“កញ្ចក់ឆ្លុះចិត្ត” សៀវភៅស្នាដៃទី៦ របស់អ្នកនិពន្ធ លឹម សន្តិភាព

  • February 14th, 2020

កញ្ចក់ឆ្លុះចិត្ត” គឺជាសៀវភៅទី៦​របស់ អ្នក​និពន្ធ​ លឹម សន្តិភាព សៀវភៅ​នេះ​ជា​កម្រងរឿងខ្លីៗ និងអត្ថបទខ្លីៗ កម្សត់ និងកំប្លែង ដែល​បង្កប់ទៅដោយអត្ថន័យអប់រំ​យ៉ាង​ច្រើន​ដល់​អ្នក​អាន។ ទាក់ទង​នឹង​សៀវភៅនេះ អ្នកស្រីបានរៀបរាប់​ប្រាប់​ “គេហទំព័រអ្នក​និពន្ធ​កម្ពុជា” ក្នុង​បទសម្ភាសន៍ថា “ក្នុងសៀវភៅកញ្ចក់ឆ្លុះចិត្ត នាងខ្ញុំបានលើកយកបញ្ហាជាច្រើនរបស់យុវវ័យមកបង្ហាញ មានដូចជា ជំងឺបាក់ទឹកចិត្ត, ការកសាងអត្តសញ្ញាណរបស់ខ្លួនឯង, ការអភិវឌ្ឍខ្លួន, ការតាមចាប់យកក្តីស្រមៃ, ការជម្នះឧបសគ្គចំពោះមុខដើម្បីក្លាយជាមនុស្សរឹងមាំ, ការកសាងទំនុកចិត្ត ស្នេហា មិត្តភាព គ្រួសារ ទំនួលខុសត្រូវ ។ល។និង។ល។” អ្នក​ស្រី​បាន​បញ្ជាក់​បន្ថែមថា  “ដោយ​មុន​នឹង​ចេញផ្សាយ​សៀវភៅនេះ នាងខ្ញុំ​ធ្លាប់​ចេញ​ផ្សាយ​សៀវភៅ​​ប្រលោមលោក​ចំនួន​៥ក្បាលរួចមកហើយ ដូចជា រឿង Captainបណ្តូលចិត្ត, Superstarបណ្តូលចិត្ត, CEOបណ្តូលចិត្ត និង​ រឿង ម្ចាស់បេះដូង ភ្លើងស្នេហ៍ ដែល​រឿងទាំងអស់​នេះសុទ្ធតែទទួលបានការគាំទ្រពីសំណាក់​ប្រិយមិត្ត​អ្នក​របស់​នាង​ខ្ញុំ​យ៉ាង​ខ្លាំង។”

“កញ្ចក់ឆ្លុះចិត្ត” សៀវភៅស្នាដៃទី៦ របស់អ្នកនិពន្ធ លឹម សន្តិភាព

លើស​ពីនេះ អ្នកស្រី លឹម សន្តិភាព បាន​បង្ហាញ​ពីហេតុផលដែល​បណ្ដាល​ឱ្យ​អ្នក​ស្រីសរសេរសៀវភៅនេះឡើងថា “នៅរាល់ពេលនាង​ខ្ញុំមើលឃើញថា យុវវ័យជួបនឹងបញ្ហាណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ នាង​ខ្ញុំក៏បានយកប្រធានបទនោះមកសរសេរ ព្រមទាំងជួយផ្តល់ដំណោះស្រាយដល់តួអង្គក្នុងអត្ថបទនោះ ដោយសង្ឃឹមថា បើអ្នកអានខ្ញុំបានអានរួចហើយ ក៏នឹងមានកម្លាំងចិត្ត ក្រោកឡើង ដើរទៅមុខបន្តដោយក្តីសង្ឃឹម និងរៀនផ្តល់ស្នាមញញឹមដល់ខ្លួនឯងជាថ្មីឡើងវិញ។ បន្ទាប់ពីសរសេរបានច្រើនអត្ថបទ នាងខ្ញុំក៏យករឿងខ្លីទាំងនោះមកចងក្រងបោះពុម្ពផ្សាយជាសៀវភៅ ដោយសង្ឃឹមថា សៀវភៅមួយនេះ នឹងក្លាយជាសៀវភៅមួយក្បាលដ៏មានប្រយោជន៍ដល់សង្គមជាតិរបស់យើង។” អ្នកស្រីបន្តទៀតថា “ធ្វើជាយុវវ័យក្នុងសង្គមថ្មីមិនស្រួលប៉ុន្មានទេ ពួកគេទទួលរងសម្ពាធច្រើនណាស់។ កម្រងរឿងខ្លីនិងអត្ថបទទាំងអស់ក្នុងសៀវភៅកញ្ចក់ឆ្លុះចិត្ត មានប្រធានបទខុសៗគ្នាជាច្រើន ដែលអ្នកអានអាចយកទៅអានបាន ដើម្បីធ្វើជាជំនួយស្មារតី ឬក៏ដើម្បីកម្សាន្ត​អារម្មណ៍កាត់ស្ត្រេសពីបញ្ហាប្រចាំថ្ងៃក៏បានដែរ។ នាងខ្ញុំសង្ឃឹមថា ស្នាដៃ “កញ្ចក់ឆ្លុះចិត្ត” មួយនេះ នឹងក្លាយជាសៀវភៅដ៏មានប្រយោជន៍មួយដល់យុវវ័យសម័យថ្មីទាំង​អស់​របស់​យើង។”

ស្នាដៃសៀវភៅទាំងអស់​របស់ អ្នកនិពន្ធ លឹម សន្តិភាព

ខាងលើ​ជាសម្ដីទាំងស្រុង​របស់​ អ្នក​និពន្ធ​ លឹម សន្តិភាព រៀបរាប់​ពីសៀវភៅ​ “កញ្ចក់​ឆ្លុះចិត្ត” ដែលជាស្នាដៃ​ទី៦របស់​អ្នក​ស្រី ដោយសៀវភៅ​នេះ​ទំនងមានបង្កប់​នូវ​ខ្លឹម​សារ​អប់រំ​ដល់​យុវវ័យ​មិន​តិចឡើយ ដោយ​បើ​អ្នក​ជា​យុវវ័យ អ្នក​មិន​គួរ​រំលង​សៀវភៅ​មួយ​ក្បាល​នេះ​ឡើយ។ ដូច្ន​ប្រសិនបើ​លោក​អ្នក​មាន​ការ​ចាប់​អារម្មណ៍​ចង់​ជាង​ស្នាដៃ​នេះ​យកទៅអាន ឬស្នាដៃ​ដទៃៗ​ទៀត​របស់​អ្នក​ស្រី​កន្លងមក ​លោកអ្នក​អាច​ទាក់​ទនង​និង​រក​ទិញបាន តាមវិធី និង​តាមទីកន្លែងមួយចំនួន​ដូចជា ផេកហ្វេសប៊ុក  SP Books / ផេក Scholar Library / បណ្ណាល័យបញ្ញវន្ត / ផេក ចូលចិត្តសៀវភៅ / Joljet Seavphov / ផេក មីនា-March Books / ផេក និស្ស័យស្នេហ៍សៀវភៅ&សួស្ដី កាហ្វេ / ផេក អ្នកនិពន្ធវ័យក្មេង-Khmer Copywriter / ប្អូនប្រុស ឌឹម ណៃយ៉េ / ប្អូនស្រី Sourly Chhe / ហាងកាហ្វេប្អូនចាន់ផល Anussavry / បណ្ណាគារ ស្រលាញ់សៀវភៅ /  #slanhseavphov / បណ្ណាគារ Dj NanaShop ផ្សារសុរិយាជាន់ទីបួន *បាត់ដំបង៖ បណ្ណាគារ បណ្ណាគារឥន្រ្ទទេវី Indradevi Bookshop ខេត្តបាត់ដំបង / ប្អូនស្រី Sreymom Nob / កំពង់ចាម៖ ផេក បណ្ណាគារម្ដាយខ្ញុំ Online / តាកែវ កំពត កែប៖ ប្អូនស្រី Rathana Keo Noun ជាដើម។

ជា​ចុង​បញ្ចប់​អ្នកស្រី ក៏បានសំណូមពរដល់ប្អូនៗយុវវ័យជាចុងក្រោយថា “​ជាយុវវ័យ យើងត្រូវតែរៀនកសាងទំនុកចិត្តឱ្យខ្លួនឯង រៀនកសាងអត្តសញ្ញាណខ្លួនច្បាស់លាស់ ព្រមទាំងអាចធ្វើឱ្យក្តីស្រមៃបានក្លាយជាការពិតបានតាមរយៈការតស៊ូប្រចាំថ្ងៃ។ គ្មានក្តីស្រមៃណាសម្រេចមកបានដោយងាយៗឡើយ ប្រសិនបើគ្មានការខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តទេនោះ។”

អ្នកនិពន្ធ លឹម សន្តិភាព និងសៀវភៅរបស់អ្នកស្រី ពីដែនដីប្រទេស កាណាដា

គេហទំព័រ​អ្នក​និពន្ធ​កម្ពុជា” សូមបញ្ជាក់ថា  អ្នកនិពន្ធ លឹម សន្តិភាព សព្វថ្ងៃ​កំពុងរស់នៅប្រទេស​កាដាណា។ អ្នកស្រី​ជាម្ចាស់​ស្នាដៃ​សៀវភៅ​ប្រលោមលោករឿង Captainបណ្តូលចិត្ត, Superstarបណ្តូលចិត្ត, CEOបណ្តូលចិត្ត និង​ រឿង ម្ចាស់បេះដូង ភ្លើងស្នេហ៍ ដែល​រឿងទាំងអស់នេះ សុទ្ធតែទទួលបានការគាំទ្រពីសំណាក់​ប្រិយមិត្ត​អ្នកអាន​យ៉ាង​ខ្លាំង។ ដូច្នេះ​បើ​លោកអ្នកចង់ដឹងថា តើ​ស្នាដៃ​ទី៦របស់​អ្នក​ស្រី​ដែលមានចំណងជើងថា “កញ្ចក់​ឆ្លុះចិត្ត” មាន​អត្ថន័យ​ខ្លឹមសារ​បង្កប់នូវការ​អប់រំ​ដល់​យុវវ័យ​ល្អ​កម្រិត​ណា៎នោះ លោក​អ្នក​អាច​រកជាវ​បាន​តាម​ការណែនាំខាងលើ នោះ​មុខជា​នឹងបាន​ដឹង​ច្បាស់​មិនខាន។ សូមអរគុណ៕

អត្ថបទដោយ ៖ ឫទ្ធិពង្ស / រូបថត ៖ លឹម សន្តិភាព / រក្សាសិទ្ធិ ៖ cambowriter.com


error: អត្ថបទរក្សាសិទ្ធ !!