លោក ណម ពៅចំរើន បង្ហាញ​ពីហេតុផលដែល​ស្នាដៃ​ដំបូងរបស់​លោក​ជាសៀវភៅបែបប្រវត្តិសាស្រ្ត

  • August 21st, 2020

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា សកម្មភាពនៃការជំរុញ​ការអាននៅកម្ពុជា មាន​សន្ទុះ​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់ ទាំងចំនួនអ្នកនិពន្ធសៀវភៅ និងអ្នកអាន ពិសេសសកម្មភាព​ផ្សព្វ​ផ្សាយ​អំពី​សៀវភៅ​នៅតាមបណ្តាញសង្គម​ ក៏ដូចជាកម្មវិធីនានា។ ជាមួយការរីកចម្រើននេះ សៀវភៅ​ជា​ច្រើន​​ប្រភេទ​ត្រូវបានបោះពុម្ពផ្សាយ ដែលភាគច្រើនជាសៀវភៅលើកទឹកចិត្ត បណ្តុំគំនិត និងជំនួញ​ជាដើម។ ប៉ុន្តែបើ​ជា​សៀវភៅបែបប្រវត្តិសាស្រ្តវិញ គឺ​នៅមានចំនួនតិចតួចនៅឡើយ។

លោក ណម ពៅចំរើន និងស្នាដៃសៀវភៅបែបប្រវត្តិសាស្ត្រទាំងពីរក្បាលរបស់លោក

ជាមួយបរិបថថ្មីនេះ លោក ណម ពៅចំរើន ដែលជាអ្នកចូលចិត្តអាន និងជាអ្នកស្រាវជ្រាវមួយរូប លោក​បាន​ចាប់​ផ្តើមស្រាវជ្រាវ និងរៀបរៀងសៀវភៅបែបប្រវត្តិសាស្រ្តចំនួនពីរក្បាល ដែលមានចំណងជើងថា “ប្រវត្តិ​សាស្រ្ត​​នៃអារ្យធម៌បុរាណ ភាគ១” និង “មជ្ឈិមបូព៌ា ភាគ១”។ ទាក់​ទងនឹង​ការ​ចេញ​ជាសៀវភៅ​បែប​ប្រវត្តិសាស្ត្រ​នេះ លោក​បាន​បង្ហាញពីការ​ឆ្លើយ​តប​នឹង​សំណួរ​នានា ដែល​ចោទសួរ​ដោយ ​ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍​តាម​សារអេឡិច​ត្រូនិចដូចតទៅ ៖

​ គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើមូលហេតុអ្វីបានជាលោកសម្រេចចិត្តស្រាវជ្រាវ និងសរសេរសៀវភៅដំបូង “បែបប្រវត្តិសាស្រ្ត” ​នេះ​​​ឡើង ស្របពេលដែល​មានអ្នកនិពន្ធនិងរៀបរៀងជាច្រើនចូលចិត្តសៀវភៅបែបទស្សនៈ ការលើក​ទឹក​​ចិត្ត ឬបណ្តុះ​គំនិតជាដើមនោះ?

លោក ណម ពៅចំរើន សម្រាប់រូបខ្ញុំបាទផ្ទាល់ ខ្ញុំស្រឡា​ញ់សៀវភៅតាំងតែពីតូចមកម្ល៉េះ។ ខ្ញុំតែងតែទិញសៀវភៅ​យកមកអាន ជួនកាលគ្រាន់តែទិញយកមកទុក ជួនកាលបើកមើលត្រួសៗតែប៉ុណ្ណោះ។ ខ្ញុំបាន​ចាប់​ផ្ដើម​​អានសៀវភៅច្រើន ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧មក… ហើយរាល់ការ​អានសៀវភៅរបស់ខ្ញុំ តែង​តែ​មានការកត់​ត្រាទុកបញ្ជាក់ថា អានបានប៉ុន្មានក្បាលហើយ ចាប់ផ្ដើមអានថ្ងៃណា និងអានចប់ថ្ងៃ​ណា? ចាប់ពីឆ្នាំ២០១៧មក ខ្ញុំបានធ្វើការតាំងចិត្តក្នុងការអានសៀវភៅក្នុងមួយឆ្នាំឱ្យលើស៣០​ក្បាល​។ ក្នុងឆ្នាំ២០១៨ និង ២០១៩ ខ្ញុំបានសម្រេចតាមការតាំងចិត្តនោះហើយ ក៏អានលើសចំនួនដែលបាន​កំណត់នោះដែរ។ រាល់សៀវភៅដែលខ្ញុំបានអាន មានតែសៀវភៅ​ប្រវត្តិសាស្រ្តទេ ដែលធ្វើឱ្យខ្ញុំចូលចិត្ត និងគិត​ថាវា​មាន​ប្រយោជន៍សម្រាប់ប្រទេសជាតិ។ ការទំនាក់ទំនងជារឿងសំខាន់ សេដ្ឋកិច្ចជារឿងសំខាន់ វប្បធម៌ជា​រឿង​សំខាន់ អប់រំជារឿងសំខាន់ ទស្សនៈក៏ជារឿងសំខាន់ នយោបាយរឹតតែជារឿងសំខាន់ និងមិន​អាច​ខ្វះបានទៅទៀត។ សំណួរសួរថា បើគ្មានប្រវត្តិសាស្រ្ត តើយើងអាចសិក្សាមុខវិជ្ជាឬប្រធាន​បទ​​​ដទៃ​ទៀតបានដោយវិធីណា? ឧទាហរណ៍ថា ដើម្បីសិក្សាផ្នែកស្ថាបត្យកម្ម គេត្រូវរៀនពីប្រវត្តិនៃ​ស្ថាបត្យ​​​កម្ម​បុរាណជាមុនសិន។ ដើម្បីសិក្សាផ្នែកនយោបាយ គេត្រូវរៀនពីប្រវត្តិសាស្រ្តឱ្យបានច្រើន។ ដើម្បីសិក្សាសេដ្ឋកិច្ច ក៏ត្រូវរៀនពីប្រវត្តិសេដ្ឋកិច្ច និងនិយាយរួមគ្រប់ការងារ គ្រប់ជំនាញទាំងអស់ គឺតែង​តែ​ផ្សារភ្ជាប់ដោយប្រវត្តិសាស្រ្តជានិច្ច។ អ្នកធ្វើជំនួញ គេតែងតែសិក្សាពីប្រវត្តិនៃការធ្វើជំនួញ​ដែល​​ជោគជ័យ​ផ្សេងៗ ហើយអ្នកដឹកនាំស្ថាប័នឬប្រទេស ក៏គេមើលពីប្រវត្តិសាស្រ្តនៃការដឹកនាំ​ណា​ដែលជោគជ័យ ហើយគេយកគំរូតាម។  ដូចបានរៀបរាប់ខាងលើនេះហើយ ដែលជាហេតុធ្វើឱ្យរូបខ្ញុំ​បាទ​​សម្រេចចាប់ផ្ដើមស្រាវជ្រាវ និ​ង​សរសេរ​សៀវភៅដំបូងបែបប្រវត្តិសាស្រ្ត​នេះឡើងមក។

​ គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ ពេលចាប់ផ្តើមសរសេរសៀវភៅបែប​នេះឡើង​រហូតមក​ទល់នឹង​ពេលនេះ​ តើលោកធ្លាប់​ជួបប្រទះ​ការលំបាក និងភាពងាយស្រួលអ្វីខ្លះ? សូមរៀបរាប់!

លោក ណម ពៅចំរើន គ្រប់រឿង តែងតែមានការលំបាក និងភាពងាយស្រួល។ សម្រាប់ការលំបាកក្នុងការរៀប​រៀង​សៀវភៅបែបប្រវត្តិសាស្រ្តនេះ ពីដំបូងគឺពាក្យគន្លឹះនៃប្រវត្តិសាស្រ្ត ដ្បិតគ្រប់​ឯកសារស្រាវជ្រាវ គឺប្រហែល​៩០% ជាភាសាអង់គ្លេស។ សម្រាប់ពាក្យគន្លឹះ នៅក្នុងជំនាញណាក៏មានដែរ គ្រាន់​តែតិច​និងច្រើនប៉ុណ្ណោះ។ ពាក្យគន្លឹះ នេះជាទូទៅយើងធ្លាប់បានដឹង បានឮ គ្រាន់តែភាគច្រើនយើង​មិន​សូវ​យល់ន័យនៃពាក្យនោះប៉ុណ្ណោះ។ ឧទាហរណ៍ថា ពាក្យថា “ចក្រភព” ពាក្យនេះនរណាៗក៏ធ្លាប់បានឮដែរ ក៏ប៉ុន្តែ​តើមានមនុស្សប៉ុន្មាននាក់ ដែលយល់ពីអត្ថន័យនៃពាក្យនេះ? និយាយឱ្យខ្លីទៅសម្រាប់ខ្ញុំ មិន​មាន​​​ការ​លំបាក​ច្រើនទេនៅក្នុងការរៀបរៀងសៀវភៅបែប​ប្រវត្តិសាស្រ្តនេះឡើយ​ ហើយណាមួយមក​ពី​វាជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំផងដែរ។ ការចូលចិត្តប្រវត្តិសាស្រ្តនេះហើយ ដែលជាការ​បង្ក​ភាពងាយស្រួលដល់​ខ្ញុំ។ ទូសៀវភៅរបស់លោក ណម ពៅចំរើន ដែលភាគច្រើនសុទ្ធ​ជាសៀវភៅប្រវត្តិសាស្រ្ត 

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើលោកត្រូវចំណាយពេលប៉ុន្មាន និងត្រូវការស្រាវជ្រាវឯកសារអ្វីខ្លះ សម្រាប់ការសរសេរសៀវភៅបែប​ប្រវត្តិសាស្ត្រ​​ដំបូង​របស់លោកនេះ?  

លោក ណម ពៅចំរើន សម្រាប់សៀវភៅ “ប្រវត្តិសាស្រ្តនៃអារ្យធម៌បុរាណ ភាគ១” ខ្ញុំបានចំណាយពេល​ស្រាវជ្រា​វ​​​​​​ និងបកប្រែ គឺប្រហែល១ឆ្នាំកន្លះ។ ឯកសារស្រាវជ្រាវមានច្រើន ដែលភាគច្រើនជា​ភាសា​បរទេស​ដូចជា World History, Ancient Civilizations, by: Stanley M. Burstein & Richard Shek), (DK History of the World. Plantagenet Somerset Fry) និងឯកសារនៅតាមប្រព័ន្ធអ៊ិន​ធឺ​ណេត​ផ្សេងៗជាច្រើនទៀត។

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើអ្វីជាចំណុចពិសេសនៃសៀវភៅ «ប្រវត្តិសាស្រ្តអារ្យធម៌បុរាណ ភាគ១» នេះ? ហើយ​ហេតុអ្វីបានជាអ្នក​អាន គួរតែ​អានសៀវភៅមួយក្បាល​នេះ?

លោក ណម ពៅចំរើន ចំណុចពិសេសគឺ យើងអាចស្វែងយល់អំពីចំណុចចាប់ផ្ដើមនៃវត្តមានមនុស្ស​ជាតិនៅ​លើ​ផែនដីថា តើមានតាំងពីពេលណាមក ស្វែងយល់ពីការរស់នៅ ការងារ ការដឹកនាំ ទំនាក់ទំនង ការធ្វើ​ជំនួញ ការធ្វើសង្គ្រាម ការតស៊ូផ្សេងៗ និងការដួលរលំទៅវិញនៃអារ្យធម៌ដែលបានឡើង​ដល់​កំពូល​រួចហើយ។ ជាទូទៅ គ្រប់សៀវភៅទាំងអស់មានលក្ខណៈពិសេសតិចឬច្រើនទៅ​តាម​ប្រភេទ​សៀវភៅ! ក៏ប៉ុន្តែក្នុងនាមជាអ្នកអាន មិនគួររង់ចាំសៀវភៅដែលល្អឥតខ្ចោះនោះទេ។ ឧបមា​ថា​ ​យើងត្រូវងូត​ទឹក​រាល់​ថ្ងៃអ៊‍ីចឹងដែរ ហើយក៏គ្មានទឹកណាឬសាប៊ូណា ដែលងូតតែម្ដងឬកក់តែម្ដង ធ្វើឱ្យរាងកាយរបស់​យើង​ស្អាត​បានយូរនោះដែរ។ ដូច្នោះ​ ការអានត្រូវតែបន្តអានជាប់ជាប្រចាំ តាមដែល​អាច​ធ្វើ​ទៅបាន។

សៀវភៅ “ប្រវត្តិ​សាស្រ្ត​​នៃអារ្យធម៌បុរាណ ភាគ១” និង “មជ្ឈិមបូព៌ា ភាគ១” របស់លោក ណម ពៅចំរើន 

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ ឃើញថា​លោកបានដាក់ចំណងជើងថា “ភាគ១” ដូចនេះមានន័យថា លោកនឹងចេញភាគទី២បន្តទៀត តើមែនទេ? ហើយ​តើ​ “ភាគ១” និង “ភាគ២” ខុសគ្នាអ្វីខ្លះ?  

លោក ណម ពៅចំរើន សម្រាប់ការរៀបរៀងសៀវភៅប្រវត្តិសាស្រ្ត គឺមិនអាចបង្រួមឱ្យខ្លីពេកបានទេ ហើយណាមួយនៅក្នុងកាលៈទេសៈនេះ ក៏មិនអាចដាក់បញ្ចូលសាច់រឿងទាំងអស់ក្នុងសៀវភៅតែមួយក្បាលបានដែរ ពីព្រោះវាធ្វើឱ្យសៀវភៅកាន់តែថ្លៃ កាន់តែធ្ងន់ និងធ្វើឱ្យមនុស្សជាទូទៅ ជាពិសេសយុវវ័យ គ្រាន់​តែ​ឃើញ​សៀវភៅមានកម្រាស់ក្រាស់ធ្វើឱ្យគាត់លែងចង់អានបាត់ទៅហើយ។ សម្រាប់ភាគ២ គឺមាន​ភាព​ខុស​ប្លែកគ្នា ទាំងសម័យកាល ការរស់នៅ ការដឹកនាំ ទំនាក់ទំនង ពាណិជ្ជកម្ម របកគំហើញថ្មីៗ និងមានលទ្ធិផ្សេងៗកើតមានឡើង ដូចជា លទ្ធិប្រជាធិបតេយ្យនៅក្រិកបុរាណជាដើម។

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើលោកគិតថា សៀវភៅនេះ មានចំណុចខ្វះខាតអ្វីខ្លះ ក្រោយពេលចេញផ្សាយកន្លងមកនេះ? ហើយលោកមានផែនការអភិវឌ្ឍវាបន្ថែម​ឱ្យកាន់តែ​ល្អ​យ៉ាងដូចម្តេចទៀត?

ចម្លើយ៖ សម្រាប់ចំណុចខ្វះខាត គឺតែងតែមានដូចជា អក្ខរាវិរុទ្ធ និងអត្ថន័យនៅមិនទាន់ក្បោះក្បាយនៅឡើយដែរ។ សម្រាប់ការអភិវឌ្ឍបន្ថែមទៅលើសៀវភៅនេះ គឺមិនមានជាដុំកំភួននៅឡើយទេ តែ​ត្រូវកែសម្រួលអក្ខរាវិរុទ្ធដែលខុសជាចាំបាច់​។ ប៉ុន្តែអ្វីដែលខ្ញុំកំពុងផ្តោតអារម្មណ៍សំខាន់បន្ត គឺផែនការចេញសៀវភៅផ្សេងៗជាច្រើនដូចជា ប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២, ប្រវត្តិសាស្រ្តទាក់ទងនឹងភាពស្មុគស្មាញ ក៏ដូចជាជម្លោះនៅមជ្ឈិមបូព៌ា និងប្រវត្តិសាស្រ្តបណ្ដាមេដឹកនាំ ឬអ្នកចម្បាំងល្បីៗ ជាដើម។

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើលោកមានអ្វីចង់បន្ថែម សម្រាប់ជាយោបល់ជូនដល់​អ្នកដែល​មានបំណងចង់សរសេរសៀវភៅដែរឬទេ? សូមគោរព​អញ្ចើញ!

លោក ណម ពៅចំរើន សម្រាប់យុវជនសម័យនេះឬសម័យក្រោយៗទៀត ដែលមានបំណងចង់តែងនិពន្ធ ចងក្រង ឬរៀប​​រៀងសៀភៅអ្វីក៏ដោយ បងប្អូនត្រូវតែធ្វើមុនគេនូវចំណុចមួយចំនួន ដូចតទៅនេះ ៖

  • ត្រូវតែស្វែងរកចម្លើយនៃជីវិតឱ្យឃើញជាមុនសិន ឬអ្នកអាចសួរខ្លួនឯងថា “តើខ្ញុំកើតមកលើភពផែនដីនេះ ដើម្បីអ្វី?” ដើម្បីស្វែងរកចម្លើយនៃជីវិត អ្នកអាចអានសៀវភៅដែលជាមេរៀនរបស់ព្រះពុទ្ធ, សៀវភៅបែបទស្សនវិជ្ជា ឬបើខ្ជិលអានសៀវភៅ អ្នកចូលទៅស្តាប់ វីឌីអូជាសំឡេង​នៅក្នុងប្រព័ន្ធអ៊ិនធឺណេត ដោយវាយពាក្យថា “អ្វីទៅជាជីវិត? បុព្វហេតុជីវិត ឬតម្លៃជីវិត” ដោយមានអ្នកប្រាជ្ញទស្សនៈ និងមនុស្សល្បីៗច្រើនណាស់ ដែលបាននិយាយលើកឡើងអំពី ជីវិតនេះ។
  • ចំណុចចាប់ផ្ដើមនៃការតែងនិពន្ធ ចងក្រង ឬរៀបរៀងសៀវភៅ គឺការអានសៀវភៅច្រើនជាមុនសិន និងអានឱ្យបានច្រើនប្រធានបទ។ ពេលដែលអានចំនួនច្រើន និងច្រើនប្រធានបទ នោះយើងពិតជាអាចស្វែងយល់ពីខ្លួនឯងបានថា ខ្លួនចូលចិត្តអ្វី និងមានសមត្ថភាព​​​លើ​ផ្នែក​ណា​មួយយ៉ាង​ប្រាកដ។ ពេលដែលអ្នកបានដឹងថាខ្លួនឯងចូលចិត្តអ្វីហើយ អ្នក​ត្រូវបន្តអាន​​​លើ​ប្រធាន​បទ​នោះ​ឱ្យបានច្រើនបន្ថែម តែមិនត្រូវបោះបង់ចោលសៀវភៅផ្សេង​ទៀត​នោះឡើយ។
  • សកម្មភាពក្នុងការតែងនិពន្ធ ចងក្រង ឬរៀបរៀងសៀភៅ បើអ្នកមិនមានជំនាញខាងអក្សរ សាស្រ្ត ការតែងសំណេរ ឬបើ​និយាយឱ្យស្រួលស្ដាប់មិនដឹងថាត្រូវចាប់ផ្ដើមពីណាទៅណា នោះទេ អ្នកអាចយកសៀវភៅណាមួយដែលអ្នកមានមកធ្វើជាគំរូ រួចក៏ចាប់ផ្ដើមសរសេរ បកប្រែ ចងក្រង ឬរៀបរៀង ជាហូរហែតែម្ដងទៅ។ សម្រាប់ចំណុចចាប់ផ្ដើម គឺវាមានការលំបាកណាស់ ក៏ប៉ុន្តែនៅតែមានមនុស្សធ្វើវាបាន។ ដូចជាការរៀនបើកបរម៉ូតូ, នៅពេលដែលមិនទាន់ចេះបើកបរ គឺថាមិនហ៊ានជិះទៅណាឆ្ងាយនោះទេ តែនៅពេលដែលចេះជិះស្ទាត់ហើយ ទោះបីជិះជុំវិញពិភពលោកក៏ធ្វើបានដែរ។ ដូចគ្នាដែរ រឿងតែងនិពន្ធនេះគ្មានដែនកំណត់នោះទេ អ្វីដែលមានកំណត់ គឺអាយុជីវិតទៅវិញទេ។ ដូច្នេះ ប្រញាប់ចាប់ផ្ដើមធ្វើភ្លាមទៅ នៅចាំដល់ពេលណា?

លោក ណម ពៅចំរើន អ្នក​ស្រាវជ្រា​វ​​ចង​​​ក្រង​សៀវភៅ​បែប​ប្រវត្តិ​សាស្រ្ត​មួយរូបនៅកម្ពុជា

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ណម ពៅចំរើន កើតក្នុងឆ្នាំ១៩៨៩ នៅស្រុក​មោងឫស្សី ខេត្តបាត់ដំបង។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតស្ថាបត្យកម្ម និងជាអ្នក​ស្រាវជ្រា​វ​​ចង​​​ក្រង​សៀវភៅ​បែប​ប្រវត្តិ​សាស្រ្ត​មួយរូប។ បច្ចុប្បន្ន លោកមានអាជីវកម្មផ្ទាល់ខ្លួនតូចមួយ និងជា​អ្នកនិពន្ធនិងអ្នកពិនិត្យកែ​សម្រួល​សៀវភៅ ក្នុងគ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយហាតប៊ុកផងដែរ។  ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថា តើសៀវភៅរបស់លោកមានលក្ខណៈល្អ​ប្រកបដោយគុណតម្លៃយ៉ាងណានោះ? លោកអ្នកអាចរកទិញតាមរយៈ​ហ្វេសហ៊ុកផេករបស់ “គ្រឹះស្ថានហាតប៊ុក” https://www.facebook.com/HeartBookCambodia នោះលោក​អ្នកមុខជាបាន​ជ្រាបច្បាស់មិនខាន។ សូមអរគុណ៕

អត្ថបទ និងរូបភាពផ្ដល់ដោយ ៖ ហាតប៊ុក / រក្សាសិទ្ធិ​ផ្សាយដោយ ៖ cambowriter.com  


error: អត្ថបទរក្សាសិទ្ធ !!