មកស្គាល់ កញ្ញា ខន ចំប៉ា និពន្ធនាយករងគេហទំព័រថ្មីៗ ដែលជាសារព័ត៌មានល្បីមួយនៅកម្ពុជា
- June 27th, 2020
មកស្គាល់ កញ្ញា ខន ចំប៉ា និពន្ធនាយករងគេហទំព័រថ្មីៗ ដែលជាសារព័ត៌មានល្បីមួយនៅកម្ពុជា
កញ្ញា ខន ចំប៉ា កើតឆ្នាំ១៩៩២ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នបានប្ដូរមកជាខេត្តត្បូងឃ្មុំវិញ។ កញ្ញាមានបងប្អូនបង្កើតចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស១នាក់ ដោយកញ្ញាជាកូនទី២ក្នុងគ្រួសារ។ បច្ចុប្បន្ន កញ្ញាគឺជានិពន្ធនាយករងនៅគេហទំព័រ Tmeythmey.com ដែលជាសារព័ត៌មានល្បីមួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ចម្រុះទៅដោយព័ត៌មានសំខាន់ៗល្បីជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
កញ្ញា ខន ចំប៉ា និពន្ធនាយករងគេហទំព័រថ្មីៗ
ការងារមិនថាផ្នែកអ្វី ឬក្នុងវិស័យអ្វីនោះទេ បើចង់ជោគជ័យលុះត្រាតែយើងតាំងចិត្តធ្វើវាដោយពិតប្រាកដ និងមានចំណេះដឹងផ្នែកនោះច្បាស់លាស់ ជាពិសេសសកម្មតស៊ូព្យាយាមមិនរាថយ ទើបអាចទៅរួច។ ក្រឡេកមកខាងការងារផ្នែកសារព័ត៌មាន ដែលជាអាជីពការងារបច្ចុប្បន្នរបស់កញ្ញា ខន ចំប៉ា វិញ ក៏ដូចគ្នាផងដែរ ទម្រាំតែកញ្ញាអាចដើរមកដល់ចំណុចជោគជ័យដូចសព្វថ្ងៃគឺមិនមែនជារឿងងាយស្រួលឡើយ ដោយកញ្ញាបានបង្ហាញក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ថា “ខ្ញុំចាប់ផ្តើមការងារជាអ្នកកាសែតពេញម៉ោង ក្នុងឆ្នាំ២០១២ នៅ VAYO FM Radio ក្រោយមកនៅអំឡុងចុងឆ្នាំ២០១៤ ខ្ញុំបានប្តូរមកធ្វើការនៅ Thmeythmey.com ហើយក៏បន្តការងារនៅស្ថាប័នមួយនេះរហូតដល់បច្ចុប្បន្ន។ ខ្ញុំសូមរំឭកដែរថា មុនកា្លយជាអ្នកកាសែត ខ្ញុំគឺជាបុគ្គលិកស្ម័គ្រចិត្តនៅអង្គការក្នុងស្រុកមួយ ដែលធ្វើការពាក់ព័ន្ធនឹងការផលិតវីដេអូឯកសារជុំវិញស្ថានភាពកុមារ និងយុវជននៅកម្ពុជា។ តាមរយៈការងារស្ម័គ្រចិត្តនេះហើយ ដែលវាបានក្លាយជាស្ពានភ្ជាប់ចំណង់ចំណូលចិត្តរបស់ខ្ញុំ ដែលតាមពិតជានិស្សិតបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ឱ្យក្លាយជាអ្នកកាសែតដូចបច្ចុប្បន្ន។” កញ្ញាបន្ត “គិតមកទល់ពេលនេះ ខ្ញុំគឺជាអ្នកកាសែត ប្រមាណ៨ឆ្នាំហើយ។ ឆ្លងកាត់ការធ្វើការងារជាច្រើន និងក្នុងរយៈពេលមួយយូរគួរសមដែរ ច្បាស់ណាស់ការលំបាក គឺពិតជាមាន ហើយមានច្រើន ជាពិសេសគឺការពង្រឹងគុណភាពសំណេរតែម្តង។ អ្នកកាសែតពូកែ គឺគេមើលទៅលើស្នាដៃសំណេរនេះឯង។ ហើយការងារជាអ្នកសរសេរនេះ មិនមែនងាយស្រួលប៉ុន្មានទេ ប៉ុន្តែខ្ញុំជឿថា ការងារណា ក៏ដូចការងារណាដែរ គឺតែងមានផលលំបាករបស់វារៀងៗខ្លួន អាស្រ័យលើអ្នកអនុវត្តការងារនោះ មានចំណេះដឹងកម្រិតណា និងឆ្លាតវាងវៃកម្រិតណា ហើយស្រឡាញ់ការងារ និងស្ថាប័នកម្រិតណាដែរ។ សម្រាប់ខ្ញុំដើម្បីជម្នះឧបសគ្គក្នុងអាជីពនេះ គឺមានតែការខំប្រឹង និងការរៀនសូត្រពីអ្នកនៅក្នុងអាជីពដូចគ្នា និងស្តាប់បទពិសោធន៍ពីអ្នកកាសែតដទៃទៀត ដែលយើងទទួលស្គាល់ថាស្នាដៃសំណេរគាត់ល្អ សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់យើងប៉ុណ្ណោះ។”
កញ្ញា ខន ចំប៉ា ក្នុងសកម្មភាពកំពុងបំពេញការងារផ្នែកសារព័ត៌មានរបស់ខ្លួន
ខាងលើជាការបង្ហាញពីដំណើរជីវិតលើវិថីការងារផ្នែកសារព័ត៌មានរបស់កញ្ញា ខន ចំប៉ា និងការជម្នះនូវផលលំបាកដែលកញ្ញាបានជួបប្រទះក្នុងអាជីពនេះកន្លងមក។ បន្ទាប់មក កញ្ញាក៏បានរៀបរាប់បន្តទៀត ទាក់ទងនឹងអត្ថបទព័ត៌មាន និងជ័យលាភីដែលកញ្ញាធ្លាប់ទទួលបានកន្លងមកថា “អត្ថបទព័ត៌មាន ជារួមគឺជាការជូនដំណឹង ការប្រាប់ពីព្រឹត្តិការណ៍ ឬដំណើរសាច់រឿងមួយដែលកើតឡើងពិតជាក់ស្តែង តាមរយៈការសម្ភាសន៍ និងការមើលឃើញ ឬការបានចូលរួមក្នុងព្រឹត្តិការណ៍ណាមួយដោយផ្ទាល់… វាខុសពីប្រលោមលោក ដែលអ្នកនិពន្ធបានបញ្ចូលការស្រមើស្រមៃ និងគំនិតផ្ទាល់ខ្លួនរបស់គេបាន។ ហើយកន្លងមក ខ្ញុំធ្លាប់ទទួលបានជ័យលាភីលេខ៣ចំនួន២លើក ជុំវិញការរាយការណ៍អំពីអំពើពុករលួយនៅកម្ពុជា រៀបចំដោយអង្គការតម្លាភាពកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា នៅក្នុងឆ្នាំ២០១៥ និង២០១៧… ហើយនៅឆ្នាំ២០១៦ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងការប្រកួតសំណេរ អំពីការពាក់មួកសុត្ថិភាព ដែលរៀបចំឡើងដោយ AIP Foundation។”
កញ្ញា ខន ចំប៉ា ពេលទទួលពានរង្វាន់ពីការប្រកួតប្រជែងអ្នកសារព័ត៌មានឆ្នើម ជុំវិញការរាយការណ៍អំពីអំពើពុករលួយនៅកម្ពុជា
កញ្ញា ខន ចំប៉ា បានចែករំលែកចំណេះដឹងផ្នែកអត្ថបទព័ត៌មានទៅកាន់អ្នកទាំងឡាយ ដែលចង់សរសេរអត្ថបទផ្នែកនេះឱ្យបានល្អថា “អត្ថបទព័ត៌មានល្អ គឺចាំបាច់ណាស់ដែលព័ត៌មានដែលយើងផ្តល់ឱ្យអ្នកអានមានតុល្យភាព និងគ្រប់ជ្រុងជ្រោយ ព្រមជាមួយនឹងសំណេរទាក់ទាញប្រទាក់គ្នាពេញមួយសាច់រឿង ដើម្បីឱ្យទាក់ទាញបាន គឺអាស្រ័យលើសិល្បៈនៃការប្រើពាក្យពេចន៍ សំណង់ប្រយោគល្អៗរបស់អ្នកនិពន្ធហ្នឹងហើយ ហើយអ្នកនិពន្ធ ត្រូវប្រយ័ត្នប្រយែង និងចៀសវាងឱ្យបាននូវកំហុសអក្ខរាវិរុទ្ធ។” កញ្ញាបន្ត “ជាអ្នកនិពន្ធអត្ថបទព័ត៌មានមួយរូប គឺយើងត្រូវដាក់ចិត្ត និងព្រមលះបង់ពេលវេលាច្រើន ព្រោះយើងតែងនិយាយថា អ្នកកាសែត គឺធ្វើការគ្រប់ពេល គ្រប់ទីកន្លែង… ដូច្នេះការងារនេះ វាស៊ីពេលយើងអស់មួយចំណែកធំ។ លើសពីនេះ យើងត្រូវមានចំណេះដឹងផ្នែកខេមរភាសាឱ្យបានច្បាស់លាស់ និងភាសាទី២ ឬទី៣ទៀតបើអាច។ យើងត្រូវចេះបត់បែន និងមានភាពអំណត់ខ្ពស់ ហើយអ្នកកាសែតត្រូវមានជំហរច្បាស់លាស់ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជានិច្ច និងមានចំណុចច្រើនទៀត ដែលយើងត្រូវដាក់ចិត្តរៀនសូត្រជានិច្ចពាក់ព័ន្ធនឹងអាជីពមួយនេះ។”
កញ្ញា ខន ចំប៉ា ក្នុងឯកសណ្ឋានការងារផ្នែកសារព័ត៌មានពេលចុះសម្ភាសន៍មួយ
មុននឹងបញ្ចប់បទសម្ភាសន៍ កញ្ញាបានបង្ហាញពីឱកាសល្អៗដែលទទួលបានពីអាជីពជាអ្នកសារព័ត៌មាននេះថា “អាជីពជាអ្នកសារព័ត៌មាននេះ បានផ្តល់ឱកាសឱ្យខ្ញុំបានទៅចូលរួមព្រឹត្តិការណ៍ និងកម្មវិធីមួយចំនួននៅក្រៅប្រទេសជាច្រើនលើក រួមមានដូចជា ប្រទេសថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន សាធារណរដ្ឋកូរ៉េ ជប៉ុន ចិន និងសហរដ្ឋអាម៉េរិក ហើយក្នុងនោះដំណើរមួយចំនួន គឺខ្ញុំទៅរៀនបន្ថែមជុំវិញការងារជាអ្នកកាសែត និងដំណើរខ្លះទៀត គឺទៅចូលរួមយកព័ត៌មាន។”
កញ្ញា ខន ចំប៉ា ពេលធ្វើដំណើរទៅប្រទេសជប៉ុន ដែលជាផ្នែកមួយនៃកម្មវិធីអ្នកកាសែតអាស៊ាន ដែលត្រូវធ្វើដំណើរទៅកាន់៣ប្រទេស រួមមាន សហរដ្ឋអាម៉េរិក សាធារណរដ្ឋកូរ៉េ និងជប៉ុន ដែលត្រូវបានជ្រើសរើសដោយស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
កញ្ញា ខន ចំប៉ា ពេលចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មានឆ្នាំ២០១៨ ស្ដីពីខ្សែក្រវាត់ និងវិធី និងវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មាន១០បូក៣ (Asain+3) លើកទី៩ នៅខេត្តហៃណាន់ និងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ២០១៨
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា កញ្ញា ខន ចំប៉ា កើតឆ្នាំ១៩៩២ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (សព្វថ្ងៃជាខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន កញ្ញាគឺជានិពន្ធនាយករងនៅគេហទំព័រថ្មីៗ Thmeythmey.com ជាសារព័ត៌មានល្បីមួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ដូច្នេះ ប្រសិនបើលោកអ្នកចង់មានសមត្ថភាពអាចសរសរអត្ថបទព័ត៌មានបានល្អនោះ លោកអ្នកអាចអនុវត្តតាមវិធីដែលកញ្ញាបានចែករំលែកខាងលើបាន ហើយបើលោកអ្នកខិតខំប្រឹងប្រែងពិតប្រាកដដោយមិនបោះបង់ទៀតនោះ លោកអ្នកមុខជាអ្នកសម្រេចជោគជ័យក្នុងអាជីពនេះបានយ៉ាងប្រាកដ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ខន ចំប៉ា / រក្សាសិទ្ធិ ៖ cambowriter.com