សូមជូនរឿង ៖ បន្តោងក្បាលក្របី (ស្នាដៃអ្នកនិពន្ធ ធឿន វុទ្ធី)

  • August 6th, 2020

បន្តោងក្បាលក្របី (រឿងខ្លីបែបភ័យរន្ធត់ បង្កប់នូវអាថ៌កំបាំងយ៉ាងជ្រាលជ្រៅ រកទីបំផុតគ្មាន)

ឯកស័ក ព.ស. ២៥៦៣

សំឡេងឡានម៉ូតូបើកទៅមក លាន់ពីក្រៅផ្ទះ។ ខ្ញុំងើបអង្គុយនៅលើគ្រែ ដោយអាការៈធីងធោង និងមិនសូវមានកម្លាំងកំហែង។ ទំនងជាយប់មិញ ខ្ញុំរៀបចំសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ដល់យប់ជ្រៅពេកក៏មិនដឹង។ ខ្ញុំចាំបានថា ទម្រាំតែបានចូលគេង ម៉ោងជិត២រំលងអធ្រាត្រទៅហើយ។ ចាប់ទាញទូរស័ព្ទមកមើលម៉ោង… ម៉ោង៧លើសហើយ…

“រ៉ាអើយ! ពេលណាចេញដំណើរ?” សំឡេងប៉ា ក៏បន្លឺចេញពីក្រៅបន្ទប់ ជួយឲ្យខ្ញុំស្វាងងងុយបានមួយកម្រិតទៀត។

ប៉ា និងម៉ាក់ ហៅខ្ញុំថា រ៉ា តែឈ្មោះពេញរបស់ខ្ញុំគឺ វុឌ ចាន់តារា។ ខ្ញុំជាគ្រូបង្រៀន នៅសាលាអនុវិទ្យាល័យមួយក្បែរផ្ទះ ប៉ុន្តែជាកាតព្វកិច្ច ខ្ញុំត្រូវបានប្រធានការិយាល័យអប់រំ ផ្លាស់ចេញយ៉ាងទាន់ហន់ ឲ្យទៅបង្រៀននៅសាលាមួយស្ថិតនៅលើដងទន្លេសាប។ សាលានោះ ជាសាលាបណ្ដែតទឹក មានឈ្មោះថា អនុវិទ្យាល័យបឹងស្រឡៅ ហើយភូមិបណ្ដែតទឹកនោះមានឈ្មោះថា ភូមិបឹងស្រឡៅ។ ខ្ញុំទទួលបានដំណឹងមកថា គ្រូបង្រៀនមុខវិជ្ជា រូបវិទ្យា និងគីមីវិទ្យា នៅសាលានោះ ត្រូវបានផ្ទេរចេញដោយករណីចាំបាច់ ទើបតម្រូវឲ្យមានអ្នកទៅជំនួស​។

ប្រធានការិយាល័យរកគ្រូជំនួសមិនបានសោះ។ កន្លងទៅជាងមួយខែហើយដឹង ទើបលោកគ្រូប្រធានទម្លាក់ភារកិច្ចជំនួសនេះ មកលើគ្រូកំលោះ ទើបចេញបង្រៀនបាន ៣ឆ្នាំ ដូចជាខ្ញុំទៅវិញ។ យប់មិញ ខ្ញុំរៀបចំសម្លៀកបំពាក់ សៀវភៅ ឯកសារ​ គ្រឿងរបស់របរប្រើប្រាស់សព្វគ្រប់បែបយ៉ាង ដាក់ជាកេសៗ រហូតដល់យប់ជ្រៅ ទើបបានជាខ្ញុំក្រោកឡើងទាំងអស់កម្លាំង ហើយល្វើយសឹងតែមិនចង់ក្រោក។

ខ្ញុំចូលទៅងូតទឹកសំអាតខ្លួនរួច ប្រញាប់ដើរទៅផ្ទះបាយ។ ម៉ាក់កំពុងតែដួសបាយឆា ដាក់លើតុបាយល្មម។ ប៉ាអង្គុយនៅទីនោះ ហើយចុចទូរស័ព្ទតាមដានព័ត៌មានពេលព្រឹកជាទម្លាប់គាត់។ ខ្ញុំដើរបង្ហួសទៅយកទឹកត្រជាក់ពីទូទឹកកកមកផឹក រួចចូលទៅអង្គុយ។

“ចេញទៅម៉ោងប៉ុន្មាន?” ប៉ាដកភ្នែកពីទូរស័ព្ទមកសួរខ្ញុំបន្តិច រួចក៏បន្តអូសចុះឡើងដដែល។

“នាយកប្រាប់ថាឲ្យទៅដល់មាត់ទន្លេម៉ោង៩”

“ហើយទៅនៅកើតដែរទេកន្លែងបង្រៀនហ្នឹង? ស្នាក់នៅនឹងសាលាលើទឹកតែម្ដងអ្ហេស?”

“បាទប៉ា! ឮនាយកប្រាប់មកថា មានកន្លែងឲ្យស្នាក់នៅ គ្រាន់តែគ្មានភ្លើងប្រើគ្រប់! នៅទីនោះ គេប្រើផ្ទាំងសូឡា អ៊ីចឹងក៏បានត្រឹមប្រើនេះនោះតិចតួច យប់បន្តិចក៏ដាច់ភ្លើងអស់ហើយ”

“យាយប៉ិហ្នឹង បាត់កូនទៀត! មើល៍…” ប៉ាស្រាប់តែទៅនិយាយរឿងផ្សេងឯណាណោះវិញ។ ខ្ញុំលែងនិយាយ ហើយក៏ប្រញាប់ញ៉ាំបាយ។ ពេលញ៉ាំបាយបណ្ដើរ ខ្ញុំយកទូរស័ព្ទមកបើកហ្វេសប៊ុកបណ្ដើរ។ ព័ត៌មានដាក់ចំណងជើងថា “បាត់កូនស្រីមិនទាន់បានមួយអាទិត្យផង បាត់កូនប្រុសម្នាក់ទៀត” ក៏ត្រូវបានល្បីពេញបណ្ដាញសង្គមព្រឹកនេះ។

*********

ខ្ញុំបើកឡានមកដល់មាត់ទន្លេ ម៉ាក់ជួយទម្លាក់អីវ៉ាន់របស់ខ្ញុំ ចំណែកប៉ាឈរជក់ព្រងើយៗ ជាទម្លាប់មិនសូវរវីរវល់នឹងរឿងខ្ញុំ។ មួយសន្ទុះធំ ខ្ញុំបានឃើញនាយកសាលាបើកកាណូតមកដោយខ្លួនឯង ហើយពន្លត់ម៉ាស៊ីនចូលចតក្បែរនេះ។ ក្រោយនិយាយលេងនឹងគាត់បានបន្តិច ខ្ញុំ និងម៉ាក់ ក៏ជញ្ជូនរបស់ប្រើប្រាស់ខ្ញុំនោះដាក់ចូលកាណូត។

“មើលប្រយ័ត្នប្រយែងខ្លួនផងណាកូនណា”

សំឡេងម៉ាក់បានផ្ដែផ្ដាំទាំងរលីងរលោង មុននឹងកាណូតបើកចេញពីច្រាំង។ ខ្ញុំអង្គុយសម្លឹងទឹកទន្លេយ៉ាងស្រណោះខ្លួន ព្រោះលើកាណូតមានតែខ្ញុំ និងនាយកជាអ្នកបើក។ សាលាដែលខ្ញុំត្រូវទៅបង្រៀន មានគ្រូ៣នាក់ និងនាយកម្នាក់ សុទ្ធតែជាប្រុសទាំងអស់។ ពួកយើងសុទ្ធតែមិនមែនជាអ្នកទីនោះ ដូច្នេះក៏ត្រូវទៅស្នាក់នៅនឹងសាលាតែម្ដង។ ខ្ញុំអង្គុយមើលទេសភាពល្វឹងល្វើយនៃដងទន្លេសាបខែវស្សា មានព្រៃលិចទឹកត្រង់នេះបន្តិច ត្រង់នោះបន្តិច បណ្ដែតអារម្មណ៍តាមទឹករលកបោកកាណូតសឹងតែនឹងដេកលក់។ ជាការកំដរបរិយាកាស ខ្ញុំក៏ងាកទៅនិយាយលេងជាមួយនាយក ដែលផ្ដោតតែលើការបើកកាណូតមួយមុខប៉ុណ្ណោះ។

“លោកគ្រូ! ចុះលោកគ្រូៗ២នាក់ទៀត គាត់នៅសាលាតើអ្ហីលោកគ្រូ?”

“អ្ហះ?” នាយកស្រែកបន្តិច ទំនងសំឡេងម៉ាស៊ីនកាណូតឮខ្លាំងពេក។ ពេលគាត់បន្ថយល្បឿន សំឡេងម៉ាស៊ីនក៏ស្ងាត់ជាងមុន ទុកឲ្យខ្ញុំបាននិយាយម្ដងទៀត។

“លោកគ្រូ២នាក់ទៀត គាត់នៅសាលាតើអ្ហីលោកគ្រូ?”

“អ៎! ហ្នឹងហើយ! នៅសាលា ឲ្យមកផងគេថាមិនចង់មក! ពីរនាក់នោះពុលកាណូត មិនងាយទៅណាទេ បានតែខ្ញុំនេះហើយ! ហឹះៗ” នាយកបញ្ចប់ប្រយោគដោយសំឡេងសើចហឹះៗ ខ្ញុំក៏ញញឹមៗតាមគាត់។

“នៅភូមិឥឡូវរៀងរញ៉េរញ៉ៃបន្តិច” នាយកនិយាយបន្ត។

“រញ៉េរញ៉ៃអីគេលោកគ្រូ?”

“មើល៍! រឿងគេល្បីពេញហ្វេសប៊ុក! អ៊ំមួយនោះ បាត់កូនស្រីបីបួនថ្ងៃ ឥឡូវបាត់កូនប្រុសអាពៅនោះកាលយប់ម្សិលមិញទៀត! ហ៊ើយ!!”

“អ៎…” ខ្ញុំអរឡើងវែង ពេលនឹកឃើញថាបានមើលចំណងជើងព្រឹកមិញ តែមិនបានចូលអាន “ចុះម៉េចអ៊ីចឹងលោកគ្រូ? មានគេតាមរកឬអីទេលោកគ្រូ?”

“មានតើ! រកមិនឃើញ! មិនដឹងបាត់ទៅណា! បើសួរម៉ែនោះ ម៉ែថាដេកជាមួយសុខៗ ងើបព្រឹកឡើងក៏បាត់អ៊ីចឹងទៅ”

“ក្រែងកូនៗគាត់ហ្នឹង រត់ចេញពីផ្ទះទៅណាទេដឹង?”

សំឡេងម៉ាស៊ីន ក៏ចាប់បន្លឺឡើងខ្លាំងដូចមុនវិញ ហាក់ដូចជាប្រយោគសំណួរចុងក្រោយរបស់ខ្ញុំនេះ មិនបានដល់ត្រចៀកនាយកទេ។ ស្ដាប់រឿងនេះរួច ខ្ញុំក៏ដូចជាមិនសប្បាយចិត្តសោះ។ ភូមិដែលខ្ញុំត្រូវទៅស្នាក់នៅដើម្បីបង្រៀន មិនទាន់នឹងបានឃើញបែរមុខទៅទិសខាងណាផង ក៏ឮដំណឹងមកថា រញ៉េរញ៉ៃមុនបាត់ទៅហើយ។

*********

ក្រោយចំណាយពេលជាង១ម៉ោង កាណូតខ្ញុំក៏បានមកអណ្ដែតខ្លួន ចូលក្នុងបរិវេណសាលាអនុវិទ្យាល័យបឹងស្រឡៅ។ ចំពីមុខខ្ញុំនេះ គឺជាសាលាទើបធ្វើថ្មី តាមដែលនាយកប្រាប់នោះ គឺជាជំនួយមកពីអង្គការជប៉ុន។ វាមាន៥បន្ទប់ និងមានបន្ទប់ទឹកអមសងខាង។ កាណូតក៏អណ្ដែតបង្ហួសសាលាថ្មីនេះ ទៅម្ដុំខាងក្រោយ ទីនោះគឺជាសាលាចាស់។ សាលាចាស់ ធ្វើពីឈើ មានចំនួន ៤ បន្ទប់ និងគ្មានបន្ទប់ទឹកទេ។ ទីនោះហើយ ជាកន្លែងស្នាក់នៅរបស់គ្រូៗយើង។

ក្រោយជញ្ជូនអីវ៉ាន់ឡើងលើសាលាចាស់អស់…

“ខ្ញុំស្នាក់នៅជាមួយវណ្ណ នៅបន្ទប់លេខ១” នាយកកំពុងនិយាយមកខ្ញុំ “តារាឯង ចង់ស្នាក់នៅជាមួយសារុន នៅបន្ទប់លេខ២ក៏បាន ចង់ស្នាក់នៅម្នាក់ឯងនៅបន្ទប់លេខ៤ក៏បាន”

“ចុះបន្ទប់លេខ៣នោះលោកគ្រូ?”

“ហៅខ្ញុំ និងគ្រូៗយើងថាបងក៏បានហើយ ឲ្យស្និទ្ធបន្តិច!” នាយក និយាយបណ្ដើរ នាំខ្ញុំដើរឆ្ពោះទៅ បន្ទប់លេខ៣បណ្ដើរ “បន្ទប់លេខ៣ជាផ្ទះបាយ!! ពីមុន គ្រូដែល…” គាត់បង្អូសសំឡេង ធ្វើដូចកំពុងរកនឹក “គ្រូដែលដាក់ពាក្យផ្ទេរចេញ គាត់ស្នាក់នៅបន្ទប់ជាមួយសារុន អ៊ីចឹងបានជាយើងយកបន្ទប់លេខ៣ធ្វើជាផ្ទះបាយ ឯបន្ទប់លេខ៤ក៏ត្រូវទុកចោល។

ពួកយើងបានដើរមកដល់បន្ទប់លេខ៤។ វាពិតជាបន្ទប់ដែលគេទុកចោលពិតមែន ព្រោះគ្រាន់តែដីដែលតោងជាប់នឹងទ្វារបង្អួចបន្ទប់នេះ ក៏ល្មមយកឡានបែនមកដឹកផងទើបអស់។ លោកនាយក ក៏យកសោ មកចាក់បើកទ្វារបន្ទប់លេខ៤ រួចក្អកគឃូស។ ធូលីហោះហើរពេញទាំងបន្ទប់។

“ដោយសារវាមិនមែនផ្ទះ ទើបបានជាធំល្ហល្ហេវ តែត្រជាក់ស្រួលណាស់ ហឹះៗ!! តារាឯងចង់រៀបចំបែបណា ក៏តាមចិត្តចុះណា! ហើយបើត្រូវការទៅណា ឬក៏ទៅបន្ទប់ទឹក ឲ្យសារុនគេជូនទៅចុះ ព្រោះសាលាយើងមានកូនទូកមួយ សម្រាប់ជិះទៅណាជិតៗ” គាត់និយាយបានប៉ុណ្ណេះ ក៏ហុចសោមកឲ្យខ្ញុំ រួចស្រែកទៅគ្រូៗ២នាក់ទៀតនោះ ជួយលើកអីវ៉ាន់ខ្ញុំ មកដាក់ក្នុងបន្ទប់នេះ។

“ជួយណែនាំខ្ញុំផងបង” ខ្ញុំនិយាយទៅបងរុន និងបងវណ្ណ ជាគ្រូៗ។ មើលទៅពួកគាត់ ដូចជាស្ងប់ស្ងាត់ណាស់។ ក្នុងចំណោមពួកគាត់ បងរុនមានទឹកមុខស្រពាប់ស្រពោនបន្តិច។ ខ្ញុំកំពុងតែរៀបចំទុកដាក់ បងរុនក៏ខិតមកសួរនាំ។

“ម៉េចមិនទៅស្នាក់នៅបន្ទប់ជាមួយបង?”

ខ្ញុំឮគាត់សួរបែបនេះ តាំងក្រែងចិត្តគាត់ ខ្លាចគាត់គិតថាខ្ញុំប្រកាន់ ទើបមិនចង់ស្នាក់នៅបន្ទប់គាត់។

“ខ្ញុំមានទម្លាប់គេងយប់ជ្រៅ ហើយគេងមមើជាញឹកញាប់! ខ្ញុំមិនចង់រំខានបងទេ”

“…” បងរុនក៏មិនឮនិយាយអី។ គាត់គ្រាន់តែញញឹមស្ងួតៗ រួចក៏ចេញទៅបាត់។

*********

យប់ទីមួយ

តាមដែលបន្ទប់សាលារៀននេះវាធំល្ហល្ហេវ ទីនេះគួរតែត្រជាក់ស្រួលណាស់ ហើយខ្ញុំខំយកភួយឡើងក្រាស់មកពីផ្ទះ។ តែខុសឲ្យស្រលះ ខ្ញុំពេលនេះកំពុងតែដេកហូរញើសជោកខ្នង។ ខ្ញុំបម្រះចុះឡើងៗនៅដេកមិនលក់ ប្រហែលមកពីប្លែកកន្លែងក៏មិនដឹង។ ទូរស័ព្ទខ្ញុំបង្ហាញម៉ោង 1:45 នាទីរំលងអធ្រាត្រ។ យប់ព្រះចន្ទពេញវង់ ទើបទីនេះ ភ្លឺមើលតែល្ងាចម៉ោង៥អ៊ីចឹង។

ទឹបៗ!! ទឹបៗ!!

ស្នូរសម្រិបជើងមនុស្ស ដើរកាត់ពីមុខបន្ទប់ខ្ញុំ។ ខ្ញុំគិតភ្លាមថា ប្រាកដជាអ្នកណាម្នាក់ក្នុងចំណោមគ្រូៗទាំង៣នាក់នោះ ក្រោកទៅបត់ដៃបត់ជើងមិនខាន។ ទេ!! សាលាចាស់នេះគ្មានបន្ទប់ទឹកទេ។ ខ្ញុំគ្មានអារម្មណ៍ខ្លាចអ្វីសោះ ណាមួយទីនេះក្ដៅស្អុះស្អាប់ ហើយខ្ញុំដេកមិនលក់ផងនោះ ខ្ញុំក៏ក្រោកបើកទ្វារចេញទៅឈរខាងក្រៅ។

មានមនុស្សប្រុសម្នាក់ កំពុងឈរត្រង់ភ្លឹងមើលមកខ្ញុំពីមុខបន្ទប់លេខ២ សម្គាល់បន្ទប់របស់បងរុន។ គេឈរត្រង់ភ្លឹង ហើយមើលមកខ្ញុំមិនដាក់ភ្នែក។ ខ្ញុំមិនស្គាល់គេនោះទេ! ខ្ញុំក៏ចាប់ផ្ដើមភិតភ័យ ហើយស្រែកសួរទៅគេ…

“មករកអី?”

“មកប្រាប់រឿង” គេតបទាំងសំឡេងលុរៗ។

“ប្រាប់រឿងអី?” ខ្ញុំក៏ស្រែកសួរទៀត តែលើកនេះមនុស្សប្រុសនោះមិននិយាយអ្វីទេ។ គេគិតតែឈរសម្លឹងខ្ញុំ ហើយខ្ញុំក៏គិតតែសម្លឹងមើលគេវិញ រួចខ្ញុំក៏ភ្ញាក់ពីយល់សប្ដិ។

ខ្ញុំដកដង្ហើមញាប់ស្មេ ពេលបើកភ្នែកមកឃើញថា នៅតែយប់នៅឡើយ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ខ្លាច ព្រោះមិនធ្លាប់យល់សប្ដិបែបនេះពីមុន។ ដ្បិតអាកាសធាតុក្ដៅដូចគេស្រុះយ៉ាងណាក៏ដោយចុះ ខ្ញុំគិតតែពីទាញភួយមកឃ្លុំ ហើយអង្កុញជើងចូលគ្នាអស់។ ខ្ញុំមានអារម្មណ៍ថា រោមដៃខ្ញុំប៉ះខ្ញាកៗ ពេលខួរក្បាលបានរំលឹកសំឡេងក្នុងយល់សប្ដិអម្បាញ់មិញ។

“មកប្រាប់រឿង?”

*********

 ព្រឹកនេះ ក៏ជាថ្ងៃដំបូងរបស់ខ្ញុំ សម្រាប់ការងារបង្រៀននៅសាលានេះ។ ខ្ញុំបានឃើញសិស្សប្រុសស្រីទីនេះ ខ្លះជិះទូក ខ្លះជិះកាណូត។ កាណូតនីមួយៗរបស់ពួកគេ ជិះគ្នាច្រើនៗលើសពី៥នាក់។ ខ្ញុំបានរៀបចំខ្លួនរួចរាល់មុនគ្រូផ្សេងទៀត ហើយមកឈរចាំពួកគាត់នៅមុខបន្ទប់នាយក។ ពួកយើងក៏ឡើងទូក ដើម្បីចែវចេញពីសាលាចាស់នេះ ទៅសាលាថ្មី។ គ្រូនាយក ក៏និយាយលេងនឹងខ្ញុំ…

“យ៉ាងម៉េចដែរតារា? គេងលក់ដែរទេប្លែកកន្លែងអ៊ីចឹង?”

“មិនអីទេបង” ខ្ញុំក៏ឆ្លើយទៅគាត់វិញ ដោយមិនហ៊ាននិយាយថា ខ្ញុំដេកមិនលក់នោះទេ។ នាយកមិនឮនិយាយអី បងរុនដែលមានមុខស្រពោនជាងគេនោះ និយាយចោល…

“ហ៊ើយ!! យប់មិញរងាណាស់! ខ្យល់នោះខ្យល់”

ខ្ញុំស្ដាប់ឮហើយ ងាកទៅមើលមុខគាត់ភ្លាម រកតែសួរគាត់ថា គាត់និយាយមែនឬលេង តែទូកពួកយើងក៏អណ្ដែតមកដល់សាលាថ្មីល្មម។ រឿងយប់មិញរងាណាស់របស់បងរុន ក៏ត្រូវផ្អាកទុកសិន។

ខ្ញុំដើរចូលថ្នាក់ សិស្សគ្រប់គ្នាងើបឈរជម្រាបសួរព្រមៗគ្នា។ ខ្ញុំក៏ជជែកលេងជាមួយពួកគេ ព្រោះថ្ងៃនេះ ខ្ញុំឥតទាន់ចូលមេរៀនភ្លាមៗទេ។ ក្មេងៗថ្នាក់ទី៨ គេបណ្ដាក់គ្នាសួរមកខ្ញុំ។

“លោកគ្រូបង្រៀនមុខវិជ្ជាអ្វីដែរ?”

“លោកគ្រូបង្រៀនមុខវិជ្ជា រូប គីមី”

“ជំនួសលោកគ្រូលឹមមែនទេលោកគ្រូ?”

ពេលសិស្សសួរបែបនេះ ខ្ញុំត្រូវរកនឹកថា អ្នកណាជាគ្រូលឹម? ឬជាគ្រូដែលផ្ទេរចេញនោះទេដឹង?

“គ្រូលឹមដែលផ្ទេរចេញនោះឬ?” ខ្ញុំសួរទៅកូនសិស្ស។ ពួកគេបើកភ្នែកមើលខ្ញុំភ្លឹះៗ មានសិស្សខ្លះចងចិញ្ចើមដាក់ខ្ញុំ ហើយសិស្សខ្លះឱនក្បាលចូលគ្នាខ្សឹបខ្សៀវ។

“គ្រូលឹមណាផ្ទេរចេញ?…” សិស្សប្រុសម្នាក់ មាឌធំដំបងជាងគេងើបឆ្លើយជាមួយខ្ញុំ “គ្រូលឹមស្លាប់កាលពីខែមុន”

ខ្ញុំស្ដាប់ដល់នេះ ខ្ញុំក៏បើកភ្នែកធំៗដាក់ពួកគេម្ដង។ រោមដៃខ្ញុំ ចាប់ផ្ដើមប៉ះខ្ញាកមួយរំពេច។

*********

រសៀលសម្រាកបន្តិច ខ្ញុំក៏ឆ្លៀតដើរទៅលេងបន្ទប់នាយក។ តាមពិត ខ្ញុំឥតគម្រោងទៅលេងទេ គឺទៅសួររឿងគ្រូលឹមដែលសិស្សប្រាប់ថា ស្លាប់កាលពីខែមុន។ ពេលដើរមកមើលបន្ទប់គាត់ ខ្ញុំឃើញគាត់ និងគ្រូវណ្ណ កំពុងសម្រាកថ្ងៃត្រង់។ ខ្ញុំក៏ដើរត្រលប់ទៅវិញ បងរុនចេញពីបន្ទប់គាត់មកជ្រួសនឹងខ្ញុំល្មម។

“អូ! តារា! ចង់ទៅណាមែនទេ?” បងរុនសួរ។

“អត់ទេបង! ថាមកអង្គុយលេងជាមួយនាយក តែគាត់សម្រាន្តអស់”

“ទៅផ្ទះម្ដាយកូនសិស្សជាមួយបងទេ?”

ខ្ញុំញញឹមងក់ក្បាលបន្តិចដាក់គាត់ រួចក៏ដើរចុះទៅកន្លែងចងទូកជាមួយគាត់។

នៅលើទូក បងរុនជាអ្នកអុំ ព្រោះខ្ញុំមិនចេះអុំទូកទេ។ ខ្ញុំក៏មិនស្រណុកចិត្តដែរ ពេលឃើញបងរុនប្រឹងអុំឡើងបែកញើសជោកបែបនេះ។ ខ្ញុំក៏និយាយលេងនឹងគាត់…

“បងទៅផ្ទះម្ដាយកូនសិស្សធ្វើអី?”

“ទៅសួរនាំរឿងកូនសិស្សនោះ ថាមានឃើញត្រលប់មកផ្ទះវិញឬអត់?”

“កូនសិស្សយ៉ាងម៉េចបង?”

“កូនសិស្សវាបាត់ពីផ្ទះឈឹង មិនដឹងជាទៅណាទាំងមួយទាំងពីរអស់ជិតមួយអាទិត្យហើយ”

ខ្ញុំលេបទឹកមាត់ក្អឹក លែងតបនឹងបងរុន។ ខ្ញុំនឹកឃើញដល់រឿងព័ត៌មានដែលផ្សាយពីការបាត់ខ្លួន របស់កូនអ៊ំស្រីម្នាក់។ ខ្ញុំមិនសូវប្រសប់គិតរឿងបែបនេះសោះ។ មិនប៉ុន្មាន បងរុនក៏ចូលទូកទៅចងនឹងសសរផ្ទះបណ្ដែតទឹកមួយ។

បងរុន និងខ្ញុំ ប្រញាប់ចុះទូកឡើងទៅលើផ្ទះនោះ។ បងរុនហាក់ស្គាល់គ្នាជាមួយអ៊ំស្រីម្នាក់ ដែលសម្គាល់ថាម្ដាយកូនសិស្សនោះស្រាប់ហើយ។ ម្ដាយកូនសិស្ស នាំពួកយើងទៅអង្គុយនៅលើកន្ទេល ដែលក្រាលនៅនឹងរានហាលខាងមុខផ្ទះ។

“បានដំណឹងរ៉ានីខ្លះទេអ៊ំ?” បងរុនចូលដំណើររឿងភ្លាម។

“ទេលោកគ្រូអើយ!” អ៊ំស្រីចំណាស់ តបទាំងរលីងរលោង។

“ចុះរ៉ានុត?”

“…” លើកនេះ អ៊ំស្រីគ្រវីក្បាលយឺតៗ ដូចជាតឹងបំពង់កនិយាយលែងចេញ។ គាត់ស្រាប់តែហូរទឹកភ្នែកឈូ ពេលបងរុនរំលឹកពីឈ្មោះកូនៗគាត់។

“ពួកគេមានយកអ្វីទៅតាមខ្លះទេអ៊ំ?” បងរុនបន្តសួរដោយសំឡេងខ្សាវៗ ជាការរំលែកទុក្ខសោក។ អ៊ំស្រីទាញក្រមាពីក្បាលមកជូតទឹកភ្នែក រួចនិយាយដោយស្អកស្អា។

“វាមិនបានបាត់អីសោះលោកគ្រូ! បើឲ្យបាត់តែខោអាវមួយកំប្លេ ក៏ខ្ញុំមិនសូវគិតកូន តែនេះរបស់របរពួកវានៅទាំងអស់ វាបាត់តែខ្លួនវាណាលោកគ្រូ…” អ៊ំពោលហើយ ហូរទឹកភ្នែករហាមទៀតហើយ។ ខ្ញុំស្ដាប់គាត់ទាំងតឹងទ្រូង សឹងតែយំតាមគាត់។ អ៊ំស្រីក៏បន្តប្រផុតប្រផើយ…

“សូម្បីតែខ្សែកបន្តោងក្បាលក្របី ដែលគ្រូលឹមឲ្យវា ហើយវាប្រាប់ថាវាស្រឡាញ់ណាស់នេះ ក៏មិនទាំងបាត់ទៅណាផង” គាត់បញ្ចប់ដោយយកដៃទាញបន្តោងខ្សែកដែលគាត់កំពុងពាក់ បង្ហាញឲ្យពួកយើងបានឃើញ។

នៅលើទូកត្រលប់ទៅសាលាវិញ…

ខ្ញុំចេះតែនឹកគិតដល់រឿងកូនសិស្សបាត់ខ្លួន។ ខ្ញុំក៏នឹកសួរបងរុនលេងៗទៀត…

“បង! ក្មេងដែលបាត់ខ្លួនហ្នឹង កូនសិស្សសាលាយើងទាំងពីរមិនមែនបង?”

“រ៉ានីនោះ ថ្នាក់ទី៩ ហើយរ៉ានុត ប្អូនប្រុសរ៉ានី ថ្នាក់ទី៧”

“មើល៍! ក្មេងៗ! ហើយបាត់ទៅណាទៅបង?” ខ្ញុំនិយាយរួច ងាកមុខមើលទៅឆ្ងាយ ហាក់ធុញថប់យ៉ាងចម្លែក។

“វាមិនដឹងហ្នឹងណាតារាឯង! ពួកកូនហ្នឹងរៀនពូកែណាស់! សុខៗ វាបាត់ឈឹង! បើបងសួរអ៊ំកាលទើបបាត់រ៉ានីនោះ គាត់ថា… កាលពីយប់ រ៉ានីឈ្លោះគ្នាជាមួយរ៉ានុត រឿងខ្សែកដែលគ្រូលឹមឲ្យរ៉ានី…”

“អូបង! គ្រូលឹម…” ខ្ញុំស្រាប់តែនឹកឃើញសួរកាត់។

“ឈប់! ស្ដាប់រឿងកូនសិស្សសិន! ដល់វាឈ្លោះគ្នា អ៊ំក៏ប្រាប់រ៉ានីថា ឲ្យខ្សែកនោះទៅប្អូនពាក់ទៅ! រ៉ានី គ្នាក៏ដោះឲ្យទៅប្អូនពាក់ទាំងយំរហេមរហាមហេតុតែស្រឡាញ់ខ្សែកហ្នឹង! ដល់ព្រឹកឡើងក៏បាត់រ៉ានីឈឹងមិនដឹងទៅណា មិនឃើញមករៀន ហើយតាំងពីហ្នឹងមកក៏បាត់រ៉ានី…”

“…” ខ្ញុំចាប់ផ្ដើមស្លុងបណ្ដើរៗ។ ទូកចេះតែអណ្ដែតទៅមុខ សំឡេងបងរុនចេះតែបន្ត…

“ដល់លើកទីពីរ ពេលបាត់ខ្លួនរ៉ានុតម្ដង បងក៏បានទៅសួរនាំគាត់ទៀត គាត់ថា រ៉ានុតនឹកបងវាណាស់ ដេកយំឱបខ្សែកបងវារហូត ដល់វាដេកលក់ អ៊ំក៏ដោះយកខ្សែកនោះទុក ស្រាប់តែព្រឹកឡើងវាបាត់រ៉ានុតទៀត តារាឯងជួយគិតមើល៍ វាយ៉ាងម៉េចវិញអារឿងហ្នឹង?”

“…” ខ្ញុំលែងមាត់ ខ្ញុំភ្លេចទាំងរឿងគ្រូលឹមទៀត ខ្ញុំស្លុងចូលតែរឿងកូនសិស្ស។ មានចំណុចមួយ ដែលខ្ញុំចាប់អារម្មណ៍ជាងគេក្នុងរឿងបាត់ខ្លួនកូនសិស្សទាំងពីរនេះ នោះគឺខ្សែកបន្តោងក្បាលក្របីដែលគ្រូលឹមឲ្យទៅរ៉ានី។

ទូកបានមកដល់សាលាវិញ…

យើងនាំគ្នាឡើងលើសាលាតម្រង់ទៅបន្ទប់រៀងខ្លួន។ បងរុនដើរទៅមុនបាត់ ខ្ញុំដើរត្រឹកៗទៅតាមក្រោយ​។ គ្រូនាយកក៏ចេញពីបន្ទប់ មកទាន់ខ្ញុំល្មម។

“អូ! មកពីណាហ្នឹងតារា?”​ គាត់សួរទាំងញញឹមតាមទម្លាប់។ នាយក មើលទៅគួរឲ្យគោរព និងចិត្តល្អណាស់។

“អ៎បង! ខ្ញុំទើបមកពីផ្ទះម្ដាយកូនសិស្សជាមួយបងរុន”

“ម្ដាយរ៉ានី រ៉ានុត មែន?”

“បាទបង”

“…” នាយកទម្លាក់ទឹកមុខបន្តិច ហាក់ដឹងរឿង។ ពួកយើងដូចជាអស់ពាក្យនិយាយ ខ្ញុំឱនគំនាប់គាត់បន្តិច ហើយដើរផុតពីគាត់។ បានមួយជំហាន ខ្ញុំក៏នឹកឃើញរឿងចង់សួរឲ្យអស់ចិត្ត…

“បង!” ខ្ញុំបែរទៅនាយកវិញ “ខ្ញុំសួរបងរឿងមួយបានឬអត់?”

“ម៉ោះ! មានអី! ចូលមកអង្គុយខាងក្នុងសិនមកតារា” នាយកក៏ដើរចូលទៅក្នុងបន្ទប់គាត់វិញ។ ខ្ញុំចូលទៅអង្គុយនៅនឹងកៅអី ទល់មុខតុធ្វើការរបស់គាត់។

“មានរឿងអីចង់សួរបង?”

“គឺរឿងគ្រូលឹម”

“…” គាត់បើកភ្នែកធំបន្តិច។

“កូនសិស្សប្រាប់ខ្ញុំផ្សេងពីបង!!” ខ្ញុំនិយាយដោយមិនសូវហ៊ានសម្លឹងភ្នែកគាត់។

“ហ៊ើយ!!… តាមពិត បងមិនចង់និយាយ ព្រោះតារាឯងទើបមកដល់ បងក្រែងតារាឯងខ្លាច!”

“ខ្ញុំមិនសូវចេះខ្លាចទេបង! បងនិយាយប្រាប់ខ្ញុំផង” ខ្ញុំប្រញាប់រន្ថាន់ចង់ដឹង។

“គ្រូលឹម ស្លាប់កាលពីខែមុន! ដំ​បូងៗ បងគិតថាលឹមគេលួចទៅលេងស្រុកកំណើត តែមានឯណា! បានតែមួយអាទិត្យ យើងក៏រកឃើញសពលឹម អណ្តែតជាប់នៅនឹងគល់រាំងក្រោយសាលានោះ…” នាយកបញ្ចប់ប្រយោគ ដោយបែរមុខបូញមាត់ទៅខាងក្រោយសាលា ធ្វើឲ្យខ្ញុំត្រូវមើលទៅតាមគាត់។ តាមចន្លោះបង្អួចបន្ទប់នេះ ខ្ញុំអាចឃើញដើមរាំងលិចទឹកមួយ ឆ្ងាយពីនេះជិត២០ម៉ែត្រ សន្មតថាជាកន្លែងដែលគេរកឃើញសពគ្រូលឹម។ ខ្ញុំព្រឺរោមដៃម្ដងទៀតហើយ។

ត្រឺត!! ទូរស័ព្ទលោកនាយកដែលទុកលើតុនេះ ក៏រោទ៍ឡើង។

“បងសុំទៅនិយាយទូរស័ព្ទបន្តិចណា”

ខ្ញុំឱនងក់ក្បាលបន្តិច នាយកចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ។ ខ្ញុំចេះតែរេភ្នែក មើលនេះនោះក្នុងបន្ទប់របស់គាត់។ គ្រូវណ្ណ ដេកលក់ភ្លឹងនៅលើគ្រែក្បែរបង្អួច។ នៅជញ្ជាំងជ្រុងខាងនោះ មានតាំងក្ដារខៀនមួយសរសេរពី រចនាសម្ពន្ធគ្រូបង្រៀនរបស់អនុវិទ្យាល័យបឹងស្រឡៅ។ ខ្ញុំក៏បានឃើញឈ្មោះគ្រូៗទាំងបួននាក់នៅលើក្ដារខៀននោះ និងមានឈ្មោះរបស់លោកគ្រូ ហុក សាលឹម ដែលមិនទាន់បានប្ដូរចេញ។ នៅពីក្រោមឈ្មោះរបស់គាត់ មានសរសេរហាយឡៃដោយហ្វឺតពណ៌ក្រហម អំពីឈ្មោះគណនីហ្វេសប៊ុករបស់គាត់។

*********

យប់ទីពីរ

ខ្ញុំប្រញាប់រៀបចំមេរៀន សម្រាប់បង្រៀនសិស្សឲ្យបានមុនភ្លើងរលត់។ ម៉ោង៨យប់ ភ្លើងក៏រលត់ឈឹងល្មម។ ខ្ញុំលូនចូលដេក តែខ្ញុំដេកឆែកគណនីហ្វេសប៊ុករបស់លោកគ្រូលឹម។ ខ្ញុំពិតជារន្ធត់ចិត្តណាស់ ពេលឃើញរូបរបស់គាត់។ ខ្ញុំបានរលឹកដល់មនុស្សប្រុសក្នុងយល់សប្ដិខ្ញុំនោះ គឺជាគ្រូលឹមនេះឯង។ គាត់បាននិយាយថា គាត់មកដើម្បីប្រាប់រឿង។ ខ្ញុំចាប់ផ្ដើមប៉ះរោមខ្ញាកទៀត តែខ្ញុំបន្តឆែកមើលរូបរបស់គាត់។ រូបចុងក្រោយដែលគាត់បានបង្ហោះនោះ គឺជារូបដំណើរកំសាន្តទៅភ្នំគូលែន។ ខ្ញុំឃើញគាត់ឈរថត នៅកន្លែងលក់វត្ថុអនុស្សាវរីយ។ ខ្ញុំមើលបានមួយសន្ទុះ ក៏នឹកឈប់ចង់ដឹងរឿងរបស់គាត់ទៀត។

ខ្ញុំចូលដេក ខ្ទង់ម៉ោង៩យប់…

ស្នូរសម្រិបជើងកាត់មុខបន្ទប់ខ្ញុំ ចាប់ផ្ដើមឮទៀតហើយ ក្រោយពេលដែលខ្ញុំដេកលក់ប្រហែលមួយស្រឡេត។ លើកនេះ​ខ្ញុំច្បាស់ដូចថ្ងៃ ថាខ្ញុំមិនបានយល់សប្ដិទេ។ ទិដ្ឋភាពទឹកមុខគ្រូលឹម ឈរសម្លឹងមកមើលខ្ញុំក្នុងយល់សប្ដិម្សិលមិញ ក៏បានប្រតិដ្ឋពេញខួរក្បាល។ គ្រូលឹមស្លាប់ហើយ ច្បាស់ជាគ្រូលឹមមកលងខ្ញុំមិនខាន​។ ខ្ញុំអត់ហ៊ានក្រោកទេ ខ្ញុំគិតតែសំងំ ហើយទទូរភួយជិតឈឹង។

ប៉័ងៗ!! សំឡេងគោះទ្វារ។

“តារា? តារាបើកទ្វារបន្តិច?” សំឡេងបងរុន ស្រែកសួរពីមាត់ទ្វារ។

“អ្នកណាគេហ្នឹង?” ខ្ញុំតបដើម្បីឲ្យគ្រាន់តែប្រាកដចិត្ត។

“បង! សារុន”

ខ្ញុំទាញទូរស័ព្ទមកមើលម៉ោង ឃើញម៉ោងទើបតែ១០យប់ ខ្ញុំក៏ក្រោកទៅបើកទ្វារទាំងខ្លាចៗ។ពិតជាបងរុនពិតមែន។ គាត់កាន់ភួយកាន់ខ្នើយ មកឈរនៅមុខបន្ទប់ខ្ញុំ។ ដោយមិនបាច់ខ្ញុំសួរទាន់ គាត់ក៏និយាយបានមុន។

“បងសុំដេកជាមួយ មួយយប់ផង”

“…” ខ្ញុំរកតែតបអ្វីមិនទាន់សោះ។ ខ្ញុំក៏ឲ្យបងរុនគេងជាមួយខ្ញុំ។ មុងរបស់ខ្ញុំធំល្មម យើងអាចគេងពីរនាក់បាន។ ខ្ញុំមិនបានសួរនាំអ្វីបន្តិច ព្រោះខ្ញុំកំពុងគិតផ្ដេសផ្ដាស។ ខ្ញុំគិតថា បងរុនត្រូវខ្មោចគ្រូលឹមលង។ ខ្ញុំកំពុងសំងំគេង សំឡេងបងរុននិយាយខ្សឹបៗ។

“តារា! បងចាប់អារម្មណ៍រឿងមួយ មិនដឹងតារាឯងគិតដូចបងឬអត់?”

“អីទៅបង?” ខ្ញុំប្រឹងតបទាំងខ្សឹបៗដូចគាត់។

“បងចេះតែដេកគិតពីរឿងខ្មោចបងលឹម! បងធ្លាប់ឮគាត់និយាយប្រាប់មុនគាត់ស្លាប់…”

“ចាំនិយាយថ្ងៃមិនបានទេអ្ហីបង?” ខ្ញុំកាត់បងរុន បង្ហាញចរិតកំសាកញីភ្លាម។

“ទេ! បងខ្លាចភ្លេច បងចង់និយាយឲ្យហើយ ទើបបងមកដេកជាមួយតារាឯង! បងនិយាយឲ្យតារាឯងជួយចាំបង ខ្លាចបងភ្លេច”

“បាទបង” ខ្ញុំនិយាយរួច លេបទឹកមាត់ក្អឹក ត្រៀមស្ដាប់បងរុន។

“គឺកាលនៅរស់ ខ្មោចបងលឹមធ្លាប់និយាយលេងនឹងបងថា ពេលដែលគាត់ទៅលេងភ្នំគូលែន គាត់បានទិញខ្សែកប​ន្តោងក្បាលក្របី ពីកូនក្មេងដើរលក់! ក្មេងនោះប្រាប់បងលឹមថា បើពាក់វាហើយ កុំដោះចេញពី ក ព្រោះបន្តោងក្បាលក្របីនោះ ជាបន្តោងស័ក្កិសិទ្ធស្អីមិនដឹងទេ ! អាពេលបងលឹមនិយាយប្រាប់បងនោះ​ គាត់ដូចសើចញឹមៗ ប្រហែលមិនជឿក្មេងនោះទេ! ហើយបងទើបតែនឹកឃើញចាប់អារម្មណ៍មុននេះឯង”

“ចាប់អារម្មណ៍អីគេបង?”

“គឺខ្មោចបងលឹម បានដោះខ្សែកគាត់ ទៅឲ្យរ៉ានីថ្នាក់ទី៩ ដោយសាររ៉ានីសុំគាត់រាល់ថ្ងៃពេក”

“បងឯងចង់ថា…”

“ហ្នឹងហើយ! បងចង់ថា ពេលដោះខ្សែកឲ្យទៅរ៉ានីនោះមិនបានប៉ុន្មានថ្ងៃ បងលឹមក៏បាត់ខ្លួន រួចក៏ឃើញសពអណ្តែតជាប់គល់រាំងក្រោយសាលាយើងកំពុងដេកនេះ…”

បងរុន សម្រាយយ៉ាងលម្អិត មិនខ្វល់ខ្ញុំដែលតក់ស្លុតសឹងគាំងបេះដូងងាប់នេះទេ។

“…តែថា បងលឹមគាត់ចេះហែលទឹក គាត់មិនសមនឹងលង់ទឹកទេ! បងលឹមក៏មិនចេះផឹកស្រា មិនសមស្រវឹងស្រា ហើយធ្លាក់ទឹកដែរ!! អានេះមិនសូវអស្ចារ្យទេតារាឯង! អាអស្ចារ្យជាងនេះ តារាឯងចាំសម្ដីម្ដាយរ៉ានីគាត់និយាយបានឬអត់? គាត់ថា យប់មុនពេលរ៉ានីបាត់ខ្លួន រ៉ានី និងរ៉ានុត ឈ្លោះគ្នាដណ្ដើមខ្សែករូបក្បាលក្របីហ្នឹង ហើយរ៉ានីក៏ដោះទៅឲ្យប្អូនពាក់”

“ហើយរ៉ានីក៏បាត់ខ្លួន…” ខ្ញុំនិយាយកាត់បងរុនដោយឯងៗ ទាំងខ្ញុំកំពុងបះរោមខ្ញាកៗទៀត។

“អើ! អាហ្នឹងហើយដែលបងចាប់អារម្មណ៍! ក្រោយមក ម្ដាយរ៉ានីអាណិតរ៉ានុតដែលយំឱបខ្សែកបងស្រីវាឲ្យនោះរាល់យប់ពេក គាត់ក៏ដោះពីរ៉ានុតមកទុក…”

“រ៉ានុតក៏បាត់ខ្លួនទៀត..” ខ្ញុំក៏និយាយកាត់បងរុនជាលើកទីពីរ។ អ្វីដែលបងរុននិយាយ ហាក់បានជ្រាបចូលពេញសព្វខួរក្បាលខ្ញុំហើយ។

ក្អឹក! សំឡេងបងរុន លេបទឹកមាត់ក្អឹក។ ខ្ញុំ និងគាត់ក៏ស្ងាត់មាត់ជ្រាប សល់តែភាពងងឹតព្រាលៗ និងសំឡេងទឹកទន្លេរលកតិចៗពីក្រោមខ្នងដែលយើងកំពុងដេកនេះ។ ខ្ញុំកំពុងតែមានពាក្យចង់និយាយទៅបងរុន ដោយទ្រាំមិនបាន ខ្ញុំក៏និយាយ។

“បើដូចបងឯងនិយាយមែន ខ្សែកឥឡូវកំពុងតែពាក់នឹងករបស់ម្ដាយរ៉ានីហើយបង”

“បងដឹងហើយ! បងនឹងប្រញាប់ទៅនិយាយនឹងគាត់! មិនថាគាត់ជឿឬមិនជឿ បងនឹងនិយាយកុំឲ្យគាត់ដោះ! ព្រឹកនេះ បងចេញទៅភ្លាម តារាឯងចាំជួយមើលសិស្សឲ្យបងផង”

*********

ព្រឹកឡើង

បងរុនខ្នះខ្នែងចេញទៅផ្ទះម្ដាយរ៉ានីទាំងព្រលឹម ឯខ្ញុំមិនទាន់ប្រាប់រឿងនេះដល់នាយក និងបងវណ្ណទេ។ ពួកយើងក៏ចូលបង្រៀន ខ្ញុំក៏បានឆៀងទៅប្រាប់ថ្នាក់ដែលប៉ះជាមួយគ្រូរុន ឲ្យនៅស្ងៀមស្ងាត់ក្នុងថ្នាក់រង់ចាំគាត់។ ខ្ញុំមកបង្រៀនមិនទាន់នឹងមួយដង្ហើមស្រួលបួលផង បងរុនត្រហេបត្រហបមកដល់មុខថ្នាក់ខ្ញុំ។

ខ្ញុំឃើញមុខគាត់ស្លេកស្លាំងគ្មានឈាម ខ្ញុំក៏ដឹងថាមានរឿងមិនស្រួល។ ខ្ញុំគិតបែបងាយៗ ក៏បានដឹងថាមានរឿងអ្វី តែខ្ញុំសុខចិត្តដើរទៅឲ្យជិតគាត់។ បងរុនឱនមកខ្សឹបទាំងប្រផុតប្រផើយ។

“អត់ឃើញគាត់ទេ”

ដំណឹងនេះ បានដឹងយ៉ាងរហ័សដល់បងនាយក រួចធ្លាយដល់មេភូមិទីនេះ។ ពួកយើងកៀងគរគ្នា ចុះទូកចុះកាណូត ចេញរកម្ដាយរបស់រ៉ានី។ ភូមិបឹងស្រឡៅ មិនជាធំប៉ុន្មានឡើយ ចែកជើងគ្នារកតែកន្លះព្រឹក ក៏សព្វអស់គ្រប់កន្លែង។ ប៉ុន្តែ យើងរកម្ដាយរ៉ានីមិនឃើញសោះ។

“បង! យើងទៅផ្ទះម្ដាយរ៉ានីម្ដងទៀតដឹងបង? យើងទៅរកខ្សែកនោះ ក្រែងគាត់ដោះទុក”

ខ្ញុំលើកសំណើទៅបងរុនភ្លាម ខណៈយើងត្រលប់មកពីរកម្ដាយរ៉ានីជាមួយក្រុមមេភូមិវិញ។ បងរុនឯកភាព គាត់ក៏ចែវទូកលឿនស្លេវ តម្រង់ផ្ទះម្ដាយរ៉ានី។ យើងនាំគ្នារកមើលខ្សែកបន្តោងក្បាលក្របីនោះ គ្រប់កន្លៀតផ្ទះរបស់គាត់ តែរកមិនឃើញសោះ។ ដូច្នេះ ខ្ញុំ និងបងរុន សន្និដ្ឋានលើការបាត់ខ្លួនរបស់ម្ដាយរ៉ានីគឺ ៥០រស់ ៥០ស្លាប់។

ខ្ញុំនៅតែមិនអស់ចិត្តចំពោះរឿង​នេះ ខ្ញុំក៏យករឿងដែលខ្ញុំបានដឹងទៅប្រាប់នាយក និងបងវណ្ណឲ្យដឹងដែរ។ ពួកគាត់ស្ដាប់ខ្ញុំហើយ មិននិយាយ មិនមានយោបល់ គាត់ចេះតែអឺអើ ហាក់ជឿបន្តិច អត់បន្តិច។ ខ្ញុំដើរចេញពីបន្ទប់នាយកទាំងអស់សង្ឃឹម។ នាយកគ្មានគំនិតអ្វី ចំពោះការបាត់ខ្លួននេះទេ។ យើងមិនអាចសន្និដ្ឋានថាគាត់រស់ ឬស្លាប់ ហើយក្នុងនាមខ្ញុំជាគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្ដ ខ្ញុំក៏មិនអាចដើរប្រាប់គេគ្រប់គ្នាថា រឿងទាំងនោះ បណ្ដាលមកពីបន្ដោងខ្សែករូបក្បាលក្របីស្អីគេនោះដែរ។

ខ្ញុំដើរត្រឹកៗ ដោយអារម្មណ៍ហេងហាង ចូលមកដល់ក្នុងបន្ទប់ ក៏ឃើញបងរុនអង្គុយទីនោះចាំខ្ញុំ។ បងរុនឃើញខ្ញុំ ក៏ដើរចូលមករកខ្ញុំភ្លាម។

“តារា! ទៅជាមួយបង! យើងនាំគ្នាទៅសួរអ្នកជិតខាងម្ដាយរ៉ានីស្ងាត់ៗតែពីរនាក់បានហើយ”

ខ្ញុំយល់អារម្មណ៍របស់បងរុន ខ្ញុំក៏ប្រញាប់ទៅជាមួយគាត់ភ្លាម។ បងរុន ចែវទូកសំដៅទៅផ្ទះមួយ ដែលនៅក្បែរផ្ទះម្ដាយរ៉ានី។ យើងបានសួរនាំគាត់ តែគាត់ថាមិនដឹងអ្វីទាំងអស់។ ពួកយើងក៏បានចែវទៅផ្ទះមួយទៀត ដែលនៅជិតគ្នានោះដែរ។ ខ្ញុំ និងបងរុន ឡើងទៅអង្គុយមាត់ទ្វារផ្ទះគាត់។

“ពូនឿនទៅណាហើយមីង?” បងរុនសួរទៅមីងម្នាក់ អាយុក្មេងជាងម្ដាយរ៉ានីបន្តិច។

“ចាសលោកគ្រូ! ឪវាគាត់ទៅលើក បរ តាំងពីព្រឹក! លោកគ្រូរកគាត់មកមានការអីអ្ហះ?”

ខ្ញុំឃើញបងរុន បម្រុងតែនឹងសួរបន្តទៀត ស្រាប់តែមានក្មេងប្រុសម្នាក់ អាយុប្រហែលបួនខួប រត់តះៗចូលមករកមីងនោះ។ បេះដូងខ្ញុំលោតបោកនឹងទ្រូងប៊ឹបអស់ទំហឹង ខ្ញុំ និងបងរុន ងាកមើលមុខគ្នាឡិងឡង់ៗ។ មីងនោះ គាត់សើចកក្អឹកដាក់កូនគាត់ ឥតបានដឹងថា ខ្ញុំនឹងបងរុន កំពុងតែតក់ស្លុតប៉ុនណាទេ កាលបើខ្ញុំបានឃើញខ្សែកបន្តោងក្បាលក្របី នៅនឹងកក្មេងអាយុបួនខួបនោះ។

*********

 ខ្ញុំមិនទាន់ត្រលប់ទៅសាលាវិញទេ!

ខ្ញុំនៅចាំរហូតដល់ក្មេងនោះដេកលក់ថ្ងៃត្រង់ ទើបខ្ញុំ និងបងរុន សុំនិយាយជាមួយនឹងមីងនោះម្ដង​ទៀត។ ប្ដីរបស់គាត់ ឈ្មោះពូនឿននោះ ក៏មិនទាន់មកពីលើកបរវិញដែរ។ បងរុន ជាគ្រូចាស់ ហើយមីងគាត់ធ្លាប់ស្គាល់ ទើបបងរុនជាអ្នកនិយាយពីរឿងនេះ ឯខ្ញុំជាគ្រូទើបមកថ្មី ខ្ញុំបានតែអង្គុយៗក្បែរពួកគាត់។

“ខ្សែកដែលអាអូនពាក់នោះ បានមកពីណាមីង?”

“ដឹងអីវា!” មីងតបភ្លាម “ស្រាប់តែឃើញបានមកពាក់”

ខ្ញុំចាប់ផ្ដើមស្លុតមួយរំពេច រង់ចាំស្ដាប់បងរុននិយាយបន្ត។

“មីង! ក្នុងនាមខ្ញុំជាគ្រូបង្រៀនរាប់ឆ្នាំនៅទីនេះ មីងតាមខ្ញុំម្ដងទៅមីង! មីងព្យាយាមធ្វើយ៉ាងណា កុំឲ្យអាអូនដោះខ្សែកនោះចេញឲ្យសោះ”

“ម៉េចចឹងលោកគ្រូ?” មីងចងចិញ្ចើមភ្លាម។

“ខ្ញុំមិនដឹងថា និយាយទៅមីងនឹងជឿឬអត់…”

“ឲ្យគ្នាពាក់រហូតយ៉ាងម៉េចលោកគ្រូអើយ! បន្តោងក្បាលក្របីឡើងប៉ុនណាណី គ្នាដេកម៉េចបាន? ណាមួយគ្នាក្មេងផង ប្រាប់វាម៉េចស្ដាប់លោកគ្រូ” មីងស្រាប់តែនិយាយកាត់ ដោយមិនទាន់ស្ដាប់ហេតុផលអ្វីមួយម៉ាត់ពីបងរុនឡើយ។

“មីង! ឥឡូវខ្ញុំព្រមប្រាប់មីង តែមីងត្រូវជឿខ្ញុំ…”

បងរុនចាប់ផ្ដើមនិយាយរឿង តាំងពីដើមដល់ចប់ឲ្យមីងស្ដាប់ ឯខ្ញុំព្យាយាមសង្កេតទឹកមុខរបស់មីង ហើយស្រាប់តែមិនប្រាកដចិត្តថា មីងនោះនឹងជឿពួកយើងឬអត់។

*********

យប់ទីបី

យប់នេះ ខ្ញុំអង្គុយរៀបមេរៀនត្រៀមបង្រៀនសិស្ស ទាំងអារម្មណ៍មិននៅនឹងខ្លួន។​ អារម្មណ៍នឹកអាល័យកូនសិស្សដែលបាត់ខ្លួន ទោះមិនបានឃើញមុខសោះក៏ដោយ។ អារម្មណ៍នឹកអាល័យម្ដាយរបស់សិស្ស ដែលទើបនឹងនិយាយគ្នាស្រស់ៗ។ អារម្មណ៍មួយទៀត បារម្ភកូនក្មេងដែលកំពុងពាក់ខ្សែកនោះ ក្រែងលោវាដោះចេញ។ ខ្ញុំចេះតែគិត មេរៀនដែលរៀបចំនេះ ក៏រៀបមិនរួច។ ខ្ញុំគ្រវីក្បាលកុំឲ្យខ្លួនឯងគិតអស់ជាច្រើនដង ហើយភ្លើងក៏រលត់ភ្លឹបតាមទម្លាប់។

ខ្ញុំងើបដើរទៅឈរនៅមាត់បង្អួច។ ចំពីមុខខ្ញុំចម្ងាយប្រហែល២០ម៉ែត្រនេះ គឺដើមរាំងលិចទឹក ខ្ញុំក៏ស្រាប់តែនឹកដល់សពគ្រូលឹម។ ខ្ញុំព្រឺរោមខ្ញាកទៀត គិតចង់ទាញបង្អួចបិទ តែខ្ញុំអត់ទេ។ ខ្ញុំបន្តសម្លឹងទីនោះ ព្រោះភ្នែកខ្ញុំប្រាប់ថា មានអ្វីអណ្តែតនៅទើមៗនៅក្បែរគល់រាំង។ ខ្ញុំសម្លឹងមិនអស់ចិត្ត ខ្ញុំស្រវារកពិល ឈួលទៅទីនោះទៀត។ នេះខ្ញុំក្លាយជាក្លាហានតាំងពីពេលណា? ខ្ញុំកាន់តែបើកភ្នែកធំៗ ប៉ុន្តែខ្ញុំមិនច្បាស់ថា នោះជាអ្វីសោះ។ ខ្ញុំក៏ប្រញាប់ដើរទៅបន្ទប់បងរុន។

បងរុន បើកទ្វារភ្លាម ខ្ញុំទាញដៃគាត់មកក្បែរបង្អួចគាត់ភ្លាម។ ខ្ញុំយកពិលដែលខ្ញុំកាន់មកពីបន្ទប់ខ្ញុំ ឈួលទៅទីតាំងដើមរាំងលិចទឹកនោះម្ដងទៀត។

“បងឯងជួយមើលខ្ញុំ!” ខ្ញុំនិយាយបានតែប៉ុណ្ណឹង បងរុនមើលតាមខ្ញុំបានតែមួយភ្លែតគត់ គាត់ក៏ស្ទុះស្រវាបានពិលរបស់គាត់ ហើយឈួលទៅតាមខ្ញុំដែរ។ ពន្លឺពិលពួកយើងទាំងពីរ ក៏បង្ហាញឲ្យឃើញកាន់តែច្បាស់ជាងមុន តែពួកយើងក៏មិនហ៊ានសន្និដ្ឋានផ្ដេសផ្ដាស។

ខ្ញុំ និងបងរុន នៅមិនសុខទេ ពួកយើងក៏ចេញទៅដល់បន្ទប់នាយក និងបងវណ្ណទៀត។ លើកនេះ មានពិលបីបួន បញ្ចាំងទៅទីនោះ។ យើងទាំងបួន ភ្នែកសក្បុស បងនាយកប្រញាប់នាំពួកយើងចែវទូកទៅផ្ទះមេភូមិ។ យើងអត់មានអ្នកណាហ៊ានទៅទីនោះទេ។ ទាល់តែបានមកដល់ផ្ទះមេភូមិ រួចប្រាប់ហេតុការណ៍ដែលបានឃើញ មេភូមិក៏នាំអ្នកភូមិប្រុសៗបានពីរនាក់ថែមទៀត។ ពួកយើងទាំងអស់គ្នា ក៏មូលមតិ ចែវទូកទៅម្ដុំគល់រាំងនោះទាំងកណ្ដាលយប់។ ទូកមេភូមិមានគ្នាបីនាក់ ហើយទូកខ្ញុំមានគ្នាបួននាក់។

ពន្លឺពិល បញ្ចាំងឆ្វេចឆ្វាចទៅមក…ទូកអណ្តែតចូលកាន់តែជិត ក្លិនស្អុយអសោចក៏កាន់តែធុំភាយៗ។ ខ្ញុំទ្រាំលែងបាន ខ្ញុំក៏យកដៃខ្ទប់ច្រមុះ។

“បានហើយបងរុន! ឈប់ចែវទៀតទៅ” ខ្ញុំក៏រន្ថាន់ទៅបងរុនទៀត ព្រោះខ្ញុំទ្រាំលែងបានមែនទែនហើយ។ បងរុនឈប់ចែវ សល់តែទូកមេភូមិដែលបន្តអណ្តែតចូលទៅទីនោះ។ ពួកគាត់យកច្រវា ទៅគាស់មើលរបស់ដែលអណ្តែត រួចបងនាយកក៏ប្រកូកសួរភ្លាម។

“អ្នកណាអ៊ំ?”

“សាវៃ ម៉ែរ៉ានី” សំឡេងអ្នកដែលគាស់នោះ ឆ្លើយជំនួសមេភូមិ។

*********

ព្រឹក!

ខ្ញុំមកនៅភូមិអណ្តែតទឹកនេះទើបតែបានបីយប់ ខ្ញុំជួបរឿងសឹងតែគ្រុន។ នាយក និងបងវណ្ណ ដូចជាកាន់តែជឿរឿងនេះជាងមុនហើយ។ បងនាយកក្រោកតាំងពីព្រឹក ទៅជួយបុណ្យសពម្ដាយរ៉ានីនៅឯវត្តបឹងស្រឡៅ ឯបងរុនចេញទូកទៅមើលកូនក្មេងបួនខួបនោះ។ បងរុនដាច់ចិត្តថា នឹងនិយាយរឿងបន្តោងក្បាលក្របី ប្រាប់មេភូមិហើយ។

ព្រឹកនេះ ខ្ញុំចូលបង្រៀនសិស្សទាំងស្លន់ៗ ភាំងៗ ហើយត្រូវសិស្សសួរថាកើតអីជាញឹកញយ។ បង្រៀនបានមួយសន្ទុះ បងរុនមកឈរពីមុខថ្នាក់ មើលមកខ្ញុំទាំងមុខស្ពាន់គ្មានឈាមមួយតំណក់។ ខ្ញុំស្មានបានដោយខ្លួនឯងភ្លាមៗ រួចខ្ញុំសឹងតែដួលនៅនឹងមុខសិស្ស។ ខ្ញុំមិនមែនសឹងតែដួលទេ គឺខ្ញុំបានងងឹតមុខស្លុប ហើយដួលប្រូសនៅនឹងមុខសិស្សតែម្ដង។

*********

ខ្ញុំបានដឹងខ្លួនមកវិញ អ្នកដែលខ្ញុំឃើញមុខមុនគេគឺ បងរុន។ គាត់អង្គុយនៅនឹងចុងជើងខ្ញុំ ហើយមើលមកខ្ញុំ។ ខ្ញុំច្រត់ខ្លួនឲ្យងើបអង្គុយ ទើបខ្ញុំដឹងថា ខ្ញុំកំពុងដេកលើគ្រែក្នុងបន្ទប់ខ្ញុំ។ បងរុន មុខឡើងក្រៀមផ្អេះ ភ្នែកក្រហមៗ មើលមកខ្ញុំមិនព្រមនិយាយអ្វីសោះ។ ខ្ញុំក៏សួរគាត់ទាំងសំឡេងខ្សាវៗ…

“មានរឿងអីបង?”

បងរុន ក៏មិននិយាយអី។ គាត់លាដៃមកបង្ហាញរបស់ម៉្យាងដែលនៅនឹងដៃគាត់។ ខ្ញុំក៏ព្យាយាមមើលអ្វីដែលគាត់កំពុងបង្ហាញខ្ញុំ។ ខ្សែកបន្តោងក្បាលក្របីនោះ កំពុងនៅនឹងដៃគាត់។ ខ្ញុំកាត់យល់ដោយខ្លួនឯង ខ្ញុំទម្លាក់ខ្លួនដេកលើគ្រែវិញ រួចខ្ញុំស្រាប់តែហូរទឹកភ្នែកច្រោក។ រូបភាពក្មេងអាយុបួនខួបនោះ ស្ទុះវឹងមកសណ្ធិតខួរក្បាលខ្ញុំ។

*********

ខ្ញុំមកបុណ្យសពក្មេងនោះ ជាមួយបងរុនប៉ុណ្ណោះ ឯបងនាយក និងបងវណ្ណ នៅជួយបុណ្យសពម្ដាយរ៉ានីនៅឡើយ។ សំឡេងស្រែកយំគក់ទ្រូងដឹបៗ បានប្រាកដឡើងនៅនឹងមុខខ្ញុំ។ គាត់យំហើយយំទៀត ស្រែកហើយស្រែកទៀត ស្រណោះកូនដែលស្លាប់ទៅទាំងក្មេងខ្ជី។ សម្រាប់ខ្ញុំ វាពិតជារហ័សណាស់ វាពិតជាសាហាវខ្លាំងណាស់ ហើយវាក៏ពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំឃើញមីងនោះយំទធាក់ជើង ឱបប្ដីគាត់ ខ្ញុំបែរមុខចេញពីទិដ្ឋភាពនេះ ហើយហូរទឹកភ្នែករហាមដែរ។

*********

យប់ទីបួន

ខ្ញុំលែងមានអារម្មណ៍ រៀបចំមេរៀនអស់ហើយ។ ខ្ញុំអង្គុយសញ្ជឹងគិត តែពីរឿងខ្សែកបន្តោងក្បាលក្របីនោះ។ តើរឿងគ្រប់យ៉ាង ពិតជាពាក់ព័ន្ធនឹងបន្តោងខ្សែកនេះ ពិតមែនឬ? តើអ្នកណាហ៊ានប្រាកដចំពោះរឿងនេះ? ក្រៅពីបងរុន គ្មានអ្នកណាគេព្រមជឿរឿងនេះឡើយ។ សូម្បីតែនាយក ក៏មិនឮនិយាយអ្វីទៀតដែរ។

ខ្ញុំមានអារម្មណ៍ថា ខ្ញុំហេងហាងណាស់។ ខ្ញុំស្រាលខ្លួនសង្កើក មិនដឹងថានឹងគួរធ្វើអី ឲ្យកើតជាប្រយោជន៍នោះទេ។ ភ្លើងក៏រលត់ទៀតហើយ ប៉ុន្តែលើកនេះ គ្រាន់តែភ្លើងរលត់ភ្លាម សម្រិបជើងអ្នកណា ក៏បន្លឺកាត់ពីមុខបន្ទប់ខ្ញុំ។ ឲ្យតែឮសម្រិបជើង ខ្ញុំចេះតែនឹកដល់រឿងខ្មោចគ្រូលឹមភ្លាម។

ខ្ញុំចាប់ផ្ដើមខ្លាច តែខ្ញុំនឹកឃើញសម្ដីគ្រូលឹមដែលខ្ញុំបានយល់សប្ដិ។ គាត់ថា គាត់មកប្រាប់រឿង តែគាត់នៅមិនទាន់ប្រាប់ខ្ញុំទេ។ តើរឿងអ្វី ដែលគាត់ចង់ប្រាប់? ដ្បិតខ្ញុំខ្លាច តែខ្ញុំនៅមិនសុខទេ។ ខ្ញុំក៏លបៗទៅបើកទ្វារបន្ទប់ចេញក្រៅ។ គួរឲ្យព្រឺសម្បុរពិតមែន ព្រោះខាងក្រៅគ្មានឃើញស្រមោលអ្នកណាម្នាក់សោះ។ ខ្ញុំអើតឆ្វេងស្ដាំ ស្រាប់តែបងរុន បើកទ្វារដើរចេញមកក្រៅបន្ទប់។

“អូ! តារា? មិនទាន់ចូលដេកទេ?” គាត់និយាយផង ដើរចូលមករកខ្ញុំផង។

“នៅទេបង” ខ្ញុំក៏តបគាត់។ បងរុនដើរមកឈរទន្ទឹមខ្ញុំ ពួកយើងសម្លឹងមើលទៅក្រោយខ្នងសាលាថ្មី។ ខ្ញុំដកដង្ហើមវែងខ្លីៗ កំពុងគិតថា តាំងពីស្គាល់បងរុន ដូចជាមិនទាន់មានរឿងល្អម្ដងសោះ។

“តារាឯងជឿរឿងអំពើ អាគមអូមអាមអីអស់ហ្នឹងទេ?” បងរុនសួរខ្ញុំថ្នមៗ។

“ជឿខ្លះអត់ខ្លះ” ខ្ញុំតបគាត់ដោយមិនបាច់គិតយូរ។ តាមពិតខ្ញុំមិនធ្លាប់ជឿទេ តែរឿងប៉ុន្មានថ្ងៃនេះ បានប្ដូរការគិតរបស់ខ្ញុំអស់ហើយ។

“មានរឿងមួយ បងអត់បានប្រាប់តារាឯង”

“…” ខ្ញុំព្យាយាមស្ដាប់គាត់។

“យប់ដំបូងដែលតារាឯងមកដល់ បងយល់សប្ដិឃើញបងលឹម…”

ខ្ញុំចាប់ផ្ដើមព្រឺសម្បុរខ្ញាកៗទៀតហើយ។ បងរុនកំពុងតែនិយាយ ពាល់ត្រូវអារម្មណ៍ខ្ញុំហើយ។

“…បងលឹមមកប្រាប់បងថា ឲ្យបងយកខ្សែកនោះទៅ”

បងរុននិយាយមិនអស់ចិត្ត គាត់លូកដៃទៅក្នុងហៅប៉ៅគាត់ ហើយដកមកវិញដោយបង្ហាញខ្សែកនោះ។ ខ្ញុំឃើញហើយ ក៏តក់ស្លុតញ័រដៃញ័រជើង។

“បងឯងកុំប្រាប់ខ្ញុំថា បងឯងចង់ពាក់វាឲ្យសោះណា” ខ្ញុំប្ដូរទឹកមុខជាមិនសូវស្រួលភ្លាម។ បងរុនសើចហឹះៗចុងមាត់ចុងក រួចបន្តប្រយោគ…

“បងមិនពាក់ទេ!​ បើបងពាក់ វានឹងមាននៅឲ្យយើងឃើញរហូត!! ទោះបងមិនដោះវាចេញ ក៏គង់មានអ្នកផ្សេងនឹងដោះចេញពីកបងនៅថ្ងៃណាមួយ”

“បងគិតចង់យ៉ាងម៉េច? យើងយកទៅទុកនៅវត្ត ឬឲ្យលោកសូត្រមន្តដឹងបង?” ខ្ញុំក៏ចាប់លើកសំណើរប្លែកៗ ទាំងញញាក់ញញ័រ។

“បងយកទៅសងម្ចាស់គេវិញ” បងរុនឆ្លើយផុយ ដូចខ្សែកនេះមានម្ចាស់។ ខ្ញុំបានត្រឹមតែចងចិញ្ចើម បងរុនក៏និយាយបន្ត…

“យ៉ាងណាក៏បងមិនទុកវាទៀតដែរ! បងត្រូវយកវាទៅសងគេ ទោះបីបងស្លាប់…”

“បង…” ខ្ញុំបង្អូសសំឡេង។ ខ្ញុំពិតជាមិនចង់ឃើញរឿងបែបនេះកើតឡើងទេ។

“តារាឯងកុំភ័យអី! បងគិតថា វានឹងចប់ត្រឹមបងនេះហើយ! ឥឡូវចង់យករបស់នេះ ទៅសងម្ចាស់គេ ជាមួយបងឬអត់?”

*********

បងរុនចែវទូកយឺតៗ ខ្ញុំជាអ្នកឈួលពិលបង្ហាញផ្លូវ…

រលកទឹកប្រដេញគ្នាតិចៗ រង្គើពពួករុក្ខជាតិដែលដុះលិចទឹកនៅម្ដុំនេះ។ ម៉ោងប្រមាណ៩យប់ ខ្ញុំ និងបងរុន អង្គុយលើទូកមួយ កំពុងអណ្តែតឆ្ពោះទៅរកដើមរាំងលិចទឹកនោះ។ ពួកយើងជិតមកដល់ហើយ តែមានពន្លឺពិល បញ្ចាំងមកពីសាលាចាស់មករកពួកយើង។ ពន្លឺនេះ ចេញពីបន្ទប់នាយក។

“ធ្វើម៉េចទៅបង?” ខ្ញុំសួរបងរុនស្ងាត់ៗ។

“មិនអីទេ” បងរុនតបហើយ បន្តចែវទូកចូលទៅទីនោះ។ ខ្ញុំអង្គុយនៅក្បាលទូក ខ្ញុំដូចជាញញើតណាស់។ ខ្ញុំក៏រំកិលខ្លួនយឺតៗ ទៅក្បែរបងរុនដែលនៅចុងទូក លែងគិតខ្មាសបងរុនហើយ ព្រោះខ្ញុំកំពុងខ្លាចពិតមែន។ ពួកយើងចូលមកដល់ក្បែរដើមរាំង ទីតាំងដែលមានសពអណ្តែតទឹកមកទើជាប់ ដល់ទៅពីរលើក។ ទីនេះមិនមែនស្ថិតក្រោមខ្សែទឹកទេ សពមិនគួរអណ្តែតមកទើនៅទីនេះ ដោយឯងៗឡើយ។ ដូច្នេះ ការគិតបងរុន ដែលយកខ្សែកមកសងម្ចាស់គេនៅទីនេះ ក៏សមហេតុផលម៉្យាងដែរ។

បងរុន ប្រញាប់ដកខ្សែកពីក្នុងហោប៉ៅ រួចនិយាយអ្វីខ្សាវៗ…

“ខ្ញុំយកមកសងហើយ ឈប់យកអ្នកណាទៀតទៅ… សូមឲ្យវាចប់ត្រឹមនេះទៅចុះ”

“បងរុន…” ពេលគាត់និយាយចប់ ខ្ញុំភ្លាត់ហៅឈ្មោះគាត់ខ្សាវៗចេញតែខ្យល់។ ឃ្លាចុងក្រោយរបស់គាត់ ហាក់ដូចជាគាត់នឹងព្រមទទួលនៅបណ្ដាសាកំណាចនេះ ដើម្បីបញ្ចប់រឿងអ៊ីចឹង។ បងរុនញញិមស្ងួតដាក់ខ្ញុំ រួចទម្លាក់ខ្សែកបន្តោងក្បាលក្របីនោះ ទៅក្នុងទឹកផ្លុង។

ពួកយើងចូលទូកមកដល់សាលាវិញ នាយកឈួលពិលមករកពួកយើងភ្លាម។ គាត់ស្វាគមន៍ដោយចងចិញ្ចើមសឹងតែដល់គ្នា។

“នាំគ្នាទៅធ្វើអីទីនោះ សារុន?”

“ខ្ញុំគ្រាន់តែចង់ប្រាកដចិត្ត ថាគ្មានអ្នកណានៅទីនោះទៀត”

ចម្លើយបងរុន ហាក់សមហេតុសមផលណាស់ ទើបបងនាយកលែងសួរនាំ ហើយពួកយើងក៏បំបែកគ្នា។ បងរុនងាកមកញញិមស្ងួតដាក់ខ្ញុំបន្តិច បម្រុងចូលទៅបន្ទប់គាត់ តែខ្ញុំក៏លើកសំណើ…

“បង! បងឯងទៅគេងជាមួយខ្ញុំទៅអ្ហី?”

បងរុនក៏យល់ព្រម។ ពួកយើងចូលដេក ខ្ញុំលើកដៃមកគងថ្ងាសខ្លួនឯងយ៉ាងហត់នឿយ។  សំឡេងបងរុន ក៏ចាប់បន្លឺដូចលើកមុន។

“បើបងយកខ្សែកនោះ ពីម្ដាយរ៉ានី ម៉្លេះមិនសមអស់កូនពូនឿនម្នាក់ទៀតទេ! បងស្រណោះក្មេងណាស់ តារាអើយ” បងរុនហាក់តឹងបំពង់ក។ ខ្ញុំក៏ព្យាយាមនិយាយ…

“មកពីយើងមិនដឹងនោះបង! បងឯងឈប់គិតទៅ វាប្រហែលជាចប់ហើយបង”

“…” បងរុនក៏មិនឮមាត់អ្វីទៀត។

*********

ព្រឹកឡើង

ខ្ញុំក្រោកមក ទាំងធ្ងន់ក្បាលយកតែមែនទែន។ មិនដឹងថាម៉ោងប៉ុន្មាន ខ្ញុំក៏គ្មានមេរៀនទៅបង្រៀនសិស្សព្រឹកនេះទៀត។ បងរុន ក៏មិនដឹងក្រោកទៅបន្ទប់គាត់តាំងពីពេលណា។ ខ្ញុំទាញទូរស័ព្ទមកមើលម៉ោង។ ម៉ោង៧លើសហើយ។

ប៉័ងៗ!!

សំឡេងគោះទ្វារបន្ទប់ពីរដង សំឡេងនាយកបន្តពីក្រោយ។

“តារា?”

ខ្ញុំស្ទុះងើបទៅបើកទ្វារ។ ម៉្លេះសមត្រូវមាត់នាយកស្លាប់ហើយ។

“បាទបង”

“យី! ម៉េចបាននាំគ្នាដេកយូរម៉្លេះ?” នាយកនិយាយផង អើតចូលមកក្នុងបន្ទប់ខ្ញុំផង រួចនិយាយបន្ត “ចុះឯណាសារុន?”

ខ្ញុំបើកភ្នែកធំក្រឡោត ហើយបេះដូងខ្ញុំលោតបោកប៊ឹបនឹងដើមទ្រូងស្ទើរធ្លាយ។ ខ្ញុំចាប់ញ័រដៃញ័រជើង ញ័រមាត់ ប្រឹងនិយាយទាំងរដិបរដុបទៅបងនាយក។

“ក្រែង…ក្រែងគាត់…នៅបន្ទប់គាត់តើអ្ហីបង?”

“ទេ! បងរកហើយ មិនឃើញ! បងថាសារុនដេកជាមួយតារាឯងតើ”

ខ្ញុំភើត ខ្ញុំប្រហោងពោះអស់ហើយ។ ក្បាលខ្ញុំទន្ទេញតែឈ្មោះបងរុន ខ្ញុំឆ្លេឆ្លា រត់ប្រផាប់ប្រភីង ទៅអើតតាមបង្អួច មើលទៅម្ដុំគល់រាំង។

“ហ៊ឺ….!!!!!”

ខ្ញុំពេបមាត់ស្រែកយំហ៊ូ ខ្ញុំយកដៃមកបោចសក់ខ្លួនឯងភ្លាម។ ត្រង់ដើមរាំង មានសពអណ្តែតទឹកទៀតហើយ។ ខ្ញុំចំណាំពណ៌អាវដែលនៅនឹងសពនោះច្បាស់ណាស់។

បងរុន…!

*********

ខ្ញុំតក់ស្លុតនឹងហេតុការណ៍ទាំងអស់នេះពេក ខ្ញុំបានសុំនាយកត្រលប់មកសម្រាកនៅផ្ទះវិញបីបួនថ្ងៃ។ ខ្ញុំនៅមិនទាន់ប្រាប់ប៉ាម៉ាក់ពីរឿងទាំងនេះទេ។ ចូលមកដល់ផ្ទះ ណារ័ត្ន ប្អូនស្រីខ្ញុំមើលមុខខ្ញុំភ្លឹះៗ ហាក់ចម្លែកនឹងទឹកមុខខ្ញុំ។  ខ្ញុំចូលដល់បន្ទប់ ហើយទម្លាក់ខ្លួនដេកនៅលើគ្រែភ្លាម។

រូបភាពរឿងរ៉ាវគ្រប់យ៉ាងដែលខ្ញុំជួបប្រទះ ហក់សង្រ្កប់មកលើខ្ញុំទៀតហើយ។ រូបភាពនៃការស្លាប់របស់ពួកគេ អ៊ំស្រីម្ដាយរ៉ានី និងក្មេងប្រុសនោះ ជាពិសេស ស្នាមញញិមស្ងួតៗរបស់បងរុន។ វាជារឿងដ៏អប្រិយបំផុត ដែលខ្ញុំមិនធ្លាប់នឹកគិតថាអាចកើតឡើងក្នុងឆាកជីវិតខ្ញុំ។

ខ្ញុំដេករហូតដល់ល្ងាច ទើបខ្ញុំក្រោកទាំងល្វើយ។ ខ្ញុំចេញទៅអង្គុយនៅតុបាយ ខណៈប៉ានិងម៉ាក់ ជជែកគ្នារឿងអីមិនដឹង។ ខ្ញុំព្យាយាមងើបមុខទៅមើលប៉ា។ ប៉ាបាននិយាយនឹងខ្ញុំថា…

“កូនរ័ត្នមកពីលេងភ្នំគូលេន គេទិញផ្ញើប៉ា! ពាក់ទៅដូចសង្ហាយ៉ាង” និយាយមិនអស់ចិត្ត ប៉ាបានលើករបស់ដែលណារ័ត្នទិញផ្ញើនោះ ច្រកចូលក្បាលភ្លាម។ របស់ដែលណារ័ត្នទិញផ្ញើនោះ គឺជាខ្សែក…

ខ្សែក បន្តោងក្បាលក្របី…

ទៀតហើយ!!

ខ្ញុំបើកភ្នែកក្រឡោត ហើយចាប់ផ្ដើមស្លន់​ម្ដងទៀតហើយ៕

********* ចប់ *********

         ត្រួសៗអំពីអ្នកនិពន្ធ ធឿន វុទ្ធី ម្ចាស់ស្នាដៃ “បន្តោងក្បាលក្របី” 

  • លោក ធឿន វុទ្ធី កើតឆ្នាំ១៩៩៦ នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។​
  • លោក​មានឪពុកឈ្មោះ ថន ប៊ុនធឿន និងម្ដាយឈ្មោះ អឿល រដ្ឋា (ជាកសិករ) និងមានបងប្អូនបង្កើត​ចំនួន៣នាក់ ស្រី២នាក់ ដោយរូបលោកជាកូនប្រុសច្បងក្នុងគ្រួសារ។
  • បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធឆ្នើម​វ័យ​ក្មេង​មួយរូបនៅ​កម្ពុជា លោកគឺ​​ជាគ្រូបង្រៀននៅ អនុវិទ្យាល័យពោធិ៍ទ្រាយ ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប, បង្រៀនមុខវិជ្ជា ជីវវិទ្យា ផែនដីវិទ្យា។
  • លោក​ជាអ្នក​និពន្ធ​កម្ពុជា​វ័យ​ក្មេងឆ្នើមមួយរូប ដែល​និយមចូល​ចិត្ត​​និពន្ធ​ប្រលោមលោក​បែប​ភ័យ​រន្ធត់ខ្លាំងបំផុត ទន្ទឹម​នឹង​នេះ​ក៏អាច​និពន្ធ​ប្រលោមលោក​មនោសញ្ចេតនា​បាន​យ៉ាង​ល្អ​ផងដែរ ជាពិសេស​រឿង​ស្នេហា​ភេទ​ដូចគ្នា​នេះ​តែម្ដង។
  • រហូតមកទល់នឹងពេលនេះ លោកបានចេញផ្សាយស្នាដៃ​និពន្ធជាសៀវភៅប្រលោមលោក​បានមួយចំនួនហើយ ទាំង​រឿងបែបភ័យរន្ធត់ ញាប់ញ័រ ពោរពេញដោយអាថ៌កំបាំង និងរឿងមនោសញ្ចេតនាស្នេហា​រវាងបុរសនិងបុរស។
  • ដូច្នេះ ប្រសិន​បើ​​លោក​អ្នក​មាន​ការ​ចាប់​អារម្មណ៍ចង់អានស្នាដៃ​របស់​លោក​ លោក​អ្នក​​អាចរកជាវបាននៅតាមតូបលក់សៀវភៅ, បណ្ណាគារ  ហើយបើចង់ដឹងថាលោកមានស្នាដៃអ្វីខ្លះ ឬក៏ចង់ទិញតាមរយៈលោកផ្ទាល់ លោក​អ្នក​អាច​ទំនាក់​ទំនង​​​ទិញ​ដោយ​ផ្ទាល់ពី​រូបលោក​តែម្ដង តាម​រយៈ​ហ្វេសប៊ុក​ផេក​​ផ្លូវ​ការ​របស់​​លោកឈ្មោះ Thoeun VuThy – ធឿន វុទ្ធី  https://www.facebook.com/thoeunvuthy260296/ និងតាមលេខ​ទូរស័ព្ទលេខ 096 277 4271 និង 096 201 6220 ។​ សូមអរគុណ៕

អត្ថបទបន្ថែម ៖ ពុទ្ធិពង្ស / រឿងនិងក្របរឿង ៖ ធឿន វុទ្ធី / រក្សាសិទ្ធិ​ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!