សូមជូនរឿង ៖ សៀវភៅឈឺចាប់ (ស្នាដៃអ្នកនិពន្ធ ឡាំ លីម)

  • November 13th, 2020

វគ្គ១ ពន្លកស្នេហ៍ក្នុងវ័យសិក្សា

កើត​ក្នុង​គ្រួសារ​ខ្មែរ​ ​ត្រកូល​កសិករ​ ​ក្រៅតែ​ពី​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ក្រពះ​ ​គឺ​មានតែ​មុខរបរ​ដាក់​ទ្រូ​ ​ដាក់​បង្កៃ​យក​ត្រី​ចិញ្ចឹម​ឆ្នាំង។​ ​ក្រៅពី​នេះ​ ​ខ្ញុំ​តែងតែ​ប្រឹងប្រែង​រៀន​នៅ​តាម​សាលាវត្ត។​ ​នៅក្នុង​សហគមន៍​របស់ខ្ញុំ​ ​គ្មាន​សាលារៀន​ឡើយ​ ​តែ​មានតែ​យក​វត្តអារាម​ជា​សាលារៀន។​ ​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ១៩៩៥​ ​នៅ​ទីនេះ​មាន​ទាហាន​ដើរ​ ​ដៃ​ប្រដាប់ដោយ​កាំភ្លើង។​ ​ពេល​ខ្ញុំ​ជួប​ទាហាន​ទាំង​នោះ​ម្តងៗ​ ​ខ្ញុំ​ចេះតែ​ភ័យខ្លាច។​ ​ក្មេងៗ​ក្នុង​ភូមិ​ទាំងអស់​ ​ហើយនិង​ខ្ញុំ​ចេះតែ​នាំគ្នា​ប្រឹងប្រែង​រៀន​បណ្តើរ​ ​ជួយការ​ងារ​ឪពុក​ម្តាយ​បណ្តើរ​ ​រហូតដល់​ចប់​ថ្នាក់​បឋមសិក្សា។​ ​បន្ទាប់មក​ ​យើង​ក៏បាន​បន្ត​ដល់​អនុវិទ្យាល័យ។​

​ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់​ដែល​សុភាពរាបសារ,​ ​ស្ងប់ស្ងាត់,​ ​និង​ចេះតែ​ញញឹម​ម្យ៉ាង​គត់។​ ​ពេល​ខ្ញុំ​ញញឹម​ម្តងៗ​ ​គ្រប់គ្នា​មើល​ភ្នែក​ខ្ញុំ​មិនឃើញ​ទេ។​ ​មិត្តភក្តិ​ស្រ​បាលៗ​គ្នា​ ​តែង​ចូលចិត្ត​លេង​ជុំគ្នា​ ​តែ​ខុស​តែ​ខ្ញុំ​ម្នាក់ឯង​ដែល​ចូលចិត្ត​កាន់​សៀវភៅ។​ ​សៀវភៅ​ដែល​ខ្ញុំ​ចូលចិត្ត​កាន់​ជាងគេ​ ​គឺជា​ប្រភេទ​សៀវភៅ​ភាសិត,​ ​សុភាសិត,​ ​ពាក្យចាស់,​ ​ច្បាប់​ទូន្មាន​ខ្លួន,​ ​និង​ក្បួន​យុទ្ធ​សាស្រ្ត​ ​ដែល​ខ្មែរ​បុរាណ​បាន​សរសេរ​បន្សល់ទុក។​ ​ដៃ​កាន់​សៀវភៅ​ ​រី​មាត់​ប៉​ផ្អូចៗ​តែម្នាក់ឯង។​ ​អ្នកខ្លះ​ឃើញ​ខ្ញុំ​អង្គុយ​នៅ​ក្រោម​ដើម​ក្រសាំង​ឬ​ដើមស្នាយ​ ​ហើយ​នាំគ្នា​គិត​មក​ខ្ញុំ​ថា​ខ្ញុំ​ពិបាកចិត្ត។​ ​អាន​បណ្តើរ​ ​ទន្ទេញ​ឱ្យ​ចាំមាត់​បណ្តើរ។​ ​ឥរិយាបថ​បែបនេះ​ ​ខ្ញុំ​បាន​រក្សា​រហូតដល់​ចប់​ថ្នាក់​អនុវិទ្យាល័យ។​

ដល់​ថ្នាក់​វិទ្យាល័យ​ ​ខ្ញុំ​ពេញវ័យ​ពេញ​រូបរាង។​ ​ខ្ញុំ​ចូលចិត្ត​ញញឹម​ ​ហើយ​ភ្នែក​ខ្ញុំ​នៅតែ​តូច​ដដែល។​ ​រហូតដល់​ថ្នាក់​ទី១១​ ​ខ្ញុំ​អាន​សៀវភៅ​ភាសិត​ ​សុភាសិត​ ​និង​ពាក្យចាស់​អស់​ជាច្រើន​ក្បាល​ ​ហើយ​សៀវភៅ​ខ្លះ​ខ្ញុំ​បាន​ទន្ទេញ​រហូតដល់​រត់មាត់​ក៏​មាន។​ ​ខ្ញុំ​មិនសូវ​ចូលចិត្ត​និយាយ​ទេ​ ​តែបើ​និ​យា​យម្តងៗ​ ​ខ្ញុំ​ចូលចិត្ត​លើក​ពាក្យសុភាសិត​មក​ភ្ជាប់​ន័យ។​ ​ពេល​រដូវប្រាំង​  ​ខែ​ច្រូតស្រូវ​ ​ ខ្ញុំ​ពូកែ​និយាយ​ជាងគេ​ក្នុងចំណោម​អ្នក​ច្រូត​រួមគ្នា​ទាំងអស់។​  ​អ្នកខ្លះ​បាន​ចំអក​ឱ្យ​ខ្ញុំ​ថា៖

​–  “មនុស្ស​ពូកែ​ព្រោកប្រាជ្ញ”។​

​មែនទែន​ទៅ​ ​ខ្ញុំ​មិនមែន​ជា​មនុស្ស​ចូលចិត្ត​និយាយ​ស្តី​ច្រើន​ទេ​ ​តែបើ​និយាយ​ហើយ​ ​គឺ​មិន​ចេះនិយាយ​មួយម៉ាត់​ចប់។​ ​ជីវិត​ជា​អ្នកស្រែ​ផង​ ​អ្នក​សិក្សា​ផង​ ​គឺ​មានតែ​ប្រឹង​ឱ្យ​មែនទែន​ហ្នឹងហើយ។​​​

ដល់​ថ្នាក់​ទី១២​ ​ខ្ញុំ​ឃើញ​មិត្ត​ស្រុកស្រែ​របស់ខ្ញុំ​ជាច្រើន​សុទ្ធតែ​មានគូ​និង​មាន​សេចក្តី​ស្នេហា។​ ​តាំងពី​តូច​ដល់​ធំ​ ​ខ្ញុំ​មិនដឹង​ថា​អ្វីទៅ​ជា​ស្នេហា​ទេ​ ​ដ្បិត​ស្គាល់​តែ​ចប​ ​ខ្សែគោ​ ​រទេះ​ ​ក​ណ្តៀវ​ច្រូតស្រូវ​ ​និង​សៀវភៅ។​ ​អ្នករៀន​សូត្រ​ស្រុកស្រែ​ ​ស្គាល់​តែ​ប្រឹង​ធ្វើស្រែ​ ​និង​ប្រឹងរៀន​ ​ហើយ​បើ​និយាយ​ស្តី​ជាមួយ​មនុស្ស​ស្រី​វិញ​ ​គឺ​ប្រើ​តែ​ហេតុផល។​ ​ប៉ុន្តែ​ពេលវេលា​វិវត្ត​ទៅមុខ​ជានិច្ច។​ ​សត្តនិករ​ទាំងឡាយ​សុទ្ធតែ​មាន​គូ​ទៅតាម​លក្ខណៈ​ធម្មជាតិ។​ ​

ដល់វេន​ខ្ញុំ​ធំ​ពេញវ័យ​កំលោះ​ ​ក៏​ចេះតែ​មាន​អារម្មណ៍​ឆ្ងល់​នឹង​ជីវិត​នេះ។​ ​ឱ្យ​តែ​ពេលវេលា​មកដល់​ ​វា​ប្រៀប​ដូចជា​ព្រហ្មលិខិត​អ៊ីចឹង។​ ​មិត្ត​របស់ខ្ញុំ​ម្នាក់​បាន​មក​និយាយ​ជាមួយ​ខ្ញុំ​ពី​រឿង​ស្នេហា​ក្នុង​វ័យ​សិក្សា​នេះ។​ ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា៖

– “មាន​នារី​ទីក្រុង​ម្នាក់​ដែល​រៀន​ថ្នាក់​ជុំ​ខ្ញុំ​ ​ចេះតែ​លួច​សម្លឹង​មើល​មក​ខ្ញុំ​ ​ហើយ​ពេលខ្លះ​នាង​តែងតែ​លួច​ថតរូប​របស់ខ្ញុំ​ផង​ក៏​មាន”។​ ​

ខ្ញុំ​ចេះតែ​ឆ្ងល់​ថា​តើ​នាង​ថត​ធ្វើ​អី?​ ​បើ​និយាយ​ពី​ខ្មៅ​ ​ខ្ញុំ​គឺ​ខ្មៅ​ជាងគេ​ក្នុងចំណោម​មិត្ត​រួម​ថ្នាក់។​ ​បើ​និយាយ​ពី​ភ្នែក​ ​គឺ​ភ្នែក​ខ្ញុំ​តូចជាង​គេ​ក្នុងចំណោម​មិត្ត​រួម​ថ្នាក់។​

បានឮ​ថា​មាន​នារី​លួច​សម្លឹង​ខ្ញុំ​ ​ហើយ​ថែមទាំង​លួច​ថតរូប​ខ្ញុំ​ទៀត​ ​[​…​]​ ​វា​ធ្វើ​ឱ្យ​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា​តើ​ហេតុអ្វី?​ ​ចុងក្រោយ​ខ្ញុំ​បានដឹង​ចម្លើយ​ពី​មិត្ត​នារី​ម្នាក់ទៀត​ថា​៖

– “នាង​លួច​ចាប់អារម្មណ៍​ខ្ញុំ”។​

​ពេល​ដឹង​ដូច្នោះ​ ​ខ្ញុំ​នៅតែ​រក្សា​ចិត្ត​ធម្មតា​ ​ដ្បិត​ខ្ញុំ​ជឿ​ថា​ការសិក្សា​អប់រំ​គឺ​សំខាន់​ជាង។​ ​រហូតដល់​មួយ​រយៈ​មក​ ​ខ្ញុំ​មិនដឹង​ថា​មានរឿង​អ្វី​កើតឡើង​ទាល់​សោះ​ ​ពីព្រោះ​ថា​មាន​មិត្តភក្តិ​ទាំងស្រី​ទាំងប្រុស​ចេះតែ​នាំគ្នា​បង្អាប់​នាង​និង​ខ្ញុំ។​ ​រហូតដល់​ដំណាក់កាល​មួយ​ ​ខ្ញុំ​ហាក់បីដូចជា​លង់​ស្រឡាញ់​នាង​ផង​ ​និង​អាណិត​នូវ​ចិត្តមេត្តា​របស់​នាង​ចំពោះ​ខ្ញុំ​ផង។​ ​ដំណាក់កាល​នេះ​ ​ចាត់ទុកថា​ខ្ញុំ​និង​នាង​បាន​យល់ចិត្ត​ថ្លើម​គ្នា៦០​%​ទៅចុះ។​ ​

រហូត​ដល់​យូរៗ​ទៅ​ ​ក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​នាង​ចេះតែ​រីក​ធំ​ទៅៗ​ដោយ​គ្មាន​មូលហេតុ។​ ​នេះ​បាន​ថា​ស្នេហា​ឥតមាន​ហេតុផល​មែន។​ ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ​ខ្ញុំ​មិនដឹង​ថាត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​នាង​បែប​ណា​ទេ​ ​តែ​ចេះតែ​ជូនសៀវភៅ​ដែល​ខ្ញុំ​ធ្លាប់​បាន​អាន​ទៅ​នាង​ជា​រៀងរាល់​ខែ។​ ​ពេល​នាង​ទទួលយក​សៀវភៅ​ ​នាង​តែងតែ​ញញឹម​រហូត។​ ​អ្វី​ដែល​ខ្ញុំ​សប្បាយចិត្ត​ជាងគេ​ ​គឺ​បានឃើញ​ស្នាមញញឹម​របស់​នាង។​

ចេញពី​ត្រកូល​កសិករ​ ​ជា​អ្នកស្រែ​សុទ្ធសាធ។​ ​ខ្ញុំ​ធ្លាប់តែ​ឮ​គេ​និយាយ​ថា៖

–​ “អ្នកស្រែ​ស្មោះ​ស្នេហ៍​ណាស់”។​ ​

គិត​ចុះ​គិត​ឡើង​ ​ក្តី​ស្រឡាញ់​ចេះតែ​រីក​ ​ហើយ​ចំនួន​សៀវភៅ​ដែល​ខ្ញុំ​ជូន​នាង​ក៏​កាន់តែ​ច្រើន។​ ​ខ្ញុំ​ជា​អ្នកស្រែ​មែន​ ​តែ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ ​នៅពេល​ដែល​មនុស្ស​ស្រី​ខ្ញុំ​ស្រឡាញ់​អាន​សៀវភៅ​ដែល​ខ្ញុំ​ជូន​នាង។​ ​វ័យ​សិក្សា​ ​ជួប​ស្នេហ៍​ដំបូង​ ​ដែល​ចាស់ៗ​ថា​មិន​ងាយ​បាន​ដល់​ថ្ងៃ​រៀបការ​ទេ។​ ​ខ្ញុំ​មិន​ជឿ​ ​ដ្បិត​នាង​តែងតែ​សម្ដែង​​នូវ​ការ​ពេញចិត្ត​ជានិច្ច​ ​គាំទ្រ​ខ្ញុំ​ជានិច្ច​ ​និង​លើកទឹកចិត្ត​ខ្ញុំ​ជានិច្ច​ ​មិនថា​ក្នុង​កាលៈទេសៈ​ណា​ទេ។​ ​លើស​ពីនេះ​ ​យើង​ទាំងពីរ​ប្រឹងប្រែង​រៀន​ខ្លាំង​ណាស់។​ ​មែនហើយ​ ​ឆ្នាំ​ដែល​យើង​ស្រឡាញ់​គ្នា​ ​វា​ជា​ឆ្នាំ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ។​ ​

ដល់ពេល​ប្រលង​ហើយ​ ​ហើយ​នាង​និង​ខ្ញុំ​ក៏​បារម្ភ​ពី​ការសិក្សា​មិន​ស្ទើរ​ដែរ។​ ​ចុងក្រោយ​នាង​បាន​ផ្តល់​យោបល់​មួយ​ដល់​ខ្ញុំ​ ​គឺថា​នាង​និង​ខ្ញុំ​គួរតែ​ផ្អាក​ទំនាក់ទំនង​គ្នា​សិន​ដើម្បី​ប្រឹងរៀន​បន្ថែម​លើស​ដើម​ ​រហូតដល់​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ឱ្យ​ចប់​សព្វគ្រប់។​ ​ពេល​ឮ​ដូច្នោះ​ ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់។​ ​ខ្ញុំ​មិន​នឹកស្មាន​ថា​នាង​គិតគូរ​បាន​ហ្មត់ចត់​ដល់​ថ្នាក់​ហ្នឹង​សោះ។​

​វេលា​កន្លង​ផុត​ទៅ​ ​យើង​ខាន​បាន​ជួបគ្នា​ ​និយាយ​ជាមួយគ្នា​អស់​ពេល​ជិត​មួយ​ខែ។​ ​ថ្ងៃមួយ​ ​គឺជា​ថ្ងៃបុណ្យ​ជាតិ។​ ​ខ្ញុំ​នឹក​រឭក​ដល់​នាង​ជាខ្លាំង​​ ​រហូតដល់​សុំ​ខ្ចី​ទូរសព្ទ​ពី​មិត្ត​ម្នាក់​ហៅ​ទៅ​នាង។​ ​ប៉ុន្តែ​ ​នាង​មិន​លើក​ទូរសព្ទ​ទាល់តែសោះ។​ ​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា​ហេតុអ្វី​នាង​មិន​លើក​ទូរសព្ទ​ខ្ញុំ?​ ​

ពេលនោះ​ហើយ​ ​វា​ជា​ពេលវេលា​ដែល​ខ្ញុំ​ចាប់ភ្លឹក​ពី​ការប្រែប្រួល​របស់​នាង។​ ​តាមពិត​នាង​ប្រើ​ល្បិច​ចង់​ចាកចេញ​ពី​ខ្ញុំ​ ​ដោយ​យកលេស​ថា​ផ្អាក​ទំនាក់ទំនង​គ្នា​បណ្តោះអាសន្ន​ ​រហូតដល់​ប្រលង​ចប់។​ ​ពេលនេះ​ ​វា​ជា​ពេល​ដែល​អ្នក​សិក្សា​ស្រុកស្រែ​បាន​ស្គាល់​នូវ​ការឈឺចាប់​ហើយ។​ ​ជិត​ប្រលង​ផង​ ​ខ្ញុំ​ឈឺចាប់​ផង​ ​រហូតដល់​ទឹកភ្នែក​ស្រក់​នៅ​លើ​សៀវភៅ​ម្នាក់ឯង។​ ​ជា​អ្នកស្រែ​មែន​ ​តែ​ខ្ញុំ​មិនដែល​នឿយហត់​ ​តែ​បែរជា​មក​ត្រូវ​នឿយហត់​ចិត្តនឹង​ស្នេហា​ទៅវិញ។​ ​ពេល​ខ្ញុំ​ទៅ​អង្គុយ​នៅ​ក្រោមម្លប់​ក្រសាំង​ ​ក៏​លែង​មាន​អ្នកណា​ឆ្ងល់​ទៀតហើយ​ ​ដ្បិត​គ្រប់គ្នា​ដឹង​យ៉ាង​ច្បាស់​ថា​ខ្ញុំ​អាន​សៀវភៅ​ ​ខ្ញុំ​ប្រឹងរៀន។​ ​ផ្ទុយ​ស្រឡះ​ ​ការពិត​ខ្ញុំ​លួច​សំកុក​ខូចចិត្ត​សោះ។​ ​ខ្ញុំ​តែងតែ​ចងចាំ​នូវ​បណ្តាំ​លោកតា​របស់ខ្ញុំ​ដែល​ថា៖

–​ “ស្រែ​ក៏ដោយ​ ​តែ​ត្រូវ​ប្រឹងរៀន​ ​កុំ​វក់វី​នឹង​រឿង​ស្នេហា​ច្រើនពេក”។​

​ខ្ញុំ​ចេះតែ​អត់ធ្មត់​ ​សង្កត់ចិត្ត​ ​ប្រឹងប្រែង​តាម​បណ្តាំ​របស់​លោកតា​ជានិច្ច។​ ​ក្រោយមក​ ​ខ្ញុំ​ក្រោក​ចេញពី​ម្លប់​ដើម​ក្រសាំង​ ​ហើយ​ដើរតម្រង់ទៅ​ផ្ទះ​ដើម្បី​ទៅ​យក​សៀវភៅ។​ ​ដល់ពេល​បើក​ទូ​សៀវភៅ​ ​ខ្ញុំ​ឥត​ឃើញ​សៀវភៅ​សល់​ច្រើន​ទេ​ ​តែ​មានតែ​បី​ក្បាល​គត់​ដែល​សល់។​ ​ខ្ញុំ​ចាប់ផ្តើម​គិត​មួយភ្លែត​ ​ហើយក៏​នឹកឃើញ​ថា៖

–​ ​“សៀវភៅ​របស់ខ្ញុំ​ជាច្រើន​ក្បាល​ ​បាន​ជូន​ទៅ​មនុស្ស​ស្រី​ដែល​ខ្ញុំ​ស្រឡាញ់​អស់ទៅហើយ”។

ស្នេហាក៏បែកបាក់ សៀវភៅក៏បាត់អស់ រឿងនេះមិនថ្វីទេ ដ្បិតចំណេះទាំងអស់វាបានស្ថិតនៅក្នុងខួរក្បាលខ្ញុំ។​ ​រយៈពេល​មួយឆ្នាំ​ជាង​ ​ពីរ​ឆ្នាំ​ជាង​ ​បី​ឆ្នាំ​ជាង​ ​រហូតដល់​ខ្ញុំ​ជិត​បញ្ចប់​មហាវិទ្យាល័យ​ ​ក៏​ខ្ញុំ​នៅតែ​មិន​អាច​បំភ្លេច​នាង​បាន​សោះ​ឡើយ។​ ​

ពេលយប់​ ​ខ្ញុំ​ចេះ​កើត​អារម្មណ៍​ឈឺចាប់​ ​តែ​ពេលថ្ងៃ​ខ្ញុំ​ប្រឹង​ខ្លាំង​ណាស់។​ ​ឈឺ​យ៉ាងណា​ ​ក៏​ប្រឹង​ដែរ​ ​មិនថា​ការងារ​ស្រែចម្ការ​ ​ជួយ​គ្រួសារ​ ​និង​ប្រឹងរៀន។​ ​និយាយ​ដោយ​ខ្លី​ ​ខ្ញុំ​ប្រឹង​ខ្លាំង​ណាស់​ ​ហើយ​ខ្ញុំ​ចង់​ប្រើ​ចំណេះដឹង​ដែល​ខ្ញុំ​មាន​ ​បំភ្លេច​ការឈឺចាប់​ទាំងអស់​ចោល​ ​តែ​វា​ ​“មិន​អាច”។​

​ល្ងាច​មួយ​ ​ខ្ញុំ​បាន​ទទួល​សារ​មួយ​ពី​លេខទូរសព្ទ​មួយ​ដែល​ខ្ញុំ​មិនដែល​ស្គាល់។​ ​ក្នុង​សារ​នោះ​បាន​សរសេរ​ថា៖

–​ ​“ខ្ញុំ​សូម​អរគុណ​ដល់​បង​ខ្លាំង​ណាស់​សម្រាប់​គ្រប់យ៉ាង។​ ​ក្រោយពី​ចាកចេញ​ពី​បង​ទៅ​ ​ខ្ញុំ​បាន​ជួប​បញ្ហា​ជីវិត​ច្រើនណាស់​ ​ជាពិសេស​មនុស្ស​ប្រុស​ខ្លះ​មិន​មាន​ទឹកចិត្ត​ស្មោះត្រង់​ដូច​បង​ទេ។​ ​ខ្ញុំ​ដឹង​ថា​បង​ឈឺចាប់​ដោយសារតែ​ការ​ចាកចេញ​របស់ខ្ញុំ។​ ​ខ្ញុំ​សុំទោស!​ ​មកដល់​ថ្ងៃនេះ​ ​បើកុំតែ​បាន​សៀវភៅ​របស់​បង​ ​ខ្ញុំ​ប្រហែលជា​គ្មាន​ជីវិត​បាន​ផ្ញើ​សារ​នេះ​ជូន​បង​ឱ្យ​ដឹងពី​ស្ថានភាព​ខ្ញុំ​ឡើយ។​ ​ពេល​ដែល​ខ្ញុំ​ជួប​បញ្ហា​ខ្លាំង​ ​និង​ពេល​ដែល​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ស្រឡាញ់​ក្បត់​ខ្ញុំ​ ​ខ្ញុំ​តែង​នឹកឃើញ​បង​ ​ហើយ​ខ្ញុំ​បាន​យក​សៀវភៅ​របស់​បង​មក​អាន។​ ​ខ្ញុំ​នឹកដល់​ចរិតលក្ខណៈ​របស់​បង​ ​កាល​យើង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា។​ ​បង​តែង​លើកទឹកចិត្ត​ខ្ញុំ​ឱ្យ​ប្រឹងប្រែង​រៀន​ជានិច្ច។​ ​មកដល់ពេលនេះ​ ​ទើប​ខ្ញុំ​ដឹង​ថា​ ​ខ្ញុំ​បាន​សាង​កំហុស​ចំពោះ​បង​ ​ហើយ​ខ្ញុំ​ក៏​ដឹង​ថា​បង​ចិត្តទូលាយ​និង​បាន​អភ័យទោស​ឱ្យ​ខ្ញុំ​រួចហើយ។​ ​អរគុណ​ម្តង​ទៀត​សម្រាប់​សៀវភៅ​ ​និង​ទឹកចិត្ត​របស់​បង។​ ​មាន​សៀវភៅ​នៅ​ក្បែរ​ ​ដូច​បង​នៅ​ក្បែរ​ខ្ញុំ​អ៊ីចឹង”។​​

 

វគ្គ២ ស្នេហ៍ថ្មីជាមួយអ្នកចាស់

ខ្ញុំ​ចេះតែ​យក​រឿង​នេះ​មក​ពិចារណា​ ​និង​ព្យាយាម​ពាល់​តាមរយៈ​បេះដូង​ ​ដ្បិត​ដោយសារ​មនុស្សជា​ច្រើន​ចេះតែ​ពិភាក្សា​គ្នា​មិនព្រម​ឈប់​សោះ។​ ​រឿង​នេះ​ ​វា​បាន​កើតឡើង​មិនដឹង​តាំងពី​ពេលណា​ទេ​ ​ឬ​ប្រហែលជា​មកដល់​ថ្ងៃនេះ​មាន​អ្នកនិពន្ធ​ណា​ម្នាក់​សរសេរ​រួចហើយ​ក៏​មិនដឹង​ ​ឬក៏​មាន​អ្នក​ធ្លាប់​បាន​ជួប​ ​តែ​ពុំ​ទាន់​មានឱកាស​បាន​សរសេរ​ក៏​ខ្ញុំ​មិនដឹង​ដែរ។​ ​រឿង​នេះ​ជា​រឿង​ឈឺចាប់​ ​ជូរចត់​ ​ពើត​ផ្សា​ ​និង​រក​វាចា​ថ្លែង​មិន​ចេញ​ទាល់តែសោះ។​ ​

ក្រោយពី​នារី​ដែល​ខ្ញុំ​ស្រឡាញ់​ចេញពី​ខ្ញុំ​ហើយ​ ​រហូតដល់​វេលា​ចុងក្រោយ​នាង​បាន​វិល​មករ​ក​ខ្ញុំ​វិញ​ ​តើ​ខ្ញុំ​និង​នាង​បាន​ស្រឡាញ់​គ្នា​ម្តង​ទៀត​ទេ?

“[​…​]​ ​អរគុណ​ម្តង​ទៀត​សម្រាប់​សៀវភៅ​និង​ទឹកចិត្ត​របស់​បង។​ ​មាន​សៀវភៅ​នៅ​ក្បែរ​ ​ដូច​បង​នៅ​ក្បែរ​ខ្ញុំ​អ៊ីចឹង”។​

​ខ្ញុំ​បាន​តប​សារ​ទៅ​នាង​វិញ​ថា៖

–  ​ ​“បង​សង្ឃឹមថា​អូន​សុខសប្បាយ។​ ​តាមរយៈ​បទ​ពិសោធ​នេះ​ ​និង​មេរៀន​ជីវិត​នេះ​ ​បង​សង្ឃឹមថា​អូន​នឹង​បាន​រៀនសូត្រ​នូវ​មេរៀន​ដ៏​ល្អ​នេះ​ទុក​សម្រាប់​ជីវិត”។​

​ដោយ​សេចក្តី​ស្រឡាញ់​របស់ខ្ញុំ​ដែល​មាន​ចំពោះ​នាង​ ​វា​បាន​ធ្វើ​ឱ្យ​យើង​ទាំងពីរ​នាក់​ចាប់ផ្តើម​សេចក្តី​ស្រឡាញ់​នឹងគ្នា​វិញ​ម្តង​ទៀត។​ ​ខ្ញុំ​ដឹង​ថា​នាង​សប្បាយចិត្ត​ ​និង​ទទួល​បាន​កម្លាំងចិត្ត​ចំពោះ​ជីវិត​ ​ក្នុង​ពេល​ដែល​ខ្ញុំ​មាន​វត្តមាន​ជាមួយនឹង​ចិត្ត​អភ័យ​លើកលែងទោស​ឱ្យ​នាង។​

​ក្រៅតែ​ពី​នាង​សប្បាយចិត្ត​ ​រី​ចំពោះ​ខ្ញុំ​វិញ​ក៏​មានចិត្ត​រំភើប​និង​ពេញចិត្ត​បន្តដំណើរ​ជាមួយ​នាង​ដែរ។​ ​ក្តី​សង្ឃឹម​របស់ខ្ញុំ​គឺ​ជឿ​ថា​នាង​នឹង​ក្លាយទៅជា​អនាគត​កូនក្រមុំ​ ដែល​បន្តដំណើរ​ជីវិត​ជាមួយ​ខ្ញុំ​​ជា​រៀង​រហូត។​ ​ខ្ញុំ​គិតថា​៖

–   “នាង​គិត​ត្រូវហើយ​គឺថា​នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ស្មោះត្រង់​និង​ស្រឡាញ់​នាង​ដូចសេចក្តី​ស្រឡាញ់​របស់ខ្ញុំ​ទេ”។​

​ស្រប​ពេល​ដែល​យើង​បន្តដំណើរ​ជីវិត​ជាមួយគ្នា​ ​យើង​តែងតែ​ចំណាយពេល​វេលា​បង្កើត​អនុស្សាវរីយ​ជាច្រើន​ជាមួយគ្នា។​ ​ពេលខ្លះ​ ​ខ្ញុំ​ឃើញ​នាង​ស្រក់​ទឹកភ្នែក។​ ​ខ្ញុំ​បាន​សួរ​នាង​ថា៖

–  ​ ​“តើ​អូន​កើតអ្វី​ ​ទើបបាន​ជា​ស្រក់​ទឹកភ្នែក?” ​នាង​តប​ថា​ ​“ដោយសារ​អូន​រំភើប​នឹង​សេចក្តី​ស្រឡាញ់​របស់​បង​ពេក​ ​ទើប​ទឹកភ្នែក​អូន​ស្រក់”។​ ​ក្រោយមក​នាង​មក​កៀក​ក្បែរ​ខ្ញុំ​ ​រួចហើយ​ឱប​ខ្ញុំ​យ៉ាង​ខ្លាំង។​ ​ខ្ញុំ​បាន​ឱប​នាង​រួច​ខ្សឹបដាក់ត្រចៀក​នាង​ថា៖

–  ​ ​“អូន​ជា​មនុស្ស​ល្អ​ ​ហើយ​បង​នឹង​នៅ​ក្បែរ​អូន​ជានិច្ច​ ​ដោយ​មិនថា​មានរឿង​អ្វី​កើតឡើង​ទេ”។​ ​នាង​យំ​សួរ​ខ្ញុំ​ថា​

–  “ពិតមែន​ឬ?​ ​ឬ​បើ​ទោះបីជា​ខ្ញុំ​បាន​ធ្វើ​មិនល្អ​នឹង​បង​ក៏ដោយ?”

​ខ្ញុំ​តប​ជាមួយនឹង​អារម្មណ៍​ស្រឡាញ់​ថា៖

–  ​ ​“បាទ​ ​គឺ​ពិតមែនហើយ!​ ​បង​នឹង​នៅ​ក្បែរ​អូន​គ្រប់ពេល​ ​និង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អូន​ ​សំខាន់​ឱ្យ​តែ​អូន​ទៅមុខ​មាន​សេចក្តី​សុខ”។​

ថ្ងៃមួយ​  យើង​ទាំងពីរ​បានសម្រេច​ចិត្ត​ជម្រាប​ប្រាប់​រឿង​របស់​យើង​ទាំងពីរ​ឱ្យ​ចាស់ទុំ​សងខាង​ដឹងឮ។​ ​ពី​ដំបូង​គ្រួសារ​របស់​នាង​ហាក់​ប្រតិកម្ម​បែប​អវិជ្ជមាន​ ​ដោយសារ​ខ្ញុំ​ជា​កូន​កសិករ​ ​ក្រីក្រ​ ​ធ្វើស្រែ​ចម្ការ​សម្រាប់​តែមួយ​ក្រពះ។​ ​ប៉ុន្តែ​ដោយសារតែ​ពេលវេលា​ ​ទើប​ធ្វើ​ឱ្យ​គ្រប់យ៉ាង​ចេះតែ​ល្អ​ប្រសើរ​ឡើងៗ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។​ ​ស្រប​ពេល​នឹង​រឿង​ល្អ​មួយ​កើតឡើង​ ​វា​ក៏​មានរឿង​អាក្រក់​មួយទៀត​កើតឡើង​ដូចគ្នា​ដែរ​ ​គឺ​ឪពុក​ខ្ញុំ​បាន​បរ​រទេះ​ក្រឡាប់​នៅ​កណ្តាល​វាលស្រែ​ ​ពីព្រោះ​ដោយសារតែ​គោ​អូស​រទេះ​ផ្អើល។​ ​ពេលនោះ​ ​ខ្ញុំ​ទទួល​ដំណឹង​ថា​ ​ឪពុក​ខ្ញុំ​សន្លប់​នៅនឹង​វាលស្រែ​ ​ងើប​ក្រោក​មិន​រួច​ទេ​ ​ហើយ​អ្នកភូមិ​បាន​យក​រទេះ​ទៅ​ដឹក​គាត់​មក​ផ្ទះ​វិញ។​ ​

ពេល​ឪពុក​ខ្ញុំ​ត្រូវ​បាន​អ្នកភូមិ​ដឹក​មកដល់​ផ្ទះ​ ​រី​ខ្ញុំ​ក៏បាន​មកដល់​ផ្ទះ​ភ្លាម​ដែរ​ ​(ខ្ញុំ​បាន​ទៅ​បំពេញការងារ​នៅ​តាម​ស្រុក​)។​ ​ឪពុក​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​ ​មើល​មិនជា​ ​ឬមួយ​ថ្ងៃ​កាត់​មួយថ្ងៃ​កោរ។​ ​តាំងពី​ពេលនោះ​មក​ ​ខ្ញុំ​ត្រូវ​ប្រឹង​ធ្វើការ​លើស​ដើម។​ ​ការងារ​ដែល​ឪពុក​ខ្ញុំ​ធ្លាប់ធ្វើ​ ​គឺ​ត្រូវ​ផ្ទេរ​មក​ឱ្យ​ខ្ញុំ​ទាំងអស់។​ ​ខ្ញុំ​ដឹង​ថា​អ្នកខ្លះ​ប្រហែលជា​ធ្វើ​មិនបានទេ។​ ​ខ្ញុំ​បាន​ព្យួរ​ឈ្មោះ​​ចោល​នៅ​មហាវិទ្យាល័យ​ ​ហើយ​ត្រូវ​ប្រឹង​ធ្វើការ​គ្មាន​ពេលសម្រាក​ទាំង​ការងារ​ខាងក្រៅ​ ​និង​ការងារ​ស្រែចម្ការ។

 

វគ្គ៣ ថ្ងៃដូរកូនកំលោះ

​រយៈពេល​ជាង​មួយឆ្នាំ​ហើយដែល​ទំនាក់ទំនង​របស់ខ្ញុំ​ ​និង​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បាន​បន្ត​ឡើងវិញ​ជាមួយនឹង​ក្តី​សង្ឃឹម។​ ​ខ្ញុំ​មិនដឹង​ថា​នាង​គិត​អ្វី​ទេ​ ​ទើប​ពេល​មួយ​នាង​សួរ​ខ្ញុំ​ថា៖

–  ​ “បង​ ​តើ​យើង​អាច​រៀបការ​បានទេ?” ​

ខ្ញុំ​ស្លុតចិត្ត​នឹង​នាង,​ ​រួច​សួរ​ថា៖

–  ​ “អូន​ ​តើ​ហេតុអ្វី​អូន​ចង់​រៀបការ​លឿន​ម៉្លេះ​?​ ​ពេលនេះ​បង​មិនទាន់​មាន​អ្វី​នៅឡើយ​ទេ​ ​ហើយ​ពុំ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ចិញ្ចឹម​អូន​ឱ្យ​បាន​រស់នៅ​សុខ​ស្រួល​នៅឡើយ​ទេ។​ ​អូន​ដឹង​ស្រាប់ហើយ​ ​បង​មាន​បន្ទុក​គ្រួសារ​ ​ហើយ​ម្យ៉ាង​ឪពុក​បង​ក៏​កំពុងតែ​ឈឺ​រុំា​រ៉ៃ​នៅផ្ទះ​ផង​ដែរ”។​

​នាង​តប​ថា៖

–  ​ “អូន​ធ្លាប់​ទទួលអារម្មណ៍​ឈឺចាប់​នឹង​សេចក្តី​ស្រឡាញ់”។​

​នាង​និយាយ​បែបនេះ​ ​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​អាណិត​នាង​ជា​ខ្លាំង,​ ​រួច​ខ្ញុំ​តប​ថា៖

–  ​ ​“បាទ!​ ​បង​នឹង​ពិភាក្សា​ជាមួយ​អ្នកម្តាយ​និង​លោកឪពុក​សិន​ណ៎ា”។​ ​

ពេល​ខ្ញុំ​យក​រឿង​នេះ​ទៅ​ជម្រាប​អ្នកម្តាយ​និង​លោកឪពុក​ ​ពួកគាត់​ទំនង​សប្បាយចិត្ត​ ​ហើយ​ឪពុក​ខ្ញុំ​និយាយ​ថា៖

​– ​“កូន​អើយ!​ ​ពុក​ចាស់​ណាស់​ទៅ​ហើយ​ ​រី​ម្យ៉ាង​ពេលនេះ​ឈឺ​ទៀត។​ ​ពុក​សង្ឃឹមថានឹង​បានឃើញ​កូន​រៀបការ​ ​ទាន់ភ្នែក​ភ្លឺ”។

​ចុងក្រោយ​គ្រួសារ​ខ្ញុំ​សម្រេចចិត្ត​អនុញ្ញាត​ឱ្យ​ខ្ញុំ​រៀបការ។​

​ខ្ញុំ​បាន​យក​ដំណឹងល្អ​នេះ​ទៅ​ប្រាប់​នាង​ ​ហើយ​នាង​ក៏បាន​មក​ឱប​ខ្ញុំ​យ៉ាង​ខ្លាំង​ ​ជាមួយនឹង​ពាក្យ​ថា៖

–  ​ ​“អរគុណ​គ្រប់យ៉ាង”។​ ​

ប៉ុន្តែ​ពេលនោះ​ ​ពេល​ដែល​នាង​ឱប​ខ្ញុំ​យ៉ាង​ខ្លាំង​ ​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​ម្យ៉ាង​ថា​នាង​មិនមែន​ឱប​ខ្ញុំ​ទេ។​

​ខ្ញុំ​ចេះតែ​សួរ​ខ្លួនឯង​ថា៖

–  ​ ​“នាង​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ ​ហើយ​នាង​ឱប​ខ្ញុំ?​ ​ចុះ​ហេតុអ្វី​ពេល​នាង​ឱប​ខ្ញុំ​ ​ខ្ញុំ​បែរជា​ទទួលអារម្មណ៍​ថា​នាង​មិនបាន​ឱប​ខ្ញុំ​ទៅវិញ?​ ​ខ្ញុំ​អើយ!!​ ​មិន​គួរ​គិត​ផ្តេសផ្តាស​តាម​អារម្មណ៍​អ៊ីចឹង​ទេ​ ​ដ្បិត​នាង​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់”។​

​សំឡេង​ភ្លេងខ្មែរ​ប្រគំ​យ៉ា​ងរ​ងំ​ស​ណ្តំ​ដួងចិត្ត។​ ​កូនកំលោះ​ ​គឺ​ខ្ញុំ។​ ​តាំងពី​ពេល​នៅ​រៀន​ ​រហូតដល់​នាង​ធ្លាប់​ចាកចោល​ខ្ញុំ​ម្តង​ ​តែ​គូព្រេង​មិន​ព្រាត់​ទេ​ ​តែបើ​វា​ព្រាត់​ ​គឺ​ព្រាត់​ដោយ​កម្ម​ប៉ុណ្ណោះ។​ ​នាង​ជាគូ​ព្រេង​របស់ខ្ញុំ​ពិតមែនហើយ​ ​ដ្បិត​បើ​ទោះបីជា​មានរឿង​អ្វី​កើតឡើង​ ​ក៏​យើង​នៅតែ​មាន​ថ្ងៃ​ពិសេស​នេះ​ដែរ​ ​(ថ្ងៃ​រៀបការ​)។​ ​សំឡេង​ភ្លេងការ​ចេះ​បន្លឺ​ឡើងៗ​ ​ហើយ​នាង​បាន​សួរ​ខ្ញុំ​ថា​៖

–   ​“បង​ស្រឡាញ់​អូន​ពិត​ទេ?” ​ខ្ញុំ​តប​ថា​ ​“បាទ​ ​ពិត”។​

​នាង​សួរ​បន្ត​ថា៖

–  ​ “តើ​ពិត​យ៉ាងដូច​ម្តេច?”

​ខ្ញុំ​និយាយប្រាប់​នាង​ថា​៖

–   ​“អូន​ដឹង​ទេ​ ​នៅក្នុង​ភូមិ​នេះ​មាន​នារី​ពីរ​នាក់​បាន​ចាប់អារម្មណ៍​បង”។​

​នាង​សួរ​ថា​៖

–   ​“បង​អត់​សង្ហា​ផង​ហ្នឹង​ ​ហើយ​មាន​នារី​ស្រឡាញ់​បង​ដែរ?” ​

ខ្ញុំ​តប​ថា៖

–  ​ ​“បង​សង្ហា​ ​ឬមិន​សង្ហា​ ​អូន​ត្រូវ​ទៅ​សួរ​នារី​ពីរ​នាក់​នោះ​ទើបត្រូវ​ ​ពីព្រោះ​បង​ក៏​មិនដឹង​ថា​ហេតុអ្វី​នាង​ស្រឡាញ់​បង​ដែរ”។​ ​

នាង​សួរ​ខ្ញុំ​ថា​៖

–   “ចុះៗ​ ​ម៉េច​បង​មិន​ស្រឡាញ់​ពួក​នាង​វិញ​ទៅ​ ​កាល​វេលា​ដែល​បង​គ្មាន​អូន​មួយ​រយៈ​មុន​នោះ”។​

​ខ្ញុំ​តប​ថា៖

–  ​ ​“សេចក្តីស្រឡាញ់ណា៎អូន វាមិនសំខាន់ថាមានមនុស្សប៉ុន្មាននាក់មកចាប់អារម្មណ៍ស្រឡាញ់យើងទេ តែសំខាន់តើយើងស្រឡាញ់អ្នកណា។ បងស្រឡាញ់អូន ​ ​

នាង​សើច​  ​រួច​និយាយ​ថា​៖

–   ​“បង​ឯង​ ​មើល​មុ​ខ​ស្រែៗ​ទេ​ ​ប៉ុន្តែ​ទើបតែ​ពេលនេះ​ ​ទើប​អូន​ឮ​បង​និយាយ​ផ្អែមល្ហែម​បំផុត”។

​មួយសន្ទុះ​ក្រោយមក​  ​នាង​ក៏​ស្រក់​ទឹកភ្នែក​ទៀត។​

​ខ្ញុំ​សួរ​នាង​ថា៖

–  ​ “ហេតុអ្វី​អូន​យំ​ទៀតហើយ”។​ ​

នាង​តប​ថា៖

–  ​ ​“អូន​រំភើប​នឹង​សេចក្តី​ស្រឡាញ់​របស់​បង”។​

​ភ្លេងការ​កំដរ​មនោសញ្ចេតនា​នាង​និង​ខ្ញុំ។​

​​លុះដល់​ព្រឹកស្អែក​ ​គឺជា​ថ្ងៃ​ហែ​ជំនូន។​ ​បងប្អូន​អ្នកជិតខាង​មក​ជួបជុំគ្នា​ ​ហើយ​ម្នា​ក់ៗ​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​ថា៖

–  ​ ​“មួយគូ​នេះ​សមគ្នា​ណាស់”។​

​ពិធី​ហែ​ជំនូន​ចប់​យ៉ាង​លឿន។​ ​វេលា​ប្រហែលជា​ ​៩ព្រឹក​ ​មាន​បុរស​ម្នាក់​មុខមាត់​សង្ហា​ ​ចុះពី​លើ​ឡាន​ ​រួចហើយ​ដើរ​តម្រង់​មកកាន់​ពិធី​ ​សួររក​កូនក្រមុំ។​ ​ខ្ញុំ​ឃើញ​ហើយ​ ​ស្មាន​តែ​ជា​មិត្តភក្តិ​របស់​នាង​ ​ក៏បាន​អញ្ជើញ​គាត់​ឱ្យ​ឡើង​ទៅលើ​ផ្ទះ។​ ​បុរស​ម្នាក់​នោះ​សម្លឹង​ខ្ញុំ​ក្នុង​ក្រសែភ្នែក​យ៉ាង​ស្រងូត​ស្រងាត់​បំផុត។​ ​

ពេល​ទៅដល់​លើ​ផ្ទះ​ ​បុរស​ម្នាក់​នោះ​បាន​ហៅ​មនុស្ស​ដែល​ជា​កូនក្រមុំ​របស់ខ្ញុំ​ថា៖

–  ​ ​“អូន”។​

​កូនក្រមុំ​របស់ខ្ញុំ​គ្រាន់តែ​ឃើញ​បុរស​ម្នាក់​នោះ​ ​ក៏​ហូរទឹកភ្នែក​ដូច​ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ។​ ​ខ្ញុំ​គិត​ក្នុងចិត្ត​ថា​ប្រហែលជា​មិត្តភក្តិ​បែកគ្នា​យូរឆ្នាំហើយ​មើលទៅ​ ​ទើបបាន​ជា​ម្នា​ក់ៗ​ដូចជា​មាន​អារម្មណ៍​មនោសញ្ចេតនា​នឹងគ្នា​ខ្លាំង​ម៉្លេះ។​ ​កូនក្រមុំ​របស់ខ្ញុំ​យំ​បណ្តើរ​ ​រួច​និយាយ​ថា៖

–  ​ “បង​មក​ហើយ​ ​មែនទេ​ ​(សំដៅ​ដល់​បុរស​ម្នាក់​នោះ​)?” ​

ក្រោយមក​នាង​បាន​រត់​ទៅ​ឱប​បុរស​ម្នាក់​នោះ​ ​ហើយ​អ្នក​ទាំងពីរ​ហាក់បីដូចជា​ជាប់ជំពាក់​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​នឹងគ្នា។​

​ខ្ញុំ​បាន​សួរ​ថា៖

–  ​ ​“តើមាន​រឿង​អ្វី?​ ​អូន​និង​គេ​.​.????” ​

គ្រាន់តែ​ឮ​ខ្ញុំ​សួរ​ភ្លាម​ ​អ្នក​ទាំងពីរ​ចាប់ដៃ​គ្នា​យ៉ាង​ជាប់។​ ​បេះដូង​ខ្ញុំ​ពាល់​រឿង​គ្រប់យ៉ាង​ ​និង​អារម្មណ៍​ទាំងអស់​ក្នុង​ស្ថានភាព​ពេលនោះ។​ ​ខ្ញុំ​សួរ​កូនក្រមុំ​របស់ខ្ញុំ​ថា៖

–  ​ ​“តើ​អូន​និង​គេ​ធ្លាប់​ស្រឡាញ់​គ្នា​ជ្រាលជ្រៅ​មែនទេ?” ​

អ្នក​ទាំងពីរ​ចាប់ដៃ​គ្នា​ជាប់​ ​ហើយ​នាង​ឥត​និយាយ​អ្វី​សោះ។​

​          ខ្ញុំ​និយាយទៅ​កាន់​នាង​ថា​៖

–   ​“ក្នុងនាម​បង​ជា​កូនកំលោះ​ពេលនេះ​ ​តើ​បង​អាច​ឱប​អូន​បានទេ?” ​

ខ្ញុំ​បាន​ដើរទៅ​កាន់​នាង​ត្រឹមតែ​ពីរ​ជំហាន​ដល់​ ​រួចហើយ​ឱប​នាង។​ ​ក្នុង​គ្រានោះ​ខ្ញុំ​ស្រក់​ទឹកភ្នែក​បណ្តើរ​ ​រួច​ប្រាប់​នាង​ថា៖

–  ​ ​“បង​ពាល់​ហើយ”។​

​          ការពិត​អារម្មណ៍​ដែល​ខ្ញុំ​សង្ស័យ​រាល់ពេល​ដែល​នាង​ឱប​ខ្ញុំ​ ​គឺ​នាង​មិនបាន​ស្រឡាញ់​ខ្ញុំ​ទេ។​ ​ខ្ញុំ​សួរ​នាង​បញ្ជាក់​ថា​៖

–   ​“អារម្មណ៍​កន្លងមក​ដែល​អូន​ឱប​បង​ ​វា​ជា​អារម្មណ៍​បោកប្រាស់​ ​និង​ក្លែងក្លាយ​មែនទេ?​ ​អូន​ធ្លាប់​កុហក​បង​ ​តែ​បង​នឹង​មិន​កុហក​អូន​ទេ។​ ​បង​ធ្លាប់​និយាយ​ថា​ ​‘​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អូន​’​ ​ហើយ​ពេលនេះ​ ​វា​ជា​ពេលវេលា​ស័ក្តិ​សម​បំផុត​ហើយ”។​

​          ខ្ញុំ​បាន​ដោះ​សម្លៀកបំពាក់​កូនកំលោះ​ដែល​នឹង​នៅ​ខ្លួនខ្ញុំ​ចេញ​ ​រួច​ទៅ​បំពាក់​ឱ្យ​កូនកំលោះ​ក្នុងចិត្ត​របស់​នាង​ ​ដោយ​ប្រាប់​បុរស​នោះ​ថា​៖

–   ​“ថែរក្សា​នាង​ឱ្យ​ល្អ​ ​ពីព្រោះ​នាង​ជា​មនុស្ស​ល្អ”។

​រួច​ខ្ញុំ​ផ្តាំ​អតីត​កូនក្រមុំ​របស់ខ្ញុំ​ថា៖

–  ​ ​“អូន​ជា​មនុស្ស​ល្អ​ ​ហើយ​អូន​គ្មាន​កំហុស​ទេ។​ ​ញញឹម​ ​ទៅមុខ។​ ​បើ​អូន​សុខ​ ​គឺ​បង​សប្បាយ​ហើយ”។​ ​

ខ្ញុំ​ដើរចុះ​ពីលើ​ផ្ទះ​ ​ស្រប​ពេល​ដែល​មាន​មនុស្សម្នា​សម្លឹង​មក​ខ្ញុំ​យ៉ាង​ឈឺចាប់។​ ​ពេលនោះ​មាន​នារី​ក្នុង​ភូមិ​ម្នាក់​ដែល​ធ្លាប់​លួច​ចាប់អារម្មណ៍​ខ្ញុំ​រត់​មករ​ក​ខ្ញុំ​ ​រួច​សួរ​ខ្ញុំ​ថា​៖

–   “បង​ ​តើ​បង​ឆ្កួត​ទេ​ឬ?​ ​តើ​ហេតុអ្វី​បង​ដើរចេញ?​ ​តើ​បង​មិន​ឈឺចាប់​ទេ​ឬ?” ​

ខ្ញុំ​តប​ថា​៖

–   ​“ការឈឺចាប់​វា​មានតែ​ចំពោះ​មនុស្ស​ដែល​មាន​បេះដូង​តូច​ប៉ុណ្ណោះ។​ការឈឺចាប់​វា​មានតែ​ចំពោះ​មនុស្ស​ដែល​មិន​យល់​ពី​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ”។​

​          ពេល​ខ្ញុំ​កំពុង​ដើរចេញ​ ​មាន​ក្មេងប្រុស​ម្នាក់​រត់​មក​យ៉ាង​លឿន​ ​រួច​ថា៖

–  ​ “ពូ!​ ​ពូ​ភ្លេច​សៀវភៅ​នៅ​លើ​ផ្ទះ​ហើយ។​ ​នេះ​ជា​សៀវភៅ​របស់​ពូ”។​ ​

ប្រហែលជា​ពីរ​ខែក្រោយ​ ​ឪពុក​ខ្ញុំ​បាន​ទទួលអនិច្ចកម្ម​ទៅ។​ ​ពេលវេលា​ចេះតែ​កន្លង​ផុត​ទៅ​ ​ខ្ញុំ​រស់នៅ​ជាមួយនឹង​ការ​ប្រឹងប្រែង​ ​រី​នាងរស់​នៅជា​មួយ​នឹង​សេចក្តី​សុខ។​ ​ដើម្បី​មនុស្ស​ដែល​នៅ​ក្បែរ​ខ្ញុំ​ ​ដើម្បី​គ្រួសារ​ខ្ញុំ​ ​ខ្ញុំ​ក៏​ប្រឹងប្រែង​ជាមួយនឹង​សេចក្តីសុខ​ដែរ។​ ​ខ្ញុំ​នៅតែ​ជា​អ្នក​កាន់​សៀវភៅ​ដដែល៕

ត្រួសៗអំពីអ្នកនិពន្ធ ឡាំ លីម ម្ចាស់ស្នាដៃរឿង “សៀវភៅឈឺចាប់” ខាងលើ

គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម ដែលជាម្ចាស់ស្នាដៃខាងលើ លោកកើតនៅខេត្តសៀមរាប។  បច្ចុប្បន្នលោកជាអ្នក​និពន្ធ​​ដែលកំពុងតែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មួយរូបនៅកម្ពុជា និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅល្បីៗចំនួន៥ចំំណងជើង រួមមានដូចជា សៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, ប្រតិទិនទស្សនៈ ២២២ថ្ងៃ” , អំណានជាអំណាច” , ដំណើរ” (ស្នាដៃ​សហនិពន្ធ​) និងសៀវភៅ “អំណាចកម្ម” ដែលលោកទើបបោះពុម្ពផ្សាយថ្មីៗ។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​ចង់ស្វែងយល់បន្ថែមពី​លោក ឬចង់ទំនាក់ទំនងទិញស្នាដៃជាសៀវភៅរបស់លោកយកទៅអាន លោក​អ្នកអាចចូលមើល ក៏ដូចជាទំនាក់ទំនងបានតាមរយៈ​ហ្វេស​ហ៊ុក​ផ្លូវការ​របស់​លោក​ផ្ទាល់ ដែលមានឈ្មោះ Lam Lim https://www.facebook.com/lamlem01 ។  សូមអរគុណ៕​

អត្ថបទបន្ថែម ៖ ពុទ្ធិពង្ស / រឿងនិងរូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!