លោក នួន វណ្ណៈ ម្ចាស់ស្នាដៃសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដ៏មានសារៈសំខាន់!

  • December 2nd, 2020

លោក នួន វណ្ណៈ​ កើតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤ នៅខេត្តសៀមរាប។ លោក​ជាកូនច្បង​ក្នុងគ្រួសារដែលមានបងប្អូនបង្កើត​ចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី១នាក់។ បច្ចុប្បន្ន ក្រៅពីការងារជាអ្នក​និពន្ធមួយរូប និងជា​ម្ចាស់​ស្នាដៃសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដែលជាសៀវភៅដ៏មានសារៈសំខាន់​មួយ​ ​ផ្នែកអាជីវកម្ម​ហ្រ្វេនឆាយ​នៅកម្ពុជា​​ លោកក៏​នៅ​​មានក្រុមការងារផ្នែកឌីជីថលម៉ាឃីតធីង(Digital Marketing)មួយ​ផងដែរ ដែល​ក្រុម​នេះ​បង្កើតសម្រាប់ជួយម្ចាស់អាជីវកម្មហ្រ្វេនឆាយក្នុងស្រុក ក៏ដូចជាសេវាកម្មផ្តល់ប្រឹក្សា លើការពង្រីកពីអាជីវកម្មលក្ខណៈគ្រួសារ ឱ្យ​ទៅជាអាជីវកម្មហ្រ្វេនឆាយ ដែលអាចផ្តល់(លក់)សិទ្ធិអាជីវកម្មទៅអ្នកវិនិយោគនៅក្នុងស្រុកបាន។

លោក នួន វណ្ណៈ អ្នក​និពន្ធកម្ពុជាល្បីឈ្មោះមួយរូប

ការ​និពន្ធ ឬ​រៀបរៀងសៀវភៅ​ផ្នែក​អ្វី​មួយ​ឱ្យចេញជារូបរាង​ឡើង ​មិនមែន​ជារឿង​លំបាកទេ អ្វីដែលលំបាក​បំផុត​នោះ គឺការ​ធ្វើ​ឱ្យសៀវភៅនោះទទួលបានការគាំទ្រទៅវិញ​ទេ ទើបជា​បញ្ហា​ដែលពិបាក​នឹង​សម្រេច​បំផុត ព្រោះ​​ទាមទារ​ឱ្យសៀវភៅនោះ ចាំបាច់​ត្រូវតែ​មានការ​ផ្សព្វផ្សាយបាន​ទូលំទូលាយ ចំគោលដៅ និង​ប្រកបដោយ​អត្ថប្រយោជន៍​ចំពោះ​អ្នក​អាន​ពិតប្រាកដ មិនមែនស្អាតតែក្រប ពីរោះ​តែចំណងជើង តែខ្លឹមសារ​ប្រហោងក្នុង​គ្មានន័យ​អ្វី​នោះឡើយ។ ទាក់ទងនឹងការ​និពន្ធ​រៀបរៀងសៀវភៅ​នៅពេលនេះ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” នឹង​បង្ហាញជូន​នូវបទសម្ភាសន៍តាមសារអេឡិចត្រូនិក​ដ៏មានសារៈប្រយោជន៍​មួយរវាងគេហទំព័រ​ និង លោក នួន វណ្ណៈ​ អំពីសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” របស់លោក ក៏ដូចជា​អត្ថប្រយោជន៍ និងអ្វីៗជាច្រើនទាក់ទងនឹងសៀវភៅនេះ ឱ្យលោក​អ្នកបានដឹង ជាពិសេស​ម្ចាស់អាជីវកម្ម និងអ្នក​ដែលមានបំណង​ចង់​បង្កើត​អាជីវកម្ម​បែបហ្រ្វេនឆាយទាំងឡាយ​ ដែលចង់​បង្កើតអាជីវកម្មផ្នែកនេះ​ឱ្យទទួលជោគជ័យខ្ពស់។ ដូច្នេះ ដើម្បីកុំឱ្យខាតពេលយូរ សូមតាមដានទាំងអស់គ្នាដូចតទៅ ៖

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ តើលោក​អាចជម្រាបបានទេថា សៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដែលជា​ស្នាដៃ​និពន្ធ​របស់​លោកនេះ លោក​​បានបោះពុម្ព​​ផ្សាយជា​ផ្លូវការតាំងពីថ្ងៃខែ​ឆ្នាំណា? ហើយអ្វី​ជាបុព្វហេតុ​ដែលជំរុញ​​ឱ្យលោកនិពន្ធសៀវភៅនេះឡើង?

លោក នួន វណ្ណៈ ៖ សៀវភៅចំណងជើង “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” នេះ ខ្ញុំបានចាប់ផ្តើមសរសេរនៅពាក់កណ្តាលឆ្នាំ២០១៨ ហើយបោះពុម្ព​លើកដំបូង​នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ និងចេញលក់នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ សៀវភៅដែលខ្ញុំសរសេរឡើងនេះ គឺដោយសារតែមើលឃើញពីកង្វះខាតឯកសារ និងសៀវភៅជាភាសាខ្មែរ ដែលនិយាយពីនិន្នាការរកស៊ីបែបហ្រ្វេនឆាយនេះ។ ហើយមួយវិញទៀត សៀវភៅនេះ គឺមិនបានបកប្រែពីសៀវភៅបរទេសណាមួយឡើយ ដោយស្នាដៃនេះ ខ្ញុំបានប្រមែប្រមូលបទពិសោធន៍របស់សហគ្រិនក្នុងស្រុក ដែលបានលក់សិទ្ធិអាជីវកម្មរួចរាល់ហើយ និងសហគ្រិនមួយចំនួនទៀត ដែលកំពុងតែត្រៀមខ្លួនចេញលក់សិទ្ធិអាជីវកម្ម និយាយ​ដោយខ្លី គឺសៀវភៅហ្រ្វេនឆាយបរិបថខ្មែរ ដែលសាច់រឿង និងខ្លឹមសារជាច្រើន គឺជាបទពិសោធន៍របស់សហគ្រិនខ្មែរ នេះជាគោលបំណងរបស់ខ្ញុំ។ ចំណែកគោលបំណងសៀវភៅវិញ គឺដើម្បីបំផុសគំនិតរកស៊ីបែបថ្មី និងពាំនាំបទពិសោធន៍ដែលបានធ្វើជោគជ័យរួចមកហើយ ចែកជូនសហគ្រិនជំនាន់ថ្មី ដែលមានឆន្ទះចង់បង្កើតយីហោដោយខ្លួនឯង មិននាំចូលយីហោពីក្រៅស្រុក និងជំរុញ​សហគ្រិនក្នុងស្រុកឱ្យ​ចេះត្រៀមខ្លួន និងមានជំនឿចិត្តក្នុងការនាំយកយីហោខ្មែរ លក់ចេញទៅក្រៅស្រុកវិញក្នុងពេលអនាគតដ៏ខ្លីនេះ។

សៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ស្នាដៃអ្នកនិពន្ធ  នួន វណ្ណៈ​

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ ក្នុង​នាម​​លោក​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដ៏សំខាន់​នេះ! តើ​លោក​យល់ថា​ នរណាខ្លះ​ដែលគួរអានសៀវភៅនេះ? ហើយ​ហេតុអ្វីបាន​ជាលោក​គិតបែបនេះ?

លោក នួន វណ្ណៈ ៖ សហគ្រិន អ្នកវិនិយោគ និងអ្នកចង់ក្លាយជាម្ចាស់អាជីវកម្មដែលមាននិរន្តភាពមួយរូប គួរតែ​អានសៀវភៅមួយនេះ ដោយសារតែខ្លឹមសារ និងបទពិសោធន៍ដែលបំផុសឡើង នឹងជួយឱ្យ​អាជីវកម្មដែលអ្នកចង់ពង្រីក ចង់វិនិយោគ និងត្រៀមចង់ចាប់ផ្តើម មានមូលដ្ឋានគ្រឹះ និងមានផែនការយូរអង្វែង ហើយរឹតតែសំខាន់ទៅទៀតនោះ គឺការស្វែងរកនូវគំនិតច្នៃប្រតិដ្ឋ​ថ្មីៗដើម្បីអភិវឌ្ឍយីហោក្នុងស្រុកឱ្យ​កាន់តែសម្បូរបែប។

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ តើ​លោក​អាច​ចែករំលែក​បានទេថា ដើម្បីអាច​និពន្ធសៀវភៅ​ផ្នែក​អាជីវកម្មហ្រ្វែនឆាយ​បាន តើ​អ្នក​និពន្ធផ្ទាល់​ចាំបាច់​ត្រូវ​មានការ​យល់ដឹងពីអ្វីខ្លះ និង​មានចំណេះដឹងផ្នែក​អាជីវកម្មកម្រិតណា?

លោក នួន វណ្ណៈ ៖ ដើម្បីអាចនិពន្ធសៀវភៅបែបនេះបានទាមទារឱ្យ​អ្នកនិពន្ធត្រូវ​សិក្សាឱ្យ​បានគ្រប់ជ្រុងជ្រោយពីគំរូអាជីវកម្មនេះជាមុនសិន ថាតើដំណើរការប្រព្រឹត្ត ការគ្រប់គ្រង និងការអភិវឌ្ឍគំរូ​អាជីវកម្មនេះទាមទារឱ្យ​មានតួអង្គ វិធីសាស្រ្ត និងយុទ្ធសាស្រ្តបែបណាខ្លះ? បើនិយាយពីកម្រិតចំណេះដឹងផ្នែកអាជីវកម្ម គឺទាមទារ​ឱ្យ​អ្នកសរសេរ អាចយល់បានដូច ឬលើសម្ចាស់អាជីវកម្ម ហើយអាចផ្តល់ប្រឹក្សាទៅកាន់ម្ចាស់អាជីវកម្មដែលមិនទាន់មានស្តង់ដារ ឬរកស៊ីបែបលក្ខណៈគ្រួសារ​ជាមុនសិន! ត្រង់នេះសុំបញ្ជាក់ថា អាជីវកម្មទាំងអស់ មិនមែនសុទ្ធតែត្រូវដើរតាមគំរូហ្រ្វេនឆាយនោះទេ ហើយម្ចាស់អាជីវកម្មទាំងអស់ សុទ្ធតែអាចនិពន្ធសៀវភៅបាននោះដែរ វាទាមទារនូវការសិក្សារៀនសូត្រពីអ្នកជំនាញ និងគ្រូបណ្តុះបណ្តាលបន្ថែមទៀត ពោលគឺខ្ញុំផ្ទាល់ ដែលបានរៀនពីគ្រូជំនាញនៅអាស៊ានដែលធ្វើការបណ្តុះបណ្តាលនៅប្រទេសថៃ និងរៀននៅភ្នំពេញ ដែលមានសាស្រ្តាចារ្យមុខជំនាញនេះមកពីប្រទេសថៃ ហើយរួមនឹងការជួបសម្ភាសន៍ និងទទួលការណែនាំពីម្ចាស់យីហោហ្រ្វេនឆាយក្នុងស្រុកជាច្រើនរូបទៀត បូករួមទាំងការស្រាវជ្រាវអត្ថបទព័ត៌មានចុះផ្សាយនៅលើគេហទំព័រ Business Cambodia ផងដែរ។

លោក នួន វណ្ណៈ ក្នុងសកម្មភាពចែករំលែកចំណេះដឹងអាជីវកម្មហ្វ្រេន​ឆាយក្នុងកម្មវិធីសំខាន់មួយ

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ បន្ទាប់ពី សៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” នេះ! តើ​លោកមានគម្រោងចេញស្នាដៃសៀវភៅទី២ទៀតឬទេ? បើមាន! តើមានចំណងជើងអ្វី? ជាសៀវភៅផ្នែកអ្វី? និងមាន​គម្រោងចេញផ្សាយ​ផ្លូវការ​នៅពេលណាដែរ?​  

លោក នួន វណ្ណៈ ៖ បន្ទាប់ពីស្នាដៃទីមួយ​នេះ ខ្ញុំបានគម្រោងចេញ​ផ្សាយ​សៀវភៅទីពីរទៀត ដែលមានចំណងជើងថា “កសាងយីហោបែបណា” ជាការស្រាវជ្រាវថ្មីមួយទៀត ដែលនឹងប្រមែប្រមូលបទពិសោធន៍កសាងយីហោក្នុងស្រុក និងពង្រីកអាជីវកម្មតាំងពីកកើតរហូតមានការទទួលស្គាល់ទូទាំងប្រទេស និងអាចចេញលក់ហ្រ្វេនឆាយបាន។ ប៉ុន្តែយ៉ាងណាក្តី សៀវភៅនេះ ទើបនឹងដំណើរការសរសេរប៉ុណ្ណោះ ដូច្នេះ​ពេលវេលាចេញផ្សាយជាក់លាក់ លោកអ្នកអាចតាមដានលើកហ្វេសប៊ុកផេក Learning Franchise Cambodia https://www.facebook.com/FranchiseCambodiaconsultant បាន។

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ ប្រសិនបើមានគេចង់​ទិញសៀវភៅ​​ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” របស់លោកយកទៅអាន! តើពួកគាត់អាច​រកទិញបានដោយវិធីណា? និងនៅកន្លែងណាខ្លះ?

លោក នួន វណ្ណៈ ៖ គឺអាចស្វែងរកទិញបាននៅតាមបណ្ណាគារ ឬក្រុមហ៊ុនហាងឆេង២៤បានតាម​រយៈគេហទំព័រ www.hangchheng24.com ឬទូរស័ព្ទលេខ 016 300 843 / 017 300 844 ។

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា ៖ ជាចុងក្រោយ មុននឹង​បិទបញ្ចប់បទសម្ភាសន៍ជាមួយ “គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” អ្វីជា​ពាក្យពេចន៍ចុង​ក្រោយ​​របស់​លោក? សូមគោរពអញ្ជើញ!!!

លោក នួន វណ្ណៈ ៖ ជាយោបល់ផ្ទាល់ខ្លួន នៅក្នុងវិស័យតែងនិពន្ធ និយាយជាទូទៅអ្នកនិពន្ធគ្រប់រូបទាមទារឱ្យ​មានឆន្ទះនិងគោលដៅច្បាស់លាស់មួយ នោះទើប​អ្នក​អាច​បង្កើតស្នាដៃដ៏ល្អមួយ ដែលអាចចាក់ចំក្រអៅបេះដូងអ្នកអានបាន។ ហើយដើម្បីសាងចេញស្នាដៃនោះបាន ទាល់តែអ្នកនិពន្ធខិតខំអភិវឌ្ឍខ្លួនឯងលើចំណេះដឹង ជំនាញ និងបទពិសោធន៍ឱ្យ​បានខ្លាំងក្លាជាមុនសិន នោះទើបការចែករំលែកអាចទទួលបានផ្លែផ្កាយ៉ាងពិតប្រាកដ។ ខ្ញុំគ្រាន់តែ​ចង់ផ្ដាំផ្ញើនូវពាក្យមួយឃ្លាថា  “ចង់កែប្រែអ្វីមួយ ត្រូវកែប្រែពីខ្លួនយើងទៅមុន” នោះ​ទើបអាច​ទៅរួច។

“គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក នួន វណ្ណៈ កើតឆ្នាំ១៩៩៤ នៅខេត្តសៀមរាប។ លោក​ជាកូនច្បង​ក្នុងគ្រួសារដែលមានបងប្អូនបង្កើត​ចំនួន៤នាក់។ បច្ចុប្បន្ន ក្រៅពីការងារជាអ្នក​និពន្ធនៅកម្ពុជា​មួយរូប និងជា​ម្ចាស់​ស្នាដៃសៀវភៅ “ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន” ដែលជាសៀវភៅដ៏មានសារៈសំខាន់​មួយ​ផ្នែកវិស័យ​អាជីវកម្ម​ហ្រ្វេនឆាយ​​។ លើស​ពីនេះ លោកក៏​នៅ​​មានក្រុមការងារផ្នែកឌីជីថលម៉ាឃីតធីង(Digital Marketing)មួយ​ផងដែរ ដែល​ក្រុម​នេះ​បង្កើតសម្រាប់ជួយម្ចាស់អាជីវកម្មហ្រ្វេនឆាយក្នុងស្រុក ក៏ដូចជាសេវាកម្មផ្តល់ប្រឹក្សាលើការពង្រីកពីអាជីវកម្មលក្ខណៈគ្រួសារឱ្យ​ទៅជាអាជីវកម្មបែប​ហ្រ្វេនឆាយ ដែលអាចផ្តល់(លក់)សិទ្ធិអាជីវកម្មទៅអ្នកវិនិយោគនៅក្នុងស្រុកបាន។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់ជាវស្នាដៃ​របស់លោក ឬក៏ចង់​ទំនាក់​ទំនងទៅកាន់លោក​ផ្ទាល់ លោកអ្នកអាចទំនាក់​ទំនង​បានតាមរយៈ​ហ្វេសប៊ុកផេក Learning Franchise Cambodia https://www.facebook.com/FranchiseCambodiaconsultant ឬទូរសព្ទលេខ 096 6004 886 ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ នួន វណ្ណៈ / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!