មកស្គាល់មុខអ្នកនិពន្ធ ម្ចាស់ជ័យលាភី “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ទាំង៨រូប ដែលទើបជាប់ថ្មីៗ!
- February 24th, 2021
មកស្គាល់មុខអ្នកនិពន្ធ ម្ចាស់ជ័យលាភី “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ទាំង៨រូប ដែលទើបជាប់ថ្មីៗ!
ក្នុងនាមជាអ្នកនិពន្ធ ការប្រឡងជាប់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍អ្វីមួយ គឺជាមោទកភាពមួយ ដែលអ្នកនិពន្ធរូបណាក៏ប្រាថ្នាចង់បានដែរក្នុងជីវិតលើវិថីតែងនិពន្ធរបស់ខ្លួន។ ហេតុនេះហើយ ទើបបានជាអ្នកនិពន្ធគ្រប់រូបតែងតែព្យាយាមខិតខំសម្រិតសម្រាំងស្នាដៃនិពន្ធរបស់ខ្លួនឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីអាចឆក់យកដួងចិត្តប្រិយមិត្តអ្នកអានផង និងទុកជាប្រយោជនន៍ចំពោះពលរដ្ឋនិងសង្គមជាតិខ្លួនសំដៅវិស័យអក្សរសាស្ត្រអក្សរសិល្ប៍ផង ជាពិសេសដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីគណៈកម្មាការនៅពេលដែលខ្លួនដាក់ប្រឡងតែម្ដង ដោយសារតែបើខ្លួនមិនអាចនិពន្ធស្នាដៃបានល្អ មានទម្ងន់ គួរឱ្យទាក់ទាញ មានប្រយោជន៍ និងត្រឹមត្រូវបានប្រធានបទដែលកម្មវិធីកំណត់ទេ ស្នាដៃនោះក៏មិនអាចជាប់ជ័យលាភីតាមបំណងរបស់ខ្លួនដែរ។
អ្នកនិពន្ធម្ចាស់ជ័យលាភី “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ទាំង៨រូប
ជាបន្តទៅនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” នឹងបង្ហាញឱ្យលោកអ្នកបានស្គាល់អ្នកនិពន្ធម្ចាស់ជ័យលាភីចំនួន៨រូប ដែលទើបតែជាប់ “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” នេះថ្មីៗ ដែលអ្នកនិពន្ធទាំង៨រូបនេះ សុទ្ធសឹងតែប្រកបដោយសមត្ថភាពក្នុងការនិពន្ធ។
ជ័យលាភីផ្នែកប្រលោមលោក “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ពីលេខ១ដល់លេខ៥ (រាប់ពីនិម្មិតសញ្ញា “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទៅ)
ជ័យលាភីផ្នែកប្រលោមលោក
ជ័យលាភីផ្នែកកំណាព្យរឿង “ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ពីលេខ៣ដល់លេខ៥ (រាប់ពីនិម្មិតសញ្ញា “គេហទំព័រអ្នកនិពន្ធកម្ពុជា” ទៅ)
ជ័យលាភីផ្នែកកំណាព្យរឿង
តាមការបញ្ជាក់របស់អ្នកនិពន្ធមុខស្រស់វ័យក្មេង ធឿន វុទ្ធី ដែលជាម្ចាស់ពានរង្វាន់នេះ “ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ដូចបានបញ្ជាក់ខាងលើ កម្មវិធីនេះរៀបចំដោយ “នាយកដ្ឋានសៀវភៅ និងការអាន អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”។ ចំណែកពិធី ប្រកាស និងប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្មានថ្ងៃថ្មីៗនេះឯង ដោយប្រារព្ធធ្វើនៅ “សាលអង្គរវត្ត ស្ថិតក្នុងទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” ក្រោមអធិបតីភាពរបស់ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ម្ចាស់ជ័យលាភី, បុគ្គលសំខាន់ក្នុងវិស័យតែងនិពន្ធ និងគណៈអធិបតីក្នុងកម្មវិធីប្រគល់ពានរង្វាន់ “ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០”
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កម្មវិធីខាងលើនេះ ផ្នែកកំណាព្យរឿង ពុំមានអ្នកជាប់ជ័យលាភីលេខ១ និងលេខ២ នោះទេ។ ហើយបើតាមព័ត៌មានដែលគេហទំព័រយើងខ្ញុំទទួលបាន “កម្មវិធីពានរង្វាន់អក្សរសិល្ប៍ ព្រះនាងឥន្រ្ទទេវី ឆ្នាំ២០២០” នេះ មានការចូលរួមពីសំណាក់អ្នកនិពន្ធកម្ពុជាក្មេងចាស់ប្រុសស្រីជាច្រើនរូប លើសពីកម្មវិធីឆ្នាំមុនៗយ៉ាងច្រើន ដែលនេះចាត់ទុកជាភាពជោគជ័យដ៏ល្អមួយរបស់កម្មវិធីអក្សរសិល្ប៍ដ៏ល្អមួយនេះ។ ដូច្នេះ គេហទំព័រយើងខ្ញុំសង្ឃឹមថា ការផ្សាយមួយនេះ នឹងធ្វើឱ្យអ្នកនិពន្ធទាំងថ្មីចាស់នៅកម្ពុជា នឹងមានការចាប់អារម្មណ៍ ហើយកាន់តែមានចំនួនចូលរួមនៅកម្ពុជាលើកក្រោយកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យកម្មវិធីដ៏ល្អមួយនេះ កាន់តែមានដំណើរការល្អ និងប្រកបដោយភាពជោគជ័យបន្ថែមទៀត។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាពរចនា ៖ ង៉ែត រ៉ា / រក្សាសិទ្ធិ ៖ cambowriter.com