ត្រឹមវ័យ១៧ឆ្នាំ កញ្ញា ចិន ម៉ាលីហ្សា អាចនិពន្ធប្រលោមលោកស្នេហាសម័យលង្វែកបានយ៉ាងល្អ!

  • February 10th, 2021

កញ្ញា ចិន ម៉ាលីហ្សា មាននាមប៉ាកកា​ក្នុង​វិស័យតែងនិពន្ធថា ស៊ូលី កញ្ញា​កើតនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០០៤ ​នៅភូមិស្លែងរលើង សង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានឪពុកឈ្មោះ ចិន សារីន និងម្ដាយឈ្មោះ យ៉ង់ សុគង់ និង​មានបងប្អូន​បង្កើត​ចំនួន៤នាក់ ក្នុងនោះស្រី២នាក់ និងប្រុស២នាក់ ដោយ​កញ្ញា​ជាកូនពៅ​ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីជា​អ្នក​និពន្ធវ័យ​ក្មេង​ដ៏ពូកែមួយរូប​នៅកម្ពុជា កញ្ញា​គឺជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង ដែលមានទីតាំងស្ថិតនៅក្នុង​ក្រុងភ្នំពេញ។

អ្នកនិពន្ធ ចិន ម៉ាលីហ្សា ហៅ “ស៊ូលី” និងសៀវភៅប្រលោមលោករឿង “អធិដ្ឋានស្នេហ៍” របស់កញ្ញា

ថ្មីៗ​នេះ អ្នក​និពន្ធវ័យក្មេងដ៏ពូកែខាងលើ បានបោះពុម្ពចេញផ្សាយនូវស្នាដៃប្រលោមលោក​ស្នេហា​​ក្នុង​សម័យ​លង្វែក​មួយ​ក្បាល មានចំណងជើងថា “អធិដ្ឋានស្នេហ៍” ដែល​ការ​ចេញ​ផ្សាយ​ស្នាដៃ​នេះ ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​អ្នក​និយមអាន​ប្រលោម​លោក​​នៅកម្ពុជា​យ៉ាង​ខ្លាំង ព្រោះ​បើ​គិតមក​ត្រឹមថ្ងៃនេះ កញ្ញា​មានវ័យត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ តែ​បែរជាអាច​និពន្ធ​ប្រលោម​លោក​​ស្នេហាសម័យលង្វែក ​ដែលជាសម័យបុរាណខ្មែរដ៏យូរលង់បាន​យ៉ាង​​ល្អដ៏​​មិន​គួរ​ឱ្យជឿ​ទៅវិញ ហើយ​អ្វី​ដែល​រឹតតែ​មិន​គួរ​ឱ្យ​ជឿ​​ទៅ​ទៀត​នោះ ស្នាដៃ​ដ៏គួរឱ្យចាប់​​អារម្មណ៍​មួយ​នេះ កញ្ញា​ប្រើ​ពេលតែ៨ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​និពន្ធ ដែលអាច​រាប់​បាន​ថាជារយៈពេលមួយដ៏ខ្លី​បំផុត​ក្នុង​ការ​​និពន្ធ​ប្រលោមលោក។

មែនទែនទៅ! សៀវភៅ “អធិដ្ឋានស្នេហ៍” ដែលកញ្ញា​ទើបតែ​បោះពុម្ព​ចេញផ្សាយ​នេះ មិនមែនជាស្នាដៃ​ដំបូង​របស់​កញ្ញា​នោះ​ទេ ព្រោះ​កន្លងមកកញ្ញា​ធ្លាប់​​ចេញ​ផ្សាយ​ស្នាដៃ​ប្រលោមលោក​ចំនួនពីរ​រួចមក​ហើយ ដោយស្នាដៃ​​ទី១ មានចំណងជើងថា “ទឹកភ្នែកភរិយាសាតាន” ​និង​ស្នាដៃ​ទី២ មានចំណងជើងថា “អន្លង់កម្មព្យុះទឹកភ្នែក” ដូច្នោះ​ស្នាដៃ​​ប្រលោម​លោក​ថ្មី ដែលនិយាយ​ពីស្នេហា​ស្ថិត​ក្នុង​​សម័យ​លង្វែក​នេះ គឺ​ជាស្នាដៃ​ទី៣របស់​កញ្ញា។ នេះ​ជា​អ្វី​ដែល​គេហទំព័រយើង​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​លោក​អ្នក​ដឹង ពាក់ព័ន្ធ​នឹង​ស្នាដៃ​និពន្ធ​របស់​កញ្ញា​ ស៊ូលី ដែលជាអ្នកនិពន្ធ​វ័យក្មេងដ៏ឆ្នើមមានដើមកំណើត​នៅភ្នំពេញ​នេះ។ ជា​មួយ​គ្នា​នេះ​ដែរ ក្នុង​បទសម្ភាសន៍​ជាមួយ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ម្ចាស់​ស្នាដៃដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខាង​លើ បាន​បញ្ជាក់ពីស្នាដៃ​ទី៣របស់ខ្លួន​យ៉ាង​ដូចនេះថា  ​“សៀវភៅរឿង អធិដ្ឋានស្នេហ៍ ដែលខ្ញុំទើបតែបោះពុម្ព​​ផ្សាយនេះជាស្នាដៃទីបីរបស់​នាង​ខ្ញុំ បន្ទាប់​ពីស្នាដៃ​ពីរមុនជា​​ប្រលោមលោកបែបបរទេសមួយ​រឿង និងប្រលោមលោកបែបខ្មែរ​​មួយ​រឿង​។ រឿងទីបី​របស់​នាងខ្ញុំ​នេះ ជារឿងប្រលោមលោកមនោសញ្ចេតនាលាយឡំនិងប្រវត្តិសាស្រ្តរបស់ខ្មែរនាសម័យលង្វែក មានកម្រាស់២៥០ទំព័រ ដោយរៀបចំ​​បោះពុម្ពចេញផ្សាយដោយក្រុមការងារ ពិភពសុបិន ​និង​​ដាក់​លក់ក្នុងតម្លៃ ២៨.០០០រៀល។”

ស្នាដៃ​សៀវភៅប្រលោមលោកទាំង៣ក្បាលរបស់ អ្នក​និពន្ធ ចិន ម៉ាលីហ្សា ហៅ “ស៊ូលី”

អ្នក​និពន្ធ​ ចិន ម៉ាលីហ្សា បាន​បង្ហាញ​បុព្វហេតុ​ដែល​ជំរុញ​ឱ្យ​កញ្ញា​និពន្ធ​​សៀវភៅ​មួយ​ក្បាល​នេះ​ឡើង​ថា “មូលហេតុដែលជំរុញឱ្យនាងខ្ញុំនិពន្ធស្នាដៃមួយនេះឡើង គឺដោយសារតែការស្រឡាញ់ ហើយនាងខ្ញុំក៏ចង់ចែករំលែកចំណេះដឹងបន្តិចបន្តួចទាក់ទងទៅនឹងសម័យលង្វែក ដល់អ្នកអានគ្រប់គ្នាផងដែរ ជាពិសេសគឺខ្ញុំចង់បង្ហាញឱ្យឃើញពីស្នេហារបស់បុរសនិងនារីម្នាក់ ដែលមានរនាំងវណ្ណៈព្រោះតែឋានៈខុសគ្នា ក៏ដូចជាស្នេហានាសម័យសង្រ្គាម! ម្យ៉ាងទៀត ខ្ញុំក៏ចង់បង្ហាញពីការលះបង់របស់បុរសខ្មែរនាសម័យដើមដោយមិនរារែក សូម្បីតម្រូវឱ្យលះ​បង់ជីវិតព្រាត់ប្រាស់ពីប្រពន្ធនិងកូនសម្លាញ់។” កញ្ញា​បញ្ជាក់​បន្ត “សម្រាប់រឿងមួយនេះ ខ្ញុំបានចំណាយពេលគិតនិងគ្រោងសាច់រឿងអស់រយៈពេលជាច្រើនខែ តែ​ចំណាយពេល​ក្នុងការសរសេរដោយ​ប្រើ​​ពេល​តែ​ប្រាំបីថ្ងៃប៉ុណ្ណោះ! តែទម្រាំសម្រេចចិត្តបោះពុម្ព​ឱ្យលេចចេញជារូបរាងឡើង ខ្ញុំបានចំណាយពេលគិតរហូត​ដល់​ទៅប្រមាណជាបីខែទៀត ទើប​សម្រេច​ចិត្ត​បោះពុម្ព​ផ្សាយចេញ​។ ស្នាដៃ​ប្រលោមលោក​មួយ​នេះ អ្វីដែលលំបាកសម្រាប់នាងខ្ញុំជាងគេ គឺការស្រាវជ្រាវបញ្ជាក់ច្បាស់ពីឆ្នាំនៃការកកើតសង្រ្គាម អាចនិយាយបានថាមុនចាប់ផ្ដើមសរសេររឿងនេះឡើង ខ្ញុំត្រូវ​ចំណាយពេល​​ស្រាវជ្រាវយ៉ាងយូរ ដើម្បី​កុំឱ្យមាន​កំហុស​ឆ្គង​ពេល​ចេញផ្សាយ។”

មុន​បិទ​បញ្ចប់​បទសម្ភាសន៍ ម្ចាស់​ស្នាដៃ​​ប្រលោមលោក​ស្នេហា​សម័យលង្វែក​ខាងលើ​ ក៏បាន​ថ្លែងថា “ជាចុងក្រោយ ក្នុងនាមខ្ញុំជាអ្នកនិពន្ធម្នាក់ដែលអាចឈានមកដល់ត្រង់នេះ ក៏សូមអរគុណទៅអ្នកគាំទ្រដែលតែង​ស្រឡាញ់ចូលចិត្ត និងដែល​តែងតែជាវស្នាដៃនាងខ្ញុំយកទៅអានរហូតមក។ នាងខ្ញុំសូមសន្យាថា នឹងព្យាយាមរិះគិតស្វែងរកសាច់រឿងថ្មីៗ ប្លែកៗ មកកំដរអារម្មណ៍មិត្តអ្នកអានគ្រប់គ្នាជាបន្តបន្ទាប់នៅពេលខាងមុខ​ទៀត។ ហើយក៏សូមអរគុណដល់ក្រុមការងារ ពិភពសុបិន ទាំងអស់ផងដែរ ដែលតែងតែលើកទឹកចិត្ត និងជួយ​ជ្រោមជ្រែងឱ្យខ្ញុំ​បាន​បង្ហាញស្នាដៃតែងនិពន្ធ ក៏ដូចជាធ្វើឱ្យក្ដីស្រមៃរបស់ខ្ញុំក្លាយជាការពិត ដោយឃើញរឿងដែលខ្លួននិពន្ធស្ថិតនៅក្នុងដៃប្រិយមិត្តគ្រប់គ្នានៅពេលនេះ។”

អ្នក​និពន្ធ ចិន ម៉ាលីហ្សា ហៅ “ស៊ូលី” កំពុងចុះហត្ថលេខាលើសៀវភៅ​ “អធិដ្ឋានស្នេហ៍” ដែលទើបចេញផ្សាយ ជូនអ្នកដែលបានជាវ

“គេហទំព័រអ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា កញ្ញា ចិន ម៉ាលីហ្សា ហៅស៊ូលី ចាប់​ផ្ដើម​ប្រឡូកក្នុងវិស័យតែងនិពន្ធនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដោយ​គិតមកទល់ថ្ងៃនេះមានរយៈពេលត្រឹម​តែ១ឆ្នាំជាងប៉ុណ្ណោះ។ ហើយ​សម្រាប់រឿង “អធិដ្ឋានស្នេហ៍” ដែលជាប្រលោមលោកស្នេហា​ស្ថិត​ក្នុង​សម័យ​លង្វែក​ដ៏គួរឱ្យ​ចាប់​អារម្មណ៍​នេះ គឺជាស្នាដៃ​ទី៣​របស់​កញ្ញា​ គឺដូចការ​បញ្ជាក់​ខាង​លើ​យ៉ាង​ដូច្នោះ។ បន្ទាប់ពី​ស្នាដៃ​នេះទៅ កញ្ញា​ក៏មានគម្រោងចេញផ្សាយស្នាដៃ​ទី៤​ជាបន្ត​ទៀតដែរ តែកញ្ញា​សុំលាក់ចំណងជើង និងពេលវេលាដែល​ត្រូវ​ចេញផ្សាយ​សិន ដើម្បី​ទុកពញ្ញាក់​អារម្មណ៍​ប្រិយ​មិត្ត​ឱ្យ​​ភ្ញាក់​ផ្អើល​នៅពេល​ក្រោយ។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​​ចាប់អារម្មណ៍ចង់ជាវស្នាដៃ​ប្រលោមលោករឿង “អធិដ្ឋានស្នេហ៍” ដែល​កញ្ញា​ទើបតែចេញផ្សាយថ្មីនេះយកទៅអាន ក៏ដូចជា​ស្នាដៃ​ពីរផ្សេងទៀត​របស់​​កញ្ញា​នោះ​ ​លោក​អ្នក​​អាចទាក់ទងទិញបាន​តាម​រយៈហ្វេស​ប៊ុគឈ្មោះ ពេជ្រ ជិន្នា https://www.facebook.com/profileចិន ម៉ាលីហ្សា https://www.facebook.com/erytaa.taa.1  ឬក៏ហ្វេសប៊ុគផេកឈ្មោះ ពិភពសុបិន https://www.facebook.com/piphubsobennovel ក៏បាន! លើស​ពីនេះ លោកអ្នក​ក៏អាចស្វែងរកទិញបាន​នៅតាមតូប​លក់​សៀវភៅនិងបណ្ណាគារមួយចំនួនផងដែរ នោះ​លោក​អ្នក​មុខជា​បាន​ដឹង​ច្បាស់​ពីទឹកដៃ​​ក្នុងការ​និពន្ធ​របស់​អ្នក​និពន្ធ​ឆ្នើម​វ័យ​ក្មេង​រូបនេះ​ជាក់​ជាមិនខាន។ សូម​អរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភព ៖ ចិន ម៉ាលីហ្សា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!