អ្នកនិពន្ធ សំ សុភារិន្ទ បញ្ចេញស្នាដៃសម្រេចក្ដីស្រមៃឱ្យអ្នកយីកេជំនាន់ថ្មី កញ្ញា កែវ សុផានិត ដែលចង់មានបទចម្រៀងផ្ទាល់ខ្លួន
- November 9th, 2020
អ្នកនិពន្ធ សំ សុភារិន្ទ បញ្ចេញស្នាដៃសម្រេចក្ដីស្រមៃឱ្យអ្នកយីកេជំនាន់ថ្មី កញ្ញា កែវ សុផានិត ដែលចង់មានបទចម្រៀងផ្ទាល់ខ្លួន
ដូចលោកអ្នកជ្រាបស្រាប់ហើយពីការចេញផ្សាយកន្លងមក ទាក់ទងនឹងអ្នកនិពន្ធកម្ពុជាល្បីមួយរូបដែលមានប្រភពមកពីខេត្ត តាកែវ គឺលោក សំ សុភារិន្ទ ដែលលោកមិនត្រឹមតែអាចនិពន្ធប្រលោមលោកបានល្អប៉ុណ្ណោះទេ ថែមទាំងអាចនិពន្ធកំណាព្យបានល្អទៀតផង។ តែអ្វីដែល “គេហទំព័រអ្នកនិពន្ធកម្ពុជា” ចង់បង្ហាញឱ្យលោកអ្នកបានដឹងនូវពេលនេះ មិនមែនជានិពន្ធប្រលោមលោកឬកំណាព្យនោះទេ គឺជាការនិពន្ធផ្នែកចម្រៀងវិញម្ដង ព្រោះថ្មីៗនេះ លោកបានបញ្ចេញស្នាដៃផ្នែកចម្រៀងចំនួនពីរបទ សម្រេចបំណងប្រាថ្នាឱ្យកញ្ញា កែវ សុផានិត អ្នកយីកេល្បីជំនាន់ថ្មីច្រៀង ធ្វើឱ្យគេហទំព័រយើងខ្ញុំ និងមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះជាបទដែលលោកនិពន្ធទាំងទំនុកនិងបទភ្លេង និងមានភាពពីរោះទាក់ទាញ ប្រកបដោយអត្ថន័យខ្លឹមសារយ៉ាងខ្លាំង។
អ្នកនិពន្ធ សំ សុភារិន្ទ និងអ្នកយីកេជំនាន់ថ្មី ស្រស់ស្អាត កញ្ញា កែវ សុផានិត
ទាក់ទងនឹងការសម្រេចបញ្ចេញស្នាដៃចម្រៀងសម្រេចក្ដីស្រមៃឱ្យកញ្ញាខាងលើ លោក សំ សុភារិន្ទ បានបញ្ជាក់ប្រាប់គេហទំព័រអ្នកនិពន្ធកម្ពុជាក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិចថា “បទថ្មីដែលខ្ញុំនិពន្ធទាំងទំនុកចម្រៀងនិងបទភ្លេងឱ្យកញ្ញា កែវ សុផានិត អ្នកយីកេល្បីជំនាន់ថ្មីច្រៀងសម្រេចនូវក្ដីស្រមៃនេះ មានចំនួនពីរបទ ទី១គឺបទ «ផ្កាក្ងោក» ជាប្រភេទបទដែលប្រើចង្វាក់បូឡេរ៉ូ និងទី២គឺបទ «ផ្ការំដួល» ជាបទដែលប្រើចង្វាក់ស៊្លូវ។ លោកបានបន្តបង្ហាញពីហេតុផលដែលជំរុញឱ្យលោកបញ្ចេញស្នាដៃនិពន្ធផ្នែកចម្រៀងសម្រេចក្ដីស្រមៃឱ្យ កញ្ញា កែវ សុផានិត ច្រៀងយ៉ាងដូច្នោះថា “នេះក៏ព្រោះតែខ្ញុំយល់ថា កញ្ញាជាបុគ្គលដែលស័ក្ដិសមនឹងបទចម្រៀងដែលខ្ញុំនិពន្ធនេះ ព្រោះដោយសារតែកញ្ញាមានទឹកដមសំឡេងស្រាលស្រទន់ពីរោះទាក់ទាញត្រូវនឹងអ្វីដែលខ្ញុំចង់បាន។ លើសពីនេះ ខ្ញុំក៏មានមោទកភាពផងដែរ ដែលបានរួមគ្នាធ្វើឱ្យបទចម្រៀងមួយបទនេះចេញជារូបរាងឡើងក្នុងពិភពសិល្បៈចម្រៀងខ្មែរបច្ចុប្បន្ន។” នេះជាការលើកឡើងរបស់លោក សំ សុភារិន្ទ អ្នកនិពន្ធដែលធ្លាប់តែថ្នឹកនឹងការតែងនិពន្ធប្រលោមលោកនិងកំណាព្យកន្លងមក ដែលស្រាប់តែមកបញ្ចេញថ្វីដៃនិពន្ធផ្នែកចម្រៀងវិញបែបនេះ ធ្វើឱ្យគេហទំព័រយើងខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កញ្ញា កែវ សុផានិត ក្នុងសម្លៀកបំពាក់សាមញ្ញធម្មតា (អ្នកសិល្បៈមានប្រភពមកពីខេត្តតាកែវ និងជានាដកាយីកេចេញពីសលាវិចិត្រសិល្បៈ)
មុននឹងបិទបញ្ចប់បទសម្ភាសន៍ លោក សំ សុភារិន្ទ ក៏បានបន្ថែមជាចុងក្រោយថា “ជាចុងក្រោយខ្ញុំក៏សូមអរគុណដល់ លោក ទី ធាវី ស្ថាបនិក និងជាម្ចាស់ផលិតកម្ម Eyes Scene និងអ្នកពាក់ព័ន្ធក្នុងការផលិតបទចម្រៀងមួយបទនេះទាំងអស់គ្នាផងដែរ ព្រោះបើគ្មានរូបលោកនិងអ្នកទាំងអស់គ្នា ពេញចិត្តក្នុងការចូលរួមផលិតបទចម្រៀងទាំងពីរបទនេះទេ បទចម្រៀងទាំងពីរបទនេះក៏មិនអាចមានលក្ខណៈល្អ និងចេញផ្សាយទៅជាសាធារណៈបានដូចជាពេលនេះដែរ។”
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក សំ សុភារិន្ទ ជាកវីនិពន្ធកម្ពុជាមួយរូបដែលមានប្រភពចេញពីស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាកវីនិពន្ធដែលធ្លាប់ជាប់ជ័យលាភីលេខ១ទាំងវ័យក្មេងជាងគេក្នុងឆ្នាំ១៩៩៨ និងជាម្ចាស់ស្នាដៃប្រលោមលោកនិងកំណាព្យរឿងជាច្រើន ស្នាដៃផងដែរ។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធ លោកគឺជាបុគ្គលិកបម្រើការផ្នែកនិពន្ធ និងពិនិត្យកែសម្រួលអត្ថបទនៅ សារព័ត៌មានកោះសន្ដិភាព ដែលជាសារព័ត៌មានដ៏ល្បីបំផុតមួយនៅកម្ពុជា។ ដូច្នេះ បើលោកអ្នកចង់ដឹងថា តើបទចម្រៀងទាំងពីរបទដែលនិពន្ធដោយរូបលោក សំ សុភារិន្ទ, សម្រួលតន្រ្តីដោយ ថុន ផានិត, បច្ចេកទេសសំឡេងដោយ រិន វីរៈបុត្រ និងផលិតដោយផលិតកម្ម Eyes Scene គឺបទ «ផ្កាក្ងោក» និង «ផ្ការំដួល» ច្រៀងដោយ កញ្ញា កែវ សុផានិត មានអត្ថន័យខ្លឹមសារ និងភាពពីរោះយ៉ាងណានោះ? សូមចុចស្ដាប់កម្សាន្តដូចតទៅ។ សូមអរគុណ៕
បទ ៖ ផ្កាក្ងោក
បទ ៖ ផ្ការំដួល
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ សំ សុភារិន្ទ / រក្សាសិទ្ធិ ៖ cambowriter.com