តុន ច័ន្ទរិទ្ធិ ម្ចាស់ស្នាដៃសៀវភៅ “និទានម៉ែ” អ្នកនិពន្ធដែលឱ្យតម្លៃខ្លាំងលើការអានសៀវភៅ
- June 9th, 2020
តុន ច័ន្ទរិទ្ធិ ម្ចាស់ស្នាដៃសៀវភៅ “និទានម៉ែ” អ្នកនិពន្ធដែលឱ្យតម្លៃខ្លាំងលើការអានសៀវភៅ
លោក តុន ច័ន្ទរិទ្ធិ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “សមុទ្រ” ។ លោកកើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ទុំ សុផល និងម្តាយឈ្មោះ ហង្ស សាមាន និងមានបងប្អូនបង្កើតចំនួន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ដោយជាកូនទី២ក្នុងក្រុមគ្រួសារ។ សព្វថ្ងៃក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប លោកគឺជាបុគ្គលិក NGO គ្រីស្ទានមួយកន្លែងក្នុងក្រុងភ្នំពេញ។
លោក តុន ច័ន្ទរិទ្ធិ និងសៀវភៅ “និទានម៉ែ”
ក្នុងបទសម្ភាសន៍ជាមួយ “គេហទំព័រអ្នកនិពន្ធកម្ពុជា” អ្នកនិពន្ធដែលមានប្រភពចេញពីទឹកដីខេត្តបាត់ដំបងរូបនេះ បានបង្ហាញពីដំណើរជីវិតលើវិថីតែងនិពន្ធរបស់លោកថា “ខ្ញុំចាប់ផ្តើមចូលប្រឡូកក្នុងការតែងនិពន្ធនៅក្នុងកំឡុងចុងឆ្នាំ២០១៨នេះប៉ុណ្ណោះ! ហើយកត្តាដែលជំរុញឱ្យខ្ញុំចង់ចូលរួមប្រឡូកក្នុងការតែងនិពន្ធនេះពីព្រោះហេតុផលមួយចំនួនដូចជា ទី១ ដោយសារវាជាចំណង់ចំណូលចិត្ត និងក្តីស្រមៃតាំងពីតូចដែលចង់ក្លាយជាអ្នកនិពន្ធ។ ទី២ ដោយសារចង់លើកស្ទួយការអាននៅប្រទេសកម្ពុជាឲ្យប្រសើរឡើងជាងនេះ។ ទី៣ ព្រោះចង់ចែករំលែកក្តីស្រឡាញ់ តាមរយៈស្នាដៃរបស់ខ្ញុំទៅកាន់មិត្តអ្នកអាន និងទី៤ចុងក្រោយ ព្រោះវាស្របនឹងជំនាញដែលខ្ញុំបានសិក្សានៅសាកលវិទ្យាល័យ។” លោកបន្តថា “ហើយសម្រាប់ការតែងនិពន្ធរូបខ្ញុំអាចសរសេរបានជាប្រភេទសៀវភៅ ទស្សនវិជ្ជាអប់រំ, លើកទឹកចិត្ត, ប្រលោមលោក និងរឿងខ្លីជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាង និងផ្តោតទៅលើជាងគេគឺ ប្រភេទសៀវភៅទស្សនវិជ្ជាអប់រំ និងលើកទឹកចិត្ត។”
ជាធម្មតាអ្នកនិពន្ធតែងមានស្នាដៃជារបស់ខ្លួន។ ជាក់ស្ដែងលោក តុន ច័ន្ទរិទ្ធិ ក៏មានស្នាដៃបោះពុម្ពផ្សាយជាសៀវភៅពីរក្បាលកន្លងមកផងដែរ ទី១មានចំណងជើងថា “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” និងមួយក្បាលទៀតគឺសៀវភៅមានចំណងជើងថា “និទានម៉ែ” ដែលសៀវភៅទី២នេះ ទទួលបានការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកអាន ដោយគេហទំព័រយើងខ្ញុំជឿថា លោកអ្នកក៏ប្រហែលជាធ្លាប់ឮ ឬធ្លាប់ឃើញផងដែរ ស្រួលមិនស្រួលថែមទាំងធ្លាប់ទិញយកមកអានទៀតផង។ ទាក់ទងនឹងសៀវភៅ “និទានម៉ែ” ស្នាដៃចុងក្រោយរបស់លោកនេះ លោកបានរៀបរាប់បង្ហាញថា “សៀវភៅ និទានម៉ែ ជាស្នាដៃទី២របស់ខ្ញុំដែលបានបោះពុម្ពផ្សាយ។ ហើយសៀវភៅ នេះបានបោះពុម្ពផ្សាយនៅដើមឆ្នាំ២០២០នេះឯង។ សៀវភៅនេះផ្តោតសំខាន់ទៅលើការ អប់រំ និងលើកទឹកចិត្តមិត្តអ្នកអានឱ្យស្វែងយល់អំពីគុណតម្លៃនៃជីវិត ការប្រើប្រាស់ជីវិតឱ្យបានត្រឹមត្រូវទៅតាមសក្តានុពល និងដើរឆ្ពោះទៅរកក្តីស្រមៃនៃជីវិត ដោយផ្អែកលើរឿងរ៉ាវ ក៏ដូចជាបទពិសោធន៍ផ្ទាល់របស់តួអង្គម្តាយជាអ្នកនិទាន។ ដូច្នេះ ប្រសិនបើមិត្តអ្នកអានចង់ជាវសៀវភៅនេះយកទៅអាន ប្រិយមិត្តអាចរកបាននៅ បណ្ណាគារអង្គរធំ, ស្រឡាញ់សៀវភៅ, ណាណាអាន, Le Story និងតូបលក់សៀវភៅផ្សេងៗទៀតជាច្រើន ឬក៏អាចរកជាវបានតាមអនឡាញ នៅលើហ្វេកប៊ុកផេក សៀវភៅខ្ញុំ-#Mybook https://www.facebook.com/sievphowkhnhom/ ឬហ្វេសប៊ុករបស់ខ្ញុំផ្ទាល់ដែលមានឈ្មោះថា Chanrith Ton https://www.facebook.com/chanrith.ton ក៏បាន។”
សៀវភៅ “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” និងសៀវភៅ “និទានម៉ែ” របស់លោក តុន ច័ន្ទរិទ្ធិ
បន្ទាប់ពីសៀវភៅ “និទានម៉ែ” នេះ លោកក៏មានគម្រោងបញ្ចេញសៀវភៅថ្មីទៀតដែរ តែលោកសុំលាក់ចំណងជើងសិន ដើម្បីទុក Suprise ប្រិយមិត្តនៅពេលក្រោយ តែទោះជាយ៉ាងនេះក្ដីលោកក៏បានបង្ហើបថា ជាប្រភេទសៀវភៅបែបលើកទឹកចិត្តដដែល និងសន្យាថា នឹងបង្ហាញប្រាប់ពីសៀវភៅថ្មីនេះលម្អិតនៅក្នុងបទសម្ភាសន៍ក្រោយទៀត។
គ្មានកិច្ចការសំខាន់ណាមួយ ដែលអាចសម្រេចបានដោយគ្មានឧបសគ្គការលំបាកនោះឡើយ ហើយបើជាកិច្ចការតែងនិពន្ធទៀតនោះ គឺរឹតតែលំបាកខ្លាំងណាស់ទៅទៀត ព្រោះចាំបាច់តម្រូវឱ្យអ្នកនិពន្ធផ្ទាល់ត្រូវមានចំណេះដឹងទូលំទូលាយ ពូកែគិត អាន ស្រាវជ្រាវ មានសេចក្ដីអំណត់ និងចេះជឿជាក់លើខ្លួនឯងខ្លាំង ទើបអាចសម្រេចបានស្នាដៃល្អមួយឡើង។ ទាក់ទងនឹងឧបសគ្គការលំបាកនេះ លោក តុន ច័ន្ទរិទ្ធិ បានដោយគ្មានលាក់លៀមថា “បាទជាការពិតណាស់! ទម្រាំតែខ្ញុំអាចដើរមកដល់ចំណុចនេះបាន គឺមិនមែនជារឿងងាយស្រួលឡើយ ព្រោះការលំបាកមួយចំនួនដែលខ្ញុំបានជួប និងចាំបាច់ត្រូវតែជម្នះឱ្យបាន ដូចជា ដំបូងគឺមនុស្សនៅជុំវិញខ្លួនខ្លះមិនជឿជាក់លើយើង ហើយគិតថាយើងធ្វើមិនបាន។ គេមិនផ្តល់កម្លាំងចិត្ត ប៉ុន្តែគេរង់ចាំមើលយើង។ បន្ទាប់មកទៀតមានស្នាដៃហើយ ក៏មិនដឹងថាធ្វើបែបណាទើបអាចយកទៅបោះពុម្ពបាន… ហើយក៏ត្រូវសន្សំប្រាក់ខែខ្លួនឯង ដើម្បីបោះពុម្ពស្នាដៃនោះ រួចក៏ពិបាកមិនដឹងសុំច្បាប់សុំអីនៅឯណាទៀត… ហើយក្រោយពីបានបោះពុម្ពហើយ ក៏ត្រូវបានបណ្ណាគារមួយចំនួនបដិសេធស្នាដៃយើងដោយសារយើងជាអ្នកសរសេរថ្មី… ប៉ុន្តែទាំងអស់នេះគឺជាមេរៀនដ៏ល្អបំផុតនៅក្នុងជីវិតដែលខ្ញុំអាចរៀនបាន… ហើយខ្ញុំអាចជម្នះវាបានមកដល់ពេលនេះ ដោយសារតែខ្ញុំតែងតែផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ហើយជឿជាក់នូវអ្វីដែលខ្ញុំខ្លួនឯងកំពុងធ្វើ… ខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើយើងស្រឡាញ់ យើងមិនត្រូវបោះបង់ជាដាច់ខាត… ជាមួយគ្នាក៏មានគ្រួសារ និងមនុស្សមួយចំនួនក៏តែងតែនៅក្បែរ និងលើកទឹកចិត្តខ្ញុំផងដែរ។ បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមស្គាល់បងៗផ្សេងទៀតជាអ្នក និពន្ធរៀមច្បង ពួកគាត់បានណែនាំ និងលើកទឹកចិត្តបន្ថែមទើបធ្វើឱ្យខ្ញុំមិនរាថយ រហូតដល់អាចជម្នះបាននៅទីបញ្ចប់។”
លោក តុន ច័ន្ទរិទ្ធិ និងសៀវភៅ “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” របស់លោក
ការអានគឺជាការបើកចំហជើងមេឃនៃចំណេះដឹង អ្នកនិពន្ធដែលមិនចូលចិត្តអាន ក៏មិនអាចនិពន្ធស្នាដៃមួយល្អបានដែរ ពុំនោះទេខ្លឹមសារនៃស្នាដៃនោះមុខជារួមតូចប៉ុនទំហំមាត់អណ្ដូងជាក់ជាមិនខាន។ ដោយយល់ពីតម្លៃនៃការអាននេះហើយ ទើបបានជាម្ចាស់ស្នាដៃសៀវភៅ “និទានម៉ែ” ខាងលើមិនដែលព្រងើយកន្ដើយនឹងការអានម្ដងណាឡើយ ហើយថែមទាំងផ្ដល់តម្លៃយ៉ាងខ្លាំងលើការអានក្នុងនាមលោកជាអ្នកនិពន្ធមួយរូបទៀតផង ដោយលោកបានបង្ហាញថា “ខ្ញុំគិតថាការអានសៀវភៅពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ហើយបើចំពោះខ្ញុំវិញ គឺសំខាន់រហូតខ្លះមិនបានតែម្ដង ព្រោះវាជាការរួមចំណែកខ្លាំងក្នុងការតែងនិពន្ធរបស់ខ្ញុំ បើគ្មានការ អានសៀវភៅ ខ្ញុំក៏មិនអាចក្លាយជាអ្នកសរសេរដែលមានគំនិតទូលំទូលាយបានដែរ។ ខ្ញុំចាំបានថាតាំងពីតូចមក ប៉ារបស់ខ្ញុំតែងតែអានសៀវភៅឱ្យខ្ញុំស្តាប់ ជាពិសេសប្រភេទរឿងព្រេងខ្មែរ… ដែលទង្វើជាគំរូនេះហើយ បានជះឥទ្ធិពលមកដល់ខ្ញុំ ធ្វើឱ្យខ្ញុំចាប់ផ្តើមស្រឡាញ់ការអានតាំងពីតូចមក ដោយខ្ញុំចាប់ផ្តើមអានសៀវភៅជាច្រើនប្រភេទចម្រុះគ្នា… ហើយខ្ញុំបានគិតថា អ្នកនិពន្ធទាំងអស់ពិតជាអស្ចារ្យណាស់ដែលគាត់អាចប្រើសិល្ប៍វិធីក្នុងការសរសេរ ដាក់បញ្ចូល មនោគមវិជ្ជា ទស្សនៈល្អៗដើម្បីតម្រង់ផ្លូវដល់អ្នកអាន និងជួយសង្គមតាមរយៈទឹកខ្មៅរបស់គាត់… នោះហើយជាហេតុដែលខ្ញុំប៉ងចង់ក្លាយជាអ្នកនិពន្ធមួយរូបដែរ ដោយចាប់ផ្តើមពីការអាន។”
មុននឹងបញ្ចប់បទសម្ភាសន៍ លោក តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធល្បីមួយរូប ក៏បានសម្ដែងមតិជាចុងក្រោយថា “ជាចុងក្រោយខ្ញុំសូមអរគុណច្រើន សម្រាប់បងប្អូនមិត្តអ្នកអានទាំងអស់របស់ខ្ញុំ ដែលបានស្រឡាញ់ និងតែងតែគាំទ្រស្នាដៃនិពន្ធរបស់ខ្ញុំកន្លងមក។ អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំ ក្នុងការបន្តដំណើរលើវិថីមួយនេះ។ ខ្ញុំនឹងខិតខំបន្តទៀត ដើម្បីបង្កើតស្នាដៃថ្មីៗល្អៗ ទុកជាកាដូតបស្នងនូវការគាំទ្ររបស់បងប្អូនទាំងអស់គ្នា។ ខ្ញុំចង់ប្រាប់ថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាខ្លាំងណាស់… ហើយជាចុងក្រោយ រូបខ្ញុំសូមលើកទឹកចិត្តបងប្អូនខ្មែរទាំងអស់ ជាពិសេសយុវវ័យ សូមបង្កើតទម្លាប់ក្នុងការអានឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ពីព្រោះការអានពិតជាជួយយើងបានច្រើនខ្លាំងណាស់នៅក្នុងជីវិតរស់នៅ។ ដូច្នេះសូមចាប់ផ្តើមអានទាំងអស់គ្នា ទោះមួយថ្ងៃបានមួយទំព័រក៏ល្អ ជាងការយកពេលវេលាទៅធ្វើអ្វីផ្សេងដែលមិនសូវមានប្រយោជន៍ ហើយរូបខ្ញុំក៏សូមអរគុណដល់ “គេហទំព័រអ្នកនិពន្ធកម្ពុជា” ផងដែរ ដែលបានផ្ដល់កិត្តិយសម្ភាសន៍រូបខ្ញុំបាទនៅពេលនេះ។”
លោក តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធកម្ពុជាមួយរូប និងសៀវភៅ “និទានម៉ែ” ស្នាដៃទី២របស់លោក
“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក តុន ច័ន្ទរិទ្ធិ មាននាមប៉ាកកាក្នុងវិស័យតែងនិពន្ធថា “សមុទ្រ” ។ លោកកើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន ក្រៅពីមានអាជីពជាអ្នកនិពន្ធកម្ពុជាមួយរូប និងជាស្នាដៃសៀវភៅ “និទានម៉ែ” ដែលជាសៀវភៅល្បីមួយ លោកគឺជាបុគ្គលិក NGO គ្រីស្ទានមួយកន្លែងក្នុងក្រុងភ្នំពេញ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ដឹងថាស្នាដៃនិពន្ធរបស់លោកមានលក្ខណៈល្អយ៉ាងណានោះ លោកអ្នកអាចស្វែងរកទិញយកមកអានបាន តាមការបង្ហាញរបស់លោកខាងលើ។ សូមអរគុណ៕
អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ តុន ច័ន្ទរិទ្ធិ / រក្សាសិទ្ធិ ៖ cambowriter.com