ប្រវត្តិជីវិតដ៏ជូរចត់ទម្រាំជោគជ័យ និងសកម្មភាពល្អប្រពៃរបស់ លោក តឹក ង៉ូយ ម្ចាស់ស្នាដៃសៀវភៅ “ស្តេចនំដូណាត់”
- July 12th, 2020
ប្រវត្តិជីវិតដ៏ជូរចត់ទម្រាំជោគជ័យ និងសកម្មភាពល្អប្រពៃរបស់ លោក តឹក ង៉ូយ ម្ចាស់ស្នាដៃសៀវភៅ “ស្តេចនំដូណាត់”
“ស្តេចនំដូណាត់” ជាងាររបស់ លោក តឹក ង៉ូយ ជាពលរដ្ឋខ្មែរដំបូងគេបង្អស់នៅសហរដ្ឋអាម៉េរិក ដែលត្រូវបានប្រកាសនូវងារនេះឡើង ដោយប្រធានាធិបតី ទី៤១ របស់សហរដ្ឋអាម៉េរិក ចច អេច. ដិបបិលយូ. ប៊ូស / George H. W. Bush។ លោកកើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤២ នៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ពីមុនជាទឹកដីក្នុងខេត្តបាត់ដំបង)។ លោកមានឪពុកឈ្មោះ ង៉ូយ ជាវគីម និងម្តាយឈ្មោះ តាំង ចេង។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតចំនួន៣នាក់ បងស្រីធំម្នាក់ និងប្អូនស្រីពៅម្នាក់។ ក្នុងកំឡុងឆ្នាំ១៩៦៦ លោកបានរៀបការជាមួយប្រពន្ធទី១របស់លោកឈ្មោះ សុគន្ធីនី ។ បច្ចុប្បន្ន លោកជាមន្ត្រីចូលនិវត្តន៍ និងកំពុងធ្វើការងារជាមួយក្រុមហ៊ុនចិន ផ្នែកអចលនទ្រព្យមួយ នៅកម្ពុជា។
លោក តឹក ង៉ូយ និងស្នាដៃសៀវភៅ “ស្តេចនំដូណាត់” របស់លោកទាំងភាសាខ្មែរនិងអង់គ្លេស
ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក តឹក ង៉ូយ ដែលជាម្ចាស់ស្នាដៃសៀវភៅ “ស្តេចនំដូណាត់” លោកបានប្រាប់អំពីជីវប្រវត្តិពិត និងបទពិសោធន៍ជីវិតមួយចំនួនរបស់លោក ដែលឆ្លងកាត់កន្លងមកយ៉ាងក្រីក្រលំបាកតោកយ៉ាកពោរពេញដោយភាពជូរចត់ជាមួយម្តាយមេម៉ាយនៅស្រុកស្រែ មុននឹងទៅបន្តការសិក្សានៅភ្នំពេញ ជួបស្នេហ៍ខុសវណ្ណៈហួសក្តីរំពឹង ប៉ុន្តែលោកនៅតែតស៊ូជម្នះប្តូរជីវិតរហូតទទួលបានជោគជ័យរៀបការសមដូចបំណង។ លោកបានបន្ថែមពីប្រវត្តិកាលពីអតីតកាលរបស់លោក មុននឹងឈានដល់ការសរសេរនេះខាងលើឡើងថា “ដោយសារសង្គ្រាមរ៉ាំរ៉ៃក្នុងស្រុកទេស ពួកខ្មែរក្រហមដឹកនាំដោយក្រុម ប៉ុល ពត បានឈ្នះហើយកាន់កាប់ក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពេលនោះខ្ញុំនិងគ្រួសារ បានក្លាយជាជនភៀសខ្លួនទៅរស់នៅសហរដ្ឋអាម៉េរិករហូតដល់១៩៩២។ ការតស៊ូរស់នៅរបស់ខ្ញុំនៅអាម៉េរិកមានជាដំណាក់កាលដូចជា ដំណាក់ទី១ ជាអ្នកស្ម័គ្រចិត្តសម្អាតទីធ្លាព្រះវិហារ ជាបុគ្គលិកចាក់សាំង និងជាភ្នាក់ងារលក់ទំនិញក្នុងហាង(រយៈពេល៣ខែដំបូង។ ដំណាក់កាលទី២ ខ្ញុំបានទៅរៀនវគ្គបណ្តុះបណ្តាលធ្វើនំដូណាត់ រួចក៏បើកហាងផ្ទាល់ខ្លួន និងពង្រីកសាខាជាច្រើន បន្តបន្ទាប់អស់រយៈពេល១៨ឆ្នាំ រហូតទទួលប្រសិទ្ធនាមថា ស្តេចនំដូណាត់ ពីប្រធានាធិបតីអាម៉េរិកលោក George H. W. Bush។ ដំណាក់ទី៣ តាមពិតទៅខ្ញុំមិនមែនជាអ្នកនិពន្ធ ប៉ុន្តែខ្ញុំគ្រាន់តែចង់ចងក្រងសរសេរជីវប្រវត្តិខ្លួនឯងតែប៉ុណ្ណោះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការពង្រឹងសមត្ថភាពបន្ថែមដល់យុវជនជំនាន់ក្រោយឱ្យចេះតស៊ូក្នុងក្តីសង្ឃឹមទោះតិចតួចក៏ដោយ។”
លោក តឹក ង៉ូយ និងភរិយា រួមនឹងលោក ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទី៣៧ Richard Nixon
លោក តឹក ង៉ូយ និងប្រធានាធិបតី ទី៤១ របស់សហរដ្ឋអាម៉េរិក ចច អេច. ដិបបិលយូ. ប៊ូស / George H. W. Bush និងជំទាវភរិយាប្រធានាតិបតី
ក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិកនេះ លោកបានបង្ហាញអំពីឧបសគ្គក្នុងការតែងនិពន្ធរបស់លោកវិញម្ដងថា “ខ្ញុំពិតជាមានការលំបាកខ្លាំងណាស់ ព្រោះមិនធ្លាប់មានបទពិសោធន៍ក្នុងការសរសេរ ដូច្នេះខ្ញុំត្រូវប្រមូលឯកសារ រូបថត និងការចងចាំក្នុងចន្លោះពេលដែលកន្លងទៅជាង៨០ឆ្នាំនេះដើម្បីមករៀបរៀងឡើងវិញ ដោយទម្រាំតែអាចកើតចេញជាសៀវភៅ ស្តេចនំដូណាត់ មួយក្បាលនេះ ខ្ញុំត្រូវប្រើពេលអស់៣ឆ្នាំ ទើបអាចសម្រេចជាលទ្ធផលបោះពុម្ពលើកទី១ឡើង ក្នុងខែតុលា ឆ្នាំ២០១៩ ដោយ គ្រឹះស្ថានសៀវភៅជីវិត ។”
សៀវភៅ “ស្ដេចនំដូណាត់” ស្នាដៃជាភាសាខ្មែររបស់ លោក តឹក ង៉ូយ
សៀវភៅ “ស្ដេចនំដូណាត់” ស្នាដៃជាភាសាអង់គ្លេសរបស់ លោក តឹក ង៉ូយ
ក្រោយពីលោកបានសម្រេចជោគជ័យក្នុងការនិពន្ធបោះពុម្ពចេញផ្សាយសៀវភៅ “ស្តេចនំដូណាត់” នេះ លោកមានគោលបំណងចង់ស្វែងរកជំនួយបន្ថែម ដើម្បីបង្កើតជាមូលនិធិអប់រំដល់យុវវជនកម្ពុជាយើង ដែលនេះគឺជាបំណងចុងក្រោយរបស់លោក បន្ទាប់ពីលោកធ្លាប់បានធ្វើពីមុនកន្លងមកជាច្រើនរួចទៅហើយក្នុងវិស័យមនុស្សធម៌នេះ ជាពិសេសចំពោះពលរដ្ឋកម្ពុជា ដែលជាជនរួមជាតិរបស់លោកតែម្ដង ដែលខាងក្រោមនេះ គេហទំព័រយើងខ្ញុំនឹងបង្ហាញជូននូវសកម្មភាពមនុស្សធម៌ធំៗមួយចំនួន ដែលលោកធ្លាប់ធ្វើកន្លងមកឱ្យលោកអ្នកបានដឹងដូចតទៅ ៖
លោក តឹក ង៉ូយ ក្នុងពិធីសម្ពោធរឿង “ព្រលឹងល្បុក្កតោ” ដែលលោកបានចូលរួមឧបត្ថម្ភថវិកាក្នុងការថត
មែនទែនទៅ! សកម្មភាពមនុស្សធម៌របស់ លោក តឹក ង៉ូយ នៅមានច្រើនទៀតណាស់ តែនេះយើងខ្ញុំសូមលើកបង្ហាញតែសកម្មភាពធំៗមួយចំនួនដូចរៀបរាប់ខាងលើប៉ុណ្ណោះ។ ចំណែកប្រវត្តិជីវិតរបស់លោកដែលធ្លាប់ឆ្លងកាត់កន្លងមកវិញ ក៏នៅវែងឆ្ងាយទៀតណាស់ដែរ ដែលយើងខ្ញុំមិនបានរៀបរាប់ជូន ព្រោះទោះបីជារៀបរាប់ ក៏រៀបរាប់មិនចប់ចុងចប់ដើមលម្អិតនោះដែរ។ ហេតុនេះហើយ ប្រសិនបើប្រិយមិត្តមានបំណងចង់ដឹងច្បាស់ពីប្រវត្តិជីវិតលម្អិតរបស់លោកថា មានការតស៊ូកម្រិតណា! ជូរចត់លំបាកវេទនាកម្រិតណា! ទម្រាំតែលោកអាចសាងភាពជោគជ័យល្បីល្បាញដូចសព្វថ្ងៃនោះ លោកអ្នកអាចស្វែងរកទិញយកមកអានបាន ដោយមានរៀបរាប់យ៉ាងលម្អិតបំផុតក្នុងសៀវភៅ “ស្តេចនំដូណាត់” ទាំងភាសាខ្មែរ និង ភាសាអង់គ្លេស តាមរយៈហ្វេសប៊ុកផ្លូវការលោក Ted Ngoy https://www.facebook.com/ted.ngoy.1 ឬហ្វេសប៊ុកផេកផ្លូវការរបស់ សៀវភៅជីវិត https://www.facebook.com/seavphovjivet/ និងតាមបណ្ណាគារមួយចំនួនធំទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជាក៏បាន។
លោក តឹក ង៉ូយ ជាមួយនឹងប្រិយមិត្តក្នុងពិធីសម្ពោធសៀវភៅ “ស្ដេចនំដូណាត់” របស់លោក
លោក តឹក ង៉ូយ កំពុងចុះហត្ថាលេខាលើសៀវភៅ “ស្ដេចនំដូណាត់” របស់លោក ជូនប្រិយមិត្តអ្នកគាំទ្រ
ទាក់ទងនឹងសៀវភៅ “ស្តេចនំដូណាត់” នេះ “លោក តឹក ង៉ូយ ដែលជាម្ចាស់ស្នាដៃ ក៏បានបង្ហាញពីរឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតថា “ក្រុមហ៊ុនហូលីវូដអាម៉េរិក បានថតបញ្ចប់ខ្សែភាពយន្ត ស្តេចនំដូណាត់ រួចរាល់ហើយ! លើសពីនេះទៀត ផលិតករ Ridley Scott ក៏បានចុះហត្ថលេខាជាមួយលោកក្នុងការថតជាភាពយន្តខ្នាតធំលំដាប់អន្តរជាតិ អំពីប្រវត្តិជីវិតរបស់លោកទាំងស្រុងទៀតផង ដោយគ្រោងបញ្ចប់នៅ២ឆ្នាំខាងមុខនេះឯង។” ពិតណាស់! នេះគឺពិតជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលពិតប្រាកដមែន មិននឹកស្មានថា មានកូនខ្មែរដែលល្បីល្បាញរហូតដល់ត្រូវបានផលិតកម្មហូលីវូតដ៏ល្បីល្បាញលើសកលលោក ចាប់អារម្មណ៍រហូតដល់ថតជាខ្សែភាពយន្ដបែបនេះឡើយ។ នេះហើយ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកកន្លងមកក្នុងជីវិត ដែលកូនខ្មែរគ្រប់រូបគួរតែយកតម្រាប់តាម និងធ្វើឱ្យបានដូចលោក ដើម្បីឱ្យប្រទេសខ្មែរកាន់តែមានគេស្គាល់ច្រើន និងកាន់តែល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈភាពជោគជ័យដ៏អស្ចារ្យអ្វីមួយរបស់កូនខ្មែរដទៃៗទៀត។
លោក តឹក ង៉ូយ កាលលោកធ្លាក់ខ្លួនក្រ មុននឹងអាចក្រោកឈរតស៊ូជោគជ័យឡើងវិញ
កាល លោក តឹក ង៉ូយ បួសជាព្រះសង្ឃ នៅអារញ្ញប្រទេសថៃ
ជាចុងក្រោយ មុននឹងបិទបញ្ចប់កិច្ចសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” លោក តឹក ង៉ូយ ក៏សូមផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាយើងទាំងអស់ថា “ចូរយុវជនទាំងអស់ខិតខំប្រឹងប្រែងសិក្សាស្វែងរកចំណេះដឹងដល់ខ្លួន និងខិតខំពុះពារសាងភាពជោគជ័យក្នុងជីវិតឱ្យបាន ដោយសូមកុំអស់សង្ឃឹមក្នុងជីវិត រួចបោះបង់ចោលក្ដីស្រមៃឱ្យសោះ។ ហើយក្នុងនោះ សៀវភៅ ស្តេចនំដូណាត់ ដែលជាសៀវភៅឆ្លុះបញ្ចាំងពី មនុស្សពិត រឿងរ៉ាវពិត មានគ្រប់រសជាតិជីវិត ទាំងបរាជ័យ ជោគជ័យ ការងារ ស្នេហា ល្បែងស៊ីសង លាយឡំនឹងភាពជូរចត់កម្សត់ក្នុងជីវិត ដោយធ្លាក់ដល់ចំណុចសូន្យ ដែលជាជីវិតពិតរបស់លោកធ្លាប់ឆ្លងកាត់មកជាង80ឆ្នាំនោះ គឺអាចឱ្យអ្នកទាំងអស់គ្នាអានយកជាបទពិសោធចំណេះដឹងក្នុងជីវិតបាន…” លោកបន្តទៀតថា “លើសពីនេះ ខ្ញុំក៏សូមផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយទាំងអស់ដូចតទៅថា…
ប្រទេសយើងមួយនេះ បានឆ្លងកាត់នូវរឿងរ៉ាវចម្រូងចម្រាស សោដនាដកម្ម ច្រើនពេកមកហើយ ដូច្នេះចូរក្មួយៗជំនាន់ក្រោយ ខិតខំរៀនសូត្រឱ្យមានតម្រិះខ្ពង់ខ្ពស់ ដើម្បីបន្តការពារដែនដីមាតុភូមិមួយនេះឱ្យបានគង់វង្សជានិរន្តរ៍ ឈរលើវិស័យអប់រំតាមរយៈការអាន ដែលយើងត្រូវការជាចាំបាច់ នៅពេលបច្ចុប្បន្ននេះតទៅអនាគត... ចូរចាំថាមានតែយុវជនយើងប៉ុណ្ណោះ ដែលជាសសរទ្រូងដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ… ដូច្នេះ ចង់អភិវឌ្ឍប្រទេសជាតិ ត្រូវអភិវឌ្ឍការអាននៅកម្ពុជា ឱ្យបានជាមុនសិន ទើបអាចទៅរួច។”
លោក តឹក ង៉ូយ សកម្មភាពចូលរួមក្នុងកម្មវិធីសំខាន់មួយ
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក តឹក ង៉ូយ កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤២ នៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ពីមុនជាទឹកដីក្នុងខេត្តបាត់ដំបង)។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតចំនួន៣នាក់។ លោកជាកូនខ្មែរមួយរូបដែលធ្លាប់ហែលឆ្លងនូវរឿងរ៉ាវក្នុងជីវិតជាច្រើន ដោយមានគ្រប់រសជាតិជីវិត ទាំងប្រៃ ផ្អែម ល្វីង ជូរចត់ មិនថាជាជីវិតគ្រួសារ ស្នេហា ការងារ សង្គម ឬនយោបាយអ្វីនោះទេ ដែលកម្រនឹងមានកូនខ្មែរណាមានបទពិសោធជីវិតដូចជារូបលោកបែបនេះខ្លាំងណាស់។ បច្ចុប្បន្ន ក្រៅពីជាម្ចាស់ស្នាដៃសៀវភៅ “ស្ដេចនំដូណាត់” ជាម្ចាស់ហ្វ្រេនឆាយ ហាងស្ដេចនំដូណាត់ ដ៏ល្បីនៅសហរដ្ឋអាម៉េរិកជាច្រើនកន្លែង លោកជាមន្ត្រីចូលនិវត្តន៍ (ងារជាឯកឧត្តមឧកញ៉ា) និងកំពុងធ្វើការងារជាមួយក្រុមហ៊ុនចិនផ្នែកអចលនទ្រព្យមួយនៅកម្ពុជា។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ពីជីវប្រវត្តិជីវិតលម្អិតរបស់លោកនោះ លោកអ្នកអាចទិញសៀវភៅ “ស្ដេចនំដូណាត់” ដែលជាស្នាដៃនិពន្ធរបស់លោកយកទៅអានបាន តាមរយៈការបង្ហាញខាងលើ នោះលោកអ្នកមុខជាបានដឹងច្បាស់ថា ខ្សែជីវិតរបស់លោកអស្ចារ្យកម្រិតណាជាក់ជាមិនខាន។ សូមអរគុណ៕
អត្ថបទ ៖ សាន្ត ឫទ្ធិស័ក្តិ / រូបភាព ៖ លោក តឹក ង៉ូយ / រក្សាសិទ្ធិ៖ cambowriter.com