សូមជូនរឿង ៖ ភ្លេចអស់ហើយ (ស្នាដៃអ្នកនិពន្ធ អោម ចែតច័ន្ទថារី )

  • October 10th, 2020

ប៉ាស្រែកឲ្យម៉ាក់។ ម៉ាក់ស្រែកឲ្យប៉ា។ ប៉ាស្រែកដាក់ខ្ញុំ។ ខ្ញុំខឹងប៉ាម៉ាក់។ ផាច់ ខ្ញុំត្រូវមួយកំផ្លៀងរបស់ប៉ា។ ខ្ញុំខាំមាត់ធ្វើដូចមិនឈឺ។ រួចប៉ាចង្អុលមុខខ្ញុំដោយសម្ដីគ្រហឹម៖

«អាកូនចោលម្សៀត អាកូនក្បាលរឹង ឆាប់ចេញពីមុខយើងភ្លាម!» គាត់បោះសម្ដីបែបនេះហើយ ខ្ញុំនៅធ្វើអីទៀត។ ខ្ញុំទាញកាតាបស្ពាយ ជាលេសចូលសាលាតែវាតែងតែយល់ព្រមគេចសាលាជាមួយខ្ញុំដោយគ្មានចេញស្តីមួយម៉ាត់ ទុកឲ្យខ្ញុំបានចិត្តយកវាចេញទៅជាមួយដែរ។ ខ្ញុំចេញវឹងទាំងមិនមើលមុខគាត់។ មិនមែនខ្ញុំអ្នកចង់ទៅ តែគាត់ជាអ្នកដេញខ្ញុំ។

«ម៉ែវាមើលកូនប្រុសចុះ! ឯងប្រដៅវាយ៉ាងម៉េច ទើបវាក្លាយទៅជាបែបនេះ?» សម្ដីល្វើយៗដែលខ្ញុំបានឮមុននឹងចេញផុតពីផ្ទះ។ ខ្ញុំដឹងថាម៉ាក់នឹងនិយាយអ្វីមិនចេញ ហើយដូចរាល់ដង គឺគាត់សុខចិត្តស្រក់ទឹកភ្នែកទុកឲ្យប៉ាឡូឡាមួម៉ៅម្នាក់គាត់ឲ្យអស់ចិត្ត។ ខ្ញុំទើបអាយុ១៤ឆ្នាំប៉ុណ្ណោះ ពុកថាខ្ញុំចោលម្សៀត តើចង់ឲ្យខ្ញុំបានម្សៀតយ៉ាងម៉េចទៅ? គាត់ថាខ្ញុំចោលម្សៀតនោះគឺត្រឹមត្រូវណាស់។ ខ្ញុំជាសិស្សថ្នាក់ទី៨នៅអនុវិទ្យាល័យ។ តាំងពីចូលកងវិញ ខ្ញុំវក់នឹងការលេងហ្គេម ចូលបារច្រៀងរាំ និងប្រើប្រាស់គ្រឿងញៀនតាមមិត្តភក្តិ។ វាជារសជាតិពិសេសសម្រាប់ខ្ញុំ។ ខ្ញុំសប្បាយណាស់។ គ្មានការដាក់សំពាធដូចនៅសាលា និងនៅផ្ទះគួរឲ្យធុញទ្រាន់ឡើយ។ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី អ្វីៗក៏ផ្លាស់ប្តូរ។ ប្តូរកាន់តែអាក្រក់ទៅៗសម្រាប់គ្រួសារយើង។ តាំងពីបងស្រីរត់ចេញពីផ្ទះគ្មានដំណឹងសូន្យឈឹងព្រោះតែប៉ាម៉ាក់មិនអនុញ្ញាតឲ្យគាត់ទាក់ទងសង្សារ ដែលពួកគាត់គិតថាជាប្រុសហេងសូយ។ ប៉ាម៉ាក់ខំស្វះស្វែងរកគាត់គ្រប់ខេត្តក្រុង។ ប៉ាម៉ាក់ចាប់ផ្តើមដាក់កំហិតលើខ្ញុំគ្រប់បែបយ៉ាងតាំងពីការរាប់មិត្ត កិច្ចការសាលាដែលពីមុនពួកគាត់មិនបានយកចិត្តទុកដាក់សោះឡើយក្រៅពីមុខរបររកស៊ីធ្វើការគាត់ប៉ុណ្ណោះ។ ខ្ញុំបានស្តាប់ឮរឿងមួយដោយចៃដន្យ ម៉ាក់ខឹងប៉ាខ្លាំងណាស់។ ប៉ាបែកឆ្វេងមានស្រីកំណាន់។ គាត់សុំទោសម៉ាក់ថាគាត់លែងប្រព្រឹត្តរឿងនោះតទៅទៀតហើយ។ គាត់នឹងឈប់ទាក់ទងស្រីក្មេងនោះ។ ខ្ញុំឮហើយខឹងជំនួសម៉ាក់ ក៏ខ្មាសគេដែរ។ ខ្មាសញាតិ និងមិត្តភក្តិខ្ញុំ បើពួកគេដឹងនឹងសើចចំអកឡកឡឺយឲ្យខ្ញុំមិនខាន។ រឿងរ៉ាវគ្រួសារ ហើយនឹងការធុញទ្រាំផ្សេងៗធ្វើឲ្យខ្ញុំធ្លាក់ចូលក្នុងការអូសទាញ ទៅផ្លូវមួយដោយមិនដឹងខ្លួន។ ផ្លូវដែលលែងចង់ធ្វើអ្វីក្រៅតែពីចង់សប្បាយ។ សប្បាយូរជ្រុលខ្លួន។ ទម្រាំប៉ាម៉ាក់ដឹងខ្ញុំជាក្មេងគេចសាលា អវត្តមានរាប់សិបដងដែលខ្ញុំចេះតែដាក់លេខទូរសព្ទបង្វែរដានគ្រូ រហូតដល់នាយិកាស្រាវជ្រាវរកឃើញលេខទាក់ទងទៅអាណាព្យាបាល។ ល្មមដឹង ខ្ញុំជាក្មេងកំពុងញៀនថ្នាំ។

ខ្ញុំចេញពីផ្ទះដោយគ្មានអាល័យអ្វីអីបន្តិច មិនយករបស់អ្វីក្រៅពីឯកសណ្ឋានសិស្សអ៊ុតភ្លីរលោងស្រិល និងកាតាបស្ពាយដែលមានតែសៀវភៅមួយក្បាល និងប៊ិចមួយដើមនោះឡើយ។ ខ្ញុំគិតថានឹងចាកចេញជារៀងរហូត មិនចង់ចូលផ្ទះជួបមុខប៉ាម៉ាក់ឲ្យគាត់ស្តីបន្ទោសឬដាក់ទណ្ឌកម្មអ្វីមកលើខ្ញុំឡើយ។ សាលាក៏ខ្ញុំលែងចង់ចូលដែរ ជ្រុលតែមានឈ្មោះក្នុងបញ្ជីខ្មៅក្នុងថ្នាក់រៀនប៉ុណ្ណេះហើយ។ ខ្ញុំទៅរកមិត្ត។ គេណែនាំខ្ញុំឲ្យស្គាល់ពួកបងធំកាន់តែច្បាស់។ ខ្ញុំចេះទាក់ទង និងលក់គ្រឿងញៀនចែកចាយទៅតាមខេត្តក្រុងផ្សេងៗ។ ឲ្យតែមានលុយយើងអាចធ្វើអ្វីបានគ្រប់យ៉ាង។ ខ្ញុំមានជីវិតហ៊ឺហារដែលបន្តឲ្យក្មេងៗសិស្សសាលាជាច្រើនញៀនថ្នាំដូចខ្ញុំដែរ។ ខ្ញុំមានគ្នា មានបក្សពួក និងសាខាកាន់តែច្រើន គ្មានសមត្ថកិច្ចឯណាមកបង្ក្រាបពួកយើងបានឡើយព្រោះពួកគេក៏ទទួលផលប្រយោជន៍ពីយើងដែរ។ ពួកយើងពិតជារស់នៅដោយសុខសន្តិភាពល្អណាស់។ ខ្ញុំផ្លាស់ប្តូរសង្សារដូចខោអាវព្រោះតែរូបសង្ហា និងទឹកប្រាក់ដែលខ្ញុំមាន។ គ្មានការឧបត្ថមពីប៉ាម៉ាក់ ខ្ញុំក៏អាចរស់បានយ៉ាងស្រួល។ ប្រាំឆ្នាំកន្លងទៅ ខ្ញុំមិនដែលទៅអើតផ្ទះសូម្បីម្តង។ ខ្ញុំរីករាយណាស់បើនឹកថាពួកគាត់បារម្ភពីខ្ញុំដល់ថ្នាក់គាត់ឈឺខ្លួនឯង។ វាជាបំណងរបស់ខ្ញុំ។ ប្រហែលជាគាត់គិតដល់ខ្ញុំដូចកាលគិតពីបងស្រីហើយ។ គាត់កាន់តែឈឺចាប់ ខ្ញុំកាន់តែសមនៃការសងសឹកមកទំហំចិត្តរបស់ខ្ញុំដែលស្អប់គាត់ប៉ុណ្ណោះដែរ។ ខ្ញុំមិនដឹងខ្លួនសោះថាខ្ញុំគុំកួនពួកគាត់តាំងពីពេលណាដែរ។

ថ្មីៗនេះ ការផ្លាស់ប្តូរចៅហ្វាយក្រុងថ្មី មានការប៉ះពាល់ច្រើនដល់ក្រុមយើង។ គេបង្ក្រាបកន្លែងលក់ថ្នាំតូចៗ ប៉ុន្តែកន្លែងធំៗនៅតែមានសុវត្ថិភាព។ កន្លែងតូចៗដូចជាពួកខ្ញុំចែកចាយ ត្រូវបានគេចាប់រឹបអូសយកទៅដុត ចាក់បញ្ចាំងតាមទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ ទោះថាយើងចាំមើលចៅហ្វាយក្រុងថ្មីធ្វើបានប៉ុនណា ដល់ពេលណាថាគ្រាន់តែដើម្បីបង្ហាញស្នាដៃជូនប្រជាជន ឬពិតជាធ្វើដោយស្មោះត្រង់ស្រលាញ់ជួយជាតិនោះ ខ្ញុំមិនដឹងទេ យើងចាំមើលបន្តទៀត ដឹងតែថាពេលនេះខ្ញុំអស់កន្លែងជ្រក ត្រូវផ្អាករបរនេះមួយរយៈ ហើយរត់គេចពួនយករួចខ្លួនសិន។ ខ្ញុំគ្មានលុយ និងលំនៅច្បាស់លាស់ទេ។ មិត្តដែលធ្លាប់រាប់អាន បងធំដែលធ្លាប់ស៊ីផឹកជាមួយគ្នា បើខ្ញុំគ្មានថ្នាំឲ្យគេ បើខ្ញុំលែងមានប្រយោជន៍ សូម្បីបាយមួយពេលក៏ពិបាករកដែរ។ ខ្ញុំចាប់ផ្តើមវិលវល់ក្នុងសង្គមដែលមានតែក្បាលមួយ។ ខ្ញុំចាប់ផ្តើមនឹកដល់គ្រួសារជាលើកដំបូង គ្រួសារដែលធ្លាប់កក់ក្តៅ។ ពេលកូរពោះ នឹកដល់ម្ហូបដែលម៉ាក់ធ្លាប់ចម្អិន។ ប៉ាដែលធ្លាប់ឆែកសៀវភៅតាមដាន ថ្នាក់ថ្នមញឹកញាប់  ពេលខ្លះគាត់លើកទឹកចិត្ត ពេលខ្លះក៏បន្ទោស ហើយការបន្ទោសច្រើនជាងព្រោះគាត់ជាមនុស្សមានមុខមាត់ក្នុងសង្គម គាត់ចង់ឲ្យតែបានល្អ បានពិន្ទុខ្ពស់ទោះត្រូវសូកគ្រូក៏ដោយ។ ខ្ញុំសម្រេចយ៉ាងណាក៏មិនចូលផ្ទះ មិនពឹងពាក់គាត់ដែរ។ ខ្ញុំមិនចង់ឲ្យគាត់រឹតតែមើលងាយខ្ញុំទេ ពិសេសប៉ា។ ខ្ញុំចាប់ស្តាយក្រោយ​ពេលមានប្រាក់ចាយ ខ្ញុំមិនចេះទុកឬជួយអ្នកណាក្រៅពីបំផ្លាញសុខភាពគេ បបួលគេឲ្យញៀនថ្នាំ។ ខ្ញុំអត់ថ្នាំមិនបាន ធ្វើអ្វីមិនកើតខ្ញុំគិតតែពីចង់បានថ្នាំ។ ខ្ញុំមិនដឹងថាខ្ញុំបានញៀនដល់កម្រិតណាទេ ខ្ញុំដឹងតែថាខ្ញុំត្រូវការវា។ ខ្ញុំអស់ផ្លូវ ត្រូវបានគេបបួលដើរ លួច ឆក់ ប្លន់ដើម្បីអាចបានទិញថ្នាំទៀត។ ទោះយ៉ាងណាលុយដែលបានមកនៅតែមិនគ្រប់គ្រាន់តាមតម្រូវការថ្នាំដែលខ្ញុំត្រូវការឡើយ។ បន្តិចម្តងៗខ្ញុំកាត់បន្ថយវាព្រោះតែលុយមិនគ្រប់។ ដំបូងខ្ញុំគ្រាន់តែជាអ្នកចាំយករបស់ទៅលក់បន្ត តែក្រោយមកខ្ញុំត្រូវគេឲ្យរៀនចេញដើរ។ វាមិនពិបាកទេ មើលតែគេមានរបស់ជាប់ខ្លួនអាចឆក់បានគឺឆក់ ហើយលើទីតាំងមានសុវត្ថិភាព។ របស់ណាម្ចាស់ធ្វែសប្រហែស យើងជិះកាត់ មានឱកាសលួច យើងលួច។ ខ្ញុំឃើញសភាពវេទនាជាច្រើននៃទឹកភ្នែក អ្នកដួលម៉ូតូ, អ្នកដួលបោកក្បាល…។ យករបស់គេដែលមិនមែនជារបស់ខ្លួន វាមិនមែនជាអ្វីដែលខ្ញុំចង់ធ្វើប៉ុន្មានទេ តែវាទាល់។ ខ្ញុំជាអ្នកបញ្ជាចង្កូត ខ្ញុំគ្រាន់តែចាប់ផ្តើមជិះអែបៗ រៀនមើល រៀនធ្វើ ខ្ញុំហាក់មិនអាចធ្វើបានបើឲ្យខ្ញុំទៅកញ្ឆក់គេបែបនោះ។ ខ្ញុំចូលចិត្តសប្បាយ តែខ្ញុំគ្មានភាពក្លាហានសប្បាយនឹងទឹកភ្នែកគេស្រស់ៗយ៉ាងនេះទេ ម្យ៉ាងខ្ញុំខ្លាចនឹងឃើញឈាម។ ដេកយប់ខ្ញុំយល់សប្តឃើញតែឈាមពេលឆក់គេដួលពីលើម៉ូតូ។ គ្មានថ្ងៃណាដែលខ្ញុំដេកស្រួលទោះបានប្រើថ្នាំក៏ដោយ។ ខ្ញុំសុំគេឈប់ដោយមិនចង់ធ្វើអំពើទាំងនោះ តែពួកវា បានដៃជើងប៉ុណ្ណេះហើយវាមិនឲ្យខ្ញុំទៅដោយស្រួលឡើយ។ សតិសម្បជញ្ញៈចង្រៃ វាទើបតែមកដាស់ខ្ញុំថា «វាបំផ្លាញអ្នកដទៃ» ខ្ញុំពិតជាធ្វើមិនបានពិតមែន ខ្ញុំសុខចិត្តចូលស៊ីបាយគុកក៏មិនទៅតោងឆក់កាបូប ខ្សែដៃ ខ្សែកគេ ឲ្យដួលបែកក្បាលនឹងថ្នល់ដែរ។ ពេលនោះអាខួរក្បាលចង្រៃក៏ប្រាប់ខ្ញុំជាបន្តបន្ទាប់ថា ការលក់ថ្នាំនោះគឺកំពូលបំផ្លាញសុខភាពដូចដែលខ្ញុំធ្វើទុកម្តងៗ ចង់រស់ចង់ស្លាប់ពេលគ្មានថ្នាំអ៊ីចឹង។ វាបំផ្លាញអនាគតក្មេងៗ វាបំផ្លាញទំពាំងស្នងឫស្សី វាបំផ្លាញជាតិធំធេងណាស់។ ហេតុអ្វីយូរហើយ សតិសម្បជញ្ញៈវាមិនមករំលឹកខ្ញុំពីដំបូង? ពួកអានោះដល់តែវាឃើញខ្ញុំធ្វើសឺកៗមិន​ទៅមុខ បើកមិនទៅមុខ ដល់វាឮខ្ញុំថាអស់ជម្រើសចូលគុក វាអស់អីនិយាយ វាក៏ព្រមលែងខ្ញុំ មិនអុកឡុកជីវិតខ្ញុំហើយព្រមដោះលែងខ្ញុំឲ្យចេញពីពួកវា។ ខ្ញុំរកបានការងារស្រួលៗដោយគ្មានគេដឹងពីប្រវត្តិពិត។ ខ្ញុំជាអ្នកអូសអីវ៉ាន់ក្នុងផ្សារ។ អ្នកញៀនថ្នាំដូចខ្ញុំមិនស្គម មិនស្លេកស្លាំងដូចអ្នកខ្លះទេ ខ្ញុំមានសាច់ណាស់។ សាច់ឈាមដូចកូនអ្នកមានស្តុកស្តម្ភមិនសមមកអូសរទេះនៅផ្សារសោះ ជាអ្វីដែលអតិថិជនប្រាប់ខ្ញុំ។ ខ្ញុំប្តេជ្ញាឈប់ប្រើថ្នាំទោះធ្វើទុក្ខយ៉ាងណាក៏ដោយ។ ខ្ញុំខំធ្វើការ ធ្វើឲ្យខ្លួនរវល់ កាន់តែរវល់ខ្ញុំកាន់តែអាចបំភ្លេចរឿងចាស់មិនឲ្យខ្ញុំគិតច្រើន។ ខ្ញុំខំហូបបាយសម្ល ហូបផ្លែឈើឲ្យមានកម្លាំង អ្វីក៏ខ្ញុំហូបបានដែរ។ ខ្ញុំចូលចិត្តបបរគ្រឿង គ្រឿងក្នុង។ ធ្វើការបែកញើសរាល់ថ្ងៃស្រួលខ្លួនណាស់​ កាន់តែធ្វើការ កាន់តែអូសរបស់ធ្ងន់ កាន់តែបែកញើស ជាតិថ្នាំដែលនៅក្នុងខ្លួនកាន់តែបញ្ចេញមកខាងក្រៅ។ ខ្ញុំរៀនបានមេរៀនមួយថា អ្វីក៏ដោយឲ្យតែយើងចង់ធ្វើ ដាក់ចិត្តថាធ្វើ យើងពិតជាអាចធ្វើបាន ហើយកុំបន្ទោសថាគេជាអ្នកអូសទាញ ប្រសិនបើខ្លួនមិនបណ្តោយដែរនោះ។ ខ្ញុំរៀនយល់ពីខ្លួនឯងពីមុន និងពេលនេះ កាន់តែមិនអាចបន្ទោសអ្នកណា។ អ្នកផ្សារស្គាល់ខ្ញុំស្ទើរតែគ្រប់គ្នា។ ពួកគេចូលចិត្ត និងអាណិតខ្ញុំណាស់ព្រោះខ្ញុំប្រាប់គេថា ខ្ញុំគ្រាន់តែជាក្មេងកំព្រា។ ខ្ញុំមិនមែនកុហកទេ ខ្ញុំហៅខ្លួនឯងកំព្រា ព្រោះពេលនេះខ្ញុំមានតែម្នាក់ឯង ហើយមិនមែនមកពីឪពុកម្តាយបោះបង់ឬព្រាត់ប្រាសស្លាប់អីទេ គឺខ្លួនឯងជាអ្នកបោះបង់ពួកគាត់ទៅវិញ តែខ្ញុំក៏មិនចាំបាច់ពន្យល់ហេតុផលទៅអ្នកណាដែរ។ ក្រៅពីអាហារបីពេលរួចខ្ញុំធ្វើការរហូត មិនថាបានលុយឬមិនបានលុយគឺខ្ញុំធ្វើទាំងអស់ដោយមិនចង់ទំនេរដៃឡើយលើកលែងតែពេលដេក។ ខ្ញុំជួយយកអាសារមនុស្សគ្រប់គ្នា។ ខ្ញុំមិនខ្វះបាយហូប ម្ហូបញ៉ាំ បង្អែមលាងមាត់ រាប់ទាំងកាត់សក់កាត់ក្រចក ខោអាវជជុះស្លៀកពាក់ និងកន្លែងស្នាក់នៅ។ ខ្ញុំមិននឹកស្មានថាការងារនេះអាចឲ្យខ្ញុំសន្សំលុយដាក់ធនាគាររាល់ខែជាប្រាក់រៀល។ មួយពាន់រៀល ពីរពាន់រៀល មួយម៉ឺនរៀល និងប្រាក់បន្ថែមដែលគេនិយមហៅថាលុយធីបបានច្រើនគួរសម។ គ្រប់ប្រាក់រៀលតិតក់ៗ ខ្ញុំរកបានល្មមចាយមួយថ្ងៃៗ ឬអាចថាគ្រាន់បើណាស់ព្រោះតែខ្ញុំមិនដែលចំណាយសម្រាប់បាយទឹក នំចំណី ខោអាវ ស្បែកជើងឬចូលរួមក្នុងវិធីអ្វីឡើយ គ្រប់យ៉ាងដែលខ្ញុំមានសុទ្ធតែដោះដូរនឹងការខំធ្វើការឲ្យគេ។ ខ្ញុំនឹងសន្សំវាដើម្បីជាប្រយោជន៍។ ជារឿយៗពេលអ្នកផ្សារគេប្រមូលទៅកឋិន ទៅបុណ្យផ្កា ខ្ញុំចូលលុយតិចតួចមិនដែលដាច់ដោយអារម្មណ៍ជ្រះថ្លា។ គួរឲ្យអស់សំណើចណាស់ ពេលមានដុល្លាពេញដៃ ខ្ញុំខ្ជះខ្ជាយ មិនចេះសន្សំ។ នោះប្រហែលជាពីមុនលុយងាយបានពេក ឬកាលនោះខ្ញុំក្មេងពេក។ វាង្រៀនមេរៀនមួយទៀតឲ្យខ្ញុំស្គាល់តម្លៃលុយពីតិចទៅច្រើន បើគ្មានមួយរយរៀលទេ ក៏គ្មានមួយលានរៀលបានដែរ។ អ្វីៗជាការចាប់ផ្តើម ចង់បានច្រើន ត្រូវចេះរកពីតិចៗមកទុកទើបបាន រកបានដោយញើសឈាមទើបទទួលអារម្មណ៍ថារបស់នោះមានតម្លៃទោះតិចក្តីច្រើនក្តី។ ធ្វើការទីនេះគោលបំណងទីមួយគឺការបញ្ចេញកម្លាំងឲ្យចេញញើស វាជួយមិនឲ្យខ្ញុំចង់ថ្នាំ។ ទីពីរខ្ញុំចង់ដាក់ទណ្ឌកម្មខ្លួនឯងឲ្យរវល់ រវល់ជួយអ្នកដទៃឲ្យបានធូរស្រាលក៏សម រវល់ឲ្យស្លាប់ចុះព្រោះរស់នៅក៏ដូចជាគ្រាន់តែកំដរផែនដីវិល ហួសតែថ្ងៃខែឆ្នាំតែជីវិតហាក់គ្មានន័យអ្វីសម្រាប់ខ្ញុំ។ ខ្ញុំមិនដែលដាក់ថ្លៃឲ្យភ្ញៀវខ្ញុំទេ ស្រេចតែគេឲ្យប៉ុនណាក៏យក ជំពាក់ក៏ខ្ញុំមិនទារ។ អ្នកណាក៏គេចង់បានខ្ញុំឲ្យធ្វើការឲ្យគេដែរ។ ខ្ញុំឈ្លក់នឹងកាងារ ជាជាងឈ្លក់នឹងតម្រូវការសង្គម ពិសេសស្នាមញញឹមរបស់ភ្ញៀវធ្វើឲ្យខ្ញុំមានអារម្មណ៍ម៉្យាងថាខ្លួនឯងមានប្រយោជន៍ដែលនៅរស់។ អូសអីវ៉ាន់ លើកដាក់ បោសលាង ភាពឧស្សាហ៍ទាំងនេះធ្វើឲ្យអ្នកផ្សារបង្អាប់ខ្ញុំលេងចង់បានជាកូនប្រសារ។ ពួកគាត់ខ្លះចង់លើកកូនក្រមុំឲ្យខ្ញុំ។ ដើរកាត់តូបមួយៗ មិនតិចជាងបីតូបទេដែលខ្ញុំក៏ហៅគាត់លេងវិញថា​ ម៉ែក្មេកៗ។ និយាយទៅហៅម៉ែឪក្មេកពេញផ្សារ។ ខ្ញុំក្រគ្មានទាំងផ្ទះបែបនេះហេតុអ្វីបានគេចង់លើកកូនឲ្យ អាចជាការនិយាយលេងផង ឬមួយថាខ្ញុំមានចំណុចពិសេសមួយទៀតក្រៅពីធ្វើការមិនចេះនឿយហត់ ឧស្សាហ៍ព្យាយាម មិននិយាយច្រើន ទឹកមុខញញឹមរួសរាយ និងសង្ហាហើយនោះ គឺខ្ញុំអាចនិយាយភាសាចិន និងអង់គ្លេសបានយ៉ាងល្អទៀតផង។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំរៀនបានមេរៀនកាន់តែច្រើនដែលគ្មាននៅក្នុងសាលា។ ខ្ញុំចាប់ផ្តើមរីករាយនឹងអំពើល្អបន្តិចៗដែលខ្ញុំបានធ្វើ។ ជួយឆ្លងថ្នល់ក្មេងៗ ជួយអូសម៉ូតូគេពេលទឹកលិច ជួយកាយលូពេលស្ទះ និងជួយធ្វើចរាចរណ៍ពេលល្ងាចជាចំណង់ចំណូលចិត្តរបស់ខ្ញុំ​ រួចហើយជួយឈូសទឹកកក និងហូបបង្អែមត្នោតដែលខ្ញុំចូលចិត្ត។

ពេលស្ទះចរាចរណ៍ថ្ងៃមួយអ្នកដំណើរឈប់កកតគ្នាមិនអាចទៅមុខបាន

ចោរ ចោរ!

ខ្ញុំក្រឡេកឃើញ ខ្ញុំបញ្ចប់ការផ្អាកជួយសម្រួលចរាចរណ៍របស់បងៗពូៗប៉ូលិស ខ្ញុំរត់ទៅជួយចាប់ចោរ។ ខ្សែកអ៊ំស្រី និងកាបូបត្រូវខ្ញុំនាំយកមកជូនគាត់វិញ។ គាត់សប្បាយចិត្តណាស់ គាត់អរគុណខ្ញុំអស់ពីពោះពីពុងរួចហើយរាប់ និងដកលុយខ្លះពីកាបូបនោះឲ្យមកខ្ញុំ តែខ្ញុំបដិសេដភ្លាមៗ។ ខ្ញុំទទួលបានក្តីសុខបំផុតដោយឃើញស្នាមញញឹមស្រោចស្រង់មកវិញ។ យើងប្រហែលមិនដឹងទេថាអារម្មណ៍ដែលអាចជួយសង្គ្រោះអ្នកដទៃ វាមានមោទកភាពប៉ុនណាដល់ខ្លួនយើង លុះទាល់តែដល់ពេលបានធ្វើទើបដឹង។ មើលទៅក្នុងកាបូបនោះជាសាច់ប្រាក់ដែលគាត់រកបានដោយលំបាកហើយ។ ជារឿយៗខ្ញុំតាមជួយចាប់ចោរ តែខ្ញុំមិនដាច់ចិត្តចាប់ពួកវាឲ្យទៅប៉ូលិសសោះ។ ខ្ញុំយកតែរបស់គេមកវិញគឺគ្រប់គ្រាន់ហើយ បានត្រឹមគំរាមពួកវាកុំឲ្យមកទៀតប៉ុណ្ណោះ។ ម្តុំផ្លូវកែងស្តុបផ្សារដើមគតែងមានអំពើលួចឆក់ជារឿយៗ។ លើកនេះក្រុមចោរមានគ្នាច្រើន ដោយហេតុខ្ញុំតែងដោះលែងពួកវា ធ្វើឲ្យពួកវាគុំកួនខ្ញុំ និងធ្វើឲ្យបានចិត្ត។ ពួកវាបញ្ឆោតខ្ញុំឲ្យចូលផ្លូវឌឿងហែមមួយកន្លែង។ វាបានសំពោងខ្ញុំយ៉ាងចាស់ដៃ។

«យឹស អ្នកក្លាហានហ្អាស! ក្លាហានទៀតទៅហ្អែង! អាណាមិនល្បីឈ្មោះអ្នកក្លាហាន រកតែពួកអញ្ញធ្វើការរកស៊ីអីមិនកើត»។ ខ្ញុំបានត្រឹមតែស្តាប់ឮ និងទទួលរងទម្ងន់ជើងពួកវាដោយមិនអាចតបតអ្វីបាន។ «លើកក្រោយ កុំចេះដឹងរឿងគេ!» ខ្ញុំត្រូវគេវាយងើបស្ទើរមិនរួចតែខ្ញុំនៅអាចសើចឌឺដាក់ពួកវា។ ខ្ញុំដូចជារីករាយពេលមានឈាមខ្លះចេញពីរាងកាយ ហើយខ្ញុំក៏មិនខ្វល់ពីជីវិតតែលតោលមួយនេះដែរ។ បើពួកវាចង់ប្រល័យភ្លាមៗនោះ កាន់តែល្អ។

«នេះមួយជើងទៀត។ សើចចំអកអញទៀត»។ ក្រុមបងៗប៉ូលិសទើបមកដល់

«ប៉ូលិសមកហើយ រត់ពួកយើង!»។

ខ្ញុំស្រវាំងភ្នែក។ បើកភ្នែកឡើង ខ្ញុំដឹងថាកំពុងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ អ្នកផ្សារ និងប៉ូលិសក្នុងសង្កាត់បានរៃលុយគ្នាចេញថ្លៃពេទ្យឲ្យ។ អ្នកលក់ពងទាកូន អ្នកលក់ទឹកក្រឡុក អ្នកលក់សាច់កាប់ អ្នកលក់មាន់អាំង អ្នកលក់បង្អែម ឆ្លាស់គ្នាមកមើលខ្ញុំ។ ទឹកភ្នែកខ្ញុំស្រក់ព្រោះរំភើបចិត្តពេក។ ស្អែកឡើងអ្នកលក់ចេក អ្នកលក់អង្ករ…ញាតិមិត្តអ្នកផ្សារមកមើលខ្ញុំ។ ពួកគេតែងឆ្លាស់គ្នាចង់ដឹងពីសុខទុក្ខខ្ញុំទាំងដែលខ្ញុំមិនបានខ្វល់ពីជីវិតខ្លួនឯងក្រៅពីធ្វើការ ធ្វើការ។ ចរិយាជាកូនអ្នកលក់ខោអាវជជុះដែលតែងផ្តល់ការស្លៀកពាក់ឲ្យខ្ញុំបានសមសួនណាស់។ នាងចូលមកបញ្ចុកបបរខ្ញុំ ព្រោះដៃខ្ញុំនៅហើម តែខ្ញុំជឿថានៅតែអាចធ្វើខ្លួនឯងបាន។ ពេលនេះខ្ញុំព្រមហាមាត់ទទួលពីនាង។ ខ្ញុំលួចគយគន់នាង។ នាងស្អាតណាស់ ចរិតសោតក៏ល្អតែខ្ញុំមិនដែលហ៊ានគិតប្រាថ្នាបុប្ផាមួយទងនេះឡើយព្រោះមិនដឹងថាអនាគតខ្ញុំនឹងចប់ត្រឹមណា។

«បងហូបទៅបង! ពូមីងលក់បបរផ្ញើឲ្យបង។ ហើយនេះបង្អែមចេកខ្ទិះដែលបងចូលចិត្តបន្ទាប់ពីបង្អែមត្នោត។ មីងលក់បង្អែមផ្ញើមកដែរ គាត់ថាពីថ្ងៃនេះអត់មានត្នោតទេ មេឃភ្លៀងរអិលគ្មានអ្នកឡើងដើមត្នោតទេ»។ ទឹកមុខចរិយា ហាក់បារម្ភពីខ្ញុំខ្លាំងដែលធ្វើឲ្យខ្ញុំទទួលអារម្មណ៍កក់ក្តៅជាពន់ពេកដែលក្រៅពីម្តាយខ្ញុំ នាងជានារីទីមួយហើយធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះ។ ខ្ញុំស្រាប់តែនឹកម៉ាក់ណាស់។ ដេកពីយប់ ព្រឹកបន្ទាប់ ខ្ញុំសុំពេទ្យចេញមុនទោះពេទ្យឲ្យស្នាក់នៅពីរថ្ងៃទៀតក៏ដោយ ហើយទោះថ្លៃព្យាបាលត្រូវចេញទាំងស្រុងពីអ្នកផ្សាររួមគ្នា ក៏ខ្ញុំមិនត្រូវទម្រន់ដែរ បើខ្ញុំពេលនេះអាចដើរបាន ហូបបាន និយាយបាន។ ខ្ញុំមិនចង់ឲ្យថ្លៃចំណាយកើនឡើងទ្វេទេ។ ឆ្លងកាត់រឿងនេះ ខ្ញុំចាប់ផ្តើមចេះស្រលាញ់ខ្លួនឯងតិចតួច និងចេះមើលថែខ្លួនឯងខ្លះ បើមិនចង់ឲ្យអ្នកដទៃមកលំបាកដោយសារខ្លួន។ ខ្ញុំគិតថា ខ្ញុំអាចធ្វើប្រយោជន៍ច្រើនទៀតជូនបងប្អូនដែលរាប់អានខ្ញុំដោយស្មោះ ពិសេសអ្នកផ្សារដើមគរ។ ខ្ញុំនឹងជួយយកអាសាអ្នកគ្រប់គ្នាឲ្យអស់ពីចិត្ត។ ការជួយអ្នកដទៃ ធ្វើឲ្យខ្ញុំមានក្តីសុខ កាន់តែជួយគេ ខ្ញុំកាន់តែស្គាល់ខ្លួនឯង។ ខ្ញុំសន្យាក្នុងចិត្តថា នឹងបន្តរក្សាការពារសុខសុវត្ថិភាព អ្នកទិញ និងអ្នកលក់ពីការលួចឆក់ក្នុងផ្សារ និងក្នុងតំបន់នេះតាមដែលខ្ញុំអាចធ្វើបានឲ្យអស់ពីលទ្ធភាពដើម្បីជាការតបស្នងដែលខ្ញុំរៀនចេះមេរៀនជីវិតរាប់មិនអស់នៅទីនេះ។ ខ្ញុំស្រាប់តែគិតឃើញរឿងមួយដោយវិប្បត្តិសារី« ខ្ញុំមានតែកម្លាំងមិនគ្រប់គ្រាន់ទេ បើខ្ញុំមានទាំងចំនេះទៀតកាន់តែប្រសើរ»។ ខ្ញុំនឹកស្តាយដែលខ្ញុំបោះបង់ការសិក្សា​ ខាតអស់ពេលវេលាគ្មានប្រយោជន៍​ តែខ្ញុំក៏មានសង្ឃឹមមួយថាការភ្ញាក់ដឹងខ្លួនជាឱកាស ខ្ញុំត្រូវតែរកវិធីដើម្បីស្រោចស្រង់ឲ្យខ្លួនឯងបានរៀនសូត្រជាថ្មី ទើបអាចជួយអ្នកដែលខ្ញុំចង់ជួយបានកាន់តែមានប្រសិទ្ធភាព។ មិននឹកស្មានថាការជួយគេ វាជួយឲ្យខ្ញុំមានថាមពលក្នុងខ្លួនយ៉ាងនេះសោះ។ ដើរចេញពីពេទ្យយឺតៗ ខ្ញុំទទួលអារម្មណ៍ប្លែកៗពីជីវិត ពីការសម្លឹងមើលអ្នកជំងឺចេញចូលៗ គ្រូពេទ្យរត់ទៅមកៗ។ ខ្ញុំតាមមើលស្ត្រីមានផ្ទៃពោះបញ្ជូនមកដល់ពេទ្យដោយសាច់ញាតិបងប្អូនគេ។ សំឡេងស្រែកថ្ងូរពេលឈឺពោះ ធ្វើឲ្យខ្ញុំកាន់តែនឹកដល់ម៉ាក់ព្រោះខ្ញុំក៏ធ្លាប់ស្នាក់នៅក្នុងពោះម្តាយ៩ខែជាងដែរ តែខ្ញុំបែរជាក្លាយជាកូនមិនល្អ ធ្វើឲ្យម៉ែពិបាកចិត្ត។ តើម្តាយខ្ញុំឈឺអ៊ីចឹងឬពេលកើតខ្ញុំ។ កូននឹកម៉ាក់ខ្លាំងណាស់។ ខ្ញុំមិនចាំអ្វីទាំងអស់ ខ្ញុំភ្លេចអស់ក្តីស្រលាញ់ដែលខ្ញុំធ្លាប់ទទួលពីគាត់។ ខ្ញុំឃើញអ្នករបួសដកដង្ហើមចង្រិតជិតដាច់ខ្យល់ ញាតិមិត្តយំសោក។ ខ្ញុំប្រញាប់បោះជំហានទៅមុខឲ្យលឿនជាងមុន ឆាប់ឲ្យផុតពីទុក្ខវេទនាដែលភ្នែកបានឃើញ ឲ្យរួចពីត្រចៀកឮនូវសំឡេងស្រែកយំ។ ស្រាប់តែអ្នកដែលខ្ញុំឃើញបន្ទាប់គឺជាម៉ាក់។

«ពុទ្ធោម៉ាក់ នោះជាម៉ាក់ខ្ញុំទេតើ! តើម៉ាក់គាត់កើតអី?» ឡានសង្គ្រោះបន្ទាន់ដឹកម៉ាក់មក។ បងស្រីខ្ញុំក៏មកជាមួយដែរ។ ចុះប៉ានៅឯណា? ឬគាត់មានថ្មីចុះចោលម៉ាក់ហើយ? ឬគាត់រវល់ការងារដូចពីមុនទើបមិនបានជូនម៉ាក់មកពេទ្យ។ ខ្ញុំបញ្ចប់ជំហានហើយវិលថយក្រោយ ដើម្បីបានមើល។ ខ្ញុំចង់ដឹងថាម៉ាក់កើតអី? ខ្ញុំតាមមើលរហូតដឹងថាគាត់នៅបន្ទប់មួយ។ ម៉ាក់ក្រឡេកឃើញខ្ញុំតាមមាត់បង្អួចហើយស្រែកហៅឈ្មោះខ្ញុំ តែខ្ញុំគេចលឿនណាស់ធ្វើឲ្យបងស្រីប្រញាប់អើតចេញតាមមើលតែគ្មានឃើញស្រមោលខ្ញុំនៅខាងក្រៅទេ ទើបគាត់ប្រាប់ម៉ាក់ថា នេះមកពីគាត់នឹកដល់ខ្ញុំពេក។ ខ្ញុំទៅស៊ើបសួរពេទ្យពីម៉ាក់ដោយប្រាប់ថាជាសាច់ញាតិ។ ម៉ាក់មានជំងឺលើសឈាម គាត់ខ្សោយដួលក្នុងបន្ទប់ទឹក បើជូនមកពេទ្យមិនទាន់ទេ មិនដឹងយ៉ាងម៉េចហើយទេ។ ឯប៉ាមកដល់តាមក្រោយ ក្រោយពីស្ថានភាពជំងឺបានធូរស្រាល។ ខ្ញុំឃើញប៉ាបារម្ភពីម៉ាក់ខ្លាំង ខ្ញុំធូរចិត្តណាស់ បញ្ជាក់ថាប៉ានៅតែស្រលាញ់ម៉ាក់។ ខ្ញុំនៅតាមដានជាប់ គ្រាន់តែគ្មានភាពក្លាហានបង្ហាញមុខ។ មកដល់ពេលនេះខ្ញុំបែកពីពួកគាត់៧ឆ្នាំហើយ។ ម៉ាក់ត្រលប់ទៅផ្ទះវិញបន្ទាប់ពីស្នាក់នៅទីនោះរយៈពេលបីថ្ងៃ។ កំហឹងខ្ញុំចំពោះគ្រួសារ វាបានសាបរលាបអស់។ ខ្ញុំមិនគួរណាចុះចេញពីផ្ទះព្រោះហេតុផលល្ងង់ខ្លៅដូច្នេះសោះ។ ខ្ញុំមានតែពាក្យស្តាយក្រោយ និងចង់ក្រាបសំពះសុំអភ័យទោសពីលោកទាំងពីរ។ ខ្ញុំសម្រេចចិត្តច្បាស់លាស់ដោយសតិថានឹងចូលផ្ទះវិញទោះត្រូវម៉ាក់ខឹង ប៉ាបន្ទោស វាយយ៉ាងម្តេចក្តី។ នៅប៉ុន្មានអាទិត្យទៀត រងចាំរបួសមុខដៃជើងជាសះស្បើយជាងនេះបន្តិចកុំឲ្យម៉ាក់កាន់តែបារម្ភ។ ខ្ញុំលួចចូលក្នុងផ្ទះដោយផ្លោះរបងមិនឲ្យនរណាដឹងពីរបីដងហើយ។ ខ្ញុំបានឃើញបងស្រីមានកូនប្រុសម្នាក់អាយុប្រហែល៥ឆ្នាំ និងស្រីអាយុប្រហែល៣ឆ្នាំម្នាក់។ ពួកគេគួរឲ្យស្រលាញ់ណាស់។ មកម្តងទៀតខ្ញុំត្រូវបងស្រីចាប់បាន រួចហើយពួកយើងពិភាក្សាគ្នា និងសួរសុខទុក្ខពីការបែកគ្នាកន្លង។ តាមការរៀបរាប់របស់បងស្រីថា ប្តីគាត់ ដែលពីមុនអតីតសង្សារ ហើយក៏ត្រូវជាឪពុករបស់កូនៗ បានបោះបង់គាត់ និងកូន រួចគេទៅមានអ្នកថ្មីពេលឆ្អែតឆ្អន់។ បងស្រីវិលមកផ្ទះវិញប៉ាម៉ាក់ទទួលដោយអំណរមិនបានស្តីបន្ទោសគាត់បន្តិចឡើយ។ បងឲ្យខ្ញុំឆាប់បង្ហាញខ្លួនព្រោះទាំងលោកទាំងពីរនឹកខ្ញុំខ្លាំងណាស់។ បងស្រីថាប៉ានៅតែមាត់រឹង តែចិត្តគាត់មិនចឹងទេ ប៉ាកាន់រូបថតខ្ញុំមួយសន្លឹកដាក់ក្បែរគ្រែមើលជារៀងរាល់ថ្ងៃ ជារូបគាត់លើកខ្ញុំបីពកាលខ្ញុំទើបកើតបានមួយថ្ងៃ តែខ្ញុំចាំមិនច្បាស់សោះថារូបមួយណាព្រោះមានរូបច្រើន។ ខ្ញុំសុំបងស្រីកុំទាន់អាលប្រាប់ប៉ាម៉ាក់ ហើយខ្ញុំនឹងចូលផ្ទះដូចដែលបានគិតទុក។

រដូវវស្សាតែមេឃថ្ងៃនេះខ្ពស់ស្រឡះ។ អាកាសធាតុល្អ មិនក្តៅពេក ហើយក៏គ្មានភ្លៀងធ្លាក់ដែរ។ បងស្រីបើកទ្វារឲ្យខ្ញុំចូល។ ក្លិនឈ្ងុយប្រហុកខ្ទិះតាំងពីមាត់ទ្វារ ធ្វើឲ្យពោះខ្ញុំកូរ នឹកម្ហូបស្នាដៃម៉ាក់ ក្លិននេះទៀតសោតជាម្ហូបមួយដែលខ្ញុំចូលចិត្ត។ ខ្ញុំមិនសូវចេះប្រហុកគ្រឿង ប្រហុកចិញ្រ្ចាំអីទេ តែខ្ញុំចូលចិត្តមុខនេះព្រោះមានក្លិនគ្រឿង និងខ្ទិះដូង។ មិនមែនបងស្រីប្រាប់ម៉ាក់ថាខ្ញុំមកហើយឲ្យគាត់រៀបចំបាយល្ងាយទទួលខ្ញុំទេឬ? ទេបងស្រីបានសន្យាហើយគាត់ពិតជាធ្វើបាន។ ម៉ាក់អង្គុយក្នុងសាឡុង គាត់ដេរខោអាវរហែក ទល់មុខទូរទស្សន៍។ ប៉ានៅក្បែរម៉ាក់ច្របាច់ខ្នង។ នៅលើតុមានប៉ាន់តែ និងសៀវភៅធម៌មួយក្បាល។ ពួកគាត់ស្រឡាំងកាំង ឯម៉ាក់ស្រក់ទឹកភ្នែកតែដៃគាត់នៅតែកាន់ម្ជុល។ ឃើញបែបនេះសបញ្ជាក់ថាគាត់មិនបានដឹងមុនពីវត្តមានខ្ញុំនៅថ្ងៃនេះទេ។ ខ្ញុំចូលទៅឱនក្រាបសំពះពួកគាត់ទាំងពីរដល់បាតជើង។ ខ្ញុំមិនដឹងទេថាភ្នែករបស់ខ្ញុំវាជោគជាំដោយតំណក់ទឹកតាំងពីពេលណាមក។

«កូនសុំទោសម៉ាក់ប៉ា»។ ខ្ញុំមិនហ៊ានងើបមុខមើលគាត់ទេ។ ម៉ាក់ចាប់ ស្ទាបមុខខ្ញុំថ្នមៗដោយដៃគាត់ទាំងសងខាង ឲ្យខ្ញុំងើបមុខឡើង ហើយអង្អែលកន្លែងដែលបន្សល់ស្នាមរបួស។ ប៉ារលីងរលោងទឹកភ្នែក រួចលោកយកដៃអង្អែលក្បាលខ្ញុំដោយមិនមាត់មិនក។

«កូនសុខសប្បាយទេកូន?» ម៉ាក់សួរខ្ញុំ។ ខ្ញុំតបអួលណែនដើមកទាំងទឹកភ្នែក « ខ្ញុំ ខ្ញុំ…»។ បងស្រីឈរយំនៅមាត់ទ្វារ។ ក្មួយៗចេញពីបន្ទប់លេងមកឃើញគ្រប់គ្នាយំ វាក៏យំតាមរត់ទៅឱបម៉ែវា។ ខ្ញុំយំខ្សឹកខ្សួលកាន់តែខ្លាំង។ ខ្ញុំឆ្លើយមិនចេញ។ គ្រាន់តែខ្លួនសុខឬមិនសុខ ខ្ញុំមិនដឹងថាគួរឆ្លើយយ៉ាងណា។

«ម៉ាក់នឹកកូនណាស់ ប៉ាឯងក៏ដូចគ្នា។ ពួកយើងតាមរកឯងគ្រប់ទីកន្លែង» ប៉ាងក់ក្បាលតាមម៉ាក់និយាយទើបហើបសំដី« មិនបាច់សុំទោសទេ ព្រោះប៉ាគ្មានទោសឲ្យកូនទេ ឲ្យតែកូនត្រលប់មកផ្ទះវិញ។ ពួកគាត់ឱបខ្ញុំយ៉ាងណែន។ រួចបងស្រីក៏ចូលមកដែរ។

«ម៉ាក់ និងប៉ាឯងលើកលែងគ្រប់យ៉ាងណាកូនប្រុស មករស់នៅជុំគ្នាវិញណា»

«បាទ បាទ»។ ខ្ញុំយំដូចកូនក្មេង។ ហេតុអ្វីពេលជួបមិនចេះរក្សា ហេតុអ្វីគេស្តីថាមិនចេះយកគិត ហេតុអ្វីគំនិតខ្ញុំពីមុនឆ្កួតលីលាមានះម្ល៉េះ? ខ្ញុំរៀនចេះទទួលកំហុស ខ្ញុំរៀនចេះពេលបែកទើបដឹងថាជួបវាមានន័យយ៉ាងណា កក់ក្តៅយ៉ាងណាស្ថិតក្នុងទ្រូងប៉ាម៉ាក់។

ខ្ញុំឃើញម៉ាក់ ប៉ាចាស់ជាងមុនច្រើនណាស់។ ស្នាមខ្មៅនៅក្រោមភ្នែក ស្នាមជ្រួញច្រើន សុខភាពក៏ទ្រុឌទ្រោមជាងមុនព្រោះតែនឹក ព្រោះតែបារម្ភពីអាកូនចោលម្សៀតម្នាក់នេះហើយមើលទៅ។ ខ្ញុំឈឺចាប់ នូវអ្វីដែលខ្ញុំបានធ្វើ។

បាយល្ងាចដ៏ឆ្ងាញ់ហូបជុំគ្នា ខ្ញុំមានអារម្មណ៍ថាមានសេចក្តីសុខខ្លាំងណាស់។ មានអារម្មណ៍កក់ក្តៅណាស់។ គ្មានទីណាដែកផ្តល់ភាពកក់ក្តៅជាងផ្ទះរបស់យើងនោះទេ ពិសេសទីដែលនៅមានអ្នកមានគុណនៅជាម្លប់។ បាយរួចម៉ាក់យកអាល់ប៊ុមរូបថតរបស់ខ្ញុំចេញមក។ រូបទាំងនោះមានតាំងពីរូបខ្ញុំក្នុងពោះម៉ាក់ គេឆ្លុះអេកូក្រាហ្វិក​។ យើងមើលរូបនោះទាំងរីករាយតែខ្ញុំចេះតែហូរទឹកភ្នែកឥតឈប់ទោះខ្ញុំកំពុងសើច។ រូបទើបកើត ប៉ាលើកបីដោយទឺកមុខសើចចេញធ្មេញ។ រូបបំបៅដោះដំបូង​ រូបបងស្រីបីឱប។​ រូបប៉ាថើប និងរូបម៉ាក់ងូតទឹកឲ្យលើកដំបូង….។ ខ្ញុំនិយាយថា« ខ្ញុំភ្លេចអស់ហើយថាខ្ញុំធ្លាប់នៅក្នុងពោះម៉ាក់។ ខ្ញុំភ្លេចអស់ហើយពីរសជាតិទឹកដោះម៉ាក់ដែលខ្ញុំធ្លាប់មឹម។ ខ្ញុំភ្លេចអស់ហើយថាខ្ញុំនៅពីតូចគួរឲ្យស្រលាញ់ដូចរូបទាំងនេះ។ ខ្ញុំភ្លេចអស់ហើយថាប៉ាម៉ាក់ចិញ្ចឹមខ្ញុំមកបានធំដោយរបៀបណា។ ខ្ញុំភ្លេចអស់រលីង។ ទឹកភ្នែកខ្ញុំហូរចាក់មកជោកជាំ។ ម៉ាក់ចង្អុលរូបខ្ញុំជាមួយប៉ា។ គាត់កំពុងអង្គុយដាក់ខ្ញុំនៅលើភ្លៅគាត់ហើយកាន់កំប៉ុងទឹកដោះគោឲ្យខ្ញុំបៅលើកដំបូង នៅលើកំប៉ុងនោះសរសេរជាភាសាអង់គ្លេសថា Papa is the best  « នេះរូបកូនបានបីខែ ប៉ាជាអ្នកឆុងទឹកដោះគោឲ្យកូន(ទោះម៉ាក់មិនប្រាប់ក៏ខ្ញុំអាចដឹងព្រោះមានបញ្ជាក់ថ្ងៃខែឆ្នាំលើរូប) ។ ថ្ងៃដំបូងដែលកូនបៅទឹកដោះគោ ដោយសារទឹកដោះម៉ែមិនសូវចេញ ម៉ែខ្លាចមិនគ្រប់គ្រាន់ តាមពិតទៅម៉ែចង់ឲ្យកូនបៅដល់ទៅ៦ខែឬមួយឆ្នាំតែវាមិនអាច»។ ប៉ាបន្តពីម៉ាក់​ រួចគាត់បើកថយក្រោយវិញ   «នេះកូនទើបកើតចេញពីផ្ទៃម៉ាក់កូន។ កាលណោះកូនកើតភ្លាមមកអត់យំទេ ហើយប៉ាបានសួរទៅគ្រូពេទ្យថាកូនម៉េចក៏អត់យំដូចក្មេងដទៃ គ្រាន់តែសួរចប់មិនទាន់ កូនក៏ស្រែកង៉ា ង៉ា…គ្រូពេទ្យសើច យើងក៏សើច»។ ម៉ាក់ជូតទឹកភ្នែកមើលទៅមុខប៉ា« ប៉ាឯងសើចទាំងទឹកភ្នែក គាត់រំភើបពេលបីកូនទើបនឹងកើតព្រោះគាត់ប្រាថ្នាចង់បានកូនប្រុសបន្ទាប់ពីបងស្រីឯង»។ ម៉ាក់បញ្ជាក់បែបនេះ។ ខ្ញុំឃើញប៉ាសម្លឹងរូបនោះដោយញញឹម ហាក់ស្រណោះគ្រានោះ ហើយទឹកភ្នែកគាត់មានជាថ្មី។ ប៉ាតសំដីពីម៉ាក់« កុំតែមានរូបមើល ម្ល៉េះប៉ាភ្លេចអស់ហើយថាយើងរំភើបត្រេកអរយ៉ាងណា ពេលកើតបានកូនប្រុសនៅថ្ងៃនោះ។ ពេលខឹងកូនម្តងៗប៉ាភ្លេចអស់ថាកូននៅពីតូចពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។ ប៉ាភ្លេចអស់ថាពេលកូនរៀនដើរ រៀនឈរ រៀនអង្គុយ សុទ្ធតែត្រូវការពេលវេលា ប៉ាមិនគួរច្រលោតខឹងកូន ពេលកូនធំសោះព្រោះគ្រប់យ៉ាងសុទ្ធតែត្រូវការពេល។ ប៉ាភ្លេចថាប៉ាធ្លាប់និយាយសំឡេងតិចៗថ្នមៗទៅរកកូន ប៉ាមិនគួរណាស្រែកគំហកដាក់កូន។ ដំបូងប៉ាបណ្តោយកូនជ្រុល ក្រោយមកប៉ាដាក់វិន័យកូនជ្រុល»។  ប៉ាស្រក់ទឹកភ្នែកម៉ាត់ៗមក។ ខ្ញុំប្រាប់ពុកវិញថាហើយលើកដៃសំពះលោកទាំអពីម្តងទៀត« កូនសុំខមាទោសដែលមិនស្តាប់បង្គាប់  ហើយកូនអរគុណ អរគុណដែលបានចិញ្ចឹមបីបាច់កូន»។ ម៉ាក់ និងបងស្រីរំភើបយំម្តងទៀត។ យើងធំយើងភ្លេចអស់នូវភាពសប្បាយ ភ្លេចនូវភាពផ្អែមល្ហែមដែលធ្លាប់មានឲ្យគ្នា។ យើងគួររំលឹកជាមួយគ្នា ជាមួយរូបថត ជាមួយនឹងមនុស្សជាទីស្រលាញ់។ កុំភ្លេចណារំលឹកក្តីស្រលាញ់នោះឡើងវិញ។

ខ្ញុំតែងតែឆ្លៀតពេលទៅផ្សារដើរទិញម្ហូបជាមួយម្តាយខ្ញុំ។ ផ្ទះខ្ញុំនៅមិនឆ្ងាយពីផ្សារថ្មី​តែខ្ញុំបបួលម៉ាក់ទៅផ្សារដើមគជាញឹកញយ។ ខ្ញុំដឹងច្បាស់ថាបន្លែពីណាជាបន្លែធម្មជាតិ និងបន្លែជាច្រើនមានជាតិគីមី។ ខ្ញុំនាំម៉ាក់ទៅជួយទិញខោអាវជជុះនៅថ្ងៃសៅរ៍ដើម្បីបានជួបចរិយាដែលមកជួយម្តាយនាងបន្ទាប់ពីការរៀនសូត្រ។ យើងទិញពេលខ្លះក្នុងចំនួនច្រើន ហើយយកទៅបោកគក់ស្អាតដើម្បីលាយជាមួយខោអាវដែលយើងលែងត្រូវការ ឬស្លៀកលែងល្មមយកទៅចែករំលែកដល់ក្មេងៗចាស់ៗនៅជនបទដាច់ស្រយាលដែលខ្វះខាតសំលៀកបំពាក់។ មិនទុកពេលឲ្យកន្លងហួស ទន្ទឹមនឹងនោះខ្ញុំក៏បានចុះឈ្មោះចូលរៀនក្នុងវិទ្យាស្ថានមួយក្នុងទីក្រុងភ្នំពេញ។ ខ្ញុំចូលចិត្តរៀនពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឃន៍។ ខ្ញុំខំរៀនសូត្រ សង្វាតអាន រៀនពីអ្វីដែលខ្ញុំមិនទាន់ដឹង។ ខ្ញុំចង់ធ្វើប្រយោជន៍ជូនខ្លួនឯង ជូនសង្គមជាតិ។ ខ្ញុំពិតជាចង់សាងខ្លួនជាថ្មី មិនថាមានឧបសគ្គបែបណា។ ខ្ញុំចង់ឃើញក្មេងៗមានអនាគត ខិតខំរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយរាល់ផ្លូវត្រូវ ជៀសវាងពីការសេពគ្រឿងញៀន ជៀសវាងការសប្បាយភ្លើតភ្លើនឥតបានការ ខាតពេលវេលាធ្វើរឿងល្អដូចជាខ្ញុំកន្លងមក។ ខ្ញុំចង់ឃើញអ្នកក្រុង អ្នកខេត្ត អ្នកភូមិមានសុខភាពល្អអាចហូបបន្លែផ្លែឈើដោយសុវត្ថិភាព គ្មានជាតិគីមី។ ខ្ញុំចង់ឃើញបង មីង អ៊ំយាយអ្នកលក់ត្រកួនត្រសក់ ដំឡូង ស្វាយ មានទីផ្សារ។ ខ្ញុំចង់ឲ្យមានការកាត់បន្ថយទំនិញមកពីបរទេសឲ្យបានច្រើន ហើយលើកស្ទួយទំនិញក្នុងស្រុកឲ្យសម្បូរហូរហៀរ។ ខ្ញុំចង់បានសុខសន្តិភាពទៅណាមកណាដោយមិនព្រួយរឿងចោរ។ ខ្ញុំតែងបារម្ភពីសុវត្ថិភាពម្តាយ និងបងស្រីខ្ញុំ។ យើងភ្លេចអស់ហើយថាប្រទេសជាតិនេះពីមុន​មានត្រី សាច់​បន្លែមិនខ្វះ។ យើងភ្លេចអស់ហើយថាការឈ្លោះទាស់ទែងគ្នាឯង បងប្អូនកូនចៅឯង ធ្វើឲ្យប្រេះស្រាំ បែកបាក់សាមគ្គីគ្រួសារ និងសង្គមជាតិអន់ថយតាំងតែពីប្រវត្តិសាស្ត្រ ហើយជនបរទេសចាំតែត្របាក់លេប ឈ្លានពានទឹកដីដោយងាយស្រួល។ ខ្ញុំស្ទើរតែភ្លេចអស់ហើយថាប្រទេសកំណើតមួយនេះបានផ្តល់ឲ្យខ្ញុំមានឈាមជ័រជាខ្មែរ ជនជាតិមួយដែលធ្លាប់សាងអង្គរ ជាជនជាតិដ៏ឆ្នើម រឹងមាំ ក្លាហានថែមទាំងពេញដោយការច្នៃប្រតិដ្ឋ និងការបង្កើតថ្មី។ ខ្ញុំត្រូវប្រាប់ខ្លួនឯងមុតមាំឡើងវិញ ដាស់ឲ្យមានស្មារតីភ្ញាក់រឭកជាប្រចាំ ត្រូវបញ្ឈប់ការមានមោទកភាព ដេកស៊ីកេរ្តិ៍ដូនតា កេរ្តិ៍ម៉ែឪ ហើយខិតខំ ខំកសាងខ្លួនឡើង។ ការៀនសូត្រនៅពេលនេះវាលែងជាការធុញទ្រាំដូចពេលមុនហើយ តែវាបែរជាដំណើរកម្សាន្តដែលគួរឲ្យចាប់អារម្មណ៍បំផុតដើម្បីកសាងអនាគតរបស់ខ្ញុំ បងប្អូនខ្ញុំ មិត្តខ្ញុំ និងជាតិមាតុភូមិជាទីស្នេហារបស់ខ្ញុំ៕

ប្រវត្តិត្រួសៗរបស់ អ្នកនិពន្ធ អោម ចែតច័ន្ទ ថារី ម្ចាស់ស្នាដៃរឿង “ភ្លេចអស់ហើយ”

អ្នកនាង អោម ចែតច័ន្ទថារី មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “និរតី” ។ អ្នកនាងកើតថ្ងៃទី១១ ខែមករា ឆ្នាំ១៩៨៨ នៅភូមិ៣ មណ្ឌល៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានឪពុកឈ្មោះ អោម បូយ៉េត ជាមន្ត្រីចូលនិវត្តន៍ និង​ម្តាយឈ្មោះ ប្រាជ្ញ សឿន ជាស្ត្រីមេផ្ទះ។ អ្នកនាងមានបងប្អូនបង្កើតចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ដោយអ្នកនាងជាកូនស្រីច្បងក្នុងគ្រួសារ។ អ្នកនាងបានរៀបការហើយ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ និង​កំពុងរស់នៅប្រទេសស្វីស ជាមួយក្រុមគ្រួសាររបស់អ្នកនាង។

មែនទែនទៅ! អ្នកនាង​ចាប់ផ្តើមប្រឡូកក្នុងវិស័យនិពន្ធតាំង​ពីឆ្នាំ២០០៧ មកម្ល៉េះ តែដោយសាររវល់ការងារនិងការសិក្សា ទើបអ្នកនាងផ្អាករហូតដល់ឆ្នាំ២០១៦ទើបចាប់ផ្តើមសរសេរឡើងវិញព្រោះតែចិត្ត​នៅដក់ជាប់ក្តីស្រឡាញ់ការតែងនិពន្ធ។ មកដល់ពេលនេះ អ្នកនាង​បាន​និពន្ធនូវស្នាដៃមួយចំនួនមានទាំងរឿងខ្លី, កំណាព្យខ្លី​, ទំនុកច្រៀង, និងកំណាព្យរឿងចំនួនបីរឿង។ ក្នុង​ឆ្នាំ២០១៧ ស្នាដៃរឿងខ្លីមួយរបស់​អ្នកនាង​មានចំណងជើងថា “វីរនារី” បានចុះផ្សាយនៅក្នុងសៀវភៅ «មន្តទឹកខ្មៅ» ដែលជាកម្រងវណ្ណកម្មរួមសម័យជាមួយអ្នកនិពន្ធ២១រូបដទៃទៀត។ ចំណែកបន្ទាប់ពីរឿង “ភ្លេចអស់ហើយ” ដែលអ្នកទើបតែបានអានខាងលើមុននេះទៅ អ្នកនាងនឹងមានគម្រោងចេញផ្សាយនូវស្នាដៃថ្មីបន្ទាប់ទៀតដែលជាប្រភេទប្រលោមលោកខ្នាតខ្លី និយាយពីថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ក្រោម​ចំណងជើង “ឆ្នាំមុន” និងរឿងខ្លីដទៃទៀត។ ដូច្នេះ ប្រសិនបើ​លោកអ្នកចង់ដឹងថា តើស្នាដៃ​ក្រោយៗ​របស់​អ្នកនាង អោម ចែតច័ន្ទថារី មានអត្ថន័យខ្លឹមសារល្អយ៉ាងណានោះ សូមរង់ចាំតាមដានបន្តទៀតជាមួយ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” កុំបីខានឡើយ។ សូមអរគុណ៕

អត្ថបទបន្ថែម ៖ ពុទ្ធិពង្ស / រូបភាព ៖ អោម ចែតច័ន្ទថារី / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!