មកដឹងពីប្រវត្តិស្នេហាដ៏អស្ចារ្យ! របស់ កញ្ញា សែត ហត្ថា និង លោក ឡាំ លីម មុនឈានដល់ពិធីភ្ជាប់ពាក្យជាមួយគ្នាគួរឱ្យភ្ញាក់ផ្អើល!

  • July 4th, 2020

បេះ​ដូងពីរដែលមានពណ៌ខុសគ្នា មុខជាមិនអាចច្របាច់បញ្ចូលគ្នា​ជា​បេះ​ដូងតែមួយបានឡើយ ហើយស្នេហាពិត​មួយដែលអាច​កើត​ឡើងទៅបាន លុះត្រាតែស្នេហា​នោះ ជាស្នេហាដែល​កើត​ចេញពី​ចិត្ត​និង​ចិត្ត និងមាន​ការ​ព្រម​ព្រៀង​រវាង​បេះដូងនិងបេះ​ដូង​ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ ទើប​អាច​ទៅរួច។ តែ​នេះ គ្រាន់តែ​ជា​ការ​យល់​ឃើញ​មួយរបស់ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ​ប៉ុណ្ណោះ ព្រោះ​ហេតុ​ផលនៃសេចក្ដី​ស្នេហា​មាន​ច្រើនណាស់ ទៅតាម​សាច់​រឿងនីមួយៗ​នៃសមីខ្លួន​​ស្នេហានោះ។ ជាក់​ស្ដែង​ប្រៀបដូចជា​សេចក្ដី​ស្នេហា​របស់​អ្នក​និពន្ធ​កម្ពុជា​ល្បីៗ​ពីររូបគឺ លោក ឡាំ លីម និង​ កញ្ញា សែត​ ហត្ថា ហៅ “កូន​ចាបមាស”​ ដែល​ទើបតែ​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ថ្មីៗ​នេះ​យ៉ាង​ដូច្នោះដែរ មិនមែន​សុខៗ​ស្រាប់​តែ​ស្រឡាញ់​គ្នា​រហូត​ឈាន​​ដល់​ការ​ភ្ជាប់​ពាក្យ​បែបនេះ​នោះ​ឡើយ នេះ​ក៏ព្រោះ​តែ​អ្នក​ទាំង​ពីរ​មានហេតុ​ផល​ពិសេស​អ្វី​មួយ​នោះ​ឯង ទើបអាច​ដល់​ថ្នាក់​សម្រេច​ចិត្ត​ស្រឡាញ់​និង​ភ្ជាប់​ពាក្យ​ជាមួយ​គ្នាបែប​នេះ។ ដូច្នេះ តើ​អ្វី​ទៅ​ជាដើមហេតុ​នៃ​សេចក្ដីស្នេហា​រវាង​អ្នក​ទាំង​ពីរ? ដើម្បី​បាន​ជ្រាប​ច្បាស់ សូមលោក​អ្នក​​បន្តតាមដាន​ពីប្រវត្តិស្នេហា​របស់​អ្នក​ទាំង​ពីរដូច​តទៅ តាមរយៈការរៀបរាប់​ទាំង​ស្រុងដោយ​ កញ្ញា សែត ហត្ថា ទាក់​ទងពីប្រវត្តិស្នេហាខ្លួន​ជាមួយ លោក ឡាំ លីម ដែលទើបតែក្លាយជា​គូដណ្ដឹង​របស់ខ្លួន​ថ្មីៗនោះ…

កញ្ញា សែត ហត្ថា និង​ លោក ឡាំ លីម  អ្នក​និពន្ធ​ល្បីៗទាំង​ពីររូប ក្នុងថ្ងៃនៃ​ពិធី​ភ្ជាប់ពាក្យ

កញ្ញា សែត ហត្ថា ៖ រឿងរ៉ាវ​ដែល​បាន​កើតឡើង​កន្លងមក​នេះ មិនថា​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ឬក៏​រឿង​ការងារ និង​ការបង្កើត​ទំនាក់​ទំនង​ផ្សេង​ៗ គឺ​វា​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ឥត​ដាច់ ហើយ​ក្នុង​នោះ​ក៏​មានរឿង​ខ្លះ វា​ជា​រឿង​ដែល​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា “អាច​កើតមានឡើង​នៅក្នុង​ជីវិត​ពិត​” នោះ​ឡើយ។ ជាក់ស្ដែង​ដូច​រឿងរ៉ាវ​ស្នេហា​មួយ​នេះ​ជាដើម ខ្ញុំ​ស្ទើរតែ​ពុំ​ហ៊ាន​និយាយ​ទេ ព្រោះ​វា​ហាក់ដូចជា​ស្រដៀង​ទៅ​នឹង​រឿងព្រេង​និទាន​មួយ ដែល​ត្រូវ​បាន​និពន្ធ​ឡើង​ដូច្នោះ​ដែរ។ នៅ​អំឡុង​ឆ្នាំ២០១០ (រយៈពេល១០ឆ្នាំមុន បើ​យើង​គិត​ថយក្រោយ​ដោយ​រាប់​ពីឆ្នាំ២០២០នេះ​) យើង​ពុំ​ទាន់​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​ទំនើប​ដែល​អាច​ស្គាល់ ឬទាក់ទងគ្នា​ទូលំទូលាយ​នៅឡើយ​ទេ។ ដោយហោចទៅ សូម្បីតែ​ទូរសព្ទ​ដៃ​តូច​មួយ ក៏​ខ្ញុំ​ពុំ​ទាន់​មាន​ប្រើប្រាស់​ផង ហើយ​ម្យ៉ាង​ក្នុង​ជីវិត​រស់នៅ​ជាក់ស្ដែង​នា​ពេលនោះ គឺ​វា​ពិបាក​ណាស់​ទៅ​ហើ​យ តើ​យើង​មាន​ពេល​ឯណា ​ដើម្បី​ចំណាយ​លើ​ទំនាក់ទំនង​ដែល​នៅ​សែន​ឆ្ងាយ​ពី​ខ្លួន​យើង​នោះ?

ដោយសង្ខេប ក្នុង​គ្រាដែល​ខ្ញុំ​កំពុងតែ​ជួប​នូវ​ស្ថានភាព​លំបាក​បំផុត​ក្នុង​ជីវិត គ្រានោះ​ខ្ញុំ​ធ្លាប់​គិត​ចង់​បញ្ចប់ជីវិត​របស់​ខ្លួនឯង​ចោល ប៉ុន្តែ​វា​មាន​អ្វី​ម្យ៉ាង​ដែល​បាន​ដាស់​ខ្ញុំ​ពី​សភាព​ទ្រុឌទ្រោម​ផ្លូវចិត្ត​នោះ​ឱ្យ​ត្រឡប់​​ជា​មាន​ពន្លឺ​ភ្លឺច្បាស់​ម្ដង​បន្ដិច​ៗ។ ខ្ញុំ​នៅចាំ​បាន​យ៉ាង​ច្បាស់​ពី​ទិដ្ឋភាព​នា​ពេលនោះ វា​គឺជា​ដើមរដូវ​វស្សា​ក្នុង​គ្រានោះ ហើយ​វា​ប្រៀប​បាន​នឹង​ពេលវេលា​មួយ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​របស់ខ្ញុំ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​បន្ត​រស់នៅ​ដោយ​សេចក្ដីសង្ឃឹម​មួយ ដែល​លេចចេញ​ជារូបរាង​ច្បាស់​លាស់​ឡើង​ៗ។ ក្រោយ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេ វា​ក៏បាន​ធ្វើ​ឱ្យ​មាន​ទឹកដក់​តាម​ថ្លុក ត្រពាំង ហើយ​ធម្មជាតិ​ដែល​ស្វិត​ស្រពោន​ដោយ​កម្ដៅ​ព្រះអាទិត្យ ក៏​ប្រែជា​មាន​សភាព​បៃតង​ស្រស់​ត្រកាល។ កង្កែប ក្អាត់ និង​សត្វ​ចង្រិត​តែងតែ​បញ្ចេញ​សូរសៀង​ឥត​ដាច់ ធ្វើ​ឱ្យ​ស្រុកស្រែ​ដ៏​ខ្សោះ​កក្រោះ​របស់​យើង ​ប្រែជា​អឺងកង​ដោយ​សូរសព្ទ​បំពេ​នៃព​ពួក​សត្វ​ទាំងអស់​នេះ។

ខ្ញុំ​ជា​មនុស្ស​ដែល​ឥត​ចូលចិត្ត​សភាព​អ៊ូ​រអនៃ​ការ​ជួប​ជុំ​សប្បាយ​ទេ។ ដូច្នេះហើយ ខ្ញុំ​តែងតែបាន​ចំណាយពេល​វេលា​ស្ងប់ស្ងាត់​នៅ​ក្បែរ​ធម្មជាតិ និង​នៅជា​មួយ​ខ្លួនឯង ជាពិសេស​ពេល​ដែល​មាន​ភាព​ស្មុគស្មាញ​ក្នុងចិត្ត។ ក្នុង​ពេល​ដែល​ខ្ញុំ​បាន​ចោទជា​សំណួរ​ជាច្រើន​នៅក្នុង​គ្រានោះ ខ្ញុំ​ក៏បាន​ឮសំឡេង​ឆ្លើយ​ត្រលប់​មកវិញ​ពី​បុរស​ម្នាក់ ហើយ​ចម្លើយ​នោះ ​គឺ​សុទ្ធតែ​ជាច​ម្លើយ​ដែល​បញ្ចប់​ដោយ​សញ្ញា​សួរ (?) ទាំងអស់។ ខ្ញុំ​បាន​មើលឃើញ​ពី​សភាព​ដ៏​ស្ងប់ស្ងាត់​នៃ​ម្ចាស់​សំឡេង ហើយ​បានឮ​កាន់តែ​ច្បាស់​នូវ​សំឡេង​ដែល​គ្មាន​នរណា​ផ្សេង​អាច​ឮបាន។ មាន​សំណួរ​ជាច្រើន​ដែល​ខ្ញុំ​បាន​សួរ​ទៅ​ម្ចាស់​សំឡេង​នោះ “តើ​ខ្ញុំ​ត្រូវ​រស់នៅ​ដើម្បីអ្វី​?” ចម្លើយ​ដែល​ខ្ញុំ​ទទួល​បាន គឺ “ចុះ​ប្រសិនបើ​ស្លាប់ តើ​អ្នក​ត្រូវ​ស្លាប់​ដើម្បីអ្វី​ដែរ​?” “តើ​យល់​យ៉ាងណា​ដែរ ប្រសិនបើ​ខ្ញុំ​សម្រេចចិត្ត​បែបនេះ​?”

ខ្ញុំ​តែងតែ​សួរ​នៅពេល​ដែល​ខ្ញុំ​មិន​ច្បាស់​ចំពោះ​ការសម្រេច​ចិត្ត​របស់ខ្ញុំ​លើ​រឿង​ណាមួយ។

ក្នុង​សភាព​ដ៏​ស្ងប់ស្ងាត់​នៃ​បុរស​ម្នាក់ ដែល​អង្គុយ​ដោយ​យក​ទ្រនាប់ជើង​ទ្រាប់​គូទ ស្លៀកខោ​ជើងវែង ពាក់អាវ​មូរ​ដៃ បាន​ឆ្លើយ​មកវិញ​ថា “តើ​បញ្ហា​ពិតប្រាកដ​របស់​យើង នៅត្រង់​ការណ៍​ដែល​មាន​នរណា​ម្នាក់​មក​ប្រាប់​យើង​ថា ‘ខ្ញុំ​យល់ស្រប​ជាមួយនឹង​គំនិត​ដ៏​អស្ចារ្យ​របស់​អ្នក ឬខ្ញុំ​មិន​គិតថា​វា​ល្អ​ទេ អ្នក​គួរតែ​ធ្វើបែប​នេះ​វិញ អ៊ីចឹងង​ឬ?’ ។ ជីវិត​ជា​ការទទួលខុសត្រូវ ប្រសិនបើ​យើង​សម្រេចចិត្ត​មិន​ត្រូវ​ទេ យើង​ត្រូវ​ក្លាហាន​ទទួលខុស ហើយ​កែប្រែ។ រួច​ប្រសិនបើ​កាលណា​យើង​សម្រេចចិត្ត​ត្រឹមត្រូវ ធ្វើ​ត្រឹមត្រូវ យើង​ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​ដោយ​មិន​ធ្វេសប្រហែស មិន​ជោរ ឈ្លក់​នឹង​ភាព​ត្រឹមត្រូវ​នោះ​ពេក​”។

ចាប់ពី​ពេលនោះ​មក ខ្ញុំ​បាន​គិតថា “ជីវិត​របស់ខ្ញុំ​មាន​ទីប្រឹក្សា​ដ៏​ល្អ​ម្នាក់ ដែល​នៅចាំ​ផ្ដល់​យោបល់​”។ រឿង​ដ៏​អស្ចារ្យ​របស់​បុរស​ស្ងៀមស្ងាត់​ម្នាក់​នោះ គឺ​មិនដែល​សួរ​សំណួរ​ថា “តើ​អ្នកមាន​រឿង​អ្វី​?” ប៉ុន្តែ គាត់​តែងតែបាន​ដឹង​ថា “តើមាន​រឿង​អ្វី​កើតឡើង ហើយ​តើ​វា​ត្រូវ​ដោះស្រាយ ឬឆ្លើយតប​ដោយ​របៀបណា​?”។ បុរស​អ្នកផ្ដល់​ចម្លើយ គឺ​ប្រៀប​ដូចជា​ពន្លឺ​មួយ​ដែល​តែងតែ​ទៅតាម​ខ្ញុំ​ជានិច្ច។ ពេលថ្ងៃ​ប្រៀប​ដូចជា​ព្រះអាទិត្យ​ដ៏​ភ្លឺច្បាស់ ហើយ​ពេល​រាត្រី​ប្រៀប​ដូចជា​ព្រះចន្ទ​នា​យប់​ពេញ​បូរមី ដែល​ថា​ទោះបីជា​រូបកាយ​ខ្ញុំ​បាន​ទៅដល់​ផ្នែក​ណាមួយ​លើ​ផែនដី​នេះ ក៏​ខ្ញុំ​នៅតែ​អាច​មើលឃើញ​ជានិច្ច។ ខ្ញុំ​ពុំ​ដែល​បាន​និយាយ​រឿង​ទាំងនោះ​ប្រាប់​នរណា​ម្នាក់​ទេ សូម្បីតែ​ម្ដាយ​ឪពុក​របស់ខ្ញុំ ឬមិត្តភក្ដិ​ជិតស្និទ្ធ​របស់ខ្ញុំ​ក៏ដោយ ព្រោះ​ក្នុងចិត្ត​ខ្ញុំ​ចេះតែ​គិតថា “បើ​គ្រប់គ្នា​បានដឹង ម្ល៉េះសម​គេ​នឹង​គិតថា​ខ្ញុំ​នេះ​ជា​មនុស្ស​ឆ្កួត​ហើយ​”។ ខ្ញុំ​ចេះតែ​ឆ្ងល់​ថា “តើមាន​មនុស្ស​បែបនេះ​មែន ឬអត់​នៅ​លើ​លោក​នេះ​? ឬមួយ​ក៏​មានតែ​ព្រលឹង​ដូចដែល​ខ្ញុំ​បាន​ជួប​?” ខ្ញុំ​បាន​គិត​បន្ត​ទៀត​ថា “ទោះបី​មាន​ពិត ឬមិន​មាន​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​មានសំណាង​ល្អ​ណាស់​ដែល​បាន​ជួប សូម្បីតែ​ជា​រូប​ដែល​គ្មាន​រូប សំឡេង​ដែល​គ្មាន​សំឡេង ហើយ​យើង​ក៏​ប្រែជា​អ្នក​ដែល​អាច​យល់​ពីគ្នា សូម្បីតែ​យើង​មិន​និយាយ​គ្នា​”។

ជីវិត​ខ្ញុំ​រស់នៅ​តែ​ក្នុង​សុបិន ហើយ​ទោះជា​ស្ថានភាព​ពិត​វា​លំបាក​យ៉ាប់យ៉ឺន​ដល់កម្រិត​ណា ប៉ុន្តែ​ក្នុង​សុបិន​នៅតែ​មាន​ដើម​នៃ​សេចក្ដីសង្ឃឹម​ដែល​ចាក់​ឫស​យ៉ាង​រឹងមាំ​បំផុត។

៧ឆ្នាំក្រោយ​មក វា​ជា​រឿង​ដែល​ពិបាក​នឹង​ឱ្យ​ខ្ញុំ​ជឿ ហើយក៏​ពិបាក​នឹង​ឱ្យ​ខ្ញុំ​បង្ហាញ​ប្រាប់​ពី​អារម្មណ៍​របស់ខ្ញុំ​ទៅកាន់​មនុស្ស​ផ្សេង​ដែល​នៅ​ជុំវិញ​ខ្ញុំ។ នៅ​ថ្ងៃមួយ​នា​ខែកក្កដា ឆ្នាំ២០១៧ ខ្ញុំ​បានឃើញ​មិត្ត​ម្នាក់​ចែករំលែក​អត្ថបទ​របស់​គាត់​នៅ​លើ​បណ្ដាញ​សង្គម។ វា​ជា​រឿង​ចៃដន្យ​មួយ ដែល​ថា​នៅ​ថ្ងៃ​នោះ​ខ្ញុំ​បាន​ជួប​មិត្ត​ម្នាក់ ហើយ​និយាយ​ពី​ប្រធានបទ​នេះ​ជាមួយគ្នា។ ស្រាប់តែ​យប់​ឡើង ខ្ញុំ​ក៏បាន​ឃើញ​អត្ថបទ​នេះ​ត្រូវ​បាន​សរសេរ​ដោយ​បុរស​ស្ងៀមស្ងាត់​ម្នាក់ ដែល​ខ្ញុំ​ធ្លាប់ស្គាល់​តែ​ក្នុង​សុបិន។ ខ្ញុំ​រំភើបចិត្ត​ឥតឧបមា ហើយក៏​មិនដឹង​និយាយ​បែប​ណា​ទេ។ ខ្ញុំ​បាន​ចុច​ចូល​ដើម្បី​មើល​ឈ្មោះ និង​មុខមាត់​របស់​ម្ចាស់​សំណេរ​ឱ្យ​ច្បាស់។ ពេល​ឃើញ​មុខ​គាត់ និង​ឃើញ​អាវ​ដែល​គាត់​ពាក់ (រូបថត​នៅក្នុង Profile Facebook​) ខ្ញុំ​ញ័រដៃ​ទទ្រើក ហើយក៏​បិទ​ទូរសព្ទ​ទៅវិញ។ ខ្ញុំ​ដើរចុះឡើង ហើយ​ក្ដិច​ដៃ​ខ្លួនឯង។ ខ្ញុំ​ពុំមែន​យល់សប្ដិ​ទេ ព្រោះ​ម្ចាស់​សំឡេង​ដែល​គ្មាន​សំឡេង ម្ចាស់​រូប​ដែល​គ្មាន​រូប ការពិត​គឺ​មានជីវិត​រស់នៅ​លើ​ផែនដី​នេះ​ជាមួយ​ខ្ញុំ។ នៅ​ថ្ងៃបន្ទាប់ ខ្ញុំ​បាន​ចូល​ទៅ​មើល​អត្ថបទ​សំណ​រទាំង​អស់​របស់​គាត់ គឺ​មើល​តាំងពី​ឆ្នាំ២០១៤ រហូតដល់​ឆ្នាំ២០១៧ ដោយ​អាន​គ្រប់​អត្ថបទ​ទាំងអស់​ដែល​គាត់​បាន​សរសេរ​ចែករំលែក។

ជា​ធម្មតា ខ្ញុំ​ពុំ​ដែល​សូវ​ស្នើសុំ​ធ្វើជា​មិត្ត​នឹងនរ​ណា​នៅ​លើ​បណ្ដាញ​សង្គម​ទេ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ស្នើសុំ​គាត់​ជា​មិត្ត​ដែរ គ្រាន់តែ​ចូល​ទៅ​អាន​ដោយ​ពុំ​ឱ្យ​គាត់​ដឹង។ រំលង​បាន​ប្រហែល​កន្លះ​ខែ ខ្ញុំ​ក៏​ដាច់ចិត្ត​ស្នើសុំ​គាត់​ធ្វើជា​មិត្ត​នឹងគ្នា ហើយ​គាត់​ក៏​ទទួល​ភ្លាម ព្រមទាំង​បាន​សរសេរ​សារ​អរគុណ​សម្រាប់​ការ​ស្នើសុំ​ធ្វើជា​មិត្ត​របស់ខ្ញុំ។ ពីរ​ខែក្រោយ​មក មិនដឹងជា​យ៉ាងម៉េច នៅ​យប់​មួយ​នោះ​ពេល​ខ្ញុំ​ប្រាស់​ខ្លួន​គេងលក់​មួយ​ភាំង ខ្ញុំ​ក៏​ភ្ញាក់​មកវិញ​ទាំង​កណ្ដាល​អ​ធ្រា​ត្រ។ ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ខ្ញុំ​គេង​ទៅវិញ ខ្ញុំ​នឹង​មិន​អាច​ក្រោក​ឡើង​ម្ដងទៀត​បានទេ។ វា​ហាក់​មាន​សំឡេង​មួយ​និយាយឡើង​ថា “ប្រសិន​អ្នកមាន​រឿង​អ្វី​ដែល​ចង់​ធ្វើ ហើយ​អ្នក​នៅ​មិនទាន់​បាន​ធ្វើ​ទេ ចូរ​អ្នកធ្វើ​វា​ចុះ​!”

ខ្ញុំ​នឹក​មិនឃើញ​ទេ ដ្បិតថា​ពេលនោះ​ស្ថានភាព​ជីវិត​របស់ខ្ញុំ​ដែល​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ កំពុងតែ​លំបាក​ខ្លាំង។ មិនដឹងជា​យ៉ាងម៉េច ខ្ញុំ​ស្រាប់តែ​សម្រេចចិត្ត​ក្រោកពីដំណេក ហើយ​បើក​កុំព្យូទ័រ​របស់ខ្ញុំ​នៅ​ម៉ោង១យប់។ យប់​នោះ​ គឺ​យប់​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ ខ្ញុំ​អង្គុយ​សរសេរ​សារ​មួយ ហើយ​ទម្រាំតែ​ដាច់ចិត្ត​ចុច​ផ្ញើ​ទៅ ខ្ញុំ​ត្រូវ​លុប​វា​ចោល​ជាច្រើន​ដង។ ចុងក្រោយ ខ្ញុំ​ដាច់ចិត្ត​អត់ដង្ហើម ហើយ​ចុច​បញ្ជូន​សារ​នោះ​ទៅ​ម្ចាស់​ចម្លើយ។ អត្ថន័យ​នៃ​សារ​នោះ​ខ្ញុំ​គ្រាន់តែ​បាន​ប្រាប់​ថា “ខ្ញុំ​ស្រឡាញ់​គាត់​!” ហើយ​នៅក្នុង​ជម្រៅ​ចិត្ត​របស់ខ្ញុំ​នៅ​គ្រានោះ​ គឺ​ទទេ​ធេង។ ខ្ញុំ​ហាក់​គិតថា ​ឆាកជីវិត​នេះ​វា​ខ្លី​ណាស់ ខ្លី​រហូតដល់​មិន​អាច​ឱ្យ​យើង​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​រឿង​គ្រប់យ៉ាង​ដែល​ខ្លួន​ប៉ងប្រាថ្នា​ចង់​ធ្វើនោះ​ឡើយ។

រាត្រី​នោះ ខ្ញុំ​គេង​មិន​លក់​ទល់​ភ្លឺ។ មាន​សំណួរ​ជាច្រើន​អណ្ដែត​ឡើង​មក​បន្តបន្ទាប់ ហើយក៏​មាន​ចម្លើយ​ជាច្រើន​ដែល​បាន​ឆ្លើយតប។ មិនយូរ​ប៉ុន្មាន ពេល​រាត្រី​បាន​កន្លងទៅ ហើយ​ព្រះអាទិត្យ​ក៏​រះ​ឡើង​ដូច​ថ្ងៃ​ធម្មតា។ ខ្ញុំ​ភ្ញាក់​ពី​ដំណេក ហើយក៏​បើក​សារ​មើល។ អ្វី​ដែល​ខ្ញុំ​ខ្លាច​បំផុត មិនមែន​ខ្លាច​ចម្លើយ​អវិជ្ជមាន ឬច​ម្លើយ​វិជ្ជមាន​ទេ ប៉ុន្តែ​ខ្ញុំ​ខ្លាច​លែង​មានឱកាស​បាន​ស្គាល់​មនុស្ស​ល្អ​ដូច​គាត់។ ប៉ុន្តែ​នាគ្រានោះ ខ្ញុំ​ក៏បាន​គិតឃើញ​រឿង​មួយ​គឺ ចាត់ទុកថា​នោះ​ជា​ការ​ពិសោធ​មួយ ពីព្រោះ​ខ្ញុំ​បាន​ស្គាល់​គាត់​ច្បាស់​ណាស់​នៅក្នុង​សុបិន ហើយ​ប្រសិនបើ​គាត់​នៅក្នុង​ជីវិត​ពិត គឺ​ខុសពី​អ្វី​ដែល​ខ្ញុំ​បាន​ស្គាល់​នា​គ្រា​កន្លងទៅ នោះ​ចាត់ទុកថា​មិនមែន​ជា​គាត់​ទៅចុះ។ ខ្ញុំ​នឹង​ពុំ​មានរឿង​ខកបំណង​អ្វី​ទេ ព្រោះ​ធម្មតា ខ្ញុំ​ក៏បាន​រស់នៅ​ជាមួយ​ទីប្រឹក្សា​ដ៏​ពូកែ​ម្នាក់​រហូត​មក​ហើយ។ សារ​ឆ្លើយតប​ដែល​ខ្ញុំ​ទទួល​បាន​ពី​គាត់​គឺ “បាទ​! សូម​អរគុណ​ណា៎​! កុំ​គិត​ច្រើន តែ​សូម​បន្ត​ប្រឹងប្រែង។ ពេលវេលា​ដែល​នៅ​សេសសល់​ទាំងប៉ុន្មាន​ក្នុង​ជីវិត​ខ្ញុំ គឺ​ខ្ញុំ​ចង់​រៀន​”។ នេះ​ជា​សារ​តែ​ពីរ​បន្ទាត់​គត់​ដែល​ខ្ញុំ​ទទួល​បាន​ពី​ម្ចាស់​ចម្លើយ។ ភ្លាម​នោះ ខ្ញុំ​ក៏​ទទួលអារម្មណ៍​ថា ​នេះ​ជាច​ម្លើយ​បដិសេធ​ដ៏​គួរសម​បំផុត។ ខ្ញុំ​ឆ្លើយតប​ត្រលប់​ទៅវិញ​ដោយ​ពាក្យ​អរគុណ ហើយ​ជូនពរ​សំណាងល្អ។ ខ្ញុំ​មិនដែល​មាន​អារម្មណ៍​ថា​ខ្មាស ឬក៏​ចង់​ចាកចេញ​មិន​ទទួលយក​ការពិត​នោះ​ទេ។ វា​ដូចជា​រឿង​កំប្លែង​មួយ​សម្រាប់​ជីវិត។ តើន​រណា​ដែល​នឹង​មក​ស្រឡាញ់​យើង​ទាំង​ដែល​មិនធ្លាប់​បាន​ចួប​យើង និយាយ​គ្នា​ខាងក្រៅ​មួយម៉ាត់នោះ​? មិនដឹង​ថា “តើ​ការរស់នៅ​របស់​យើង​បែប​ណា​? តើ​យើង​មាន​ទំនាក់ទំនង​យ៉ាងម៉េច​ខ្លះ​ជាមួយ​អ្នកដទៃ​? តើ​យើង​មាន​អត្តចរិត​បែប​ណា​? ចូលចិត្ត​ជីវិត​រស់នៅ​បែប​ណា​? តើ​យើង​តែងតែ​ប្រើ​វិធី​ដោះស្រាយ​បញ្ហា​តាមរបៀប​ណា​? មានការ​អត់ធ្មត់​ខ្ពស់​កម្រិត​ណា​? មានការ​តស៊ូ​ក្នុង​ជីវិត​យ៉ាងម៉េច​?” និយាយ​ជា​រួម ខ្ញុំ​គិតថា​ខ្ញុំ​ស្គាល់​គាត់ ហើយ​ខ្ញុំ​ក៏​គិតថា​គាត់​នឹង​ស្គាល់​ខ្ញុំ​ដូចគ្នា ប៉ុន្តែ​នោះ​វា​ប្រហែលជា​មិន​ពិត​ទេ។

ខ្ញុំ​ចាំ​បាន​ថា “យើង​ជួប​គ្នា​ដំបូង​នៅ​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ហើយ​គាត់​បាន​ជូន​ខ្ញុំ​ទៅលេង​ប្រាសាទអង្គរវត្ត​ជាមួយនឹង​មិត្តភក្ដិ​ផ្សេងទៀត។ ថ្ងៃ​នោះ យើង​បាន​ថតរូប​បីសន្លឹក​ជាមួយគ្នា។ ក្រោយ​ៗមក​ទៀត យើង​បាន​បញ្ឈប់​ការ​និយាយ​ពី​រឿង​នោះ ហើយក៏​ចាប់ផ្ដើម​និយាយ​ពី​រឿង​ការងារ។ រាល់ពេល​ដែល​យើង​ជួប​គ្នា យើង​តែងតែមាន​រឿង​និយាយ ប៉ុន្តែ​នោះ​សុទ្ធតែ​ជា​រឿង​មានប្រយោជន៍​ដែល​ទាក់ទង​នឹង​ជីវិត​ការងារ។ ទោះ​យើង​មិន​មាន​ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា ប៉ុន្តែ​ខ្ញុំ​ជា​មនុស្សម្នាក់​ដែល​គាត់​បាន​ចំណាយពេល​ពិភាក្សា​រឿង​ការងារ​ច្រើន​បំផុត។ យើង​មិនដែល​ចេះ​ទាស់សម្ដី​គ្នា​ទេ តាំងពី​ស្គាល់គ្នា​នៅ​ថ្ងៃ​ដំបូង។ គាត់​ជា​មនុស្ស​គួរសម មានការ​គោរព​ឱ្យ​តម្លៃ​ស្មើ​ចុង​ស្មើដើម មិនថា​ចំពោះ​នរណា​ក៏ដោយ។ ហេតុនេះ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​សប្បាយចិត្ត​ជានិច្ច ហើយ​ខ្ញុំ​តែងតែ​និយាយ​ថា “ខ្ញុំ​អរគុណ​ដែល​នៅ​លើ​លោក​នេះ​មាន​វត្តមាន​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​កំពុង​ស្ថិតនៅ និង​រស់នៅ​ដោយ​សុខសប្បាយ ថ្វីបើ​មិនមែន​នៅ​ជិត​គ្នា។ ប៉ុន្តែ យើង​កំពុង​រស់នៅ​ក្រោម​ដំបូល​មេឃ​តែមួយ លើ​ផែនដី​តែមួយ បានឃើញ​ថ្ងៃរះ និង​លិច​ដូចគ្នា ថែមទាំង​បាន​គយគន់​ដួងព្រះចន្ទ​នា​ពេល​រាត្រី​ដូចគ្នា ជាពិសេស​យើង​អាច​មានឱកាស​បានដឹង​សុខទុក្ខ​គ្នា ហើយ​ថែមទាំង​បាន​ធ្វើការងារ​សង្គម​ជាច្រើន​រួមគ្នា។ ទាំងនេះ​ជា​ក្ដី​អំណរ​ដ៏​ច្រើន​ចំពោះ​ខ្ញុំ​!”។

រួចពី​នោះ មិត្តភក្តិ​របស់ខ្ញុំ​ស្ទើរគ្រប់​គ្នា​បានដឹង គឺ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​គាត់ ដឹង​ថា​ខ្ញុំ​ត្រូវ​គាត់​បដិសេធ​មិន​ស្រឡាញ់ ប៉ុន្តែ​ពួក​គេ​នៅតែ​ផ្ដល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​ចំពោះ​ខ្ញុំ។ មិនដឹងជា​យ៉ាងម៉េច ខ្ញុំ​ចេះតែ​ស្រមៃ​ថា ថ្ងៃណាមួយ​គាត់​នឹង​សួរ​សំណួរ​នេះ​មក​ខ្ញុំ គឺ​សួរ​ថា “តើ​ខ្ញុំ​នៅ​ស្រឡាញ់​គាត់​ដូចមុន​ទេ​?” ហើយ​ពេលនោះ ខ្ញុំ​បាន​គិតថា ខ្ញុំ​នឹង​ឆ្លើយតប​ទៅវិញ​បែបនេះ គឺ​ឆ្លើយ​ថា “ខ្ញុំ​តែងតែ​ស្រឡាញ់​គាត់​រហូត​មក ហើយក៏​នឹង​ស្រឡាញ់​តែ​គាត់​រហូត​តទៅ​!”។ យូរ​ៗទៅ មិត្តភក្ដិ​ដែល​តែងតែ​គាំទ្រ​ខ្ញុំ​ខ្លះ ក៏​ប្រែជា​មាន​អារម្មណ៍​អស់សង្ឃឹម​ជំនួស​ខ្ញុំ ហើយ​អ្នកខ្លះ​ក៏​ប្រាប់​ថា “បោះបង់ចោល​ការ​រង់ចាំ​ទៅ ហើយ​ត្រលប់​មក​បើក​ចិត្ត​ទទួល​អ្នកណា​ផ្សេង​ដែលគេ​ស្រឡាញ់​យើង​វិញ​ល្អ​ជាង​!”។ ដោយ​ស្មោះត្រង់​ទៅ គឺ​ខ្ញុំ​ពុំ​ដែល​តាំងចិត្ត​ថា​រង់ចាំ​គាត់​ទេ ខ្ញុំ​គ្រាន់តែ​ស្រឡាញ់​គាត់ ហើយ​ក្នុងចិត្ត​ស្រឡាញ់​នេះ ខ្ញុំ​ពុំ​បាន​អន្ទះអន្ទែង ឬអន្ទះសា​នឹង​ការ​រង់ចាំ​ភាព​សមបំណង​អ្វី​ឡើយ។ ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ​គ្រាន់តែ​គិតថា ខ្ញុំ​អាច​យល់​ពី​គាត់​បាន​ច្រើន ដ្បិតថា​ខ្ញុំ​បាន​យល់​ពី​គាត់​តាំងពី​ខ្ញុំ​ពុំ​បាន​ស្គាល់​រូប​ពិត​របស់​គាត់ ហើយ​ខ្ញុំ​គិតថា​បើ​ខ្ញុំ​នៅ​ជិត​គាត់ ខ្ញុំ​នឹង​មានឱកាស​បាន​​រួមចំណែក​លើ​ការងារ​ខ្លះ​របស់​គាត់ តាមដែល​ខ្ញុំ​អាច​ជួយ​គាត់​បាន តែបើ​មិនបាន​នៅ​ជិត​គាត់​ទេ ក៏​មិន​ថ្វី។ ទោះ​ក្នុង​ជីវិត​ពិត​ខ្ញុំ​មាន​គាត់ ឬពុំ​មាន​គាត់ ក៏​ខ្ញុំ​បាន​ស្កប់ស្កល់​នឹង​សេចក្ដី​ស្រឡាញ់ ព្រមទាំង​ការ​លះបង់​គ្រប់យ៉ាង​ដែល​ខ្ញុំ​ទទួល​បាន​នៅក្នុង​ក្ដី​សុបិន​ជាយូរមកហើយ។ ខ្ញុំ​តែង​និយាយ​ថា “បើ​យើង​ពិតជា​ស្រឡាញ់​ផ្កា ចូរ​យើង​កុំ​ដកផ្កា​ចោល ឬឈប់​មើលថែ​វា ព្រោះតែ​វា​យឺត​ក្នុង​ការ​ចេញផ្កា ឬក៏​មិន​អាច​មាន​ផ្កា​!”

ទីបំផុត នៅ​ថ្ងៃមួយ​គឺ​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ រឿង​ដែល​ខ្ញុំ​ស្រមៃ​ក៏បាន​ក្លាយជា​ការពិត។ បរិយាកាស​ពេលល្ងាច​ថ្ងៃលិច នៅ​វាលស្រែ​រដូវប្រាំង យើង​អង្គុយ​លើ​ជញ្ជ្រាំង​មើល​សត្វ​ហើរ​ចូល​ទ្រនំ។ គាត់​បាន​សួរ​សំណួរ​មក​ខ្ញុំ ហើយ​នោះ​ជា​សំណួរ​ដែល​ខ្ញុំ​តែងតែ​ស្រមៃ​ថា​វា​នឹង​កើតឡើង។ ពេលនោះ​ខ្ញុំ​ក៏បាន​ឆ្លើយ​នូវ​សំណួរ​ដូចគ្នា​ដែល​ខ្ញុំ​តែងតែ​ចង់​ឆ្លើយ​ប្រាប់​គាត់។ សម្ដី​គាត់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចងចាំ ហើយ​រំភើប​រហូត​មក​នោះ​គឺ “ស្នេហា​ប្រៀប​ដូចជា​ការ​ពិសោធ​មួយ​អ៊ីចឹង បើ​យើង​ឆ្លងកាត់​វា​មិនបាន​ដោយ​ភាព​ស្មោះត្រង់ និង​ចិ​ត្ត​អំ​ណត់​អត់ធ្មត់​ទេ យើង​ក៏​មិន​សមនឹង​ទទួល​បាន​ស្នេហា​ពិត​មួយ​ដែរ។ មាន​នារី​ជាច្រើន​ដែល​ធ្លាក់ទៅក្នុង​អន្លង់​ស្នេហ៍​របស់​បុរស ដោយសារតែ​នាង​បានឃើញ​ភាព​ហ៊ឺហា​រ ឃើញ​ទ្រព្យ ឃើញ​ចំណេះដឹង កិត្តិយស… ប៉ុន្តែ នារី​ម្នាក់​ដែល​តែងតែ​នៅ​ទីនោះ ហើយ​ធ្វើជា​ចំណែក​មួយ​នៃ​រឿង​ដែល​បុរស​នោះ​ឆ្លងកាត់ គឺ​មានតែ​ម្ដាយ​របស់​បុរស​នោះ​ប៉ុណ្ណោះ! រួច​ចំពោះ​នារី​ដែល​មាន​ទឹកចិត្ត​ស្រដៀងនឹង​ម្ដាយ​របស់​បុរស​នោះ​ គឺ​កម្រ​នឹង​មាន​ណាស់​!”

នេះ​ហើយជាប្រវត្តិនៃសេចក្ដីស្នេហា​ដ៏​អស្ចារ្យ​របស់​កញ្ញា សែត ហត្ថា និង​ លោក ឡាំ លីម ដែលស្ដាប់ទៅ​គឺពិតជា​ដូច​រឿង​ព្រេង​និទានពិតប្រាកដមែន ដែល​រឿងរ៉ាវ​នៃ​សេចក្ដី​ស្នេហា​បែបនេះ ពិតជា​កម្រនឹង​កើតមាន​ណាស់​នៅ​លើ​លោក​យើង​នេះ… តែ​ទោះជា​យ៉ាងណា នេះ​ក៏ជាសេចក្ដីសេ្នហាដ៏ពិតប្រាកដមួយ​ទៅ​ហើយ ហើយ​ថែមទាំង​ជា​ដ៏គួរឱ្យ​រំភើប​ ស្ងើចសរសើរ​បំផុត​មួយ​ទៀតផងបន្ទាប់​ពីបានដឹងរួច។ ចំណែក​ខាងក្រោមនេះ គឺជា​កម្រងរូប​ថ​​មួយចំនួននៃ​ពិធី​ភ្ជាប់​ពាក្យ​​របស់អ្នកនិពន្ធល្បីៗ​ទាំង​ពីរ បែប​ប្រពៃណីខ្មែរ ដែល​គេហទំព័រ​យើង​ខ្ញុំ​សុំ​សិទ្ធិ​​បង្ហាញ​ឱ្យ​ប្រិយមិត្ត​បាន​ឃើញ។

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា ខាងលើ​គឺជាប្រវត្តិស្នេហា​ដ៏​អស្ចារ្យរបស់​ កញ្ញា សែត ហត្ថា ហៅ “កូនចាបមាស” និង​ លោក​ ឡាំ លីម មុន​ពេល​ឈានដល់​​ពិធី​ភ្ជាប់ពាក្យជាមួយ​គ្នា​កាល​ ថ្ងៃសុក្រ ​ទី២៦ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ (ទឹកដីកំណើតរបស់​កញ្ញា សែត ហត្ថា) ដែល​ការ​ភ្ជាប់​ពាក្យរបស់​អ្នក​ទាំង​ពីរនេះ បាន​ធ្វើ​ឱ្យ​មហាជន ជាពិសេស​អ្នក​ប្រិយមិត្ត​អ្នក​គាំទ្រ​​របស់​អ្នក​ទាំង​ពីរមានការ​ភ្ញាក់​ផ្អើល និង​រំភើបចិត្ត​យ៉ាង​ខ្លាំង ព្រោះ​សុទ្ធតែអ្នក​និពន្ធ​ដែលជា​ Idol ក្នុង​ចិត្ត​របស់​ពួកគេម្នាក់ៗទាំងអស់។ ដូច្នេះ មុននឹង​បញ្ចប់​អត្ថបទនេះ គេហទំព័រយើងខ្ញុំ​មានតែពាក្យជូនពរឱ្យ​អ្នកនិពន្ធ​កម្ពុជា​របស់​យើង​ទាំង​ពីរ កាន់តែ​ស្រឡាញ់ស្មោះត្រង់ចំពោះ​គ្នា និងឆាប់ចូលរោងជ័យឆាប់ៗ​ប៉ុណ្ណោះ។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឡាំ លីម និង សែត ហត្ថា / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!