លោក ប៊ីន យ៉ាន ហៅ “កវីឦសាន្ត” អ្នកនិពន្ធវ័យក្មេងឆ្នើមមួយរូបនៅកម្ពុជា ដែលលោកអ្នកគួរស្គាល់!
- October 22nd, 2020
លោក ប៊ីន យ៉ាន ហៅ “កវីឦសាន្ត” អ្នកនិពន្ធវ័យក្មេងឆ្នើមមួយរូបនៅកម្ពុជា ដែលលោកអ្នកគួរស្គាល់!
លោក ប៊ីន យ៉ាន មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កវីឦសាន្ត” ។ លោកកើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩១ នៅភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោកមានឪពុកឈ្មោះ ប៊ិត ម៉ន ម្តាយឈ្មោះ សាំង អឿន (តែលោកទាំងពីរបានទទួលមរណៈភាពអស់ហើយ) លោកមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២នាក់ ស្រី២នាក់ ដោយលោកជាពៅក្នុងគ្រួសារ។ បច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា ប្រកបដោយសមត្ថភាពមួយរូប លោកមានតួនាទីជាទីប្រឹក្សាឱ្យអង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) និងជាអ្នកជំនួញផ្នែកអចលនទ្រព្យ ក៏ដូចជាជំនួញផ្សេងៗទៀតផងដែរ។ ដូច្នេះ ដើម្បីបានដឹងច្បាស់ពីដំណើរជីវិតលើវិថីតែងនិពន្ធ ស្នាដៃនិពន្ធ និងអ្វីផ្សេងៗទៀតពាក់ព័ន្ធនឹងការនិពន្ធរបស់ លោក ប៊ីន យ៉ាន នោះ! “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក៏សូមបង្ហាញពីបទសម្ភាសន៍រវាងលោកនិងគេហទំព័រ តាមរយៈសារអេឡិចត្រូនិចដូចតទៅ ៖
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកចាប់ផ្ដើមប្រឡូកក្នុងការតែងនិពន្ធតាំងពីពេលណា? ហើយអ្វីជាបុព្វហេតុដែលជំរុញឱ្យលោកចាប់យកការតែងនិពន្ធនេះ?
លោក ប៊ីន យ៉ាន ៖ ខ្ញុំចាប់ផ្តើមប្រឡូកក្នុងវិស័យកិច្ចការតែងនិពន្ធតាំងពីឆ្នាំ២០១៧មកម្លេះ! ហើយការណ៍ដែលខ្ញុំចាប់យកការនិពន្ធនេះ ដោយសារតែខ្ញុំចូលចិត្តអាន និងចង់បន្សល់ទុកជាកេរដំណែលស្នាដៃដល់កូនខ្មែរគ្រប់រូបមុនពេលស្លាប់ទៅ។
លោក ប៊ីន យ៉ាន ហៅ “កវីឦសាន្ត” អ្នកនិពន្ធវ័យក្មេងឆ្នើមមួយរូបនៅកម្ពុជា
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើរហូតមកទល់នឹងពេលនេះ លោកនិពន្ធស្នាដៃជាសៀវភៅបានប៉ុន្មានហើយ? ក្នុងនោះជាភាសាខ្មែរប៉ុន្មានក្បាល និងជាភាសាអង់គ្លេសបានប៉ុន្មានក្បាល? ហើយក្នុងចំណោមនោះ ស្នាដៃមានចំណងជើងអ្វី ដែលទទួលបានការគាំទ្រច្រើនជាងគេ?
លោក ប៊ីន យ៉ាន ៖ រហូតមកទល់នឹងឆ្នាំ២០២០នេះ ខ្ញុំនិពន្ធបានចំនួន៨ចំណងជើងហើយ ដោយក្នុងនោះភាសាអង់គ្លេស៣ចំណងជើង ដូចជា Win Fate Create Miracle, Right Choice Right Time និង Sharpen Your Brain ចំណែកជាភាសាខ្មែរ រួមមាន៥ចំណងជើង ដូចជា និស្សិតបេះដូងមាស, បុប្ផារាជធានី, ចិត្តកូនស្រី, គតិអប់រំកូនខ្មែរ, សម្រង់គំនិត & កំពូលទស្សនៈ ប៊ីន យ៉ាន ។ ក្នុងចំណោមស្នាដៃទាំង៨នេះ គឺសៀវភៅមានចំណងជើងថា Win Fate Create Miracle, Right Choice Right Time និស្សិតបេះដូងមាស និង បុប្ផារាជធានី គឺសុទ្ធតែជាស្នាដៃដែលទទួលបានការគាំទ្រច្រើនជាងគេ។
សៀវភៅល្បីៗមួយចំនួនៃស្នាដៃរបស់ លោក ប៊ីន យ៉ាន ហៅ “កវីឦសាន្ត” ទាំងភាសាខ្មែរ និងអង់គ្លេស
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ ហេតុអ្វីបានជាលោកនិពន្ធសៀវភៅជាភាសាបរទេសបែបនេះឡើង? សម្រាប់អ្នកអានប្រភេទណាខ្លះ? និងមានលក់នៅបរទេសដែរឬទេ?
លោក ប៊ីន យ៉ាន ៖ មូលហេតុដែលខ្ញុំបានសម្រេចនិពន្ធសៀវភៅជាភាសាបរទេស(អង់គ្លេស)បែបនេះ ដ្បិតមានគោលបំណងដើម្បីពង្រឹងភាសាអង់គ្លេសខ្លួនឯងផង ដើម្បីបម្រើទីផ្សារក្នុងស្រុក និងក្រៅប្រទេសផង(សម្រាប់ប្រទេសនានាដែលប្រើ និងនិយាយភាសាអង់គ្លេស) ដើម្បីជំរុញអ្នកដែលចេះភាសាអង់គ្លេសនៅកម្រិតមធ្យមនៅកម្ពុជាផង ហើយដើម្បីបង្ហាញទៅបរទេសថា កូនខ្មែរក៏អាចនិពន្ធ និងសរសេរសៀវភៅជាភាសាអង់គ្លេសបានផងដែរ មិនចំបាច់តែជនជាតិបរទេសនោះទេ។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើស្នាដៃចុងក្រោយរបស់លោកមានចំណងជើងអ្វី? ជាស្នាដៃប្រភេទអ្វី? ហើយប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ចង់ទិញស្នាដៃរបស់លោកយកទៅអាន តើពួកគាត់អាចរកទិញបានដោយវិធីណា និងនៅកន្លែងណាខ្លះ?
លោក ប៊ីន យ៉ាន ៖ ស្នាដៃចុងក្រោយខ្ញុំមានចំណងជើងថា “Sharpen Your Brain” និង “ចិត្តកូនស្រី” ។ “Sharpen Your Brain” ជាប្រភេទសៀវភៅផ្តល់គំនិត និងលើកទឹកចិត្ត ដោយឡែក “ចិត្តកូនស្រី” ជាប្រភេទប្រលោមលោកបែបការតស៊ូ ជំរុញចិត្ត និងលើកទឹកចិត្ត។ ហើយប្រសិនបើប្រិយមិត្តអ្នកអានចង់អាន លោកអ្នកអាចទៅរកទិញនៅតាមបណ្ណាគារ គីណូគូនីយ៉ា(KinoKuniya) នៅផ្សារទំនើបអេអន២ ជាន់ទី១ និងនៅបណ្ណាគារ ម៉ោនញូមិនប៊ុកគ្រប់សាខា បណ្ណាគារបាក់ទូក និងបណ្ណាគារប្រជាប្រិយទល់មុខវិទ្យាល័យ សន្ធរ ម៉ុក ។ល។ជាដើម ឬខលមកខ្ញុំបាទផ្ទាល់តាមរយៈលេខ ០៩៧៨០១៣២៦១ / ០៩៨២៣៧១១៦ ឬ ឆាតមកទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្ញុំផ្ទាល់ Bin Yan TV Show https://www.facebook.com/binyan.tvshow ក៏បាន។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ តើលោកមានគម្រោងចេញផ្សាយស្នាដៃជាសៀវភៅថ្មីទៀតឬទេ? បើមាន! តើមានចំណងជើងអ្វី? ជាសៀវភៅប្រភេទអ្វី? និងចេញផ្សាយផ្លូវការនៅពេលណា?
លោក ប៊ីន យ៉ាន ៖ បាទ! ខ្ញុំមានបំណងចេញច្រើនចំណងជើងទៀតណាស់ ដូចជា “ចៅគុហ៍កុមារ” ដែលជាប្រភេទសៀវភៅរឿងនិទានបែបស្រមើស្រមៃ សរសេរចេញជាកាព្យ ៣០០ទំព័រ និង ”ករុណា (១០វគ្គ)” ជាប្រភេទសៀវភៅស្រមើស្រមៃទៅពិភពលោកប្លែកៗ និងសៀវភៅ “ក្បួនលក់ឆ្លាតវៃ” ជាប្រភេទសៀវភៅផ្នែកការលក់ និងទីផ្សារ។
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ មើលទៅលោកចូលចិត្តអានសៀវភៅណាស់! ដូច្នេះ លោកអាចប្រាប់បានទេថា តើលោកចូលចិត្តអានកម្រិតណា? ហើយការអានសៀវភៅនេះបានផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់ការតែងនិពន្ធរបស់លោក?
លោក ប៊ីន យ៉ាន ៖ បាទមែនហើយ ខ្ញុំចូលចិត្តអានសៀវភៅខ្លាំងណាស់ គឺចូលចិត្តមែនទែន ឬអាចនិយាយបានថា ញៀននឹងការអានសៀវភៅ។ ពេលខ្ញុំបានប្រាក់ខែ គឺដើររកទិញសៀវភៅមុននឹងដើររកទិញអីហូប ឬរបស់របរផ្សេងៗ ហើយខ្ញុំចូលចិត្តសន្សំសៀវភៅ មិនថាសៀវភៅចាស់ ឬថ្មី ឬសៀវភៅដែលគេបោះចោលក៏ខ្ញុំរើសទុកដែរ ទោះដាច់ក្របក៏ដោយ។ ជាការពិតណាស់ បើយើងមិនចូលចិត្តអានសៀវភៅច្រើន យើងក៏គ្មានគំនិតច្រើនក្នុងការតាក់តែងនិពន្ធផងដែរ ការអានសៀវភៅគឺប្រៀបបីដូចជាការបើកវាំងននទៅកាន់ពិភពនៃគំនិតអ៊ីចឹង អានកាន់តែច្រើនចេះកាន់តែច្រើន យល់កាន់តែច្រើន ទាំងបទពិសោធន៍ក្នុងសៀវភៅ និងស្នាដៃរបស់អ្នកសរសេរ ឬអ្នកនិពន្ធផ្សេងៗ។ បើយើងមិនចេះ និងមិនចូលចិត្តការអានទេ ទោះយើងពូកែយ៉ាងណាក៏គង់តែអស់គំនិតក្នុងការសរសេរផងដែរ។ គ្មានអ្នកប្រាជ្ញណាម្នាក់ក្លាយជាអ្នកប្រាជ្ញដោយគ្មានការអានសៀវភៅច្រើននោះទេ។ ក្នុងទស្សនៈខ្ញុំ បើអ្នកអាចអានចប់សៀវភៅបាន ១០០ក្បាល គឺស្មើនឹងអ្នករៀនចប់វិទ្យាល័យ បើអានចប់២០០ក្បាល ស្មើនឹងអ្នករៀនចប់មហាវិទ្យាល័យ បើអានចប់៣០០ក្បាល គឺស្មើនឹងអ្នករៀនចប់ថ្នាក់អនុបណ្ឌិត ហើយបើអ្នកអានចប់៥០០ក្បាល ទៅ១០០០ក្បាល គឺអាចស្មើនឹងអ្នករៀនចប់បណ្ឌិតទៅហើយ ប៉ុន្តែការអាននេះត្រូវតែអានសៀវភៅដែលពិភពលោក ឬ ប្រទេសជាតិទទួលស្គាល់ និងគាំទ្រ មិនមែនអានត្រឹមតែអាននោះទេ គឺអានរួចយកមកវិភាគរកខុសត្រូវ និងយកមកអនុវត្តនូវចំនុចល្អៗ។
លោក ប៊ីន យ៉ាន ហៅ “កវីឦសាន្ត” កំពុងអានសៀវភៅទាំងកំពុងដាំបាយ
គេហទំព័រអ្នកនិពន្ធកម្ពុជា ៖ ជាចុងក្រោយ មុននឹងបញ្ចប់បទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” តើលោកមានពាក្យពេចន៍អ្វីចង់និយាយទៅកាន់ប្រិយមិត្តអ្នកគាំទ្រស្នាដៃសៀវភៅរបស់លោកដែរឬទេ? ក៏ដូចជាយុវជនកម្ពុជាដែរឬទេ? សូមគោរពអញ្ជើញ!!!
លោក ប៊ីន យ៉ាន ៖ ជាចុងក្រោយ ក្នុងនាមជាអ្នកនិពន្ធវ័យក្មេងកម្ពុជា ដែលចេះតិចតួចម្នាក់ ខ្ញុំសូមថ្លែងអំណរគុណដល់អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត និងមិត្តនិយមក្នុងការអានជាទីស្រឡាញ់ទាំងអស់ដែលតែងតែនិយមគាំទ្ររាល់ស្នាដៃ និងសៀវភៅរបស់ខ្ញុំបាទកន្លងមក ហើយខ្ញុំបាទមានមតិផ្តាំផ្ញើដល់យុវជនយើងថា «បើចង់ល្ងង់ ខ្វះគំនិត និងបរាជ័យ អ្នកមិនចាំបាច់អានសៀវភៅនោះទេ តែបើចង់ជោគជ័យ សម្បូរគំនិត និងក្លាយជាមនុស្សឆ្លាត គឺមានតែការអានសៀវភៅប៉ុណ្ណោះ ដែលអាចជួយបាន មិនមែនការប្រើហ្វេសប៊ុក ឬមើលយូធូបនោះទេ ហើយការប្រើប្រាស់បណ្តាញសង្គមក៏ត្រូវប្រយ័ត្នផងដែរ ដ្បិតវាក៏អាចជាមហារីករង់ចាំសម្លាប់អ្នកបានដែរ បើអ្នកប្រើខុសដោយការញៀននឹងវា រហូតភ្លេចបាយភ្លេចទឹក ភ្លេចការហាត់ប្រាណ ភ្លេចរៀនភ្លេចសូត្រ ភ្លេចកិច្ចការផ្ទះ ឬមើល និងទទួលអ្វីដែលមិនល្អជាប្រចាំថ្ងៃ ហើយមិនចេះគ្រប់គ្រងវា និងគ្រប់គ្រងខ្លួនឯង អ្នកនឹងបរាជ័យងើបមុខមិនរួចនោះទេ។ ម្យ៉ាងទៀតត្រូវចងចាំថា ពេលវេលាដើរលឿនណាស់ មិនរង់ចំានរណាម្នាក់ទេ បើអ្នកខ្ជិល និងប្រើពេលវេលាដ៏មានតម្លៃនេះខុសទៅលើរឿងខូចខាត អត់ប្រយោជន៍ច្រើនដូចជា ចូលក្លឹប ដើរលេងច្រើន សេពគប់នឹងអមិត្តចូលចិត្តផឹកគ្រឿងស្រវឹង និងឆាប់ប្រឡូកក្នុងរឿងស្នេហាទាំងវ័យកំពុងសិក្សា អ្នកក៏នឹងបរាជ័យជៀសមិនរួចផងដែរ។ ដូច្នេះ សូមប្អូនៗដែលកំពុងសិក្សា ត្រូវធ្វើកិច្ចការផ្ទះជួយឪពុកម្តាយ ខិតខំរៀន និង រាប់អានមិត្តណាដែលចូលចិត្តរៀនសូត្រ ចេះតស៊ូ ជម្នះ និងមានគោលដៅច្បាស់លាស់ក្នុងជីវិតថាខ្លួនចង់បានអ្វី និងធ្វើអ្វីពិតប្រាកដ ដើម្បីជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិ។
លោក ប៊ីន យ៉ាន ហៅ “កវីឦសាន្ត” កំពុងតាក់តែងនិពន្ធទាំងកណ្ដាលរាត្រី
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ប៊ីន យ៉ាន មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កវីឦសាន្ត” ។ លោកកើតឆ្នាំ១៩៩១ នៅខេត្តស្ទឹងត្រែង។ បច្ចុប្បន្នក្រៅពីអាជីពជាអ្នកនិពន្ធកម្ពុជា វ័យក្មេងប្រកបដោយសមត្ថភាពក្នុងការនិពន្ធទាំងភាសាខ្មែរនិងបរទេសមួយរូប លោកក៏នៅមានការងារជាច្រើនទៀតដូចជា ជាទីប្រឹក្សាឱ្យអង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) ជាអ្នកជំនួញផ្នែកអចលនទ្រព្យ ហើយក៏ជាជំនួញផ្សេងៗទៀតផងដែរ។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកចង់ចង់ដឹងថា ស្នាដៃតែងនិពន្ធរបស់លោកមានគុណតម្លៃល្អកម្រិតណានោះ? លោកអ្នកអាចស្វែងរកស្នាដៃរបស់លោកយកមកអានបានទាំងភាសាខ្មែរនិងអង់គ្លេស តាមទីតាំង និងវិធីដែលលោកបានបង្ហាញខាងលើបាន។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ប៊ីន យ៉ាន / រក្សាសិទ្ធិ ៖ cambowriter.com