លោក ទី ធាវី អ្នកនិពន្ធកម្ពុជាមួយរូប ដែលប្រកាន់គោលជំហរផលិតតែចម្រៀងនិពន្ធថ្មីមិនចម្លង
- November 4th, 2020
លោក ទី ធាវី អ្នកនិពន្ធកម្ពុជាមួយរូប ដែលប្រកាន់គោលជំហរផលិតតែចម្រៀងនិពន្ធថ្មីមិនចម្លង
លោក ទី ធាវី កើតថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧៥ មានឪពុកឈ្មោះ ទី គិន និងម្តាយឈ្មោះ អេង ឡន និងមានបងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះស្រី៥នាក់ និងបងប្រុស១នាក់ ហើយលោកជាកូនពៅក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធ លោកជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជាដោយមានតួនាទីជាមន្ត្រីជាន់ខ្ពស់អង្កេតហានិភ័យ។ ក្រៅពីនេះ លោកក៏ជាម្ចាស់ស្ទូឌីយោ និងផលិតកម្ម EYE SCENE ដែលជាផលិតកម្មប្រកាន់នូវគោលជំហរផលិតតែបទចម្រៀងនិពន្ធថ្មីមិនលួចចម្លងផងដែរ។
លោក ទី ធាវី អ្នកនិពន្ធកម្ពុជាមួយរូប និង និម្មិតសញ្ញាផលិតកម្មរបស់លោក
បើនិយាយពីការតែងនិពន្ធនេះ លោក ទី ធាវី ចាប់ផ្តើមតែងនិពន្ធតាំងពីឆ្នាំ២០០៤មកម្ល៉េះ ដោយលោកចេះតែងនិពន្ធជាច្រើនផ្នែក ដូចជា អត្ថបទសារព័ត៌មាន, កំណាព្យ, ទំនុកច្រៀង, ប្រលោមលោក និងសេណារីយូភាពយន្តជាដើម ដែលអាចនិយាយបានថា លោកគឺជាអ្នកនិពន្ធពហុជំនាញមួយរូប។ កន្លងមកលោកក៏ធ្លាប់ចេញផ្សាយស្នាដៃមួយចំនួនផងដែរដូចជា ចងក្រងបោះពុម្ពសៀវភៅចំណងជើងថា “ដើម្បីឈ្នះល្បែងជីវិត” រឿងខ្លី “ហួសពេលហើយអូន” និងអត្ថបទសារព័ត៌មានជាច្រើនតាមទស្សនាវដ្តី លើសពីនេះ រឿង “ព្រហ្មលិខិត” ដែលជាស្នាដៃមួយទៀតរបស់លោក ក៏បានចុះផ្សាយនៅ web page របស់អ្នកនិពន្ធល្បីឈ្មោះកំពុងរស់នៅប្រទេសបារាំង លោក ជំទាវ ពេជ្រ សង្វារវ៉ាន ផងដែរ។
បន្ថែមលើសពីនេះទៅទៀត ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក ទី ធាវី ក៏បានបង្ហាញបន្តទាក់ទងរឿងជ័យលាភីតែងនិពន្ធវិញម្ដងថា “ខ្ញុំធ្លាប់ជាប់ភាគច្រើនក្នុងពានរង្វាន់កិត្តិយស ទី១ ទំនុកច្រៀងបទ “យប់មិនព្រាត់ថ្ងៃ” ក្នុងកម្មវិធីប្រកួតស្នាដៃទំនុកច្រៀង រៀបចំដោយស្ថានីយ៍ទូរទស្សន៍អាសីអាគ្នេយ៍ ឆ្នាំ២០១២។ ទី២ ស្នាដៃប្រលោមលោកខ្លីរឿង “និស្ស័យទន្លេ” ជាប់លេខ៥ ក្នុងការប្រកួតយកពានរង្វាន់ទន្លេមេគង្គ រៀបចំដោយ សមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ២០១៤។ ទី៣ ជាប់ពានរង្វាន់លេខ៤ស្ទួន ជារង្វាន់កិត្តិយស ឆ្នាំ២០១៩ ក្នុងកម្មវិធីយុវជនដើម្បីវប្បធម៌ ដែលរៀបចំដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។”
កម្រងរូបភាពសំំខាន់ៗរបស់លោក ទី ធាវី ក្នុងពិធីទទួលប័ណ្ណសរសើរជ័យលាភីផ្នែកតែងនិពន្ធកន្លងមក
ត្រឡប់មកប្រធានបទសំខាន់នៅពេលនេះវិញ មែនទែនទៅគេហទំព័រយើងខ្ញុំចង់លើការងារតែងនិពន្ធចម្រៀងបទថ្មីរបស់ លោក ទី ធាវី ទៅវិញទេ ព្រោះលោកគឺជាអ្នកនិពន្ធកម្ពុជាមួយរូបដែលប្រកាន់គោលជំហរនិពន្ធបទចម្រៀងថ្មីៗដោយមិនលួចចម្លងស្នាដៃ ដែលរហូតមកមកទល់នឹងពេលនេះ លោកបានបើកផលិតកម្មផ្ទាល់ខ្លួនមួយមានឈ្មោះថា EYE SCENE ដោយផលិតបានចម្រៀងជាង១០០បទហើយ និងសុទ្ធតែជាចម្រៀងផលិតថ្មី។ លោកបានបញ្ជាក់ពីផលិតកម្មដែលលោកបង្កើតយ៉ាងដូច្នេះថា “EYE SCENE គឺ ជាឈ្មោះផលិតកម្មមួយដែលបង្កើតឡើងដោយខ្ញុំបាទ ទី ធាវី ក្នុងគោលបំណងនិងទស្សនៈវែងឆ្ងាយដែលមានផែនការណ៍មិនសំដៅតែលើបទចម្រៀងមិនចម្លងគេនោះទេ ពោលគឺមានផែនការថតជារឿងខ្លី, ភាពយន្តខ្នាត៩០នាទី និង រឿងភាគ។ តែបច្ចុប្បន្នដោយធ្វើតាមផែនការដំណាក់កាលទី១ ផលិតបទមិនចម្លងគេសិន។” លោក បន្ត “EYE SCENE បង្កើតឡើងនៅចុងឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះយើងបានផលិតបទមិនចម្លងគេបានប្រហែល១០០បទហើយ។” នេះជាការបញ្ជាក់របស់លោក ទី ធាវី ស្ថាបនិកផលិតកម្មខាងលើ។
លោកបានបន្តបង្ហាញពីគោលជំហររបស់ផលិតកម្មលោកថា “EYE SCENE មានគោលជំហរផលិតតែបទមិនចម្លងគេទេប៉ុណ្ណោះ ព្រោះថាក្នុងនាមយើងជាអ្នកនិពន្ធ យើងត្រូវគិតដល់កម្មសិទ្ធិបញ្ញារបស់បទមរតកដើម។ ណាមួយចង់ធ្វើជាគំរូល្អមួយសម្រាប់សង្គមជាតិក្នុងការបង្កើតថ្មី ដែលមិនចាំតែយករបស់ស្រាប់មកធ្វើឡើងវិញនោះឡើយ។” ចំពោះសំណួរទាក់ទងនឹងផលលំបាកវិញ លោកបានឆ្លើយថា “អ្វីដែលជាផលលំបាកក្នុងដំណើរប្រតិបត្តិតាមបំណងទស្សនៈវិស័យរបស់ EYE SCENE ដែលកំពុងជួបប្រទះ គឺពិបាករកអ្នកច្រៀងអាជីពដែលស័្មគ្ររួមគំនិតគ្នាលើវិថីបទមិនចម្លងគេនេះ ព្រោះថាបទថ្មីតម្រូវឱ្យមានពេលហាត់សម ហើយអ្នកច្រៀងចាំបាច់ត្រូវយល់ដឹងពីបទភ្លេងថ្មីនិងតន្ត្រីដែលបានតាក់តែង។ កន្លងទៅ បើឱ្យអ្នកច្រៀងទៅស្តាប់គំរូបទភ្លេងដែលម្ចាស់ទំនុកចាក់ពុម្ពបទភ្លេងឱ្យ ភាគច្រើនបរាជ័យដោយបោះបង់ចោលការទទួលការសន្យា ម៉្យាងទៀត បើតម្រូវមកស្ទូឌីយោឱ្យពួកគាត់មកហាត់សមដោយបង្រៀនផ្ទាល់ពួកគាត់នៅតែពិបាកក្នុងការលើកដាក់តាម Chord ភ្លេង។ និយាយរួម ពួកគាត់មិនចង់ចំណាយពេលហាត់តែម្តង។ លើសពីហ្នឹងទៀត ពួកគាត់តែងរើសទំនុកតាមការចង់បានរបស់គាត់។ ដូចនេះកវីនិពន្ធដែលនិពន្ធទំនុកទុកមិនត្រូវតាមអារម្មណ៍គាត់ចង់បាន ឬទំនុកមិនត្រូវចិត្តគាត់ គាត់មិនទទួលយកច្រៀងតែម្តង ឧទាហណ៍ទំនុកប្រាត់ប្រាស ស្លាប់ ឈឺចាប់ដៀលស្រីជាដើម។ល។ អ្វីដែលខ្ញុំអាចជម្នះបាន គឺថា ខ្ញុំបន្តជ្រើសរើសអ្នកចម្រៀងណាដែលថ្មី មិនមានបទពិសោធន៍សោះយកមកបង្រៀន។ អ្នកទាំងនោះអាចស្តាប់បង្គាប់យើងបាន។”
លោក ទី ធាវី ជាមួយតារាចម្រៀង និងក្រុមការងារមួយចំនួនរបស់លោក
បន្ទាប់មក លោក ទី ធាវី ក៏បង្ហាញពីទស្សនវិស័យរបស់លោកថា “ទស្សនៈវិស័យរបស់ EYE SCENE គឺរំពឹងនឹងទទួលផលវិជ្ជមាន ព្រោះថាយើងបានកំណត់ពេលវែងឆ្ងាយដោយធ្វើដំណើរមិនបង្ខំ ពោលគឺបេសកកម្មដំណើរគីង្គក់មួយៗ អ្វីដែលសំខាន់ការអាចគ្រប់គ្រងការចំណាយបានតាមផែនការរំពឹងទុកដល់អនាគតដែលនឹងទទួលផលនោះ។ បច្ចុប្បន្នចេញដំណើរពី ការប្រមូលធនធានអ្នកចម្រៀង អ្នកភ្លេង និងកវីនិពន្ធ ដោយធ្វើការរួបរួមលើកទឹកចិត្ត គិតគូរពីផលប្រយោជន៍បុគ្គល និងផលប្រយោជន៍រួម។ ប្រាក់កម្រៃផ្តល់ឱ្យជាផលប្រយោជន៍បុគ្គលចូលរួមធ្វើ ផលិតផលដែលបានចេញជាចម្រៀងជាផលប្រយោជន៍រួម អាចនិយាយថា ជាផលប្រយោជន៍ជាតិ បើបទនោះរក្សាបាននូវភាពថ្លៃថ្នូរ ឬទំនាក់ទំនងនឹងវប្បធម៌។ EYE SCENE អាចនឹងរីកចម្រើនដោយគិតគូរដល់ផលប្រយោជន៍អ្នកចូលរួមជាមួយនឹងផែនការលើកទឹកចិត្ត។” នេះហើយជាទស្សនវិស័យផលិតកម្មរបស់លោក ដែលលោកចង់ឱ្យអ្នកទាំងអស់គ្នាដឹង។
លោកបានបង្ហាញពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនទាក់ទងនឹងវិស័យតែងនិពន្ធបទចម្រៀងនៅកម្ពុជាបច្ចុប្បន្នយ៉ាងដូច្នេះថា “តាមការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ការវិស័យតែងនិពន្ធបទចម្រៀងនៅកម្ពុជាសព្វថ្ងៃនៅមិនទាន់មានភាពរីកចម្រើនទេ ព្រោះថាបើយើងសម្លឹងមើលលើសង្គមទាំងមូល ឃើញតែលួចចម្លងគេ ឬយករបស់គេមកធ្វើឡើងវិញ។ បើរីកចម្រើនមែននោះវិស័យមួយនេះគួរតែមានបទថ្មី ដែលប្រកបដោយសីលធម៌ វប្បធម៌ច្រើនដើម្បីជាស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ។”
ជាចុងក្រោយមុននឹងបិទបញ្ចប់បទសម្ភាសន៍ លោក ទី ធាវី ក៏បានថ្លែងថា “ជាចុងក្រោយ ខ្ញុំសូមឱ្យបុគ្គលគ្រប់រូបដែលមានងារជាអ្នកនិពន្ធ គួររួមកម្លាំងគ្នានិពន្ធនិងផលិតរបស់ណាដែលមានឈាមជ័រជាខ្មែរឱ្យបានច្រើន ដោយផ្នែកលើគុណតម្លៃនៃស្នាដៃ ជាប្រយោជន៍សង្គមជាតិ ដោយសូមកុំផលិតបទណា ស្នាដៃណា ដែលគ្រាន់តែជាការកំដរអារម្មណ៍សប្បាយ គួរគិតលើស្នាដៃយូរអង្វែង។ ឧទាហរណ៍ ស្នាដៃទំនុកច្រៀងត្រូវផ្នែកលើអត្ថន័យ អត្ថរស និងអត្ថរូបផង។”
លោក ទី ធាវី អ្នកនិពន្ធកម្ពុជាមួយរូប និងជាស្ថាបនិកផលិតកម្ម EYE SCENE
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ទី ធាវី កើតឆ្នាំ១៩៧៥ មានឪពុកឈ្មោះ ទី គិន និងម្តាយឈ្មោះ អេង ឡន មានបងប្អូនបង្កើតចំនួន៧នាក់ ហើយលោកជាកូនពៅក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅពីអាជីពជាអ្នកនិពន្ធ លោកជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា ដោយមានតួនាទីជាមន្ត្រីជាន់ខ្ពស់អង្កេតហានិភ័យ។ លើសពីនេះ លោកគឺជាម្ចាស់ស្ទូឌីយោ និងផលិតកម្ម EYE SCENE ជាផលិតកម្មមួយដែលប្រកាន់គោលជំហរផលិតតែបទចម្រៀងនិពន្ធថ្មីមិនលួចចម្លងផងដែរ។ ដូច្នេះ បើលោកអ្នកចង់ដឹងថា តើបទចម្រៀងដែលផលិតកម្មរបស់លោកផលិតកន្លងមកមានលក្ខណៈយ៉ាងណាខ្លះនោះ? លោកអ្នកអាចចូលស្ដាប់តាម Channel YouTube របស់ផលិតកម្មបាន https://www.youtube.com/channel/UC0YXeF8Q7aToUvgEtGKVx7A នោះលោកអ្នកមុខជាបានដឹងច្បាស់មិនខាន។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ លោក ទី ធាវី / រក្សាសិទ្ធិ ៖ camnowriter.com