លោក ឡាំ លីម ចែករំលែកចំណេះដឹងក្នុងការនិពន្ធ “អត្ថបទគំនិតបែបទស្សនៈ” ឱ្យបានល្អ!

  • April 14th, 2020

មិនថាជាការនិពន្ធផ្នែកអ្វីនោះទេ បើអ្នកចង់ឱ្យស្នាដៃ​និពន្ធ​នោះ​មានការទទួលស្គាល់​ទូលំទូលាយ​ពី​សំណាក់​ប្រិយមិត្ត​អ្នក​អាន លុះត្រាតែ​អ្នកអាច​និពន្ធបាន​ត្រឹមត្រូវ និងមានចំណេះដឹង​លើ​ផ្នែកដែលអ្នក​​និពន្ធ​នោះ​ពិតប្រាកដ ហើយ​បើ​ចង់​ឱ្យស្នាដៃ​និពន្ធ​របស់​អ្នកនោះ មានតម្លៃ​ជាសកលទៀតនោះ ចាំបាច់ត្រូវតែ​ជាស្នាដៃ​ដែលមិនលម្អៀង និងមានប្រយោជន៍ជារួមទាំង​ប្រជាពលរដ្ឋ សង្គម និង​មនុស្ស​ជាតិ​ទាំង​មូល​ ទើបអាច​ទៅរួច។

លោក​ ឡាំ លីម អ្នកនិពន្ធកម្ពុជាមួយរូប ដែលនិយមនិពន្ធ “អត្ថបទគំនិតបែបទស្សនៈ”

ដើម្បី​ជាការចូលរួម​ចំណែក​លើក​កម្ពស់​វិស័យតែងនិពន្ធ​នៅកម្ពុជាឱ្យកាន់តែមាន​ភាព​រីកចម្រើន តាមរយៈការ​​ផ្សាយ​នូវអត្ថបទ​ចំណេះដឹង​ផ្នែក​និពន្ធ ដល់​អ្នក​ដែលមាន​បំណង​ចង់​ក្លាយជា​អ្នក​និពន្ធ​ពិតប្រាកដ​ ដែលអាច​តាក់តែងនិពន្ធ​ស្នាដៃ​ល្អៗ​ប្រកបដោយគុណ​តម្លៃ​លើ​ផ្នែក​នានាឡើងបាន និងជា​អ្នក​និពន្ធ​ពិតប្រាកដ​ក្នុង​ដួង​ចិត្ត​មហាជន… ថ្ងៃ​នេះ​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” មានកិត្តិយស​សូម​លើក​យក​នូវ​បទសម្ភាសន៍​តាមសាអេឡិចត្រូនិច​ជាមួយ លោក ឡាំ លីម ដែល​ជា​អ្នក​និពន្ធ​កំពុងមាន​កេរ្តិ៍ឈ្មោះបោះ​សំឡេង​មួយរូប​ក្នុង​វិស័យតែងនិពន្ធ​នៅ​កម្ពុជា​បច្ចុប្បន្ន ទាក់​ទង​នឹង​ចំណេះដឹងផ្នែក​អត្ថបទគំនិតបែបទស្សនៈរបស់​លោក​ មកចែក​រំលែក​ឱ្យលោកអ្នកទាំង​អស់​គ្នាបានដឹង និង​ទុក​ជា​​ចំណេះដឹង​ក្នុង​ការ​និពន្ធ​អត្ថបទ​ផ្នែក​នេះ​បាន​ល្អ ដោយ​គេហទំព័រយើងខ្ញុំ​សូម​កាត់យកតែសំណួរសំខាន់ៗ​មកបង្ហាញ​ជូន​ដល់​លោក​អ្នក​តែម្ដង ដូច​តទៅ ៖

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើ​លោក​អាច​បង្ហាញ​បានទេថា អ្វីជា​អត្ថបទគំនិតបែបទស្សនៈ? ហើយវាខុសពីអត្ថបទទូទៅដូចម្ដេច?

លោក ឡាំ លីម ៖ អត្ថបទបែបទស្សនៈ គឺជាអត្ថបទដែលនាំអ្នកអានឱ្យប្រើការត្រិះរិះពិចារណាខ្ពស់ ពោលគឺ ទាំងអ្នកសរសេរ ទាំងអ្នកអាន តម្រូវឱ្យប្រើខួរក្បាលគិតច្រើន។ អត្ថបទគំនិតបែបទស្សនៈ ភាគច្រើនគឺបង្រៀនមនុស្សឱ្យចេះគិតក្រៅប្រអប់ ក្រៅប្រព័ន្ធ និងច្នៃប្រតិដ្ឋ។ តើអ្វីទៅជាទស្សនៈ? ទស្សនៈ គឺជា​ដំណើរនៃការយល់ឃើញ។ ការយល់ឃើញ វាតែងស្ថិតនៅចន្លោះរវាងខុសនិងត្រូវ ដែលមិនមែនគំនិតបែបអត្តនោម័តិទេ។ អ្នកដែលយល់ថាទស្សនៈជាគំនិតអត្តនោម័តិ គឺប្រហែលជាពុំមានចំណេះដឹងខាងទស្សនៈនៅឡើយទេ។

កាលណានិយាយពីទស្សនៈ គឺប្រៀបផ្ទឹមស្ករនិងអំបិល ដែលវាអាចច្រឡំគ្នា ពិតផងនិងមិនពិតផង។ ពិតឬក្លែងក្លាយ និងត្រូវឬខុស គឺយើងត្រូវយកស្ថានភាពមួយ ឬកាលៈទេសៈមួយមកប្រើ ឬដាក់បញ្ចូល។ ស្ថានភាព ឬកាលៈទេសៈនេះ បើយើងនិយាយឱ្យងាយយល់ គឺវប្បធម៌សង្គម សង្គមវិជ្ជាសង្គម ចរិតសង្គម របៀបរបបរស់នៅរបស់សង្គម មនុស្ស ភាសា ឥរិយាបថ ប្រវត្តិសាស្រ្ត របបនយោបាយ…ពោលគឺ សម្រាប់ទីណា (ភូមិសាស្រ្តណា), សម្រាប់អ្នកណា (ជនជាតិអ្វី ឬមានចរិតបែបណា) និងនៅពេលវេលាណា (ពេលវេលាបុរាណ សម័យ អនាគត)។ ភូមិសាស្រ្តសង្គមអាស៊ីខុសពីបស្ចឹមប្រទេស។ ជនជាតិខ្មែរខុសពីជនជាតិស្បែកស។ ពេលវេលារីកចម្រើននៃសង្គមមួយ វាខុសពីសង្គមមួយទៀត។

សរុបដោយសង្ខេប ទស្សនៈខុសនិងត្រូវ វាតែងនៅលាយឡំជាមួយគ្នាជានិច្ច តែអ្វីដែលសំខាន់បំផុត គឺកាលៈទេសៈជាក់ស្តែង ឬស្ថានភាពជាក់ស្តែង។ គំនិតឬទស្សនៈល្អត្រឹមត្រូវ តែបើប្រើខុសស្ថានភាព ឬខុសកាលៈទេសៈ គឺស្មើនឹងមិនបានផលល្អទេ ហើយទស្សនៈខុស តែបើយកមកប្រើត្រូវស្ថានភាព ឬត្រូវកាលៈទេសៈ គឺស្មើនឹងបានផលល្អ ។ ទស្សនៈខ្លះ វាត្រឹមត្រូវក្នុងកាលៈទេសៈនេះ តែអាចប្រើមិនកើតការណ៍នៅពេលក្រោយ ឬខុសពេលនេះ តែវាប្រហែលជាអាចប្រើបានការណ៍នៅពេលក្រោយ ។ ក្រៅពីនេះ យើងត្រូវដឹងថា “ទស្សនៈមួយ ឬគំនិតមួយ មិនអាចយកប្រើបានគ្រប់កាលៈទេសៈ ឬគ្រប់ស្ថានភាពបានឡើយ ពោលគឺ “None Fit All”។ ទស្សនៈខ្លះ វាត្រឹមត្រូវសម្រាប់តែមួយកាលៈទេសៈ តែទស្សនៈខ្លះទៀត វាអាចប្រើបានចាប់ពីពីរកាលៈទេសៈឡើងទៅ​។ អ្វីៗប្រែប្រួល ហើយមានតែការប្រែប្រួលប៉ុណ្ណោះដែលមិនប្រែប្រួល។ លទ្ធផលល្អ វាក៏អាចឆ្លុះបញ្ជាំងពីទស្សនៈមួយត្រូវ ឬខុសផងដែរ។

សៀវភៅល្បីៗទាំង៤ក្បាលរបស់ លោក ឡាំ លីម

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើត្រូវធ្វើ​ដូចម្ដេច​ទើប​អាចក្លាយជាអ្នក​និពន្ធ​អត្ថបទគំនិតបែប​ទស្សនៈបានល្អ ដែលមានការទទួលស្គាល់​ពីសំណាក់​ប្រិយមិត្ត​អ្នកអាន?

លោក ឡាំ លីម ៖ ឆ្លៀតឱកាសនេះ ខ្ញុំសុំនិយាយពាក្យក្នុងចិត្តពីរបីឃ្លា។ មនុស្សមួយចំនួនតូចមើលឃើញតែអ្វីដែលខ្ញុំបានប៉ុណ្ណោះ តែគេមើលមិនឃើញនូវអ្វីដែលខ្ញុំចង់បានទេ។ ពាក្យថា “អ្នកនិពន្ធ” សម្រាប់ខ្ញុំ គឺគ្រាន់តែជាមធ្យោបាយ តែមិនមែនជាគោលដៅ ឬចុងបញ្ចប់នៃគោលដៅខ្ញុំទេ [យកក៏បាន មិនយកក៏បាន ឬជាអ្នកនិពន្ធក៏បាន មិនធ្វើក៏បាន ព្រោះវាគ្រាន់តែជាឈ្មោះតំណាង តែសំខាន់លើសកម្មភាពនិងកិច្ចការជាក់ស្តែង]។ ក្នុងដំណើរដ៏វែងឆ្ងាយ យើងអាចដើរឆ្លងកាត់ផ្លូវជាច្រើន តែផ្លូវទាំងនោះគ្រាន់តែយើងដើរសម្រាប់តែមួយគ្រាប៉ុណ្ណោះ។ តើអ្វីជាគោលដៅរបស់ខ្ញុំ? គឺ “ចែករំលែក”។ បើគ្រាន់តែសត្វដំរីស្រែកធ្វើសំឡេងរបស់សត្វក្រៀល គឺពុំមានន័យថាដំរីជាសត្វក្រៀលទេ។

គ្រប់គ្នាអាចក្លាយទៅជាអ្នកនិពន្ធ បើចេះចែករំលែក តែអ្នកនិពន្ធនឹងមិនអាចក្លាយទៅជាអ្នកនិពន្ធបានទេ បើមិនចេះចែករំលែក ប្រៀបដូចងារជាគ្រូបង្រៀនអ៊ីចឹង ដ្បិតដោយសារតែទឹកចិត្តចង់ចែករំលែកចំណេះដឹង ទើបមានឈ្មោះថាជា “គ្រូ” ដែលស្ថិតនឹងមុខសិស្សនិងក្នុងថ្នាក់រៀន។ យុវជន ចូរកុំយកទឹកចិត្តមកធៀបនឹងទឹកលុយ!! ចូរកុំយកឆន្ទៈ មនសិការ និងឧត្តមគតិទៅជាន់ឈ្លី។ នេះហើយជាគន្លឹះធ្វើឱ្យអ្នកអានទទួលស្គាល់ គឺធ្វើកិច្ចការណាដែលបម្រើឆន្ទៈ មនសិការ និងប្រយោជន៍រួមស្របនឹងឧត្តមគតិខ្លួនឯង ដោយមិនមែនដើម្បីបំពេញចិត្តអ្នកណាម្នាក់ទេ តែវាជាកិច្ចការដែលគប្បីនឹងខ្លួនឯង បម្រើភាពត្រឹមត្រូវ…។ តើអ្នកនិពន្ធអត្ថបទបែបទស្សនៈចាំបាច់ត្រូវមានលក្ខណៈសម្បត្តិ និងចំណេះដឹងទូទៅកម្រិតណា?

អ្នករៀនសូត្រចេះដឹង គឺត្រូវតែជាបុគ្គលនាំមុខ មានគំរូល្អ មានសុជីវធម៌ មានគុណធម៌ មានឧត្តមគតិ អាចធ្វើខ្លួនជាទីពឹងរបស់សង្គមបាន។ ផលិតផលនៃចំណេះវិជ្ជា គឺគុណភាពនៃការរស់នៅរបស់យើងម្នាក់ៗ ព្រមទាំងប្រើប្រាស់ចំណេះដឹងសាបព្រោះគ្រាប់ពូជដល់សង្គមស្របនឹងទស្សនវិស័យមួយច្បាស់លាស់ ពិតប្រាកដ មិនតាមអារម្មណ៍ ព្រមទាំងមានជំហរឈរលើគោលការណ៍អនុវត្តន៍ជាក់ស្តែងនិងប្រាកដនិយម។ នេះគឺមានន័យថា “ចំណេះដឹងត្រូវជ្រាបចូលទៅក្នុងចិត្តគំនិតរបស់យើងសិន”។ កុំឱ្យសំណេរនិងម្ចាស់សំណេរមានលក្ខណៈខុសគ្នា។ សំណេរនិយាយពីសីលធម៌ តែម្ចាស់សំណេរគ្មានសីលធម៌ (?)។

ក្នុងវិស័យសំណេរ មានផ្នែកជាច្រើន តែគោលបំណងរួម គឺផ្តល់ឱ្យអ្នកអាននូវគំនិតល្អៗក្នុងការរស់នៅ ទោះតាមវិធីសាស្រ្តណាក៏ដោយ។ ប៉ុន្តែអ្វីដែលជាគោលដៅចម្បង និងជាស្នូលដ៏សំខាន់បំផុត គឺរុញច្រានអ្នកអាននូវចំណេះដឹង គំនិត ទស្សនវិជ្ជា ការពិចារណា ព័ត៌មានឱ្យដល់មនុស្សទូទៅ។ មធ្យោបាយ គឺសម្រាប់ផ្តល់គំនិតដែលមានស្នូលនៃការគិតពិចារណា ឈានដល់ការពិចារណាត្រូវ ការនិយាយត្រូវ ការធ្វើត្រូវ និងធ្វើបានផលល្អ។ ពោលគឺគ្រប់សំណេរ គ្រប់បទតែងនិពន្ធទាំងអស់ គឺសុទ្ធតែមានបង្កប់នូវទស្សនៈ ការត្រិះរិះពិចារណា និងគំនិតដល់អ្នកអានជានិច្ច។

អ្នក​ដែល​​ចង់​សរសេរ​សៀវភៅ​លើកទឹកចិត្ត​ ​គឺ​ត្រូវ​ទៅ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ផ្លូវចិត្ត​ឱ្យ​បាន​ច្រើន​។​ ​សៀវភៅ​ដែល​ទាក់ទង​នឹង​ចិត្ត​នេះ​ ​ភាគច្រើនគឺ​ស្ថិតនៅនឹង​សៀវភៅ​សាសនា​។​ ​សាសនា​និយាយ​ពី​ធម្មជាតិ​នៃ​ចិត្ត​មនុស្ស​ច្រើន​ជាង​សៀវភៅ​​ផ្សេងៗ។​ ​សៀវភៅ​សាសនា​ ​បើ​អាន​ចេះចាំ​ហើយ​ គឺ​ត្រូវ​ពិសោធ​រក​ការពិត​ដោយខ្លួនឯងទៀត។ អ្នក​ដែល​ចង់​សរសេរ​សៀវភៅ​ទស្សនៈ​ ​គឺ​ត្រូវ​អាន​សៀវភៅ​ទស្សនវិជ្ជា​ ​សៀវភៅ​នយោបាយ​ ​សៀវភៅ​ប្រវត្តិ​សាស្រ្ត​ ​សៀវភៅ​សង្គមវិជ្ជា​ ​ប្រវត្តិ​គំនិត​នយោបាយ​ ​សៀវភៅ​ច្បាប់​ជាក់ស្តែង​​របស់​សង្គម​.​.​.​។​ ​​មាន​ទស្សនៈ​ស្រប​ៗ​គ្នា​ជាច្រើន​ដែល​បាន​លើកឡើង​ថា​ ​“​អ្នកនិពន្ធត្រូវតែជាអ្នកអាន តែ​​ខ្ញុំ​មិន​យល់ស្របទាំងស្រុង​ទេ​។​ ​អ្នកនិពន្ធមិនមែន​ត្រឹមតែ​ជា​អ្នកអាន​ទេ​ ​តែ​ត្រូវតែ​ដាក់ខ្លួន​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ ​ឬ​អានតាម​បែបសិក្សា​ស្រាវជ្រាវ​។​ ការសិក្សាស្រាវជ្រាវ គឺត្រូវការឯកសារសិក្សា ដែលយើងហៅថា “Educational Resources” សម្រាប់ប្រឹក្សាគំនិត ផ្ទៀងផ្ទាត់ទស្សនៈ និងថ្លឹងថ្លែងអ្វីអាចប្រើបាន និងអ្វីប្រើមិនបាន។ ​ការ​អាន​ ​វា​គឺជា​តួនាទី​របស់​មនុស្ស​ទូទៅ​ ​តែ​ចំពោះ​អ្នកនិពន្ធ​វិញ​ ​មិន​អាច​អាន​សាមញ្ញ​ៗ​ដូច​អ្នកអាន​ធម្មតាបានទេ​។

អ្នកអាន ​អាច​វាស់​សមត្ថភាព​គិត​របស់​អ្នកនិពន្ធ​បាន​តាមរយៈ​ទឹកដៃ​នៃ​សំណេរ និង​ខ្លឹមសារ​នៃ​ស្នាដៃ។ តាមរយៈ​ខ្លឹមសារ​នៃ​ស្នាដៃ​នេះ គឺ​អ្នកអាន​អាច​ដឹង​ថា អ្នកនិពន្ធជាអ្នកអាន ឬអ្នកអានបែបសិក្សាស្រាវជ្រាវ ឬត្រឹមតែជាអ្នកមិនអានធម្មតា។ សំណេរ​ខ្លះ ជា​សំណេរ​អារម្មណ៍​ទំនោរ (ទោរទន់​តាម​អារម្មណ៍​នៃ​ខ្លួន​) ដែល​បាន​មើលឃើញ​សង្គម​ជាក់ស្តែង របៀបរស់នៅ​របស់​សង្គម​ជាក់ស្តែង។ សំណេរ​របៀប​នេះ គឺទំនង​ខ្វះ​គោលការណ៍​ដែល​ត្រឹមត្រូវ ដ្បិត​វា​មិន​ខុសពី​អ្នករៀន​ដោយ​មិនធ្លាប់​ឆ្លងកាត់​នូវ​ការ​ពិសោធ​ក្នុង​ជីវិត​ជាក់ស្តែង (Academic Without Practices​) និង​អ្នក​ដែល​ធ្លាប់​បាន​ឆ្លងកាត់​នូវ​បទ​ពិសោធ​ជីវិត តែ​មិនធ្លាប់​ទទួលការ​អប់រំ​ផ្លូវការទេ។ មនុស្ស​ដែល​គ្មាន​កញ្ចក់ឆ្លុះ​មុខមាត់​ខ្លួនឯង គឺ​ពុំ​អាច​ដឹង​ថា​មុខ​ខ្លួន​មា​នប្រ​លាក់​អ្វីឬរលោងស្អាត​​ទេ ប្រៀប​ដូចជា​គំនិត​ដែល​មិន​យក​គោលការណ៍​អ្នកប្រាជ្ញ​បុរាណ​មក​ប្រៀបធៀប ពិចារណាថ្លឹងថ្លែង ឬមក​ឆ្លុះបញ្ចាំង​នឹង​ការយល់ឃើញ​នៃ​ខ្លួន គឺ​ងាយ​នឹង​ខុស​ណាស់ ជាពិសេសគឺខុសកាលៈទេសៈ។

លោក ឡាំ លីម និងប្រិយមិត្តអ្នកគាំទ្រសៀវភៅ “អំណានជាអំណាច” របស់លោក

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ តើ​ការ​អានមានភាពចាំបាច់​​ដែរ​ឬទេ សម្រាប់​អ្នក​ដែលចង់​​សរសេរ​អត្ថបទ​គំនិតបែបទស្សនៈបានល្អ? ហើយ​សៀវភៅ​បែបណាដែលពួកគាត់​គួរអាន ដើម្បី​បង្កើនគុណភាព​ផ្នែក​សំណេរ​របស់​ខ្លួនឱ្យ​បាន​​​កាន់តែ​ល្អ?​

លោក ឡាំ លីម ៖ ចំណេះដឹង​របស់​អ្នកអាន​សៀវភៅ​ខ្មែរ​សុទ្ធសាធ ឬ​អ្នក​មិនដែល​អាន​សៀវភៅ​បរទេស​សោះ គឺ​ខុសគ្នា​ពី​អ្នក​ដែល​អាន​តែ​សៀវភៅ​បរទេស​សុទ្ធ ហើយ​​មិនដែល​អាន​សៀវភៅ​ខ្មែរ​សោះ។ អំណាន​សៀវភៅ​បរទេស​សុទ្ធ​នេះ អាច​អាន​តាមរយៈ​សៀវភៅ​ភាសាបរទេស​ផ្ទាល់ ឬតាមរយៈ​ការបកប្រែ​ពី​ភាសា​ណាមួយ​មក​ជា​ភាសាជាតិ។ លើស​ពីនេះ គឺរឹតតែ​ខុសគ្នារវាង​អ្នកអាន​ដែល​បាន​អាន​ទាំង​សៀវភៅ​ខ្មែរ​ផង និង​សៀវភៅ​បរទេស​ផង។ ស្មេរ​ដែល​អាន​សៀវភៅ​ខ្មែរ​សុទ្ធសាធ និង​ស្មេរ​ដែល​មិនដែល​អាន​សៀវភៅ​បរទេស​សោះ គឺ​ខុសគ្នា​ពី​ស្មេរ​ដែល​អាន​សៀវភៅ​បរទេស​សុទ្ធ តែ​មិនដែល​អាន​សៀវភៅ​ខ្មែរ​សោះ។

លើស​ពីនេះ គឺ​រឹតតែ​ខុសគ្នា​រវាង​ស្មេរ​ដែល​អាន​ទាំង​សៀវភៅ​ខ្មែរ​ផង និង​អាន​សៀវភៅ​បរទេស​ផង។ ស្មេរ​ដែល​ពុំ​ធ្លាប់​ឆ្លងកាត់​សាលា​ច្បាប់ ឬគ្មាន​ចំណេះដឹង​ស្តី​ពី​មនោគមវិជ្ជា​នយោបាយ​សង្គម (រដ្ឋធម្មនុញ្ញ​) គឺ​ខុសគ្នា​ពី​ស្មេរ​ដែល​ធ្លាប់​រៀន​ចូលរៀន​សាលា​ច្បាប់ (មានចំណេះ​ដឹង​ស្តី​ពី​មនោគមវិជ្ជា​នយោបាយ​សង្គម​) ជាពិសេស​ស្មេរ​ដែល​សរសេរ​ពី​បញ្ហា​សង្គម។ ស្មេរ​ដែល​គ្មាន​ចំណេះដឹង​សង្គមវិជ្ជា គ្មាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ច្បាប់ គ្មាន​ចំណេះដឹង​គ្រឹះ​ទស្សនវិជ្ជា​នយោបាយ អាន​តែ​សៀវភៅ​ខ្មែរ​សុទ្ធសាធ ឬអាន​តែ​សៀវភៅ​បរទេស​សុទ្ធសាធ គឺ​ពិបាក​នឹង​យល់​បាន​គ្រប់ជ្រុងជ្រោយ​នៃ​បញ្ហា​សង្គម​បន្តិច។ បញ្ហា​មួយទៀត បើ​ស្មេរ​ធ្លាប់​បម្រើការ​ងារ​ជុំគ្នា​ជាមួយ​ជនបរទេស មិនថា​លោកខាងលិច លោក​ខាងកើត គឺ​នឹង​មានឱកាស​បាន​រៀនសូត្រ​ពីរ​បៀ​បរ​បប​ធ្វើការ របៀប​គិតពិចារណា របៀប​ប្រតិកម្ម និង​ចំណេះដឹង​ខាង​ផ្នែក​វប្បធម៌​បាន​ច្រើន ជាង​ស្មេរ​ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​តែ​ជនជាតិ​ខ្លួន​សុទ្ធសាធ។ នេះ​ជា​ចំណេះដឹង​ផ្នែក​អន្តរ​វប្បធម៌។

ក្រៅពី​នេះ យើង​គួរតែ​មានចំណេះ​ដឹង​នៃ​ភាពជា​អ្នកដឹកនាំ​ (Leadership) ឱ្យ​បាន​សមគួរ​ដែរ ដ្បិតនេះ​ជា​ចំណេះដឹង​ដ៏​សំខាន់​នៃ​ពិភពលោកដែល​វា​នឹង​នាំ​ឱ្យ​មនុស្ស “ចេះសហការធ្វើការងាររួមគ្នាឬយើង​ហៅ​ម្យ៉ាងទៀតថា “សាមគ្គី” ។ នៅ​លើ​លោក​នេះ ពិភពលោក​ទាំងមូល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ពីរ​ជំពូក៖ ទី១ គឺ​អ្នកនយោបាយ បាន​គ្រប់គ្រង​ខ្លួនប្រាណ​មនុស្ស​ទាំងស្រុង (ការរស់នៅ​ផ្នែក​រាងកាយ​) និង​ទី២ គឺ​អ្នកសាសនា ដែល​គ្រប់គ្រង​ដួង​ព្រលឹង និងស្មារតី​មនុស្ស ជាពិសេស​ផ្នែក​សតិអារម្មណ៍។ ស្មេរ​ខ្លះ​តែង​សរសេរ​នូវ​អ្វី​ដែល​ខ្លួន​បានឃើញ តែ​ស្មេរ​ខ្លះទៀត គឺ​សរសេរ​នូវ​អ្វី​ដែល​ខ្លួន​ចង់​ឃើញ​នៅ​ថ្ងៃខាងមុខ។ ពាក្យ​ថា  “អ្វី​ដែល​ខ្លួន​បានឃើញ​”  គឺ​មានន័យថា​រិះគន់​តែ​ម្យ៉ាង ហើយ​ពាក្យ  “អ្វី​ដែល​ខ្លួន​ចង់​ឃើញ​”  គឺ​មានន័យថា​ឃើញ​បញ្ហា និយាយ​ពី​បញ្ហា បូក​នឹង​បង្ហាញ​កុំឱ្យ​អ្នកអាន​ជាន់​ដាន​ប្រវត្តិ​សាស្រ្ត ព្រមទាំង​ភ្ជាប់​ជាមួយនឹង​ដំណោះស្រាយ​ប្រកបដោយ   “ទស្សនវិស័យ​”  ច្បាស់លាស់។ មនុស្ស​ធម្មតា ឃើញ​អ្វី​និយាយ​ហ្នឹង តែ​មិនដឹង​ថា​តើមាន​អ្វីខ្លះ​ដែល​នៅ​ពីក្រោយ​រឿងរ៉ាវ​ដែល​យើង​មិនបាន​ដឹង​និង​មិនបាន​ឃើញ។ ឱ្យ​តែ​មាន​ភ្នែក អ្វី​ក៏​យើង​អាច​មើលឃើញ​ដែរ តែ​ការ​មើលអ្វីមួយ​​ដោយ​ខ្វះ​ចំណេះដឹង គឺ​ឃើញ​តែ​បញ្ហា​ដែល​នាំ​ឱ្យ​ចិត្ត​អ្នក​សរសេរ​តឹងទ្រូង​ប៉ុណ្ណោះ។

នៅ​លើ​លោក​យើង​នេះ ចំណេះដឹង​មាន​ច្រើនណាស់ រៀន​មិន​អស់​ទេ ហើយ​ចំណេះដឹង​ខ្លះ គំនិត​ខ្លះ ទស្សនៈ​ខ្លះ វា​ប្រឆាំង​គ្នាផងស្របគ្នាផង។ ការ​បន្សុទ្ធ​ចំណេះដឹង គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​សរសេរ និង​អ្នកអាន។ ព្រះសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ទ្រង់​ត្រាស់​សម្តែង​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ​! ក្នុង​កាល​កន្លងមក​ហើយ​ក្តី ក្នុង​កាល​ជា​អនាគត​ក្តី ឬក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក្តី តថាគត​បង្រៀន​អ្នក​តែ​អំពី​សេចក្តី​ទុក្ខ អំពី​ហេតុ​នៃ​សេចក្តី​ទុក្ខ អំពី​ការ​រំលត់ទុក្ខ និង​ផ្លូវ​ទៅកាន់​ការ​រំលត់ទុក្ខ។ ធម៌​ដែល​តថាគត​ត្រាស់​ដឹង មាន​ច្រើន​ជាអនេក ប៉ុន្តែ​តថាគត​មិន​បង្រៀន​អ្នក​នូវ​ធម៌​ដ៏​ច្រើន​ទាំងនោះ​ទេ ព្រោះ​មិន​នាំមក​នូវ​ប្រយោជន៍ មិន​នាំមក​នូវ​សេចក្តី​ស្ងប់ មិន​នាំមក​នូវ​ការ​ត្រាស់​ដឹង មិន​នាំមក​នូវ​ព្រះនិព្វាន​”។

អ្នកនិពន្ធខ្មែរគួរធ្វើខ្លួនប្រៀបដូចជាធុងទឹកចម្រោះ ដែលដើរតួនាទីជាអ្នកបន្សុទ្ធ។ គំនិតទស្សនៈថ្មីៗពីខាងក្រៅ ប្រៀបដូចជាទឹក ហើយអ្នកអានប្រៀបដូចជាអ្នកទទួលទានទឹក។ បើធុងចម្រោះទឹក ច្រោះទឹកមិនបានស្អាតល្អទេ នឹងនាំជំងឺដល់អ្នកផឹក (សង្គម)។

“ដំណើរ” សៀវភៅសហនិពន្ធថ្មីចុងក្រោយរបស់លោក ឡាំ លីម

គេហទំព័រអ្នកនិពន្ធ​កម្ពុជា ៖ អ្វី​ជាមតិ​ចុងក្រោយរបស់លោកចំពោះ​ប្រិយមិត្ត​ដែលតែងតែគាំទ្រ​ស្នាដៃ​និពន្ធ​របស់លោក? និងមាន​អ្វី​ចង់​បន្ថែមទៀត​មុននឹង​បញ្ចប់​បទសម្ភាសន៍​​ដែរឬទេ? សូមគោរពអញ្ជើញ!! …

លោក ឡាំ លីម ៖ សូមឱ្យយុវជនខិតខំប្រឹងប្រែងអានសៀវភៅ។ កាន់សៀវភៅអាន គឺស្មើនឹងគិតជាតិ។ បើយើងបោះបង់សៀវភៅចោល គឺស្មើនឹងលែងខ្វាយពីជាតិ។ ផ្សព្វផ្សាយវប្បធម៌អំណាន គឺជាកាព្វកិច្ចរបស់យុវជនជំនាន់នេះ។ បង្ហាញគំរូនៃការអានសៀវភៅដល់ក្មេងៗ គឺជាតួនាទីរបស់យុវជនជំនាន់នេះ។ បើ​យើង​ដាក់ជី ស្រោចទឹក និង​គាំទ្រ​យុវ​និពន្ធ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ជំនាន់​នេះ គឺ​ស្មើនឹង​ដាំ​ដើម​អ្នកនិពន្ធ​អាជីព​ឱ្យ​ចេញ​ជា​ផ្លែផ្កា​សម្រាប់​រយៈពេល ១០ឆ្នាំ ទៅ២០ឆ្នាំក្រោយ។

លោក ឡាំ លីម កំពុងកាន់សៀវភៅ “អំណានជាអំណាច” បង្ហាញ​ដល់ប្រិយមិត្តក្នុងពិធីមួយ

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា លោក ឡាំ លីម មានដើម​កំណើតនៅខេត្តសៀមរាប។ បច្ចុប្បន្ន លោកជាអ្នកធ្វើស្រែចម្ការជាមួយម្តាយ។ លោកមានបងស្រីពីរនាក់ និងប្អូនប្រុសពីរនាក់ ដោយលោកជាកូនប្រុសកណ្តាលក្នុងគ្រួសារ។ ក្រៅ​ពី​ចូល​ចិត្ត​អាន លោក​ជាបុគ្គលមួយរូបដែល​និយម​​​សរសេរជាសំណេរខ្លីៗ ជាពិសេសអត្ថបទដែល​ទាក់ទងនឹងទស្សនវិជ្ជាអប់រំ សង្គម នយោបាយ ភាពជាអ្នកដឹកនាំ និងផ្នែក​ប្រាជ្ញា​ស្មារតី​ក្នុង​ការ​គិត​ថ្លឹង​ថ្លែង​ពិចារណា​ជាដើម។ លោក​គឺជាអ្នក​និពន្ធ​កម្ពុជា​ដែលកំពុងតែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅកម្ពុជា និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅល្បីៗទាំង​៤ក្បាល រួមមានដូចជា សៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”, “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” , “អំណានជាអំណាច” និងសៀវភៅ “ដំណើរ” ដែលស្នាដៃ​សហនិពន្ធ​ជាមួយ​អ្នក​និពន្ធ​ល្បីចំនួនពីររូបទៀតផងដែរ។ ចំណែក​ខាងលើ​ គឺ​ជាការ​ចែករំលែក​របស់​លោក​ទាក់ទងនឹង​ “អត្ថបទគំនិតបែបទស្សនៈ” ដែល​ជាប្រភេទអត្ថបទមួយដែលលោកចូលចិត្ត និងសរសេរបាន​ល្អ​បំផុត ដើម្បី​ទុកជាចំណេះដឹង​ដល់​បុគ្គលទាំង​ឡាយ ដែលមានបំណង​ចង់​សរសេរ​អត្ថបទប្រភេទនេះ​ឱ្យបានល្អ ដោយ​ការចែករំលែក​ខាងលើ​គ្រាន់តែ​ជាគំនិតទស្សនៈ​យល់​ឃើញ​របស់​លោកផ្ទាល់​ទាក់​ទង​នឹងអត្ថបទនេះ​ប៉ុណ្ណោះ មិនមែនជាទស្សនៈសកល​ទូទៅ​អ្វីទេ​​។ ដូច្នេះ ប្រសិន​បើលោកអ្នកចង់ដឹងពីទឹកដៃក្នុងការសរសេរអត្ថបទប្រភេទ​នេះ​របស់លោក លោកអ្នកអាចស្វែងរកសៀវភៅ​ទាំង​៤ក្បាល​របស់​លោក​​យកមកអានបាន ហើយ​បើ​លោក​អ្នក​ចង់​អានដោយងាយឆាប់​រហ័សនោះ លោក​អ្នកអាច​ចូលទៅអានអត្ថបទ​របស់​លោក​ក្នុង​ហ្វេស​ហ៊ុក​ផ្លូវការ​របស់​លោក​តែម្ដងបាន តាមរយៈឈ្មោះ Lam Lim https://www.facebook.com/lamlem01 នោះ​លោក​អ្នក​មុខជាបាន​ដឹងច្បាស់​ជាក់​ជាមិនខាន។ សូមអរគុណ៕

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ ឡាំ លីម / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!