអ្នកចង់ដឹងច្បាស់ថា តើ កវីនិពន្ធ វ៉ែន សុន កវីនិពន្ធខ្មែរជើងចាស់ល្បាញល្បីមានស្នាដៃសម្បូរបែបយ៉ាងណា? ផ្នែកអ្វីខ្លះ? មានចំណងជើងអ្វីខ្លះ? ជាពិសេសស្នាដៃ “អនិច្ចាជីវិត” របស់លោក ដែលសមាគមអ្នកនិពន្ធខ្មែរទើបតែសម្រេចជ្រើសមកបោះពុម្ពថ្មីៗនេះមានអត្ថន័យខ្លឹមសារល្អយ៉ាងណា? លោកអ្នកអាចស្វែងរកទិញនៅតាមតូបលក់សៀវភៅ, បណ្ណាគារ ឬទាក់ទងទិញតាមរយៈទូរសព្ទលេខ៖ ០៨៩ ៨៥៦ ៧៦៤ និង ០៩២ ៧៨៨ ៩៩០ ដែលជាលេខទូរសព្ទរបស់ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ កវីនិពន្ធ វ៉ែន សុន / រក្សាសិទ្ធិ ៖ cambowriter.com