អ្នកនិពន្ធ ម៉ៅ សំណាង បង្ហាញពីហេតុផលដែលលោកស្រីសរសេរសៀវភៅ “ទន្សាយជានរណា?” ឡើង!

  • October 17th, 2019

លោកស្រី ម៉ៅ សំណាង (ទន្សាយ) ​កើត​ឆ្នាំ១៩៥៩ នៅក្រុងព្រះសីហនុ។ លោកស្រី​មាន​បងប្អូន​បង្កើត​ចំនួន៥នាក់ ដោយ​លោក​ស្រី​​ជាកូនច្បងក្នុងគ្រួសារ​។ លោក​ស្រី​ចាប់ផ្ដើមប្រឡូក​ក្នុងការ​តែង​និពន្ធចាប់តាំងពីឆ្នាំ១៩៨១មក​ម្ល៉េះ ដែល​រហូត​ក​ទល់នឹងពេលនេះមានរយៈពេលជាង៣៨ឆ្នាំហើយ ហើយ​ក្នុង​ចន្លោះ​ពេល​នោះ ​​​លោក​ស្រីធ្លាប់​ទទួលបាន​នូវ​ជ័យលាភី​សំខាន់ៗ​ជាច្រើន ទាំង​មេដាយ​ ពាន់​រង្វាន់ និង​គ្រឿង​ឥស្សរិយយសជាដើម ​ឯប្រលោមលោក​វិញលោកស្រីនិពន្ធសរុប​​បានចំនួន​១២២រឿងហើយ ដែលសុទ្ធតែជរឿងដែលទទួលបាន​ការគាំទ្រពីសំណាក់​ប្រិយមិត្ត​អ្នក​អាន​យ៉ាងខ្លាំង ដោយចុង​ក្រោយ​បំផុត​ដែល​លោក​ស្រីបាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ២០១៩នេះមាន​ចំណង​ជើងថា “សែងសុរិយា” ដែលជា​ប្រលោម​លោក​មនោសញ្ចេតនា​ស្នេហា​ដ៏​គួរឱ្យ​ជក់​ចិត្ត​បំផុតមួយ និង​កំពុងតែ​ត្រៀម​បោះពុម្ភសៀវភៅ​ដ៏សំខាន់​មួយ​ទៀតរបស់​លោកស្រី មានចំណងជើងថា “ទន្សាយជានរណា?”  ដែល​ខ្ញុំ​ជឿថា គ្រាន់តែលោកអ្នកបានឮចំណងជើង ច្បាស់ជាចំណងសៀវភៅនោះ​មិនស្ទើរឡើយ។

សៀវភៅ “ទន្សាយជានរណា?” ដែលនឹងត្រូវបោះពុម្ពផ្សាយឆាប់ៗ!

តើ​អ្វី​ដែលហេតុផលដែលជំរុញឱ្យលោកស្រីសរសេរសៀវភៅនេះឡើង? តើលោកអ្នកចង់ដឹងណាស់មែនទេ! អញ្ចឹងតោះ! ខាងក្រោមនេះគឺជាហេតុផលហើយ ដោយលោកស្រីបាន​បង្ហាញទាំងស្រុងទាក់​ទងនឹង​សៀវភៅនេះ​យ៉ាងដូច្នោះថា ៖​ “គ្រប់យ៉ាងក្នុងជីវិតខ្ញុំគឺស្ថិតនៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា#ទន្សាយជានរណា ។ ស្នេហានិងការបាត់បង់ ទុក្ខ លំបាក និងការតស៊ូ សេចក្ដីឈឺចាប់ និង ភាពអត់ធ្មត់ ការពុះពារ និងសេចក្ដីសង្ឃឹម ភាពរឹងប៉ឹង និងភាពជោគជ័យ ។ ខ្ញុំទទួលស្គាល់ថា អតីតកាលនិងបច្ចុប្បន្នពិតជាប្រែប្រួលច្រើនមែនទែន។ ពីមុនខ្ញុំធ្លាប់ជាមនុស្សលាក់មុខលាក់ការឈឺចាប់លាក់ភាពបរាជ័យក្នុងជីវិតតែម្នាក់ឯង ខ្ញុំមិនចូលចិត្តបង្ហាញអារម្មណ៍ ឬភាពទន់ខ្សោយឱ្យនរណាម្នាក់បានឃើញហើយក៏ មិនបង្ហាញពីក្ដីទុក្ខលំបាករបស់ខ្ញុំឱ្យនរណាម្នាក់បានដឹងឮឡើយ ។”

លោកស្រីបានបន្ថែមថា “ពេលវេលាពីមុនខ្ញុំតែងប្រើជីវិតយ៉ាងស្ងប់ស្ងាត់ជាមួយនឹងសៀវភៅរាប់រយ ក្បាលក្នុងបន្ទប់ហើយ សន្ទនាទុក្ខលំបាកនិងក្ដីឈឺចាប់ទាំងអស់របស់ខ្ញុំជាមួយ តួអក្សរ និង ស្រៈបង្កើតបានជាឃ្លាប្រយោគ រាប់សិបនៅក្នុងប្រលោមលោកជាច្រើនរបស់ខ្ញុំ ។ ប៉ុន្តែស្រាប់តែក្នុងថ្ងៃនេះពេលនេះ ខ្ញុំបែរជា មានបំណងប្រាថ្នាលាតត្រដាងពីអាថ៌កំបាំង ជីវិត ដែលខ្ញុំធ្លាប់តែ លាក់បាំងរហូតមកឱ្យពិភពលោក បានដឹង ។ ទាល់តែមានសំណួរជាច្រើនបានចោទសួរថា “ ទន្សាយជានរណា ? ” ហើយសំណួរមួយ នេះក៏ធ្វើឱ្យខ្ញុំសម្រេចចិត្តជ្រើសរើសយកធ្វើជាចំណងជើងសៀវភៅនិយាយពីជីវិតពិតរបស់ខ្ញុំតែម្ដង ។”

លោកស្រីបាន​បន្ត​ទៀតថា “ខ្ញុំគ្រាន់តែគិតនៅក្នុងចិត្តថាវាជាការល្អណាស់ប្រសិនបើ”ទន្សាយជានរណា? អាចក្លាយខ្លួនជាកញ្ចក់ ដែលឆ្លុះបង្ហាញពី កំហុសឆ្គងនិងភាពបរាជ័យក្នុងជីវិតទុកជាបទពិសោធសម្រាប់យុវជនជំនាន់ក្រោយ ហើយក្នុងស្នាដៃមួយនេះខ្ញុំក៏បានបញ្ចូលវិធីតែងនិពន្ធដើម្បីចែករំលែកដល់ អ្នកដែលស្រឡាញ់វិជ្ជា និពន្ធដូចខ្ញុំដែរព្រោះខ្ញុំចាស់ហើយ គ្មានពេលវេលានឹងបង្រៀនសិស្សដោយផ្ទាល់ទៀតទេ ។ ខ្ញុំ មានជីវិតជាអ្នកក្រីក្រគ្មានទ្រព្យសម្បត្តិអ្វីដើម្បីបរិច្ចាគឡើយ គឺមានតែបទពិសោធទឹកចិត្តដ៏តូច ស្ដួចស្ដើងនិងភាពជាគំរូ ដែលខ្ញុំសន្សំពេញមួយជីវិតនេះដើម្បីបានបន្សល់ទុកឱ្យយុវជនជំនាន់ក្រោយ ទាំងអស់ នោះ គឺ មាននៅ ក្នុង សៀវភៅ “ទន្សាយជានរណា ? ” ។ ខ្ញុំដឹង ថាកន្លងមកមានមនុស្សជាច្រើនបានអានស្នាដៃរបស់ខ្ញុំរាប់រយចំណងជើងដែលធ្លាប់បោះពុម្ព ផ្សាយ។ ក្រោយមកដំណឹងរបស់ខ្ញុំ ក៏បាត់ទៅយ៉ាងស្ងៀមស្ងាត់ ហើយអ្នកខ្លះមិនធ្លាប់បាន ជួបខ្ញុំ ដោយផ្ទាល់ទេ ប៉ុន្តែប្រសិនបើសៀវភៅមួយនេះ បាននៅលើដៃរបស់មិត្តអ្នកអាន ខ្ញុំក៏សង្ឃឹមថា ទន្សាយដែលមនុស្សជាច្រើនចង់ស្គាល់ ចង់ជួប ដោយ ផ្ទាល់ការពិតគឺជា នរណា ?”

អ្នកនិពន្ធ ម៉ៅ សំណាង និងស្នាដៃមួយរបស់លោកស្រី

សៀវភៅនេះនឹងចេញផ្សាយដោយ #សៀវភៅជីវិត នៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះហើយ ដោយបើក ការកក់ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ តម្លៃសម្រាប់ប្រិយមិត្តដែលបានកក់គឺ ៣០០០០រៀល ហើយតម្លៃសៀវភៅទូទៅពេលចេញផ្សាយរួច គឺ៣៦០០០រៀល។ ប្រសិនបើប្រិយមិត្តមានបំណងចង់ធ្វើការកក់ទុកសៀវភៅនេះ សូមផ្ញើសារលេខទូរសព្ទ, ទីកន្លែង និងចំនួនសៀវភៅដែលចង់បាន មកកាន់ហ្វេសប៊ុកផេករបស់ខ្ញុំផ្ទាល់ ឬផ្ញើទៅកាន់ផេកសៀភៅជីវិតផ្ទាល់ក៏បាន ហើយម្យ៉ាងទៀត ប្រិយមិត្ត ក៏អាច Comment លេខនៅខាងក្រោមនេះបានផងដែរ។

អ្នកនិពន្ធ ម៉ៅ សំណាង កំពុងចុះហត្ថលេខាលើស្នាដៃសៀវភៅរបស់លោកស្រី

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមបញ្ជាក់ថា លោក​ស្រី ម៉ៅ សំណាង ហៅ “ទន្សាយ” បច្ចុប្បន្ន លោកស្រី​ជា​អ្នក​និពន្ធ​កម្ពុជា​ដ៏ឆ្នើម និង​ជោគជ័យ​បំផុតនៅ​កម្ពុជា  និង​ជានិម្មិតរូបរបស់​អ្នក​និពន្ធ​ប្រលោមលោក​ជំនាន់ថ្មីគ្រប់​ៗរូបផងដែរ។ ដូច្នេះ សូមកុំភ្លេច កក់សៀវភៅ​ “ទន្សាយជានរណា?” របស់លោកស្រីឱ្យហើយៗណា៎ប្រិយមិត្ត​ទាំងអស់​គ្នា​ ដើម្បីចូលរួមលើកទឹកចិត្ត​អ្នកនិពន្ធ​ឱ្យកាន់​តែមានកម្លាំង​ចិត្ត​ ក៏ដូចជាក្នុងន័យចូលរួមចំណេក​លើកកម្ពុស់​វិស័យតែងនិពន្ធ​នៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សូមអរគុណ៕

អត្ថបទ ៖ ឫទ្ធិពង្ស / រូបភាព ៖ ម៉ៅ សំណាង / រក្សាសិទ្ធិ ៖ cambowriter.com

 

 


error: អត្ថបទរក្សាសិទ្ធ !!