អត្ថបទពិសេស ៖ សម្រាប់អ្នកចង់ក្លាយជាអ្នកនិពន្ធ និងចង់មានសមត្ថភាពអាចនិពន្ធស្នាដៃល្អប្រកបដោយគុណតម្លៃពិតប្រាកដ

  • May 14th, 2020

អ្នកនិពន្ធ​ជាបុគ្គលប្រកបដោយគុណ​តម្លៃ និងពោរពេញ​ទៅ​ដោយ​ភាព​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​សង្គម​នីមួយៗ ព្រោះ​អ្នក​និពន្ធ​នេះ​ហើយ ដែល​ជា​អ្នក​តាក់តែងបង្កើត​នូវ​ស្នាដៃ​ល្អៗ​ប្រកបដោយគុណ​តម្លៃ​ សម្រាប់បុគ្គល​គ្រប់​វិស័យ​ជាតិ​សំខាន់ៗ​យក​ទៅ​សិក្សា​រៀនសូត្រទាញ​យក​នូវ​ចំណេះដឹង ពង្រឹង​ពង្រីក​ទាំង​​សមត្ថភាព​ខ្លួន​ផង និង​សម្រាប់​យកទៅ​អនុវត្ត​លើ​ការងារ​ផ្សេងៗ​ក្នុង​វិស័យ​ជាតិ​សំខាន់ទាំង​ឡាយ​នោះ ឱ្យកាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ។

ដោយ​មើល​ឃើញ​ពី​ភាព​សំខាន់​ចាំបាច់​របស់​អ្នកនិពន្ធ​នេះ​ហើយ ទើប​បាន​ជា​ លោក ឡាំ លីម ដែលជាអ្នក​និពន្ធ​​ល្បី​ឈ្មោះមួយរូបនៅ​កម្ពុជា​បច្ចុប្បន្ន បាន​សរសេរនូវអត្ថបទដ៏​សំខាន់​មួយ​ឡើង មានចំណងជើងថា  “សំណេរ​បែប​ខ្ចី​អំណាច” ជា​អត្ថបទ​ដែល​ស្មេរ​សង្គម​គ្រប់​រូបគួរ​តែអាន ជាពិសេស​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយជាអ្នកនិពន្ធ និងចង់​មាន​សមត្ថភាព​​អាច​និពន្ធ​ស្នាដៃ​ល្អប្រកបដោយគុណ​តម្លៃ​។ ដូច្នេះ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” យើង​ខ្ញុំសង្ឃឹមថា អត្ថបទ​ដ៏​ល្អ​មួយ​នេះ មុខជា​នឹង​អាច​ជួយ​បំភ្លឺ​ផ្លូវ​​របស់​អ្នក​ឱ្យកាន់តែ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច ដូចអ្វី​ដែល​អ្នក​ប្រាថ្នា​យ៉ាង​ប្រាកដ ឱ្យតែ​អ្នក​អាច​​អនុវត្ត​តាមការ​ណែនាំ​របស់​លោក ដូច​ដែល​លោក​បាន​បង្ហាញ​ទាំង​ស្រុង​ក្នុង​អត្ថបទ​ខាង​ក្រោមដូច​តទៅ ៖

“យុវជន​ដែល​បាន​អាន​អត្ថបទ​នេះ គឺ​ប្រៀប​ដូច​ទទួល​បាន​ពន្លឺ​មួយ​ដែល​អាច​បើកផ្លូវ​បង្ហាញ​ឱ្យ​យើង​ទទួល​បាន​គំនិត វិធី​សាស្រ្ត ឧបាយ និង​សិល្បៈ​ក្នុង​ការ​បញ្ចេញ​គំនិត ឬការយល់ឃើញ​របស់​ខ្លួន​តាមរយៈ​សំណេរ។ គំនិត​របស់ខ្ញុំ​តាំងពី​ដើម​រៀងមក ខ្ញុំ​ហាក់​នៅ​មានចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការចែក​រំលែក​នូវ​ឧបាយ​នៃ​ការ​សរសេរ​អត្ថបទ​បែបនេះ។ មូលហេតុ គឺ​ដោយសារតែ​ខ្ញុំ​បារម្ភ​ខ្លាច​ថា “ស្មេរ​ដែល​មាន​​ចរិត​មិនទាន់​ចាស់ទុំ នឹង​ប្រើប្រាស់​ឧបាយ​សរសេរ​អត្ថបទ​បែបនេះ​ខុសផ្លូវ ដោយ​ពុំ​បាន​គោរព​ទៅតាម​គោលការណ៍​សុចរិតធម៌ សីលធម៌ គុណធម៌ និង​ផលប្រយោជន៍​រួម​”។ វិជ្ជា​ជា​អំណាច តែបើ​វិជ្ជា​រណប​អំណាច គឺ​ហៅថា “ពាល​”។ វិជ្ជា​អាច​ត្រលប់​ទៅជា​ពាល បើកាលណា​មនុស្ស​ប្រើប្រាស់​ចំណេះដឹង​ខុសសីលធម៌ និង​មិន​គិតគូរ​ពី​គោលការណ៍​នៃ​ប្រយោជន៍​រួម។ ចំណេះវិជ្ជា បើ​កាន់តែ​ខ្ពស់ គឺ​កាន់តែ​គ្រោះថ្នាក់ ដោយ​មិនថា​ជា​គ្រោះ​សម្រាប់​សង្គម ឬជា​គ្រោះថ្នាក់​សម្រាប់​ខ្លួនឯង​ទេ ដ្បិត​បើ​យើង​ប្រើ​​ប្រាស់​មិន​ស្រប​នឹង​គោលការណ៍​ត្រឹមត្រូវ។ មនុស្ស​មាន​វិជ្ជា កាលបើ​មិន​មាន​សេចក្តីល្អ​ក្នុង​ខ្លួន​ទេ គឺ​នឹង​យក​វិជ្ជា​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវខុស​ជាក់ជា​មិនខាន។ តើ​ហេតុអ្វី​ខ្ញុំ​និយាយ​ពី​សេចក្តីល្អ​ខាងក្នុង សុចរិតធម៌ សីលធម៌ គុណធម៌ មុន​ចូល​ដល់​ខ្លឹមសារ​អត្ថបទ​?

ចម្លើយ​នៃ​សំណួរ​ខាងលើ​នេះ គឺ​ត្រូវ​ឆ្លើយ​បែប​ចោទសួរ​ត្រលប់​ទៅវិញ​ថា “តើ​ហេតុអ្វី​យើង​ចង់​ក្លាយ​ខ្លួន​ទៅជា​អ្នកនិពន្ធ​ឬជា​ស្មេរ​?” សំណួរ​ដែល​បាន​សួរ គឺជា​ចម្លើយ។ ការ​ធ្វើ​កិច្ចការ​អ្វីមួយ គឺ​ត្រូវការ​ហេតុផល​សមស្រប ជាហេតុ​ផល​ពិតប្រាកដ មិនមែន​ហេតុផល​បែប​ស្រោប​សម្បក​ដូច​ឈើ​គ្មាន​ខ្លឹម។ កិច្ចការ​ដែល​លំបាក​បំផុត វា​ជា​កិច្ច​ដែល​ធ្វើ​យកមែន​ទែន ធ្វើ​ដោយមាន​បុព្វហេតុ​ត្រឹមត្រូវ ធ្វើ​ដោយពិត​ប្រាកដ មិនមែន​ធ្វើតាម​អារម្មណ៍​ចង់តែ​ម្យ៉ាង​ទេ។ កិច្ចការ​ដែល​ងាយ​បរាជ័យ​បំផុត គឺជា​ការងារ​ដែល​យើង​ចង់​ធ្វើ​ក្នុង​ន័យ​ផ្សេង ជាពិសេស​ចង់ ព្រោះ​ឃើញ​ប្រយោជន៍ ចង់បាន​មុខមាត់ ចង់ល្បី​ឈ្មោះ ចង់​ព្រោះ​តណ្ហា។ តើ​យើង​ចង់​ធ្វើជា​អ្នកនិពន្ធ​ព្រោះ​អ្វី​? តើ​យើង​ចង់​សរសេរ​ព្រោះ​អ្វី​? តើ​ងារ​ជា​អ្នកនិពន្ធ មានប្រយោជន៍​អ្វី​ចំពោះ​យើង ឬក៏​ចំពោះ​សង្គម ឬក៏​មានប្រយោជន៍​អ្វីខ្លះ​ដល់​យើង​ផង និង​ដល់​សង្គម​ផង​? តើ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​កម្រិត​ណា​? តើ​យើង​មាន​ឆន្ទៈ​ពិត​កម្រិត​ណា​? តើ​យើង​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ជាក់ស្តែង​កម្រិត​ណា​? តើ​យើង​ស្គាល់​ខ្លួនឯង​ច្បាស់​ក្នុង​កម្រិត​ណា​? មុននឹង​សម្រេចចិត្ត​ធ្វើអ្វី​មួយ គឺ​យើង​ត្រូវ​សួរ​ខ្លួនឯង​ឱ្យ​អស់សិន ដ្បិត​បើ​យើង​កាន់តែ​សួរ​ខ្លួនឯង​បាន​ច្រើន​ប៉ុនណា យើង​ក៏​​នឹង​មានបុព្វ​ហេតុត្រឹម​ត្រូវពិតប្រាកដ​​ប៉ុណ្ណោះ​ដែរ។ តើ​អ្វី​ជា​សំណេរ​បែប​ខ្ចី​អំណាច ឬខ្ចី​ឥទ្ធិពល​អ្នកដទៃ​?

សំណេរ​បែប​ខ្ចី​អំណាច វា​ប្រៀប​ដូចជា​ការ​ជជែក​ដេញដោល​ផ្ទាល់មាត់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​អ្នកដទៃ​សុខចិត្ត​ស្របតាម ឬមិន​ស្របតាម។ ពេល​យើង​ចង់និយាយ​ពី​ប្រធានបទ​មួយ តើ​យើង​ត្រូវ​ធ្វើបែប​ណា ទើប​អ្នកដទៃ​ជឿ​តាម និង​ស្របតាម​? មែនទែន​ទៅ វិធី​សាស្រ្ត​សរសេរ​បែបនេះ វា​ក៏​មិន​ខុសគ្នា​ពី​ការ​ជជែក​ដេញដោល​ផ្ទាល់​នោះ​ដែរ។ ការ​ជជែក​ដេញដោល​ទាំងឡាយ គឺ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ទទួល​យល់ស្រប ឬមិន​យល់ស្រប​នូវ​អ្វី​ដែល​យើង​ចង់​បង្ហាញ​ឬអះអាង។ ក្នុង​សំណេរ​ខ្ចី​អំណាច គឺ​អ្នកនិពន្ធ​ត្រូវការ​អំណាច ៣ធំៗ៖ អំណាច​ទី១ គឺ​អំណាច​នៃ​ទឡ្ហីករណ៍ (power of argument​) ដែល​មាន​លក្ខណៈ​ជា​​​តក្កវិជ្ជា (Logic ឬ​ឡូហ្ស៊ីក) ជា​ភស្តុតាង​ជាក់ស្តែង ស្ថានភាព​ជាក់ស្តែង កាលៈទេសៈ​ជាក់ស្តែង ដែល​​អ្នក​អាន​អាន​ហើយ ប្រកែក​មិនបាន។ បើ​សរសេរ​ពី​ប្រវត្តិ​សាស្រ្ត គឺ​ត្រូវ​រក​ភស្តុតាង​ជាក់ស្តែង​មក​បង្ហាញ ទីតាំង​កើតហេតុ​ជាក់ស្តែង​មក​អះអាង ឬជា​វត្ថុ​តាង​ជាក់ស្តែង​មក​ធ្វើជា​ទឡ្ហីករណ៍។ អំណាច​ទី២ គឺ​អំណាច​នៃ​ឥទ្ធិពល ឬអាជ្ញា (power of authority​) ដែល​សំដៅ​ទៅលើ​ការប្រើ​ប្រាស់​គំនិត​របស់​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​បុរាណ​ឬសម័យ។ គំនិត​របស់​អ្នកមាន​ឥទ្ធិពល អាច​ជា​អ្នកប្រាជ្ញ មនុស្ស​មានអំណាច មនុស្ស​ដែល​សង្គម​ទទួលស្គាល់។ អំណាច​ទី៣ គឺជា​អំណាច​នៃ​ការបញ្ចុះបញ្ចូល (power of persuasion​) ឬការ​លួងលោម​អ្នកអាន​ឱ្យ​ជឿ​តាម ឱ្យ​ស្របតាម ឬប្រឆាំង​អ្វី​ដែល​បាន​លើក​មក​បង្ហាញ ហើយចរិត​លក្ខណៈបែប​មនោគមវិជ្ជា។ ការ​សរសេរ​សំណេរ​ខ្ចី​អំណាច គឺ​ត្រូវ​មាន​ធាតុ​ទាំង​បី​ខាងលើ ដ្បិត​បើ​យើង​ចង់​សរសេរ​ពី​អ្វី គឺ​ត្រូវ​មានគំនិត​គាំទ្រ យក​កាលៈទេសៈ​ជាក់ស្តែង​មក​បង្ហាញ ដែល​អាច​ឱ្យ​អ្នកអាន​គាំទ្រ និង​បញ្ចុះបញ្ចូល​បែប​ចិត្ត​សាស្រ្ត​រុញ​ឱ្យ​អ្នកអាន​យល់ស្រប ឬមិន​យល់ស្រប​​តាមចេតនា​របស់​យើង។ ក្នុងនាម​ជា​អ្នកនិពន្ធ ហេតុអ្វី​ត្រូវការ​ឧបាយ​ក្នុង​ការ​សរសេរ​?

អ្នក​ដែល​អាច​មាន​សមត្ថភាព​សរសេរ​សំណេរ​បែប​ខ្ចី​អំណាច​បាន លុះត្រាតែ​ជា​ស្មេរ​ដែល​មានចំណេះ​ដឹង​ច្រើន​គួរសម ដឹង​ប្រភព​គំនិត​យ៉ាង​សម្បូរ​បែប បាន​ស្រាវជ្រាវ​គំនិត​ច្រើន​ប្រភព មានការ​ចងចាំ​នូវ​គំនិត​នានា​បាន​​ច្បាស់លាស់​ល្អ ចេះ​ស្គាល់​កាលៈទេសៈ​ជាក់ស្តែង ព្រមទាំង​អាច​ច្របាច់​គំនិត​ជាមួយ​កាលៈទេសៈ​សង្គម​បញ្ចូល​គ្នា រួចហើយ​វិភាគ​បាន​ស៊ីជម្រៅ​រហូត​បង្កើត​បាន​ជា​គំនិត​ថ្មី​ដែល​អាច​ពិចារណា​បាន។ ខ្ញុំ​នឹង​សាកល្បង​បកស្រាយ​ក្នុង​ន័យ​ចិត្ត​សាស្រ្ត ឬធម្មជាតិ​នៃ​ចិត្ត​របស់​មនុស្ស។ សត្វ​មាន់​ចូលចិត្ត​អង្ករ ឬចំណី​លើ​ដី ដ្បិត​ទោះបី​យើង​យក​ដុំ​មាស​ទៅ​បោះ​លើ​ដី តែ​សត្វ​មាន់​នឹង​ជ្រើសរើស​យក​គ្រាប់អង្ករ។ ចំពោះ​ធម្មជាតិ​នៃ​មនុស្ស​ក៏​ស្រដៀងគ្នា​ដែរ ដ្បិត​បើ​មនុស្ស​ណា​មាន​លក្ខណៈ​បែប​ណា មាន​ចរិត​បែប​ណា មាន​ចំណង់​ចំណូលចិត្ត​បែប​ណា ខ្លួន​គេ​ក៏​នឹង​ពេញចិត្ត​ចាប់​យក ឬជ្រើសរើស​របស់​នោះ​ទៅតាម​ចិត្ត​ខាងក្នុង​របស់​ខ្លួន។ ឧទាហរណ៍ មាន​មនុស្ស៣នាក់ ជា​អ្នកមើល​រឿង​សាម​កុក​ដូចគ្នា ហើយ​ម្នា​ក់ៗ​សុទ្ធតែ​មាន​ចរិតលក្ខណៈ​ដែល​ជា​សន្តាន​ខុស​ៗគ្នា។ បើ​មនុស្សម្នាក់​ជា​មនុស្ស​មាន​ល្បិច​ច្រើន មាន​កិរិយា​ជា​មនុស្ស​មានកល កាលបើ​បាន​មើល​រឿង​សាម​កុក គឺ​នឹង​ចាប់​យក​ចំណុច​ល្បិចកល​ពី​ក្នុង​រឿង​, ឬបើ​មនុស្ស​ណា​មាន​ចរិតលក្ខណៈ​ជា​មេដឹកនាំ ក៏​នឹង​មើលឃើញ​ចំណុច​នៃ​ភាពជា​អ្នកដឹកនាំ ហើយ​ចាប់​យក​ចំណុច​នៃ​ភាពជា​អ្នកដឹកនាំ​ពី​ក្នុង​រឿង។ ប៉ុន្តែ​បើ​អ្នកណា​ម្នាក់​មាន​ចរិតលក្ខណៈ​ជា​អ្នកសាសនា គឺ​នឹង​មើលឃើញ​ចំណុច​អប់រំ​ផ្លូវចិត្ត​ពី​ក្នុង​រឿង។ នេះ​ជាឧទាហរណ៍​ដ៏​ងាយ​យល់​អំពី​ចរិត​ធម្មជាតិ ឬសន្តាន​នៃ​មនុស្ស​ម្នា​ក់ៗ។ ជា​ធម្មជាតិ​មនុស្ស បុគ្គល​គិត​អ្វី គឺ​នឹង​និយាយ​នោះ។ បុគ្គល​និយាយ​បែប​ណា នឹង​ផ្ចង់​កាយវិការ​ធ្វើ​នូវ​សកម្មភាព​នោះ។ បុគ្គល​ធ្វើ​នូវ​សកម្មភាព​ណា គឺ​នឹង​មានវាសនា​បែប​នោះ។ តើមាន​ទំនាក់ទំនង​គ្នា​បែប​ណា​រវាង​គំនិត និង​មនុស្ស​ដែល​បង្ហាញ​គំនិត​?

លើ​លោក​យើង​នេះ ពុំ​មាន​បុគ្គល​ណា​ម្នាក់​អាចប​ដិ​សេ​ធថា “មិនបាន​រៀនសូត្រ​ពី​អ្នកប្រាជ្ញ ឬបុគ្គល​ពីអ​តី​តកាល​ទេ ពីព្រោះ​ពុំ​មាន​បុគ្គល​ណា​ម្នាក់​កើតមក​ចេះ​ស្រាប់​សោះ​ឡើយ។ មនុស្ស​ដែល​បដិសេធ​គម្ពីរ​ក្បួនខ្នាត​ចោល គឺ​ច្រើន​ជា​មនុស្ស​ធ្វើ​គិត​អ្វី​ធ្វើអ្វី​តាមទំនើងចិត្ត គ្មាន​ផែនការ​ គ្មាន​គោលការណ៍​…”។ ក្នុង​ការសិក្សា​រៀនសូត្រ យើង​ជា​មនុស្ស​សម័យថ្មី រមែង​រៀន​សូ​ត្រ​តៗ​គ្នា​ពី​អ្នក​ជំនាន់​មុន ឬពី​អ្នកចេះដឹង​ដែល​បាន​ស្លាប់​បាត់​ហើយ។ ក្នុង​ពិភព​នៃ​សំណេរ ឬចំណេះដឹង​​នៃ​ពិភពលោក​ទាំងអស់ យើង​ត្រូវ​មើល​ប្រភព​ដើម​នៃ​វប្បធម៌ ឬសាស​នា ដ្បិត​ដោយសារ​សង្គម​ខ្លះ​មាន​វប្បធម៌​ប្រកាន់យក​សាសនាព្រះពុទ្ធ អ៊ីចឹង​ទើប​សំណេរ ឬចំណេះដឹង ឬរបៀបរបប​សង្គម ក៏​មានព្រលឹង​បែប​ពុទ្ធនិយម​ដែរ។ បើ​ប្រភព​វប្បធម៌​ជា​គ្រិស្តសាសនា គឺ​សំណេរ ចំណេះដឹង ការ​ផ្សព្វផ្សាយ ឬផ្នត់គំនិត ឬរបៀបរបប​រស់នៅ ក៏​មានព្រលឹង​បែប​គ្រិស្តសាសនា​ដែរ។ល។ តួយ៉ាងដូចជា​អ្នកប្រាជ្ញ​ខ្មែរយើង​ពី​បុរាណសម័យ ដែល​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា និង​ពី​ទ្រឹ​ស្តី​ពុទ្ធនិយម ក៏​មានព្រលឹង​បែប​ពុទ្ធនិយម ឬផ្នត់គំនិត​បែប​ព្រហ្មញ្ញ​សាសនា​ដូចគ្នា​ដែរ។ គំនិត​ទាំងឡាយ​នឹង​ត្រូវ​បាន​ច្នៃ​ប្រតិដ្ឋ និង​នវានុវត្តន៍ (Innovation​) ឱ្យ​ត្រូវ​តាមសម័យ​កាល និង​សមស្រប​តាម​កាលៈទេសៈ​សង្គម​ជាក់ស្តែង។ នេះ​មានន័យថា “គំនិត​ចាស់ បូក​នឹង​គំនិត​ថ្មី បង្កើត​បាន​ជា​លទ្ធផល​ដោយឡែក​ផ្សេង​មួយទៀត និង​អាច​ប្រើ​ការណ៍​បាន​ក្នុង​កាល​ជាក់ស្តែង​”។ តើ​អ្វី​ជា​ស្នូល​គំនិត ឬសម្បក​គំនិត​? នៅពេល​ណា​យើង​បាន​សិក្សា​ពី​ចរន្ត​គំនិត ប្រភព​គំនិត និង​កាលៈទេសៈ​គំនិត គឺ​យើង​នឹង​ចេះ​ស្ទាបស្ទង់ ច្នៃ​ប្រតិដ្ឋ គិត​បែប​ថ្មី លៃ​ឱ្យ​គំនិត​រត់ចេញ​ទៅ​ចូល​​ខួរក្បាល​មនុស្ស ឬច​រិត​មនុស្ស​ក្នុង​សង្គម។ ជា​ធម្មតា សំណេរ​ដែល​ល្អ គឺ​ត្រូវការ​គំនិតល្អ ពីព្រោះ​គំនិត​ជា​ខ្លឹម​នៃ​សំណេរ ប្រៀប​ដូចជា​ខ្លឹម​មនុស្ស​ស្ថិតនៅ​ត្រង់​ចំណេះវិជ្ជា។

រី​ឯវិធី​សាស្រ្ត​ខ្ជាក់​គំនិត ឧបាយ​បង្ហាញ​គំនិត គឺ​ប្រៀប​នឹង​សម្បក​សម្រាប់​ស្រោប​គំនិត។ ពេលណា​យើង​មានគំនិត​ច្រើន យើង​អាច​ខ្ជាក់​គំនិត​តាម​ឧបាយ​ជាច្រើន​ដូចជា តាមរយៈ​កំណាព្យ តាមរយៈ​ប្រលោមលោក តាមរយៈ​អត្ថបទ​ពាក្យរាយ តាមរយៈ​ការ​និយាយ តាមរយៈ​ការ​ឆ្លាក់​ជា​ចម្លាក់។ គំនិត​ស្នូល​នៅតែ​ជា​គំនិត​ស្នូល រី​ឯវិធី​បញ្ជ្រាប​គំនិត គឺ​មាន​ច្រើន​របៀប ច្រើន​វិធី​សាស្រ្ត ប្រៀប​ដូចជា​ដើមត្នោត​មួយ​ដើម ដ្បិត​បើ​យើង​ចង់​យក​ផ្លែ​ទៅ​ធ្វើ​នំ​ក៏បាន ឬយក​ស្លឹក​ទៅ​ប្រក់​ដំបូលផ្ទះ​ក៏បាន ឬយក​ដើម​ទៅ​ធ្វើ​ឈើ​ក៏បាន ឬកៀប​យក​ទឹកត្នោត​ក៏បាន ឬកូរទឹក​ត្នោត​​​ធ្វើជា​ស្ករត្នោត​ក៏បាន។ ខ្ញុំ​ចង់​ប្រៀបធៀប​នឹង “គំនិត​មេ ឬខ្លឹម​គំនិត ឬស្នូល​គំនិត​” ដ្បិតថា​បើ​ទោះបី​យើង​ចង់​យកគំនិត​ទៅ​បង្ហាញ​ជា​លក្ខណៈ​ប្រលោមលោក​ក្តី ឬកំណាព្យ​ក្តី ឬជា​អត្ថបទ​បែប​ណា​ក៏បាន​ដែរ តែ​អ្វី​ដែល​សំខាន់ គឺជា​​គំនិត​ស្នូល ឬខ្លឹម​គំនិត​ខាងក្នុង​ឯណោះ​ទេ ដែល​ជា​​ព្រលឹង​នៃ​សំណេរ។ គំនិត​ស្នូល ឬគំនិត​មេ ឬខ្លឹម​គំនិត ប្រៀប​ដូចជា​វត្ថុធាតុដើម។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​មាន​ទស្សនៈ​ថា “អ្នកនិពន្ធត្រូវតែ​ជា​អ្នកអាន​ច្រើន សិក្សា​ស្រាវជ្រាវគំនិត​​ច្រើន​ប្រភព និង​យល់​ពី​កាលៈទេសៈ​ប្រើប្រាស់​គំនិត​ឱ្យ​បាន​ត្រឹមត្រូវ​”។ តើ​អ្វី​ជា​ខ្លឹមសារ​ស្នូល​នៃ​អត្ថបទ​នេះ​? អ្នកប្រាជ្ញ​មាន​ច្រើន គំនិត​មាន​ច្រើន សាសនា​មាន​ច្រើន។ បើ​មុជ​ជ្រៅ​ក្នុង​ការសិក្សា​រៀនសូត្រ មុជ​ជ្រៅ​ក្នុង​ការស្វែងរក មុជ​ជ្រៅ​ក្នុង​ការស្រាវជ្រាវ និង​មុជ​ជ្រៅ​ក្នុង​ការ​ចំណាយពេល​វេលា​ឈ្វេងយល់ គឺ​យើង​នឹង​ជួប​គំនិត​យ៉ាងច្រើន ប្រៀប​ដូចជា​សមុទ្រ​ដែល​កម្រ​នឹង​រីងស្ងួត។ បរិមាណ​ដ៏​ច្រើន​នៃ​គំនិត​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​យើង​មាន​ជម្រើស​ចាប់​យកគំនិត​មក​សរសេរ។ បើ​យើង​ជា​មនុស្ស​ល្អ យើង​នឹង​ចាប់​យក​គំ​និ​តល្អ​ៗដើម្បី​សរសេរ តែបើ​យើង​ជា​មនុស្ស​មិនល្អ​ទេ គឺ​យើង​នឹង​ចាប់​យកគំនិត​មិនល្អ​មក​សរសេរ។

សំណេរ​បែប​ខ្ចី​អំណាច​នេះ វា​មាន​លក្ខណៈ​គ្រោះថ្នាក់​សម្រាប់​អ្នកនិពន្ធ​ដែល​មិន​ស្គាល់​ខ្លួនឯង មិន​ស្គាល់​ចរិតមនុស្ស​ក្នុង​សង្គម និង​មិន​មានចំណេះ​ដឹង​សង្គមវិជ្ជា​ជាក់ស្តែង។ ធម្មជាតិ​អ្នកអាន​ក្នុង​សង្គម​យើង គឺ​ងាយ​លង់​ជឿ​គំនិត​ទាំងឡាយ​ណា​ដែល​សន្មត​ថា “ជា​គំនិត​បុគ្គល​អ្ន​កល្បី​ៗ ជា​គំនិត​អ្នកប្រាជ្ញ ជា​គំនិត​ទស្សនវិទូ ជា​គំនិត​មេ​សាស​នា​ធំៗ។ល។” ប៉ុន្តែ​តាម​ការពិចារណា​របស់ខ្ញុំ គឺថា “មិនមែន​ឱ្យ​គំនិត​អ្នកប្រាជ្ញ គឺ​សុទ្ធតែ​​មាន​គំនិត​ត្រឹម​ត្រូវ​ទាំងអស់​ទេ។ គំនិត​ខ្លះ វា​មិន​ខុស​ទេ តែ​ខុស​តែ​កាលៈទេសៈ​ជាក់ស្តែង​ប៉ុណ្ណោះ។ គំនិត​ខ្លះទៀត​មិន​ត្រឹមត្រូវ​ទាំងអស់​ទេ តែ​វា​អាច​ត្រូវ​បានតែ​មួយ ឬពីរ​កាលៈទេសៈ​ប៉ុណ្ណោះ​”។ ការ​អាន​សំណេរ​បែប​ខ្ចី​អំណាច គឺ​ត្រូវការ​អ្នកអាន​ដែល​ចេះ​ពិចារណា​ខ្ពស់​បំផុត ហើយ​អ្នកនិពន្ធ​ខ្លួនឯង ក៏​ត្រូវជា​អ្នកមាន​ការសិក្សា​ស្រាវជ្រាវ​បែប​ស៊ីជម្រៅ​ផង​ដែរ។ ក្នុងនាម​ជា​អ្នកនិពន្ធ យើង​ត្រូវ​ដឹង​ថា “គំនិត​ណា​គួរ​យក​មក​សាបព្រោះ​ក្នុង​សង្គម ហើយ​គំនិត​ណា មិន​គួរ​យក​មក​សាបព្រោះ។ ពេលណា គួរ​គំនិត​ណា អាច​សាបព្រោះ​បាន ឬពេលណា គួរ​គំនិត​ណា មិន​គួរ​សាបព្រោះ​បាន​ជាដើម​”។ អ្នកនិពន្ធ​ដែល​សរសេរ​សំណេរ​បែប​ខ្ចី​អំណាច​អ្នកដទៃ ឬខ្ចី​អំណាច​អ្នកប្រាជ្ញ គឺ​គួរតែ​ព្យាយាម​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ច្រើន​ពី​ជម្រៅ​សាសនា ទស្សនវិជ្ជា ភាពជា​អ្នកដឹកនាំ សង្គមវិជ្ជា ច្បាប់​ជាក់ស្តែង​របស់​រដ្ឋ​…ជាពិសេស​គួរ​អាន​ព្រះ​ត្រៃបិដក​ខ្មែរ (Tipiṭaka​), អាន​គម្ពីរប៊ីប (Bible​), អាន​គម្ពីរ​គួរ​អាន (Quran​) និង​ឈ្វេងយល់​ពី​ភាសិត ឬគំនិត​ក្នុង​ព្រហ្មញ្ញ​សាសនា។ល។ តើ​អ្នកនិពន្ធ​បែប​ណា គួរ​រៀន​សរសេរ​សំណេរ​បែប​ខ្ចី​អំណាច​?

ការ​អាន​សៀវភៅ ឬគម្ពីរ​សាសនា​បាន​ច្រើន វា​ជួយ​អ្នកនិពន្ធ​ឱ្យ​យល់​ពី​កាលៈទេសៈ​នៃ​គំនិត ការ​មិន​ប្រកាន់​មាំ​ហួស​ចំពោះ​គំនិត។ ឧបាទាន ឬការ​ប្រកាន់​មាំ គឺជា​គ្រឿង​នាំ​ឱ្យ​មនុស្ស​អវិជ្ជា កើតក្តី​ប្រមាថ​សាសនា​ដទៃ ជាប់​ក្នុង​ទ្រុង​មាស​នៃ​គំនិត ចេញ​មិន​ផុត​ទៅដល់​ព្រៃ​នៃ​ឥស្សរភាព​ជីវិត ដូច​ទស្សនៈ​បែប​ពុទ្ធនិយម​ខ្មែរយើង​ថា “មាន​អវិជ្ជា ជា​ប្រភព ងងឹត​ដូច​យប់ គ្រប់វេលា​”។ អ្នកនិពន្ធ​វ័យក្មេង គួរ​សរសេរ​សំណេរ​បែបនេះ​ជាដំបូង ពីព្រោះ​នេះ​ជា​វិធី​រៀនសូត្រ​ម្យ៉ាងដែរ ដែល​យើង​អាច​រៀន​សរសេរ​ផង ថ្នឹក​នឹង​ការ​រៀន​គិត​ផង និង​រៀន​ស្រាវជ្រាវ​ផង។ ក្នុង​ស្ថានភាព​ខ្លះទៀត “ពេលណា​យើង​មានគំនិត​ច្រើន ដឹង​ប្រភព​គំនិត​ច្រើន ពូកែ​ស្រាវជ្រាវ ទោះ​យើង​ចង់​សរសេរ​ខ្ចី​អំណាច​អ្នកប្រាជ្ញ​ក៏បាន ឬចង់​សរសេរ​បែប​គំនិត​ខ្លួនឯង​ក៏បាន​ដែរ​”។ ក្រៅពី​នេះ សម្រាប់​បញ្ញវន្ត​ថ្នាក់ខ្ពស់ គឺ​ប្រហែលជា​ចូលចិត្ត​ការ​សរសេរ​បែប​សំយោគ​គំនិត​ច្រើនជាង [គំនិត​ខ្លះ​មិន​ឆ្ងាយ​ពី​គំនិត​បុ​រា​ណៗ ឬខ្លឹម​គំនិត​ពីអ​តី​តកាល​ទេ តែ​អាច​ខុស​ពាក្យពេចន៍ ឬដូច​វិធី​តែងកំណាព្យ កវី​មាន​ជំនាញ​ខាង​ពាក្យ​ណែងណង រណ្តំ​ចុង​ជួន ពីរោះ​ពិសា​…]។ ទោះ​យើង​ជា​អ្នកនិពន្ធ​ក៏ដោយ ឬជា​អ្នកអាន​ក៏ដោយ ឬជា​អ្នករៀន​សូត្រ​ក៏ដោយ គឺ​ត្រូវ​ប្រកាន់​គោលការណ៍ “ធ្វើ​ទង្វើ​ជាក់ស្តែង​” ក្រោយពី​មានចំណេះ​ដឹង​ហើយ ចៀសវាង​ការទាស់ទែង​គ្នា​នឹង​គំនិត។ គំនិត​ច្រើន គឺ​ពិបាក​រកខុសរកត្រូវ​ឱ្យ​ប្រាកដ​ណាស់ តែ​លក្ខខណ្ឌ​ដែល​កំណត់​ថា​គំនិត​មួយ​ត្រូវពិត​ប្រាកដ គឺជា​លទ្ធផល​ល្អ​នៃ​ការអនុវត្ត​ន៍​គំនិត។ នៅចន្លោះ​គំនិត និង​លទ្ធផល គឺជា​សកម្មភាព។

ចូរ​រក​ឱកាស​ធ្វើសកម្មភាព​ជាក់ស្តែង បើ​យើង​ជា​អ្នកមាន​ចំណេះដឹង។ ចុងក្រោយ​បំផុត យើង​មិន​គួរ​យកចំណេះ​ដឹង មក​ដាក់​ឱ្យ​ខ្ពស់​ជាង​តម្លៃ​នៃ​បេះដូង​ដ៏​បរិសុទ្ធ​ទេ។ សូម​ឱ្យ​អត្ថបទ​នេះ​ក្លាយទៅជា​ប្រយោជន៍​សម្រាប់​យុវជន​ដែល​មានបំណង​ចង់​ក្លាយទៅជា​អ្នកនិពន្ធ។ ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ថា “តម្លៃ​នៃ​ចំណេះដឹង គឺ​ស្ថិតនៅ​លើ​សីលធម៌ សុជីវធម៌​រស់នៅ គុណភាព​នៃ​ជីវិត និង​ការបាន​ជាទី​ពឹង​ចំពោះ​អ្នក​ជំនាន់​ក្រោយ​”។ ប្រឹងរៀន​សូត្រ ធ្វើ​យ៉ាងណា​ឱ្យ​ស្គាល់​ខ្លួន​ច្បាស់ ដឹង​ផ្លូវ​ខ្លួនឯង​ត្រូវ​ទៅ ព្រោះ​បើ​មិន​អ៊ីចឹង​ទេ យើង​នឹង​វង្វេង។ ប្រឹងប្រែង​រៀន ប្រឹងប្រែង​ស្រាវជ្រាវ សហការ​គ្នា ធ្វើការ​សំខាន់​៕”

លោក ឡាំ លីម និងសៀវភៅល្បីៗទាំង៤ក្បាលរបស់លោក

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អត្ថបទខាង​លើ មានចំណងជើងថា “សំណេរ​បែប​ខ្ចី​អំណាច” ជា​អត្ថបទ​ដែល​ស្មេរ​សង្គម​គ្រប់​រូបគួរអាន ជាពិសេស​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយជាអ្នកនិពន្ធ និងចង់​មាន​សមត្ថភាព​​អាច​និពន្ធ​ស្នាដៃ​ល្អប្រកបដោយគុណ​តម្លៃ​ពិតប្រាកដ។ ជា​អត្ថបទ​ពិសេស​មួយ ដែល​សរសេរចែករំលែកជាគំនិត​​ដោយ លោក ឡាំ លីម ជា​អ្នក​និពន្ធ​ល្បីឈ្មោះ​មួយរូប​នៅ​កម្ពុជា​បច្ចុប្បន្ន ​មានដើម​កំណើត​ចេញ​ពីខេត្តសៀមរាប និង​ជាកសិករធ្វើស្រែចម្ការលើ​​ទឹក​ដី​ដ៏​ពិសិដ្ឋ​នេះជារៀងរហូតមក​។ លោក​ជាម្ចាស់ស្នាដៃ​​សៀវភៅ​ល្បីៗទាំង​ ៤ក្បាល រួមមានសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ជាស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូប​ផ្សេង​ទៀត ដែល​សុទ្ធសឹងតែជាសៀវភៅទទួលបានការគាំទ្រ​ពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង។ រហូត​មក​ទល់​ពេល​នេះ លោកបាន​​​​សរសេរសំណេរខ្លីៗជាច្រើន​បង្ហោះ​ផ្សាយ​ក្នុង​បណ្ដាញ​សង្គម ដែល​សុទ្ធតែ​ជា​អត្ថបទ​ចំណេះដឹង​សំខាន់ៗ​ទាក់​ទងនឹងទស្សនវិជ្ជាបែប​អប់រំ គំនិត សង្គម នយោបាយ និងភាព​ជា​អ្នកដឹកនាំជាដើម​។ អាស្រ័យ​ហេតុនេះ បើលោកអ្នកចង់ដឹងថា​តើ​អត្ថបទ​របស់​លោក​មាន​លក្ខណៈ​ល្អ​យ៉ាងណានោះ ក្រៅ​ពីអាច​ស្វែង​យល់បានពីក្នុងសៀវភៅទាំង​ ៤ក្បាល​របស់លោក លោកអ្នក​ក៏អាច​ចូលអាន​អត្ថបទ​របស់​លោក​​បាន​ដោយ​សេរី​ក្នុង​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោកផ្ទាល់​ផងដែរ តាមរយៈ​ឈ្មោះ Lam Lim https://www.facebook.com/lamlem01 នោះ​លោក​អ្នក​មុខជាបាន​ដឹងច្បាស់​មិនខាន។ សូមអរគុណ៕

អត្ថបទ និងរូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិដោយ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!