“អំណាចកម្ម” សៀវភៅថ្មីស្នាដៃទី៥ របស់អ្នកនិពន្ធ ឡាំ លីម
- August 30th, 2020
“អំណាចកម្ម” សៀវភៅថ្មីស្នាដៃទី៥ របស់អ្នកនិពន្ធ ឡាំ លីម
“អំណាចកម្ម” ជាឈ្មោះនៃចំណងជើងសៀវភៅថ្មីរបស់អ្នកនិពន្ធល្បីឈ្មោះ លោក ឡាំ លីម ដែលប្រិយមិត្តអានបានស្គាល់លោកយ៉ាងច្បាស់រួចមកហើយតាមរយៈស្នាដៃនិពន្ធជាសៀវភៅល្បីៗទាំង៤ក្បាលរបស់លោកន្លងមក រួមមានដូចជា សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” , “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ដែលស្នាដៃសហនិពន្ធជាមួយអ្នកនិពន្ធល្បីចំនួនពីររូបទៀតផងដែរ ដែលសៀវភៅថ្មីនេះ លោកទើបតែបានបោះពុម្ពចេញផ្សាយជាផ្លូវការតាមរយៈគ្រឹះស្ថានសៀវភៅជីវិត កាលពីពេលថ្មីៗនេះឯង និងទទួលបាននូវការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តអ្នកនិយមអានស្នាដៃតែងនិពន្ធរបស់លោក។
លោក ឡាំ លីម និងសៀវភៅ “អំណាចកម្ម” ស្នាដៃទី៥របស់លោក
ទាក់ទងនឹងសៀវភៅថ្មីនេះ លោក ឡាំ លីម ដែលជាម្ចាស់ស្នាដៃក៏បានបង្ហាញប្រាប់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិច ពីបុព្វហេតុដែលជំរុញឱ្យលោកនិពន្ធសៀវភៅនេះឡើងថា “ចេតនានៃការបង្កើតស្នាដៃនេះ គឺក្នុងគោលបំណងចែករំលែកគំនិតទាក់ទងនឹងការប្រើប្រាស់ចំណេះដឹងដែលខ្លួនមានឱ្យសម្រេចកើតកាលវាលគុម្ព និងមួយផ្នែកទៀត ខ្ញុំបានលើកពីដើមហេតុនៃជម្លោះ ជាពិសេសគឺដំណើររាំងរា ខារខាំងយើងមិនឱ្យធ្វើសកម្មភាពទៅមុខ។”
លោក ឡាំ លីម ក៏បានបង្ហាញពីអត្ថប្រយោជន៍ផងដែរ ប្រសិនបើលោកអ្នកបានអានសៀវភៅមួយក្បាលនេះថា “ដួងព្រលឹងស្នាដៃនេះ វានឹងជំរុញចិត្តអ្នកអានឱ្យក្លាយទៅជាមនុស្សប្រាកដនិយម ឱ្យតម្លៃខ្ពស់ទៅលើការអនុវត្តជាក់ស្តែង សកម្មភាពជាក់ស្តែង និងមិនទុកចំណេះវិជ្ជាដែលខ្លួនមានចោល។ អ្វីដែលយើងចេះ គឺត្រូវតែប្រើ តួយ៉ាងដូចជាចំណេះដឹងជាដើម ដ្បិតការណ៍ដែលមានតែចំណេះដឹង តែបើមិនប្រើការ មិនធ្វើសកម្មភាព មិនអនុវត្តគំនិតទេ គឺរមែងមិនអាចកើតជាប្រយោជន៍ជាក់ស្តែងឡើយ។” លោកបន្តទៀតថា “បើមិនចេះ គឺត្រូវរៀន។ បើរៀនចេះហើយ គឺត្រូវតែធ្វើសកម្មភាពជាក់ស្តែង។ បើធ្វើសកម្មភាពហើយ គឺត្រូវតែធ្វើឱ្យបានផលល្អ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ឱ្យតែយើងបង្កើតកម្ម ឬមានសកម្មភាព គឺលទ្ធផលនឹងកើតឡើង។ លទ្ធផលល្អ ឬអាក្រក់ វាគ្រាន់តែអាស្រ័យលើការគិតរបស់យើងត្រូវ ឬខុសប៉ុណ្ណោះ។ គិតត្រូវ តែបើមិនធ្វើ ក៏មិនបាន។ រីឯការគិតខុស ហើយបើធ្វើ ក៏បានផលមិនត្រឹមត្រូវដែរ។ លទ្ធផល គឺជាផលិតផលចុងក្រោយនៃចំណេះដឹង។ លទ្ធផលមិនល្អ ព្រោះតែគិតខុស។ បើគិតខុស គឺនឹងនាំឱ្យធ្វើខុស។”
សៀវភៅ “អំណាចកម្ម”
លោកបន្ថែមជាចុងក្រោយមុននឹងបិទបញ្ចប់បទសម្ភាសន៍ថា “ចិត្តចង់ចេះជាព្រលឹង ចំណេះដឹងជាឫស សកម្មភាពជាដើម លទ្ធផលជាផ្កាផ្លែ។ ចំណេះដឹងច្រើន រមែងនាំឱ្យសកម្មភាពត្រូវ។ រីឯសកម្មភាពត្រូវ រមែងបង្កើតទៅជាលទ្ធផលល្អ។ មនុស្សគឺជាលទ្ធផលនៃកម្មដែលខ្លួនបានធ្វើ។ មនុស្សគឺអំពើ។ សកម្មភាពដែលនាំលទ្ធផលជាក់ស្តែង គឺនឹងបង្ហាញប្រាប់ទៅអ្នកដទៃថា តើយើងជានរណាពិតប្រាកដ?” ទាំងអស់នេះសុទ្ធតែសម្ដីរបស់លោករៀបរាប់ទាក់ទងនឹងខ្លឹមសារសៀវភៅ “អំណាចកម្ម” ដែលជាស្នាដៃនិពន្ធថ្មីរបស់លោក ដែលលោកអ្នកគួរតែយកទៅគិតពិចារណាតាមការគួរ។
លោក ឡាំ លីម និងស្នាដៃសៀវភៅល្បីៗទាំង៥ក្បាលរបស់លោក
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម មានដើមកំណើតនៅខេត្តសៀមរាប។ លោកគឺជាអ្នកនិពន្ធកម្ពុជាដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅកម្ពុជា និងជាម្ចាស់ស្នាដៃសៀវភៅល្បីៗទាំង៤ក្បាល រួមមានដូចជា សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” , “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ដែលស្នាដៃសហនិពន្ធជាមួយអ្នកនិពន្ធល្បីចំនួនពីររូបទៀតផងដែរ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថា តើសៀវភៅ “អំណាចកម្ម” ដែលជាសៀវភៅថ្មីស្នាដៃទី៥របស់លោកមានអត្ថន័យខ្លឹមសារល្អយ៉ាងណាខ្លះនោះ លោកអ្នកអាចទំនាក់ទំនងទិញបានតាមរយៈហ្វេសប៊ុកផេក សៀវភៅជីវិត https://www.facebook.com/seavphovjivet នោះលោកអ្នកមុខជាបានដឹងច្បាស់មិនខាន។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com