អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធជើងចាស់ឈ្មោះល្បី និងស្នាដៃ​តែង​និពន្ធ​យ៉ាង​សម្បូរបែប!

  • July 6th, 2020

អ្នក​និពន្ធ​កម្ពុជា​មានច្រើន តែ​ថ្ងៃនេះ “គេហទំព័រអ្នកនិពន្ធ​កម្ពុជា” សូមលើក​យក​អ្នកនិពន្ធ​កម្ពុជា​ជើងចាស់ដ៏​ល្បី​​ឈ្មោះមួយរូបមក​បង្ហាញ​ជូន​​ឱ្យ​​លោក​អ្នកបានស្គាល់ នោះ​គឺ អ្នកស្រី​ ប៉ុល ពិសី ដែល​មិនត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ដោយសារតែ​បាន​សាង​នូវស្នាដៃ​ផ្នែក​តែង​និពន្ធ​យ៉ាង​ច្រើនប៉ុណ្ណោះ​ទេ ថែមទាំង​ជាអ្នក​និពន្ធ​ដែល​ទទួលបាន​នូវការ​គោរព​ស្រឡាញ់​យ៉ាងខ្លាំង​ពីមនុស្ស​ជុំវិញខ្លួន​ទៀត​ផង ជាពិសេស​ពី​សំណាក់​បុគ្គល​រួមវិស័យ​តែង​និពន្ធជាមួយ​គ្នាតែម្ដង។ ដូច្នេះ ដើម្បីបានដឹងថា អ្នកស្រីមានប្រវត្តិយ៉ាង​ណា? និងមានស្នាដៃ​តែង​និពន្ធ​សម្បូរបែប​យ៉ាងណាខ្លះនោះ? សូម​បន្តអាន​តាម​ដាន​ជាមួយ​គេហទំព័រយើង​ខ្ញុំ ​ដូចតទៅ ៖

ប្រវត្តិរបស់ ​អ្នកស្រី ប៉ុល ពិសី លើវិថីតែងនិពន្ធ​នៅកម្ពុជា

អ្នកស្រី ប៉ុល ​ពិសី  កើតថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ១៩៥៨ នៅសង្កាត់ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ​ខេត្តកណ្ដាល។ ​អ្នកស្រីមានឪពុកឈ្មោះ ចាប រិទ្ធិ (ស្លាប់ក្នុងគុក ប៉ុល ពត ឆ្នាំ១៩៧៧  និង​ជាអតីតគ្រូបង្រៀន កវី​ សមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ) និង​ម្ដាយ​ឈ្មោះ អ៊ូ សាទុំ  (ស្លាប់ក្នុងឆ្នាំ២០១៤) និង​មាន​បងប្អូនបង្កើតចំនួន៥នាក់, ប្រុស២នាក់(ស្លាប់ ) និងស្រី៣នាក់ ដោយ​លោកស្រី​ជាកូនទី២​ក្នុងគ្រួសារ។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេងមួយរូប អ្នកស្រី​គឺ​ជាអនុប្រធាន “សមាគមអ្នកនិពន្ធខ្មែរ” និងជាប្រធានផ្នែកផ្សព្វផ្សាយនៃ “សមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំនៅកម្ពុជា”

អ្នកស្រី ប៉ុល ពិសី  ក្នុងកម្មវិធី ប៉ាកកានារី រៀបចំដោយ Creator

បើសរុបពីពេល​វេលា​ដែល អ្នកស្រី ប៉ុល ពិសី ប្រឡូក​ក្នុង​វិថី​តែងនិពន្ធ​រហូត​មក​ទល់នឹង​ពេល​ដែល​លោក​អ្នក​កំពុងតែ​អាន​នេះ គឺមានរយៈពេល​ជាង៥០សិបឆ្នាំហើយ ដែលរយៈពេលនេះ​ពិតជា​​មិនតិចឡើយ ហើយ​ក្នុង​ចន្លោះ​ពេលនោះ លោក​ស្រី​ថែមទាំង​​ធ្លាប់​ឆ្លងកាត់​នូវរឿងរ៉ាវ​ជាច្រើន​​ក្នុង​ការ​តែង​និពន្ធ​របស់​អ្នក​ស្រី​​ថែម​ទៀតផង។ ដោយសារតែ​អ្នកស្រី​មានសែលោហិតតពីលោកឪពុកដែលជាកវីកំណាព្យ គួបផ្សំនឹង​និស្ស័យពីកំណើតផងនោះ អ្នកស្រី​ក៏បានចាប់ផ្តើមសរសេរកំណាព្យតាំងពីអាយុ៨ឆ្នាំមកម្ល៉េះ! ហើយ​អាយុ១១ឆ្នាំ អ្នកស្រីក៏​ចាប់ផ្តើមសរសេរ​ប្រលោមលោកខ្លី ក្នុងទសវត្សទី៦០។ ចូល​ដល់​​ទសវត្សទី៧០ អ្នកស្រី​បានសរសេរប្រលោមលោកខ្នាតវែងបានពីររឿង(ដោយស្នាដៃ​នោះនៅសល់ឯកសារដល់សព្វថ្ងៃ) ហើយ​ក្នុងឆ្នាំនោះដែរ អត្ថបទកំណាព្យដែលមានចំណងជើងថា “ព្រលឹងខ្មែរ” របស់​​អ្នកស្រី ក៏​​ត្រូវបានកម្មវីធីកំណាព្យនៃវិទ្យុជាតិកម្ពុជាផ្សាយចេញជាសាធារណៈ។

សម័យ ប៉ុល ពត អ្នកស្រីបាន​ក្លាយជាទាសកររស់នៅក្នុងភាពភ័យខ្លាចរហូតដល់ឆ្នាំ១៩៧៩។ អ្នកស្រីបានចាប់ផ្តើមសរសេរកំណាព្យ រឿងខ្លី និងរឿងកំប្លែងចុះផ្សាយក្នុងទំព័រកាសែតភ្នំពេញនិងកម្ពុជា បានជាច្រើនច្បាប់។ បន្ទាប់​មក​នៅឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៩ ​អ្នកស្រី​​ក៏​បានសរសេរសៀវភៅរឿងរូបភាព បានជាង១០រឿង ហើយត្រូវបានផ្សព្វផ្សាយពេញប្រទេសនៅ​សម័យ​កាល​នោះ។ លុះ​ចូល​មកដល់​ឆ្នាំ​១៩៩០ ​អ្នក​ស្រី​ក៏ចាប់​ផ្ដើម​ប្រឡូកក្នុងវិស័យភាពយន្ត ដោយ​ផ្តើមសរសេរអត្ថបទភាពយន្តរហូត​មកដល់សព្វថ្ងៃនេះ។

អ្នកស្រី ប៉ុល ​ពិសី  ក្នុងពិធី​ទទួល ពានរង្វាន់ ព្រះសុរាម្រឹត ផ្នែក​កម្រងកំណាព្យរឿង “អប្សរា”

ស្នាដៃរបស់ អ្នក​ស្រី ប៉ុល​ ពិសី ផ្នែក​តែង​និពន្ធយ៉ាង​សម្បូរបែប

ដូចបានបញ្ជាក់​ខាង​ដើមយ៉ាង​ដូច្នេះ ក្នុងចន្លោះ​ពេល​ជាង៥០ឆ្នាំ​ដែល​អ្នកស្រី​បាន​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​នៅកម្ពុជា​នេះ អ្នកស្រីបាន​សាង​នូវ​ស្នាដៃ​ផ្នែក​តែង​និពន្ធ​ជាច្រើន គឺ​ស្ទើរ​តែ​គ្រប់​ផ្នែក​តែង​និពន្ធ​ទាំងអស់​តែម្ដង ដែល​ស្នាដៃ​របស់​ អ្នកស្រី ប៉ុល ពិសី រួម​មាន​ ដូចតទៅ ៖

ស្នាដៃផ្នែកប្រលោមលោកខ្នាតវែង

ទី១ រឿង “ចំណងដៃទឹកភ្នែក” និពន្ធឆ្នាំ១៩៧៣ (សរសេរដោយដៃ មិនទាន់បោះពុម្ព )

ទី២ រឿង “កម្រងស្នេហ៍កម្ម” ​និពន្ធ​ឆ្នាំ១៩៧៣ (សរសេរដោយដៃ មិនទាន់បោះពុម្ព)

ទី៣ រឿង “ក្លិនផ្កាក្រវាន់” និពន្ធឆ្នាំ១៩៨៩ (សរសេរដោយដៃ មិនទាន់បោះពុម្ព)

ទី៤ រឿង “ឆ្ងាយដាច់អាល័យ” និពន្ធឆ្នាំម១៩៨៥ សរសេរដោយដៃ មិនទាន់បោះពុម្ព )

ទី៥ រឿង “ខ្យល់សមុទ្ធ” (បោះពុម្ព ឆ្នាំ២០០៨)

ទី៦ រឿង “ក្លិនផ្កាស្រូវ” (និពន្ធឆ្នាំ២០១៤ មិនទាន់បោះពុម្ព)

ទី៧ រឿង “ថ្មរាំ”  និពន្ធឆ្នាំ២០១៤ បោះពុម្ព២០១៩) ស្នាដៃ​នេះ​បាន​ជាប់ ពានរង្វាន់ រឹម គិន របស់ក្រសួងវប្បធម៌ និង ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ឆ្នាំ២០១៨

ទី៨ រឿង “ពាក្យសច្ចា” (​និពន្ធ​ឆ្នាំ២០១៥ មិនទាន់បោះពុម្ព)។

អ្នកស្រី ប៉ុល ​ពិសី  កាល​ដឹកនាំ​សម្ដែងស្ពតពាណិជ្ជកម្ម

ស្នាដៃ​ផ្នែកប្រលាមលោកខ្នាតខ្លី

ទី១ រឿង “មាសទឹកដប់” (ពានរង្វាន់របស់សាលារាជធានីភ្នំពេញ ឆ្នាំ១៩៨៧)

ទី២ រឿង “ខ្ញុំជាអ្នកណា” (ចុះផ្សាយក្នុងសៀវភៅរួមគ្នា​ជាមួយ​ស្នាដៃអ្នកនិពន្ធខ្មែរថៃ ក្នុងវណ្ណកម្មរួមសម័យឆ្នាំ២០០៤)

ទី៣ រឿង “ស្នាម” (និពន្ធ​ឆ្នាំ២០០៥ មិនទាន់បោះពុម្ព)

ទី៤ រឿង “កង់សាគួរ” (ផ្សាយក្នុងសៀវភៅមន្តទឹកខ្មៅ ឆ្នាំ ២០១៦)

ទី៥ រឿង “ស្នេហ៍បង់រម្លស់” (ផ្សាយក្នុងសៀវភៅ ព្រៃរំដួល ២០១៧)។

ស្នាដៃផ្នែកកំណាព្យ

ទី១ ចំណងជើង “ឆ្អែតមួយជីវិត” (និពន្ធឆ្នាំ១៩៨៣ ផ្សាយក្នុងកាសែតភ្នំពេញ)

ទី២ ចំណងជើង “សំណោកថ្មខ្មែរ” (និពន្ធ​ឆ្នាំ១៩៨៤ ផ្សាយក្នុងកាសែតកម្ពុជា)

ទី៣ ចំណងជើង “ទំនួញដួងចិត្តម្តាយកំព្រា” (និពន្ធ​ឆ្នាំ១៩៨៧ ផ្សាយក្នុងកាសែតកម្ពុជា)

ទី៤ ចំណងជើង “ទំនួញព្រហ្ម” (និពន្ធ​ឆ្នាំ១៩៨៨ ផ្សាយក្នុងកាសែត)

លើស​ពីនេះ​ក៏​នៅមានកំណាព្យជាច្រើនទៀតរបស់​អ្នក​ស្រី ដែលបានចុះផ្សាយតាមកាសែតនានា។

ស្នាដៃ​ផ្នែកប្រលោមកំណាព្យខ្នាតខ្លី

ទី១ ចំណងជើង “មាសទឹកដប់” (និពន្ធ​ឆ្នាំ​១៩៩១ ពានរង្វាន់របស់ក្រសួងវប្បធម៌ មិនទាន់បោះពុម្ព)

ទី២ ចំណងជើង “អ្នកម្តាយ” (និពន្ធ​ឆ្នាំ២០០៧ ពានរង្វាន់មេគង្គលើកទី១ រួមមាន ៣ប្រទេសដូចជា កម្ពុជា វៀតណាម និង ឡាវ)

ស្នាដៃផ្នែកប្រលោមកំណាព្យខ្នាតវែង

ទី១ ចំណងជើង “ល្ខោនជីវិត” (និពន្ធ​ឆ្នាំ១៩៩៥ ពានរង្វាន់ព្រះសីហនុរាជ រៀបចំដោយ “សមាគមអ្នកនិពន្ធខ្មែរ” បោះពុម្ពឆ្នាំ១៩៩៦)

ទី២ ចំណងជើង “អប្សារា” (និពន្ធ​ឆ្នាំ២០០០ ពានរង្វាន់ក្រសួងវប្បធម៌ បោះពុម្ពឆ្នាំ២០១៧)

ទី៣ ចំណងជើង “ម្ចាស់ស្នេហ៍” (និពន្ធ​ឆ្នាំ២០១២ ពានរង្វាន់ព្រះបទុមត្ថេរ​សោម របស់​ ក្រសួងវប្បធម៌ មិនទាន់បោះពុម្ព)

ទី៤ ចំណងជើង “ក្លិនផ្កាស្រូវ” (និពន្ធឆ្នាំ២០១៣ ពានរង្វាន់នាយិកាសិទ្ធិ របស់ ក្រសួងវប្បធម៌ ឆ្នាំ២០១៣ មិនទាន់បោះពុម្ព)។

ស្នាដៃ​ផ្នែកល្ខោននិយាយ

ទី១  ចូលរួមនិពន្ធ និងដឹកនាំការសម្តែងល្ខោននិយាយជារឿងភាគ មានចំណង​ជើងថា “ឈូកក្នុងបឹងភក់” (ជាក្រុម ) បានចំនួនជាង ៤០០ភាគ របស់ អង្គការឆែមស៍ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤

ទី២​  ​និពន្ធ និងដឹកនាំការសម្តែងល្ខោននិយាយរឿង “ពពកបាំងថ្ងៃ” បានចំនួន ៤០ភាគ ផងដែរ។

អ្នកស្រី ប៉ុល ​ពិសី  កាល​ដឹកនាំ​ល្ខោនវិទ្យុ រឿង “ឈូកក្នុង​បឹង​ភក់”

ស្នាដៃ​ផ្នែកទំនុកច្រៀង

ទី១ បទ “កំហុសខ្ញុំ” និពន្ធឆ្នាំ១៩៩៧  ច្រៀងដោយ លោក សុះ ម៉ាច ដកស្រង់ចេញពីភាពយន្តភាគ រឿង “កំហុសខ្ញុំ” ផលិតដោយ មណ្ឌលពត៌មានស្ត្រីកម្ពុជា

ទី២ បទ “ស្នាមអពមង្គល” និពន្ធ​ឆ្នាំ១៩៩៨ ច្រៀងដោយ កញ្ញា ទូច ស៊ុននិច (ស្រង់ចេញពីភាពយន្ត រឿង “ស្នាមអពមង្គល”)

ទី៣ បទ “ជំនួញវិប្បដិសារី” និពន្ធឆ្នាំ​១៩៩៨ ច្រៀងដោយ កញ្ញា ទូច ស៊ុននិច (ស្រង់ចេញពីភាពយន្តរឿង “ជំនួញព្រហ្មចារីយ”) និងនៅមានទំនុកច្រៀងជាច្រើនទៀត ដែល​អ្នកស្រី​បាននិពន្ធសម្រាប់បញ្ចូលក្នុងខ្សែ​ភាព​យន្ត​ ដែលផលិតដោយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ចាប់​ពីឆ្នាំ​១៩៩៧ ដល់ឆ្នាំ១៩៩៩)

ទី៤ បទ “ទឹកចិត្តម្តាយ”  និពន្ធ​ឆ្នាំ២០០២ (ស្រង់ចេញពីភាពយន្ត រឿង “ទឹកចិត្តម្តាយ​”)

ទី៥ បទ “ទឹកចិត្តឪពុក” និពន្ធ​ឆ្នាំ២០០៣ (ស្រង់ចេញពីភាពយន្ត រឿង “ទឹកចិត្តឪពុក”)

ទី៦ បទ “បើខ្ញុំជាមនុស្សស្រី” បែបកំប្លែងនិងស្នេហ៍មិនឈ្នះស្និទ្ធ (ស្រង់ចេញពី រឿង “ស្នេហ៍មិនឈ្នះស្និទ្ធ” )

ទី៧ បទ “បុប្ផាព្រែកឯង”

ទី៨ បទ “អង្រឹងបាត់គូ” (ស្រង់ចេញពី រឿង “ទឹកចិត្តគ្រូបង្រៀន”)

ទី៩ បទ “ស្នាមស្នេហ៍សមុទ្ទរាម” និពន្ធឆ្នាំ២០០៤ (ស្រង់ចេញពីភាពយន្ត រឿង “ស្នាមស្នេហ៍សមុទ្ទរាម” )

ទី១០ បទ “ឃាតក” និពន្ធឆ្នាំ២០០៤ (ស្រង់ចេញពីភាពយន្ត រឿង “ឃាតក” )

ទី១១ បទ “កម្លំាងនិងវាសនា” (ស្រង់ចេញពីភាពយន្ត រឿង “កម្លាំងនិងវាសនា”)

ទី១២ បទ “ចំណងប្រាំប្រការ” (ស្រង់ចេញពីភាពយន្ត រឿង “ចំណងប្រាំប្រការ”)

ទី១៣ បទ “របាំចងស្នេហ៍”  “លាស្នេហ៍អប្រិយ”  និង “ជីវិតអ្នកម្តាយ”  (ស្រង់ចេញពីភាពយន្ត រឿង “បញ្ញើក្អែក”)

ទី១៤ បទ “រាជិនីដួងចិត្ត” និង “ក្រវាន់សៀមរាប” (ស្រង់ចេញពីភាពយន្ត រឿង “រាជិនីដួងចិត្ត” )

ទី១៥ បទ “ម្ចាស់បេះដូង” និង “អូនក្នុងបេះដូងបង” (ស្រង់ចេញពីភាពយន្តរឿង “ម្ចាស់ស្នេហ៍”)

ទី១៦ បទ “ផ្កាក្នុងផ្កា” “វិប្បដិសារីរំដួលចន្ទ្រា” “ហេតុអ្វី?” និង “ទប់ចិត្តមិនបាន” (ស្រង់ចេញពីភាពយន្ត រឿង “ផ្កាក្នុងផ្កា”)

ទី១៧ បទ “តួឯកក្នុងចិត្តអូន” និង “ស្នេហ៍អូនជាតារា” (ស្រង់ចេញពី រឿង “ដងវីថីតារា”)

ទី១៨ បទ “លួចស្នេហ៍ដូចគ្នា” ​(ស្រង់ចេញពី រឿង “ឧត្តមភរិយា”)

ទី១៩ បទ “អ្វីៗ ខ្ញុំធ្វើដើម្បីស្នេហា” (ស្រង់ចេញពី រឿង “អ្វីៗ ខ្ញុំធ្វើដើម្បីស្នេហា”)

ទី២០ បទ “សែនស្តាយ”  (ស្រង់ចេញពី រឿង “ចិត្តសាវ៉ា”)

ទី២១ បទ “បេះដូងអ្នកប្រដាល់” (ស្រង់ចេញពី រឿង “បេះដូងអ្នកប្រដាល់”)

ទី២២ បទចម្រៀង​ដកស្រង់ចេញពីភាពយន្ត រឿង “ភព្វ័សំណាង”

ទី២៣ បទ “ទំនួញកូនកំព្រា” (ស្រង់ចេញពីភាពយន្ត រឿង “កូនឥតខាន់ស្លា”)

ទី២៤ បទ “វេនកម្មលោកិយ” “លាហើយថ្នាំញៀន” និង “កុំដាក់ទោសបងណាអូន” (ស្រង់ចេញពីភាពយន្ត រឿង “ទឹកចិត្តបងស្រី”)

ទី២៥ បទ “ស្នេហ៍ខ្ញុំខុសគេ” (ស្រង់ចេញពីភាពយន្ត រឿង “កូនប្រសាស្រី”)

ទី២៦ បទ “ម្តេចភ្លេចសន្យា” (ស្រង់ចេញពីភាពយន្ត រឿង “គូព្រេងចម្លែក”)

ទី២៧ បទ “ស្នេហ៍អមតៈ” ដកស្រង់ចេញពីភាពយន្ត រឿង “និស្ស័យស្នេហ៍ពីរជាតិ”

ទី២៨ បទ “ខ្ញុំជាអ្នកណា?” (ស្រង់ចេញពីភាពយន្ត រឿង “ខ្ញុំជាអ្នកណា?”)

ទី២៩ បទ “ស្នេហ៍អូនជានិច្ច” និង “បេះដូងរងគ្រោះ” (ស្រង់ចេញពី រឿង “បេះដូងរងគ្រោះ”)

ទី៣០ បទ “ក្រោមម្លប់ព្រះធម៌”

ទី៣១ បទ​ “បេះដូងម៉ែ”

ទី៣២ បទ “មួយខែដប់ថ្ងៃ”

ទី៣៣ បទ “ចំណងដៃពេជ្រ”

ទី៣៤ បទ “វិលវិញមកកូន”

ទី៣៥ បទ “អាពាហ៍ពិពាហ៍យើង”

ទី៣៦ បទ “ពានអាពាហ៍ពិពាហ៍”

ទី៣៧​ បទ “ល្មមៗបានហើយ!”

ត្រង់ចំណុច​ស្នាដៃ​ផ្នែក​ទំនុកច្រៀង​នេះ ដោយ អ្នកស្រី ប៉ុល ពិសី មានទឹក​ដៃ​ល្អ​ក្នុងការ​សសេរបាន​យ៉ាងល្អ ​ទទួលបានការគាំទ្រច្រើន​ និងមានអត្ថន័យខ្លឹមសារ​ល្អ​ជ្រាល​ជ្រៅ​ទៀត​នោះ នៅទីបំផុតអ្នកស្រីក៏ទទួលបាន “ពានរង្វាន់អ្នកនិពន្ធទំនុកច្រៀងឆ្នើម” ពី កម្មវីធីអាណាចក្រតារា ដែល​រៀបចំ​ដោយ​ ក្រុម​ហ៊ុន​សប្បាយ នៅឆ្នាំ២០១៣ ដែលជាពាន​មួយប្រកបដោយ​កិត្តិយស​យ៉ាង​ខ្លាំង​កាល​ឆ្នាំនោះ។

ស្នាដៃ​ផ្នែក​អត្ថបទភាពយន្ត

ទី១ រឿង “ពពុះស្នេហ៍”  (និពន្ធឆ្នាំ១៩៩១ មានអ្នកកែសម្រួលបន្ថែម)

ទី២ រឿង “ស្នាមអពមង្គល” និង “ជំនួញព្រហ្មចារីយ៍” (និពន្ធឆ្នាំ១៩៩៨)

ទី៣ រឿង “អូនជាកែវភ្នែកបង” (និពន្ធឆ្នាំ១៩៩៨ ជារឿង​បែបកំប្លែង)

ទី៤ រឿង “ទឹកចិត្តឪពុក” (ជាស្នាដៃសហនិពន្ធ​ឆ្នាំ២០០៣)

ទី៥ រឿង “ប្តីល្អ” (ជាស្នាដៃសហនិពន្ធឆ្នាំ២០០៣)

ទី៦ រឿង “ឃាតក” “ចំណងប្រាំប្រការ” “កូនប្រសាស្រី” “រាជិនីដួងចិត្ត”  “បញ្ញើក្អែក(មួយផ្នែក)” “ម្ចាស់ស្នេហ៍” “ផ្កាក្នុងផ្កា”  “ភព្វ័សំណាង”  “ដងវីថីតារា”  “ទឹកចិត្តបងស្រី”  “កូនឥតខាន់ស្លា” “គូព្រេងចម្លែក”  “និស្ស័យស្នេហ៍ពីរជាតិ” “កុមារី២៥ឆ្នាំ (វគ្គ១និងវគ្គ២)” “ស្នេហ៍មិនឈ្នះស្និទ្ធ” និង “ខ្ញុំជាអ្នកណា? (រឿង​ទាំងអស់​នេះ ជាស្នាដៃសហនិពន្ធ​ចន្លោះ​ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២)

ទី៧ រឿង “បេះដូងកូពី”  “ល្មមៗបានហើយ”  “ចាំតែខ្លាចតើ”  “ពូជខ្ញុំអ៊ីចឹង​(កែសម្រួល)” “អាចារ្យបីសាសន៍” “កញ្ញាអំពិលផ្អែម” “កន្ទោងខៀវ” “សមុទ្ទទឹកភ្នែក” “មហិច្ឆិតា”  (រឿង​ទាំងអស់​នេះ និពន្ធ​ចន្លោះ​ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ទាំងភាពយន្តភាគ និងដុំ)។

ទី៨ រឿង “​កូនពស់កេងកង” ​ និង “ចៅពស់កេងកង”   (រឿងពីររឿង​នេះជាស្នាដៃសហនិពន្ធ ​និពន្ធក្នុងចន្លោះ​ឆ្នាំ២០១៧ និង ២០២០)។

ស្នាដៃផ្នែកសៀវភៅអប់រំកុមារ

រឿង “ថ្មក្រអូប”  “កូនព្រះអាទិត្យ” “ជីងជីងហ៊ានអាប់ដេត”  “រុយចង់បានប្រពន្ធ” “ពូជស្វាយ” “នាងតុកកែ”  “គ្រួសារផ្កា”  និង “កូនជ្រូកចេះកែប្រែ ។ល។ (រឿង​ទាំងអស់​នេះ និពន្ធនិងបោះពុម្ពផ្សាយតាំងពីឆ្នាំ២០១៤មក)

“គេហទំព័រអ្នកនិពន្ធ​កម្ពុជា​” សូមបញ្ជាក់ថា ការ​រៀបរាប់​ខាង​លើ គឺ​ជាប្រវត្តិ​ និងស្នាដៃតែង​និពន្ធ​ដ៏​សម្បូរ​បែប! ​របស់​ អ្នកស្រី ប៉ុល ពិសី អ្នក​និពន្ធ​ជើងចាស់ដ៏មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​មួយរូបនៅកម្ពុជា​នាពេល​បច្ចុប្បន្ន ដែល​គេហទំព័រ​យើង​ខ្ញុំ​ចង់​បង្ហាញ​ឱ្យ​លោក​អ្នកបាន​ដឹង និង​បាន​ស្គាល់បំផុត។ បច្ចុប្បន្ន ក្រៅ​ពីមានអាជីព​ជាអ្នកនិពន្ធកម្ពុជាដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេងមួយរូប អ្នកស្រី​គឺ​ជាអនុប្រធាន “សមាគមអ្នកនិពន្ធខ្មែរ” និងជាប្រធានផ្នែកផ្សព្វផ្សាយនៃ “សមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំនៅកម្ពុជា”។ បន្ទាប់​ពីនេះ នៅបទសម្ភាសន៍ក្រោយ គេហទំព័រយើងខ្ញុំ​បង្ហាញ​នូវ​បទសម្ភាសន៍​មួយ​ផ្សេងទៀតទាក់​ទងនឹង​អ្នកស្រី អំពី​ការ​ចែករំលែក​ចំណេះដឹង​ផ្នែកអត្ថបទភាព​យន្ដ។ អាស្រ័យហេតុនេះហើយ ប្រសិន​បើ​លោក​អ្នក​ចង់​យល់​ដឹង​ពីអត្ថបទភាព​យន្ត និងមាន​ចំណេះដឹង​ផ្នែកនេះ​នោះ សូមកុំភ្លេច​រង់ចាំ​តាម​ដាន​ទាំងអស់គ្នា ដោយ​យើងខ្ញុំ​នឹង​ចុះផ្សាយ​ក្នុងពេលឆាប់ៗ​នេះ​ហើយ។ សូមអរគុណ៕ ​

អត្ថបទ ៖ ពុទ្ធិពង្ស / រូបភាព ៖ អ្នកស្រី ប៉ុល ពិសី / រក្សាសិទ្ធិ ៖ cambowriter.com  


error: អត្ថបទរក្សាសិទ្ធ !!