សូមជូនរឿង ៖ ខ្មោចដើមអំពិល (ស្នាដៃអ្នកនិពន្ធ ឆិម ប៊ុនឆា)

  • October 23rd, 2020

ផ្ទះចំណាស់មួយខ្នងនៅជាយក្រុងដែលមានអាយុកាលរាប់រយឆ្នាំហើយ ផ្ទះនេះ​ត្រូវ​លក់​ពី​ម្ចាស់​មួយទៅ​ម្ចាស់មួយ​ ពីរបី​ម្ចាស់ហើយ​ ព្រោះ​តែ​គ្មាន​អ្នកណា​នៅ​បាន​ ហើយមិន​ដឹងជា​កម្មអី​បាន​ជា​ធ្វើ​​ឲ្យម្តាយខ្ញុំ​ លក់ផ្ទះនៅ​ទី​ក្រុង​ មក​ទិញ​ផ្ទះ​នេះ​នៅទៅវិញ​ ហើយ​ក៏​ប្តូរ​មកនៅ​ផ្ទះ​ដែល​ទើប​ទិញនេះ​ ខ្ញុំមិន​ចង់មកនៅទេ​ ព្រោះខ្ញុំមិន​ចូលចិត្តផ្ទះចាស់បុរាណ​ តែ​គ្មានជម្រើស​ ទើបរើ​មកនៅតាមម្តាយ​ទាំងទើសទាល់​ ខ្ញុំមកនៅផ្ទះនេះបាន​មួយអាទិត្យ​ហើយ​ តែ​នៅ​តែ​មិនទាន់​ស៊ាំនឹងសភាពរបស់ផ្ទះនេះ​សោះ ព្រោះ​ផ្ទះនេះមើល​ទៅកន្លែង​ណាក៏​គួរឲ្យ​ខ្លាចដែរ​ ជុំវិញ​ស្ងាត់ដូចមិនមែន​ផ្ទះ​សម្រាប់​មនុស្សនៅ​អ៊ីចឹង​ ហើយ​នៅក្បែរផ្ទះមានដើមអំពិលធំៗ៣ដើមទៀ​ត​ ដែលមិនដឹងជាមានតាំងពី​សម័យ​ណា​ទេ​ នៅក្រោមដើមអំពិលមានសុទ្ធតែខ្ទមខ្មោចចាស់ៗ ដែលមើលពេលយប់គួរឲ្យព្រឺសម្បុរ។

ដើមអំពិលនេះពេលថ្ងៃមានម្លប់ត្រឈឹងត្រឈៃត្រជាក់ស្រួលណាស់ តែពេលយប់កាលណា ម្ចាស់ថ្លៃអើយ សូម្បីតែសម្លឹងមើលក៏មិនហ៊ានដែរ ព្រោះដើមអំពិលនេះវា​ហាក់​ដូចមានអ្នកណា​រស់នៅ​ក្នុងនោះ​អ៊ីចឹង​ ។​ ផ្ទះនេះមានបន្ទប់គេង៣បន្ទប់ ហើយក្នុង៣បន្ទប់នោះក៏មានបន្ទប់របស់ខ្ញុំមួយផងដែរ (អ្នកសរសេរ) តែមិនដឹងជាចង្រៃអី ឡើង​មកនៅភ្លាមក៏ចាប់បន្ទប់ប៉ះបន្ទប់ដែលនៅក្បែរដើមអំពិលនោះទៀត ពិតជាមានឧបនិស្ស័យជាមួយនឹងខ្មោចមែន!!

ម៉ោង១២យប់ទៅហើយ ខ្ញុំនៅតែគេងមិនលក់ ព្រោះចាញ់ក្តឹបអំពិលជាមួយនឹងអំបិលម្ទេសកាលពីថ្ងៃ ទើបធ្វើឲ្យរត់ចូលបន្ទប់ទឹកមិនឈប់ ហើយបន្ទប់ទឹកនៅខាងក្រៅទៀត ហើយអ្វីដែលវាចៃដន្យនិងហួសចិត្តបំផុតគឺបន្ទប់ទឹកនៅក្រោមដើមអំពិលនោះតែម្តង រាល់យប់សព្វមួយដងមិនដែលមានខ្យល់ទេ មិនដឹងជាហេតុអីយប់នេះខ្យល់មិនឈប់សោះ ខ្យល់បក់បោកដើមអំពិល ធ្វើឲ្យមែកអំពិលងាប់ធ្លាក់មកលើស័ង្កសី ឮសូរតែផាំងៗ ក្នុងពេលដែលខ្ញុំកំពុងនៅក្នុងបន្ទប់ទឹក ញ័រអស់ហើយពេលនេះ កំពុងតែញ័រស្រាប់តែភ្លើងដាច់ភ្លឹប ងងឹតឈឹង ប្រហែលទុស្សេខ្សែភ្លើងហើយ ខ្ញុំរត់ចេញពីបន្ទប់ទឹកទាំងដែលមិនទាន់រួចស្រួលបួលផង ស្ទុះចូលបន្ទប់គេងវិញយ៉ាងលឿន ប្រហែលជា១០នាទីខ្យល់ក៏ចាប់ផ្តើមស្ងាត់ ពោះខ្ញុំក៏ចាប់ផ្តើមធូរស្រួលវិញ តែអ្វីដែលមិនស្រួល និងមិនស្ងាត់គឺសំឡេងឆ្កែលូនៅខាងក្រៅ ខ្ញុំគិតថាធម្មតាឆ្កែវាលូប្រាកដជាឃើញអីមិនខាន ព្រោះកាលខ្ញុំនៅតូចធ្លាប់ឮចាស់ៗនិយាយថា ឲ្យតែយប់រំលងអធ្រាត្រ ដឹងតែឆ្កែលូហើយ ព្រោះខ្មោចវាចេញដើររកស៊ី​ ឆ្កែវាមើលឃើញខ្មោច ទើបវាលូ តែខ្ញុំមិនដែលជឿនិងចាប់អារម្មណ៍នឹងសម្តីរបស់ចាស់ៗទេ ព្រោះគិតថាចាស់ៗនិយាយដើម្បីបន្លាចក្មេងឲ្យឆាប់ចូលគេងតែប៉ុណ្ណោះ តែចិត្តមួយចេះតែចង់ដឹងឲ្យច្បាស់កុំឲ្យចាស់ៗកុហកបាន កំពុងតែស្លុងក្នុងអារម្មណ៍ជាមួយនឹងសំឡេងឆ្កែលូ ស្រាប់តែឮស្នូរសម្រិបជើងស្រិបៗធ្ងន់ៗនៅខាងក្រៅបន្ទប់ ដូចមានមនុស្សដើរ ខ្ញុំក៏បើកវាំងននបង្អួចមើលទៅខាងក្រោមដើមអំពិលទាំងអារម្មណ៍រន្ធត់ (ព្រោះបង្អួចផ្ទះនៅក្បែរដើមអំពិល) ស្រាប់តែឃើញភ្លើងខៀវ២ធំៗប៉ុនបាត្រលោក ជល់គ្នាបែកផ្កាភ្លើងខ្ចាយពេញក្រោមដើមអំពិល ដោយផ្កាភ្លើងភ្លឺធ្វើឲ្យខ្ញុំមើលឃើញយ៉ាងច្បាស់នៅសត្វចម្លែក ដែលមានខ្លួនជាឆ្កែ តែក្បាលជាមនុស្សស្រីសក់វែង កំពុងតែស៊ីអ្វីម្យ៉ាង មើលទៅក្រហមៗដូចជាឈាម (ព្រឺក្បាលណាស់) មួយសន្ទុះក្រោយមក ស្រាប់តែឃើញតាចាស់សក់ស ស្លៀកក្បិនសំពត់ស ដៃម្ខាងកាន់កំសៀវទឹក ដៃម្ខាងកាន់ឈើច្រត់ មានភ្នែកក្រហម ដើរចេញពីដើមអំពិលមួយដើមទៀត មកស្រោចទឹកកំសៀវលើឆ្កែក្បាលមនុស្ស ធ្វើឲ្យឆ្កែក្បាលមនុស្សនោះរលាយបាត់ស្រមោលមួយរំពេច បន្ទាប់មកស្រាប់តែតាចាស់នោះងាកភ្នែកមកសម្លឹងខ្ញុំដែលកំពុងតែមើលពីបង្អួចផ្ទះទៅ ធ្វើឲ្យកញ្ចក់បង្អួចផ្ទុះបែកប្រាវឡើង ខ្ញុំភ័យរន្ធត់ស្រែកយកតែមែនទែន ជួយផងៗៗៗ ខ្មោចៗៗៗៗ សម្លេងគោះទ្វារផាំងៗពីខាងក្រៅ…..

– ប៊ុនឆាៗ កើតអីហ៎ា? (សំឡេងម្តាយខ្ញុំគោះទ្វារផងហៅផង)

ខ្ញុំភ្ញាក់ដឹងខ្លួនម៉ីងមាំងៗ ទៅបើកទ្វារ ហើយឆ្លើយតបទៅ​ម្តាយវិញ៖

-អត់កើតអីទេ ខ្ញុំគេងមមើព្រោះយល់សប្តិអាក្រក់នឹងណា…ហិហិហិ

-យី អញស្មានតែវាកើតអី….៕ ចប់​ដោយ​បរិបូរណ៍​!

ត្រួសៗពី អ្នកនិពន្ធ ឆិម ប៊ុនឆា ម្ចាស់ស្នាដៃ រឿង “ខ្មោចដើមអំពិល” ខាងលើ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា យុវសមណៈ ឆិម ប៊ុនឆា ក្រៅពីជា​ម្ចាស់​ស្នាដៃរឿងខ្លីខាងលើ លោកក៏ជា​ម្ចាស់ស្នាដៃសៀវភៅ“វាចាមាសរបស់ម៉ែ” ​និង “តំណក់​ទឹកភ្នែកម៉ែ” នេះ ដែល​ជា​សៀវភៅ​​ដ៏​ល្បី និង​លក់ដាច់​យ៉ាង​ខ្លាំងកន្លងមកផងដែរ លើស​ពីនេះ លោក​ក៏នៅមាន​ស្នាដៃ​ជាច្រើន​ទៀត​ដែល​ធ្លាប់​បោះ​ពុម្ព និងត្រៀមបោះ​ពុម្ព​នៅពេលខាង​មុខ​នេះ​បន្ត​ទៀត​ផង។ លោកប្រសូត្រនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៨៩, នៅ​ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, មានឪពុកនាម អ៊ុច ឆឺន និងម្តាយនាម សៀន ថង ។​ មានបងប្អូន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ ​ដោយ​លោក​ជាកូនច្បង​ក្នុង​គ្រួសារ។ លោក​​ចាប់​ផ្ដើម​បួស​ពេលមាន​ព្រះជន្ម១៧ឆ្នាំ នៅវត្តស្វាយស ស្ថិត​ក្នុងស្រុក​ភ្នំស្រុក, ខេត្ត​បន្ទាយមានន័យ។ បច្ចុប្បន្ន ​ក្រៅពីមាន​អាជីពជាអ្នកនិពន្ធដែលមានការទទួលស្គាល់យ៉ាងខ្លាំង​ពីសំណាក់ប្រិយមិត្តអ្នកអាន ​លោក​ក៏ជាព្រះសង្ឃមួយអង្គដ៏មានកេរ្តិ៍ឈ្មោះល្បីនៅកម្ពុជាផងដែរ។ ដូច្នេះ​ ប្រសិន​បើ​លោក​អ្នក​ចង់​ដឹងថា ស្នាដៃនិពន្ធ​ផ្សេងៗ​ទៀតរបស់លោក ​មាន​អត្ថន័យ​ខ្លឹម​សារ​ល្អ​យ៉ាង​ណា​ខ្លះ​នោះ? លោក​អ្នក​អាច​ទិញយក​ទៅ​អានបាន តាម​រយៈហ្វេស​ប៊ុក​ផេក​មួយចំនួន​ ដូចជា ៖

  • វាចាមាសរបស់ម៉ែ https://www.facebook.com/vmrmbook/
  • Reach Ny https://www.facebook.com/reach.ny.71868?epa=SEARCH_BOX
  • Va Panha https://www.facebook.com/tin.nakorn.739?epa=SEARCH_BOX
  • និង​តាម​ហាង​លក់​សៀវភៅ​ផ្សេង​ៗមួយចំនួន​ទៀតទាំងក្នុង​រាជធានី​​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែលជាបណ្ដាញលក់​របស់សៀវភៅ​នេះ នោះ​​យើង​ខ្ញុំ​ជឿ​ជាក់​ថា លោក​អ្នក​មុខជាមិនខកបំណងឡើយ។ សូមអរគុណ៕

អត្ថបទបន្ថែមដោយ ៖ ពុទ្ធិពង្ស / រឿង ៖ ឆិម ប៊ុនឆា / ក្របរឿង ៖ ង៉ែត រ៉ា  / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!