ស្រួង ភាវី ៖ នៅពេលដែលនាងខ្ញុំកាន់តែអាន នាងខ្ញុំកាន់តែស្រឡាញ់ការអានទ្វេដង!

  • February 25th, 2020

“ការ​អានជាការបើកចំហជើងមេឃនៃចំណេះដឹង” ហើយមានតែអ្នក​ដែលយល់ពីតម្លៃ​នៃ​ការ​អានពិតប្រាកដប៉ុណ្ណោះ ទើបអាច​ពាល់​ត្រូវនូវចំណេះដឹង​ដែល​មានក្នុង​សៀវភៅ​ដែល​​អាន​នោះ។ ការ​បណ្ដុះ​និស្ស័យអានសៀវភៅ មិនមែន​ងាយ​បណ្ដុះ​បាន​លឿនដូចជា​ការបណ្ដុះ​សណ្ដែក​នោះទេ គឺ​ទាម​ទារ​នូវការ​អត់​ធ្មត់ក្នុងការ​ហ្វឹកហាត់ និង​ពេលវេលា​ដ៏​យូរមួយ ទើបអាចទៅរួច។ ការ​អាន​មិន​ពិបាក​ទេ ឱ្យតែ​ចេះ​អក្សរ​គឺ​យើង​អាច​អានបានហើយ តែការ​អាន​ឱ្យយល់​នូវ​ខ្លឹមសារ អានឱ្យ​បាន​ប្រយោជន៍​ពីសៀវភៅ​ដែល​យើងអាន និង​ចេះ​យកវា​ទៅ​អនុវត្តបាន​ត្រឹម​ត្រូវស្រប​តាម​ផ្លូវ​សច្ចៈនិង​គុណធម៌ នោះទើបហៅថា ការអាន​ពិតប្រាកដ។

អ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រ​ជម្រើស​ជាតិដ៏ឆ្នើមរបស់​​កម្ពុជា

ពាក់ព័ន្ធនឹងការ​អានសៀវភៅនេះ អ្នកនាង ស្រួង ភាវី ដែលជាកីឡាការិនីស្នូកឃ័រ​ជម្រើស​ជាតិ​ដ៏ឆ្នើមប្រចាំ​ប្រទេស​កម្ពុជា និង​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេងល្បីល្បាញនៅប្រទេស​កូរ៉េខាងត្បូង ក៏ដូចជា​ទូទាំង​សកលលោកនាពេលបច្ចុប្បន្ន អ្នកនាង​បាន​បង្ហាញ​ប្រាប់ “​គេហទំព័រអ្នកនិពន្ធកម្ពុជា” ពេលសម្ភាសន៍ថា “នាង​ខ្ញុំ​មិនដឹង​ថា អ្នក​ដែលកំពុងតែ​អាន​បទសម្ភាសន៍នេះ ជាបុគ្គលចូល​ចិត្ត​អានសៀវភៅឬ​យ៉ាង​ណា​នោះទេ! តែ​សម្រាប់​នាងខ្ញុំវិញ សឹងនិយាយបានថាជា​ផ្នែក​ដ៏សំខាន់​មួយ​ក្នុង​ជីវិត​មិន​អាច​ខ្វះបានឡើយ” អ្នក​នាង​បន្តទៀតថា “មែនទែនទៅ បើរំពឹង​លើ​ចំណេះដឹង​ដែល​នាង​ខ្ញុំ​មានពីសាលា គឺ​មិនអាច​ឱ្យនាង​ខ្ញុំ​យកទៅ​​ធ្វើ​អ្វីឱ្យជោគជ័យ​ខ្លាំងពូកែបាន​ឡើយ ព្រោះ​ដោយសារតែ​នាង​ខ្ញុំ​រៀនក្នុងសាលាបានតិចពេក។ ហេតុនេះហើយ នាងខ្ញុំដឹងយ៉ាង​ច្បាស់ថា មានតែ​ការ​ខិតខំប្រឹងប្រែង​ស្វែងរក​ចំណេះដឹង​ពីប្រភពនានាមកបំពេញដល់​ខ្លួនបន្ថែមប៉ុណ្ណោះ ទើបអាច​ឱ្យនាង​ខ្ញុំ​មាន​ចំណេះដឹង​គ្រប់​គ្រាន់នឹង​សាង​ភាព​ជោគជ័យ​តាមអ្វី​ដែលខ្ញុំ​ប្រាថ្នាបាន ហើយ​ក្នុង​នោះ ការ​អាន​គឺជាអ្វី​ដែល​អាច​ផ្ដល់​ជាចំណេះដឹង​ថ្មីៗ​ដល់​នាង​ខ្ញុំ​បាន​ច្រើន​បំផុត។”

​អ្នកនាង ស្រួង ភាវី កំពុងអានសៀវភៅចំណេះដឹងមួយក្បាល

​អ្នកនាង ស្រួង ភាវី បានបន្តទៀតថា “រាល់​ថ្ងៃ​ នាង​ខ្ញុំ​មមាញឹកនឹងការងារ ​ហ្វឹកហាត់​ និងប្រកួតណាស់! តែបើ​ទោះជាយ៉ាង​នេះ​ក្ដី ក៏នាងខ្ញុំ​មិនដែលភ្លេច​អាន​ម្ដងណាឡើយ សៀវភៅ​តែងតែ​នៅក្បែរ​នាង​ខ្ញុំ​ជានិច្ច វាប្រៀបដូចជា​ទីប្រឹក្សា​ដែល​ចាំដាស់​តឿននាង​ខ្ញុំ​គ្រប់​ពេលយ៉ាងដូច្នោះដែរថា ចូរកុំភ្លេចខ្លួនឱ្យសោះ! ហើយ​ត្រូវតែ​បន្ត​អាននូវសៀវភៅថ្មីៗ​ដែលមានគុណតម្លៃ​ពិតប្រាកដ​ចំពោះ​ជីវិតបន្តទៅ​ទៀត កុំឈប់ឱ្យសោះ!”

​អ្នកនាង ស្រួង ភាវី និងសៀវភៅ “វាចាមាសរបស់ម៉ែ”

អ្នក​នាង​បញ្ជាក់បន្ថែមជា​ចុង​ក្រោយ​ពាក់​ព័ន្ធនឹង​ចំណង់​ចំណូលចិត្ត​អានសៀវភៅ​របស់​អ្នក​នាងថា “សរុបមក នាងខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅណាស់! នៅពេលដែល​នាងខ្ញុំ​កាន់តែ​អាន នាង​ខ្ញុំ​កាន់តែ​ស្រឡាញ់​សៀវភៅទ្វេដង! វា​ប្រៀប​ដូច​ជាខ្យល់ដង្ហើម​ខ្ញុំ​យ៉ាង​ដូច្នោះដែរ បើ​នាង​ខ្ញុំ​ឈប់​អាន មុខជា​ដាច់​ខ្យល់​ស្លាប់​មិនខាន!” នេះហើយ​ជា​តម្លៃ​នៃ​ការ​អាន​សៀវភៅ​សម្រាប់​​ អ្នក​នាង ស្រួង​ ភាវី​ ដែល​អាច​ឱ្យ​លោក​អ្នក​យកទៅគិតពិចារណាបាន។

​អ្នកនាង ស្រួង ភាវី និងសៀវភៅ “ប្រតិទិនទស្សនៈ​ ២២២ថ្ងៃ” 

មុននឹងបញ្ចប់បទសម្ភាសន៍ អ្នកនាងក៏មិនភ្លេច​ថ្លែងអំណរគុណ​ផងដែរថា ជាចុង​បញ្ចប់ នាងខ្ញុំ ស្រួង ភាវី ក៏​សូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាយ៉ាង​ជ្រាល​ជ្រៅ​បំផុត ដែលតែងតែស្រឡាញ់ ចូលចិត្ត និងគាំទ្ររូបនាងខ្ញុំរហូតមក! បើគ្មាន​​អ្នក​ទាំងអស់​គ្នា​ទេ នាងខ្ញុំក៏គ្មាន​ថ្ងៃនេះដែរ។ ហេតុនេះ នាង​ខ្ញុំ​សូមជូនពរឱ្យ​ពុកម៉ែបងប្អូនខ្មែរ​ទាំងអស់ សូម​ជួបប្រទះ​តែសេចក្ដីសុខ សំណាងល្អ សុខភាពល្អ និង​រកស៊ីមានបាន​គ្រប់ក្រុម​គ្រួសារ ជាពិសេស​សូមមាន​សុភមង្គល​ក្នុង​ជីវិត​គ្រប់ៗគ្នា​​ជារៀង​រហូតតទៅ។”

​អ្នកនាង ស្រួង ភាវី និងសៀវភៅ “នារីប្រពៃ” នៅកន្លែងហ្វឹកហាត់ស្នូកឃ័ររបស់​អ្នក​នាង

“គេហទំព័រអ្នកនិពន្ធកម្ពុជា” សូមបញ្ជាក់ថា អ្នកនាង ស្រួង ភាវី ​ កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ កើតនៅភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នអ្នកនាង​ជាកីឡាការិនីស្នូកឃ័រ​ជម្រើស​ជាតិដ៏ឆ្នើមប្រចាំ​ប្រទេស​កម្ពុជា ដែលកំពុង​តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំងក្នុង​និង​ក្រៅប្រទេស ជាពិសេសប្រទេស​កូរ៉េខាងត្បូង ដែលជាទឹក​ដី​អ្នកនាង​កំពុងតែ​រស់​នៅ​សព្វថ្ងៃ​តែម្ដង។ ក្រៅពីមាន​ឧបនិស្ស័យ​ចូលចិត្ត​លេងកីឡាស្នូកឃ័របាន​យ៉ាងល្អអស្ចារ្យនេះ អ្នកនាងក៏ជាបុគ្គល​មួយរូបដែល​ស្រឡាញ់​ចូលចិត្ត និងផ្ដល់​តម្លៃ​ដល់​ការ​អានសៀវភៅខ្លាំងបំផុត​ផងដែរ។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ស្រួង ភាវី ៖ រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!