លោក ឆាន់ វុត្ថា និងស្នាដៃនិពន្ធទី៣ រឿង “មន្តស្នេហ៍កូនកាំបិត” ប្រលោមលោកបែបស៊ើបអង្កេតដ៏អាថ៌កំបាំង!
- December 4th, 2020
លោក ឆាន់ វុត្ថា និងស្នាដៃនិពន្ធទី៣ រឿង “មន្តស្នេហ៍កូនកាំបិត” ប្រលោមលោកបែបស៊ើបអង្កេតដ៏អាថ៌កំបាំង!
វិស័យតែងនិពន្ធពិតជាសំខាន់ណាស់សម្រាប់សង្គមជាតិនីមួយៗ ហើយក្នុងនោះ អ្នកនិពន្ធគឺជាតួអង្គយ៉ាងសំខាន់ក្នុងការបង្កើតនូវស្នាដៃផ្នែកនិពន្ធផ្សេង ដើម្បីបម្រើ ក៏ដូចជាលើកស្ទួយវិស័យនោះ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យតែងនិពន្ធ ក៏ដូចជាសង្គមជាតិរបស់ខ្លួនឱ្យកាន់តែរីកចម្រើនយ៉ាងប្រាកដ។ បើក្រឡេកមកវិស័យតែងនិពន្ធកម្ពុជាយើងវិញ ឃើញមួយរយៈចុងក្រោយនេះហាក់មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចេញស្នាដៃជាសៀវភៅថ្មីៗគ្រប់ផ្នែករបស់អ្នកនិពន្ធទាំងចាស់ក្មេង ក្នុងនោះសៀវភៅប្រលោមលោកក៏មានច្រើនផងដែរ។ ដូច្នេះ ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមលើកយកនូវបទសម្ភាសន៍តាមសារអេឡិចត្រូនិកមួយ ជាមួយអ្នកនិពន្ធវ័យក្មេងឆ្នើមមួយរូប គឺ លោក ឆាន់ វុត្ថា មកចែកជូនឱ្យលោកអ្នកបានដឹង ពីស្នាដៃថ្មីចុងក្រោយរបស់លោក ដោយគេហទំព័រយើងខ្ញុំ សូមលើកយកតែសំណួរសំខាន់ៗជាមួយលោក មកបង្ហាញជូនប៉ុណ្ណោះ។ ដើម្បីបានដឹងច្បាស់ សូមតាមដានដូចតទៅ ៖
លោក ឆាន់ វុត្ថា ហៅ “វេហាស៍” និងសៀវភៅ “មន្តស្នេហ៍កូនកាំបិត” របស់លោក
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើរហូតមកទល់នឹងពេលនេះ លោកចេញស្នាដៃនិពន្ធរឿងប្រលោមលោកជាសៀវភៅបានប៉ុន្មានចំណងជើងហើយ? ហើយរឿងចុងក្រោយមានចំណងជើងអ្វី? សូមសង្ខេបសាច់រឿងបែបខ្លី!
លោក ឆាន់ វុត្ថា ៖ មកដល់ពេលនេះ ខ្ញុំបានចេញស្នាដៃចេញជាសៀវភៅបានចំនួន៣ចំណងជើងហើយ មានដូចជា រឿង “ភ្លេចស្នេហ៍ក្បែរជើងមេឃ”, “មនុស្សគល់ឈើ” និងចុងក្រោយនេះរឿង “មន្តស្នេហ៍កូនកាំបិត” ដែលជាប្រលោមលោកបែបស៊ើបអង្កេត និយាយអំពីការស្លាប់យ៉ាងអាថ៌កំបាំងរបស់ភរិយាម្ចាស់ភោជនីយដ្ឋានល្បីឈ្មោះមួយ ដែលមានការតាមរកការពិតពី សានុ ដែលជាកូនប្រុស ហើយគ្រប់យ៉ាងនៃរឿងនេះ គ្រប់គ្នាបានដាក់ការសង្ស័យទៅលើឪពុកនីតា ដែលជាតួឯកស្រី រហូតដល់ស៊ើបដឹងការពិតគ្រប់យ៉ាងបង្ហាញឡើងមក មិនដូចជាការគិតរបស់គ្រប់គ្នាឡើយ។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកមានគម្រោងចេញផ្សាយស្នាដៃនិពន្ធរឿងប្រលោមលោកអ្វីទៀតទេខាងមុខ? បើមាន! តើមានចំណងជើងអ្វី? ជាប្រភេទរឿងអ្វី? និងចេញផ្សាយផ្លូវការពេលណាដែរ?
លោក ឆាន់ វុត្ថា ៖ សម្រាប់ការចេញផ្សាយបន្ទាប់ ខ្ញុំមានគម្រោងចេញផ្សាយសៀវភៅថ្មីចំនួនពីររឿងទៀតនៅក្នុងឆ្នាំ២០២១ ប៉ុន្តែរឿងដែលបោះពុម្ពបន្ទាប់ពីរឿង “មន្តស្នេហ៍កូនកាំបិត” មានចំណងជើងថា “ចង្វាក់បេះដូង” ជាប្រភេទរឿងស្នេហាបុរសនិងបុរស ហើយអាចនឹងមានវត្តមាននៅលើទីផ្សារនៅដើមឆ្នាំក្រោយនេះឯង។
សៀវភៅប្រលោមលោកទាំង៣ក្បាលរបស់ លោក ឆាន់ វុត្ថា
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ ប្រសិនបើប្រិយមិត្តចង់ទិញសៀវភៅរឿងប្រលោមលោករបស់លោកយកទៅអាន តើពួកគាត់ទាក់ទងរកទិញបានដោយវិធីណា? និងនៅកន្លែងណាខ្លះ?
លោក ឆាន់ វុត្ថា ៖ ប្រសិនបើប្រិយមិត្តចង់ទិញសៀវភៅខ្ញុំបាទយកទៅអាន ប្រិយមិត្តអាចរកទិញបាននៅផេក ក៏ដូចជាទីតាំងមួយចំនួនដូចជា Page វេហាស៍, ហាងស្រលាញ់សៀវភៅ គ្រប់សាខា, តូបពន្លឺវិជ្ជា, កាហ្វេស្វាង និងហាងសៀវភៅ, នគរសៀវភៅ, Le Story , និស្ស័យស្នេហ៍សៀវភៅសួស្តីកាហ្វេ ជម្ពូវ័ន្ត, បណ្ណាល័យបញ្ញវន្ត, បណ្ណាគារអ្នកម្តាយ ខេត្តកំពង់ចាម, ចូលចិត្តសៀវភៅ, មីនា-March Books, Grey Universe, ទំព័រជីវិត ខេត្តសៀមរាប, ជីវិត និងសៀវភៅ ក្រុងព្រះសីហនុ, នគរសៀវភៅ, Sycon ខេត្តព្រៃវែង, ហាងប្លូរ៉ូមែន, បណ្ណាគារលឹមឆៃនី ខេត្តព្រះវិហារ, បណ្ណាគារឥន្ទ្រទេវី ខេត្តបាត់ដំបង និងតាមបណ្តាហាងជាច្រើនទៀត… ឬក៏អាចទំនាក់ទំនងមកកាន់ខ្ញុំផ្ទាល់តាមរយៈហ្វេសប៊ុគផ្លូវការរបស់ខ្ញុំដែលមានឈ្មោះថា ឆាន់ វុត្ថា https://www.facebook.com/bro.vuthana ក៏បាន។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ ជាចុងក្រោយ តើអ្វីជាមតិរបស់លោកមុននឹងបិទបញ្ចប់សម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” នៅពេលនេះ? សូមគោរពអញ្ជើញ!! …
លោក ឆាន់ វុត្ថា ៖ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ជាពិសេសបងប្រុស គង់ រង្សី ដែលបានផ្តល់កិត្តិយសសម្ភាសន៍ខ្ញុំនៅពេលនេះ។ ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានដែលតែងតែគាំទ្រស្នាដៃរបស់ខ្ញុំ និងអ្នកនិពន្ធដទៃៗទៀតផងដែរ។ ដោយមុននឹងបញ្ចប់ ខ្ញុំគ្រាន់តែមានជាគំនិតបន្តិចបន្តួចទៅកាន់បងប្អូនដែលស្រឡាញ់វិស័យតែងនិពន្ធថា បើបងប្អូនចង់ក្លាយជាអ្នកនិពន្ធដែលអាចសាងស្នាដៃនិពន្ធល្អមួយរូបពិតប្រាកដ សូមបងប្អូនស្វែងរកការបង្ហាត់បង្ហាញពីអ្នកនិពន្ធរៀមច្បង ឬស្ថាប័នដែលមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីជាដើមទុនបន្ថែមទៅលើទេពកោសល្យពីធម្មជាតិរបស់ខ្លួន និងព្យាយាមនិពន្ធស្នាដៃមួយដែលមានលក្ខណៈមួយជារបស់ខ្លួន មិនថាជាស្នាដៃផ្នែកអ្វីនោះឡើយ។
អ្នកនិពន្ធ ឆាន់ វុត្ថា ហៅ “វេហាស៍” កំពុងលេងឧបករណ៍រនាដ ក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឆាន់ វុត្ថា មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “វេហាស៍” ។ លោកកើតឆ្នាំ១៩៩៣ នៅភូមិព្រៃធំ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ លោកមានឪពុកឈ្មោះ ទួន សឿន និងម្តាយឈ្មោះ ស៊ុំ រិន ដោយមានបងប្អូនបង្កើតចំនួន៦នាក់ ក្នុងនោះប្រុស៤នាក់ ស្រី២នាក់ ហើយលោកជាកូនទី៣ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប លោកគឺជាម្ចាស់កន្លែងលក់សម្ភារៈសិក្សាខ្នាតតូចមួយកន្លែង ដែលមានទីតាំងនៅខាងមុខសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃធំ ក្នុងទឹកដីនៃស្រុកកំណើតរបស់លោកតែម្តង។ ហេតុនេះ បើលោកអ្នកចង់ដឹងថា តើស្នាដៃនិពន្ធប្រលោមលោករបស់លោកមានភាពទាក់ទាញយ៉ាងណា? និងមានអត្ថន័យខ្លឹមសារយ៉ាងនោះ? លោកអ្នកអាចស្វែងរកសៀវភៅទាំង៣ក្បាលរបស់លោកយកមកអាន តាមការបញ្ជាក់បង្ហាញខាងលើរបស់លោកបាន ដោយគេហទំព័រយើងខ្ញុំជឿជាក់ថា លោកអ្នកមុខជាស្លុងអារម្មណ៍នឹងសាច់រឿងក្នុងសៀវភៅរបស់លោកជាក់ជាមិនខាន។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឆាន់ វុត្ថា / រក្សាសិទ្ធិ ៖ cambowriter.com