កញ្ញា ម៉ៅ ចាន់រស្មី កូនស្រីអ្នកនិពន្ធល្បី ម៉ៅ សំណាង បង្ហាញពីហេតុផលបញ្ចេញស្នាដៃនិពន្ធជាសៀវភៅប្រលោមលោកដំបូង
- September 8th, 2020
កញ្ញា ម៉ៅ ចាន់រស្មី កូនស្រីអ្នកនិពន្ធល្បី ម៉ៅ សំណាង បង្ហាញពីហេតុផលបញ្ចេញស្នាដៃនិពន្ធជាសៀវភៅប្រលោមលោកដំបូង
បើអ្នកជាប្រិយមិត្តរបស់ កញ្ញា ម៉ៅ ចាន់រស្មី ហៅ “កូនទន្សាយ” លោកអ្នកមុខជាបានដឹងហើយពីដំណឹងដែលកញ្ញាបង្ហោះផ្សាយក្នុងហ្វេសប៊ុកផេករបស់កញ្ញា អំពីការសម្រេចចេញផ្សាយស្នាដៃនិពន្ធជាសៀវភៅប្រលោមលោកដំបូងរបស់ខ្លួន មានចំណងជើងថា “កំណត់ហេតុពណ៌ស្វាយ” ដែលស្ដាប់ទៅហាក់ប្លែកយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងចំណងជើងប្រលោមលោករបស់អ្នកនិពន្ធកម្ពុជាដទៃៗទៀតដែលធ្លាប់ចេញផ្សាយកន្លងមក ជាពិសេសចំណងជើងប្រលោមលោករបស់ អ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធលោមលោកជើងចាស់ដ៏ល្បីល្បាញ ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់តាមរយៈនាមប៉ាកកា “ទន្សាយ” តែម្ដង។
កញ្ញា ម៉ៅ ចាន់រស្មី កូនស្រីអ្នកនិពន្ធល្បី ម៉ៅ សំណាង និងសៀវភៅ “កំណត់ហេតុពណ៌ស្វាយ”
ទាក់ទងនឹងមូលហេតុដែលដាក់ចំណងជើងបែបនេះ តាមរយៈបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ស្នាដៃបានបង្ហាញពីហេតុផលថា “ខ្ញុំដាក់ចំណងជើងថា កំណត់ហេតុពណ៌ស្វាយ ព្រោះវាគឺជាវត្ថុដ៏សំខាន់បំផុតក្នុងសាច់រឿងនេះ វាគឺជាសៀវភៅកំណត់ហេតុផ្ទាល់របស់នារីម្នាក់ ដែលស្រឡាញ់ពណ៌ស្វាយជាទីបំផុត។”
កញ្ញាបានបន្តពីបុព្វហេតុ ដែលជំរុញឱ្យកញ្ញាសម្រេចចិត្តនិពន្ធបោះពុម្ពផ្សាយស្នាដៃជាសៀវភៅប្រលោមលោកដំបូងនេះថា “ការណ៍ដែលនាងខ្ញុំសម្រេចចិត្តនិពន្ធប្រលោមលោកដំបូងមួយនេះឡើង គឺដោយសារមានកម្លាំងជំរុញចិត្តជាច្រើនយ៉ាង! ទីមួយ គឺព្រោះតែខ្ញុំជាមនុស្សដែលចូលចិត្តសរសេរអារម្មណ៍ផ្ទាល់ខ្លួនទៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដោយពុំសូវចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់នរណាទេ! ហើយវាក៏ធ្វើឱ្យខ្ញុំដឹងថាមនុស្សម្នាក់ៗតែងតែមានរឿងអាថ៌កំបាំងជាច្រើន ដែលកប់ទុកនៅក្នុងចិត្តរហូតមក! យើងអាចស្គាល់ឈ្មោះមនុស្សម្នាក់ តែពុំអាចស្គាល់រឿងរ៉ាវដែលកើតឡើងចំពោះមនុស្សម្នាក់នោះទេ! តែរបស់ម្យ៉ាងដែលអាចដឹងរឿងរ៉ាវអាថ៌កំបាំងរបស់គេច្រើនបំផុតនោះ វាអាចជាសៀវភៅកំណត់ហេតុនេះឯង! ទើបខ្ញុំចង់សរសេររឿងប្រលោមលោកមួយដែលពាក់ព័ន្ធនឹងសៀវភៅកំណត់ហេតុ រៀបរាប់ពីអារម្មណ៍ដ៏ជ្រាលជ្រៅ និងស្នេហាដ៏ទន់ភ្លន់ដែលម្ចាស់សៀវភៅកំណត់ហេតុនោះបានកត់ត្រាទុក! ហើយពេលនោះខ្ញុំបានទៅលេងខេត្តបាត់ដំបង ជាហេតុធ្វើឱ្យខ្ញុំកាន់តែលង់ស្រឡាញ់ទិដ្ឋភាពនិងរចនាបទនាទសវត្សរ៍ ៦០ ទើបខ្ញុំសម្រេចចិត្តឱ្យរឿងប្រលោមលោកដំបូងរបស់ខ្ញុំជារឿងរ៉ាវស្នេហាដែលកើតឡើងក្នុងទសវត្សរ៍ទី ៦០តែម្តង!”
កញ្ញា ម៉ៅ ចាន់រស្មី និងអ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធប្រលោមលោកល្បីល្បាញ ជាម្ដាយ
មុនបិទបញ្ចប់បទសម្ភាសន៍ កញ្ញាក៏បានថ្លែងថា “ជាចុងក្រោយ ខ្ញុំពិតជាអរគុណដល់ការជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន ចំពោះស្នាដៃដំបូងមួយនេះ ហើយក៏អរគុណ ដល់ការគាំទ្រនិងការទន្ទឹងរង់ចាំដោយភាពអត់ធ្មត់។ ខ្ញុំសង្ឃឹមថា កំណត់ហេតុពណ៌ស្វាយ មិនធ្វើឱ្យមិត្តអ្នកអានអស់សង្ឃឹមទេ។”
សៀវភៅ “កំណត់ហេតុពណ៌ស្វាយ” ស្នាដៃកញ្ញា ម៉ៅ ចាន់រស្មី , តម្លៃ និងលេខទំនាក់ទំនងកក់ទុកមុន
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា ម៉ៅ ចាន់រស្មី មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “កូនទន្សាយ” កញ្ញាកើតឆ្នាំ១៩៩៥ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងជាកូនស្រីរបស់អ្នកនិពន្ធប្រលោមលោកល្បីល្បាញ អ្នកស្រី ម៉ៅ សំណាង ដែលជាទូទៅត្រូវបានអ្នកនិយមអានប្រលោមលោកស្គាល់យ៉ាងច្បាស់តាមរយៈឈ្មោះ “ទន្សាយ” ។ បច្ចុប្បន្នក្រៅពីមានអាជីពចម្បងជាអ្នកនិពន្ធអត្ថបទភាពយន្ត កញ្ញាគឺជាអ្នកដឹកនាំរឿង និងជា script supervisor (ត្រួតពិនិត្យ និងផ្តល់យោបល់លើអត្ថបទភាពយន្ត) ហើយអ្វីដែលរឹតតែពិសេសទៅទៀតនោះ ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញានឹងបញ្ចេញស្នាដៃនិពន្ធជាសៀវភៅប្រលោមលោកដំបូងរបស់ខ្លួនហើយ ដែលមានចំណងជើងថា “កំណត់ហេតុពណ៌ស្វាយ” ដែលបោះពុម្ពដោយ “គ្រឹះស្ថានសៀវភៅជីវិត” និងបើកកក់ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ហើយគ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះផងដែរ ដោយអ្នកដែលបានកក់ទុកមុននឹងទទួលបានការបញ្ចុះតម្លៃត្រឹម ២៤០០០៛ ក្នុងមួយក្បាលប៉ុណ្ណោះ ដោយតម្លៃពេញគឺ ២៨០០០៛ ក្នុងមួយក្បាល។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ទទួលបានតម្លៃពិសេសនេះ សូមធ្វើការទំនាក់ទំនងកក់តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ សៀវភៅជីវិត https://www.facebook.com/seavphovjivet ឬក៏ហ្វេសប៊ុកផេកផ្លូវការរបស់ម្ចាស់ស្នាដៃដោយផ្ទាល់ក៏បានឈ្មោះ ម៉ៅ ចាន់រស្មី – កូនទន្សាយ https://www.facebook.com/maochanraksmeylittlerabbit/ ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ម៉ៅ ចាន់រស្មី / រក្សាសិទ្ធិ ៖ cambowriter.com